សីលមានន័យថា ទំលាប់ ឬប្រក្រតី ដោយសេចក្តីពីរយ៉ាងគឺ
សមាធាន កិរិយាដម្កល់ដោយប្រពៃ គឺភាពមិនរាត់រាយនៃកាយកម្ម វចីកម្ម មនោកម្ម ដោយអំណាចនៃខ្លួនជាអ្នកមានសីលល្អបរិសុទ្ធ។
ឧបធារណៈ កិរិយាចូលទៅទ្រទ្រង់ គឺភាពទ្រទ្រង់ដោយអំណាចនៃការដម្កល់នៃធម៌ជាកុសលទាំងឡាយ កុសលទាំងនោះ ទុកជារូបាវចរកុសលក្តី អរូបាវចរកុសលក្តី ដែលតាំងនៅស្ថិតស្ថេរបាន អាស្រ័យមានសីលជាឫសគល់ បើគ្មានសីលជាឫសគល់ទេ កុសលទាំងនោះ ក៏រលត់រលាយបាត់ទៅ ព្រោះហេតុនោះ សាធុជន អ្នកចង់បានសេចក្តីសុខ ដែលត្រូវញុំាងកុសលជារូបាវចរ ឬលោកុត្តរ ឲ្យកើតឡើងក្នុងសន្តាននៃខ្លួន ក៏គប្បីជម្រះសីលដែលខ្លួនបានសមាទានហើយ ឲ្យស្អាតបរិសុទ្ធផូរផង់ កុំគប្បីឲ្យមានសេចក្តីសៅហ្មងឡើយ។

ន័យម្យ៉ាងទៀត សីលមានន័យ ៤ផ្សេងទៀតគឺ សិរដ្ឋោ មានអត្ថថា កំពូល។ សីលជាគុណជាតិមួយ ជាគ្រឿងប្រក់រក្សាទុកនូវកុសលដទៃ មានកុសលថ្នាក់សមាធិ ឬកុសលថ្នាក់វិបស្សនាជាដើម ព្រោះហេតុថា កុសលទាំងអស់នោះ កាលបើគ្មានសេចក្តីសង្រួម គឺសីលជាខាងដើមទេ នោះក៏មិនកើតឡើងបាន។ ប្រសិនណាបើកុសលទាំងអស់នោះបានកើតឡើងហើយ ដោយមានសីលជាហេតុខាងដើម តែដល់ពេលក្រោយ សីលនោះរលត់បាត់ទៅ កុសលទាំងអស់នោះ ក៏ត្រូវសាបសូន្យទៅវិញដែរ។
សីសដ្ឋោ មានអត្ថថា ក្បាល។ សត្វទាំងឡាយ បើគ្មានក្បាលទេ ក៏ត្រូវស្លាប់អស់ជីវិតទៅ មានឧបមាយ៉ាងណា កុសលទាំងឡាយ មានកុសលថ្នាក់សមាធិ បញ្ញា និងលោកុត្តរ ដែលកើតឡើង និងមានការប្រព្រឹត្តរីកចំរើនទៅបាន ក៏ព្រោះតែសីល កាលបើគ្មានសីលហើយ កុសលទាំងនោះក៏ត្រូវរលត់សាបសូន្យទៅ ក៏មានសេចក្តីឧបមេយ្យយ៉ាងនោះដែរ។
សីតលដ្ឋោ សីលមានអត្ថថា ត្រជាក់។ សីលជាគុណជាតិមួយ បដិបក្ខនឹងទោសៈ កាលបើសីលកើតឡើងក្នុងសន្តានចិត្តហើយ ទោសៈ (ធម្មជាតិប្រទូស្តក្នុងអារម្មណ៍) ក៏រលត់ទៅ កិលេស គឺទោសៈនេះហើយ ដែលជាតួភ្លើងមួយ តែងដុតកំដៅនូវចិត្តសត្វឲ្យក្តៅក្រហល់ក្រហាយឆេះឡើងបណ្តាលឲ្យសត្វទាំងឡាយ សាងនូវអំពើបាបប្រកបដោយកាយ វាចា ចិត្ត មានការសម្លាប់សត្វ ជេរប្រទេចជាដើម ដែលឲ្យផលជាទុក្ខក្នុងសំសារវដ្ត។ សត្វទាំងអស់ កាលបើបានធ្វើនូវសេចក្តីសង្រួមកាយ វាចា ចិត្តឲ្យផុតចាកបាបកម្ម ជាង្នកមិនមានទោសៈ មានចិត្តស្ងប់ស្រួល កាយកម្មក៏ស្ងប់ វចីកម្ម ក៏ស្ងប់ មនោកម្មក៏ស្ងប់ ម្ល៉ោះហើយសត្វទាំងនោះ ក៏ដល់នូវការត្រជាក់សុខស្រួល ផុតចាកពៀរវេរាគ្រប់យ៉ាងដែលកើតអំពីបាបកម្ម រស់នៅជាសុខក្នុងបច្ចុប្បន្នជាតិនេះ នឹងបានសុខតទៅក្នុងលោកខាងមុខថែមទៀត។
សិវដ្ឋោ មានអត្ថថា ក្សេមក្សាន្ត។ មានព្រះពុទ្ធដីកាថា សីលេន និព្វុតឹ យន្តិ សត្វទាំងឡាយទៅដល់ព្រះនិព្វានជាទីរលត់បង់នូវសេចក្តីទុក្ខគ្រប់យ៉ាង ក៏ព្រោះសីល។ ព្រះនិព្វាន ជាទីសុខក្សេមក្សាន្ត ចាកសេចក្តីទុក្ខគ្រប់យ៉ាង ព្រះយោគាវចរ ដែលបានដល់ទីនោះ មិនមែនបានដោយហេតុដទៃឡើយ គឺដល់ព្រះនិព្វានដោយអាស្រ័យសេចក្តីប្រតិបត្តិក្នុងសមថវិបស្សនាកម្មដ្ឋាន ដែលមានការរក្សាសីលជាហេតុ។ ម្យ៉ាងទៀត សូម្បីសត្វទាំងឡាយ ដែលនៅអន្ទោលទៅមកក្នុងភពបី ដែលបានទទួលសោយនូវសេចក្តី សុខដ៏ច្រើន ក៏ព្រោះការរក្សាសីលជាហេតុ ដូចពុទ្ធដីកាថា សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សត្វទាំងឡាយទៅកាន់សុគតិ ក៏ព្រោះសីល ការបរិបូណ៌ដោយភោគសម្បត្តិ ក៏ព្រោះសីល។
 Facebook.jpg)
សត្វទាំងឡាយ ដែលមិនបានសេចក្តីសុខ តែងជួបនូវសេចក្តីទុក្ខលំបាក និងមហន្តរាយ មានការកើតក្នុងមហានរក ប្រេត អសុរកាយ តិរច្ឆាន ព្រោះតែគ្មានសីល។ សត្វទាំងឡាយដែលកើតក្នុងភពបី បានសោយនូវទោស ៥យ៉ាង គឺ អាយុខ្លី ១ វិនាសទ្រព្យ ១ ខ្ទើយ ឬច្រើនដោយការជាប់ចោទអំពីសំណាក់នៃជនដទៃ ១ ការពោលបង្កាច់បង្ខូចចំពោះពាក្យដែលខ្លួនពោលពិតហើយ ១ ការឆ្កួតលីលាវង្វេង ១ ព្រោះទោស គឺការមិនរក្សាសីលហ្នឹងឯង។
សីល មានធម៌ពីរយ៉ាង ជាហេតុពិត។
ហិរិ សេចក្តីខ្មាសបាប។ មានឧបមា ដូចជាបុរសខ្ពើមលាមក មិនចង់ចាប់ពាល់ដោយដៃយ៉ាងណា បាបធម៌ បុគ្គលគួរខ្ពើម មិនប្រព្រឹត្តអំពើបាបនោះ ក៏យ៉ាងនោះដែរ។
ឱត្តប្ប សេចក្តីតក់ស្លុតនឹងអំពើបាប។ មានឧបមា ដូចជាបុគ្គលមិនចាប់ពាល់នូវភ្លើងដែលកំពុងឆេះ ព្រោះខ្លាចរលាកយ៉ាងណា បុគ្គលមិនគួរប្រព្រឹត្តអំពើបាប ព្រោះខ្លាចទោសនៃអំពើបាបនោះឲ្យផល ក៏យ៉ាងនោះដែរ។
សេចក្តីពិតថា កាលដែលហិរិ និងឱត្តប្បមាន សីលរមែងកើតឡើងផង ស្ថិតនៅផង តែបើហិរិ និងឱត្តប្បមិនមានទេនោះ សីលកើតឡើង តែមិនស្ថិតនៅ។
អានិសង្សរបស់សីល ក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យកើតឡើងអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ)។ អវិប្បដិសារៈកើតឡើង ជាបច្ច័យឲ្យកើតបាមោជ្ជៈ (សេចក្តីរីករាយទន់)។ បាមោជ្ជៈកើតឡើង ជាបច្ច័យឲ្យកើតបីតិ (សេចក្តីឆ្អែតចិត្ត)។ បីតិកើតឡើងហើយ ជាបច្ច័យឲ្យកើតបស្សទ្ធិ (សេចក្តីស្ងប់កាយស្ងប់ចិត្ត)។ បស្សទ្ធិកើតឡើងហើយ ជាបច្ច័យឲ្យកើតសុខ (សេចក្តីស្រួលកាយ ស្រួលចិត្ត)។ សុខកើតឡើងហើយ ជាបច្ច័យឲ្យកើតសមាធិ (ការតម្កល់ចិត្តនឹង)។ សមាធិកើតឡើងហើយ ជាបច្ច័យឲ្យកើតយថាភូតញ្ញាណទស្សន (ប្រាជ្ញាដែលដឹងច្បាស់ ឃើញច្បាស់នូវធម៌តាមពិត)។ យថាភូតញ្ញាណទស្សនកើតឡើងហើយ ជាបច្ច័យឲ្យកើតនិព្វិទា (សេចក្តីនឿយណា)។ និព្វិទាកើតឡើងហើយ ជាបច្ច័យឲ្យកើតវិរាគ (ការប្រាសចាកតម្រេក)។ វិរាគកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិ (ការរួចផុតស្រឡះចាកកិលេស)។ វិមុត្តិកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិញ្ញាណទស្សន (ប្រាជ្ញាដឹងច្បាស់ ឃើញច្បាស់ថា រួចផុតស្រឡះចាកកិលេស)។
អានិសង្សសីល ៥ទៀតគឺ
១. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងបាននូវគំនរភោគសម្បត្តិដ៏ច្រើន ដែលមានសេចក្តីមិនប្រមាទជាហេតុ។
២. កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីលពេញលេញ រមែងផុសផុលឡើយ។
៣. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី ជាអ្នកក្លៀវក្លា មិនអៀនអន់ចូលទៅរក។
៤. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ ជាអ្នកមិនវង្វេង ធ្វើកាលកិរិយា (ស្លាប់)។
៥. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ បន្ទាប់អំពីបែកធ្លាយកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក។ (បិ. ៥៧, ឃ.២៤២)
 Facebook.jpg)
សិក្ខាបទ ៥
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
កាមេសុមិច្ឆាចារា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
សិក្ខាបទ ១០
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។
មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទទួលកាន់យកនូវមាស និងប្រាក់ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យកហើយត្រេកអរចំពោះមាស និងប្រាក់នោះ។
សិក្ខាបទ ៨
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សនា មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌ និងទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។