អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៥,៦៤៣ ដង)
រឿងនាងវេទេហិកា

|
រឿងនាងវេទេហិកា
( ចាក ក. មូ. )
( កិត្តិសព្ទល្អយ៉ាងណាក៏ដោយមានអាក្រក់តែបន្តិចរលត់បាត់អស់ ) បានឮថា កាលកន្លងទៅហើយ ក្នុងក្រុងសាវត្ថីមានគហបតានីម្នាក់ឈ្មោះ វេទេហិកា ជាអ្នកស្លូតបូត ចេះលំអុតលំអោន និងមានចរិយាស្រគត់ស្រគំសមរម្យល្អ ។ កិត្តិសព្ទពិរោះរបស់នាងនោះក៏រន្ទឺលាន់សុសសាយថា នាងវេទេហិកា ជាស្ត្រីស្លូតបូត ។ ឯនាងវេទេហិកានោះមានទាសីម្នាក់ឈ្មោះនាងកាឡី ជាស្ត្រីវាងវៃមិនខ្ជិលច្រអូសប្រកបការងារសព្វយ៉ាងដោយត្រឹមត្រូវ ។
ថ្ងៃមួយ នាងចង់ល្បងមើលស្រ្តីជាម្ចាស់របស់ខ្លួន ដោយឧបាយដ៏ប្រសើរថា ស្ត្រីម្ចាស់អញមានសេចក្តីក្រោធខាងក្នុងស្ងប់រម្ងាប់មែនឬ ឬគ្រាន់តែបញ្ចេញអាការៈខាងក្រៅឲ្យគេមើលឃើញប៉ុណ្ណោះទេដឹង ទើបនាងដេកឲ្យយូរក្រោកឡើងថ្ងៃរះច្បាស់តែម្តង ។ នែនាងកាឡីថ្ងៃនេះម្តេចនាងដេកយូរម្ល៉េះ ឬមូយមិនស្រួលខ្លួន ? បពិត្រស្ត្រីជាម្ចាស់ ខ្ញុំគ្មានកើតអីទេ ។នាងវេទេហិកាគ្រាន់តែឮពាក្យនោះ ក៏ខឹងច្រឡោតតោតតូងធ្វើមុខក្រញូវចងចិញ្ចើមក្រូចសើចដាក់ភ្លាម ហើយជេរផ្តាសាថា នែមីទាសីលាមកចង្រៃអប្រិយហួសប្រៀប បើហងមិនឈឺទេ ម្តេចក៏ហងដេកយូរម្ល៉េះ ។ ទាសីដឹងថា នាងជាម្ចាស់ខឹងដូច្នោះហើយស្អែកឡើងដេករឹតតែថ្ងៃរះជាងនោះទៀត ដោយបំណងថាកំលាំងនៃស្ទុះក្រោធប៉ុនណាទៅទៀត បើល្បងមើលហួសប្រមាណយ៉ាងនេះ ។ នាងវេទេហិកាឃើញដូច្នោះ រឹតតែខឹងលើសដើម ហើយក៏ស្ទុះទៅយកចន្ទាស់ទ្វារសំពងក្បាលនាងទាសីនោះ បែកក្បាលហូរឈាម នាងកាឡីដឹងថាក្បាលហូរឈាមដូច្នេះហើយក៏ប្រាប់ស្ត្រីជាសំឡាញ់ថា ឲ្យរត់ហើយស្រែកឃោសនាដោយសំឡេងខ្លាំងៗថា អស់លោកទាំងឡាយ សូមលោកជូយពិនិត្យមើលកម្មរបស់ស្ត្រីអ្នកស្លូតបូត អ្នកមានចរិយាសមរម្យស្រគត់ស្រគុំល្អចុះ ។ កិត្តិសព្ទអាក្រក់ឮល្បីហួស កិត្តិសព្ទល្អទៅទៀតថា នាងវេទេហិកាជាស្រ្តីកាចអាក្រក់ នាងវេទេហិកាជាស្រ្តីមិនមានចរិយាសមរម្យសោះ ។ ( ព្រះមហា សំ សុខ និសិ្សតសាលាបាលីជាន់ខ្ពស់ ) អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |