អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤០៥ ដង)
សេចក្តីអាក្រក់ត្រូវលះបង់ និងសេចក្តីល្អត្រូវកាន់យក

|
អកុសលកម្មបថ
គន្លង ឬផ្លូវនៃអំពើជាអកុសល ហៅថា អកុសលកម្មបថ មាន ១០ យ៉ាង គឺ កាយកម្ម អំពើដែលសំរេចដោយកាយ មាន ៣ យ៉ាង វចីកម្ម អំពើដែលសំរេចដោយវាចា មាន ៤ យ៉ាង មនោកម្ម អំពើដែលសំរេចដោយចិត្ដមាន៣ យ៉ាង រួមត្រូវជា ១០ យ៉ាង ។ កាយកម្មមាន ៣ យ៉ាង ១ -បាណាតិបាតោ ករិយាសម្លាប់សត្វដោយកាយរបស់ខ្លួនឬប្រើគេឲ្យសម្លាប់ដោយវាចា ។ ២ -អទិន្នាទានំ កិរិយាលាក់ឆក់លួច ដណ្តើមទ្រព្យគេ ដោយកាយរបស់ខ្លួនឬប្រើឲ្យគេលួចលាក់ឆក់ដណ្តើមដោយវាចា ។ ៣ - កាមេសុ មិច្ឆាចារា កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ គឺធ្វើនូវមេថុនសេវនៈនិងស្រ្តីឬបុរសដែលមានគេហួងហែងរក្សា ។ វចីកម្ម ៤ យ៉ាង ១ -មុសាវាទោ កិរិយាពោលនូវពាក្យកុហក ។ ២ -បិសុណាវាចា កិរិយាពោលនូវពាក្យញុះញង់ បំបែកបំបាក់ អ្នកដទៃ។ ៣ -ផរុសវាចា កិរិយាពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម ។ ៤ -សម្ផប្បលាបោ កិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍។ មនោកម្ម ៣ យ៉ាង ១ -អភិជ្ឈា ចិត្តសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបម្រុងនឹងឲ្យបានជារបស់ខ្លួន ។ ២ -ព្យាបាទោ ចិត្តចងគំនុំគុំកួនប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស ។ ៣ -មិច្ឆាទិដ្ឋិ គំនិតយល់ខុស ហើយប្រកាន់ឡើងថាត្រូវ ។ អង្គនៃកុសលកម្មបថ អង្គនៃ បាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ និង មុសាវាទ មានដូចពោលក្នុងនិច្ចសីលខាងដើមនោះហើយ ។ បិសុណាវាចា មានអង្គ ៤ ១ -ភិន្ទិតព្វោ បរោ អ្នកដែលមានរូប គឺខ្លួនគប្បីញុះញង់ បំបែក។ ២ -ភេទនបុរេក្ខារតា គិតនឹងញុះញង់បំបែក អ្នកដទៃ។ ៣ -តជ្ជោ វាយាមោ ព្យាយាមនឹង ញុះញង់បំបែក អ្នកដទៃនោះ។ ៤ -តស្ស ទត្ថវិជាននំ ញ៉ាំងអ្នកនោះឲ្យដឹងច្បាស់នូវដំណើរ ដែលខ្លួន ញុះញង់នោះ។ ផរុសវាចា មានអង្គ ៣ ១ -អក្កោសិតព្វោ បរោ អ្នកដទៃមានរូបគឺខ្លួនគប្បីជេរប្រទេច ។ ២ -កុប្បិតចិត្តំ ចិត្តខឹងរន្ធត់។ ៣ -អក្កោសនា បានជេរប្រទេចគេ។ សម្ផប្បលាបៈ មានអង្គ ២ ១ - ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍ មានរឿងចំបាំង នៃមហាភាតរនិងរឿងរាមណ៍លួចនាំនាងសិតាទៅតាមជាដើម ។ ២ -តថារូបកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នោះ ។ អភិជ្ឈា មានអង្គ២ ១ -បរភណ្ឌំ ទ្រព្យជារបស់អ្នកទៃ ។ ២ -អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះឲ្យបានមកជាទ្រព្យរបស់ខ្លួនដោយកលឧបាយផ្សេងៗ ។ ព្យាបាទៈ មានអង្គ២ ១ -បរសត្តោ អ្នកដទៃក្រៅពីខ្លួន។ ២ -តស្ស តំ វិនាសចិន្តា គិតគំកួនប្រុងនឹងឲ្យអ្នកនោះដល់នូវសេចក្តី វិនាសដោយហេតុនោះៗ ។ មិច្ចាទិដ្ឋិ មានអង្គ២ ១ - វត្ថុនោ ច គហិតាការវិបរិតតា ចិត្តប្រែប្រួលដោយអាការខុសអំពីព្រះរតនត្រ័យជាដើម ។ ២ -យថា ច នំ គណ្ហាតិ តថាភាវេន តស្សូបដ្ឋានំ គំនិតដែលយល់ខុសនោះឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ ។ អកុសលកម្មបថ ១០ ប្រការ ដូចបានពោលមកហើយនេះ ទោះត្រង់បទណាក្តី បើលុះព្រមដោយអង្គនោះៗ ទើបត្រូវទោស ដល់អ្នក ប្រព្រឹត្តខុស អ្នកនោះនឹងបាននូវសេចក្តីទុក្ខ សេចក្តីវិនាសក្នុងលោកនេះ និងបរលោកនាយ បើទុកជាមិនទាន់ឲ្យផល ឲ្យឃើញ ច្បាស់ ក្នុងលោកនេះ លុះដល់ទៅក្នុងបរលោកនាយ ក៍គង់នឹងឲ្យផលដល់អ្នកនោះពុំខានឡើយ បើមិនទាន់ព្រមដោយអង្គនោះៗ គឺថាបើនៅខ្វះ អង្គណាមួយនោះ ក៏មិនទាន់បានឈ្មោះថាមានទោសក្នុងអកុសលកម្មបថដល់អ្នកដែលប្រព្រឹត្តខុសនៅឡើយ ។ អកុសលកម្មបថ ១០ ប្រការ ព្រមទាំងអង្គ ចប់ដោយសង្ខេបតែប៉ុណ្ណេះ ។ កុសលកម្មបថ គន្លងឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថ កុសលកម្មបថមាន ១០ យ៉ាង គឺ កាយកម្ម អំពើដែល សំរេចដោយកាយមាន ៣ យ៉ាង, វចីកម្ម អំពើដែលសំរេចដោយវាចាមាន៤យ៉ាង មនោកម្ម អំពើដែលសំរេចដោយចិត្ដមាន ៣ យ៉ាង រួមត្រូវជា១០យ៉ាង ។ កាយកម្មមាន ៣ យ៉ាង ១ -បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្លាប់សត្វ ។ ២ -អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬ វាចា ។ ៣ -កាមេសុ មិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។ វចីកម្ម មាន ៤ យ៉ាង ១ -មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យ កុហក។ ២ -បិសុណាយ វាចាយ វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យញុះញង់បំបែកបំបាក់អ្នកដទៃ។ ៣ -ផរុសាយ វាចាយ វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យអាក្រក់មានពាក្យទ្រគោះបោះបោកជេរប្រទេចអ្នកដទៃជាដើម ។ ៤ -សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យរោយរាយឥតប្រយោជន៍ ។ មនោកម្ម ៣យ៉ាង ១ -អនភិជ្ឈា មិនមានចិត្តសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានជារបស់ខ្លួន។ ២ -អព្យាបាទោ មិនមានចិត្តចងគំនំគុំកួនប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាស ។ ៣ -សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ដោយប្រកាន់ឡើងថាជាត្រូវមែន។ អ្នកឯណាបានប្រព្រឹត្ដត្រូវតាមកុសលកម្មបថទាំង១០ប្រការ ដូចបានពោលមកហើយនេះ អ្នកនោះ នឹងបានសេចក្ដីសុខ សេចក្ដីចំរើន ក្នុងលោកទាំងពីរ គឺក្នុងលោកនេះ និងបរលោកនាយជាប្រាកដ ។ កុសលកម្មបថ ១០ ប្រការ ចប់ដោយសង្ខេបតែប៉ុណ្ណេះ ។ ស្រង់ចាក គេហទំព័រវត្តសង្ឃារាម ដោយ៥០០០ឆ្នាំ |