អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៧៧ ដង)
ភាសាមនុស្សភាសាធម៌

|
ម្តងនេះអ្នកអាចនឹងសួរថា ចុះអ្វីទៅគឺនិរវាណៈនោះ? មានសៀវភៅជាច្រើនដែលគេបាននាំគា្នសរសេរ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយនេះ តែចម្លើយនៅក្នុងសៀវភៅនោះ រឹតតែមានច្រើនប៉ុណ្ណាក៏រឹងរឹតតែធ្វើឲ្យមានចម្ងល់ខ្លាំងឡើងប៉ុណ្ណោះ ជាជាងការផ្តល់នូវប្រត្យក្សភាពទាក់ទងទៅនឹងរឿងនេះ ។
ការប្រើពាក្យពេចន៍ផ្សេងៗមកអធិប្បាយ ដោយផ្នែកទៅតាមគោលការណ៍នៃហេតុនិងផលតែម៉្យាងនោះ ពិតណាស់គឺមិនអាចឆ្លើយតបនូវបញ្ហានេះ បានយ៉ាងត្រឹមត្រូវពេញលេញ និងគួរឲ្យពេញចិត្តបាននោះឡើយ ព្រោះថាភាសាមនុស្សមានភាពអត្តខាត់ មិនល្មមដែលនឹងអាចនាំយកមកសម្តែង អំពីភាពពិតប្រាកដនៃបរមសច្ចៈ ឬបរមត្ថសច្ចៈ គឺនិរវាណៈនេះបានឡើយ ។ ភាសាត្រូវបានមនុស្សបង្កើតឡើងមកប្រើ ដើម្បីអធិប្បាយអំពីសភាវៈ ឬផ្នត់គំនិតផ្សេងៗ ដែលអាចពាល់ត្រូវនិងទទួលដឹងបាន ដោយអាយតនៈទាំង ៦ (ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត ) ។ ដោយឡែកភាពពិតនៅក្នុងផ្លូវលោកកុត្តរដូចយ៉ាងនិរវាណៈនេះ គឺមានលក្ខណៈផ្សេងគ្នា ដូច្នេះទើបយើងមិនអាចរកពាក្យពេចន៍ណាមួយ មកអធិប្បាយបទពិសោធប្រភេទនេះបានឡើយ ដូចគ្នាទៅនឹងអណ្តើកដែលមិនអាចរកពាក្យពេចន៍ណាមួយនៅក្នុងភាសារបស់ត្រី មកអធិប្បាយសភាពរបស់ផែនដី ដែលជារូបធាតុរឹងឲ្យល្មមនឹងត្រីអាចយល់បាន ។ ដំណើររបស់រឿងនេះគឺថា អណ្តើកបានប្រាប់ទៅកាន់ត្រី ដែលជាមិត្តសម្លាញ់របស់ខ្លួនថា ខ្លួនទើបនឹងធ្វើដំណើរត្រឡប់ពីដីគោកមកកាន់សមុទ្រវិញ ។ " អ៊ីចឹង! ហ្អ៎! " ត្រីនិយាយ " សម្លាញ់ប្រហែលជាចង់និយាយថា សម្លាញ់ទើបត្រឡប់ពីហែលនៅលើដីគោកមកមែនទេ? " ចំណែកអណ្តើកក៏ព្យាយាមអធិប្បាយថា នៅលើផែនដីនោះ គេមិនប្រើវិធីហែលនោះទេ ព្រោះផែនដីជារូបធាតុរឹង ទើបគេប្រើវិធីដើរនៅលើផែនដីជំនួសឲ្យការហែល តែត្រីក៏នៅតែប្រកែកអះអាងថា សភាពដែលជាសភាវៈរឹង (ផែនដី) ដូចដែលអណ្តើកថានោះ ប្រហែលជាមិនមាននោះទេ វាច្បាស់ជារូបធាតុរាវ ដូចទឹកក្នុងសមុទ្រនេះ ដែលអាចមុជងើបនិងហែលទៅមកបាន ។ ពាក្យពេចន៍ផ្សេងៗវាគ្រាន់តែជាសញ្ញាណ សម្រាប់ប្រើជំនួសឲ្យសភាវៈ ឬផ្នត់គំនិតផ្សេងៗ ដែលយើងធ្លាប់ដឹងមកហើយ (ប៉ុណ្ណោះ) ហើយសញ្ញាណទាំងនោះសោត គឺមិនអាចជាអ្នកបញ្ជូនប្រាប់ នូវលក្ខណៈដ៏ពិតប្រាកដ នៃបរមសច្ចៈបានឡើយ ។ ភាសាជាសភាពម្យ៉ាង ដែលពេលខ្លះអាចនឹងធ្វើឲ្យយល់ភ្លាំងភ្លាត់ទៅបាននៅក្នុងរឿងសច្ចៈ ហេតុនេះទើបមានពាក្យពោលនៅក្នុងកាវតារសូត្រ " បុគ្គលឆោតល្ងង់រមែងជាប់ជំពាក់នៅក្នុងពាក្យពេចន៍ ឧបមាដូចដំរីដែលជាប់ផុង នៅក្នុងភក់យ៉ាងដូច្នោះដែរ " ។ ទោះជាយ៉ាងណាក្តី យើងក៏នៅតែមិនមានផ្លូវផ្សេង ដែលអាចជៀសផុតពីការចាំបាច់ ត្រូវប្រើភាសាមកអធិប្បាយដដែល ។ តែប្រសិនបើនិរវាណៈនេះ យើងប្រើស័ព្ទវិជ្ជមានផ្សេងៗមកជួយអធិប្បាយ ដែលទោះបីថាស័ព្ទវិជ្ជមានផ្សេងៗទាំងនោះ នឹងជួយឲ្យយើងយល់នូវនិរវាណៈបានយ៉ាងងាយស្រួល និងឆាប់រហ័សក៏ពិតមែន តែអ្វីដែលយើងយល់នោះ អាចនឹងផ្ទុយពីការពិតក៏ថាបាន ។ ដូចនេះទើបជាទូទៅនិរវាណៈ ត្រូវបានអធិប្បាយ ដោយការប្រើនូវស័ព្ទអវិជ្ជមាន (បដិសេធ) ដូចជា តណ្ហក្ខយ (ការអស់ទៅនៃតណ្ហា) អសង្ខត (មិនមានបច្ច័យតាក់តែង មិនប្រព្រឹត្តទៅតាមល័ក្ខខ័ណ្ឌ) និព្វាន (ការរំលត់) ។ ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី " បែ្រសម្រួលដោយ លីន កុសល ដោយ៥០០០ឆ្នាំ |