អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ១០,៧៤៣ ដង)
នាទីភរិយាចំពោះស្វាមី

|
នាទីភរិយាចំពោះស្វាមី
នាងជាភរិយា កាលបើស្វាមីបានបំពេញនាទីចំពោះខ្លួនហើយ ក៏គប្បីបំពេញនូវតួនាទី ៥ យ៉ាង ចំពោះស្វាមីខ្លួនវិញគឺៈ ១. ចាត់ចែងការងារក្នុងផ្ទះដោយល្អប្រពៃ មានកិច្ចការចង្ក្រាន ឆ្នាំង មើលរៀបចំឥវ៉ាន់ ទ្រព្យសម្បត្តិ មើលខ្ញុំបំរើធ្វើការងារ។ ល។ រៀបចំផ្ទះសម្បែងឲ្យរៀបរយ ស្អាតបាត មានអនាម័យ គួរចង់នៅ ដូចសុភាសិតថា " ដំណេកដេកជាខ្នាត ឲ្យសំអាតសំអាងជា ទើបទេវតារក្សា ចំរើនសុខស្រីសួស្ដី " ។ ២. សង្គ្រោះញាតិខាងស្វាមីដោយល្អ មិននិយមតែញាតិខ្លួន រាប់អានដោយស្មើ។ ខ្មែរយើងមានពាក្យនិយាយថា " ទ្រាំផ្សែងភ្លើងបាន ទើបទ្រាំម៉ែក្មេកបាន " ។
រឿងម៉ែក្មេកនោះ ជារឿងសំខាន់ណាស់សម្រាប់សង្គមខ្មែរ ភាគច្រើនបែកព្រាត់ប្រាសគ្នា ព្រោះតែម៉ែក្មេកនេះឯង។ ខ្ញុំបានឮចាស់ៗនិយាយថា " ប្ដីប្រពន្ធត្រូវស្រឡាញ់ ទំនុកបំរុង រក្សា ថែទាំម៉ែក្មេករបស់ខ្លួនឲ្យបានច្រើនជាងម៉ែបង្កើតរបស់ខ្លួនទើបបានសុខ បើពុំនោះទេ បន្តិចឮថា ហ៎មេនោះ អាហ្នឹងវាគិតតែសាច់ខាងម៉ែឪវាទេ។ ដូច្នេះ ជារឿងសំខាន់ណាស់ដែលនាងជាភរិយាត្រូវគិតសាច់ខាងស្វាមីខ្លួនឲ្យបានដូចនឹងខាងខ្លួន។
៣. មិនក្បត់ ចិត្តសាវ៉ា មានថ្មី ឬដោយហោចទៅ សូម្បីតែគិតថានឹងមានថ្មី។ ក្នុងសង្គមភូមិភាគអាស៊ី ច្រើនតែនិយាយថា " ប្រុសៗដូចមាសទឹក ១០ ធ្លាក់កប់ភក់ជ្រាំយ៉ាងណា លើកមកវិញនៅតែដដែល " ដែលជាហេតុឲ្យប្រុសៗមានភរិយាបានច្រើន ឬអាចមានក្រៅបាន នៅពេលដែលស្រីត្រូវមានភក្ដីភាពចំពោះស្វាមីដដែល។ រឿងនេះពិបាកណាស់ ព្រោះជារឿងការនិយមនៅក្នុងសង្គម ថ្វីដ្បិតតែនៅក្នុងច្បាប់ត្រូវមានភរិយា ឬស្វាមីតែ ១ ក៏ដោយ។ ៤. រក្សាទ្រព្យសម្បត្តិ ដែលស្វាមីរកបានមកឲ្យគង់វង្ស មិនខ្ជះខ្ជាយ ធ្វេសប្រហែស ឬចាយវាយស្រេចតែនឹងចិត្ត ដោយពុំបានសាកសួរស្វាមី។ ស្រីត្រូវចេះពាក្យថា " អស់ហេះនៅឡើយ អស់ហើយនៅបន្តិច " និងត្រូវចេះពាក្យបុរាណថា " ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតប្រពន្ធជា "។
៥. មិនខ្ជិលច្រអូសនឹងកិច្ចការទាំងពួង ដៃនៅមិនស្ងៀម ព្រោះខ្លួនមាននាទីជា " មេផ្ទះ " ។ សុភាសិតខ្មែរយើងពោលថា " គោលឿនសឹកក ស្រីល្អសឹកគូថ "។ ត្រង់នេះមានន័យថា សឹងសារ៉ុង ឬក្បិនប៉ែកខាងក្រោយ ព្រោះត្រូវរំកិលក្នុងការត្បាញរវៃ បោសច្រាស យូរៗទៅក៏សឹកខាងគូថអស់។ ដែលអធិប្បាយមកហើយនេះ សម្រាប់គូស្វាមី ភរិយាណា ដែលនៅដាច់តែឯង បែកផ្ទះសម្បែងពីម្ដាយ ឪពុក កវែក កឆ្នាំងខ្លួនឯង និងសម្រាប់គូស្វាមី ភរិយាដែលស្វាមីត្រូវមកនូវខាងភរិយា គឺនៅផ្ទះខាងស្រី។
តាមទំនៀមទម្លាប់ខ្មែរដែលយកស្រីជាធំ ក្រោយពេលអាពាហ៍ពិពាហ៍ខាងប្រុសច្រើនតែមកនៅខាងស្រី។ តែនៅក្នុងទំនៀមទម្លាប់ចិន ស្រីត្រូវធ្វើដំណើរទៅខាងប្រុស ក៏ដូចគ្នានឹងវប្បធម៌ឥណ្ឌាដែរ។ បើជួនជាត្រូវទៅនៅខាងស្វាមី នាងជាស្រីគប្បីដឹង និងត្រៀមខ្លួនឲ្យបានស្រួលបួល ដើម្បីនឹងបដិបត្តិនូវកិច្ចទាំងឡាយដូចតទៅនេះ ១. មានចេតនាល្អក្នុងការបំរើប្ដី បដិបត្តិ និយាយស្ដីដោយគោរព និងអស់ពីចិត្តពីថ្លើមរបស់មាតាបិតា ឲ្យដូចជាមាតាបង្កើតរបស់ខ្លួន។ ២. គោរពរាប់អានដល់បុគ្គលដែលស្វាមីគោរពរាប់អាន ដូចជាគ្រូអាចារ្យ ញាតិ មិត្ត ចៅហ្វាយ និងរាក់ទាក់ទទួល ពេលដែលជននោះមកផ្ទះ។ ៣. មិនខ្ជិលច្រអូសចំពោះកិច្ចការរបស់ស្វាមី ជួយរំលែកសុខទុក្ខស្វាមី។ ៤. ស្គាល់ការគួរធ្វើ ឬមិនគួរធ្វើចំពោះមនុស្សក្នុងផ្ទះ ដូចជាកិច្ចការណាជាកិច្ចការមាតាបិតា កិច្ចការអ្នកនៅក្រោម និងចេះបែងចែកការងារ ថាតើអ្នកណាគួរធ្វើអ្វី អ្នកណាគួរទទួលខុសត្រូវអ្វី។ ៥. រក្សាទ្រព្យសម្បត្តិដោយប្រពៃ មិនបំផ្លាញ ឬធ្វើឲ្យបាត់បង់ទៅដោយប្រការណាមួយ ឬមានគំនិតមិនត្រង់ កេងប្រវ័ញ្ច លួចលាក់ពីគ្រួសាររបស់ប្ដីខ្លួន។ នៅមានឱវាទចំនួន ១០ យ៉ាងទៀត របស់ធនញ្ជ័យសេដ្ឋី ដែលផ្ដាំចំពោះនាងវិសាខា នៅពេលដែលធ្វើដំណើរទៅនៅខាងស្វាមីនាង ជាឱវាទទាក់ទងទៅនឹងចរិយាមារយាទរបស់ភរិយា ដែលខ្ញុំនឹងសូមនាំមកចុះជាគតិជូន ព្រោះជារបស់មានសារសំខាន់ ហើយសង្គមខ្មែរ ក៏និយាយជាពន់ពេក។ ឱវាទនេះ ឲ្យដោយខ្លីៗ និងក្នុងបែបជាប្រស្នាផង។
១. ភ្លើងក្នុងកុំនាំចេញក្រៅ។ ត្រង់នេះមានន័យថា រឿងរ៉ាវដែលជាសៅហ្មង ក្ដៅក្រហាយ មិនល្អ អាក្រក់ ដែលជារឿងផ្ទៃក្នុងរបស់គ្រួសារខ្លួន មាតាបិតាខ្លួន មិនត្រូវនាំចេញទៅផ្សាយ ដើរប្រាប់គេ ប្រាប់ឯង ដោយហោចទៅ សូម្បីតែសាច់ញាតិរបស់ខ្លួនឡើយ។ ២. ភ្លើងក្រៅកុំនាំចូលក្នុង។ បានន័យថា រឿងណាដែលមិនល្អ មិនមានប្រយោជន៍ ជារឿងក្ដៅក្រហាយ ហើយមិនទាក់ទងទៅនឹងសាច់រឿងរបស់គ្រួសារខ្លួនទេ មិនគប្បីចូលមកក្នុងផ្ទះឲ្យក្រុមគ្រួសារបានទទួលការក្ដៅក្រហាយផងដែរនោះទេ។ បើនោះជារឿងក្ដៅក្រហាយនោះទាក់ទងនឹងកេរ្ដិ៍ឈ្មោះ និងផលប្រយោជន៍របស់គ្រួសារ ឬស្វាមីខ្លួនក្ដី ក៏ត្រូវរកឱកាសនិយាយដែរ ដើម្បីកុំឲ្យក្ដៅទាំងរឿង ហើយក្ដៅទាំងមនុស្សទៀន។ ខ្ញុំឃើញភរិយាខ្លះ ឃើញស្វាមីមកពីធ្វើការហត់នឿយ ឬមានរឿងមុខមិនស្រួសមកដល់ផ្ទះមិនទាន់បានដាក់គូថអង្គុយផង ក៏ស្រាប់តែតាំងនាំយករឿងអាក្រក់ រឿងក្ដៅក្រហាយទៅពិតទូលបញ្ឆេះ ធ្វើឲ្យស្វាមីដែលកំពុងស្រួលៗនោះក្ដៅក្រហាយឆេះភ្លាមមួយរំពេច។ ត្រង់នេះមិនល្អសោះ នាងភរិយាគួរកែឲ្យបាន។ ៣. ត្រូវឲ្យបុគ្គលដែលឲ្យ។ ត្រង់នេះមានន័យថា បើមាននរណាមកខ្ចីទ្រព្យ ឬឥវ៉ាន់ណាមួយពីខ្លួន ត្រូវសង្កេតចំណាំថា តើជននោះធ្លាប់ខ្ចីទៅ ឲ្យវិញសងវិញឬទេ បើឃើញថានឹងសងមកវិញនោះ សឹមឲ្យខ្ចី។ ត្រង់នេះ នាងភរិយាច្រើនភ្លាត់ណាស់ បើសិនជាជននោះចេះនិយាយផ្អែមល្ហែម បញ្ជោរ ឬធានាម៉ឺងម៉ាត់ធ្វើមុខមាំនោះ អ្នកប្រាកដជាឲ្យភ្លាម។ សូមឲ្យប្រយ័ត្នចំពោះមនុស្ស " ចិត្តជាទេវតាទត្ត មាត់ជាទេវតា " ។ ៤. មិនត្រូវឲ្យដល់បុគ្គលដែលមិនឲ្យ។ ត្រង់នេះមានន័យថាបើបុគ្គលនោះខ្ចីមិនដែលសងវិញទេ ឬមានដំណើរការមិនគួរទុកចិត្តថានឹងមិនឲ្យវិញទេនោះ មិនត្រូវឲ្យខ្ចីទេ។ ៥. ត្រូវឲ្យដល់បុគ្គលដែលឲ្យក្ដី មិនឲ្យក្ដី គឺមានអ្នកខ្លះដែលយើងត្រូវតែឲ្យដោយមិនសង្ឃឹម ឬប្រាថ្នាថាអ្នកនោះនឹងសងវិញ ឬមិនសងវិញនោះទេ ដូចជាបងប្អូនដែលយើងត្រូវជួយជាដើម។ ន័យមួយទៀត បានដល់ការដាក់ទានឲ្យដល់ស្មូមយាចកដែលមកសុំទាន ឬមកសុំការពឹងពាក់ យើងក៏ជួយទៅ រួមទាំងការធ្វើបុណ្យ ធ្វើទាន ដាក់បាត្រចំពោះព្រះសង្ឃ ដែលយើងត្រូវធ្វើជាប្រពៃណីបុណ្យរបស់យើង។ ៦. ត្រូវអង្គុយដោយស្រួលបួល។ បានដល់អង្គុយដឹងខ្ពស់ទាប មានមារយាទ អង្គុយប្រយ័ត្នប្រយែងក្នុងការចេញកេរ្តិ៍ខ្មាស មិនអង្គុយសណ្ដូកជើង បើចាស់ៗ ឬស្វាមីអង្គុយទាបជាងខ្លួន មិនអង្គុយច្រងេងច្រងាង យះដៃ យះជើង ពែនភ្នែន គងអន្ទាក់ខ្លាជាដើម។ ៧. ត្រូវបរិភោគដោយស្រួលបួល។ បរិភោគឲ្យស្គាល់មុនក្រោយ គួរបរិភោគមុនអ្នកណា បរិភោគក្រោយអ្នកណា បរិភោគជាមួយអ្នកណា ពេលណាគួរបរិភោគ និងមានមារយាទល្អ សុជីវធម៌ក្នុងការបរិភោគអាហារផងដែរ។ ៨. ត្រូវដេកដោយស្រួលបួល។ គឺការរៀបចំដំណេកឲ្យបានសមរម្យស្រួលបួល រួមទាំងការត្រៀមវត្ថុចាំបាច់ខ្លះពេលចូលដេក កុំឲ្យពិបាកងើបដើរឆ្ងាយទៅយក។ ៩. ត្រូវបូជាភ្លើង ឬបំរើភ្លើង។ ភ្លើងក្នុងទីនេះ បានដល់ស្វាមីដែលភរិយាត្រូវគោរពបំរើ ប្រណិប័តន៍ ថ្នាក់ថ្នម ទាំងការតបស្នងចំពោះសេចក្ដីត្រូវការខាងភេទផងដែរ។ ភ្លើងនេះបើយើងបូជា ឬបំរើមិនល្អ វាអាចនឹងរលាក ឬឆេះដល់នាងជាភរិយាពិតប្រាកដ។ ១០. ត្រូវថ្វាយបង្គំទេវតាក្នុងផ្ទះ។ ទេវតាក្នុងផ្ទះនេះ បានដល់មាតាបិតារបស់ខ្លួនក្ដី របស់ស្វាមី ដែលយើងនៅជាមួយ។ និងមួយទៀត បានដល់គ្រឿងសក្ការបូជាក្នុងផ្ទះដែលយើងជឿគោរពបូជា។ ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍ រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា ដោយ៥០០០ឆ្នាំ |