អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៧,៥៥០ ដង)
ថ្នាំរក្សាផ្លូវចិត្ត

|
ថ្នាំរក្សាផ្លូវចិត្ត
ពេលដែលមនុស្សយើងកើតមក តែងតែជួបនូវឧបសគ្គគ្រប់បែបយ៉ាងតាំងអស់នេះ យើងមិនអាចជៀសផុតបានឡើយ មិនថាគេចទៅនៅទីណាទេ ទាំងនេះមកអំពីចិត្តបិសាច ដែលជាប់តាមខ្លួន ពោលគឺលោភៈ ទោសៈ មោហៈ ជាប្រធាននៃសេចក្ដីអាក្រក់ពិសពុលជាងអ្វីៗទាំងអស់។ សូម្បីតែចង់គេច ឲ្យផុតអំពីសេចក្ដីទុក្ខលំបាកនោះ ក៏មិនងាយដែរដោយសារតែរកដំណោះស្រាយ គេចឲ្យផុតបាន ប្រសិនបើមានដំណោះស្រាយវិញ រមែងដោះស្រាយបានត្រឹមតែធ្វើឲ្យជីវិតយើងនឹងបានសុខត្រឹមតែមួយខណៈតែប៉ុណ្ណោះ មិនថាអ្នកជំនាញដោះស្រាយបញ្ហាយ៉ាងណានោះទេ គឺមិនអាចដោះស្រាយបានឡើយ បើមានវិធីដោះស្រាយវិញ ដោះស្រាយបានតែមួយជ្រុងប៉ុណ្ណោះ។ ចង់និយាយក្នុងទីនេះ ប្រាប់អ្នកអាចឲ្យបានដឹងថា ទុកតែខំប្រឹងយ៉ាងណា ក៏មិនអាចដោះស្រាយ ឲ្យផុតពីសេចក្ដីស្លាប់នេះបានដែរ សមដូចគាថាព្រះអង្គសម្ដែងថា ទហរាបិ ច យេ វុឌ្ឍា យេ ពាលា យេ ច បណ្ឌិតា អឌ្ឍា ចេវ ទលិទ្ទា ច សព្វេ មច្ចុបរាយនា។ ពួកជនណាៗ ទោះបីក្មេងក្ដី ចាស់ក្ដី ពាលក្ដី បណ្ឌិតក្ដី អ្នកមានក្ដី អ្នកក្រក្ដី ជនទាំងអស់នោះ តែងមានសេចក្ដីស្លាប់នៅខាងមុខ។ យថាបិ កុម្ភការស្ស កតំ មត្តិកភាជនំ ខុទ្ទកញ្ច មហន្តញ្ច យញ្ច បក្កំ យញ្ច អាមកំ សព្វំ ភេទបរិយន្តំ ឯវំ មច្ចាន ជីវិតំ។ ភាជន៍ដី ដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្ដី ធំក្ដី ឆ្អិនក្ដី ឆៅក្ដី ភាជន៍ទាំងអស់នោះ មានកិរិយាបែកធ្លាយជាទីបំផុត យ៉ាងណាមិញជីវិតរបស់សត្វទាំងឡាយក៏យ៉ាងនោះដែរ។ បើមនុស្សយើងបានដឹងអំពី ដំណើរនៃការប្រព្រឹត្តរបស់សង្ខារធម៌ហើយមិនប្រកាន់ខ្ជាប់ជាមួយតួខ្លួន ដែលកំពុងតែមានមេរោគ គឺសេចក្ដីអាក្រក់ជាប់មកតាមខ្លួនយើងនោះ ត្រូវយកធម៌មកពិចារណាមួយកន្លែង ដើម្បីការពារនូវសត្រូវរបស់ខ្លួន ឬជាប្រដាប់ការពារដើម្បីទប់ទល់ជាមួយនឹងគ្រោះកំណាចរបស់ចិត្តគំនិត ដែលយើងបានគិតថាជារឿងធំនោះ។ ម្យ៉ាងវិញទៀត រឿងដែលកើតចំពោះមុខយើងបច្ចុប្បន្ននេះ វាមិនមែនកើត មកពីណាក្រៅអំពីខ្លួនរបស់យើងនោះទេ ដែលយើងគិតថាមានគេជាសត្រូវរបស់យើង មានអ្នកដទៃជាមនុស្សដែលគួរឲ្យស្អប់ គួរឲ្យខ្ពើមរអើមនោះទេ។ តែរឿងទាំងអស់នេះ បើយើងមិនបានគិតពិចារណាទេ វារមែងនាំមកនូវសត្រូវរបស់យើងរហូត ដូចមានរឿងរ៉ាវកាលពីសម័យពុទ្ធកាល នាងឧត្តរាឧបាសិកា មានចិត្ត ប្រសើរដ៏ខ្ពស់ក្នុងការឲ្យអភ័យ ចំពោះអ្នកដែលប្រទូស្ដនឹងខ្លួន នាងជាអរិយ សាវិកា និងជាកំពូលលើឧបាសិកាទាំងឡាយ ផ្នែកខាងការចូលឈាន។ នៅក្នុងអដ្ឋកថាធម្មបទ កោធវគ្គ បានសម្ដែងប្រវត្តិរបស់នាង ដែលមានចំណុចល្អគួរឲ្យកត់សម្គាល់ នាងជាធីតារបស់បុណ្ណសេដ្ឋីក្រុងរាជគ្រឹះ ចាំស្ត្រីមានបុណ្យបានធ្វើទុកមកដ៏ច្រើន គិតតាំងពីក្នុងសាសនាព្រះសម្មាសម្ពុទ្ធបទុមុត្តរៈមក។ នាងបានស្វាមីមិច្ឆាទិដ្ឋិ ហើយនាងទៅនៅត្រកូលខាងក្ដីក្នុងថ្ងៃ ១៥កើត ខែអាសាឍ។ ដើម្បីដោះស្រាយបញ្ហាឲ្យកូនស្រី បុណ្ណសេដ្ឋី បានឲ្យប្រាក់មកជួលនាងសិរិមា ជាស្រីសោភានីប្រចាំក្រុងរាជគ្រឹះក្នុងតំលៃ ១៥.០០០ កហាបណៈ សម្រាប់កន្លះខែប៉ុណ្ណោះ យកមកឲ្យបម្រើប្ដីរបស់នាង។ កាលដែលប្ដីព្រមទទួលនាងសិរិមាហើយ ខ្លួនឯងដូចបានរួចពីទីឃុំឃាំង ឬពុំនោះសោត ដូចបានរួចពីទាសីគេ ហើយបាននិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធាន ១៥ ថ្ងៃថ្វាយចង្ហាន់បិណ្ឌបាត។ នាងសិរិមា បានមកនៅក្នុងផ្ទះកន្លះខែ វង្វេងភ្លេចខ្លួន គិតថាខ្លួនឯងជាស្ត្រីក្នុងផ្ទះ ហើយបានប្រច័ណ្ឌជាមួយនឹងនាងឧត្តរា ឧបាសិកា។ នាងសិរិមាបានប្រទូស្ដនឹងនាងឧត្តរា ដោយការយកវែកធំដងទឹកដោះ ដែលកំពុងដាំពុះ ចាក់ទៅលើនាងប៉ុន្តែនាងឧត្តរាបានផ្សាយមេត្តា ចិត្តទៅរកនាងសិរិមាទាន់ពេល។ នាងឧត្តរាបានគិតថា (ព្រោះអាស្រ័យនាងទើប យើងបានថ្វាយទាន សមាទានឧបោសថ និងបានស្ដាប់ធម៌...)។ ដោយមេត្តានុភាពៗ ទឹកដោះក្ដៅនោះ ពុំបានរលាកនាងឡើយ ហាក់ដូចជាទឹកត្រជាក់។ នាងសិរិមាភ្ញាក់ខ្លួនហើយ បានសូមខមាទោសនឹងនាងឧត្តរា។ នាងឧត្តរាមានបំណងល្អ ចង់ឲ្យនាងសិរិមាបានគាល់ព្រះបរមសាស្ដា ទើបឲ្យនាងទៅថ្វាយបង្គំព្រះអង្គ សូមព្រះអង្គទ្រង់អត់ទោសឲ្យដោយនាងឧត្តរាបញ្ជាក់ប្រាប់នាងសិរិមាថា (ព្រោះអាស្រ័យនាង ទើបយើងបានថ្វាយទាន សមាទានឧបោសថ និងស្ដាប់ធម៌...)។ នាងសិរិមាភ្ញាក់ខ្លួនហើយ បានសូមខមាទោសនឹងនាងឧត្តរា។ នាងឧត្តរាមានបំណងល្អ ចង់ឲ្យនាងសិរិមាបានគាល់ព្រះបរមសាស្ដា ទើបឲ្យនាងទៅថ្វាយបង្គំព្រះអង្គ សូមព្រះអង្គទ្រង់អត់ទោសឲ្យដោយនាងឧត្តរាបញ្ជាក់ប្រាប់នាងសិរិមាថា (ខ្ញុំជាធីតាដែលមានបិតា បិតាវិវដ្ដៈរបស់ខ្ញុំ គឺព្រះសម្មាសម្ពុទ្ធ កាលបើព្រះបិតាអត់ទោសឲ្យជាការស្រេច)។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សរសើរនាងឧត្តរាឧបាសិកាថា (សាធុ! សាធុ! ឧត្តរា ការឈ្នះសេចក្ដីក្រោធ យ៉ាងនោះ ជាការសមគួរណាស់)។ រួចហើយព្រះអង្គទ្រង់ត្រាស់នូវព្រះគាថា អក្កោធេន ជិនេ កោធំ អសាធុំ សាធុនា ជិនេ ជិនេ កទរិយំ ទេនេន សច្ចេនាលិកវាទិនំ។ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ គប្បីឈ្នះមនុស្សមិនល្អដោយសេចក្ដីល្អ គប្បីឈ្នះមនុស្សកំណាញ់ ដោយការឲ្យទាន គប្បីឈ្នះមនុស្សនិយាយឡេះឡោះដោយពាក្យពិត។ នាងសិរិមាបានសម្រេចសោតាបត្តិផល ដោយព្រះធម៌ទេសនានេះឯង។ ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌ រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា ដោយ៥០០០ឆ្នាំ |