អានអត្ថបទ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៧,៨៦៩ ដង)
សឧបាទិសេសនិព្វានធាតុ

|
សឧបាទិសេសនិព្វានធាតុ
និព្វានធាតុដែលនៅសល់វិបាកខន្ធនិងកម្មជ្ជរូប ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអរហន្តខីណាស្រព មានព្រហ្មចរិយៈប្រព្រឹត្តរួចហើយ មានសោឡសកិច្ចបានធ្វើស្រេចហើយមានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ ដោយលំដាប់ មានសំយោជនៈ ក្នុងភពអស់ហើយ ផុតស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ ប៉ុន្តែឥន្ទ្រិយទាំង៥ របស់ព្រះអរហន្តខីណាស្រពនោះ តាំងនៅដដែល អរហន្តខីណាស្រពនោះនៅសោយអារម្មណ៍ ដែលពេញចិត្ត នឹងមិនពេញចិត្តដោយសុខ នឹងទុក្ខ ព្រោះឥន្ទ្រិយទាំង ៥ នោះមិនមានសេចក្ដីថ្នាំងថ្នាក់ទេ។ ការអស់រាគៈ អស់ទោសៈ អស់មោហៈ របស់ព្រះអរហន្តនោះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សឧបាទិសេសនិព្វានធាតុ"។ ពាក្យថា ស + ឧបាទិ + សេស + និព្វាន + ធាតុ។ ឧបាទិ ជាសភាវធម៌ដែលត្រូវបានឧបាទានមានកាមជាដើមចាប់ប្រកាន់ទុកយ៉ាងមាំ។ ឧបាទិ ជាឈ្មោះនៃបញ្ចក្ខន្ធ។ ឧបាទិសេស សំដៅយកបញ្ចក្ខន្ធដែលនៅសល់ក្រៅពីកិលេស។ សឧបាទិសេសនិព្វាន គឺសំដៅយកនិព្វានដែលប្រព្រឹត្តទៅជាមួយនឹង ឧបាទិសេស នោះឯង។ សឧបាទិសេសនិព្វាន នេះ សំដៅដល់និព្វានដែលរំលត់កិលេស ក្នុងសន្ដាននៃព្រះអរិយៈទាំងឡាយ ដែលលោកបានសម្រេចក្នុងពេលដែលអរហត្តមគ្គកើតឡើង ហើយប្រហារកិលេសឲ្យអស់ដោយឥតមានសេសសល់។ កាលព្រះមានព្រះភាគទ្រង់ត្រាស់ដឹង ក្រោមម្លប់ព្រះពោធិព្រឹក្សនោះ ព្រះអង្គទ្រង់សម្រេចនូវ សឧបាទិសេសនិព្វាន នេះឯង។ កិលេសនិងធម៌ ( ដែលបានដល់ ចិត្ត និងចេតសិកដទៃៗ ) ដែលកើតរួមនឹងកិលេសនោះក៏រលត់អស់ នឹងមិនកើតទៀតឡើយ ប៉ុន្តែនៅមានខន្ធ គឺចិត្តចេតសិក និងរូបកើតរលត់បន្តគ្នាគ្រប់ពេល តែថាមិនមានកិលេសជាគ្រឿងក្ដៅជាគ្រឿងដោតក្រង ជាគ្រឿងកង្វល់ ជាគ្រឿងរំខាន ជាគ្រឿងដុត ជាគ្រឿងចំណាក់ ជាគ្រឿងជល់ ជាគ្រឿងរុកកួន....... សន្ដានចិត្តទៀតឡើយ។ សព្វថ្ងៃនេះ បើទុកជាគ្មានអ្នកណាប្រាប់ ក៏យើងអាចដឹងបានថា សត្វលោកកំពុងតែរស់នៅក្នុងកំដៅ ហើយកំដៅនេះកាន់តែមានកំណើនជាងមុនខ្លាំងឡើងៗ។ នេះក៏គ្មានព្រោះអ្វីដទៃទេ គឺព្រោះតែភ្លើងគឺរាគៈ ភ្លើងគឺទោសៈ ភ្លើងគឺមោហៈ នៅក្នុងចិត្តវិញ្ញាណរបស់សត្វលោក ចេះតែមានចំហេះខ្លាំងឡើងៗដោយហេតុថា មនុស្សលោកកាន់តែឆ្លាតចេះវិធីផ្គុំភ្លើងឲ្យកាន់តែខ្លាំងឡើង តែខ្វះខាតនូវវិធីពន្លត់។ ព្រះនិព្វាន គឺជាសភាវធម៌ដែលនៅឆ្ងាយសម្រាប់សត្វលោក ដែលជ្រោកជ្រាកដោយកិលេសហើយដែលមិនបានសិក្សាអំពីធម្មជាតិ តែព្រះនិព្វានឈ្មោះថានៅជិតសត្វលោក អ្នកអប់រំចម្រើនបញ្ញាដឹងលក្ខណៈរបស់ធម្មជាតិទាំងអស់ ដែលសុទ្ធតែជាសង្ខារធម៌តាំងនៅក្នុងភាពមិនទាំង ជាទុក្ខ និងជាអនត្តា។ កាលបើបានដឹងនូវទោសរបស់សង្ខារហើយចិត្តរមែងគ្រាកចេញអំពីឆន្ទរាគៈ ក្នុងរបស់ទាំងពួងកាលបើចិត្តស្ងប់ហើយ គួបផ្សំនឹងការចង្អុលបង្ហាញទិសរបស់ព្រះសម្មាសម្ពុទ្ធ គឺការស្ដាប់ធម៌របស់ព្រះអង្គបញ្ញាដែលធ្លាប់សន្សំមកអស់កាលជាអង្វែង ក៏មានកម្លាំងរហូតបានក្លាយជាបញ្ញាពលៈ អាចបង្អោនទៅរកព្រះនិព្វានបាន។ កាលដែលសត្វលោក នាំគ្នាស្ទាបអង្អែលនូវបញ្ចកាមគុណ បង្កើននូវសេចក្ដីត្រេកអរដោយឆន្ទរាគៈគឺជាការដើរឃ្វាងផ្លូវទៅកាន់និព្វាន ហើយកាន់តែឆ្ងាយទៅៗ ធ្លាក់ចូលទៅក្នុងផ្លូវកន្ដារ ឈ្មោះថាសង្សារវដ្ដដែលឥតមានទីបញ្ចប់ តែថាសត្វលោកមានសតិស្មារតី ផ្ដើមឃើញទោសរបស់កាមគុណគ្រប់ប្រការរៀនលះបង់នូវការស្រឡាញ់ ស្អប់ គាប់ ទាស់ ដោយឃើញថា អ្វីៗទាំងអស់ដែលបានជួបប្រទះ សុទ្ធតែតាំងនៅក្នុងត្រៃលក្ខណ៍ ពេលនោះ ព្រះនិព្វានឈ្មោះថានៅជិត ព្រោះព្រះនិព្វាន សំដៅត្រង់ការដែលរំលត់កិលេសគ្រប់ប្រការ ព្រមជាមួយបញ្ញាមានកម្លាំងនោះឯង។ ក្នុងសកលលោក បានក្លាយទៅជារបស់មានចំហេះ មានកំដៅ ទាំងមនុស្ស ទាំងសត្វ ទាំងសកលធាតុ ព្រោះអ្វី? ព្រោះមនុស្សក្នុងពិភពលោកនាំគ្នាស្ទាបអង្អែលនូវបញ្ចកាមគុណ នាំគ្នាបម្រើសេចក្ដីសប្បាយបោកប្រាស់ប្រកបដោយចិត្ត សឹងពោរពេញទៅដោយរាគៈ ទោសៈ មោហៈ លើសជាងសម័យមុន ១ ជា១០ ឬ ១ ជា ២០។ ដរាបណាសត្វលោកនៅមានគំនិតយល់ខុស នៅតែគ្មានសម្មាទិដ្ឋិដូច្នេះ ភាពត្រជាក់ត្រជុំនៃព្រះនិព្វាន មិនអាចកើតមានបានឡើយ។ ក្នុងបច្ចុប្បន្ន មនុស្សបានតែនាំគ្នាជ្រួលច្របល់ ពពាក់ពពូន ជំពាក់ជំពិនលើទង្វើដុតបំផ្លាញខ្លួនឯង គឺនាំគ្នាថ្ងូរ នាំគ្នាជូរចត់ក្នុងជីវិតរៀងៗខ្លួន តែគ្មាននឹកស្រម័យដល់ព្រះនិព្វានឡើយ ដោយសេចក្ដីថាសកលសត្វ មិនបានទទួលអ្វីពីព្រះនិព្វានសូម្បីបន្តិចបន្តួចឡើយ ទោះជាព្រះនិព្វានមាននៅគ្រប់ទីកន្លែងគ្រប់ពេលវេលាយ៉ាងណាក៏ដោយ។ គំហើញដ៏ឆោតល្ងង់របស់សត្វទាំងឡាយ បានបង្កើតឲ្យគេនូវគំនិតថា របស់ផ្សេងៗដែលជាគ្រឿងបម្រើសេចក្ដីសប្បាយរបស់ខ្លួន ឬដែលខ្លួនយកមកប្រើដើម្បីបម្រើសេចក្ដីសប្បាយនោះ គឺជាគំនិតដែលត្រឹមត្រូវ តែគំនិតសច្ចធម៌វិញឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថាសត្វលោកទេតើ ដែលយកខ្លួនឯងទៅបម្រើរបស់ទាំងនោះ ក្នុងក្របខ័ណ្ឌនៃការបម្រើតណ្ហារបស់ខ្លួនឯង។ សេចក្ដីសុខ ដែលកើតឡើងដោយអំណាចតណ្ហាទាំងអស់ សុទ្ធតែមានការប្រែប្រួលនិងបញ្ចប់ទៅវិញដោយសេចក្ដីសោកសង្រេង តែសេចក្ដីសុខដែលកើតឡើងជាមួយនឹងការលះបង់ រួមជាមួយការអាឡះអាល័យស្ដាយក្រោយ ដូច្នេះការអប់រំចម្រើនបញ្ញាដើម្បីលះបង់នូវតណ្ហា ទើបជាបដិបទាទៅរកសេចក្ដីសុខពោលគឺព្រះនិព្វានមែន។ សេចក្ដីសុខក្នុងកាមគុណ គឺជាសេចក្ដីសុខដែលញាប់ញ័រទៅដោយលោកធម៌ តែសេចក្ដីសុខក្នុងព្រះនិព្វានគឺជាសេចក្ដីសុខ ដែលខ្យល់លោកធម៌បក់ត្រូវមិនកម្រើកញាប់ញ័រឡើយ ដូចជាព្រះអរហន្តទាំងឡាយ ក្នុងកាលដែលលោកមានព្រះជន្មនៅឡើយមិនអាចមានធម្មជាតិញ៉ាំងសន្ដានចិត្តលោក ឲ្យភ័យខ្លាច តក់ស្លុតបានឡើយ ព្រោះសេចក្ដីភ័យតក់ស្លុតសេចក្ដីសោកគ្រប់ប្រការ ត្រូវបានដាវគឺអរហត្តមគ្គកាត់ផ្ដាច់អស់ទៅហើយ។ ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ៥០០០ឆ្នាំ |