អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៤២,៨៣៥ ដង)
មហាបុរិសក្ខណៈ ៣២ ប្រការ

|
មហាបុរិសក្ខណៈ ៣២ ប្រការ
ម្នាលភិក្ខុទាំងឡាយ មហាបុរសប្រកបដោយមហាបុរិសក្ខណៈ ៣២ ប្រការនោះ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ក្នុងលោកនេះមាន៖ ១- មានព្រះបាទាប្រតិស្ឋានស៊ប់ គឺមានផ្ទៃព្រះបាទាទាំងគូ រាបស្មើរសព្វអន្លើ ។ ២- ត្រង់ផ្ទៃព្រះបាទទាំងគូខាងក្រោម មានរូបចក្រប្រកបដោយខ្នងកង់ និងដុំ ប្រដាប់ដោយកាំមួយពាន់ មានចន្លោះស្មើគ្នាគ្រប់អន្លើ ។ ៣- មានព្រះបណ្ហិ គឺ កែងព្រះបាទវែង ។ ៤- មានព្រះអង្គុលី គឺ ម្រាមព្រះហស្ត និង ម្រាមព្រះបាទវែង ។ ៥- មានផ្ទៃព្រះហស្ត និង ផ្ទៃព្រះបាទ ដ៏ទន់ល្មើយ ( ដូចជាដុំសម្លីដែលគេថ្តេចអស់មួយរយដង ) ។ ៦- មានផ្ទៃព្រះហសត្ត និង ផ្ទៃព្រះបាទ ប្រទាក់ដោយក្រឡាដូចជាសំណាញ់ ។ ៧- មានព្រះបាទដូចជាអណ្តែតឡើងខាងលើ ( ហាក់ដូចជាមិនជាប់គ្នានឹងខ្នងព្រះបាទ ) ៨- មានព្រះជង្ឃា គឺស្មង ( រៀវមូលត្រសូល ) ស្រដៀងនឹងស្មងសត្វទ្រាយ ( ពុំនោះសោតស្រដៀងនឹងដង្ហើមស្រូវ ) ។ ៩- កាលបើទ្រង់សណ្ឋិតគឺទ្រង់ឈរ មិនបាច់ឱនព្រះអង្គចុះ អាចស្ទាបព្រះជាណុ គឺ ជង្គង់ ដោយផ្ទៃព្រះហស្តទាំង ២ បាន ។ ១០- មានព្រះអង្គាវយវ ដែលគប្បីលាក់ឲ្យកំបាំងដោយសម្ពត់ ( វត្ថគុយ្ហំ ) ឋិតនៅក្នុងស្រោម ( ប្រហែងដូចជាអង្គជាតដនៃដំរី ឬគោឈ្មោលជាដើម ) ។ ១១- មានព្រះឆវីវណ្ណ គឺសម្បុរ ( លឿងភ្លឺអន្លង ) ដូចជាសម្បុរនៃមាស ។ ១២- មានព្រះឆវី គឺសម្បុរល្អិតផូរផង់ រលីងស្រិល រអិលធូលី ធូលីធ្លាក់មកត្រូវ មិនជាប់ព្រះកាយ ។ ១៣- មានព្រះលោមាគឺរោមក្នុងរណ្តៅមួយ ៗ តែមួយសរសៃ ៗ រាល់រណ្តៅ ។ ១៤- មានចុងព្រះលោមា ង ឡើងលើ ។ ព្រះលោមាដែលដុះឡើងហើយមានចុងឡើងលើជាទក្ខិណាវដ្ដ វិលវង់ ព័ទ្ធពេនទៅខាងស្តាំ មានពណ៌ខៀវស្រស់ដូចជាពណ៌នៃផ្កាអញ្ជ័ន កួចមូលដូចជាកុណ្ឌល ។ ១៥- មានព្រះកាយត្រង់ ដូចជាកាយនៃព្រហ្ម ។ ១៦- មានព្រះមំសៈ គឺសាច់ ៧ អន្លើពេញបរិបូណ៌ ( ត្រង់ខ្នងព្រះហស្តទាំង២ ខ្នងព្រះបាទទាំង២ ព្រះអង្សកូដគឺចង្កួចស្មា ទាំង២ និង ត្រង់ព្រះខន្ធប្បទេសគឺព្រះក, សរីរប្រទេទាំង ៧ អន្លើនេះមានសាច់ពេញលេញល្អ ឥតមានឃើញសរសៃឡើយ ) ។ ១៧- មានចំណែកព្រះកាយពាក់កណ្តាលខាងលើដូចជាកាយនៃរាជសីហ៍ ។ ១៨- មានចង្អូរនៃព្រះបិដ្ឋិប្រទេសពេញបរិបូណ៌ គឺ មានខ្នងដ៏ពេញស្មើឥតមានចង្អូរផតខូងត្រង់កណ្តាលឡើយ ។ ១៩- មានទ្រង់ទ្រាយព្រះកាយ ប្រហែលនឹងបរិមណ្ឌលនៃដើមជ្រៃ កាយរបស់មហាបុរសប្រវែងណា ព្យាមរបស់មហាបុរស ក៏ប្រវែងនោះដែរ គឺ មានកាយនឹងព្យាមស្មើគ្នា ( ដូចជាជ្រៃ មានប្រវែងដើម មែកមិនលើស មិនខ្វះហួសគ្នាប៉ុន្មាន ) ។ ២០- មានព្រះខន្ធប្បទឹ គឺព្រះសូរង មូលសម ។ ២១- មានព្រះខន្ធប្បទេស គឹសរសៃល្អិតឆ្មារ ដ៏លើសលែង សម្រាប់ទទួលរសអាហារ ( មានសរសែយ៉ាងឆ្មារល្អិត ៧ ពាន់ ប្រជុំស្រោបត្រង់ព្រះសូរង ( សម្រាប់ទទួលរសអាហារឲ្យជ្រួតជ្រាប ផ្សព្វផ្សាយក្នុងព្រះកាយទាំងមូលបាន ឥតមានទើសទាក់) សូម្បីងាហារយ៉ាងតិចប៉ុនគ្រាប់ល្ង ១ដែលទ្រង់ដាក់ចុងព្រះជិវ្ហា ក៏អាចជ្រួតជ្រាបសព្វសព៌ាង្គកាយបាន ) ។ ២២- មានព្រះហនុកា ( ចង្កា ) សណ្ឋានស្រដៀងនឹងចង្កា នៃរាជសីហ៍ ( ពេញបរិបូណ៌ ប្រហែលដូចព្រះចន្ទ ត្រង់ថ្ងៃ ១២ កើត ) ។ ២៣- មានព្រះទន្ត គឺធ្មេញ ៤០ គត់ ( ខាងលើ ២០ ខាងក្រោម ២០ ) ។ ២៤- មានព្រះទន្តរាបស្មើ ( មិនប្រជូស ឬច្រពើសខ្ពស់ទាបឡើយ ) ។ ២៥- មានបៀបនៃព្រះទន្តជិតស្និទ្ធល្អ ។ ២៦- មានព្រះទាឋា គឺព្រះចង្កូម ( ទាំង ៤ ) សស្អាត ( ភ្លឺរុងរឿងជាងពន្លឺផ្កាយព្រឹក ) ។ ២៧- មានព្រះជីវ្ហា ដ៏ធំវែង ទន់ល្មមល្មៃ ។ ២៨- មានព្រះសូរសៀង គឺសូរសព្ទសម្លេង ដូចជាសម្លេងនៃមហាព្រហ្ម ។ កាលបើបញ្ចេញវាចា លាន់ឮពីរោះដូចជា សម្លេងនៃសត្វករវិក ។ ២៩- មានព្រះនេត្រខៀវស្រស់ ( ក្នុងទីដែលគួរខៀវ ) ។ ៣០- មានដួងព្រះនេត្រដូចជាភ្នែកនៃ (កូន) គោ ( មានដួងព្រះនេត្រទាំង ២ ថ្លាយង់ ស្រដៀងនឹងដួងភ្នែកកូនគោសម្បុរក្រហម ដែលទើបនឹងសម្រាលមួយរំពេច ) ។ ៣១- មានព្រះឧណ្ណាលោម គឺរោមដុះត្រង់ចន្លោះព្រះភមូ ( ចិញ្ចើម ) មានសម្បុរ ស ក្បុស ទន់ល្មើយដូចជាសំឡី ។ ៣២- មានព្រះសីរ្ស ហាក់ដូចជាប្រដាប់ដោយក្បាំងមកុដស្រេចស្រាប់ ។ ដកស្រង់ចេញពីសៀវភៅ វត្តប្រតិបត្តិពុទ្ធសាសនិកជន រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |