ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៩៦,៣១៣
Today
ថ្ងៃម្សិលមិញ ១៦៦,៧៧៥
ខែនេះ ៥,០៧៧,៨៧៧
សរុប ២២៩,៨៥២,៦៦០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១២ កញ្ញា ឆ្នាំ២០២១ (អាន: ៦២៨ ដង)

អាទិត្តជាតក



 

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធអសទិសទាន (ទានដែលឥតមានទានដទៃណាមួយប្រដូចបាន) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អាទិត្តស្មិំ ដូច្នេះជាដើម ។

អសទិសទាននេះមានសេចក្ដីពិស្ដារហើយក្នុងអដ្ឋកថាមហាគោវិន្ទសូត្រ ។ ក្នុងថ្ងៃទី ២ អំពីថ្ងៃថ្វាយអសទិសទាន ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា “ម្នាលអាវុសោ ព្រះបាទកោសលពិចារណាជ្រើសរើសលៃលក បានដឹងនូវបុញ្ញក្ខេត្តហើយ ទើបថ្វាយអសទិសទានដល់ព្រះអរិយសង្ឃដែលមានព្រះពុទ្ធជាប្រធាន” ។

ព្រះសាស្ដាយាងមកហើយត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ?” កាលពួកភិក្ខុទូលថា “រឿងនេះ” ទើបព្រះសាស្ដាត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ មិនជាអស្ចារ្យទេ ដែលព្រះរាជាពិចារណាលៃលកជ្រើសរើសហើយញ៉ាំងទានឲ្យតាំងនៅក្នុងបុញ្ញក្ខេត្តដ៏ប្រសើរនោះ សូម្បីបោរាណកបណ្ឌិតទាំងឡាយក៏បានពិចារណាលៃលកជ្រើសរើសហើយឲ្យមហាទានដែរ” ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកសម្ដែងថា   ក្នុងអតីតកាល ព្រះរាជាព្រះនាម រោរុវមហារាជ ក្នុងរោរុវនគរ ទ្រង់មិនធ្វើទសរាជធម៌ ឲ្យកម្រើក, ទ្រង់សង្គ្រោះប្រជានុរាស្ត្រដោយសង្គហវត្ថុ ៤, ទ្រង់ឋិតនៅក្នុងឋានៈមាតាបិតាដល់មហាជន, ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅដល់មនុស្សកំព្រា អ្នកដំណើរ វណិព្វកៈ (អ្នកពណ៌នាហើយទើបសូម) និងអ្នកស្មូម ។ ព្រះអគ្គមហេសីរបស់ព្រះរាជានោះ មានព្រះនាមថា សមុទ្ទវិជយា ព្រះនាងជាបណ្ឌិតបរិបូណ៌ដោយបញ្ញា ។ 
    
ថ្ងៃមួយ ព្រះបាទរោរុវមហារាជសម្លឹងមើលរោងទាន ទ្រង់គិតថា “បដិគ្គាហកៈទាំងឡាយជាសត្វឡេះឡោះទ្រុស្តសីលបរិភោគទានរបស់យើង, ទាននោះមិនញ៉ាំងយើងឲ្យត្រេកអរឡើយ, យើងប្រាថ្នាឲ្យទានដល់ព្រះបច្ចេកពុទ្ធដែលជាអ្នកមានសីល និងជាអគ្គទក្ខិណេយ្យបុគ្គល, តែព្រះបច្ចេកពុទ្ធទាំងនោះលោកគង់នៅក្នុងហិមវន្តប្រទេស, អ្នកណានឹងទៅនិមន្តលោកឲ្យមក, តើយើងនឹងបញ្ជូនអ្នកណាឲ្យទៅ” គិតរួច ព្រះរាជាប្រាប់សេចក្ដីនោះដល់ព្រះទេវី ។
    
លំដាប់នោះ ព្រះនាងសមុទ្ទវិជយាទូលព្រះរាជាថា “បពិត្រមហារាជ សូមព្រះអង្គកុំគិតឡើយ, ដោយកម្លាំងទានយើងគប្បីឲ្យ ដោយកម្លាំងសីល ដោយកម្លាំងសច្ចៈ  យើងនឹងបញ្ជូនផ្កាឲ្យទៅនិមន្តព្រះបច្ចេកពុទ្ធទាំងនោះ ហើយឲ្យទានព្រមទាំងបរិក្ខារទាំងពួងដល់លោកដែលមកហើយ” ។ ព្រះរាជាទទួលថា “ប្រពៃហើយ” រួចទ្រង់ឲ្យរាជបុរសត្រាច់វាយស្គរ ស្រែកប្រកាសក្នុងនគរថា “អ្នកនគរទាំងអស់ចូរសមាទានសីល”ចំណែកព្រះរាជានិងបរិវារ អធិដ្ឋានអង្គឧបោសថរួចហើយ ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ឲ្យគេយកស្មុគមាសដែលពេញដោយផ្កាម្លិះ ទ្រង់ចុះចាកប្រាសាទ ឋិតនៅត្រង់ព្រះលានហ្លួង ប្រតិស្ឋានអង្គទាំង ៥ លើផែនដី មានមុខបែរទៅរកទិសខាងកើត ស្ដេចថ្វាយបង្គំ ហើយត្រាស់ថា “ខ្ញុំសូមថ្វាយបង្គំព្រះអរហន្តដែលនៅក្នុងទិសខាងកើត, បើគុណយ៉ាងណាមួយរបស់ខ្ញុំមាន, សូមលោកម្ចាស់ទាំងឡាយធ្វើសេចក្ដីអនុគ្រោះខ្ញុំ និងសូមទទួលភិក្ខារបស់ខ្ញុំ” ប្រកាសរួចទ្រង់បាចផ្កា៧ក្ដាប់។ ក្នុងថ្ងៃស្អែក មិនមានព្រះបច្ចេកពុទ្ធមក ព្រោះក្នុងទិសខាងកើតមិនមានព្រះបច្ចេកពុទ្ធ ។ ក្នុងថ្ងៃទី ២ ព្រះរាជានមស្ការនូវទិសខាងត្បូង, ព្រះបច្ចេកពុទ្ធមិនមកសូម្បីអំពីទិសនោះ ។ ក្នុងថ្ងៃទី ៣ ព្រះរាជានមស្ការនូវទិសខាងលិច, ព្រះបច្ចេកពុទ្ធមិនមកសូម្បីអំពីទិសនោះ ។ ក្នុងថ្ងៃទី ៤ ព្រះរាជានមស្ការនូវទិសខាងជើង ស្ដេចនមស្ការអារាធនាថា “ព្រះបច្ចេកពុទ្ធទាំងឡាយដែលគង់នៅឧត្តរហិមវន្តប្រទេស សូមទទួលភិក្ខារបស់ខ្ញុំ “ប្រកាសរួចទ្រង់បាចផ្កា ៧ ក្ដាប់ ។ ផ្កាទាំងឡាយអណ្ដែតទៅធ្លាក់លើព្រះបច្ចេកពុទ្ធ ៥០០ អង្គ ដែលនៅនឹងញកភ្នំ  នន្ទមូលក៍ ។
    
ព្រះបច្ចេកពុទ្ធទាំងនោះពិចារណាដឹងភាពដែលព្រះរាជានិមន្តខ្លួន, ថ្ងៃស្អែក និយាយនឹងព្រះបច្ចេកពុទ្ធ ៧ អង្គថា “ម្នាលអ្នកនិរទុក្ខទាំងឡាយ ព្រះរាជានិមន្តពួកលោក ពួកលោកចូរធ្វើសេចក្ដីសង្គ្រោះព្រះអង្គ” ។ ព្រះបច្ចេកពុទ្ធទាំង ៧ អង្គនោះហោះមកតាមអាកាស ចុះត្រង់រាជទ្វារ ។ ព្រះរាជាឃើញព្រះបច្ចេកពុទ្ធទាំងនោះហើយ ទ្រង់មានសេចក្ដីសោមនស្ស ថ្វាយបង្គំ និមន្តឲ្យឡើងកាន់ប្រាសាទ ធ្វើសក្ការៈយ៉ាងធំ ហើយថ្វាយទាន, កាលព្រះបច្ចេកពុទ្ធធ្វើភត្តកិច្ចរួចហើយ ព្រះរាជាក៏និមន្តដើម្បីប្រយោជន៍ក្នុងថ្ងៃស្អែក អស់ ៦ ថ្ងៃទៀត, ក្នុងថ្ងៃទី ៧ ព្រះរាជាចាត់ចែងទាននិងបរិក្ខារទាំងពួង  រៀបចំរតនៈ ៧ ប្រការដែលឆ្នៃហើយ រៀបចំគ្រែនិងតាំងជាដើម តម្កល់ត្រៃចីវរជាដើម និងគ្រឿងប្រើប្រាស់របស់សមណៈទាំងពួង ក្នុងសំណាក់ព្រះបច្ចេកពុទ្ធទាំង ៧ អង្គ រួចពោលថា “យើងខ្ញុំសូមថ្វាយបរិក្ខារទាំងនេះដល់លោក” ដូច្នេះហើយ កាលព្រះបច្ចេកពុទ្ធធ្វើភត្តកិច្ចចប់ ព្រះរាជានិងព្រះទេវីទាំងពីរឈរនមស្ការ ។
    
លំដាប់នោះ ព្រះបច្ចេកពុទ្ធជាសង្ឃត្ថេរកាលធ្វើអនុមោទនាដល់ព្រះរាជានោះ ទើបពោល ២ គាថាថា                   
អាទិត្តស្មិំ អគារស្មិំ,         យំ នីហរតិ ភាជនំ;
តំ តស្ស ហោតិ អត្ថាយ,         នោ ច យំ តត្ថ ឌយ្ហតិ។

កាលបើផ្ទះត្រូវភ្លើងឆេះហើយ បុគ្គលនាំចេញនូវភាជន៍ណាទាន់ ភាជន៍នោះ រមែងបានជាប្រយោជន៍នៃបុគ្គលនោះ ភាជន៍ណាដែលភ្លើងឆេះក្នុងផ្ទះ នោះភាជន៍មិនបានជាប្រយោជន៍ នៃបុគ្គលនោះឡើយ ។
ឯវមាទីបិតោ លោកោ,         ជរាយ មរណេន ច;
នីហរេថេវ ទានេន,         ទិន្នំ ហោតិ សុនីហតំ។

សត្វលោក កាលបើត្រូវជរា និងមរណៈ ឆេះយ៉ាងនេះហើយ បុគ្គលគួរតែនាំចេញនូវទ្រព្យ ដោយកាឲ្យទាន (ព្រោះ) ទ្រព្យដែលបុគ្គលបានឲ្យហើយ ឈ្មោះថានាំចេញហើយ ដោយប្រពៃ ។
    
ព្រះបច្ចេកពុទ្ធជាសង្ឃត្ថេរធ្វើអនុមោទនាយ៉ាងនេះហើយ ឲ្យឱវាទព្រះរាជាថា “ បពិត្រមហារាជ សូមព្រះអង្គកុំប្រមាទ” រួចហើយក៏ហោះឡើងលើអាកាស ធ្វើកំពូលប្រាសាទឲ្យញែកជាពីរ ហោះទៅចុះនៅនឹងញកភ្នំនន្ទមូលក៍ ។ សូម្បីបរិក្ខារដែលព្រះរាជាថ្វាយដល់ព្រះបច្ចេកពុទ្ធនោះ ក៏អណ្ដែតទៅជាមួយនឹងលោក ហើយធ្លាក់ចុះនៅនឹងញកភ្នំនន្ទមូលក៍នោះដែរ ។ សរីរៈរបស់ព្រះរាជានិងព្រះទេវីពេញដោយបីតិ ។  
    
ចំណែកព្រះបច្ចេកពុទ្ធដ៏សេស កាលនឹងយាងទៅបានពោលយ៉ាងនេះថា    
យោ ធម្មលទ្ធស្ស ទទាតិ ទានំ, ឧដ្ឋានវីរិយាធិគតស្ស ជន្តុ;
អតិក្កម្ម សោ វេតរណិំ យមស្ស, ទិព្ពានិ ឋានានិ ឧបេតិ មច្ចោ។

សត្វណា បានឲ្យទានដល់បុគ្គលអ្នកបានធម៌ បានត្រាស់ដឹងធម៌ ដោយសេចក្តីព្យាយាម គឺការប្រឹងប្រែង សត្វនោះ រមែងប្រព្រឹត្តកន្លងនូវវេតរណី របស់យមៈ (នរក) បានហើយ ចូលទៅកាន់ទីទាំងឡាយជាទិព្វ ។

ពាក្យថា រមែងប្រព្រឹត្តកន្លងនូវវេតរណី សេចក្ដីថា ត្រឹមតែជាប្រធានទេសនាប៉ុណ្ណោះ អធិប្បាយថា រមែងប្រព្រឹត្តកន្លងនូវមហានរក ៨ រណ្ដៅ និងឧស្សទនរក ១៦ រណ្ដៅ ។ 

ទានញ្ច យុទ្ធញ្ច សមានមាហុ, អប្បាបិ សន្តា ពហុកេ ជិនន្តិ;
អប្បម្បិ ចេ សទ្ទហានោ ទទាតិ, តេនេវ សោ ហោតិ សុខី បរត្ថ។

អ្នកប្រាជ្ញទាំងឡាយពោលថា ទាននិងចម្បាំងជារបស់ស្មើគ្នា ពួកជនសូម្បីតិចគ្នា តែជាអ្នកស៊ូលះបង់ជីវិត រមែងឈ្នះជនច្រើននាក់បាន បុគ្គលណាកាលបើជឿហើយឲ្យទាន   សូម្បីបន្តិចបន្តួច បុគ្គលនោះ រមែងបាននូវសេចក្តីសុខ ក្នុងលោកខាងមុខ ដោយទេយ្យវត្ថុមានប្រមាណតិចនោះ ។

ពាក្យថា ទាននិងចម្បាំងជារបស់ស្មើគ្នា សេចក្ដីថា អ្នកប្រាជ្ញទាំងឡាយពោលថា ពិតមែន ទានរមែងមិនមានដល់អ្នកដែលភ័យខ្លាចអស់, ចម្បាំងក៏រមែងមិនមានដល់អ្នកដែលភ័យខ្លាចអស់ដែរ ។ បុគ្គលរមែងលះបង់សេចក្ដីអាល័យក្នុងជីវិតហើយច្បាំង ទើបអាចច្បាំងបាន, ទាយករមែងលះបង់សេចក្ដីអាល័យក្នុងភោគៈ ទើបអាចឲ្យបាន ដូចគ្នាដែរ ព្រោះហេតុនោះ ទាននិចម្បាំងទាំងពីរនេះ ទើបជារបស់ស្មើគ្នា ។  

វិចេយ្យ ទានំ សុគតប្បសត្ថំ, យេ ទក្ខិណេយ្យា ឥធ ជីវលោកេ;
ឯតេសុ ទិន្នានិ មហប្ផលានិ, ពីជានិ វុត្តានិ យថា សុខេត្តេ។

ការពិចារណាសិនហើយទើបឲ្យ ព្រះសុគតទ្រង់សរសើរហើយ ពួកទក្ខិណេយ្យបុគ្គលណា មាននៅក្នុងជីវលោកនេះ ទានដែលបុគ្គលឲ្យហើយ ដល់ពួកទក្ខិណេយ្យបុគ្គលនុ៎ះ មានផលច្រើន ដូចជាពូជដែលគេសាបព្រោះក្នុងស្រែដ៏ល្អ ។
យោ បាណភូតានិ អហេឋយំ ចរំ, បរូបវាទា ន ករោតិ បាបំ;
ភីរុំ បសំសន្តិ ន តត្ថ សូរំ, ភយា ហិ សន្តោ ន ករោន្តិ បាបំ។

បុគ្គលណា មិនបៀតបៀននូវពួកសត្វ មិនធ្វើនូវបាប ព្រោះ (ខ្លាច) ការតិះដៀលអំពីអ្នកដទៃ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរនូវបុគ្គលអ្នកខ្លាចបាប មិនសរសើរនូវបុគ្គលអ្នកក្លៀវក្លាក្នុងការធ្វើបាបនោះឡើយ ដ្បិតសប្បុរសទាំងឡាយ តែងមិនធ្វើបាប ព្រោះខ្លាច (ពាក្យតំណិះដំណៀលនោះ) ។
ហីនេន ព្រហ្មចរិយេន, ខត្តិយេ ឧបបជ្ជតិ;
មជ្ឈិមេន ច ទេវត្តំ, ឧត្តមេន វិសុជ្ឈតិ។

បុគ្គលចូលទៅកើតក្នុងពួកក្សត្រិយ៍ ដោយព្រហ្មចរិយធម៌ដ៏ថោកទាប បុគ្គលចូលទៅកាន់ភាពជាទេវតា ដោយព្រហ្មចរិយធម៌យ៉ាងកណ្តាល បុគ្គលបរិសុទ្ធ ដោយព្រហ្មចរិយធម៌ដ៏ឧត្តម ។

ពាក្យថា ដោយព្រហ្មចរិយធម៌ដ៏ថោកទាប សេចក្ដីថា ក្នុងពាហិរតិត្ថាយតនៈ (ពាហិរ សាសនាខ្លះ) សីលដែលវៀរចាកមេថុន ឈ្មោះថា ព្រហ្មចរិយថ្នាក់ទាប, ដោយព្រហ្មចរិយៈនោះ រមែងកើតក្នុងខត្តិយត្រកូល ។ ឧបចារជ្ឈាន ឈ្មោះថា ព្រហ្មចរិយថ្នាក់កណ្ដាល, ដោយព្រហ្មចរិយៈនោះ រមែងកើតក្នុងទេវលោក ។ សមាបត្តិ ៨ ឈ្មោះថាព្រហ្មចរិយៈថ្នាក់ឧត្តម, ដោយព្រហ្មចរិយៈនោះ រមែងកើតក្នុងព្រហ្មលោក ។ ចំណែក្នុងព្រះពុទ្ធសាសនា សីលដែលបុគ្គលសមាទានដោយការប្រាថ្នាទេវនិកាយ ឈ្មោះថា ព្រហ្មចរិយៈថ្នាក់ទាប, ការកើតឡើងនៃសមាបត្តិរបស់អ្នកមានសីលបរិសុទ្ធនោះឯង ឈ្មោះថា ព្រហ្មចរិយៈថ្នាក់កណ្ដាល, ការរក្សាសីលឲ្យបរិសុទ្ធ ហើយចម្រើនវិបស្សនា បានសម្រេចព្រះអរហត្ត ឈ្មោះថា ព្រហ្មចរិយៈថ្នាក់ឧត្តម ។       

អទ្ធា ហិ ទានំ ពហុធា បសត្ថំ, ទានា ច ខោ ធម្មបទំវ សេយ្យោ;
បុព្ពេវ ហិ បុព្ពតរេវ សន្តោ, និព្ពានមេវជ្ឈគមុំ សបញ្ញា។

ការឲ្យទាន ពិតជាអ្នកប្រាជ្ញសរសើរ ដោយចំណែកច្រើន ក៏មែនហើយ តែថា ចំណែកធម៌ប៉ុណ្ណោះ ប្រសើរជាងទាន ព្រោះពួកសប្បុរសអ្នកមានប្រាជ្ញា ក្នុងកាលមុន និងកាលមុនទៅទៀតបានត្រាស់ដឹងនូវនិព្វានធម៌ ។

ព្រះបច្ចេកពុទ្ធ ៦ អង្គដ៏សេសបានធ្វើការអនុមោទនាដោយគាថាមួយៗយ៉ាងនេះហើយ ចំណែកបរិក្ខារក៏អណ្ដែតទៅតាមលោកយ៉ាងនោះដែរ ។

គាថាចុងក្រោយនេះមានសេចក្ដីអធិប្បាយថា បពិត្រមហារាជ បើបុគ្គលណាមួយពោលសរសើរទានដោយប្រការយ៉ាងច្រើន ប៉ុន្តែធម្មបទប៉ុណ្ណោះ ដែលឲ្យកើតធម្មកោដ្ឋាសៈ ពោលគឺសមថៈនិងវិបស្សនានោះឯង រមែងប្រសើរក្រៃលែងជាងទាន ។ សួរថា ព្រោះហេតុអ្វី ? ឆ្លើយថា សូម្បីក្នុងកាលមុន ក្នុងកប្បនេះ សប្បុរសទាំងឡាយដែលជាអ្នកស្ងប់ មានព្រះពុទ្ធកស្សបទសពលជាដើម ឬ ក្នុងកាលមុនជាងនេះទៅទៀត មានព្រះពុទ្ធវេស្សភូទសពលជាដើម ព្រះអង្គជាអ្នកមានបញ្ញាចម្រើនសមថវិបស្សនា ហើយបានបន្លុះព្រះនិព្វាន ។

ព្រះបច្ចេកពុទ្ធទាំង ៧ អង្គ ពោលសរសើរអមតមហានិព្វាន ដល់ព្រះរាជា ដោយការអនុមោទនាយ៉ាងនេះហើយ ឲ្យឱវាទដល់ព្រះរាជាដោយសេចក្ដីមិនប្រមាទរួចហើយ ទើបទៅកាន់លំនៅរបស់ខ្លួនៗ ដោយន័យដែលបានពោលហើយនោះឯង ។ ចំណែកព្រះរាជានិងព្រះអគ្គមហេសី ទ្រង់ឲ្យទាន និងឋិតនៅរហូតដល់អស់អាយុ ក្រោយអំពីចុតិ បានកើតក្នុងឋានសួគ៌ ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា “បណ្ឌិតទាំងឡាយសូម្បីក្នុងកាលមុន បានពិចារណាជ្រើសរើសហើយ ក៏ឲ្យទានដែរ” រួចទ្រង់ប្រជុំជាតកថា 
តទា បច្ចេកពុទ្ធា បរិនិព្ពាយិំសុ ព្រះបច្ចេកពុទ្ធទាំងឡាយក្នុងនោះបរិនិព្វានហើយ 
សមុទ្ទវិជយា រាហុលមាតា អហោសិ នាងសមុទ្ទវិជយា បានមកជារាហុលមាតា 
រោរុវមហារាជា បន អហមេវ អហោសិំ ចំណែកព្រះបាទរោរុវមហារាជ គឺតថាគតនេះឯង ។            
អាទិត្តជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត អាទិត្តជាតក បិដកលេខ ៥៩ ទំព័រ ១២៨)
ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០៩២១ ដង)
ស្រលាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំ​ណី ស្គាល់​គុណ​ទោស​ពៃរ៍ទើបបាន​សុខា
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៣១៥៧ ដង)
ពោធិសត្វ​ឲ្យ​ទាន​ប្រាថ្នា​ពោធិញ្ញាណ ប្លែក​ជាង​សាមញ្ញជន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕