អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៣១៤ ដង)
រឿងទុដ្ឋកុមារ

|
រឿងទុដ្ឋកុមារ
(ចាក ធ. ទុ.) (ការឥច្ឆាច្រណែន តែងដុតសត្វលោក) ក្នុងការកន្លងទៅហើយ មានព្រះរាជាមួយអង្គទ្រង់ព្រះនាមកិតិ្តវាសៈសោយរាជសម្បត្តិក្នុងក្រុងពារាណសីមានព្រះរាជាបុត្រមូយព្រះអង្គទ្រង់ព្រះនាមទុដ្ឋកុមារបានធ្វើឧបរាជ។ថ្ងៃដែលកុមារនោះប្រសូត្រ ហោរបានទាយថា ព្រះរាជបុត្រនេះ បើមិនបានសោយទឹកវេលោណា នឹងទីវង្គត
ក្នុងវេលានោះ។ព្រះរាជាបានជ្រាបដូចនេះហើយ ទ្រង់ចាត់ចែងឲ្យជីកស្រះបោក្ខរណីទាំងខាង ក្នុងខាងក្រៅនគរ ហើយឲ្យមានមណ្ឌបសម្រាប់ដាក់ទឹកត្រង់ផ្លូវបែកជា ៤ ទៀត។ ថ្ងៃមួយទុដ្ឋកុមារឧបរាជ ស្តេចយាងទៅឱទ្យានអំពីប្រលឹម លុះយាងទៅដល់ពាក់កណ្តាលផ្លូវ បានជួបនឹងព្រះបច្ចេកពុទ្ធមួយ កំពុងនិមន្តទៅបិណ្ឌបាត្រ។ពួកមហាជនទំាងឡាយ បានឃើញ ព្រះបច្ចេកពុទ្ធនោះ ក៏នំាគ្មាននិយាយសរសើរហើយថ្វាយបង្គុំគ្រប់ៗគ្នា។ឧបរាជឃើញដូច្នោះ សេចក្តីច្រណែនក៏កើតឡើង ទ្រង់ព្រះពិរោធជាខ្លាំងដោយទ្រង់ព្រះចិន្តាថាពួកមហាជនទាំងនះ ដើរជាមួយនឹងអញដែលជាឥស្សរជនលើវាបែរជានាំគ្នាសរសើរថ្វាយបង្គំមនុស្សត្រងោលទៅវិញ។ ទ្រង់ព្រះចិន្តាដូច្នេះហើយក៏យាងចុះពីដំរីស្ទុះទៅកញ្ឆក់យកបាត្រពីព្រះហស្ថព្រះបច្ចេកពុទ្ធ បោកចោលទៅលើផែនដី ហើយយកព្រះបាទជាន់ឈ្លេចឈ្លីបំបែកខ្ទេចខ្ទីអស់ទៅ។ ព្រះបច្ចេកពុទ្ធោឃើញបាត្របែកខ្ទេចខ្ទីអស់ហើយ គ្រាន់តែមើលព្រះភ័ក្រ្តគិតថា ឳហ្ន! សត្វនេះវិនាសហើយតើ ក៏ហោះទៅកាន់ញកភ្នំនន្ទមូលទៅ។ ក្នុងខណៈនោះកម្មអាក្រក់ឲ្យផលដល់ឧបរាជ ធ្វើឲ្យក្តៅអន្ទះអន្ទែងក្រហល់ក្រហាយដួលជ្រប់ ក្នុងទីនោះ។ ទឹកទាំងឡាយក៏រីងស្ងួតអស់ សូម្បីតែទឹកក្នុងប្រឡាយ ក៏រីងអស់ឥតសល់។ ឧបរាជកាលបើរកទឹកសោយមិនបានហើយក៏ទីវង្គតទៅ ធ្លាក់ទៅកើតក្នុងនរកធំឈ្មោះអវិថី។ (មហា ប៉ុល . សៅ និសិ្សតិសាលាបាលីជាន់ខ្ពស់) ដោយ៥០០០ឆ្នាំ |