អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,២៣៩ ដង)
ទីពឹងទាំងពួងក្នុងលោកមិនស្មើទីពឹងព្រះរតនត្រ័យឡើយ

|
រឿងនាងវេស្សាមិត្តា
( ចាក ម. វា. ) ( ទីពឹងទាំងពួងក្នុងលោកមិនស្មើទីពឹងព្រះរតនត្រ័យឡើយ ) កាលកន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមកោសម្ពិករាជ ព្រះអគ្គមហេសីព្រះនាមវេស្សាមិត្តា សោយរាជសម្បត្តិក្នុងក្រុងសម្ពិយ ។ ថ្ងៃមួយព្រះនាងវេស្សាមិត្តាបានស្តាប់ធ៌មព្រះសម្ពុទ្ធកើតសេចក្តីជ្រះថ្លា ថ្វាយខ្លួនជាឧបាសិកាយកព្រះរតនត្រ័យជាទីពឹងរំលឹកស្មើដោយជីវិត តែងទំនុកបំរុងភិក្ខុសង្ឃដោយបច្ច័យទាំងបួនពុំដែលដាច់ ។ ចំណេរកាលខាងក្រោយមក មានស្តេចបច្ចន្តរាជមួយអង្គប្រាថ្នាចង់បានរាជសម្បត្តិ លើកទ័ពមកបម្រុងឡោមចាប់ព្រះបាទកោសម្ពិករាជៗ ទ្រង់ជ្រាបហើយ ក៏លើកទ័ព ទៅច្បាំងយកព្រះអគ្គមហេសីទៅជាមួយផង រៀបចំព្រះពន្លាស្នាក់ទ័ពនៅឆ្ងាយពីសមរភូមិ ទុកព្រះមហេសីឲ្យនៅក្នុងទីនោះ ហើយទ្រង់មានព្រះរាជឳង្កាប្រាប់ព្រះនាងជាអគ្គមហេសីថា បើឃើញលើកទង់ក្រហម ឲ្យនាងរត់ទៅពួននៅទីណាឲ្យបានសុខចុះ គឺបងចាញ់ពួកបច្ចាមិត្រហើយ ទ្រង់មានព្រះរាជឳង្កាដូច្នោះហើយស្តេចយាងទៅកាន់ទីសមរភូមិច្បាំងជាមួយស្តេចបច្ចន្តរាជ ក៏បរាជ័យចាញ់ស្តេចបច្ចន្តរាជ ទើបប្រាប់ឲ្យសេនាលើកទង់ក្រហម ស្តេចបច្ចន្តរាជក៏ចាប់ព្រះអង្គធ្វើគត់ទៅ ។ ឯនាងវេស្សាមិត្តាជាព្រះអគ្គមហេសី ត្រូវពួកទាហានខាងស្តេចបច្ចន្តរាជចាប់បាននាំយកទៅថ្វាយស្តេចបច្ចន្តរាជៗ ទតឃើញព្រះរូបឆោមល្អស្រស់ ក៏និយាយលួងលោមនាងដើម្បីធ្វើមហេសី ព្រះនាងមិនព្រមទ្រង់មានព្រះសុវណ្ណិយថា ខ្ញុំជាស្រ្តីមានយសស័ក្តធំដោយសារព្រះស្វាមីខ្ញុំព្រះរាជទានឲ្យ ឥឡូវព្រះអង្គសម្លាប់ស្វាមីខ្ញុំ ហើយឲ្យខ្ញុំរីករាយជាមួយព្រះអង្គដូចម្តេចកើត ខ្ញុំមានសេចក្តីក្រោធចំពោះព្រះអង្គតែម្យ៉ាង ។ ព្រះបាទបច្ចន្តរាជទ្រង់ព្រះសណ្តាប់ហើយ ក្រោធពិរោធជាខ្លាំង បង្គាប់ឲ្យអាមាត្យដុតភ្លើងឆេះសន្ធោសន្ធៅ ហើយបង្គាប់ឲ្យនាងចូលទៅក្នុងភ្លើង ព្រះនាងមិនព្រមចូល ទ្រង់មានព្រះសុវណ្ណិយតបថា ព្រះអង្គមានព្រះទ័យអាក្រក់ផុតជាងជនទាំងពួងក្នុងលោក សម្លាប់ស្វាមីគេហើយ ដុតសម្លាប់មហេសីគេទៀត ខ្ញុំគ្មានសត្រូវនឹងព្រះអង្គទេ មិនគួរអ្នកណាធ្វើទោសបានឡើយ ។ ព្រះបាទបច្ចន្តរាជឲ្យអាមាត្យចងបោះទៅក្នុងភ្លើង ។ ក្នុងពេលដែលគេចាប់ចងព្រះនាងវេស្សាមិត្តា ទ្រង់រំពឹងថាអត្មាអញគ្មានអ្វីជាទីពឹងទេ មានតែព្រះរតនត្រ័យទាំងបីជាទីពឹងដ៏ប្រសើររបស់អញ គិតដូច្នេះហើយនាងរំពឹងក្នុងព្រះទ័យថា ពុទ្ធំ សរណំ គច្ឆាមិ ធម្មំ សរណំ គច្ឆាមិ សង្ឃំ សរណំ គច្ឆាមិ ដូច្នេះពុំដែលដាច់ ។ ដោយគុណានុភាពព្រះរតនត្រ័យភ្លើងឥតមានក្តៅដល់ព្រះនាងឡើយ ទោះបីនៅក្នុងគំនររងើកភ្លើងធំដល់ម្ល៉ោះ ក៏ហាក់ដូចជានៅក្នុងត្របកឈូក ។ ព្រះបាទបច្ចន្តរាជទតឃើញអស្ចារ្យដូច្នោះហើយ ក៏ស្ទុះទៅយកនាងពីគំនរភ្លើងហើយថ្វាយបង្គំនាងធ្វើជាមាតាបង្កើត ទំនុកបំរុងនាងសព្វគ្រប់ឥតមានខ្វះ ។ ព្រះនាងវេស្សាមិត្តាទ្រង់រំលឹកទូន្មានព្រះបាទបច្ចន្តរាជនិងមហាជនឲ្យធ្វើទានរក្សាសីលគ្រប់ៗគ្នា ដល់ព្រះនាងអស់អាយុ បានទៅកើតក្នុងទេវលោកបរិបូណ៍ដោយសម្បត្តិយ៉ាងអស្ចារ្យ ឯពួកមហាជនដែលប្រតិបត្តិតាមនាង ដល់អស់អាយុក៏បានទៅកើតទេវលោកដែរ ៕ ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |