អានអត្ថបទ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៤៧,២៩៧ ដង)
ពិចារណាដល់ភាពសៅហ្មងនៃបុគ្គលក្រោធ

|
ពិចារណាដល់ភាពសៅហ្មងនៃបុគ្គលក្រោធ
គប្បីពិចារណាក្នុង ៣ ចំណុចនេះ ១- ប្រដៅខ្លួនឯងឲ្យនឹកឃើញថា ព្រះពុទ្ធជាម្ចាស់របស់យើង ទ្រង់មានព្រះមហាករុណាទិគុណ ព្រះអង្គទូន្មានពុទ្ធបរិស័ទឲ្យជាមនុស្សមានមេត្តា តែបែរជាយើងក្រោធហើយ មិនរម្ងាប់សេចក្ដីក្រោធ នេះជាការមិនបដិបត្តិតាមពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះអង្គ ជាការមិនគោរពព្រះសាស្ដា គឺថាយើងមិនសមធ្វើជាសិស្សរបស់ព្រះពុទ្ធ និងឲ្យជាពុទ្ធបរិស័ទដ៏ល្អតទៅ។ ២- ព្រះពុទ្ធជាម្ចាស់ត្រាស់ប្រដៅថា មនុស្សដែលក្រោធមុនគេគឺចាត់ថាអាក្រក់ហើយ ចំណែកមនុស្សដែលមិនមានសតិភ្ញាក់រលឹក វង្វេងខឹងក្រោធតបទៅគេវិញ គឺជាការសាងនូវសេចក្ដីអាក្រក់ឲ្យវែងឆ្ងាយ ឬឲ្យរឹតតែច្រើនឡើង នេះចាត់ថា អាក្រក់ជាងអ្នកដែលក្រោធមុននោះទៅទៀត ដូច្នេះ យើងជាសិស្សរបស់ព្រះពុទ្ធ យើងត្រូវសិក្សាថា អាត្មាអញ កុំជាមនុស្សអាក្រក់ ទាំងកុំជាមនុស្សអាក្រក់ជាគេទៀតឡើយ។ ៣- ព្រះពុទ្ធជាម្ចាស់ទ្រង់ទូន្មានជាបន្តថា គេក្រោធមករកយើង យើងមិនត្រូវក្រោធតបទៅគេវិញ យ៉ាងនេះហៅថា ឈ្នះសង្គ្រាមដែលឈ្នះបានដោយកម្រ។ កាលដឹងទាន់ថា អ្នកដទៃគេខឹងក្រោធមកហើយ យើងមានសតិរម្ងាប់ចិត្តបាន មិនខឹងក្រោធតប ឈ្មោះថាជាអ្នកធ្វើប្រយោជន៍ឲ្យបានសម្រេចទាំងពីរខាង គឺខាងអ្នកដទៃ និងខាងខ្លួនឯង ព្រោះដូច្នោះ យើងជាពុទ្ធបរិស័ទចូរកុំធ្វើខ្លួនឲ្យជាអ្នកចាញ់សង្គ្រាម ចូរជាអ្នកឈ្នះសង្គ្រាមនឹងជាអ្នកសាងប្រយោជន៍ កុំជាអ្នកសាងសេចក្ដីវិនាសហិនហោចឡើយ។ ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ ដោយ៥០០០ឆ្នាំ |