អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៤៧,៤៤៨ ដង)
មិនប្រព្រឹត្តខុសក្នុងកាម

|
មិនប្រព្រឹត្តខុសក្នុងកាម
មនុស្សភាគច្រើនយល់ឃើញថា ស្នេហាឬការស្រលាញ់តែងនាំមកនូវសេចក្ដីសុខ តែក្នុងទស្សនៈនៃព្រះសម្មាសម្ពុទ្ធទ្រង់ឃើញថា ស្នេហាគឺជាបញ្ហាស្មុគ្រស្មាញបំផុតសម្រាប់ជីវិត។ គ្រួសារខ្លះមានការលះលែងគ្នា ដោយសាររឿងរ៉ាវសូម្បីបន្តិចបន្តួច ព្រោះហេតុអ្វី? ព្រោះគេសំលឹងមើលគ្នានិងគ្នាទៅលើតែរូបសម្រស់ នៅពេលដែលរូបសម្រស់នៃដៃគូរបស់ខ្លួនមានការអន់ថយ គេក៏កើតសេចក្ដីនឿយណាយ ទន្តឹមនឹងការនឿយណាយ គេក៏ចាប់ផ្ដើមត្រិះរិះរកដៃគូថ្មី ដើម្បីបំពេញចំណង់តណ្ហារបស់គេថែមទៀត ត្រង់បញ្ហានេះហើយ ដែលធ្វើឲ្យគូស្វាមីភរិយាអស់សេចក្ដីទុកចិត្តគ្នាទៅវិញទៅមក ហើយបញ្ហាផ្សេងៗ ក៏បានចាប់ផ្ដើមកើតជាបន្តបន្ទាប់ ដូចជាការនាំរោគអេដស៍ដូចផ្ទះជាដើម។ តាមពិតមេរោគអេដស៍គ្មានអ្វីគួរអោយខ្លាចនោះទេ ព្រោះមេរោគអេដស៍មាននូវព្រំដែនកំនត់នៃការឆ្លងរបស់វា តែមេរោគដែលគួរអោយខ្លាចហើយលំបាកក្នុងការព្យាបាលនោះ គឺរោគស្នេហា ព្រោះមេរោគស្នេហាគ្មានព្រំដែនពិតប្រាកដឡើយ ហើយវាជាបទដ្ឋាន ឬថាជាមាតាបិតាបង្កើតមេរោគអេដស៍។ គ្រាន់តែលោកអ្នកតាំងចិត្តថា អាត្មាអញមិនប្រព្រឹត្តខុសក្នុងកាមហើយស្មោះត្រង់ចំពោះប្ដីប្រពន្ធរបស់ខ្លួន នោះលោកអ្នកនឹងគេចផុតអំពីមេរោគអេដស៍ជាស្ថាពរ។ សត្វតិរិច្ឆាន ថ្វីបើមានកំណើតថោកទាបជាងមនុស្សក៏ពិតមែន ប៉ុន្តែក្នុងរឿងសេចក្ដីស្នេហារបស់វា មានកំណត់ពេលវេលាច្បាស់លាស់ មិនមែនចេះតែប្រព្រឹត្តផ្ដេសផ្ដាស់ខុសរដូវកាលឡើយ តែជាតិជាមនុស្ស បើគ្មានសេចក្ដីស្មោះត្រង់ចំពោះប្ដីប្រពន្ធរបស់ខ្លួនទេពិតជាអន់ជាងសត្វតិរិច្ឆានយ៉ាងពិតប្រាកដ។ បុរសខ្លះព្រោះតែបំពេញចំណង់តណ្ហារបស់ខ្លួន ហ៊ានប្រព្រឹត្តរំលោភបំពានទៅលើក្មេងស្រីតូចៗដែលមិនទាន់ដឹងក្ដី យ៉ាងគួរអោយខ្លោចផ្សា ព្រោះអ្វី? ព្រោះគេជាមនុស្សគ្មានសីល។ ព្រោះសម្មាសម្ពុទ្ធទ្រង់ប្រដៅឲ្យមនុស្សរក្សាសីលទី៣ នេះ គឺបង្រៀនឲ្យមានសេចក្ដីសន្ដោសក្នុងរឿងកាមគុណ ឲ្យចេះត្រេកងរចំពោះតែប្រពន្ធរបស់ខ្លួន ហៅថា សទារសន្តោសៈ។ ការត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួន គឺការនាំមកនូវសេចក្ដីសុខដល់គ្រួសាររបស់ខ្លួនផង ដល់គ្រួសារអ្នកដទៃផង ជាពិសេសអាចជួយជាកំលាំង ដល់ប្រទេសជាតិក្នុងការកាត់បន្ថយជំនួញផ្លូវភេទ ព្រោះអ្នករក្សាសីល បានវៀរចាកនូវការប្រព្រឹត្តអនាចារក្នុងរឿងកាមគុណ ។ ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការធម៌ ដោយ៥០០០ឆ្នាំ |