30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨១,៣៣១
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៩៥១,៣៩៤
សរុប ៣៩១,០៣៣,៨៧៨
អានអត្ថបទ
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២១ (អាន: ១៥,៥៤៨ ដង)

ចតុទ្វារជាតក



 

ចតុទ្វារជាតក
(មហាមិត្តវិន្ទកជាតក)

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធទុព្វចភិក្ខុ (ភិក្ខុដែលគេប្រដៅក្រ) មួយរួបបានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ចតុទ្វារមិទំ នគរំ ដូច្នេះជាដើម ។

រឿងរ៉ាវបច្ចុប្បន្ន បានពោលពិស្ដារហើយក្នុងជាតកដំបូងនៃនវកនិបាត ។ ចំណែកព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សប្រដៅក្រឬ ។ ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ សូម្បីក្នុងកាលមុន អ្នកមិនធ្វើតាមពាក្យរបស់បណ្ឌិត ព្រោះភាពជាអ្នកប្រដៅក្រ ហើយដល់នូវខុរចក្រ ដូច្នេះហើយ ទ្រង់ទើបនាំអតីតនិទានមកថា

ក្នុងអតីតកាល កាលសាសនានៃព្រះកស្សបទសពល ក្នុងនគរពារាណសី មានបុរសម្នាក់ជាបុត្ររបស់សេដ្ឋីដែលមានទ្រព្យ ៨០ កោដិ ឈ្មោះ មិត្តវិន្ទកៈ ។ មាតាបិតារបស់ មិត្តវិន្ទកៈនោះជាព្រះសោតាបន្ន តែគេនោះជាមនុស្សទ្រុស្តសីល មិនមានសទ្ធា ។ ក្នុងកាលជាខាងក្រោយមក កាលបិតារបស់គេធ្វើកាលកិរិយាហើយ មាតាកាលពិចារណាទ្រព្យ បានពោលនឹងគេថា នែកូន អត្តភាពជាមនុស្សដែលអ្នកបានហើយ ជារបស់ដែលគេបានដោយក្រ អ្នកចូរឲ្យទាន ចូររក្សាសីល ចូរធ្វើឧបោសថកម្ម ចូរស្ដាប់ធម៌ ។

មិត្តវិន្ទកៈពោលថា បពិត្រអ្នកម៉ែ ប្រយោជន៍ដោយទានទាំងឡាយជាដើម មិនមានដល់ខ្ញុំ ម៉ែកុំពោលអ្វីឡើយ ខ្ញុំនឹងទៅតាមយថាកម្ម ។ កាលពោលយ៉ាងនេះហើយ ថ្ងៃមួយជាថ្ងៃបុណ្ណមុបោសថ (ឧបោសថថ្ងៃពេញបូណ៌មី) មាតាពោលនឹងគេថា នែកូន ថ្ងៃនេះ ជាថ្ងៃអភិលក្ខិតមហាឧបោសថ (ថ្ងៃឧបសថធំដែលគេកំណត់ទុក) ថ្ងៃនេះ អ្នកចូរសមាទានឧបោសថ ទៅវត្ត ហើយស្ដាប់ធម៌អស់រាត្រី រួចសឹម​ត្រឡប់​មក ម៉ែនឹងឲ្យប្រាក់ ១០០០ ដល់អ្នក ។

មិត្តវិន្ទកៈនោះទទួលថា ល្អ ហើយសមាទានឧបោសថ ដោយសេចក្ដីប្រាថ្នាចង់បានទ្រព្យ ។ កាលគេបរិភោគអាហារព្រឹករួច ក៏ទៅវត្ត ញ៉ាំងថ្ងៃឲ្យកន្លងទៅ ធម្មបទសូម្បីតែមួយមិនប៉ះត្រចៀកអស់រាត្រី យ៉ាងណា គេក៏ដេកលក់យ៉ាងស៊ប់ក្នុងកន្លែងមួយ យ៉ាងនោះ ថ្អៃស្អែក ទើបជម្រះមុខអំពីព្រឹក ហើយទៅអង្គុយក្នុងផ្ទះ ។

ចំណែកមាតារបស់គេគិតថា ថ្ងៃនេះ កូនរបស់យើង ស្ដាប់ធម៌ហើយ នឹងនាំព្រះធម្មកថិកមកអំពីព្រឹក ដូច្នេះទើបចាត់ចែងយាគូ ខាទនីយៈ និងភោជនីយៈ រៀបចំអាសនៈ រង់ចាំមើលដំណើរមករបស់កូន ឃើញកូនមកតែម្នាក់ គាត់ពោលថា នែកូន ហេតុអ្វីមិននាំព្រះធម្មកថិកមក ។ គេពោលថា ប្រយោជន៍ដោយព្រះធម្មកថិក មិនមានដល់ខ្ញុំ ។

មាតាពោលថា បើយ៉ាងនេះ កូនចូរផឹកបបរចុះ ។ មិត្តវិន្ទកៈពោលថា ម៉ែបានពោលថា នឹងឲ្យប្រាក់ ១០០០ ដល់ខ្ញុំ ចូរឲ្យប្រាក់នោះមុន ទើបខ្ញុំផឹកបបរតាមក្រោយ ។ មាតាពោលថា នែកូន អ្នកចូរ​ផឹក​សិន​ចុះ ម៉ែនឹងឲ្យតាមក្រោយ ។ គេពោលថា ទាល់តែបានប្រាក់ហើយ ទើបខ្ញុំផឹកបបរ ។ លំដាប់នោះ មាតា​ក៏ដាក់កញ្ចប់ប្រាក់ ១០០០ អំពីមុខគេ ។  មិត្តវិន្ទកៈផឹកបបរហើយ កាន់យកកញ្ចប់ប្រាក់ ១០០០ កាល​ធ្វើការរក្សាសន្សំ មិនយូរប៉ុន្មាន គេបានប្រាក់ ១២០០០០ ។

លំដាប់នោះ មិត្តវិន្ទកៈគិតថា យើងនឹងឡើងនាវា ធ្វើជំនួញ ។ គេរៀបចំនឹងឡើងនាវាបានពោលនឹងមាតាថា បពិត្រអ្នកម៉ែ ខ្ញុំនឹងធ្វើជំនួញដោយនាវា ។ មាតាពោលហាមគេថា នែកូន អ្នកជាកូនតែមួយ សូម្បីទ្រព្យច្រើនក៏មានក្នុងផ្ទះនេះ សមុទ្រមានទោសច្រើន អ្នកកុំទៅអី។ មិត្តវិន្ទកៈនោះ ពោលថា ខ្ញុំនឹងទៅ ម៉ែមិនអាចហាមខ្ញុំបានទេ ។ មាតាពោលថា នែកូន ម៉ែនឹងហាមអ្នក ដូច្នេះហើយ គាត់ក៏ចាប់ដៃគេ ។ មិត្តវិន្ទកៈដោះដៃហើយ ក៏ប្រហារមាតាឲ្យដួល ធ្វើឲ្យមានចន្លោះ ហើយទៅ នាវាក៏ចេញទៅកាន់សមុទ្រ ។ 

នាវាដែលមិត្តវិន្ទកៈអាស្រ័យនោះ ក្នុងថ្ងៃទី ៧ ក៏កឿងលើខ្នងសមុទ្រ ឋិតនៅ ឥតកម្រើន​ ។ កាលមនុស្សទាំងឡាយធ្វើស្លាកកាឡកណ្ណី ស្លាកនោះធ្លាក់ចុះលើដៃមិត្តវិន្ទកៈប៉ុណ្ណោះអស់ ៣ ដង ។ មនុស្សទាំងឡាយឲ្យក្បូនដល់គេ បោះគេទៅក្នុងសមុទ្រ ដោយគិតថា មនុស្សជាច្រើនចូរកុំវិនាសដោយអាស្រ័យបុរសម្នាក់នេះ ។ គ្រាន់តែធ្វើដូច្នេះ នាវាក៏ស្ទុះយ៉ាងលឿងទៅកាន់មហាសមុទ្រ ។ ចំណែកមិត្តវិន្ទកៈនោះដេកលើក្បូន ហើយបានដល់កោះមួយ ។

ក្នុងកោះនោះ គេបានឃើញនាងវេមានិកប្រេត ៤ នាក់ លើវិមានកែវផលិក ។ នាងវេមានិកប្រេតទាំងនោះ សោយទុក្ខ ៧ ថ្ងៃ សោយសុខ ៧ ថ្ងៃ ។ មិត្តវិន្ទកៈនោះក៏សោយទិព្វសម្បត្តិអស់ ៧ ថ្ងៃ មួយអន្លើដោយនាងវេមានិកប្រេតទាំងនោះ ។

លំដាប់នោះ កាលនាងវេមានិកប្រេតនោះដល់វេលាទៅសោយទុក្ខ នាងបានពោលនឹងគេថា បពិត្រស្វាមី ពួកខ្ញុំនឹងទៅអស់ ៧ ថ្ងៃ ពួកខ្ញុំនឹងមក ដរាបណា បងកុំអផ្សុក ដរាបនោះ ចូរនៅក្នុងទីនេះឯង ដូច្នេះក៏ធ្វើដំណើរទៅ ។ មិត្តវិន្ទកៈជាអ្នកមានតណ្ហាច្រើន កាលដេកលើវិមានកែវផលិកនោះ ក៏ទៅកាន់សមុទ្រម្ដងទៀត ហើយបានដល់កោះដទៃ ក្នុងកោះនោះ គេបានឃើញនាងវេមានិកប្រេត ៨ លើវិមានប្រាក់ ។

ដោយឧបាយនេះឯង ក្នុងកោះដទៃទៀត គេបានឃើញនាងវេមានិកប្រេត ១៨ លើវិមានកែវមណី, ក្នុងកោះដទៃទៀត គេបានឃើញនាងវេមានិកប្រេត ៣២ លើវិមានមាស ហើយសោយទិព្វសម្បត្តិ មួយអន្លើដោយនាងវេមានិកប្រេតទាំងនោះ កាលដែលនាងវេមានិកប្រេតទាំងនោះ ដល់វេលាទៅសោយទុក្ខ គេក៏ទៅកាន់សមុទ្រទៀត បានឃើញនគរដែលមានទ្វារ ៤ ឡោមព័ទ្ធដោយកំពែងមួយ ។

បានឮមកថា ទីនោះជាឧស្សទនរក ជាកន្លែងសោយកម្មរបស់នេរយិកសត្វទាំងឡាយដ៏ច្រើន តែប្រាកដដល់នាយមិត្តវិន្ទកៈ ហាក់ដូចជានគរដែលតាក់តែងដោយគ្រឿងអលង្ការ ។

មិត្តវិន្ទកៈនោះគិតថា យើងនឹងចូលនគរនេះហើយនឹងបានជាព្រះរាជា ដូច្នេះហើយ ឃើញសត្វនរកដែលកំពុងសោយទុក្ខ មានខុរចក្រវិលលើក្បាល ។ ពេលនោះ ខុរចក្រដែលនៅលើក្បាលនេរយិកសត្វនោះ ប្រាកដដល់គេហាក់ដូចជាផ្កាឈូក ។  ចំណងទាំង ៥ ឰដ៏ទ្រូង ប្រាកដដូចជាគ្រឿងក្រោះគ្រឿងបសាធនៈ ឈាមដែលហូរចេញពីក្បាល ប្រាកដដូចជា ចន្ទន៍ក្រហមជាគ្រឿងលាប សំឡេងបរិទេវៈទ្រហោយំ ប្រាកដដូចសំឡេងច្រៀងដ៏ពីរោះ ។

មិត្តវិន្ទកៈទៅកាន់សម្នាក់នេរយិកសត្វនោះ ពោលថា នែបុរសដ៏ចម្រើន អ្នកទ្រទ្រង់ផ្កាឈូកអស់កាលដ៏យូរ អ្នកចូរឲ្យផ្កាឈូកនោះដល់ខ្ញុំ ។ សត្វនរកពោលថា នែសម្លាញ់ នេះមិនមែនផ្កាឈូក នេះគឺខុរចក្រ ។ មិត្តវិន្ទកៈពោលថា អ្នកពោលយ៉ាងនេះ ព្រោះមិនប្រាថ្នាឲ្យដល់ខ្ញុំ ។ នេរយិកសត្វ គិតថា (ប្រហែលជា) កម្មរបស់យើងអស់ហើយ សូម្បីអ្នកនេះ គប្បីជាអ្នកប្រហារមាតាដូចយើងហើយមក យើងនឹងឲ្យខុរចក្រដល់គេ ។

គ្រានោះ នេរយិកសត្វពោលថា មកចុះ បុរសដ៏ចម្រើន លោកចូរទទួលផ្កាឈូកនេះចុះ ថាហើយ ក៏បោះខុរចក្រទៅលើក្បាលមិត្តវិន្ទកៈនោះ ខុរចក្រនោះ ធ្លាក់ចុះ កិនក្បាលរបស់គេ ។ ក្នុងខណៈនោះ មិត្តវិន្ទកៈក៏ដឹងថា ផ្កាឈូកនោះ គឺខុរចក្រ ហើយទើបពោលថា អ្នកចូរកាន់យកខុរចក្ររបស់អ្នក ចូរកាន់យកខុរចក្ររបស់អ្នក  ដូច្នេះ ដល់នូវទុក្ខវេទនា យំខ្សឹកខ្សួល ចំណែកសត្វនរកនោះ ក៏បាត់ទៅ ។

គ្រានោះ ព្រះពោធិសត្វកើតជារុក្ខទេវតា កាលត្រាច់ចារិកមកកាន់ឧស្សទនរក ដោយបរិវារដ៏ច្រើន ក៏ដល់កន្លែងនោះ ។ មិត្តវិន្ទកៈសម្លឹងមើលព្រះពោធិសត្វហើយពោលថា បពិត្រទេវរាជជាម្ចាស់ ចក្រនេះធ្លាក់ចុះ កិនលើក្បាលរបស់ខ្ញុំ ដូចជាការធ្វើប្រេង តើខ្ញុំបានធ្វើបាបកម្មដូចម្ដេច ដូច្នេះកាលនឹងសួរ ទើបពោល ២ គាថា ថា                           

ចតុទ្វារមិទំ នគរំ,         អាយសំ ទឡ្ហបាការំ;
ឱរុទ្ធបដិរុទ្ធោស្មិ,         កិំ បាបំ បកតំ មយា។

ក្រុងនេះមានទ្វារ ៤ ជាវិការៈនៃដែក មានកំពែងដ៏មាំ ខ្ញុំត្រូវកំពែងព័ទ្ធជាប់ជុំវិញ តើខ្ញុំបានធ្វើបាបអ្វី ។

សព្ពេ អបិហិតា ទ្វារា,     ឱរុទ្ធោស្មិ យថា ទិជោ;
កិមាធិករណំ យក្ខ,     ចក្កាភិនិហតោ អហំ។

ទ្វារទាំងអស់បិទជិត ខ្ញុំក៏ជាប់នៅ ដូចជាសត្វស្លាប (ជាប់នៅក្នុងទ្រុង) បពិត្រយក្ខ ហេតុដូចម្តេច ទើបខ្ញុំត្រូវចក្រវិលសង្កិន ។

លំដាប់នោះ ទេវរាជកាលនឹងសម្ដែងហេតុនោះ ទើបពោល ៦ គាថា ថា
លទ្ធា សតសហស្សានិ,         អតិរេកានិ វីសតិ;
អនុកម្បកានំ ញាតីនំ,         វចនំ សម្ម នាករិ។


អ្នកបានទ្រព្យជាង ១ សែន ២ ម៉ឺន១ មិនធ្វើតាមពាក្យរបស់ញាតិទាំងឡាយ ដែលជាអ្នកជួយអនុគ្រោះដោយល្អ ។
លង្ឃិំ សមុទ្ទំ បក្ខន្ទិ,         សាគរំ អប្បសិទ្ធិកំ;
ចតុព្ភិ អដ្ឋជ្ឈគមា,         អដ្ឋាហិបិ ច សោឡស។


អ្នកស្ទុះលឿនទៅកាន់ទូក ដែលអណែ្តតទៅកាន់សមុទ្រសាគរ ជាទីសម្រេចប្រយោជន៍តិច បាននាងវេមានិកប្រេត ៤ នាក់ នាងវេមានិកប្រេត ៨ នាក់ លុះចេញអំពីវេមានិកប្រេត ៨ នាក់ ក៏បាននាងវេមានិកប្រេត ១៦ នាក់ ។

សោឡសាហិ ច ពាត្តិំស,     អតិច្ឆំ ចក្កមាសទោ;
ឥច្ឆាហតស្ស បោសស្ស,     ចក្កំ ភមតិ មត្ថកេ។

អ្នកចេញអំពីនាងវេមានិកប្រេត ១៦ នាក់ ក៏បាននាងវេមានិកប្រេត ៣២ នាក់ អ្នកជាមនុស្សមានសេចក្តីប្រាថ្នាដ៏លើសលុប បានមកប្រទះនឹងចក្រ ទាំងចក្រក៏វិលកិន នូវអំបែងក្បាលនៃបុរស ដែលមានសេចក្តីប្រាថ្នាគ្របសង្កត់ ។

ឧបរិវិសាលា ទុប្បូរា,         ឥច្ឆា វិសដគាមិនី;
យេ ច តំ អនុគិជ្ឈន្តិ,         តេ ហោន្តិ ចក្កធារិនោ។

សេចក្តីប្រាថ្នា ជាធម្មជាតិដ៏ទូលាយលើសលុប ដែលគេបំពេញបានដោយក្រ ជាផ្លូវដល់នូវសេចក្តីវិបត្តិ ព្រោះសេចក្តីប្រាថ្នា ពួកជនណា ត្រេកអរតាមសេចក្តីប្រាថ្នានោះ ពួកជននោះ រមែងជាអ្នកទ្រទ្រង់នូវចក្រ ។

ពហុភណ្ឌំ អវហាយ,         មគ្គំ អប្បដិវេក្ខិយ;
យេសញ្ចេតំ អសង្ខាតំ,         តេ ហោន្តិ ចក្កធារិនោ។

ពួកជនណា មិនពិចារណានូវផ្លូវនេះ ដូចជាអ្នកលះបង់នូវទ្រព្យច្រើន មិនពិចារណានូវផ្លូវ (ដែលខ្លួនត្រូវដើរទៅ) ពួកជននោះ រមែងជាអ្នកទ្រទ្រង់នូវចក្រ ។

កម្មំ សមេក្ខេ វិបុលញ្ច ភោគំ, ឥច្ឆំ ន សេវេយ្យ អនត្ថសំហិតំ;
ករេយ្យ វាក្យំ អនុកម្បកានំ,     តំ តាទិសំ នាតិវត្តេយ្យ ចក្កំ។

បុគ្គលគប្បីពិចារណានូវកិច្ចការដែលត្រូវធ្វើ និងភោគៈដ៏ច្រើន ហើយមិនគប្បីគប់រកនូវសេចក្តីប្រាថ្នា ដែលមិនប្រកបដោយប្រយោជន៍ ធ្វើតាមពាក្យរបស់ពួកជនអ្នកអនុគ្រោះ ចក្រមិនគប្បីវិលសង្កិនបុគ្គលបែបនោះបាន ។

បណ្ដាបទទាំងនោះ បទថា លទ្ធា សតសហស្សានិ, អតិរេកានិ វីសតិ សេចក្ដីថា អ្នកធ្វើឧបោសថ បានទទួលប្រាក់ ១០០០ អំពីសម្នាក់មាតា កាលធ្វើការសន្សំ អ្នកក៏បានប្រាក់ ១ សែន លើសដោយ ២ ម៉ឺន (១សែន២ម៉ឺន) ។ បទថា នាករិ សេចក្ដីថា ទេវរាជសម្ដែងថា អ្នកមិនត្រេកអរដោយទ្រព្យនោះ កាលទៅកាន់សមុទ្រដោយនាវា សូម្បីត្រូវមាតាសម្ដែងទោសក្នុងសមុទ្រ ហើយធ្វើការហាម អ្នកមិនធ្វើតាមពាក្យរបស់ញាតិដែលអនុគ្រោះ បានប្រហារមាតាដែលជាព្រះសោតាបន្ន ធ្វើឲ្យមានចន្លោះ ហើយចេញទៅ ។

បទថា ចតុព្ភិ អដ្ឋ សេចក្ដីថា គ្រានាវាឈប់នៅស្ងៀមព្រោះអាស្រ័យអ្នក មនុស្សទាំងឡាយបានឲ្យក្បូនហើយបោះអ្នកចូលក្នុងសមុទ្រ អ្នកក៏បានស្ត្រី ៤ ក្នុងវិមានកែវផលិក ព្រោះអានិសង្សនៃឧបោសថកម្មដែលអ្នកបានធ្វើអស់មួយថ្ងៃ ដែលអាស្រ័យនឹងមាតាប្រាប់ បន្ទាប់ពីនោះ អ្នកបានស្ត្រី ៨ ក្នុងវិមានប្រាក់, បានស្ត្រី ១៦ ក្នុងវិមានកែវមណី និងបានស្ត្រី ៣២ ក្នុងវិមានមាស ។ បទថា អតិច្ឆំ ចក្កមាសទោ សេចក្ដីថា ពេលដែលអ្នកមិនសន្ដោសដោយរបស់ដែលមាន ជាអ្នកប្រាថ្នាច្រើន ព្រោះដល់ព្រមដោយសេចក្ដីប្រាថ្នា ពោលគឺ កន្លងលាភដែលខ្លួនបានហើយៗ ដោយគិតថា យើងនឹងបានក្រៃលែងឡើងក្នុងទីនោះ ដូច្នេះអ្នកដែលជាបុគ្គលបាប កន្លងស្ត្រីទាំង ៣២ ព្រោះអស់បុណ្យនៃឧបោសថកម្មនោះ អ្នកមកកាន់បេតនគរនេះ ព្រោះវិបាកនៃអកុសលដែលអ្នកបានប្រហារមាតានោះ ទើបអ្នកដល់នូវខុរចក្រនេះ ។     

មិត្តវិន្ទកៈស្ដាប់ពាក្យនោះហើយ គិតថា ទេវបុត្រនេះដឹងកម្មដែលយើងបានធ្វើដោយពិត ទេវបុត្រនេះគង់នឹងដឹងប្រមាណកាលនៃការសោយកម្មរបស់យើង យើងនឹងសួរគាត់ ដូច្នេះហើយ ទើបពោលគាថាទី ៩ ថា 

កីវចិរំ នុ មេ យក្ខ,         ចក្កំ សិរសិ ឋស្សតិ;
កតិ វស្សសហស្សានិ,         តំ មេ អក្ខាហិ បុច្ឆិតោ។

បពិត្រយក្ខ ចក្រនឹងឋិតនៅលើក្បាលរបស់ខ្ញុំអស់កាលយូរប៉ុនា្មនហ្ន៎ ប៉ុន្មានពាន់ឆ្នាំ ខ្ញុំសួរហើយ សូមលោកប្រាប់ហេតុនោះ ។

លំដាប់នោះ ព្រះមហាសត្វកាលនឹងសម្ដែងដល់គេ ទើបពោលគាថាទី ១០ ថា
អតិសរោ បច្ចសរោ,         មិត្តវិន្ទ សុណោហិ មេ;
ចក្កំ តេ សិរសិ មាវិទ្ធំ,         ន តំ ជីវំ បមោក្ខសិ។

ម្នាលមិត្តវិន្ទ អ្នកចូរនឹករលឹកឲ្យក្រៃលែង នឹករលឹកឲ្យខ្ជាប់ ហើយចូរស្តាប់នូវពាក្យយើង ចក្រ (នេះ) វិលកិនក្បាលរបស់អ្នក អ្នកកាលរស់នៅ រមែងមិនទាន់រួចទេ ។

លោកអធិប្បាយថា នែមិត្តវិន្ទកៈសម្លាញ់ អ្នកចូរស្ដាប់ពាក្យរបស់យើង អ្នកចូររលឹកឲ្យក្រៃលែងចុះ ព្រោះកម្មដែលអ្នកបានធ្វើនេះធ្ងន់ណាស់ មិនអាចកំណត់វិបាកដោយការគណនាឆ្នាំ អ្នកត្រូវទទួលទុក្ខវិបាកដ៏ច្រើនរកប្រមាណមិនបាន ព្រោះហេតុនោះ យើងមិនអាចនឹងប្រាប់ថា អស់កាលមួយពាន់ឆ្នាំដូច្នេះជាដើមបានទេ ។ ទេវបុត្រពោលពាក្យនេះហើយ ក៏ទៅកាន់ទេវដ្ឋានរបស់ខ្លួន ចំណែកមិត្តវិន្ទកៈនេះក៏ដល់សេចក្ដីទុក្ខដ៏ធំ ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា  តទា មិត្តវិន្ទកោ អយំ ទុព្ពចភិក្ខុ អហោសិ មិត្តវិន្ទកៈក្នុងកាលនោះ បានមកជា ទុព្វចភិក្ខុនេះ ។ ទេវរាជា បន អហមេវ អហោសិំ ចំណែកទេវរាជ គឺ តថាគត នេះឯង ។     ចប់ ចតុទ្វារជាតក ៕


(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត បិដកលេខ ៥៩ ទំព័រ ១៦២)
ដោយ ស.ដ.វ.ថ.
ព.ស. ២៥៦១
  
 
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៣៤ ដង)
គួរ​ត្រេក​អរ​ចំពោះ​ទណ្ឌ​កម្ម ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៦៧,៤៨២ ដង)
អ្នក​មាន​សតិ​ស្មារតី​វាង​វៃ​ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.36
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿