អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧,១៨០ ដង)
ទានក្នុងអនុបុព្វិកថា

|
ទានក្នុងអនុបុព្វិកថា
ពុទ្ធបរិស័ទធ្លាប់បានដឹងរួចមកហើយថា ក្នុងពោធិសម័យ ៤៥ ព្រះវស្សា ព្រះពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ យ៉ាង ដោយគ្មាននឿយណាព្រះកាយពល។ ក្នុងពុទ្ធកិច្ច៥យ៉ាងនោះបានពោលថា ពេលថ្ងៃរសៀលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងព្រះធម៌។ ក្នុងពេលនោះ ព្រះអង្គទ្រង់ចាប់ផ្ដើមសម្ដែងអំពីទានទុកជាមុន ហើយទ្រង់សំដែងអំពីសីល ឋានសួគ៌ កាមាទីនវៈ និង នេក្ខមៈ តាមលំដាប់។ ដូចម្ដេច ទើបទ្រង់សំដែងអំពីទានជាមុន? ព្រោះទ្រង់ទតឃើញនិស្ស័យសន្ដានរបស់មនុស្ស ដែលចាប់អារម្មណ៍ លើទ្រព្យសម្បត្តិ ដែលសុខចិត្តរស់នៅជាមួយទ្រព្យ ដែលនឹកថាជីវិតខ្ពង់ខ្ពស់ដោយសារទ្រព្យ ដែលប្រើកម្លាំងទ្រព្យជិះជាន់អ្នកដទៃដែលគិតតែពីរស់យករួចខ្លួនតែម្នាក់ឯង មិនអើពើដល់ការរស់នៅរបស់អ្នកដទៃ។ល។ ក្នុងធម៌ទេសនានោះ ព្រះអង្គទ្រង់ណែនាំឲ្យមនុស្សលះបង់ទ្រព្យសម្បត្តិ ធ្វើអំណោយដល់មនុស្សដែលត្រូវធ្វើអំណោយ មានអ្នកទីទាល់ក្រកំសត់ទុគ៌ត និង អ្នករងគ្រោះដោយគ្រោះថ្នាក់ធម្មជាតិជាដើម ចិញ្ចឹមមនុស្សដែលត្រូវចិញ្ចឹម មានមាតាបិតា ភរិយា ស្វាមី បុត្រធីតាជាដើម។ ជាពិសេសជាងនេះទៅទៀតព្រះអង្គទ្រង់ពន្យល់ថា ទ្រព្យសម្បត្តិ គេមិនត្រូវស្រឡាញ់ជាប់ចិត្ត ទាល់តែចាយមិនកើតទេ។ ទ្រព្យសម្បត្តិគេមិនត្រូវសន្សំទុកដាក់ប្រើប្រាស់ ជាកម្លាំងជិះជាន់អ្នកដទៃទេ។ ក្នុងនាមជាមនុស្សមិនត្រូវធ្វើខ្លួនឲ្យធ្លាក់ដុនដាបទៅជាអ្នកគោរពបូជាទ្រព្យសម្បត្តិទេ។ ជាមនុស្សត្រូវតែជាចៅហ្វាយរបស់ទ្រព្យសម្បត្តិ ហើយត្រូវបំពេញមុខងាររបស់ខ្លួនដោយទ្រព្យសម្បត្តិ ព្រោះបុគ្គលគ្រប់រូប មិនអាចពាំនាំយកទ្រព្យសម្បត្តិទៅជាមួយខ្លួនបានទេ ពេលអត្តភាពបែកធ្លាយចាកលោកនេះទៅ។ នេះសបញ្ជាក់ឲ្យយើងឃើញយ៉ាងច្បាស់ថា ព្រះពុទ្ធបរមគ្រូទ្រង់បានគិតដល់ជីវភាពរបស់មនុស្សជាដំបូង ទើបព្រះអង្គទ្រង់សម្ដែងអំពីទានមុនអនុព្វីកថាដទៃៗ។ អាស្រ័យដោយញាណទស្សនៈ បែបនេះហើយ ទើបព្រះសាស្ដា ទ្រង់ប្រទានពុទ្ធភាសិតថា៖ អាទិត្តស្មឹ អគារស្មឹ យំ នីហរតិ ភាជនំ តំ តស្ស ហោតិ អត្ថាយ នោ ច យំ តត្ថ ឧយ្ហតិ។ ឯវមេទិត្តតោ លោកោ ជរាយ មរណេន ច និហរេថេវ ទានេន ហោតិ សុនីកតំ។ (សេចក្ដីថា) កាលភ្លើងឆេះផ្ទះ បុគ្គលនាំយកភាជនៈណាចេញបាន ភាជនៈនោះរមែងជាប្រយោជន៍របស់គេ។ ចំណែកភាជនៈដែលនាំចេញមិនបាន ក៏ត្រូវភ្លើងឆេះក្នុងផ្ទះនោះ យ៉ាងណា, សត្វលោកដែលត្រូវ(ភ្លើង) ជរា និងមរណៈឆេះក៏យ៉ាងនោះបុគ្គលគួរនាំយករបស់ខ្លួនចេញ ដោយការឲ្យទាន របស់ដែលគេបានឲ្យទានហើយ ឈ្មោះថា គេបាននាំចេញទៅដោយល្អ។ សេចក្ដីនេះបំភ្លឺថា រូបកាយមនុស្សយើងប្រៀបដូចផ្ទះ ចិត្តរបស់មនុស្សយើងប្រៀបដូចបុគ្គលដែលនៅក្នុងផ្ទះ ទ្រព្យសម្បត្តិរបស់យើងប្រៀបដូចជាភាជនៈនៅក្នុងផ្ទះ។ កាលភ្លើងឆេះផ្ទះម្ចាស់ផ្ទះជញ្ជូនចេញនូវរបស់ណាបាន របស់នោះក៏ជាប្រយោជន៍របស់គេ។ ចំណែករបស់ដែលយកមិនបាន ក៏ត្រូវជាចំណីភ្លើង។ យ៉ាងណាមិញ ទ្រព្យសម្បត្តិរបស់យើង កាលណារូបកាយរបស់យើងត្រូវភ្លើង គឺជរា និង មរណៈឆេះ ប្រសិនបើយើងមិនបាននាំចេញដោយការឲ្យទានទេ ដូចជាភាជនៈដែលត្រូវភ្លើងឆេះអស់ មិនមានប្រយោជន៍ដល់ម្ចាស់ផ្ទះ។ ចំណែកទ្រព្យសម្បត្តិដែលយើងបានធ្វើទានជាស្រេចហើយនោះ រមែងជាប្រយោជន៍ដល់យើងទៅអនាគត ដូចជាភាជនៈដែលគេយកចេញពីផ្ទះភ្លើងឆេះបានដូច្នោះ។ ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន រៀបរៀងដោយ ឈុន គឹមអៀត ដោយ៥០០០ឆ្នាំ |