អានអត្ថបទ
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៦៦,១៤៣ ដង)
សេចក្ដីចម្រើនព្រោះការសេពគប់មិត្តល្អ

|
សេចក្ដីចម្រើនព្រោះការសេពគប់មិត្តល្អ
ព្រះមានព្រះភាគអង្គណា ជាព្រះសយម្ភូ ឥតមានគ្រូអាចារ្យ បានត្រាស់ដឹងសច្ចធម៌ដោយព្រះអង្គឯង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនផង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនផង ទ្រង់ដល់នូវសព្វញ្ញុតញ្ញាណ ក្នុងសច្ចៈនោះផង ទ្រង់ដល់នូវភាវៈស្ទាត់ក្នុងពលៈទាំងឡាយផង ព្រះមានព្រះភាគអង្គនោះ ឈ្មោះថា ពុទ្ធ។ ទ្រង់ព្រះនាមថា ព្រះពុទ្ធ ព្រោះហេតុព្រះអង្គត្រាស់ដឹងសច្ចៈទាំងឡាយ។ ព្រះនាមថា ព្រះពុទ្ធ ព្រោះហេតុព្រះអង្គញ៉ាំងពួតសត្វឲ្យត្រាស់ដឹង។ ព្រះពុទ្ធអង្គនោះ ទ្រង់ជាព្រះសាស្ដា ទ្រង់ប្រៀនប្រដៅសព្វសត្វដោយប្រយោជន៍ក្នុងបច្ចុប្បន្នប្រយោជន៍ក្នុងលោកខាងមុខ និងប្រយោជន៍ដ៏ខ្ពង់ខ្ពស់ គឺព្រះនិព្វាន តាមសមគួរ។ ទ្រង់ត្រាស់ចំពោះការសេពគប់មិត្តថា៖ "បុគ្គលគប់រកបុគ្គលណាៗ ជាសប្បុរស ឬជាអសប្បុរស មានសីល ឬមិនមានសីល រមែងលុះនូវអំណាចនៃបុគ្គលនោះៗឯង។ បុគ្គលធ្វើបុគ្គលបែបណាឲ្យជាមិត្តផង សេពគប់បុគ្គលបែបណាផង បុគ្គលនោះ រមែងប្រាកដដូចបុគ្គលនោះដែរព្រោះថាការនៅរួមគ្នា បុគ្គលនោះ រមែងប្រាកដដូចបុគ្គលនោះដែរ ព្រោះថាការនៅរួមគ្នា រមែងប្រាកដដូច្នោះ។ អាចារ្យដែលកូនសិស្សពាល់ត្រូវហើយ រមែងប្រឡាក់កូនសិស្សដែលមិនទាន់ប្រឡាក់ កាលកូនសិស្សពាល់ត្រូវអាចារ្យដទៃ រមែងប្រឡាក់ដូចព្រួញលាបថ្នាំពិស ប្រឡាក់បំពង់ព្រួញដូច្នោះ អ្នកប្រាជ្ញមិនត្រូវមានសម្លាញ់ដ៏លាមក ព្រោះខ្លាចអំពីការប្រឡាក់។ ជនណាខ្ជាប់ត្រីស្អុយដោយស្បូវភ្លាំង ស្បូវភ្លាំងរបស់ជននោះ ទៅជាមានក្លិនស្អុយផ្សាយទៅ យ៉ាងណាមិញ ការសេពគប់នឹងបុគ្គលពោល ក៏យ៉ាងនោះដែរ។ ជនណាខ្ជប់ខ្លឹមក្រស្នាដោយស្លឹកឈើ ស្លឹកឈើរបស់ជននោះ ទៅជាមានក្លិនក្រអូបផ្សាយទៅ យ៉ាងណាមិញ ការសេពគប់អ្នកជាប្រាជ្ញ ក៏យ៉ាងនោះដែរ។ ព្រោះហេតុនោះ បណ្ឌិតកាលដឹងច្បាស់នូវភាពនៃខ្លួនដែលប្រែប្រួលបាន ដូចជាកញ្ចប់នៃស្លឹកឈើ មិនត្រូវសេពគប់អសប្បុរសទេ ត្រូវសេពគប់តែពួកសប្បុរស។ ព្រោះថា ពួកអសប្បុរសតែងនាំទៅកាន់នរក ពួកសប្បុរសតែងឲ្យដល់សុគតិ"។ ក្នុងសម្បទា ៨ យ៉ាង ទ្រង់ត្រាស់នូវគោលធម៌សម្រាប់ប្រតិបត្តិដើម្បីសេចក្ដីចម្រើន និងប្រយោជន៍ក្នុងបច្ចុប្បន្នផងដើម្បីសេចក្ដីសុខក្នុងលោកខាងមុខផង ក្នុងនោះក៏មាននូវភាពជាអ្នកមានមិត្តល្អ (លក្យាណមិត្តតា) មួយផងដែរ។ "បុគ្គលអ្នកប្រឹងប្រែង មានវិធានការ មិនបណ្ដែតបណ្ដោយក្នុងការងារទាំងឡាយ តែងចិញ្ចឹមជីវិតស្មើ រក្សាទ្រព្យដែលខ្លួនរកបានមក មានសទ្ធា បរិបូរណ៍ដោយសីលឈ្លាសក្នុងសំដី លះចោលសេចក្ដីកំណាញ់ ជម្រះនូវផ្លូវសម្រាប់ទៅកាន់លោកខាងមុខ ឲ្យមានសួស្ដីជានិច្ច ធម៌ទាំង ៨ យ៉ាងនេះ នាំមកនូវសេចក្ដីសុខក្នុងលោកទាំងដែលព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាមថាសច្ចៈ ទ្រង់សម្ដែងហើយដល់កុលបុត្តអ្នកមានសទ្ធានៅគ្រប់គ្រងផ្ទះ មួយទៀតការបរិច្ចាគ និងបុណ្យដ៏វិសេសនេះ តែងចម្រើនដល់ពួកគ្រហស្ថ ដើម្បីសេចក្ដីចម្រើន និងប្រយោជន៍ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីសុខក្នុងលោកខាងមុខផង យ៉ាងនេះ។ ភាពជាអ្នកមានមិត្តល្អ នេះ ពិតជានាំឲ្យបានសម្រេចនូវប្រយោជន៍ទាំង ៣ ព្រោះបានការណែនាំល្អ។ បើយើងសេពគប់ខុស គឺសេពគប់បាបមិត្ត បានការណែនាំខុស រមែងសាបសូន្យចាកប្រយោជន៍។ ដូចជាមហាធនសេដ្ឋីបុត្រ៖ ក្នុងអដ្ឋកថាធម្មបទ មានសម្ដែងថា មហាធនសេដ្ឋីបុត្រមានទ្រព្យ ១៦០ កោដិ តែមិនបានណែនាំល្អមាតាបិតា សេពគប់មិត្តមិនល្អ មិនប្រព្រឹត្តព្រហ្មចរិយធម៌។ មាតាបិតារបស់គេគិតថា "ក្នុងត្រកូលរបស់យើង មានគំនរភោគៈជាច្រើន យើងនឹងប្រគល់គំនរភោគៈនោះទុកក្នុងដៃបុត្ររបស់យើង ធ្វើឲ្យប្រើប្រាស់យ៉ាងសប្បាយ កិច្ចដោយការងារយ៉ាងដទៃមិនត្រូវមាន" ដូច្នេះហើយទើបគេឲ្យសិក្សាសិល្បៈត្រឹមតែការរាំ ច្រៀង និងប្រគំតែម្យ៉ាង។ ខាងក្រោយមកមាតាបិតាក៏បានស្លាប់ទៅ។ បុត្រសេដ្ឋីនោះ សេពគប់ជាមួយមិត្តមិនល្អដែលជាបាបមិត្ត បានញ៉ាំងទ្រព្យសូម្បី ១៦០ កោដិ នោះឲ្យសាបសូន្យហើយ គេនាំភរិយាទៅនៅអាស្រ័យជញ្ជាំងផ្ទះរបស់ជនដទៃ កាន់បំណែកអម្បែង ត្រាច់ទៅសូមទាន។ គ្រានោះ ព្រះសាស្ដាទតព្រះនេត្រឃើញគេឈរទៀបទ្វាររោងឆាន់ ធ្លាប់ទទួលភោជនដែលសល់អំពីភិក្ខុកំលោះ និងសាមណេរឲ្យ ក្នុងថ្ងៃមួយទើបទ្រង់ធ្វើការញញឹមព្រះឱស្ឋ។ លំដាប់នោះ ព្រះអានន្ទត្ថេរ ទទួលដល់ហេតុដែលទ្រង់ញញឹមចំពោះព្រះអង្គ។ ព្រះសាស្ដាកាលនឹងត្រាស់ប្រាប់ហេតុដែលទ្រង់ញញឹម ទើបត្រាស់ថា "ម្នាលអានន្ទ អ្នកចូលមើលបុត្រសេដ្ឋីអ្នកមានទ្រព្យច្រើននេះ ញ៉ាំងទ្រព្យ ១៦០ កោដិ ឲ្យអស់ទៅ នាំភរិយាត្រាច់សូមទាននៅក្នុងនគរនេះឯង ក៏បើបុត្រសេដ្ឋីមិនញ៉ាំងទ្រព្យឲ្យអស់ទៅទេ នឹងប្រកបការងារក្នុងបឋមវ័យក៏នឹងបានសម្រេចអរហត្ត ក្នុងនគរនេះឯង។ ក៏បើនឹងចេញបួសក៏នឹងបានសម្រេចអរហត្ត សូម្បីភរិយារបស់គេក៏នឹងតាំងនៅក្នុងអនាគាមិផល។ បើមិនញ៉ាំងទ្រព្យឲ្យអស់ទៅទេ នឹងប្រកបការងារក្នុងមជ្ឈឹមវ័យ នឹងបានជាសេដ្ឋីទី២ ចេញបួសនឹងបានអនាគាមី សូម្បភរិយារបស់គេ ក៏នឹងតាំងនៅក្នុងសកទាគាមិផល។ បើមិនញ៉ាំងទ្រព្យឲ្យអស់ទៅទេ ប្រកបការងារក្នុងបច្ឆិមវ័យ នឹងបានជាសេដ្ឋីទី៣ សូម្បីចេញបួស ក៏នឹងបានជាសកទាគាមី សូម្បីភរិយារបស់គេ ក៏នឹងតាំងនៅក្នុងសោតាបត្តិផល។ តែឥឡូវនេះ បុត្រសេដ្ឋីនោះ សាបសូន្យហើយចាកភោគៈជារបស់គ្រហស្ថ ទាំងសាបសូន្យហើយចាកសាមញ្ញផល។ ក៏ឯគ្រាសាបសូន្យហើយ ទើបដូចជាសត្វក្រៀលក្នុងភក់ស្ងួត ដូច្នោះ។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀបរៀងដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |