អានអត្ថបទ
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១ (អាន: ១៤,២៥៩ ដង)
ពាក្យថាមនុស្ស

|
ពាក្យថា មនុស្ស មកពី (មន + ឧស្ស) មន ប្រែថា គំនិត ឬការគិត ឧស្ស ប្រែថា ខ្ពស់ ឬប្រសើរ រួមគ្នាទាំងពីរសព្ទ័ប្រែថា អ្នកមានគំនិតខ្ពស់ ឬជនអ្នកដឹងខុសត្រូវ ។ ដូច្នេះ អត្តភាពជាមនុស្ស មិនគួរប្រព្រឹត្តអំពើទុច្ចរិត ដូចជាសត្វដែលខ្វះបញ្ញានោះទេ គួរប្រព្រឹត្តអំពើល្អ អំពើសុចរិតយ៉ាងតិចបំផុតឲ្យបាន ៥ ប្រការ គឺ សីល ៥។
ការប្រព្រឹត្តល្អទាំង ៥ ប្រការនេះ គឺជាគុណធម៌ជាន់ទាបឬគុណខាងដើមរបស់មនុស្ស ដែលធ្វើឲ្យមនុស្សអាចបណ្ដុះគុណធម៌ខ្ពស់ឡើងតទៅទៀតបាន រហូតបន្លុះមគ្គផលព្រះនិព្វានដែលជាគុណធម៌ដ៏វិសេសរបស់មនុស្ស។ ម្យ៉ាងទៀត សុចរិតទាំង ៥ ប្រការនេះ នឹងហៅថា មនុស្សធម៌ (ធម៌របស់មនុស្ស) ក៏បានតែតាមផ្លូវព្រះធម៌ ហៅថា "សីល៥" បាលីថា "បញ្ចសីល"។ ដោយអំណាចសីលទាំង៥នេះ ជាធម៌ ដែលមនុស្សគ្រប់រូបត្រូវប្រព្រឹត្តជានិច្ច ហៅឈ្មោះមួយទៀតថា "និច្ចសីល"។ សីលប្រែថា ប្រក្រតី (បកតិ) ដូច្នេះ មនុស្សដែលមានសីលគ្រប់ទាំង ៥ ហៅថា មនុស្សប្រក្រតី ឬហៅថា មនុស្សគ្រប់លក្ខណៈ ហៅឲ្យងាយស្ដាប់ថា គ្រប់លក្ខណៈជាមនុស្ស។ តែបើកាន់សីលនៅខ្វះប្រការណាមួយ ក៏សម្ដែងឲ្យដឹងថា មនុស្សមិនគ្រប់លក្ខណៈ ឬមនុស្សខុសប្រក្រតី។ បើសីលទាំង៥អស់ហើយ ភាវៈជាមនុស្ស ក៏អស់ទៅដែរសូម្បីសេចក្ដីសុខ សេចក្ដីស្ងប់ ក៏អស់ទៅផងដែរ ធ្វើឲ្យជីវិតរស់នៅមានតែសេចក្ដីក្ដៅក្រហាយ ដូចនាយចុន្ទសូករិកៈ (អ្នកសម្លាប់ជ្រូកម្នាក់ ក្នុងសម័យពុទ្ធកាល) ដូច្នេះ ការរស់នៅយ៉ាងនេះ ឈ្មោះថា ជាមនុស្សប្រមាទ សូម្បីមានជីវិតរស់នៅ ក៏ដូចជាមនុស្សស្លាប់ ព្រោះសេចក្ដីល្អណាៗ មិនអាចកើតឡើងបាន និងមិនមានសេរីភាពនៃការរស់នៅ ក្នុងសង្គមមនុស្សផងគ្នា។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត ដោយ៥០០០ឆ្នាំ |