អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១២,២០៥ ដង)
មានមេត្តាគឺមានសុជីវធម៌

|
មេត្តាចិត្ត មាននៅក្នុងសន្ដាននៃបុគ្គលណា ធ្វើឲ្យបុគ្គលនោះចេះចែករំលែកនូវសេចក្ដីសុខដល់ជនទាំងឡាយទាំងពួងចេះមានសុជីវធម៌ក្នុងការរស់នៅ ចេះគោរពកោតក្រែងដល់ជនដទៃចេះដឹងទោសកំហុសរបស់ខ្លួន ។ សូមមេត្តា គឺជាការសំណូមពរដូចតទៅ ៖
- សូមមេត្តា គោរពគ្នាទៅវិញទៅមកផង - សូមមេត្តា កុំបង្ខំគេធ្វើឲ្យគេកើតទុក្ខ - សូមមេត្តា កុំបើកបរយានយន្តឲ្យលឿនហួសទំនងពេក - សូមមេត្តាកុំប្រើសម្លេងទូរស័ព្ទឬនិយាយឮពេកនាំឲ្យរំខានដល់អ្នកដទៃ - សូមមេត្តាកុំបើកសម្លេងម៉ាញ៉េទូរទស្សន៍ជាដើមឮពេក នាំឲ្យរំខានដល់អ្នកដទៃ - សូមមេត្តា លាងដៃឲ្យស្អាតជាមុនសិនចាំបរិភោគអាហារ - សូមមេត្តា កុំជជែកគ្នាច្រើនពេក ពេលបរិភោគអាហារ - សូមមេត្តា ចេះដោះទ្រនាប់ជើងក្នុងទីកន្លែងដែលគួរដោះ ដូចជាឡើងទីលានព្រះចេតិយ៍ ព្រះពោធិព្រឹក្ស ព្រះវិហារជាដើម - សូមមេត្តា ចេះដោះមួកពេលចូលក្នុងវត្តជាដើមផង - សូមមេត្តា កុំខាកស្ដោះដាក់លើកន្លែងដែលស្អាតធ្វើឲ្យគេខ្ពើមរអើម - សូមមេត្តា កុំប្រើគ្រឿងសាស្ត្រាវុធផ្សេងៗក្នុងការដោះស្រាយបញ្ហាដែលប្រកបដោយសេចក្ដីក្រេវក្រោធ - សូមមេត្តា ដឹងគុណចំពោះអ្នកមានគុណផង - សូមមេត្តា កុំធ្វើឲ្យអ្នកមានគុណកើតទុក្ខ - សូមមេត្តា កុំចេះតែតិះដៀលមនុស្សល្អ - សូមមេត្តា កុំច្រណែនគេ ព្រោះវាគ្មានប្រយោជន៍ - សូមមេត្តា ចេះមើលកំហុសរបស់ខ្លួនឯងផង - សូមមេត្តា គិតឃើញអំពើល្អរបស់អ្នកដទៃផង - សូមមេត្តា ចេះគោរពពេលវេលាឲ្យបានទៀតទាត់ផង - សូមមេត្តា ចេះសម្អាតទីកន្លែងរួមផង - សូមមេត្តា ចេះរក្សាសម្បត្តិជាតិផង - សូមមេត្តា ចេះទទួលរាក់ទាក់ភ្ញៀវដែលមកដល់ផ្ទះផង - សូមមេត្តា ចេះដាក់បាត្រព្រះសង្ឃនៅមុខផ្ទះនៃខ្លួនផង - សូមមេត្តា កុំសម្លាប់សត្វព្រោះនាំឲ្យខ្លួនមានអាយុខ្លី - សូមមេត្តា កុំលួចទ្រព្យគេព្រោះនាំឲ្យខ្លួនក្រីក្រជាដើម - សូមមេត្តាកុំប្រព្រឹត្តខុសក្នុងកាមព្រោះនាំឲ្យខ្លួនមានឈ្មោះមិនល្អ មិនមានសេចក្ដីសុខក្នុងគ្រួសារ - សូមមេត្តា កុំនិយាយកុហកគេ នាំឲ្យគេស្អប់ - សូមមេត្តា កុំផឹកទឹកស្រវឹងពព្រោះនាំឲ្យខ្លួនវង្វេងអស់ស្មារតី - សូមមេត្តា កុំសេពគ្រឿងញៀនព្រោះវានាំឲ្យខូចខ្លួន - សូមមេត្តា កុំលេងល្បែងភ្នាល់ព្រោះនាំឲ្យខ្លួនក្ដៅក្រហាយ - សូមមេត្តា កុំសេពគប់មិត្តអាក្រក់វានាំឲ្យខ្លួនអាក្រក់ដែរ - សូមមេត្តា កុំដើរលេងយប់ជ្រៅពេក ព្រោះនាំឲ្យគេចោទប្រកាន់ក្នុងរឿងមិនល្អ - សូមមេត្តា កុំខ្ចីប្រាក់គេច្រើនពេក ប្រសិនបើមិនមានអ្វីសំរាប់សងគេទេ ព្រោះនាំឲ្យខ្លួនកើតទុក្ខ - សូមមេត្តា ចេះគោរពពាក្យសន្យារបស់ខ្លួនផង - សូមមេត្តា កុំស្រឡាញ់លុយ ជាងស្រឡាញ់ញាតិមិត្ត - សូមមេត្តា កុំស្រឡាញ់លុយ ជាងស្រឡាញ់សេចក្ដីល្អ - សូមមេត្តា កុំធ្វើជាមនុស្សចេះតែរករឿងគេច្រើនពេក - សូមមេត្តា កុំគិតថាមានតែខ្លួនទេដែលចេះដឹងនោះ - សូមមេត្តា កុំធ្វើជាមនុស្សចង់តែឈ្នះគេឲ្យសោះ - សូមមេត្តា លះបង់នូវអំនួតរបស់ខ្លួនចេញផង - សូមមេត្តា ចេះធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជនផង - សូមមេត្តា ធ្វើបុណ្យដោយគោរពផង - សូមមេត្តា គិតថាមនុស្សយើងមានអាយុខ្លីណាស់មិនគួរធ្វើអំពើបាបឡើយ - សូមមេត្តា គិតថាមនុស្សអាក្រក់ដែលជួបយើងហើយជាមេរៀនខន្តីរបស់យើង - សូមមេត្តា ធ្វើជាម្ដាយឪពុកល្អរបស់កូនប្រុសស្រី - សូមមេត្តា ធ្វើជាកូនប្រុសស្រីល្អរបស់ម្ដាយឪពុក - សូមមេត្តា ធ្វើជាស្វាមីល្អរបស់ភរិយា - សូមមេត្តា ធ្វើជាភរិយាល្អរបស់ស្វាមី - សូមមេត្តា ធ្វើជាគ្រូល្អរបស់សិស្ស - សូមមេត្តា ធ្វើជាសិស្សល្អរបស់គ្រូ - សូមមេត្តា ធ្វើជាមិត្តល្អរបស់មិត្ត - សូមមេត្តា ធ្វើជាពុទ្ធបរិស័ទល្អរបស់ព្រះពុទ្ធជាម្ចាស់ - សូមមេត្តា ធ្វើជាមនុស្សល្អសម្រាប់សង្គម - សូមមេត្តា អាចសៀវភៅធម៌ឲ្យបានច្រើនផង - សូមមេត្តា ឃើញនូវលោកធម៌ ថាជារបស់មិនទៀត - សូមមេត្តា លះបង់នូវឧបាទានដើម្បីផុតចាកទុក្ខ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀបរៀងដោយ កែវ វិមុត្ត ដោយ៥០០០ឆ្នាំ |