អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៨៤១ ដង)
មង្គលទី ៣

|
មង្គលទី ៣
បូជា ច បូជនិយ្យានំ កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ ជាមង្គលដ៏ឧត្តម ។ អធិប្បាយថាៈ បុគ្គលដែលគួរបូជានោះ បុគ្គលជាន់ខ្ពស់ គឺ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រមទាំងព្រះធម៌ និងព្រះសង្ឃ, បុគ្គលជាន់កណ្តាល គឺឧបជ្ឈាយ៍ មាតាបិតា បងប្រុស បងស្រី ជីដូនជីតា និងសមណព្រាហ្មណ៍ទាំងឡាយឯណា ដែលមានសីលទាំងអម្បាលនេះជាបុគ្គលគួរបូជា, បុគ្គលជាន់ទាបគឺស្វាមី ក៏ជាបុគ្គលគួរបូជារបស់ភរិយាដែរ, ឯបុគ្គលដែលបានបូជាព្រះពុទ្ធនឹងនាំឲ្យមានតេជៈច្រើន, បើបានបូជាព្រះធម៌ នឹងនាំឲ្យមានបញ្ញាច្រើន, បើបានបូជាព្រះសង្ឃ នឹងនាំឲ្យមានភោគសម្ប័ទច្រើន តាមអានុភាណត្រ័យរ័ត្ននោះ ៗ ការញែកផលានិសង្សបូជានេះ គ្រាន់តែឲ្យឃើញគុណានុភាពព្រះត្រ័យរ័ត្នប៉ុណ្ណោះ, ឯព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃនោះ លោកទុកដូចជាបិតាមាតានិងបុត្រ នៅក្នុងបន្ទុកគ្រួសារនិមួយ ៗ មិនបានដាច់ឆ្ងាយពីគ្នាពេកទេ, ឯអ្នកធ្វើបូជាព្រះពុទ្ធ នឹងបានប្រយោជន៍ក្នុងជាតិនេះផង ក្នុងជាតិខាងមុខផង ដូចរឿងនាយមាលាការឈ្មោះសុមនៈតែងតែបេះផ្កាម្លិះយកពីសួនទៅថ្វាយព្រះបាទពិម្ពិសារ រាល់ ៗ ថ្ងៃ ថ្ងៃមួយនោះ បានជួបនឹងព្រះសាស្តាចារ្យកើតចិត្តជ្រះថ្លា ក៏យកផ្កាម្លិះនោះ បាចថ្វាយព្រះសាស្តាចារ្យ នៅពាក់កណ្តាលផ្លូវទៅ, ឯផ្កាម្លិះនោះមិនមានជ្រុះមកដល់ដីឡើយ កើតជាផ្កាកម្រងដ៏ល្អអស្ចារ្យ មានទងខ្ទាស់ជាប់គ្នាបីដូចជាក្រឡាសំណាញ់ចាក់ដស្រែះជាប់ជាផ្ទាំងពីរផ្ទាំង គឺផ្ទាំងមួយអណ្តែតពីខាងឆ្វេង ផ្ទាំងមួយទៀតអណ្តែតពីខាងស្តាំ ហើយអណ្តែតតាមព្រះពុទ្ធទៅ, ឯនាយសុមនមាលាការនោះ កាលបើបានឃើញដូច្នោះហើយ ក៏រឹតតែកើតចិត្តជ្រះថ្លាខ្លាំងឡើងណាស់ លុះទៅដល់ផ្ទះហើយ ក៏ប្រាប់ដំណឹងនោះដល់ភរិយា ៗ នោះជាស្រីពាល ភ័យពេកខ្លាចជាប់ទោសដល់ខ្លួន ត្បិតគ្មានផ្កាព្រះបាទពិម្ពិសារ ក៏បន្ទោសស្វាមី និយាយសុំលែងលះគ្នាក្នុងវេលានោះ ហើយចុះចេញពីផ្ទះទៅក្រាបទូលពត៌មាននោះ ដល់ព្រះបាទពិម្ពិសារ ៗ ជ្រាបហើយក៏ទ្រង់ព្រះបណ្តេញស្រីនោះឲ្យចេញចាករាជធានី ហើយឲ្យហៅនាយមាលាការមកសួរបញ្ជាក់ ទ្រង់ជ្រាបហេតុសព្វគ្រប់ហើយ ព្រះអង្គជ្រះថ្លានឹងនាយមាលាការ ទើបទ្រង់ព្រះរាជទានរបស់ឲ្យនាយមាលាការក្នងមួយមុខ ៗ ប្រាំបី ៗ គឺមាស ប្រាក់ គោ ក្របី ដំរី សេះ ខ្ញុំប្រុស ខ្ញុំស្រី និងស្រុកសួយប្រាំបីស្រុកទៀតឲ្យជារង្វាន់ដល់នាយមាលាការ ៗ នេះ មិនមែនមានផលានិសង្សត្រឹមតែប៉ុណ្ណោះ នឹងមិនធ្លាក់ទៅនរកអស់មួយសែនកប្បទៀត ហើយលុះជាតិជាទីបំផុត នឹងបានត្រាស់ជាព្រះបច្ចេកពុទ្ធ ១ ព្រះអង្គមាននាមថាសុមនៈ ដោយផលបូជាផ្កាម្លិះនោះឯង ។ ដកស្រង់ចេញពីសៀវភៅ អធិប្បាយមង្គលសូត្រសង្ខេប រៀបរៀងដោយៈ ព្រះវិន័យធរ អនុគុណ ឯក-ញឹម ធម្មិស្សរោ វត្តធម្មិស្សរារាម ខែត្រសៀមរាប វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |