អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦,០០៦ ដង)
កម្លាំងរបស់ស្ត្រី

|
កម្លាំងរបស់ស្ត្រី
ខ្ញុំបាននិយាយពីចំណុចខ្សោយរបស់បុរសហើយ បើមិនបាននិយាយពីចំណុចខ្សោយរបស់ស្រីនោះ ក៏ឃើញថាមិនសមគួរឡើយ។ ព្រះដ៏មានព្រះភាគបានសំដែងថា ស្រីមានកម្លាំងក្រៅ ៥ យ៉ាង សម្រាប់ឲ្យសម្រេចកិច្ចការគឺៈ កម្លាំងរូប, កម្លាំងទ្រព្យ, កម្លាំងញាតិ, កម្លាំងបុត្រ, និងកម្លាំងសីល។ ១. កម្លាំងរូបៈ កម្លាំងនេះសឹងថាពុំបាច់ពន្យល់ឡើយ ព្រោះថាស្រីអាចប្រើរូបរបស់ខ្លួនបញ្ជាប្រើ និងសម្លាប់បុរសបានងាយណាស់។ ដែលរាប់បញ្ចូលក្នុងពាក្យថារូបនេះ បានដល់ការប្រើភ្នែក, ប្រើសម្លេង, រាងកាយ និងសម្ផស្សរបស់នាងឲ្យទៅជាអាវុធនោះឯង។ អាស្រ័យហេតុដូច្នេះឯងបានជា ព្រះសម្មាសម្ពុទ្ធលោកបានបញ្ញត្តនូវវិស័យយ៉ាងតឹងតែងចំពោះភិក្ខុសង្ឃអំពីរឿងស្រី រហូតរាប់ស្រីថាជាភ័សមួយ ក្នុងចំណោមភ័យទាំងបួនដែលអាចសម្លាប់ភិក្ខុបាន។ លោកឲ្យឈ្មោះភ័យនេះថា " សុសុកាភ័យ " ប្រែថា ភ័យមានលក្ខណៈដូចត្រីឆ្លាម អាចសម្លាប់ ដល់អ្នកធ្វេសប្រហែសបាន។ ២. កម្លាំងទ្រព្យៈ ទ្រព្យជាកម្លាំងមួយទៀត ដែលអាចឲ្យស្រីគ្របសង្កត់លើកម្លាំងបុរសបាន។ ជាពិសេស សម័យឥឡូវនេះ ទ្រព្យសឹងតែជាកម្លាំងមួយ ដែលខ្លាំងជាងកម្លាំងរូបទៅទៀតផង។ រូបអាក្រក់ក៏អាក្រក់ចុះ តែបើមានទ្រព្យហើយ គឺប្រាកដជាគេឃើញស្អាតមិនខាន។ ៣. កម្លាំងញាតិៈ អ្នកដែលមានញាតិច្រើន រមែងមានទីពឹងពំនាក់ច្រើនជាងមនុស្សកំព្រា ឬក្បាលមួយតែម្នាក់ឯង។ ចំណុចនេះ ខ្ញុំមិនបាច់អធិបាយច្រើនទេ អ្នកអាចគង់នឹងដឹង យល់ជាមិនខាន។ ៤. កម្លាំងបុត្រៈ បើប្រៀបធៀបម្ដាយ និងឪពុក ខ្ញុំគិតថា ភាគច្រើនកូនតែងមានការជំពាក់ចិត្តជាប់ទៅនឹងម៉ែច្រើនជាងឪពុក ព្រោះបានឥទ្ធិពលពីម្ដាយ តាំងពីក្នុងផ្ទៃរហូតដល់ធំ។ ដូច្នេះ មិនជាការពិបាកយល់ទេ ដែលមាតាអាចពឹងកម្លាំងរបស់កូន។ ស្វាមីដែលឃើញភរិយាខ្លួនខុសនៅនឹងមុខហើយ តាំងចិត្តថានឹងលែងលះនាងហើយក៏មិនអាចលះលែងបាន ព្រោះជាប់ជំពាក់នឹងរឿងកូនហ្នឹងឯង។ ៥. កម្លាំងសីលៈ គឺការប្រព្រឹត្តល្អនៅក្នុងបែបបទសីលធម៌ ក្នុងឋានៈជាភរិយាគ្រប់លក្ខណ៍ ទន់ភ្លន់ សុភាពរាបសារ ស្គាល់ខុស ស្គាល់ត្រូវ ទាំងនេះរាប់ថាជាកម្លាំងរបស់ស្រីមួយផ្នែកទៀត ក្នុងការប្រកបកិច្ចការណាមួយឲ្យបានសម្រេច។ នៅមានកម្លាំងមួយទៀត ដែលមានអានុភាពយ៉ាងខ្លាំងក្លា អាចរុញច្រានកម្លាំងទាំង ៥ ដែលអធិប្បាយមកហើយនោះ ឲ្យរឹតតែមានសន្ទុះឡើង។ កម្លាំងនុ៎ះគឺ សេចក្ដីក្រោធនោះឯង។ បើស្រីក្រោធហើយ ខឹងហើយ ចងគំនុំហើយ ច្រើនតែមានរឿងគគ្រឹកគគ្រេងកើតឡឡើងជាមិនខាន ទាំងល្អ និងអាក្រក់។ តែទោះជាយ៉ាងនេះក្ដី " កម្លាំងក្រោធ " នេះ ក៏ជាចំណុចខ្សោយតែមួយគត់របស់ស្រី ដែលសត្រូវទាំងឡាយអាចធ្វើឲ្យនាងវិនាសគ្រប់ប្រការបាន។ ឈ្មោះថាសត្រូវ តែងមានគោលបំណង ៧ យ៉ាងគឺៈ ១. សត្រូវមានបំណងចង់ឲ្យយើងមានសម្បុរអាក្រក់ ហ្មួហ្មង ២. សត្រូវមានបំណងចង់ឲ្យយើងគិតតែពីដេកកើតទុក្ខ ៣. សត្រូវមានបំណងចង់ឲ្យយើងមិនបានទទួលផលប្រយោជន៍ច្រើន ៤. សត្រូវមានបំណងចង់ឲ្យយើងមិនមានយសសក្តិ និងខូចយសសក្ដិ ៥. សត្រូវមានបំណងចង់ឲ្យយើងមិនមានមិត្តភក្ដិរាប់អាន ៦. សត្រូវមានបំណងចង់ឲ្យយើងមិនបានទ្រព្យ និងឲ្យយើងវិនាសទ្រព្យ, ៧. សត្រូវមានបំណងចង់ឲ្យយើងធ្លាក់នរក ឬជាប់គុកច្រវាក់។ សត្រូវទាំងឡាយអាចនឹងយកជ័យជំនះលើស្រីបាន បើចេះធ្វើយ៉ាងណាឲ្យខឹងព្រឹក ខឹងល្ងាច ខឹងយប់បាន។ លើកឧទាហរណ៍យ៉ាងងាយបំផុតគឺ បើនាងណាឆាប់ខឹង រហ័សខឹង ខឹងច្រើន ខឹងជាប់ មិនយូរប៉ុន្មានទេ នាងនោះនឹងមានមុខឡើងជាំ មុខអាចម៍រុយ មុខមាត់មិនស្រស់បស់ ឯសម្បុរស្បែកក៏អាប់រស្មីដែរ។ ក្នុងព្រះពុទ្ធសាសនា បុគ្គលដែលដាច់ខ្យល់ស្លាប់នៅក្នុងពេលកំពុងមានសេចក្ដីក្រោធប្រាកដជាធ្លាក់ទៅនរកភូមិ ជាពិតប្រាកដ។ អាស្រ័យហេតុដូច្នេះហើយទើបបានជា ព្រះជិនស្រីលោកបានឲ្យឱវាទយ៉ាងច្រើន កុំឲ្យមនុស្សរៀនក្រោធ ព្រោះក្រោធនេះ ជាផ្លូវឆ្ពោះទៅរកការអន្តរាយគ្រប់បែបយ៉ាង។ ចំពោះកម្លាំងទាំង ៥ ខាងលើវិញ នាងជាស្រី ឬភរិយា ត្រូវដឹងចាំថាកម្លាំងនាងទាំង ៥ នេះ នឹងត្រូវញ៉មចាញ់កម្លាំងបុរសតែ ១ គត់គឺ " កម្លាំងឥស្សរិយយស " ។ បុរសណាដែលមានឥស្សរិយយស ឬជាអ្នកដែលមានបណ្ដាសក្ដិយសធំ រមែងអាចបង្ក្រាបនូវកម្លាំងរបស់ស្រីទាំង ៥ បានជាពិតប្រាកដ។ ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍ រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា ដោយ៥០០០ឆ្នាំ |