អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ១៧,២៦២ ដង)
មិត្តមិនគួរសេពគប់៤យ៉ាង

|
មិត្តមិនគួរសេពគប់៤យ៉ាងៈ
១/ មិត្តគិតតែប្រយោជន៍ផ្ទាល់ខ្លួន មាន ៤
ក- មិត្ត ដែលចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន គឺគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតដល់ប្រយោជន៍មិត្ត ចេះត្រេកអរតែខាងបានអំពីមិត្តតែមិនចេះបរិច្ចាគឲ្យមិត្តវិញទេ ។ ខ- មិត្ត ប្រាថ្នារបស់ច្រើនដោយឲ្យរបស់តិចតួច គឺថាកាលបើមានរបស់អ្វីឲ្យមិត្ត គឺគេឲ្យបន្តិចបន្តួចប៉ុណ្ណោះ តែគេចង់បានពីមិត្តមកវិញច្រើនៗ ដូចជាដាក់នុយដើម្បីស្ទូចត្រីអ៊ីចឹងឯង។ គ- មិត្តដែលមិនជួយកិច្ចការមិត្ត នៅពេលដែលមិត្តមានភ័យ ស៊ីសេចក្ដីនឹងភាសិតបូរាណថា " ចូលព្រៃសត្វសាហាវ ស្រែកអំពាវគ្នាមកជុំ បានស្ករឬទឹកឃ្មុំពួនសម្ងំឆីតែឯង "។ ឃ- មិត្តដែលសេពគប់មិត្ត ព្រោះហេតុតែប្រយោជន៍ផ្ទាល់ខ្លួន បុគ្គលប្រភេទនេះ គឺមិនបានសម្លឹងឃើញនូវគុណធម៌ និងទឹកចិត្តរបស់មិត្តនោះទេ គឺសម្លឹងឃើញតែយសសក្ដិ និងទ្រព្យសម្បត្តិរបស់មិត្តប៉ុណ្ណោះ ដូចមានពាក្យថា " ហុតទឹកសម្លឹងកាក ទាញច្រវាក្រាកសំឡឹងត្រើយ " ។ ២/ មិត្តល្អតែសម្ដី ៤ យ៉ាង ក- មិត្តទទួលរាក់ទាក់ដោយរបស់ ដែលកន្លងទៅហើយ មិត្តប្រភេទនេះល្អតែមាត់ ដូចជានិយាយថា " ព្រឹកមិញនេះ ខ្ញុំមានខ្នុរទុំច្រើនណាស់ ខ្ញុំទើបតែលក់អស់អម្បាញ់មិញនេះឯង បើមិត្តមកទាន់ពីព្រឹក ខ្ញុំនឹងឲ្យមិត្តខ្លះ " ។ ខ- មិត្តទទួលរាក់ទាក់ដោយរបស់ ដែលមិនទាន់មកដល់ បុគ្គលប្រភេទនេះ ចូលចិត្តសន្យាណាស់ តែមិនគោរពតាមពាក្យសន្យាទេ កាលកំណត់មកដល់ ចេះតែដោះខ្លួនដោយអាងលេសថាយ៉ាងនេះយ៉ាងនោះ។ គ- មិត្តដែលសង្គ្រោះមិត្ត ដោយអំពើមិនជាប្រយោជន៍ បុគ្គលប្រភេទនេះនិយាយទៅកាន់មិត្ត ហាក់ដូចជាខ្លួនឯងមានចិត្តល្អ តែគ្មានបានការអ្វីទាំងអស់ ដូចជានិយាយថា " ទាស់តែខ្ញុំមានវិទ្យុតែ១ បើខ្ញុំមាន២ ខ្ញុំពិតជាឲ្យមិត្តឯង១ហើយ "។ ឃ- មិត្ត ដែលមិត្តមានកិច្ចធុរៈជាបន្ទាន់ក៏សំដែងអាងរបស់ដែលខូចទៅហើយ ដូចជាពេលដែលមិត្តមានធុរៈម្ដាយឈឺធ្ងន់ ហើយពឹងឲ្យមិត្តជួយជូនទៅពេទ្យ ខ្លួនក៏ពោលឡើងថា " សោកស្ដាយណាស់សម្លាញ់ ឡានខ្ញុំខូចបាត់ទៅហើយ បើមិនដូច្នោះទេ ខ្ញុំនឹងជូនទៅភ្លាម" ។ បើពិតជាមិត្តល្អមែន សូម្បីឡានរបស់ខ្លួនខូចមែនក៏ដោយក៏នៅតែរកមធ្យោបាយជូនទៅឲ្យទាល់តែបាន។ ៣/ មិត្តនិយាយចាក់បណ្ដោយ ៤ យ៉ាង ក- មិត្ត ព្រមឲ្យមិត្តធ្វើបាប ដូចជាព្រមឲ្យមិត្តសម្លាប់សត្វ ឬលួចទ្រព្យគេជាដើម។ អ្នកដែលព្រមឲ្យមិត្តធ្វើបាបដូច្នេះ គឺជាការបិទផ្លូវសួស្ដីហើយបើកផ្លូវអន្តរាយអោយមិត្តដោយប្រាកដ។ ខ- មិត្ត ដែលព្រមឲ្យមិត្តធ្វើអំពើល្អ ការដែលគេព្រមឲ្យមិត្តធ្វើល្អនោះ មិនសំដៅដល់ការអនុគ្រោះដោយចិត្តល្អទេ គ្រាន់តែនិយាយចាក់បណ្ដោយឲ្យពីរោះស្ដាប់តែប៉ុណ្ណោះ។ គ- មិត្តនិយាយសរសើរមិត្ត តែក្នុងទីចំពោះមុខ មនុស្សប្រភេទនេះ គេនិយាយល្អក្នុងទីចំពោះមុខមិត្ត មិនមែនដោយចិត្តល្អនោះទេ គោលបំណងគឺចង់តោងយកផលកម្រៃពីមិត្តប៉ុណ្ណោះ។ ឃ- មិត្ត ពោលទោសមិត្តក្នុងទីកំបាំងមុខ បុគ្គលប្រភេទនេះ គឺជារោគដំបៅសង្គម គេមិនមានគំនិតស្ថាបនាមិត្តឲ្យបានល្អឡើយ ជាមនុស្សមិនចេះជួយការពារមិត្តឡើយ មានវាចាគួរឲ្យខ្ពើមជាងលាមក។ ៤/ មិត្តនាំឲ្យប្រព្រឹត្តផ្លូវវិនាសមាន៤យ៉ាង ក- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗនូវការផឹកទឹកស្រវឹងគឺសុរានិងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ អ្នកផឹកទឹកស្រវឹងមិនសូវបាននាំមកនូវប្រយោជន៍ពិតប្រាកដ ដល់មិត្តឡើយ ព្រោះគេច្រើនតែនិយាយធូរនៅពេលដែលគេស្រវឹងប៉ុណ្ណោះ ដូចមានពាក្យនិយាយតៗគ្នាថា "ស្វាងតឹង ស្រវឹងធូរ"។ ខ- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗនូវការត្រាចទៅកាន់ច្រកល្ហកខុសកាល ការដើរលេងយប់មិនជាការល្អទេ ជួនកាលអាចជាន់ដានចោរទៀតផង។ បើនៅជាសិស្ស ត្រូវទុកពេលវេលាមើលមេរៀន ឬធ្វើលំហាត់វិញទើបប្រសើរត្រូវតាំងចិត្តថា " អញត្រូវតែបានពិន្ទុល្អជានិច្ច " ។ បើជាប្ដី ត្រូវតែនៅការពារផ្ទះសម្បែង ដើម្បីផ្ដល់ភាពកក់ក្ដៅដល់កូនប្រពន្ធ។ បើជាប្រពន្ធរឹតតែត្រូវគិតឲ្យណាស់អំពីបញ្ហានេះ ប្រយ័ត្នចាញ់សត្វបក្សី ព្រោះសត្វបក្សីមិនងាយភ្លេចពេលចូលទ្រនំឡើយ។ គ- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗក្នុងកិរិយាដើរមើលល្បែងមហោស្រព ការដើរមើលមហោស្រព គឺជាការញៀនម្យ៉ាងដែលអ្នកត្រូវការប្រយោជន៍ត្រូវតែលះបង់ ព្រោះជាការខាងបង់ពេលវេលា ខាងបង់ទាំងទ្រព្យ។ ឃ- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗនូវល្បែងភ្នាល់ ដែលជាទីតាំងនៃសេចក្ដីប្រមាទ ការយកអ្នកលេងល្បែងជាមិត្ត សូម្បីពេលនេះយើងមិនទាន់ក្លាយជាអ្នកលេង តែយូរៗទៅ គង់តែរមាសដៃតាមគេមិនខាន កាលបើកើតរោគរមាស់ដៃហើយ មិនងាយគ្រូណាព្យាបាលជាឡើយទ្រព្យសម្បត្តិកប់ទុកទីណា ក៏ត្រូវវិនាសដែរ។ គ្រប់ប្រភេទនៃបុគ្គល ដែលបានរៀបរាប់មកខាងលើ សុទ្ធតែជាបុគ្គលដែលមិនគួរសេពគប់ទាំងអស់ ត្បិតសភាពជាបុថុជ្ជន ហើយថែមទាំងមិនសូវបានស្ដាប់ធម៌របស់សប្បុរសទៀត មិនអាចមានសតិសម្បជញ្ញៈគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងខ្លួនមិនឲ្យឆ្លងតាមគេបាននោះទេ ព្រោះប្រាជ្ញាស្មារតីនៅទន់ខ្សោយណាស់ ប្រៀបដូចជាដៃមានដំបៅ កាលបើលូកទៅក្នុងថ្នាំពិស ពិតជាជ្រាបចូលមិនខានឡើយ ដូច្នេះគួរតែកុំសេពគប់ឬកុំយកជាគ្នាទើបប្រសើរ។ ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ៥០០០ឆ្នាំ |