អានអត្ថបទ
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២០,៦៥១ ដង)
រឿងរុក្ខទេវតា

|
រឿងរុក្ខទេវតា
( ចាក ព្យ. តិ. ) ( អ្នកមានទ្រព្យ មានយសស័ក្តិ គួរក្សាអ្នកក្រឥតយសស័ក្តិ ) ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុង ពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជារុក្ខទេវតា គង់នៅដើមឈើមួយក្បែរព្រៃធំ ។ មានរុក្ខទេវតាមួយអង្គទៀតអាស្រ័យនៅនឹងដើមឈើធំបំផុត ក្នុងព្រៃជិតលំនៅរបស់ព្រះពោធិសត្វ ។
ក្នុងព្រៃនោះមានរាជសីហ៍និងខ្លាអាស្រ័យនៅ មនុស្សទាំងឡាយ មិនហ៊ានទៅធ្វើស្រែចម្ការក្នុងទីជិតព្រៃនោះ ឬកាប់ដើមឈើក្នុងព្រៃនោះឡើយ ព្រោះខ្លាចសត្វទាំងពីរបៀតបៀន ។ សីហៈនិងខ្លាតែងចាប់ម្រឹគផ្សេងៗ ស៊ីជាអាហារ ចោលសាច់និងឆ្អឹងគរពាសពេញព្រៃនោះ សាច់និងឆ្អឹងសំណល់ទាំងឡាយនោះ ក៏រលួយរលិច មានក្លិនឆ្អេះឆ្អាប ស្អុយផ្សាយទៅពេញព្រៃទាំងមូល ។ ឯរុក្ខទេវតាដែលនៅនឹងដើមឈើធំ ជាអ្នកល្ងង់ខ្លៅ មិនយល់ផលជ្រៅឆ្ងាយ បាននិយាយនឹងព្រះពោធិសត្វថា នែ ! សំឡាញ់ ព្រៃនេះមានក្លិនស្អុយអសោចិ៍ពេកណាស់ ព្រោះតែសត្វសីហៈនិងខ្លា ដែលជាសត្វចង្រៃ យើងត្រូវដេញវារត់ចេញទៅ កុំឳ្យនៅតទៅទៀត ។ ព្រះពោធិសត្វនិយាយឃាត់ថា នែ ! សំឡាញ់អ្នកមិនដឹងទេឬ ? វិមានរបស់យើងដែលតាំងនៅបាន ព្រោះអាស្រ័យសត្វទាំងពីរនោះឯង បើយើងដេញវាទៅ មនុស្សទាំងឡាយ កាលមិនឃើញដានជើងសីហៈនិងខ្លាធំហើយ ក៏នឹងនាំគ្នាមកកាប់ឈើ រើព្រៃ ជីកគាស់ឳ្យស្រឡះ យកទីដីទាំងមូលនេះ ធ្វើជាស្រែចម្ការ វិមានរបស់យើងមុខជាវិនាសជាមិនខាន ព្រោះហេតុនោះអ្នកកុំចូលចិត្តចង់ដេញសត្វទាំងពីរនោះឡើយ ។ ទេវតាឆោតល្ងង់នោះ ទោះបីព្រោះពោធិសត្វនិយាយប្រាប់យ៉ាងណា ក៏មិនធ្វើតាមឡើយ ។ ថ្ងៃមួយបាននិម្មិតខ្លួនធំសំបើមអស្ចារ្យ លងបន្លាចគ្រហឹមគម្រាម ដេញរាជសីហ៍និងខ្លាធំឳ្យរត់បាត់អស់ទៅ ។ មនុស្សទាំងឡាយ កាលបើមិនឃើញដានជើង របស់សត្វទាំងពីរនោះ ហើយ ក៏សំគាល់ថា រាជសីហ៍និងខ្លាមិននៅក្នុងទីនោះទេ ទើបនាំគ្នាកាប់គាស់ដើមឈើក្នុងព្រៃអស់ជាច្រើន ។ រុក្ខទេវតានោះ លុះឃើញដូច្នោះក៏ចូលទៅរកព្រះពោធិសត្វ ហើយនិយាយថា សំឡាញ់ ខ្ញុំមិនបានធ្វើតាមពាក្យរបស់អ្នក ខ្ញុំដេញសត្វទាំងពីរនោះឳ្យរត់អស់ទៅ ឥឡូវពួកមនុស្សដឹងថា សត្វទាំងពីរនោះមិននៅ ទើបនាំគ្នាចូលទៅកាប់គាស់ឈើក្នុងព្រៃអស់ជាច្រើន បើយ៉ាងនេះ តើយើងគិតដូចម្តេចទើបស្រួល ។ ព្រះពោធិសត្វ បានពន្យល់ដឹកនាំប្រាប់ឧបាយថា ឥឡូវសត្វទាំងពីរនោះ ទៅនៅក្នុងព្រៃឯណោះ អ្នកត្រូវទៅបបួលវាឳ្យត្រឡប់មកវិញ ។ រុក្ខទេវតាឆោតល្ងង់ ក៏ចូលទៅក្នុងព្រៃនោះតាមព្រះពោធិសត្វ អង្គុយផ្គងអញ្ជលីខាងមុខសត្វទាំងពីរហើយ អង្វរឳ្យត្រឡប់ទៅនៅព្រៃដដែលវិញ ។ សត្វទាំងពីរនោះ ទោះបីទេវតាអង្វរយ៉ាងណា ក៏បដិសេដយ៉ាងដាច់ខាតថាអ្នកចូរទៅចុះ យើងមិនទៅទេ ។ រុក្ខទេវតាបានទាល់គំនិត ក៏ត្រឡប់ទៅលំនៅរបស់ខ្លួនវិញ ។ មនុស្សទាំងឡាយ បាននាំគ្នាជីកគាស់កាប់រំលើងដើមឈើរហូតអស់ព្រៃធំនោះទៅ ។ ឯទេវតាឆោតល្ងង់ ក៏ខានបាននៅក្នុងទីនោះតទៅទៀត ។ វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។ ដោយ៥០០០ឆ្នាំ |