អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣៣៧ ដង)
រឿងព្រះបាទនន្ទរាជ

|
រឿងព្រះបាទនន្ទរាជ
(ចាក អ. សំ.) (អានិសង្សនៃចីវរទានដែលជនឲ្យចំពោះព្រះបច្ចេកពុទ្ធ) កាលកន្លងទៅហើយ ក្នុងក្រុងពារាណសី មានកុដុម្តិកះមា្នក់បានចូលទៅក្នុងព្រៃ ឃើញព្រះបច្ចេកពុទ្ធមួយអង្គកំពុងដេរចីវរ ដែលមានសំពត់មិនគ្រប់គ្រាន់ត្រង់អនុវាតបណ្តោយ ។ កុដុម្តិកះ កាលឃើញលោកខ្វះសំពត់ធ្វើអនុវាតដូច្នោះ ក៏មានចិត្តជ្រះថា្ល ហើយយកសំពត់សម្រាប់បង់កររបស់ខ្លួនប្រគេនលោក ។ លុះស្លាប់ទៅដោយអានុភាពនៃបុញ្ញកម្មនោះឯង បុរសនោះទៅកើតក្នុងឋានតាវតឹង្សទេវលោក សោយសម្បត្តិទិព្វអស់កាលជាយូរអង្វែងពេលច្បុតមកវិញ បានមកកើតនាត្រកូលអមាត្យម្នាក់ នៅឆ្ងាយពីទីក្រុងពារាណសី១យោជន៍ ។ ទារកនោះចំរើនវ័យធំឡើងកាលណា ក៏បាននិយាយនឹងមាតាថា លោកម្តាយ ថ្ងៃនេះជាថ្ងៃលេងនក្ខត្តឬក្ស សូមម្តាយឲ្យសំពត់មួយមកខ្ញុំៗ នឹងទៅលេងនក្ខត្តឬក្សនឹងគេ ។ មាតាបានឲ្យសំពត់មួយដល់កូននោះៗ ពោលថា សំពត់នេះមានសាច់គ្រោតគ្រាតណាស់ ខ្ញុំមិនយកទេ សូមមា្តយឲ្យសំពត់ដទៃទៀត ។ ម្តាយឲ្យសំពត់ដទៃទៀតតាមពាក្យសុំរបស់កូនៗ នោះក៏នៅតែទន្ទេញថា សំពត់សាច់គ្រោតគ្រាតណាស់ខ្ញុំមិនយកទេ។ ម្តាយពោលថា ផ្ទះយើងគ្មានសំពត់សដទៃទៀតល្អជាងនេះទៀតទេ។ បុរសកូននិយាយថាបើដូច្នោះ ខ្ញុំទៅស្វែងរកសំពត់មួយដ៏គាប់ចិត្តឲ្យបាន ។ ម្តាយពោលថា ម្តាយឥតមានស្អប់កូនឯងទេ គឺចង់ឲ្យកូនឯង បានសោយរាជ្យ ជាម្ចាស់ផែនដីនា នគរពារាណសីនេះ ។ បុរសនោះក៏ថ្វាយបង្គំមាតាដើរចូលទៅកាន់នគរពារាណសីនៅដេកទទូលក្បាលលើផែនថ្មមង្គល នាព្រះរាជោធ្យាន ។ពេលនោះជាថ្ងៃទី៧ ដែលព្រះចៅពារាណសីសោយព្រហទីវង្គតទៅ ពួកអមាត្យអ្នកមុខអ្នកងារក្នុងនគរ បានធ្វើព្រះសពសំស្ការឈាបនកិច្ចតាមប្រពណីដល់ព្រះរាជា ជាស្រេចក៏ប្រឹក្សាគ្នាថា ព្រះរាជារបស់យើងមានតែ ព្រះរាជធីតា១ព្រះអង្គធម្មតាប្រទេស ត្រូវតែមានជនម្នាក់ជាប្រមុខ ទើបអាចឋិតថេរជាយូរបានលុះគិតដូច្នោះហើយ ក៏រៀបចំបុរស្សរថ ទឹមដោយសេហសិន្ធព៤ មានពណ៍ដូចផ្កាបុទុម ហើយដំភល់គ្រឿងរាជកកុធភណ្ឌ លើរថទើបលែង ទៅ ។ ចំណែកបុស្សរថ ចេញទៅតាមទ្វារខាងកើត ហើយចូលទៅកាន់សួនឧទ្យាន ដើរប្រទក្សិណបុរសកំពុងដេក៣ជុំ នៅឈប់ស្ងៀមបំរុងនឹងឲ្យបុរសនោះឡើងជិះ ។ ឯរាជបរោហិតដែលទៅតាម ក៏បើកជាយសំពត់ឡើង ហើយក្រឡេកមើលផ្ទៃជើងទើបទាយថា បុរសនេះគួរនឹងបានសោយរាជ្យជាម្ចាស់ផែនដីហើយបានប្រគុំពិណពាទ្យ ភ្លេងព្រះរាជទ្រព្យអស់វារះ៣ដង ។លំដាប់នោះបុរសបើកមុខឡើងសួរថា អ្នកទាំងឡាយមកប្រជុំគ្នាក្នុងទីនេះតើមានការអ្វី? ជនទាំងឡាយពោលថា បពិត្រព្រះសម្មតិទេព ឥឡូវនេះរាជ្យក្រុងពារាណសីនេះត្រូវធ្លាក់មកលើព្រះអង្គហើយសូមទ្រង់ទទួលយកតាមគាប់ព្រះរាជហរទ័យ ។ បុរសថា ចុះព្រហរាជារបស់អ្នកទៅណា? ព្រះរាជារបស់យើងទ្រង់សោយព្រះទីវង្គត់ទៅហើយ ។ ចុះព្រះរាជបុត្រក្តីព្រះរាជធីតាក្តីមិនមានទេឬ?មានតែ ព្រះរាជធីតា ។ បើដូច្នោះយើងនឹងទទួលសោយរាជ្យ បំពេញបំណងអ្នកទាំងឡាយចុះ ។ ជនទាំងឡាយ ក៏ចាត់ចែងមណ្ឌលសម្រាប់អភិសេកមួយរំពេច លុះធ្វើរួចក៏អភេសេកក្នុងមណ្ឌលសម្រាប់ភិសេកមួយរំពេច លុះធ្វើរួចក៏អភិសេកក្នុងមណ្ឌបនោះឯង ថ្វាយព្រះនាមព្រះរាជាថ្មីថា ព្រះបាទនន្ទរាជ ហើយនាំយកសំពត់មួយ មានថ្លៃមួយពាន់កហាបណះមកថ្វាយ ។ ព្រះរាជាំមានព្រះបន្ទូលថា សំពត់នេះមានសាច់គ្រោតគ្រាតណាស់យើងមិនយកទេ ចូរអ្នកទាំងឡាយយកកុណ្ឌីមាសមក យើងនឹងបាចសាចទឹកទៅទិសខាងកើត ហើយមុខជាបានសំពត់ មានសាច់ផូផង់ម៉ដ្ឋមិនខាន ។ ពេលនោះដើមកប្បព្រឹក្ស៨ដើមៗ ក៏ទំលាយផែនដីផុសឡើងគ្រប់ទិសទាំង៤រួមជា៣២ដើម ។ សំពត់ក៏កើតឡើងជាមួយដើមកប្បព្រឹកទាំង៣២នោះឯង។ ព្រះរាជាទ្រង់ព្រះពស្រ្តភូសាសំពត់ទិព្វ១ ដណ្តប់សំពត់ទិព្វ១ ហើយទ្រង់បានបង្គាប់ឲ្យរាជអមាត្យទូងស្គរភេរីប្រកាសប្រាប់អ្នកក្រុងពារាណសីថា ពួកស្រ្តីក្នុងដែនរបស់ព្រះអង្គ កុំបាច់រវៃសូត្រអម្បោះឡើយ ទើបទ្រង់ឲ្យលើកឆត្រឡើង ស្តេចប្រថាប់លើព្រះទីនាំងគជេន្រ្ទជ័យ យាងចូលទៅកាន់ទីក្រុងឡើងទៅលើប្រាសាទ ហើយទ្រង់ទទួលរាជ្យដែលធ្លាក់មកលើព្រះអង្គ នឹងទ្រង់បានរៀបចំ ព្រះនគរទាំងមូល យ៉ាងស្អាតល្អ ប្រហែលនឹងឧត្តរកុរុទ្វីបព្រមទាំងព្រះរាជទានសំពត់ទិព្វ ដល់ពួកមនុស្សក្នុងនគរនានា ដែលមកទាំងអម្បាលម៉ានគ្រប់ៗគ្នា ។ លុះចំណេរកាលជាខាងក្រោយមក ទ្រង់មានសេចក្តីនឿយណាយនឹងរាជសម្បត្តិនឹងឃរាវាសធម៌ ទើបលះបង់ចោល ហាក់ដូចជាបុគ្គលស្តោះទឹកមាត់ ហើយចេញទៅទ្រង់ព្រះផ្នួសជាមួយព្រះទេពីអគ្គហេសី ជាតាបសតបសិនី គង់ក្នុងឧទ្យាន ខំចំរើនឈានអភិញ្ញា ក៏បានសម្រេចតាមព្រះបំណងហើយជាបុគ្គលមិនដែលសាបសូន្យចាកឈានឡើយ លុះសោយព្រះទីវង្គតទៅបានកើតនៅព្រះហ្មលោកនាយហោង។ ប្រជុំជាតក ព្រះបាទនន្ទរាជ គឺព្រះមហាកស្សបះក្នុងកាលឥឡួវនេះព្រះអគ្គមហេសី គឺព្រះនាងភទ្ទាកាបិលានី។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |