អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២៦,៣០៩ ដង)
បុគ្គលដែលគួរសេពគប់និងមិនគួរសេពគប់

|
បុគ្គលដែលគួរសេពគប់និងមិនគួរសេពគប់
បណ្ដាជនពាលនិងបណ្ឌិតទាំង ២ ពួកនេះ ពួកបណ្ឌិតប៉ុណ្ណោះ គឺបុគ្គលត្រូវសេពគប់, ពួកជនពាល គឺបុគ្គលមិនត្រូវសេពគប់ឡើយ, ព្រោះពួកជនពាល ប្រៀបដូចជាត្រីស្អុយ បុគ្គលអ្នកសេពគប់ជាមួយជនពាលនោះ ប្រៀបដូចជាស្លឹកឈើដែលសម្រាប់ខ្ចប់នូវត្រីស្អុយ ដែលដល់ហើយនូវភាពជាអ្នក គឺពួកវិញ្ញូជនគប្បីបោះបង់ចោល និងស្អប់ខ្ពើម។ (ចំណែក) បណ្ឌិត ប្រៀបដូចជាគ្រឿងក្រអូប មានក្រស្នានិងមាលាជាដើម, បុគ្គលអ្នកសេពគប់ជាមួយនឹងបណ្ឌិតនោះ ក៏ប្រៀបដូចជាស្លឹកឈើដែលសម្រាប់ខ្ចប់នូវគ្រឿងក្រអូន មានក្រស្នា និងមាលាជាដើម ដែលដល់ហើយនូវភាពជាអ្នកគួរសរសើរ និងគួរជាទីពេញចិត្តនៃពួកវិញ្ញជន។ ក៏បុគ្គលណា សេពគប់នូវបុគ្គលណា, បុគ្គលនោះ រមែងមានបុគ្គលនោះជាគតិដោយពិត។ ក៏ដើម្បីនឹងសម្ដែងនូវសេចក្ដីនេះ គប្បីពណ៌នារឿងកូនសេកជាដើម (ដូចតទៅនេះ) រឿងកូនសេក បានឮមកថា ក្នុងអតីតកាល បានមានកូនសត្វសេក ២ បងប្អូននឹងគ្នា (នៅ) ក្នុងព្រៃរកា ក្បែរសានុបពត៌។ ក៏ក្នុងទីខាងលើខ្យល់នៃបព្វតា បានមានផ្ទះជាទីនៅអាស្រ័យរបស់ចោរ ៥០០ នាក់, ក្នុងទីខាងក្រោមខ្យល់ មានអាស្រមជាទីនៅអាស្រ័យរបស់តាបសឥសី ៥០០ រូប។ ក្នុងពេលដែលរោមស្លាបរបស់កូនសត្វសេកទាំងឡាយ មិនទាន់ដុះនៅឡើយ ក៏មានខ្យល់ព្យុះកំបុតត្បូងនោះ ផាត់ទៅធ្លាក់ហើយ (ក្នុងទី) ផ្សេងៗ ពីគ្នា។ បណ្ដាកូនសេកទាំង ២ នោះ កូនសេក ១ បានធ្លាក់ទៅក្នុងចន្លោះនៃគ្រឿងសស្ត្រាវុធ ក្នុងផ្ទះរបស់ចោរ ព្រោះធ្លាក់ទៅក្នុងទីនោះ ទើបពួកចោរដាក់ឈ្មោះថា "សត្តិគុម្ព" ធាត់ធំឡើងហើយ ក្នុងចន្លោះនៃពួកចោរទាំងនោះ។ ពួកសេក ១ បានធ្លាក់ទៅក្នុងចន្លោះនៃផ្កាឈើ លើផ្ទៃនៃវាលដីខ្សាច់ ក្បែរអាស្រម ព្រោះហេតុដែលធ្លាក់ទៅក្នុងទីនោះ ទើបបានពួកតាបសឥសី ដាក់ឈ្មោះថា "បុប្ផកៈ" បានធំធាត់ឡើងហើយក្នុងចន្លោះនៃពួកតាបសឥសីទាំងនោះ។ ក្នុងគ្រានោះ ព្រះរាជាទ្រង់ព្រះនាមបញ្ចាលៈ ក្នុងនគរឈ្មោះឧត្ដរបញ្ចាលៈ ទ្រង់ប្រដាប់គ្រឿងអលង្ការសព្វគ្រប់ហើយ ទ្រង់ស្ដេចយាងឡើងកាន់ព្រះរាជរថ យាងទៅកាន់ព្រៃដើម្បីទ្រង់បរបាញ់សត្វ ហើយទ្រង់មានព្រះរាជឱង្ការថា "សត្វម្រឹគរត់ចេញទៅតាមប្រឡោះនៃបុគ្គលណា, បុគ្គលនោះឯងនឹងមានទោស (អាជ្ញា)" ដូច្នេះ ហើយទ្រង់ស្ដេចយាងចុះអំពីព្រះរាជរថ ទ្រង់បានកាន់ធ្នូរ គង់នៅហើយក្នុងទីកំបាំង។ ក្នុងខណៈនោះ ម្រឹគទ្រាយ១, កាលបើពួកមនុស្សកំពុងវាយគុម្ពោតព្រៃ ក៏បានក្រោកឡើង សំឡឹងរកមើលផ្លូវដើម្បីនឹងទៅ ក៏ឃើញថា ទីស្ថានដែលព្រះរាជាទ្រង់គង់នៅប៉ុណ្ណោះជាទីដែលស្រឡះ (ទំនេរ) ទើបបែរមុខឆ្ពោះទៅទិសខាងនោះ ហើយស្ទុះបោលគេចទៅ ពួកមនុស្ស ក៏បានធ្វើការចំអកជាមួយនឹងព្រះរាជា។ ព្រះអង្គទ្រង់តាំងព្រះទ័យ "អញនឹងចាប់ម្រឹកទ្រាយនោះឲ្យបាន ក្នុងពេលឥឡូវនេះ" ហើយទើបស្ដេចទ្រង់ឡើងរាជរថ ហើយទ្រង់ដេញតាមម្រឹកទ្រាយទៅយ៉ាងលឿន។ ពួកបុរស មិនអាចតាមជាប់ព្រះអង្គបានឡើយ។ ព្រះរាជាទ្រង់មាននាយសារថីជាគម្រប់ ២ ទតមិនឃើញម្រឹគទ្រាយហើយ ទើបទ្រង់ស្ដេចយាងត្រឡប់មកវិញ ទ្រង់ស្រង់ទឹក និងសោយទឹក ក្នុងជ្រោះភ្នំដែលជាទីគួរមនោរម្យហើយ ស្ដេចទ្រង់បន្ទំក្រោមម្លប់ឈើ ក្បែរផ្ទះនៃចោរ។ គ្រានោះ ពួកចោរ ក៏បានចូលទៅកាន់ព្រៃទាំងអស់គ្នា, ខាងក្នុងផ្ទះ នៅសល់តែសេកឈ្មោះសត្តិគុម្ពៈ ជាមួយព្រះរាជាទ្រង់បន្ទំយ៉ាងដូច្នោះហើយ ក៏ (ហើរ) ចូលផ្ទះ បាននិយាយភាសាមនុស្ស ជាមួយនឹងអ្នកដាំស្លថា "ពួកយើងនឹងសម្លាប់ព្រះរាជាចោល ប្រមូលយកសំពត់នឹងគ្រឿងអលង្ការរបស់ព្រះអង្គ ហើយចាប់ព្រះអង្គត្រង់កព្រះបាទ ទាញអូសមកហើយ យកស្លឹកឈើទាំងឡាយមកគ្របបិទបាំង ក្នុងទីកន្លែងមួយ"។ ព្រះរាជាទ្រង់តើនពីព្រះបន្ទំហើយ ទ្រង់ព្រះសណ្ដាប់សំឡេងនោះ ទ្រង់ជ្រាបថា "ទីកន្លែងនេះ មានភ័យចំពោះមុខ" ហើយទ្រង់មានព្រះទ័យភ័យខ្លាច ទើបទ្រង់ស្ដេចឡើងកាន់រាជរថ ហើយទ្រង់ចៀសចេញពីទីនោះ ស្ដេចក៏បានយាងទៅដល់អាស្រមរបស់តាបសឥសី។ ក្នុងគ្រានោះ ពួកតាបសឥសីទៅហើយដើម្បីប្រយោជន៍ដល់ផលាផល, ក្នុងអាស្រម នៅសល់តែសត្វសេកឈ្មោះ កុប្ផកៈប៉ុណ្ណោះ។ សត្វសេកឈ្មោះបុប្ផកៈនោះ ឃើញព្រះរាជាហើយ ក៏បានធ្វើនូវបដិសណ្ឋារៈ ដោយន័យមានជាដើមថា៖ បពិត្រមហារាជ ព្រះអង្គទ្រង់ស្ដេចយាងមកប្រពៃហើយ មួយទៀត ព្រះរាជដំណើររបស់ព្រះអង្គមិនមែនទាស់ទេ"។ ព្រះរាជា ទ្រង់មានព្រះទ័យជ្រះថ្លា ក្នុងបដិសណ្ឋារៈរបស់សត្វសេកឈ្មោះបុប្ផកៈនោះហើយ ទ្រង់ត្រាស់សរសើរនូវសេកឈ្មោះបុប្ផកៈ ទ្រង់បានតិះដៀលនូវសេកឈ្មោះសត្តិគុម្ពៈក្រៅនេះ ដោយតម្រាស់ថា "សត្វបក្សីជាតិ ២ នេះ ជាសត្វដ៏ល្អប្រកបដោយធម៌ ដ៏ក្រៃលែងតើហ៎, ចំឡែកតែបក្សីសេកក្រៅពីនេះនិយាយតែពាក្យអាក្រក់"។
សេកឈ្មោះបុប្ផកៈ ស្ដាប់នូវព្រះរាជឱង្ការនោះហើយ ទើបបានក្រាបទូលថា "បពិត្រមហារាជ ទូលព្រះបង្គំ មានមាតាជាមួយគ្នានឹងសត្វសេកឈ្មោះសត្តិគុម្ពនោះ, ប៉ុន្តែសេកសត្តិគុម្ពនោះធាត់ធំឡើងហើយ ក្នុងសំណាក់នៃពួកមនុស្សមិនល្អ ត្រូវពួកមនុស្សមិនល្អទាំងនោះដឹកនាំហើយ ហើយចោរធម៌, (ចំណែក) ទូលព្រះបង្គំ ធាត់ធំឡើងហើយក្នុងសំណាក់មនុស្សល្អ ត្រូវបានពួកមនុស្សល្អទាំងនោះ ដឹកនាំហើយដោយឥសីធម៌, ហេតុនោះ កាលសម្ដែងធម៌ដល់ព្រះរាជា ទើបបានពោលគាថាទាំងនេះថា "បពិត្រព្រះរាជា ពិតណាស់ បុគ្គលគប់រកនូវបុគ្គលបែបណាៗ ទោះជាសប្បុរស ឬអសប្បុរស មានសីល ឬ ឥតសីល រមែងលុះក្នុងអំណាចបុគ្គលនោះឯង។ បុគ្គលធ្វើបុគ្គលបែបណាឲ្យជាមិត្ត និងចូលទៅគប់រកនូវបុគ្គលបែបណា, បុគ្គលនោះ ក៏មានអាការៈបែបនោះដែរ, ព្រោះកិរិយានៅរួម ក៏រមែងប្រាកដដូច្នោះ។ អាចារ្យត្រូវកូនសិស្សគប់រក រមែងប្រឡាក់នូវកូនសិស្សអ្នកគប់រក, ត្រូវកូនសិស្សប៉ះពាល់ហើយ រមែងប្រឡាក់នូវកូនសិស្សដែលមិនបានប្រឡាក់ហើយ ប្រៀបឧបមាដូចជាកូនសរដែលជ្រលក់ដោយថ្នាំពិស តែងប្រឡាក់បំពង់សរដូច្នោះឯង, ព្រោះភ័យខ្លាចអំពីការប្រឡាក់ អ្នកប្រាជ្ញ ទើបមិនយកបុគ្គលលាមកជាសម្លាញ់សោះឡើយ។
ជនណាខ្ចប់នូវត្រីស្អុយដោយចុងស្បូវភ្លាំង, ដើម្បីស្បូវភ្លាំង ក៏មានក្លិនស្អុយផ្សាយចេញទៅដែរ យ៉ាងណាមិញ, ការចូលទៅសេពគប់នូវបុគ្គលពាល (របស់ជននោះ) ក៏យ៉ាងដូច្នោះដែរ។ ជនណា ខ្ចប់ខ្លឹមក្រស្នាដោយស្លឹកឈើ, សូម្បីស្លឹកឈើក៏មានក្លិនក្រអូបផ្សាយចេញទៅដែរ យ៉ាងណាមិញ, ការចូលទៅសេពគប់នូវអ្នកប្រាជ្ញ (របស់ជននោះ) ក៏យ៉ាងនោះដូច្នោះដែរ។ ព្រោះហេតុនោះ បុគ្គលជាបណ្ឌិត ដឹងច្បាស់នូវបញ្ញាចាស់ទុំរបស់ខ្លួន ដូចជាកញ្ចប់ស្លឹកឈើហើយ មិនគួរសេពគប់នូវពួកអសប្បុរស គួរសេពគប់តែពួកសប្បុរស (ត្បិត) ពួកអសប្បុរស តែងនាំទៅកាន់នរក, ពួកសប្បុរស តែងផ្ដល់នូវសុគតិ"។ បណ្ដាបទទាំងនោះ បទថា សន្ដំ បានដល់ សប្បុរស។ បទថា អសំ បានដល់ អសប្បុរស។ បទថា សេវមានោ បានដល់ អាចារ្យ។ បទថា សេវមានំ បានដល់ អន្តេវាសិក។ បទថា សម្ជុដ្ឋោ បានដល់ អាចារ្យដែលអន្តេវាសិក ពាល់ត្រូវហើយ។ ពីរបទថា សម្ជុសំ បរំ បានដល់ បុគ្គលដទៃ គឺអន្តេវាសិកដែលប៉ះពាល់នូវអាចារ្យ។ បទថា អលិត្តំ មានសេចក្ដីថា អាចារ្យនោះ រមែងប្រឡាក់នូវអន្តេវាសិកនោះ, ជាអ្នកដែលបាបធម៌មិនបានប្រឡាក់ហើយ ប្រៀបដូចជាកូនសរដែលកំណាច គឺដែលជ្រលក់ហើយដោយថ្នាំពិស ប្រឡាក់នូវបំពង់សរដែលមិនបានប្រឡាក់យ៉ាងដូច្នោះឯង។ មែនពិតបុគ្គលអ្នកសេពគប់នូវបុគ្គលពាល សូម្បីមិនបានធ្វើនូវអំពើអាក្រក់ ក៏រមែងបានទទួលនូវការពោលតិះដៀល និងការនិន្ទាថា "ជាអ្នកសេពគប់ជាមួយនឹងបុគ្គលពាល" ដូច្នេះដែរ, ហេតុនោះទើបសេកបុប្ផកៈពោលថា " ឯវំ ពាលូបសេវនា " ។ (ចំណែក) បុគ្គលអ្នកសេពគប់ជាមួយនឹងអ្នកប្រាជ្ញ សូម្បីមិនអាចដើម្បីនឹងកើតជាអ្នកប្រាជ្ញបាន ក៏រមែងបានទទួលនូវឈ្មោះសំឡេងដ៏ល្អថា "ជាអ្នកសេពគប់ជាមួយនឹងកល្យាណមិត្ត" ដូច្នេះដែរ។ ហេតុនោះ ទើបសេកបុប្ផកៈ ពោលថា " ឯវំធីររូបសេវនា"។ បទថា បត្តបុដស្សេវ គឺដូចជាស្លឹកឈើដែលសម្រាប់ខ្ចប់នូវគន្ធជាតិ មានក្រស្នាជាដើមនុ៎ះឯង។ បទថា សម្បាកំ គឺ ដឹងថាខ្លួនអប់រំហើយ ដោយអំណាចនៃការជាប់ជំពាក់ជាមួយនឹងកល្យាណមិត្ត។ បទថា សន្ដោ មានសេចក្ដីថា ពួកជនជាសម្មាទិដ្ឋិរមែងញ៉ាំងពួកសត្វដែលអាស្រ័យនឹងខ្លួន ឲ្យដល់ឋានសួគ៌តែម្យ៉ាង។ ព្រះរាជាទ្រង់ជ្រះថ្លាហើយ ក្នុងធម្មកថារបស់សត្វសេក ឈ្មោះបុប្ផកៈនោះហើយ ទ្រង់ថ្វាយបង្គំនូវពួកតាបសឥសីដែលត្រឡប់មកវិញ ហើយទ្រង់មានព្រះរាជឱង្ការថា "បពិត្រ ព្រះគុណម្ចាស់ដ៏ចម្រើនទាំងឡាយ បើព្រះគុណម្ចាស់ទាំងឡាយ អនុគ្រោះយើងខ្ញុំ ក៏សូមគង់នៅក្នុងនគររបស់យើងខ្ញុំ" ដូច្នេះហើយ ក៏ស្ដេចយាងទៅកាន់ព្រះនគរ ទ្រង់ព្រះរាជទានអភ័យដល់សត្វទាំងឡាយហើយ ទ្រង់ត្រាស់ឲ្យគណៈតាបសឥសី ដែលមកហើយ ក្នុងព្រះនគរនោះនៅក្នុងព្រះរាជឧទ្យាន ទ្រង់បានទំនុកបម្រុងរហូតដល់អស់ព្រះជន្មាយុហើយ ទ្រង់បំពេញផ្លូវទៅកាន់ឋានសួគ៌។ ចំណែកសត្វសេកបុប្ផកៈអាស្រ័យនៅក្នុងព្រៃ ទៅហើយតាមយថាកម្ម។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀបរៀងដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |