អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១៣,០១៥ ដង)
ព្រះនិព្វានមានក្នុងទីជិត

|
ព្រះនិព្វានមានក្នុងទីជិត
ក្នុងបិដកលេខ ៥៤ , ទំព័រ ២៦១ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ទាំង ៦ ប្រការ មាន រូបារម្មណ៍ជាដើមណា ដែលលោកព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និង មនុស្សដ៏សេស ពិនិត្យឃើញថា នេះជាសុខ ឯ អារម្មណ៍នោះ ព្រះអរិយៈទាំងឡាយ ឃើញច្បាស់ដោយបញ្ញាដ៏ ប្រពៃតាមពិតថា នេះជាទុក្ខទៅវិញ នេះជាអនុបស្សនាទី ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វានណាដែលលោកព្រមទាំង ទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និង មនុស្សដ៏សេស ពិនិត្យ ឃើញថា នេះជាទុក្ខ ឯព្រះនិព្វាននោះ ព្រះអរិយៈទាំងឡាយ ឃើញច្បាស់ដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាសុខ នេះជា អនុបស្សនា ទី ២ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកពិចារណាឃើញរឿយៗ នូវ សភាវធម៌ដែលជាគូគ្នា ដោយប្រពៃយ៉ាងនេះហើយ ជាអ្នកមិន ប្រមាទ មានព្យាយាមជាគ្រឿងដុតកិលេស មានចិត្តបញ្ជូនទៅ កាន់ព្រះនិព្វាន បណ្តាផលទាំងពីរ ផលណាមួយនឹងកើតប្រាកដ គឺ នឹងបាននូវអរហត្តផលក្នុងបច្ចុប្បន្ន ឬមួយបើខន្ធដ៏សេសដែលគប្បី កើតតទៅទៀត នៅមាន នឹងបានដល់នូវអនាគាមិផល ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះ លុះព្រះសុគតជាព្រះបរមសាស្តាទ្រង់ត្រាស់ពាក្យនេះហើយ ទើបទ្រង់ត្រាស់គាថាព័ន្ធ តទៅ ទៀតថា រូប សំឡេង ក្លិន រស សម្ផស្ស ធម្មារម្មណ៍ ទាំងអស់ ជាទី ប្រាថ្នា ជាទីស្រឡាញ់និងជាទីពេញចិត្ត លោកពោលថា មាននៅ ដរាបណា អារម្មណ៍ទាំងនោះ សត្វលោកព្រមទាំងទេវលោក សន្មតថាជាសុខ ដរាបនោះ ។ អារម្មណ៍ទាំងនោះ តែងរលត់ទៅ ក្នុងព្រះនិព្វានណា ព្រះនិព្វាននោះ ពួកសត្វលោកទាំងនោះ សន្មត ថាជាទុក្ខទៅវិញ ។ ការរលត់នូវសក្កាយគឺបញ្ចក្ខន្ធ ព្រះអរិយៈទាំងឡាយ ឃើញ ថាជាសុខពិត ការឃើញរបស់ព្រះអរិយៈដែលជាបណ្ឌិត ដូច្នេះ រមែងជាទំនាស់នឹងសត្វលោកទាំងពួង ។ ពួកជនដទៃ ពោលនូវវត្ថុកាមណាថាជាសុខ ព្រះអរិយៈ ទាំងឡាយ ពោលនូវវត្ថុកាមនោះថាជាទុក្ខ ។ ពួកជនដទៃ ពោលនូវព្រះនិព្វានណាថាជាទុក្ខ ព្រះអរិយៈ ទាំងឡាយ ដឹងច្បាស់នូវព្រះនិព្វាននោះ ថាជាសុខ អ្នកចូរ ពិចារណាមើលធម៌គឺព្រះនិព្វាន ដែលដឹងបានដោយក្រ ដែលជន ពាលទាំងឡាយជាអ្នកមិនដឹង វង្វេងហើយក្នុងលោកនេះ ។ សេចក្តីងងឹតធ្វើនូវភាពខ្វាក់ តែងប្រាកដដល់ពួកជនពាល ដែលជាអ្នកត្រូវអវិជ្ជាបិទបាំង មើលមិនឃើញនូវព្រះនិព្វាន ដែល ព្រះនិព្វានដូចជាពន្លឺ រមែងបើកបង្ហាញដល់ពួកសប្បុរស ដែលជា អ្នកមានបញ្ញាចក្ខុ ។ ពួកជនអ្នកស្វែងរក មិនឈ្លាសវៃក្នុងធម៌ រមែងមិនដឹង ច្បាស់នូវព្រះនិព្វាន សូម្បីមានក្នុងទីជិតឡើយ ។ ព្រះនិព្វាននេះ ពួកជនពាលដែលមានភវរាគៈគ្របសង្កត់ ហើយ កំពុងអន្ទោលទៅតាមខ្សែតណ្ហា ត្រាច់ទៅក្នុងភព កើត ហើយក្នុងកន្លែងនៃមារ មិនងាយនឹងត្រាស់ដឹងបានឡើយ ។ នរណាហ្ន៎ ដែលវៀរលែងព្រះអរិយៈចេញហើយ អាចត្រាស់ដឹងនូវព្រះនិព្វានបាន ព្រះអរហន្តទាំងឡាយ មិនមាន អាសវធម៌ បរិនិព្វានហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ នូវ ព្រះនិព្វាន ។ ដកស្រង់ចាក សៀវភៅ ជំនួយសតិភាគទី ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |