អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២៣ (អាន: ៤,៧០៩ ដង)
នន្ទិវិសាលជាតក

|
(ទោសផរុសវាចា ការពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេច) សេចក្ដីថា គ្រាកាលព្រះសាស្ដាគង់ព្រះជន្មនៅឡើយ ព្រះអង្គទ្រង់តិះដៀលឆព្វគ្គិយភិក្ខុទាំងឡាយដោយបរិយាយថា ភិក្ខវេ ផរុសវាចា នាម អនត្ថការិកា ។ល។ សហស្សេន បរាជយេតិ ។ ប្រែថា ម្នាលភិក្ខុទាំងឡាយ ផរុសវាចានេះ ជាវាចាអាចធ្វើប្រយោជន៍ឱ្យវិនាសទៅបាន មួយទៀតសោត ជាវាចាជូរ ចត់ ហឹរ ល្វីង ក្ដៅ ផ្សា កម្រអ្នកនឹងអត់ធន់ទ្រាំបាន ដោយហោចទៅ សូម្បីតែសត្វតិរច្ឆានក៏គង់មិនគាប់ចិត្តនឹងផរុសវាចានោះដែរ ។
រឿងនេះសមដូចនិទានដែលមានក្នុងជាតកសម្ដែងថា ៖ កាលក្នុងអតីតកាលកន្លងទៅយូរហើយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងនៅជាពោធិសត្វនៅឡើយ ទៅកើតជាគោឈ្មោះនន្ទិវិសាលក្នុងក្រុងតក្កសិលា ។ ![]() ថ្ងៃមួយ ព្រាហ្មណ៍ម្នាក់បាននាំយកកូនគោមកអំពីសម្នាក់ទក្ខិណទាយកព្រាហ្មណ៍ ហើយឱ្យឈ្មោះគោនោះថា នន្ទិវិសាល ព្រាហ្មណ៍តែងចិញ្ចឹមដោយបបរនិងបាយស្រួយ គោនោះក៏បានធំចម្រើនឡើងដោយលំដាប់ មានកម្លាំងអាចអូសរទេះដ៏ធ្ងន់ៗ បានមួយរយរទេះ លុះចំណេរមកខាងក្រោយ ព្រាហ្មណ៍ជាម្ចាស់បានភ្នាល់នឹងគោវិន្ទសេដ្ឋី ដាក់១ពាន់កហាបណៈ ដើម្បីឱ្យគោនន្ទិវិសាលអូសរទេះដ៏ធ្ងន់ ចំនួន១រយរទេះ ថាហើយក៏កើបក្រួសខ្សាច់ផ្ទុកឱ្យពេញរទេះមួយរយចងបន្តគ្នាបង្ហែៗទៅ ![]() ![]() ទើបទឹមគោនន្ទិវិសាលឱ្យអូសរទេះទាំងនោះឱ្យបានឃ្លាតពីក្រោយមកដល់កន្លែងកង់រទេះមុខប៉ុណ្ណោះ ចាំយកចាញ់ឈ្នះគ្នាក្នុងពេលអូសរួចឬមិនរួចនោះ ឯព្រាហ្មណ៍ក៏ឡើងទៅអង្គុយលើទូករទេះ លើកជន្លួញឡើងស្រែកហៅថា នែគោកៀច គោកោងកាច ចូរឯងអូសរទេះទៅ គោស្ដាប់ពាក្យមិនពីរោះគាប់ចិត្តខ្លួនសោះ ក៏អស់កម្លាំងអូសរទេះមិនរួចឡើយ ព្រាហ្មណ៍ជាម្ចាស់ក៏ចាញ់បង់ទ្រព្យរាប់ដោយពាន់កហាបណៈក្នុងកាលនោះ ព្រោះភ្នាល់ចាញ់គោវិន្ទសេដ្ឋីនោះ ។ ពោធិសត្វឃើញព្រាហ្ម៍កើតទុក្ខដូច្នោះ ទើបនិយាយថា នែព្រាហ្មណ៍ ចូរព្រាហ្មណ៍ឯងទៅភ្នាល់ទៅភ្នាល់នឹងគោវិន្ទសេដ្ឋីម្ដងទៀត ដាក់ពីរពាន់កហាបណៈវិញ តែថាព្រាហ្មណ៍ឯងកុំពោលពាក្យផរុសវាទជាពាក្យទុព្ភាសិតដូចមុនទៀតឡើយ ត្រូវពោលតែពាក្យជាសុភាសិត អ្នកនឹងឈ្នះគោវិន្ទសេដ្ឋីមិនខានឡើយ ព្រាហ្មណ៍ទៅធ្វើតាមបង្គាប់នោះ ក៏បានឈ្នះគោវិន្ទសេដ្ឋីវិញ ។ ![]() ![]() ពោធិសត្វក៏ត្រេកអរដោយព្រាហ្មណ៍ជាម្ចាស់ខ្លួន បានលាភផង ដោយខ្លួនបានអូសរទេះនោះរួចផង ។ បុគ្គលអ្នកពោលពាក្យផរុសវាទហើយ តែងនឹងបានប្រទះសេចក្ដីក្ដៅក្រហាយដូចព្រាហ្មណ៍នោះ លុះតែលះចោលមិនពោលពាក្យផរុសវាទ ទើបនឹងបានលាភ បានប្រទះសេចក្ដីរីករាយជាខាងក្រោយ ។ សមដូចព្រះពុទ្ធដីកាដែលទ្រង់សម្ដែងទុកក្នុងគម្ពីរអង្គុត្តរនិកាយ ឯកនិបាតដូច្នេះថា មនុញ្ញមេវ ភាសេយ្យ នាមនុញ្ញំ កុទាចនំ មនុញ្ញំ ភាសមានស្ស គរុភារំ ឧទទ្ធរិ[២] ធនញ្ច នំ អលាភេសិ តេន អត្តមនោ អហុ ។ ប្រែថា បុគ្គលគប្បីពោលពាក្យពីរោះជាទីគាប់ចិត្ត កុំគប្បីពោលពាក្យពីរោះមិនជាទីគាប់ចិត្តឱ្យសោះ កាលដែលព្រាហ្មណ៍ពោលពាក្យពីរោះជាទីគាប់ចិត្ត គោនន្ទវិសាលរើឡើងនូវរទេះដ៏ពេញដោយក្រួសខ្សាច់ទៅបាន ហើយធ្វើព្រាហ្មណ៍ឱ្យបានទ្រព្យសម្បត្តិច្រើន គោនន្ទិវិសាលក៏ត្រេកអរព្រោះខ្លួនអូសរទេះរួចផង ព្រោះធ្វើព្រាហ្មណ៍ឱ្យបានទ្រព្យសម្បត្តិផង ។ ចប់នន្ទិវិសាលជាតក ។ ដោយ៥០០០ឆ្នាំ |