អានអត្ថបទ
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៩,៩៧៣ ដង)
រឿងក្នុងលោកនៃគំនិត

|
រឿងក្នុងលោកនៃគំនិត
នៅពេលដឹងរឿងអ្វីមួយ ភ្លេចរលឹកដឹងការពិត នេះជាការ ភ្លេចរបស់អ្នកស្តាប់ធម៌ បដិបត្តិធម៌ មិនមែនជាការភ្លេចនៃអ្នកមិន បានស្តាប់ធម៌នោះទេ ព្រោះថា បុគ្គលដែលមិនបានស្តាប់ធម៌ គឺ មិនយល់ពីធម៌ពិតឡើយ ។ អ្នកដែលស្តាប់ធម៌ យល់ធម៌ហើយ តែនៅតែភ្លេច ព្រោះ ការភ្លេចនេះ ជាធម៌ពិតមួយបែប ដែលមានបច្ច័យឱ្យកើតឡើង ។ ការស្តាប់ព្រះធម៌អំពីការពិតរឿយៗ ព្រមដោយកុសលធម៌ផ្សេងៗ ទៀត រមែងជួយជាឧបការៈឱ្យមានសតិរលឹកដឹងដល់ការពិត ។ ការពិតជាអារម្មណ៍នៃសេចក្តីសុខចិត្ត ។ ក្នុងរឿងអ្វីក៏មានការពិតដែរ ការពិតគឺជាសច្ចធម៌ដែលមាន បច្ច័យឱ្យកើតក្នុងលោក ៦ លោកណាមួយ មានលោកភ្នែក ជាដើម ។ នេះគឺជាធម៌ល្អិតល្អន់ ដែលព្រះដ៏មានព្រះភាគទ្រង់ ត្រាស់សម្តែង សូម្បីគ្រាន់តែការឃើញរូប ដែលគ្រប់គ្នាមានរាល់ ថ្ងៃ ប៉ុន្តែដោយច្រើនគឺមិនធ្លាប់បានពិចារណាឱ្យដឹងសេចក្តីពិតនៃ សភាវធម៌ឡើយ រហូតដល់បាត់បង់ជីវិតទៅ ។ ចំពោះការឃើញ នេះ ត្រូវផ្តើមពិចារណាឱ្យយល់ច្បាស់តាមពិតថា ឃើញមានពិត ឯចំណែកលោកដែលត្រូវឃើញគឺរូបារម្មណ៍ ក៏មានពិតដែរ ។ សភាវធម៌ជាធម៌ពិត ដែលកំពុងប្រាកដក្នុងខណៈនេះ សែន លំបាកនឹងដឹងការពិតថា មិនមែនជាសត្វបុគ្គលតួខ្លួន ព្រោះហេតុ តែការសម្គាល់ខុស ធ្លាប់មានអស់កាលដ៏យូរណាស់មកហើយ ។ រូបារម្មណ៍ដែលជាអារម្មណ៍នៃចក្ខុវិញ្ញាណ គ្រប់ពេលវេលា ទាំងអស់ មិនខុសពីរូបថតឬរូបក្នុងទូរទស្សន៍ឡើយ គឺជាលោក មួយដោយឡែកតែឯង ជាសភាវធម៌ម៉្យាងដែលមានពិត ជាបរមត្ថ មិនមែនសត្វ មិនមែនវត្ថុអ្វីទាំងអស់ ។ រូបារម្មណ៍ជាលោកក្នុង អរិយវិន័យ មិនមែនជាទីកន្លែងផ្ទះសំបែងភូមិស្រុកប្រទេសនគរ ឬ ផែនដីព្រៃភ្នំអ្វីៗដែលជារឿងក្នុងលោកនៃគំនិតនោះឡើយ បញ្ញា ចែកចិត្តឃើញ ដោយឡែកពីចិត្តគិតក្នុងមនោទ្វារ កំណត់ដឹងនូវ សភាវធម៌ដែលជាបរមត្ថមានពិតក្នុងលោក ។ ទាន់ពេលដែលឮសំឡេង ក៏នឹកគិតដល់សំឡេងអ្វីៗ មាន សេចក្តីថាដូចម្តេច ។ បញ្ញាកំណត់ដឹងសំឡេងជាធម៌ដែលមានពិត ប្រាកដត្រង់សោតប្បសាទ សំឡេងមិនមែនជារឿងអ្វីទាំងអស់ រឿងអ្វីៗ ស្រេចហើយតែចិត្តគិត ។ ពេលខ្លះយើងខឹងនឹងរឿង ដូចជា កូនចៅធ្វើសំឡេងខ្លាំងៗ រកសម្រាន្តមិនបាន ទាំងដែល ពេលនោះក៏មានធម៌ពិតកំពុងប្រាកដដែរ ព្រោះថា បើមិនមានធម៌ពិតទេ បានអ្វីឮ តែនេះទៅជាខឹងក្រោធក្នុងរឿង ដោយបោះបង់ ធម៌ពិតចោល ព្រោះមិនមានសតិរលឹកដឹងសភាវៈដែលមានពិត ។ ចូរកុំភ្លេចថា ឮសំឡេងអ្វីក៏ដោយ ពេលណាក៏ដោយ គឺចិត្តឮជាធម៌ ដែលមានពិត ធ្វើកិច្ចជំនួសយើងក្នុងលោក ដូច្នេះ ពេលដែល សម្រាន្តមិនលក់ បានឱកាសសិក្សាធម៌ពិត រំដោះខ្លួនចេញចាក លោក ។ កុំភ្លេចថា របស់ដែលមានពិតនោះ គឺមានត្រឹមតែជា ធម៌ពិត ជាសភាវៈផ្សេងៗគ្នាក្នុងទ្វារទាំង ៦ ឯរឿងក្នុងលោកនៃ គំនិត មិនមែនជាសភាវៈដែលមានពិតនោះទេ គ្រាន់តែជារឿង ទៅតាមការចាំ និង ទៅតាមការគិតប៉ុណ្ណោះ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |