អានអត្ថបទ
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៥,៨៧៧ ដង)
គហបតិជាតក

|
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឧភយំ មេ ន ខមតិ ដូច្នេះជាដើម ។
ដោយ៥០០០ឆ្នាំព្រះសាស្ដាកាលសម្ដែង (ទោសរបស់មាតុគ្រាម) ទើបត្រាស់ថា ធម្មតាមាតុគ្រាម ជារបស់ដែលគេរក្សាមិនបាន តែងធ្វើបាបកម្ម ហើយបញ្ឆោតស្វាមីដោយឧបាយកលយ៉ាងណាមួយ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី (ក្នុងកាលនោះ) ព្រះពោធិសត្វកើតក្នុងត្រកូលគហបតី ក្នុងដែលកាសី កាលចម្រើនវ័យធំហើយ ក៏កាន់យកភាពជាឃរាវាស ។ ភរិយារបស់ព្រះពោធិសត្វនោះជាស្ត្រីទ្រុស្តសីល បានប្រព្រឹត្តអនាចារ (ការប្រព្រឹត្តខុសបែបបទប្រពៃណី) មួយអន្លើដោយគាមភោជក (មេស្រុក) ។ ព្រះពោធិសត្វបានដឹងរឿងនោះ កាលនឹងតាមដានចាប់ ទើបប្រព្រឹត្ត (ដូចជាគ្មានរឿងអ្វី) ។ ក្នុងគ្រានោះ ក្នុងកាលខាងចុងនៃរដូវភ្លៀង កាលពូជទាំងឡាយត្រូវនាំចេញទៅ ជាកាលនៃសេចក្ដីស្រែកឃ្លាន ជាកាលដែលសន្ទូងកាន់យកគភ៌ ។ អ្នកស្រុកទាំងអស់រួមគ្នាកាន់យកគោចាស់មួយអំពីដៃរបស់មេស្រុក មកបរិភោគដោយពោលថា ចាប់ពីពេលនេះទៅ ២ ខែទៀត ពួកយើងច្រូតកាត់ហើយ នឹងឲ្យស្រូវដល់លោក ។ ក្នុងថ្ងៃមួយ មេស្រុកសម្លឹងមើលឱកាស ពេលដែលព្រះពោធិសត្វចេញទៅក្រៅ គាត់ក៏ចូលមកផ្ទះរបស់ព្រះពោធិសត្វ ។ ក្នុងខណៈដែលអ្នកទាំងពីរកំពុងដេកជាសុខនោះឯង ព្រះពោធិសត្វចូលមកតាមទ្វារស្រុក បែរមុខមកកាន់ផ្ទះ រួចដើរទៅ ។ ស្ត្រីនោះ បែរមុខទៅកាន់ទ្វារស្រុក ក៏ឃើញព្រះពោធិសត្វ គិតថា នោះជាអ្នកណា ហើយក្រោកឈរត្រង់ធរណីទ្វារ បានដឹងថា ជាព្រះពោធិសត្វ ដូច្នេះហើយ ទើបប្រាប់ដល់មេស្រុក មេស្រុកភិតភ័យនឹងញ័រខ្លួន ។ លំដាប់នោះ នាងប្រាប់គាត់ថា លោកកុំភ័យអី ខ្ញុំមានឧបាយមួយ កាលមុន ពួកយើងបានបរិភោគសាម់គោអំពីដៃរបស់លោក លោកចូរធ្វើហាក់ដូចជាមកទាមទារតម្លៃនៃសាច់ ហើយខ្ញុំចូលកាន់ជង្រុក ឋិតនៅត្រង់ទ្វារជង្រុក ចំណែកលោកឋិតនៅកណ្ដាលផ្ទះហើយពោលទាររឿយៗថា ក្មេងក្នុងផ្ទះរបស់យើងឃ្លានហើយ ចូរឲ្យតម្លៃសាច់ រួចខ្ញុំទើបពោលថា មិនមានស្រូវ ដូច្នេះហើយ នាងក៏ចូលក្នុងជង្រុក ហើយអង្គុយនៅត្រង់ទ្វារជង្រុក ។ ចំណែកមេស្រុកឈរនៅកណ្ដាលផ្ទះពោលថា ចូរឲ្យតម្លៃសាច់ ។ នាងដែលអង្គុយត្រង់ទ្វារ ជង្រុកពោលថា ស្រូវមិនមានក្នុងជង្រុក កាលច្រូតហើយ ខ្ញុំនឹងឲ្យ លោកចូទៅសិនចុះ ។ ព្រះពោធិសត្វចូលផ្ទះហើយ ឃើញកិរិយារបស់អ្នកទាំងពីរនោះ ដឹងថា នេះជាឧបាយកលរបស់ស្រីអាក្រក់នេះ ដូច្នេះហើយ ក៏ហៅមេស្រុក រួចពោលថា នែមេស្រុក កាលយើងបរិភោគសាច់គោចាស់របស់លោក យើងបានពោលថា ចាប់ពីពេលនេះទៅ ពីរខែទៀត យើងនឹងឲ្យស្រូវ ឥឡូវនេះ មិនទាន់បានកន្លងកន្លះខែផង ព្រោះហេតុអ្វី បានជាលោកមកទារស្រូវ លោកមិនមែនមកដោយហេតុនេះទេ ប្រាកដជាមកដោយហេតុដទៃ យើងមិនពេញចិត្តនឹងកិរិយារបស់លោក ចំណែកស្រីនេះ ជាអ្នកប្រព្រឹត្តអនាចារ មានធម៌ដ៏លាមក ដឹងហើយថា ស្រូវមិនមានក្នុងជង្រុក ឥឡូវនេះ នាងចូលក្នុងជង្រុក ហើយពោលថា ស្រូវមិនមាន ហើយលោកពោលថា ចូរឲ្យ យើងមិនពេញចិត្តនឹងអំពើរបស់អ្នកទាំងពីរឡើយ ដូច្នេះហើយ កាលប្រកាសសេចក្ដីនោះ ទើបពោលគាថាទាំងនេះថា ឧភយំ មេ ន ខមតិ, ឧភយំ មេ ន រុច្ចតិ; យាចាយំ កោដ្ឋមោតិណ្ណា, នទស្សំ ឥតិ ភាសតិ។ ហេតុទាំងពីរយ៉ាងមិនគួរដល់យើង ហេតុទាំងពីរយ៉ាង យើងមិនពេញចិត្តទេ ស្រីនេះចុះកាន់ជង្រុកហើយនិយាយថា ខ្ញុំមិនសងដូច្នេះ ។ តំ តំ គាមបតិ ព្រូមិ, កទរេ អប្បស្មិ ជីវិតេ; ទ្វេ មាសេ សង្គរំ កត្វា, មំសំ ជរគ្គវំ កិសំ; អប្បត្តកាលេ ចោទេសិ, តម្បិ មយ្ហំ ន រុច្ចតិ។ ម្នាលម្ចាស់ស្រុក ព្រោះហេតុនោះ បានជាយើងនិយាយនឹងអ្នក កាលបើជីវិតលំបាកតិច (ប្រព្រឹត្តទៅយ៉ាងនេះ កាលយើងកាន់យក) នូវសាច់ អ្នក (បានឲ្យ) នូវគោចាស់ស្គមហើយធ្វើនូវការកំណត់ពីរខែ ឥឡូវនេះ មកតឿនទារក្នុងកាលដែលមិនទាន់ដល់កំណត់ ក៏អំពើនោះ យើងមិនពេញចិត្តឡើយ ។ បណ្ដាបទទាំងនោះ បទថា តំ តំ គាមបតិ ព្រូមិ សេចក្ដីថា នែអ្នកជាប្រធាននៃស្រុក ព្រោះហេតុនោះ យើងសូមពោលនឹងលោក ។ បទថា កទរេ អប្បស្មិ ជីវិតេ សេចក្ដីថា ធម្មតាជីវិតរបស់យើងលំបាក ស្វិតស្វាញ សៅហ្មង ត្រដាបត្រដួសផង តិចតួច ស្ដួចស្ដើងផង ជីវិតរបស់យើងប្រព្រឹត្តក្នុងសភាពបែបនេះ ។ បទថា ទ្វេ មាសេ សង្គរំ កត្វា, មំសំ ជរគ្គវំ កិសំ សេចក្ដីថា កាលយើងកាន់យកសាច់ អ្នកក៏ឲ្យគោចាស់ គឺគោយ៉ាងកញ្ចាស់ ស្គម ខ្សោយគ្មានកម្លាំង ហើយធ្វើការកំណត់ពេលសងតម្លៃអស់ ២ ខែថា កន្លងទៅ ២ ខែ គប្បីសងតម្លៃ ។ បទថា អប្បត្តកាលេ ចោទេសិ សេចក្ដីថា កាលមិនទាន់ដល់វេលា អ្នកក៏មកទារ ។ បទថា តម្បិ មយ្ហំ ន រុច្ចតិ សេចក្ដីថា ចំណែកស្រីអាក្រក់មានធម៌ដ៏លាមក ទ្រុស្តសីលនេះ កាលដឹងថា ស្រូវមិនមានក្នុងជង្រុកហើយ ធ្វើដូចជាមិនដឹង ចុះកាន់ជង្រុក ឋិតនៅត្រង់ទ្វារជង្រុក ហើយពោលថា ខ្ញុំមិនឲ្យដូច្នេះ អ្នកទាមទារខុសកាល ហេតុទាំងពីរនេះ យើងមិនពេញចិត្តទេ ។ ព្រះពោធិសត្វកាលពោលយ៉ាងនេះហើយ ក៏ចាប់សក់មេស្រុកនោះទាញឲ្យដួលនៅកណ្ដាលផ្ទះ ហើយជេរប្រទេចដោយពាក្យជាដើមថា អ្នកឯងហ៊ានប្រទូស្តនឹងភរិយាដែលគេគ្រប់គ្រងរក្សា ដោយសម្គាល់ថា យើងជាមេស្រុក ដូច្នេះហើយ ព្រះពោធិសត្វក៏វាយមេស្រុក ធ្វើឲ្យខ្សោយ រួចចាប់កអូសបណ្ដេញចេញអំពីផ្ទះ ហើយមកចាប់សក់ស្រីអាក្រក់នោះអូសចេញពីជង្រុក វាយគម្រាមថា ប្រសិនបើនាងធ្វើបែបនេះទៀត នាងនឹងបានដឹងខ្លួន ។ ចាប់ពីពេលនោះមក មេស្រុកមិនហ៊ានសូម្បីតែសម្លឹងផ្ទះនោះ សូម្បីស្រីអាក្រក់នោះ ក៏មិនអាចនឹងប្រព្រឹត្តកន្លង សូម្បីដោយចិត្ត ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ តទា គាមភោជកោ ទេវទត្តោ មេស្រុកក្នុងកាលនោះ បានមកជាទេវទត្ត និគ្គហការកោ គហបតិ បន អហមេវ អហោសិំ គហបតីដែលសង្កត់សង្កិនមេស្រុក គឺតថាគតនេះឯង ។ គហបតិជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត រុហកវគ្គ បិដកលេខ ៥៨ ទំព័រ ៩៩) ដោយខេមរ អភិធម្មាវតារ |