35
ថ្ងៃ សៅរ៍ ទី ០៦ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៦,២៨៧
Today
ថ្ងៃម្សិលមិញ ៧៤,៩០៧
ខែនេះ ៨៧៣,៨៦២
សរុប ៤០៧,៣៧៩,១៧៧
ប្រជុំអត្ថបទ
images/articles/3099/64egedrer.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣ (អាន: ៥,៤៣១ ដង)
[១៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អាថបណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ [១៣៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មានហេតុជាគ្រឿងចំណាំថា ពាល មានហេតុជាគ្រឿងសំគាល់ថា ពាល មានចរិកជាពាល ៣យ៉ាងនេះ។ ហេតុ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ក្នុងលោកនេះ ជាអ្នកគិតគំនិតអាក្រក់១ និយាយសំដីអាក្រក់១ ធ្វើអំពើអាក្រក់១។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលពាល ជាអ្នកមិនគិតគំនិតអាក្រក់ផង មិននិយាយសំដីអាក្រក់ផង មិនធ្វើអំពើអាក្រក់ផងទេ។ តើពួកបណ្ឌិតណា នឹងស្គាល់គេថា អ្នកដ៏ចម្រើននេះ ជាមនុស្សពាល ជាអសប្បុរស ដូច្នេះបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងជាអ្នកគិតគំនិតអាក្រក់ផង និយាយសំដីអាក្រក់ផង ធ្វើអំពើអាក្រក់ផង ព្រោះហេតុណា ហេតុនោះ បានជា បណ្ឌិតទាំងឡាយ ស្គាល់គេថា អ្នកដ៏ចម្រើននេះ ជាមនុស្សពាល ជាអសប្បុរសបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង តែងទទួលទុក្ខ ទោសមនស្ស ៣យ៉ាង ក្នុងបច្ចុប្បន្ននេះ។ [១៣៧] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលពាល អង្គុយក្នុងសាលាក្តី អង្គុយក្នុងច្រកក្តី អង្គុយក្នុងផ្លូវបែកជា៤ក្តី ចំណែកអ្នកផង ដែលអង្គុយក្នុងបរិស័ទនោះ តែងប្រឹក្សាពាក្យ (ថ្លែងអំពីទោស) ដែលកើតអំពីអំពើនោះ សមគួរដល់អំពើនោះ [ប្រឹក្សាអំពីទោសរបស់បញ្ចវេរា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្ន និងបរលោក។ អដ្ឋកថា]។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលពាល ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយកុហក ជាអ្នកតាំងនៅក្នុងសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងគិតក្នុងពាក្យ ដែលអ្នកផងនិយាយនោះ យ៉ាងនេះថា អ្នកផង តែងប្រឹក្សាពាក្យណា ដែលកើតអំពីអំពើនោះ សមគួរដល់អំពើនោះ ធម៌ទាំងឡាយនោះ ក៏មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងទទួលទុក្ខ ទោមនស្ស ទី១នេះ ក្នុងបច្ចុប្បន្ន។ [១៣៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពាល ឃើញព្រះរាជាទាំងឡាយ កាលចាប់ចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម [១-១៣មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ ក្នុងគម្ពីមជ្ឈិមនិកាយមូលបណ្ណាសកៈ បឋមភាគ ទំព័រ ៣២០-៣២១] គឺអំពើដែលគេធ្វើក្បាល ឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម [២] គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ ឲ្យធ្វើរាហុមុខកម្ម [៣] គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ ឲ្យធ្វើនូវជោតិមាលិកកម្ម [៤] គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ ឲ្យធ្វើនូវហត្ថប្បជោតិកកម្ម [៥] គឺអំពើដែលគេដុតដៃខ្លះ ឲ្យធ្វើនូវឯរកវត្តិកកម្ម [៦] គឺអំពើដែលគេធ្វើដូចជាគេពន្លាត់ស្បែកពពែខ្លះ ឲ្យធ្វើនូវចីរកវាសិកកម្ម [៧] គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ ឲ្យធ្វើនូវឯណេយ្យកកម្ម [៨] គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ ឲ្យធ្វើនូវពលិសមំសិកកម្ម [៩] គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ ឲ្យធ្វើនូវកហាបណកកម្ម [១០] គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណប៉ុនកហាបណមួយៗខ្លះ ឲ្យធ្វើនូវខារាបតច្ឆិកកម្ម [១១] គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ ឲ្យធ្វើនូវពលីឃបរិវត្តិកកម្ម [១២] គឺអំពើដែលគេធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ឲ្យធ្វើនូវបលាលបីឋកកម្ម [១៣] គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងត្រិះរិះក្នុងអំពើទាំងនោះ យ៉ាងនេះថា ព្រះរាជាទាំងឡាយ ចាប់ចោរដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ។បេ។ ឲ្យកាត់ក្បាល ដោយដាវខ្លះ ព្រោះតែបាបកម្ម មានសភាពយ៉ាងណាៗ។ ធម៌ទាំងឡាយនោះ ក៏មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ បើព្រះរាជាទាំងឡាយ ជ្រាបនូវអញហើយ មុខជាព្រះរាជា នឹងចាប់អញ ហើយត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗមិនខាន គឺឲ្យវាយដោយរំពាត់ខ្លះ។បេ។ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងទទួលទុក្ខ ទោមនស្ស ទី២ នេះឯង ក្នុងបច្ចុប្បន្ន។ [១៣៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពាល កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើអាក្រក់ទាំងឡាយ គឺការប្រព្រឹត្តអាក្រក់ដោយកាយ ប្រព្រឹត្តិអាក្រក់ដោយវាចា ប្រព្រឹត្តិអាក្រក់ដោយចិត្តណា ដែលគេធ្វើទុកក្នុងកាលមុន អំពើអាក្រក់ទាំងនោះឯង តែងគ្របដណ្តប់ សង្កត់សង្កិន រួបរឹតគេ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ស្រមោលនៃកំពូលភ្នំដ៏ធំ តែងក្រាលរាលដាល គ្របលើផែនដី ក្នុងវេលាថ្ងៃរសៀល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចបុគ្គលពាល កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើអាក្រក់ទាំងឡាយ គឺការប្រព្រឹត្តិអាក្រក់ដោយកាយ ប្រព្រឹត្តិអាក្រក់ដោយវាចា ប្រព្រឹត្តិអាក្រក់ដោយចិត្តណា ដែលធ្វើទុកក្នុងកាលមុន អំពើអាក្រក់ទាំងនោះឯង តែងគ្របដណ្តប់ សង្កត់សង្កិន រួបរឹតគេ ក្នុងសម័យនោះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងគិតក្នុងអារម្មណ៍ ដែលប្រាកដ ក្នុងចក្ខុទ្វារនោះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ មិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើបុណ្យ សម្រាប់ការពារភ័យទុកសោះ អាត្មាអញ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើក្តៅក្រហាយទុក ពួកជនដែលមិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើបុណ្យ សម្រាប់ការពារភ័យទុក ជាអ្នកបានធ្វើតែអំពើបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើក្តៅក្រហាយទុក រមែងមានគតិណា អាត្មាអញ នឹងទៅកាន់គតិនោះ ក្នុងបរលោក។ បុគ្គលពាលនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងទទួលទុក្ខ ទោមនស្ស ទី៣ នេះឯង ក្នុងបច្ចុប្បន្ន។ [១៤០] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលនិយាយតាមហេតុ តែងនិយាយចំពោះទីណាថា ជាទីមិនគួរប្រាថ្នាតែមួយយ៉ាង មិនគួរត្រេកអរតែមួយយ៉ាង មិនគួរពេញចិត្តតែមួយយ៉ាង ដូច្នេះ ទីនោះ គឺនរកនុ៎ះឯង ដែលអ្នកផងនិយាយតាមហេតុ តែងនិយាយថា ជាទីមិនគួរប្រាថ្នាតែមួយយ៉ាង មិនគួរត្រេកអរតែមួយយ៉ាង មិនគួរពេញចិត្តតែមួយយ៉ាង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មិនងាយនឹងធ្វើឧបមា ឲ្យដល់កម្រិតនរក ដែលមានទុក្ខបានឡើយ។ [១៤១] កាលបើព្រះអង្គទ្រង់ត្រាស់ យ៉ាងនេះហើយ មានភិក្ខុមួយរូប ក្រាបបង្គំទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ អាចនឹងធ្វើសេចក្តីឧបមាបានឬទេ។ ព្រះមានព្រះភាគត្រាស់តបថា ម្នាលភិក្ខុ តថាគត អាចនឹងធ្វើបាន រួចទ្រង់សំដែងថា ម្នាលភិក្ខុទាំងឡាយ ដូចពួករាជបុរស ចាប់ចោរប្រព្រឹត្តអាក្រក់បានហើយ នាំមកថ្វាយព្រះរាជា ទូលថា បពិត្រព្រះសម្មតិទេព អ្នកនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ បើទ្រង់សព្វព្រះហ្ឬទ័យនឹងដាក់អាជ្ញាណា ដល់ចោរនេះ សូមទ្រង់ដាក់អាជ្ញានោះចុះ។ ព្រះរាជា មានព្រះឱង្ការ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា ទៅយកលំពែងមួយរយ ចាក់បុរសនេះ ក្នុងវេលាព្រឹកព្រហាមចុះ។ ពួករាជបុរស ក៏យកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាព្រឹកព្រហាម។ លុះវេលាថ្ងៃត្រង់ ព្រះរាជា មានព្រះឱង្ការសួរ យ៉ាងនេះថា នែប្រស្តែង ចុះបុរសនោះ តើដូចម្តេចទៅ។ ពួករាជបុរស ក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ រស់នៅឡើយទេ។ ព្រះរាជា ត្រាស់បង្គាប់ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា ទៅយកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃត្រង់ចុះ។ ពួករាជបុរស យកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃត្រង់។ លុះវេលាថ្ងៃរសៀល ព្រះរាជា ក៏មានព្រះឱង្ការសួរ យ៉ាងនេះថា នែប្រស្តែង ចុះបុរសនោះ តើដូចម្តេចទៅ។ ពួករាជបុរស ក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ រស់នៅឡើយទេ។ ព្រះរាជា មានព្រះឱង្ការបង្គាប់ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា ទៅយកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃរសៀលចុះ។ លុះវេលាថ្ងៃរសៀល ពួករាជបុរស ក៏យកលំពែងមួយរយ ចាក់បុរសនោះទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ កាលបើគេចាក់ដោយលំពែងបីរយ តើនឹងទទួលទុក្ខ ទោមនស្ស ព្រោះលំពែងនោះជាហេតុដែរឬទេ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន បុរសនោះ សូម្បីគេចាក់ដោយលំពែងតែមួយ ក៏ទទួលទុក្ខ ទោមនស្ស ព្រោះលំពែងនោះ ជាហេតុទៅហើយ ចាំបាច់និយាយថ្វី ដល់ទៅចាក់ដោយលំពែងបីរយ។ [១៤២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចាប់ថ្មតូច ប្រមាណប៉ុនបាតដៃ ហើយត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ដុំថ្មប្រមាណប៉ុនបាតដៃ ដែលតថាគតកំពុងកាន់នេះ និងស្តេចភ្នំហិមពាន្ត តើណាធំជាង។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលព្រះអង្គកំពុងកាន់នេះ តូចពេកណាស់ ប្រៀបផ្ទឹមនឹងស្តេចភ្នំហិមពាន្តនោះ មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចជាបុរស ដែលគេចាក់ដោយលំពែងបីរយ រមែងរងទុក្ខ ទោមនស្សណា ព្រោះលំពែងនោះជាហេតុ។ ទុក្ខនោះឯង ប្រៀបផ្ទឹមនឹងទុក្ខរបស់នរក ក៏មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។ [១៤៣] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ធ្វើកម្មករណ៍ឈ្មោះ បញ្ចពិធពន្ធន៍ (ចំណង៥ប្រការ) ចំពោះសត្វនរកនោះ។ គឺផ្តេក (សត្វនរកនោះ) ហើយបោះដែកគោលដ៏ក្តៅ ត្រង់ដៃ (ខាងស្តាំ) ១ បោះដែកគោលដ៏ក្តៅ ត្រង់ដៃខាងឆ្វេង១ បោះដែកគោលដ៏ក្តៅ ត្រង់ជើង (ខាងស្តាំ) ១ បោះដែកគោលដ៏ក្តៅ ត្រង់ជើងខាងឆ្វេង១ បោះដែកគោលដ៏ក្តៅ ចំកណ្តាលទ្រូង១។ សត្វនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងទីនោះ បើបាបកម្មនោះ មិនទាន់អស់ដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល លុះផ្តេកសត្វនរកនោះរួចហើយ ទើបយកដឹងចាំង។ សត្វនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង ក្នុងទីនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់សត្វនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយច្រាសដោយកាំបិតព្រា។ សត្វនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង ក្នុងទីនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ទឹមសត្វនោះនឹងរថ ហើយបរទៅ បរមក លើប្រថពី ដែលភ្លើងកំពុងឆេះសព្វ ភ្លឺសន្ធោសន្ធៅ ច្រាលឆ្អៅ។ សត្វនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ប្រើសត្វនោះ ឲ្យឡើងភ្នំ ឲ្យចុះអំពីភ្នំរងើកភ្លើងដ៏ធំ ដែលកំពុងឆេះក្តៅសព្វ ភ្លឺសន្ធោសន្ធៅ ច្រាលឆ្អៅ។ សត្វនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងទីនោះ បើបាបកម្មនោះ មិនទាន់អស់ដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់សត្វនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ទំលាក់ទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺសន្ធោសន្ធៅ ច្រាលឆ្អៅ។ សត្វនោះ ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ។ កាលសត្វនោះ ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ ចួនកាលអណ្តែតឡើងលើម្តង ចួនកាលអណ្តែតចុះក្រោមម្តង ចួនកាលអណ្តែតទទឹងម្តង។ សត្វនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងខ្ទះទង់ដែងនោះ បើបាបកម្មនោះ មិនទាន់អស់ដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏ចាប់បោះសត្វនោះ ទៅក្នុងមហានរក។ ម្នាលភិក្ខុទាំងឡាយ មហានរកនោះសោត មានជ្រុងបួន មានទ្វារបួន បែងចែកដោយចំណែកៗ មានរបងដែកព័ទ្ធជុំវិញ គ្របដោយគម្របដែក។ ផ្ទៃក្រោមនៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះ ភ្លឺច្រាលរន្ទាល ផ្សាយទៅ បានមួយរយយោជន៍ជុំវិញ តាំងនៅសព្វៗកាល។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងរៀបរាប់ អំពីនរក ដោយអនេកបរិយាយទៅ ក៏បាន។ ម្នាលភិក្ខុទាំងឡាយ តែដំណើរដែលតថាគតពោលទៅ មិនងាយនឹងដល់កម្រិតនរក ដែលមានទុក្ខបានឡើយ។ [១៤៤] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន (ខ្លះ) មានស្មៅជាអាហារ។ ពួកសត្វតិរច្ឆានទាំងនោះ រមែងស៊ីស្មៅស្រស់ ច្រឹបផ្តាច់ដោយធ្មេញ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន ដែលមានស្មៅជាអាហារ តើអ្វីខ្លះ គឺ សេះ គោ លា ពពែ ម្រឹគ ឬក៏សត្វតិរច្ឆានណាមួយដទៃទៀត ដែលមានស្មៅជាអាហារដូចគ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរស់អាហារ ក្នុងកាលពីមុន ក្នុងលោកនេះ ហើយធ្វើកម្មដ៏លាមក ក្នុងលោកនេះ លុះបែងធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលមានស្មៅជាអាហារនោះ។ [១៤៥] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន (ខ្លះ) មានលាមកជាអាហារ។ ពួកសត្វតិរច្ឆានទាំងនោះ គ្រាន់តែធំក្លិនលាមកអំពីចម្ងាយ ក៏ស្ទុះទៅ ដោយគិតថា យើងនឹងស៊ីក្នុងទីនុ៎ះ យើងនឹងស៊ីក្នុងទីនុ៎ះ។ ពួកព្រាហ្មណ៍ តែងស្ទុះទៅតាមក្លិននៃគ្រឿងបូជា ដោយគិតថា យើងនឹងបរិភោគ ក្នុងទីនុ៎ះ យើងនឹងបរិភោគ ក្នុងទីនុ៎ះ សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន ដែលមានលាមកជាអាហារ ពួកសត្វតិរច្ឆាននោះ គ្រាន់តែធំក្លិនលាមកអំពីចម្ងាយ ក៏ស្ទុះទៅ ដោយគិតថា យើងនឹងស៊ីក្នុងទីនុ៎ះ យើងនឹងស៊ីក្នុងទីនុ៎ះ ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន ដែលមានលាមកជាអាហារ តើអ្វីខ្លះ គឺ មាន់ ជ្រូក ឆ្កែ ចចក ឬក៏សត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលមានលាមកជាអាហារដូចគ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមកក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលមានលាមកជាអាហារនោះ។ [១៤៦] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន កើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹត។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន កើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹត តើអ្វីខ្លះ គឺ កន្លាត ទាក ជន្លេន ឬក៏សត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលកើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹតដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមក ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលកើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹតនោះ។ [១៤៧] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន កើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹក។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន កើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹក តើអ្វីខ្លះ គឺ ត្រី អណ្តើក ក្រពើ ឬក៏សត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលកើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹកដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមក ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលកើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹកនោះ។ [១៤៨] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន កើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាត។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន កើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាត តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតក្នុងត្រីស្អុយក៏មាន ចាស់ក្នុងត្រីស្អុយក៏មាន ស្លាប់ក្នុងត្រីស្អុយក៏មាន ក្នុងសាកសពស្អុយក៏មាន… ក្នុងនំស្អុយក៏មាន … ក្នុងរណ្តៅជ្រាំក៏មាន … កើតក្នុងប្រឡាយបង្ហូរជ្រាំក៏មាន។បេ។ ឬក៏ពួកសត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលកើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាតដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមកក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វដែល កើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាតនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង រៀបរាប់នូវកំណើត នៃសត្វតិរច្ឆាន ដោយអនេកបរិយាយទៅក៏បាន។ ម្នាលភិក្ខុទាំងឡាយ តែដំណើរដែលតថាគតពោលទៅ ក៏មិនងាយនឹងដល់កម្រិតកំណើតសត្វតិរច្ឆាន ដែលមានទុក្ខបានឡើយ។ [១៤៩] ម្នាលភិក្ខុទាំងឡាយ ដូចបុរសដាក់នឹម ដែលមានច្បោះតែមួយ ទៅក្នុងមហាសមុទ្រ។ ខ្យល់ពីខាងកើត បក់បន្សាត់នឹមនោះទៅខាងលិច ខ្យល់ពីខាងលិច បក់បន្សាត់ទៅខាងកើត ខ្យល់ពីខាងជើង បក់បន្សាត់ទៅខាងត្បូង ខ្យល់ពីខាងត្បូង បក់បន្សាត់ទៅខាងជើង។ ក្នុងមហាសមុទ្រនោះ មានអណ្តើកខ្វាក់មួយ អណ្តើកនោះ អំណើះទៅមួយរយឆ្នាំ ទើបងើបឡើងម្តង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច អណ្តើកខ្វាក់នោះ តើអាចនឹងច្រកកឲ្យចូលទៅក្នុងនឹម ដែលមានច្បោះតែមួយនោះបានឬទេ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន មិនបានទេ បពិត្រព្រះអង្គដ៏ចម្រើន បើក្រែងតែកន្លងកាលទៅម្តងៗ យូរអង្វែងណាស់ (ទើបអណ្តើកនោះ ច្រកកចូលទៅក្នុងច្បោះនឹមនោះបាន)។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អណ្តើកខ្វាក់នោះ ច្រកកឲ្យចូលទៅក្នុងនឹម ដែលមានច្បោះតែមួយនោះ ទុកថាជាឆាប់ណាស់ផង។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលពាល ទៅកើតជាវិនិបាតម្តងហើយ កម្រនឹងបានអត្តភាពមកជាមនុស្សវិញ ជាងអណ្តើកខ្វាក់នោះទៅទៀត ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ក្នុងវិនិបាតនោះ មិនមានការប្រព្រឹត្តិធម៌ដ៏ស្មើ មិនមានការធ្វើកុសល មិនមានការធ្វើបុណ្យទេ ម្នាលភិក្ខុទាំងឡាយ មានតែការខាំស៊ីនូវគ្នា និងគ្នា សម្លាប់គ្នាដែលមានកម្លាំងថយ តែងមាននៅក្នុងវិនិបាតនោះ។ [១៥០] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ប្រសិនបើអំណើះកាល យូរអង្វែងទៅ ម្តងៗ ទើបបានមកកាន់អត្តភាពជាមនុស្ស ក្នុងកាលជាខាងក្រោយ តែងកើតក្នុងត្រកូលថោកទាប គឺ ត្រកូលចណ្ឌាល ត្រកូលអ្នកនេសាទ ត្រកូលអ្នកត្បាញផែង ត្រកូលអ្នកធ្វើរថ ត្រកូលអ្នកកើបសម្រាម ជាត្រកូលកំសត់ ឥតមានបាយ ទឹក ភោជន ប្រព្រឹត្តរស់នៅដោយលំបាក ជាត្រកូលរកបាយស៊ី និងសំពត់ស្លៀកបានដោយត្រដាបត្រដួស។ បុគ្គលនោះឯង ជាមនុស្សមានសម្បុរអាក្រក់ មិនគួរអ្នកផងមៀងមើល ជាមនុស្សតឿ មានជម្ងឺច្រើន ជាមនុស្សខ្វាក់ ក្ងែង ខ្ចក ខ្វិន ជាអ្នកមិនបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីនៅអាស្រ័យ គ្រឿងប្រទីបឡើយ។ បុគ្គលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្ត។ បុគ្គលនោះ លុះប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ ដល់បែកធ្លាយរៀងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ [១៥១] ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងអ្នកលេងល្បែងភ្នាល់ តែងធ្វើកូនឲ្យហិនហោចទៅផង ធ្វើប្រពន្ធឲ្យហិនហោចទៅផង ធ្វើសម្បត្តិទាំងពួង ឲ្យហិនហោចទៅផង ដោយការចាញ់ជាដំបូង តទៅមុខ ក៏ដល់នូវការជាប់វ័ណ្ឌខ្លួនឯងទៀត។ ម្នាលភិក្ខុទាំងឡាយ ត្រង់ហេតុដែលអ្នកលេងល្បែងភ្នាល់នោះ ធ្វើកូនឲ្យហិនហោចទៅផង ធ្វើប្រពន្ធឲ្យហិនហោចទៅផង ធ្វើសម្បត្តិទាំងពួង ឲ្យហិនហោចទៅផង ដោយការចាញ់ជាដំបូង តទៅមុខ ក៏ដល់នូវការជាប់វ័ណ្ឌខ្លួនឯងទៀតនោះ ឈ្មោះថា ចាញ់បន្តិចបន្តួចទេ។ ចំណែកខាងបុគ្គលពាលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតសត្វតិរច្ឆាន ប្រេត អសុរកាយ នរកនេះឯង ទើបឈ្មោះថា ការចាញ់យ៉ាងធំ ជាងនោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា ពាលភូមិ ដ៏បរិបូណ៌គ្រប់គ្រាន់។ [១៥២] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត មានហេតុជាគ្រឿងចំណាំថា ជាបណ្ឌិត មានហេតុជាគ្រឿងសំគាល់ថាជាបណ្ឌិត មានចរិតជាបណ្ឌិត ៣ យ៉ាងនេះ។ ហេតុ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតក្នុងលោកនេះ ជាអ្នកគិតគំនិតល្អ១ និយាយសំដីល្អ១ ធ្វើអំពើល្អ១។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនជាបណ្ឌិតនោះ ជាអ្នកមិនគិតគំនិតល្អផង មិននិយាយសំដីល្អផង មិនធ្វើអំពើល្អផងទេ។ តើពួកអ្នកប្រាជ្ញណា នឹងស្គាល់ជនជាបណ្ឌិតនោះថា អ្នកដ៏ចម្រើននេះ ជាបណ្ឌិត ជាសប្បុរស ដូច្នេះបាន។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត ជាអ្នកគិតគំនិតល្អផង និយាយសំដីល្អផង ធ្វើអំពើល្អផង ព្រោះហេតុណា ហេតុនោះ បានជាពួកអ្នកប្រាជ្ញ ស្គាល់ជនជាបណ្ឌិតនោះថា អ្នកនេះជាបណ្ឌិត ជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះសោត តែងទទួលនូវសេចក្តីសុខ សោមនស្ស ៣យ៉ាង ក្នុងបច្ចុប្បន្ននេះ។ [១៥៣] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនជាបណ្ឌិត អង្គុយក្នុងសាលាក្តី អង្គុយក្នុងច្រកក្តី អង្គុយក្នុងផ្លូវបែកជា៤ក្តី ចំណែកអ្នកផង ដែលអង្គុយក្នុងបរិស័ទនោះ តែងប្រឹក្សាពាក្យ (ថ្លែងអំពីទោស) ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ។ ម្នាលភិក្ខុទាំងឡាយ បើជនជាបណ្ឌិត ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកនូវសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះ តែងគិតក្នុងពាក្យ ដែលអ្នកផងនិយានោះថា អ្នកផងតែងប្រឹក្សាពាក្យណា ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ ធម៌ទាំងឡាយនោះ មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងទទួលនូវសេចក្តីសុខ សោមនស្ស ទី១នេះ ក្នុងបច្ចុប្បន្ន។ [១៥៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ជនជាបណ្ឌិតឃើញនូវព្រះរាជាទាំងឡាយ កាលចាប់នូវចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ [១។ល។ ១៣ មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ ក្នុងគម្ពីរមជ្ឈិមនិកាយ មូលបណ្ណាសកៈ បឋមភាគ ត្រង់ទំព័រ ៣២០-៣២១។] ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ [២] ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ [៣] ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ [៤] ឲ្យធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ [៥] ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ [៦] ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ [៧] ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ [៨] ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូច [៩] ខ្លះ ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើ ឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈ មួយៗខ្លះ [១០] ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ [១១] ឲ្យធ្វើនូវបលីឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ [១២] ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ [១៣] ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតតែងត្រិះរិះ ក្នុងអំពើទាំងនោះ យ៉ាងនេះថា ព្រះរាជាទាំងឡាយ ចាប់ចោរដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលីងដូចជាសំបកស័ង្ខខ្លះ ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហុខ្លះ ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើងខ្លះ ឲ្យធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាពន្លាត់ស្បែកពពែខ្លះ ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាជើងសត្វទ្រាយខ្លះ ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូចខ្លះ ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើ ឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈមួយៗខ្លះ ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សា ស្រោចខ្លះ ឲ្យធ្វើនូវបលីឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ ព្រោះហេតុបាបកម្ម មានសភាពយ៉ាងណាៗ។ ធម៌ទាំងឡាយនោះ មិនមានក្នុងអាត្មាអញ ទាំងអាត្មាអញសោត ក៏មិនប្រាកដក្នុងធម៌ទាំងឡាយនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត រមែងទទួលសេចក្តីសុខ សោមនស្ស ទី២ នេះឯង ក្នុងបច្ចុប្បន្ន។ [១៥៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ជនជាបណ្ឌិត កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើល្អទាំងឡាយ គឺការប្រព្រឹត្តិល្អដោយកាយ ការប្រព្រឹត្តិល្អដោយវាចា ការប្រព្រឹត្តិល្អដោយចិត្តណា ដែលជនជាបណ្ឌិតនោះ ធ្វើទុកក្នុងកាលមុន អំពើល្អទាំងនោះឯង តែងគ្របដណ្តប់ ស្រោចស្រង់ ទំនុកបម្រុងនូវជនជាបណ្ឌិតនោះ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ស្រមោលនៃកំពូលភ្នំដ៏ធំ តែងក្រាល រាលដាល គ្របលើផែនដី ក្នុងវេលាថ្ងៃរសៀល មានឧបមា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចជនជាបណ្ឌិត កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើល្អទាំងឡាយ គឺការប្រព្រឹត្តិល្អដោយកាយ ការប្រព្រឹត្តិល្អដោយវាចា ការប្រព្រឹត្តិល្អដោយចិត្តណា ដែលជនជាបណ្ឌិតនោះ ធ្វើទុកក្នុងកាលមុន អំពើល្អទាំងនោះឯង តែងគ្របដណ្តប់ ស្រោចស្រង់ ទំនុកបម្រុងនូវជនជាបណ្ឌិតនោះ ក្នុងសម័យនោះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងគិតក្នុងអារម្មណ៍ ដែលប្រាកដក្នុងចក្ខុទ្វារនោះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ មិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើក្តៅក្រហាយទុកទេ អាត្មាអញ ធ្វើតែអំពើល្អ ធ្វើតែអំពើកុសល ធ្វើតែបុណ្យសម្រាប់ការពារភ័យ ពួកជនដែលមិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើក្តៅក្រហាយទុក ជាអ្នកធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែបុណ្យសម្រាប់ការពារភ័យ រមែងមានគតិយ៉ាងណា អាត្មាអញ នឹងទៅកាន់គតិនោះ ក្នុងបរលោក។ ជនជាបណ្ឌិតនោះ តែងមិនក្រៀមក្រំចិត្ត មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោយំ មិនដល់នូវសេចក្តីវង្វេង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងទទួលសេចក្តីសុខ សោមនស្ស ទី៣ នេះឯង ក្នុងបច្ចុប្បន្ន។ [១៥៦] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះសោត បានប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលនិយាយតាមហេតុ តែងនិយាយចំពោះទីណា ថាជាទីគួរប្រាថ្នាតែមួយយ៉ាង គួរត្រេកអរតែមួយយ៉ាង គួរពេញចិត្តតែមួយយ៉ាងដូច្នេះ ទីនោះ គឺឋានសួគ៌នោះឯង ដែលអ្នកផងនិយាយតាមហេតុ តែងនិយាយថា ជាទីគួរប្រាថ្នាតែមួយយ៉ាង គួរត្រេកអរតែមួយយ៉ាង គួរពេញចិត្តតែមួយយ៉ាង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មិនងាយនឹងធ្វើឧបមា ឲ្យដល់កម្រិតឋានសួគ៌ ដែលមានសេចក្តីសុខបានឡើយ។ [១៥៧] កាលបើព្រះអង្គត្រាស់យ៉ាងនេះហើយ មានភិក្ខុមួយរូប ក្រាបបង្គំទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ អាចនឹងធ្វើឧបមាបានឬទេ។ ព្រះមានព្រះភាគ ត្រាស់តបថា ម្នាលភិក្ខុ តថាគត អាចនឹងធ្វើបាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដូចស្តេចចក្រពត្តិ ទ្រង់ប្រកបដោយរតនៈ ៧ប្រការ និង ដោយឫទ្ធិ ៤យ៉ាង ហើយទ្រង់សោយសេចក្តីសុខ សោមនស្ស ព្រោះរតនៈ និង ឫទ្ធិនោះ ជាហេតុ។ រតនៈ ទាំង៧ប្រការ នោះ តើដូចម្តេចខ្លះ។ ....អានបន្តបញ្ចប់អត្ថបទ....
images/articles/3104/756ryergre.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣ (អាន: ៣,៥៨៨ ដង)
[១១] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា សួរព្រះមានព្រះភាគថា ជនត្រូវកាត់បង់ធម៌ប៉ុន្មាន ត្រូវលះបង់ធម៌ប៉ុន្មាន ត្រូវអប់រំធម៌ប៉ុន្មានតទៅ ភិក្ខុកន្លងបង់ នូវធម៌ ជាគ្រឿងចំពាក់ប៉ុន្មាន ទើបហៅថា អ្នកឆ្លងឱឃៈបាន។ [១២] ព្រះមានព្រះភាគ ត្រាស់តបថា ជនត្រូវកាត់សំយោជនៈ ជាចំណែកខាងក្រោម៥ ត្រូវលះបង់សំយោជនៈ ជាចំណែកខាងលើ៥ ត្រូវអប់រំ នូវឥន្ទ្រិយ ទាំង៥ តទៅ ភិក្ខុកន្លងបង់នូវសង្គៈ គឺធម៌ជាគ្រឿងចំពាក់ [សំដៅយក រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ។] ទាំង៥យ៉ាង ទើបហៅថា អ្នកឆ្លងអន្លង់បាន។ កតិច្ឆិន្ទិសូត្រ ទី ៥ បិដកភាគ ២៩ ទំព័រ ៦ ឃ្នាប ១១ ដោយ​៥០០០​ឆ្នាំ​
images/articles/3105/756yerg.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣ (អាន: ៤,៩៤២ ដង)
[៥៧] ម្នាលគហបតិបុត្ត អ្នកត្រូវស្គាល់ពួកមនុស្ស ដែលមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម៤ពួកនេះគឺ អ្នកត្រូវស្គាល់ពួកមនុស្ស ដែលគិតយកតែប្រយោជន៍ខ្លួនថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់ពួកមនុស្ស ល្អតែសំដីថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់មនុស្ស ដែលនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្តថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់មនុស្ស ជាសំឡាញ់ ក្នុងការវិនាសភោគៈទាំងឡាយថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១។ [៥៨] ម្នាលគហបតិបុត្ត មនុស្សគិតយកតែប្រយោជន៍ខ្លួន មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម (នោះ) អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺមិត្តគិតយកតែប្រយោជន៍ខ្លួន១ មិត្តប្រាថ្នាយករបស់ច្រើន ដោយ(ឲ្យ)របស់តិចតួច១ ទាល់តែមានភ័យ ទើបជួយធ្វើកិច្ចរបស់មិត្ត១ សេពគប់មិត្ត ព្រោះហេតុតែប្រយោជន៍១។ ម្នាលគហបតិបុត្ត មិត្តគិតយកតែប្រយោជន៍ខ្លួន មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។ [៥៩] ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤ គឺមិត្តទទួលរាក់ទាក់ដោយរបស់ដែលកន្លងហើយ១ ទទួលរាក់ទាក់ដោយរបស់ដែលមិនទាន់មានមក១ សង្គ្រោះដោយអំពើឥតប្រយោជន៍ ១ កាលកិច្ចទាំងឡាយ កើតឡើងភ្លាមៗ ក៏សំដែងអាងរបស់ខូចខាត [ពឹងការអ្វីមិនបាន បើត្រូវពឹងរកអ្វីៗ ក៏ប្រាប់ថារបស់នោះ ខូចនេះ បាត់នោះជាដើម។]១ ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។ [៦០] ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺបើមិត្តធ្វើអំពើអាក្រក់ ក៏យល់ព្រមតាម១ មិត្តធ្វើអំពើល្អ ក៏យល់ព្រមតាម១ ពណ៌នាគុណមិត្ត តែក្នុងទីចំពោះមុខ១ ពោលទោសមិត្ត ក្នុងទីកំបាំងមុខ១។ ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។ [៦១] ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺជាសំឡាញ់ក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរាមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ១ ជាសំឡាញ់ក្នុងការប្រកបរឿយៗ នូវការត្រាច់ទៅតាមច្រកល្ហក ខុសកាល១ ជាសំឡាញ់ក្នុងកិរិយាដើរមើលល្បែង មហោស្រព១ ជាសំឡាញ់ក្នុងកិរិយាប្រកបរឿយៗ នូវល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ១។ ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសំដែងសេចក្តីនេះ លុះព្រះសុគត ជាសាស្តា សំដែងសេចក្តីនេះហើយ ទើបទ្រង់សំដែងពាក្យគាថាព័ន្ធ តទៅទៀតថា [៦២] បុគ្គលដែលជាមិត្ត គិតយកតែប្រយោជន៍ខ្លួន១ បុគ្គលដែលជាមិត្ត ល្អតែសំដី១ បុគ្គលដែលនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត១ បុគ្គលដែលជាសំឡាញ់ ក្នុងផ្លូវវិនាស១ បណ្ឌិត ដឹងថាបុគ្គលទាំង៤ពួកនុ៎ះ មិនមែនជាមិត្តហើយ គប្បីចៀសវាងឲ្យឆ្ងាយ ដូចជាអ្នកដំណើរ ចៀសវាងផ្លូវដែលប្រកបដោយភ័យ ដូច្នោះ។ មិត្តមិនគួរសេពគប់ ៤ យ៉ាង បិដក ១៩ ទំព័រ ៧៨ ឃ្នាប ៥៧ ដោយ​៥០០០​ឆ្នាំ​
images/articles/3109/243Ek.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣ (អាន: ៦,៨២៧ ដង)
[៦៩] ម្នាលគហបតិ អរិយសាវ័ក បិទបាំងទិសទាំង៦ដូចម្តេច។ ម្នាលគហបតិបុត្ត អ្នកត្រូវដឹងទិសទាំង៦ ដូច្នេះគឺ មាតាបិតា អ្នកត្រូវដឹងថា ទិសខាងកើត១ អាចារ្យ អ្នកត្រូវដឹងថា ទិសខាងត្បូង១ កូននិងប្រពន្ធ អ្នកត្រូវដឹងថា ទិសខាងលិច១ មិត្តអាមាត្រ អ្នកត្រូវដឹងថា ទិសខាងជើង១ ទាសៈ និងកម្មករ [ខ្ញុំកំដរ និងអ្នកធ្វើការស៊ីឈ្នួល។] អ្នកត្រូវដឹងថា ទិសខាងក្រោម១ សមណព្រាហ្មណ៍ អ្នកត្រូវដឹងថា ទិសខាងលើ១។ [៧០] ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត កូនត្រូវទំនុកបំរុង ដោយស្ថានទាំងឡាយ៥យ៉ាង គឺកូនត្រូវតាំងចិត្តថា អាត្មាអញ មាតាបិតាបានចិញ្ចឹមរក្សាមកហើយ នឹងចិញ្ចឹមមាតាបិតាវិញ១ នឹងជួយធ្វើការងាររបស់មាតាបិតា១ ទាំងតំកល់វង្សត្រកូល១ ប្រតិបត្តិឲ្យជាអ្នកសមគួរទទួលទ្រព្យមត៌កបាន១ មួយទៀត ឧទ្ទិសទក្ខិណាទាន ដល់មាតាបិតា ដែលធ្វើកាលកិរិយា ទៅកាន់បរលោកហើយ១។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត ដែលកូនទំនុកបំរុង ដោយស្ថានទាំងឡាយ ៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកូន ដោយស្ថានទាំងឡាយ ៥យ៉ាង វិញដូច្នេះ គឺហាមឃាត់កូន ចាកអំពើអាក្រក់១ ឲ្យកូនតម្កល់នៅតែក្នុងអំពើល្អ១ ឲ្យកូនរៀនសូត្រសិល្បសាស្ត្រ១ ដណ្តឹងភរិយាស្វាមីសមគួរឲ្យ១ ចែកទ្រព្យឲ្យកូនក្នុងសម័យគួរ១។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត ដែលកូនទំនុកបំរុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកូន ដោយស្ថាន៥យ៉ាងនេះ ទិសខាងកើតនោះ ដែលកូនបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីឪពុកម្តាយនិងតួនាទីកូនប្រុសស្រី បិដកភាគ ១៩_ ទំព័រ ៨៤ ឃ្នាប ៦៩ ដោយ​៥០០០​ឆ្នាំ​
images/articles/3171/____________________________________.jpg
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣ (អាន: ៣,២៨៥ ដង)
ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​ព្រហ្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​បុព្វទេវតា​ ​(​ទេវតា​ដើម​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​បុព្វាចារ្យ​ ​(​អាចារ្យ​ដើម​)​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ទាំងឡាយ​ណា​ ​ដែល​កូន​បូជា​មាតាបិតា​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​នៅ​រួម​ជាមួយនឹង​អា​ហុនេ​យ្យ​បុគ្គល​ ​(​បុគ្គល​គួរ​បូជា​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ព្រហ្ម​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុព្វទេវតា​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុ​ពា្វ​ចារ្យ​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​អា​ហុនេ​យ្យៈ​នុ៎ះ​ ​ជា​ឈ្មោះ​របស់​មាតាបិតា​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះ​)​ ​មាតាបិតា​ ​មាន​ឧបការៈ​ច្រើន​ ​ជា​អ្នក​បីបាច់​ ​(​ឲ្យគង់​ជីវិត​)​ ​ជា​អ្នក​ចិញ្ចឹម​ ​(​ឲ្យ​បៅ​ទឹកដោះ​)​ ​ទាំង​ជា​អ្នកបង្ហាញ​នូវ​លោក​នេះ​ ​ដល់​កូន​ទាំងឡាយ​។​ ​មាតាបិតា​ទាំងឡាយ​ ​ដែល​ហៅថា​ ​ព្រហ្ម​ក្តី​ ​បុព្វាចារ្យ​ក្តី​ ​អា​ហុនេ​យ្យៈ​ក្តី​ ​(​សុទ្ធតែ​)​ ​ជា​អ្នក​អនុគ្រោះ​ដល់​ពួក​សត្វ​ ​គឺ​កូន​។​ ​ព្រោះហេតុនោះ​ឯង​ ​អ្នកប្រាជ្ញ​ ​គួរ​នមស្ការ​ ​គួរ​ធ្វើសក្ការៈ​ដល់​មាតាបិតា​ទាំងនោះ​ ​ដោយ​បាយ​ ​ទឹក​ ​សំពត់​ ​គ្រឿង​ដេក​ ​គ្រឿង​អប់​ ​គ្រឿង​ផ្ងូត​ទឹក​ ​និង​ទឹក​សម្រាប់​លាង​ជើង​។​ ​ព្រោះ​ការដែល​បាន​ទំនុក​បំរុង​មាតាបិតា​នោះ​ហើយ​ ​បាន​ជា​អ្នកប្រាជ្ញ​ទាំងឡាយ​ ​សរសើរ​នូវ​បុគ្គល​នោះ​ ​ក្នុង​លោក​នេះឯង​ ​បុគ្គល​នោះ​ ​លុះ​លះលោក​នេះ​ទៅ​ហើយ​ ​រមែង​រីករាយ​ក្នុង​ឋានសួគ៌​។​ ​សូត្រ​ ​ទី៧​។​ បិដក ភាគ ៥៣ - ទំព័រទី ១៤១ ដោយ៥០០០ឆ្នាំ
images/articles/3172/_______________________________________.jpg
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣ (អាន: ២,៦៥៨ ដង)
​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​កំណត់ចិត្ត​ដោយចិត្ត​ហើយ​ ​ដឹង​ច្បាស់​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​មានចិត្ត​ប្រទូស្ដ​យ៉ាងនេះ​ថា​ ​បើ​បុគ្គល​នេះ​ ​ធ្វើ​មរណកាល​ទៅ​ ​ក្នុង​សម័យនេះ​ ​មុខ​ជា​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​បុគ្គល​នោះ​ ​មានចិត្ត​ប្រទូស្ដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ហេតុតែ​មានចិត្ត​ប្រទូស្ដ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​និង​នរក​។​ ​ លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​​ព្រះពុទ្ធ​ ​ទ្រង់​ជ្រាប​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​មានចិត្ត​ប្រទូស្ដ​ ​ទើប​ទ្រង់ព្យាករ​សេចក្ដី​នុ៎ះ​ ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​បើ​បុគ្គល​នេះ​ ​ធ្វើ​មរណកាល​ទៅ​ ​ក្នុង​សម័យនេះ​ ​មុខ​ជា​ទៅ​កើត​ក្នុង​នរក​ ​ព្រោះតែ​បុគ្គល​នោះ​ ​មានចិត្ត​ប្រទូស្ដ​ ​បុគ្គល​បែប​នោះ​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​យ៉ាងនេះ​ឯង​ ​សត្វ​ទាំងឡាយ​ ​រមែង​ទៅកាន់​ទុគ្គតិ​ ​ព្រោះហេតុតែ​មានចិត្ត​ប្រទូស​។ ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១០​។​ បិដក ភាគ ៥៣ - ទំព័រទី ១៨ ដោយ៥០០០ឆ្នាំ
images/articles/3112/_______________.jpg
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ២,៨៦៩ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី ។ ក្នុងសម័យនោះ ព្រះអានន្ទដ៏មានអាយុ បានធ្វើវត្តចំពោះព្រះដ៏មានព្រះភាគហើយ ចូលទៅកាន់ទីសម្នាក់របស់លោកពេលថ្ងៃ កំណត់ពេលវេលា គង់អង្គុយចម្រើនសុញ្ញតា ចូលកាន់ផលសមាបត្តិ មានព្រះនិព្វានជាអារម្មណ៍ រួចហើយចេញចាកតាមពេលវេលាដែលបានកំណត់ ។ លំដាប់នោះ សង្ខាររបស់លោកប្រាកដដោយភាពជារបស់សូន្យទទេ លោកប្រាថ្នាស្ដាប់សុញ្ញតាកថា បានចូលគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ក្រាបទូលព្រះអង្គដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សម័យមួយ ព្រះដ៏មាន-ព្រះភាគ គង់ប្រថាប់នៅក្នុងនគរតូចមួយ ជានិគមរបស់ពួកសក្យ ក្នុងសក្កជនបទ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ក្នុងទីចំពោះព្រះភក្ត្រ បានរៀនក្នុងទីចំពោះព្រះភក្ត្រ នៃព្រះដ៏មានព្រះភាគក្នុងទីនោះថា ម្នាលអានន្ទ ឥឡូវនេះ តថាគតនៅច្រើនទៅដោយ សេចក្ដីស្ងប់ស្ងាត់ជាវិហារធម៌ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនោះ ឈ្មោះថាខ្ញុំព្រះអង្គបានស្ដាប់ដោយប្រពៃ បានរៀនដោយប្រពៃ បានធ្វើទុកក្នុងចិត្តដោយប្រពៃ បានចងចាំដោយប្រពៃហើយឬ ។ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបថា ព្រះអានន្ទមានបំណងនឹងស្ដាប់នូវសុញ្ញតាកថា ក្នុងសេចក្ដីនេះ បុគ្គលខ្លះអាចនឹងស្ដាប់ តែមិនអាចនឹងរៀនបាន បុគ្គលខ្លះទៀត អាចនឹងស្ដាប់ទាំងអាចនឹងរៀនបាន តែមិនអាចនឹងសម្ដែងបានឡើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវសុញ្ញតាកថានេះ ដល់ព្រះអានន្ទដ៏មានអាយុ ដោយចាប់ផ្ដើមថា អើអានន្ទ ពាក្យនោះ ឈ្មោះថា អ្នកបានស្ដាប់ដោយប្រពៃ រៀនដោយប្រពៃ ធ្វើទុកក្នុងចិត្តដោយប្រពៃ ចងចាំដោយប្រពៃហើយ ។ ម្នាលអានន្ទ កាលពីដើមក្ដី ឥឡូវនេះក្ដី តថាគតធ្លាប់នៅច្រើន ទៅដោយសេចក្ដីស្ងប់ស្ងាត់ជាវិហារធម៌ ។ ជាបន្ត ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងព្រះសូត្រដែលមានអត្ថជាសុញ្ញតៈនេះ ឱ្យព្រះអានន្ទដ៏មានអាយុមានសេចក្ដីត្រេកអររីករាយ ។ ជំនួយសតិ២៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3113/___________________________.jpg
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ៣,៦៣៥ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនានិគ្រោធារាម ជិតក្រុងកបិលវត្ថុ ។ ក្នុងសម័យនោះ ភិក្ខុទាំងឡាយ មានព្រះអានន្ទ-ដ៏មានអាយុជាដើម កំពុងតែធ្វើនូវចីវរ ក្នុងវិហាររបស់ឃដាយសក្កៈ ជិតនិគ្រោធារាមនោះឯង ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ភិក្ខុដែលត្រេកអរនឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗក្នុងសេចក្ដីត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងមានគ្នីគ្នា រីករាយនឹងគ្នីគ្នា មិនល្អឡើយ ។ ចំពោះភិក្ខុដែលត្រេកអរនឹងពួក នឹងគ្នីគ្នាយ៉ាងនេះ ព្រះអង្គទ្រង់ត្រាស់ថា បានមិនបាច់ប្រាថ្នា បានមិនលំបាក បានដោយស្រួល នូវនេក្ខម្មសុខ វិវេកសុខ ឧបសមសុខ សម្ពោធិសុខ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ ។ ម្យ៉ាងទៀត ការដែលត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នាដូច្នេះ ហើយបានដោយមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយស្រួលនូវចេតោវិមុត្តិ តាមកាល តាមសម័យ គឺរូបជ្ឈាន៤ អរូបជ្ឈាន៤ ជាទីត្រេកអរក្ដី បានដោយស្រួលនូវ ចេតោវិមុត្តិ មិនតាមកាល មិនតាមសម័យ គឺលោកុត្តរមគ្គផល ដែលមិនកម្រើកក្ដី ពាក្យនេះក៏មិនសមហេតុដែរ ។ ជាបន្ត ព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីរូបដែលបុគ្គលត្រេកអរក្រៃលែងហើយ មិននាំឱ្យកើតទុក្ខសោក នៅពេលរូបនោះប្រែប្រួលទៅជាប្រការដទៃ គឺមិនមានឡើយ សូម្បីតែរូបមួយ ។ ព្រះអង្គត្រាស់សម្ដែង អំពីសុញ្ញតផលសមាបត្តិរបស់ព្រះអង្គ ទាំងដាស់តឿនឱ្យភិក្ខុទាំងឡាយ ធ្វើទុកក្នុងចិត្តនូវសុញ្ញតផល-សមាបត្តិក្នុងខ្លួនផងដែរ ។ ព្រះអង្គសម្ដែងអំពីកាមគុណ៥ សម្ដែងអំពីឧបាទានក្ខន្ធ៥ កថាវត្ថុ១០ ឧបទ្រពអាចារ្យ ឧបទ្រពកូនសិស្ស និងឧបទ្រពព្រហ្មចារ្យ ។ ជាចុងក្រោយនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកទាំងឡាយ គួររាប់អានតថាគត ដោយសេចក្ដីប្រតិបត្តិជាមិត្ត កុំរាប់អានតថាគតដោយសេចក្ដីប្រតិបត្តិជាសត្រូវឡើយ ការប្រតិបត្តិជាមិត្តនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់អ្នកទាំងឡាយ អស់កាលជាអង្វែង។...ម្នាលអានន្ទ តថាគតបន្សាត់បង់ បំផ្លាញបង់នូវទោសចេញហើយ ប្រៀនប្រដៅថែមទៀត ដោយគិតថា នឹងឱ្យអ្នកទាំងឡាយ មានសារៈគឺមគ្គផលតាំងនៅក្នុងសន្ដាន ។ ជំនួយសតិ២៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3115/20______ook.jpg
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ៤,៧៧១ ដង)
អរិយសច្ចៈគឺៈ ១- សេចក្តីទុក្ខ មានពិត ២- សេចក្តីទុក្ខ កើតមកពីតណ្ហា ៣- សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់ ៤- ការរួចអំពីទុក្ខ អាចធ្វើបាន ដោយការប្រតិបត្តិអដ្ឋង្គិកមគ្គ ។ ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច៤នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។ តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤ មានដូចតទៅៈ ១- អរិយសច្ចៈនៃទុក្ខ គឺដូច្នេះ ២- អរិយសច្ចៈនៃប្រភពនៃទុក្ខ គឺដូច្នេះ ៣- អរិយសច្ចៈនៃការរំលត់ទុក្ខ គឺដូច្នេះ ៤- អរិយសច្ចៈនៃផ្លូវ ដែលនាំឲ្យដល់ការរំលត់ទុក្ខ គឺដូច្នេះ ។ ១- ធម្មជាតិនៃសេចក្តីទុក្ខ (ទុក្ខអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃធម្មជាតិរបស់ទុក្ខ ជាតិជាទុក្ខ ជរាជាទុក្ខ ព្យាធិជាទុក្ខ មរណៈជាទុក្ខ សេចក្តី ស្តាយស្រណោះ សេចក្តីយំខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីទោមនស្ស សេចក្តីអស់សង្ឃឹម គឺជាទុក្ខ ការជួបប្រសព្វជាមួយ របស់មិនជាទីពេញចិត្ត គឺជាទុក្ខ ការឃ្លាតចេញអំពីអ្វី ដែលជាទីពេញចិត្ត គឺជាទុក្ខ មិនបានអ្វីដែលចង់បាន គឺជាទុក្ខ ដោយសង្ខេប បញ្ចក្ខន្ធប្រកបដោយឧបាទាន (ការជាប់ជំពាក់ចិត្ត) គឺជាទុក្ខ ។ ២- ប្រភពនៃសេចក្តីទុក្ខ (ទុក្ខសមុទយអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃប្រភពនៃសេចក្តីទុក្ខ តណ្ហាដែលនាំឲ្យកើតភពថ្មី ប្រកប ដោយសេចក្តីត្រេកត្រអាល និងរាគៈ ស្វែងរកសេចក្តីត្រេកត្រអាល ជិតនិងឆ្ងាយ គឺកាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា ។ ៣- ការរលត់ទៅនៃទុក្ខ (ទុក្ខនិរោធអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃការរលត់ទៅនៃទុក្ខ ការរលត់អស់ ឥតមានសេសសល់ និងការឈប់នៃតណ្ហានោះ ការបោះបង់ចោល ការរលាស់ចោលវា ការបាននូវសេរីភាព អំពីវា មិនអាស្រ័យដោយសាវា ។ ៤- ផ្លូវទៅកាន់ការរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃផ្លូវទៅកាន់ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការ): សម្មាទិដ្ឋិ សម្មាសំកប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។ វិសុទ្ធិមគ្គ ដោយ​៥០០០​ឆ្នាំ​
images/articles/3137/202____________ook.jpg
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ៣,៥៥១ ដង)
ម្នាលភិក្ខុទាំងឡាយ តថាគតផ្គងទុកនូវសេចកី្តព្យាយាម មិនរួញរាថា ១,២,៣-‘កាមំ តចោ ច ន្ហារុ ច អដ្ឋិ ច អវសិស្សតុ, ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ ៤-សរីរេ ឧបសុស្សតុ មំសលោហិតំ, សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ -យំ តំ បុរិសថាមេន បុរិសវីរិយេន បុរិសបរក្កមេន បត្តព្ពំ ន តំ អបាបុណិត្វា វីរិយស្ស សណ្ឋានំ ភវិស្សតី’តិ គុណវិសេសណាដែលបុគ្គលគួរបានដល់ ដោយកម្លាំងរបស់បុរស, ដោយព្យាយាមរបស់បុរស, ដោយសេចកី្តប្រឹងប្រែង របស់បុរស, (បើ) មិនទាន់បានដល់ នូវគុណវិសេសនោះទេ នឹងមិនបញ្ឈប់នូវសេចកី្តព្យាយាមទៅវិញឡើយ។ តស្ស មយ្ហំ, ភិក្ខវេ, អប្បមាទាធិគតា សម្ពោធិ, អប្បមាទាធិគតោ អនុត្តរោ យោគក្ខេមោ ម្នាលភិក្ខុទាំងឡាយ ពោធិញ្ញាណនៃតថាគត បានសម្រេចហើយដោយសេចកី្តមិនប្រមាទ ធម៌ជាគ្រឿងក្សេមចាកយោគៈដ៏ប្រសើរ ក៏តថាគតបានសម្រេច ដោយសេចកី្តមិនប្រមាទដែរ ។ (សុត្តន្តបិដក » អង្គុត្តរនិកាយ » ទុកនិបាតបាឡិ » កម្មករណវគ្គ ឧបញ្ញាតសូត្រ) «ក្នុងពេលនេះ រាងកាយរបស់យើងមានសេចក្ដីឈឺចាប់ ព្រោះមានរបួសស្លាកស្នាម ក៏ពិតមែនហើយ តែយើងមិនបណ្ដែតបណ្ដោយឲ្យចិត្តកម្រើកញាប់ញ័រទេ ព្រោះយើងដឹងថា អ្នកដែលទន់ខ្សោយ គ្មានខន្តី មិនចេះអត់ធន់ មុខជានឹងធ្លាក់ទៅរងទុក្ខក្នុងនរកពុំខាន, តើអ្នកណានឹងចង់ធ្លាក់ចុះទៅរងទុក្ខវេទនាក្នុងនរកដែលឥតមានទីបំផុតនុ៎ះ? មួយវិញទៀត បើយើងបានបំពេញមេត្តាចិត្តចំពោះសត្វលោកបរិបូណ៌ហើយ, យើងត្រូវរួសរាន់ ឲ្យឆាប់បានដល់សម្មាសម្ពោធិញ្ញាណកុំបង្អង់, យើងនឹងបានស្រោចស្រង់ចម្លងសត្វ ដែលប្រកបដោយទុក្ខលំបាកយ៉ាងនេះ យកទៅដាក់ដល់ឋានបរមសុខគឺព្រះនិព្វានដូចបំណង» ។ «នែចិត្ត ! ហេតុអ្វីក៏ឯងញាប់ញ័ររន្ធត់ ? ចូរឯងមានខន្តីប្រឹងអត់សង្កត់ចំពោះការឈឺចាប់យ៉ាងតិចតួចស្ដួចស្ដើងនេះឲ្យបាន ! សត្វលោកទាំងអស់សុទ្ធសឹងតែជាអ្នកព្យាធិទុក្ខ មានចំនួនរាប់រយពាន់និន្ទាយាយីជានិច្ច, ចូរឯងសម្លឹងមើលចុះ ! សត្វទាំងនោះមិនមានទីពឹង ពំនាក់ពាក់អាស្រ័យទេ សុទ្ធសឹងតែរស់នៅក្នុងអំណាចនៃតណ្ហាទាំងអស់ ។ ឱអាត្មាអញអើយ ! មានតែឯងនេះហើយតើ ដែលត្រូវជួយស្រោចស្រង់ចម្លងសត្វទាំងអស់នោះ, បើឯងបណ្ដែតបណ្ដោយខ្លួនឲ្យលុះក្នុងអំណាចនៃការឈឺចាប់បន្តិចបន្តួចយ៉ាងនេះ, តើឯងមិនអៀនខ្មាសទេឬ?» (សិពិរាជវចន) « បណ្ដាពពួកត្រីតូច ៗ ច្រើនមីរដេដាស, ត្រីដែលអាចធាត់ធំឡើងបាននោះ, មានតិចពេកណាស់ យ៉ាងណាមិញ, មួយវិញទៀត, បណ្ដាផ្លែស្វាយទាំងឡាយ ផ្លែដែលជាប់នៅមិនជ្រុះ លុះដល់ពេញចំណាស់បាននោះ កម្រមានណាស់ យ៉ាងណាមិញ ចំណែកខាងការបានសម្រេចរបស់ព្រះពោធិសត្វទាំងឡាយក៏យ៉ាងនោះដែរ ។ អ្នកដែលតាំងផ្ដើមសេចក្ដីប្រាថ្នាជាពោធិសត្វនោះ មានចំនួនច្រើនពិតមែនហើយ ប៉ុន្តែកម្រមានអ្នកណាបានដល់ទីបំផុតណាស់, ត្រាតែអ្នកដែលមានព្យាយាមមិនដាក់ធុរៈចុះ ខំប្រឹងប្រព្រឹត្តទុក្ករចរិយាយ៉ាងម៉ឺងម៉ាត់ ឥតរួញរាថយក្រោយវិញនោះ ទើបសន្មតថាជាព្រះពោធិសត្វក្នុងអនាគតកាលបាន ។ ហេតុនោះ អ្នកដែលត្រូវការចង់ឲ្យបានដល់ភាពជាព្រះពោធិសត្វពិត ៗ ត្រូវបញ្ចេញទឹកចិត្តខ្ជាប់ខ្ជួនមាំមួនឥតរួញរារំភើបញាប់ញ័រឃ្លេងឃ្លោង បង្ហាញដល់អ្នកដទៃឲ្យឃើញផង » ។ (ឥន្ទ្រាវចន) ដោយសន្តិទេវ ដោយ​៥០០០​ឆ្នាំ​
images/articles/3118/20______ok.jpg
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ២,៦៧០ ដង)
សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាមហាវិហារ-ព្រះជេតពន ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយ អំពីភិក្ខុក្នុងសាសនានេះព្យាករព្រះអរហត្តផល ដោយពាក្យថា ខីណា ជាតិ ( ខ្ញុំដឹងច្បាស់ថា ) ជាតិអស់ហើយ វុសិតំ ព្រហ្មចរិយំ ព្រហ្មចរិយ ខ្ញុំបានប្រព្រឹត្តហើយ ដូច្នេះជាដើម ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវត្រេកអរ មិនត្រូវហាមឃាត់នូវភាសិតរបស់ភិក្ខុនោះឡើយ ។ នៅក្នុងព្រះសូត្រ ព្រះអង្គទ្រង់លើកយកពួកធម៌ ៦ មកជាបញ្ហាសាកសួរ ដើម្បីរកភាពបរិសុទ្ធហ្មត់ចត់ប្រាកដប្រជា ទើបព្រះសូត្រមានឈ្មោះថា ឆវិសោធនសូត្រ ។ ពួកធម៌ ៦ ១-វោហារ ៤ គឺ ទិដ្ឋេ សុតេ មុតេ វិញ្ញាតេ ។ ២-ឧបាទានក្ខន្ធ ៥ មានរូបូបាទានក្ខន្ធជាដើម ។ ៣-ធាតុ ៦ មានបឋវីធាតុជាដើម ។ ៤-អាយតនៈខាងក្នុង និងខាងក្រៅ ៦ ។ ចំពោះពួកធម៌ ៤ ពួកនេះ គប្បីសួរថា ចុះអ្នកដ៏មានអាយុដឹងដូចម្ដេច ឃើញដូចម្ដេច ទើបចិត្តផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំក្នុងពួកធម៌នេះ ។ ៥-កាយដែលប្រកបដោយវិញ្ញាណ ។ ៦-និមិត្តទាំងអស់ជាខាងក្រៅ ។ ចំពោះពួកធម៌ពីរពួកខាងក្រោយនេះ គប្បីសួរថា ចុះអ្នកដ៏មានអាយុ ដឹងដូចម្ដេច ឃើញដូចម្ដេច បានជាដកនូវអហង្ការមមង្ការមានានុស័យក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ជាខាងក្រៅនេះផង ។ នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នឹងភាសិតរបស់ភិក្ខុនោះថា សាធុ ។ លុះភិក្ខុត្រេកអរ អនុមោទនានឹងភាសិតរបស់ភិក្ខុនោះថា សាធុ ហើយ ត្រូវនិយាយថា ម្នាលអាវុសោ យើងពេញជាមានលាភ ម្នាលអាវុសោ អត្តភាពជាមនុស្សយើងបានល្អហើយ ដោយយើងបានឃើញលោកដ៏មានអាយុ ជាអ្នកប្រព្រឹត្តធម៌ល្អប្រាកដដូច្នោះ ។ សូមអនុមោទនា ! សិក្សាព្រះសូត្រភាគ១៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3147/m-original-art-for-sale.jpg
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ៤,៧០៧ ដង)
ភិក្ខុទៅកាន់ទីស្មសាន បានឃើញ​សាកសពស្ត្រី​ដែលគេលះ​បង់ចោល​ក្នុងព្រៃ​ស្មសាន ត្រូវពួកដង្កូវ​រុកជញ្ជែង​ស៊ីធ្លុះធ្លាយ។ ពួកជនខ្លះ​ដែលឃើញ​សាកសព​ស្លាប់ដ៏លាមក​ក៏ខ្ពើម​រអើម តែកាមរាគៈ​កើតឡើង​ប្រាកដ (ក្នុង​សាកសព​នោះ) ដូចជា​បុគ្គលខ្វាក់ អសុចិ​ហូរហៀរ (តាមទ្វារទាំង៩)។ តែអាត្មាអញ​ចៀសចេញ​អំពីទីនោះ ថយជាង​មួយចំអិនបាយ ជាអ្នកមាន​ស្មារតី​ដឹងខ្លួន ចូលទៅកាន់​ទីសមគួរ។ លំដាប់នោះ ការធ្វើទុក​ក្នុងចិត្តដោយ​ឧបាយ​ប្រាជ្ញា ក៏កើតឡើង​ដល់អាត្មាអញ ទោស​ក៏កើតប្រាកដ (ដល់​អាត្មាអញ) សេចក្ដី​នឿយណាយ ក៏តាំង​នៅព្រម (ក្នុងហ្ឫទ័យ​នៃអាត្មាអញ) លំដាប់នោះ ចិត្តរបស់​អាត្មាអញ​ក៏រួច​ស្រឡះ (ចាកកិលេស) អ្នកចូរ​មើលនូវភាព​នៃធម៌ ជាធម៌ល្អ វិជ្ជាទាំង ៣ អាត្មាអញ​បាន​ដល់​ដោយលំដាប់​ហើយ សាសនានៃ​ព្រះពុទ្ធ អាត្មាអញ ក៏បានធ្វើ​ហើយ។ — រាជទត្តត្ថេរ។ បុរសអ្នកប្រាថ្នានូវកិច្ច ប្រកបខ្លួនក្នុង​អំពើដែល​មិនគួរប្រកប ប្រសិនបើ​ត្រាច់​ទៅ មិន​គប្បីបាន (នូវប្រយោជន៍​នោះទេ) នោះឯង ជាលក្ខណៈ​នៃចំណែក​ខាងអាក្រក់។ការដែល​រស់នៅ​ដោយលំបាក អាត្មាអញបានដកចោល​ហើយ បើបុគ្គលណា លះបង់​ធម៌​យ៉ាងឯក គឺ​អប្បមាទ បុគ្គលនោះ ទុកដូចជា​មនុស្សចង្រៃ ម្យ៉ាងទៀត បើបុគ្គលណា លះ​បង់​នូវឥន្ទ្រិយ​ទាំង​អស់ (សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា) បុគ្គលនោះ ទុកដូច​ជា​មនុស្សខ្វាក់ ព្រោះ​មិន​ឃើញ​នូវ​របស់ដែល​ស្មើគ្នា និងមិនស្មើគ្នា។ពិតណាស់ បុគ្គលធ្វើអំពើណា ត្រូវនិយាយ​ចំពោះ​តែអំពើនោះ មិន​ធ្វើនូវ​អំពើណា មិនត្រូវ​និយាយ​ចំពោះ​អំពើនោះទេ បណ្ឌិត​ទាំងឡាយ តែងកំណត់​ដឹងនូវ​បុគ្គល​អ្នកមិនធ្វើ បានតែ​និយាយ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ តែមិនមាន​ក្លិនក្រអូប​យ៉ាងណា​វាចាជា​សុភាសិត រមែងឥតផល ដល់បុគ្គល​អ្នកមិនធ្វើ​តាម ក៏យ៉ាងនោះដែរ។ ផ្កាដ៏​រុងរឿង មាន​ពណ៌ល្អ ប្រកប​ដោយក្លិន​ក្រអូប យ៉ាងណា វាចា​ជាសុភាសិត រមែង​មានផល​ដល់បុគ្គល​អ្នក​ធ្វើតាម ក៏យ៉ាង​នោះដែរ។ — សុភូតត្ថេរ។ ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃ​ដ៏ពីរោះ កុដិ​អាត្មា​ប្រក់​ស្រួល​ហើយ ឥតមានខ្យល់​ចេញចូល​បានទេ អាត្មា​មានចិត្ត​ស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាល​មេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹម​នៃមេឃ​ដ៏ពីរោះ កុដិអាត្មា​ប្រក់ស្រួល​ហើយ ឥតមាន​ខ្យល់ចេញ​ចូល​បានទេ អាត្មាមាន​ចិត្តស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។បេ។ អាត្មាជាអ្នក​ប្រាសចាក​រាគៈ នៅក្នុង​កុដិនោះ។បេ។ អាត្មា​ជាអ្នកប្រាស​ចាកទោសៈ នៅក្នុង​កុដិនោះ។បេ។ អាត្មាជា​អ្នកប្រាស​ចាកមោហៈ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។ — គិរិមានន្ទត្ថេរ។ បណ្ដាធម៌ទាំងឡាយ ព្រះឧបជ្ឈាយ៍​ប្រាថ្នាចំពោះ​ធម៌ណា អនុគ្រោះខ្ញុំ អ្នក​ប្រាថ្នា​ព្រះនិព្វាន​ឈ្មោះ​អមតៈ សោឡសកិច្ច​ដែលគួរធ្វើ ខ្ញុំក៏បាន​ធ្វើហើយ។ មគ្គធម៌ ជាធម៌​មិនមាន​អន្ដរាយ ខ្ញុំបាន​ដល់ដោយ​លំដាប់ហើយ បានធ្វើឲ្យ​ជាក់ច្បាស់​ហើយដោយ​ខ្លួនឯង ខ្ញុំ​មានញាណ​ដ៏បរិសុទ្ធ​ឥតសង្ស័យ បានធ្វើឲ្យ​ជាក់ច្បាស់​ក្នុងសំណាក់​នៃលោក។ ខ្ញុំដឹង​នូវ​បុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជំរះស្អាតហើយ ប្រយោជន៍​របស់ខ្លួន គឺព្រះអរហត្ដ ខ្ញុំបាន​ដល់​ដោយ​លំដាប់​ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ធ្វើហើយ។ ខ្ញុំជាអ្នក​មិនប្រមាទ បានស្ដាប់ បាន​រៀន​ល្អ​នូវសិក្ខា​ក្នុងពាក្យ​ប្រៀនប្រដៅ​របស់លោក អាសវៈ​ទាំងពួង​របស់ខ្ញុំ​អស់ហើយ ឥឡូវ​ភពថ្មី​មិនមានទេ។ លោកប្រៀន​ប្រដៅខ្ញុំដោយ​វ័តដ៏ប្រសើរ ជា​អ្នក​អនុគ្រោះ ទំនុក​បម្រុង (នូវខ្ញុំ) ឱវាទ​របស់លោក​មិនឥត​អំពើឡើយ ខ្ញុំជាសិស្ស​បានរៀន​សូត្រហើយ។ — សុមនត្ថេរ។ មានសេចក្ដីដំណាលថា ឱហ្ន៎ មាតាបានបង្ហាញ​នូវជន្លួន (ឱវាទ) ដល់​អាត្មាអញ​អាត្មាអញ​ដែលមាតា​ប្រៀនប្រដៅ​បានស្ដាប់​ពាក្យរបស់​លោកហើយ ជាអ្នក​មាន​ព្យាយាម​មុតមាំហើយ មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន បានដល់​នូវសម្ពោធិ​ដ៏ឧត្ដម។ អាត្មាអញ​ជា​អរហន្ដ ទក្ខិណេយ្យបុគ្គល មានត្រៃវិជ្ជា ឃើញ​ព្រះនិព្វាន​ឈ្មោះ​អមតៈ ​អាត្មាអញ​ឈ្នះ​សេនានៃមារ ជាអ្នក​មិនមាន​អាសវៈ។ អាសវៈ​ទាំងឡាយ​ណា​របស់អាត្មាអញ ខាង​ក្នុងក្ដី ខាងក្រៅក្ដី អាសវៈ​ទាំងអស់​នោះ អាត្មាអញ​កាត់ផ្ដាច់​ហើយ ឥតមាន​សេសសល់ ទាំង​មិន​កើតទៀត​ទេ។ បងស្រី​មានសេចក្ដី​ក្លៀវក្លា បានពោល​នូវសេចក្ដី​នេះ នាងទំនង​ជា​មិនមាន​​សេចក្ដី​ស្រឡាញ់​ចំពោះ​អាត្មាដោយ​ពិត ព្រៃ (មាន​អវិជ្ជា​ជាដើម) មិនមាន (ក្នុង​សន្ដាន​​របស់នាង) ទេ។ សេចក្ដី​ទុក្ខ មានទីបំផុត​ជុំវិញ អាត្មាបាន​ធ្វើហើយ រាងកាយ​នេះ ជាទីបំផុត (របស់អាត្មា) សង្សារ គឺជាតិ និងមរណៈ​មិនមាន ឥឡូវនេះ ភពថ្មី​មិនមានទេ។ — វឌ្ឍត្ថេរ។ អាត្មាអញបានស្ដាប់ធម៌របស់​ព្រះពុទ្ធណា ហើយវៀរបង់​មិច្ឆាទិដ្ឋិ ព្រះពុទ្ធ​នោះ យាងមកហើយ​កាន់ស្ទឹង​នេរញ្ជរា ដើម្បី​ប្រយោជន៍​ដល់អញ​មែនពិត។ អាត្មាអញ បាន​បូជាយ័ញ្ញ​ទាំងឡាយ​ខ្ពស់ និងទាប បានបូជាភ្លើង កាលនៅ​ជាបុថុជ្ជន ងងឹត​ងងល់ សំគាល់​ថា ការបូជា​នេះឯង​ជាសេចក្ដី​បរិសុទ្ធិ។ អាត្មាអញ ស្ទុះទៅកាន់​ព្រៃស្បាត គឺទិដ្ឋិ ត្រូវសេចក្ដី​ស្ទាប​អង្អែល (ខុស) ឲ្យដល់នូវ​សេចក្ដី​វង្វេង ងងឹត​មិនដឹង សំគាល់​ផ្លូវមិនបរិសុទ្ធ ថាជាផ្លូវ​បរិសុទ្ធ។ មិច្ឆាទិដ្ឋិ អាត្មាអញ​បានលះបង់​ហើយ ភពទាំង​ពួង អាត្មាអញ​បានទំលុះ​ទំលាយ​ហើយ អាត្មាអញ​បូជា​ភ្លើង គឺ​ព្រះសម្មាសម្ពុទ្ធ ជា​ទក្ខិណេយ្យបុគ្គល ថ្វាយបង្គំ​នូវ​ព្រះតថាគត។ មោហៈ​ទាំងពួង អាត្មាអញ​បានលះបង់​ហើយ ភវតណ្ហា អាត្មាអញ​បាន​ទំលុះទំលាយ​ចេញ​ហើយ ជាតិសង្សារ​អស់រលីង​ហើយ ឥឡូវនេះ ភពថ្មីទៀត​នៃអាត្មាអញ​មិនមាន​ទេ។ — នទីកស្សបត្ថេរ។ អាត្មាអញចុះទឹកក្នុងកំពង់ឈ្មោះគយា ក្នុងមួយថ្ងៃ ៣ ដង គឺពេលព្រឹក ថ្ងៃត្រង់ ល្ងាច ក្នុងកាល​មហោស្រពឈ្មោះ​គយផគ្គុ បាបណា ដែលអាត្មាអញ​ធ្វើហើយ ក្នុង​ជាតិ​ទាំងឡាយ​ដទៃ អំពីកាលមុន ឥឡូវនេះ អាត្មាអញ​បណ្ដែត​ចោលនូវ​បាបនោះ ​ក្នុងកំពង់​ឈ្មោះ​គយានេះ ទិដ្ឋិយ៉ាងនេះ មានហើយ​ក្នុងកាលមុន។ អាត្មាអញ ស្ដាប់វាចា​ជា​សុភាសិត ជាបទ​ប្រកបដោយ​ធម៌ និងអត្ថ ហើយពិចារណា​នូវសេចក្ដី​តាមគួរ​ដល់ការពិត ដោយ​ឧបាយ​នៃប្រាជ្ញា។ អាត្មាអញ មានបាប​ទាំងពួង​លាងចេញ​ហើយ មិនមាន​មន្ទិល មាន​កិលេស​លាងចេញ​ហើយ ជាអ្នកស្អាត​បរិសុទ្ធ ជា​ពុទ្ធទាយាទ (អ្នកគួរ​ទទួលនូវ​មត៌ក​នៃ​ព្រះពុទ្ធ) ជា​កូនកើតអំពី​ព្រះឧរៈ​នៃព្រះពុទ្ធ។ អាត្មាអញ ចុះកាន់ខ្សែ​នៃមគ្គ ប្រកប​ដោយអង្គ ៨ ហើយ បណ្ដែត​ចោលនូវ​បាបទាំងពួង ដល់នូវ​វិជ្ជា ៣ ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មាអញ បានធ្វើ​ហើយ។ — គយាកស្សបត្ថេរ។ (ព្រះមានព្រះភាគ ត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគ​ដែលកើត​អំពីខ្យល់​គ្របសង្កត់​ហើយ នៅក្នុងព្រៃធំ មានគោចរ​លះបង់​ហើយ (ក្រចតុប្បច្ច័យ) ជាទី​សៅហ្មង​តើនឹងធ្វើ​ដូចម្ដេច។(ព្រះវក្កលិត្ថេរ ក្រាបបង្គំទូលថា) ខ្ញុំព្រះអង្គ ផ្សាយចិត្តទៅ​កាន់កាយ​ទាំង​មូល ដោយ​សុខៈ ដែលកើត​អំពីបីតិ​ដ៏លើសលុប អត់ទ្រាំនូវ​បច្ច័យ​ដ៏សៅហ្មង​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ចំរើន​សតិប្បដ្ឋាន​ទាំងឡាយ​ផង សម្មប្បធានផង ឥទ្ធិបាទផង ឥន្ទ្រិយផង ពលៈផង ចំរើន​ពោជ្ឈង្គផង អដ្ឋង្គិកមគ្គ​ផង នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ឃើញ (នូវសព្រហ្មចារី​បុគ្គល​ទាំងឡាយ) អ្នកមានព្យាយាម​តឹងតែងហើយ មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន មាន​ព្យាយាម​​ប្រឹងប្រែង​ដ៏មាំអស់​កាលជានិច្ច មានសេចក្ដី​ព្រមព្រៀង​គ្នា ប្រកប​ដោយភាព​ជាសមណៈ​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​នឹករឿយ ៗ នូវ​ព្រះសម្ពុទ្ធ ព្រះអង្គ​មានខ្លួន​ទូន្មាន​បាន​ហើយ មានព្រះ​ទ័យតាំង​មាំហើយ មិនខ្ជិល​ច្រអូស​អស់យប់ និងថ្ងៃ នៅក្នុង​ព្រៃធំ។ — វក្កលិត្ថេរ។ ម្នាលចិត្ត អញនឹងហាមឃាត់​ឯង ដូចជា​គេបង្ខាំង​ដំរីទុក​ក្នុងក្រោល មានទ្វារ​ប្រកប​ដោយ​រនុក ទាំងមិន​បណ្ដោយ​ឯង ដែលជា​បណ្ដាញ​នៃកាម​ដែលកើត​អំពី​សរីរៈ​ឲ្យទៅក្នុង​បាបធម៌​ទេ។ ឯង អញហាមឃាត់​ហើយ នឹងទៅណា​មិនបានទេ ដូចជា​ដំរីដែល​មិនបាន​នូវ​ចន្លោះទ្វារ (ដើម្បីចេញ) ម្នាលចិត្ត​ខិលខូច ឯងនឹង​ប្រព្រឹត្ត​ឈ្លានពាន ត្រេកអរ​ក្នុងបាបធម៌​រឿយ ៗ ទៀត​មិនបានទេ។ ហ្មដំរី អ្នកមានកំឡាំង ធ្វើដំរី​ដែលមិនទាន់​ពង្រាប​ទើបចាប់​បានថ្មី ជាសត្វមិន​ប្រាថ្នាឲ្យ​ត្រឡប់វិល​បាន​យ៉ាងណា អញនឹង​ឲ្យឯងវិល​ត្រឡប់​យ៉ាងនោះ​ដែរ។ នាយសារថី​ដ៏ប្រសើរ ជាអ្នកឈ្លាស​ក្នុងការ​បង្ហាត់សេះ​ដ៏ប្រសើរ បង្ហាត់សេះ​អាជានេយ្យ​យ៉ាងណា អញនឹងតាំង​នៅក្នុង​ពលធម៌ ៥ ហើយទូន្មានឯង​យ៉ាងនោះដែរ។ អញ​នឹងចងឯង​ដោយសតិ អញមាន​ខ្លួនប្រុង​ប្រយ័ត្នហើយ នឹង​ទូន្មានឯង ម្នាលចិត្ត ឯង អញ​សង្កត់សង្កិន​ក្នុង​ធុរៈ គឺព្យាយាម​កុំទៅឆ្ងាយ​អំពីទី​នេះឡើយ។ — វិជិតសេនត្ថេរ។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅ​របស់​ព្រះជិនស្រី គង់ជាអ្នក​ឆ្ងាយអំពី​ព្រះសទ្ធម្ម ដូចផែនដី​ឆ្ងាយអំពី​មេឃ។ បុគ្គលអ័ប្បឥត​ប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់សាប​សូន្យចាក​ព្រះសទ្ធម្ម ដូចព្រះចន្ទ្រ​ក្នុង​កាឡប័ក្ខ (រនោច)។ បុគ្គល​អ័ប្បឥតប្រាជ្ញា មានចិត្ត​ប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់រីង​ស្ងួតក្នុង​ព្រះសទ្ធម្ម ដូចជា​ត្រីរីងស្ងួត​ក្នុងទី​មានទឹក​តិច។ បុគ្គលអ័ប្ប​ឥតប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជា​ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់ព្រះជិនស្រី គង់មិន​លូតលាស់​ក្នុង​ព្រះសទ្ធម្ម ដូចជា​ពូជស្អុយ​មិនដុះ​ក្នុងស្រែ។ លុះតែ​បុគ្គលណា មានចិត្ត​គ្រប់គ្រងហើយ ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះជិនស្រី បុគ្គលនោះ ទើបញ៉ាំង​អាសវៈ​ទាំងពួង​ឲ្យអស់ទៅ ធ្វើឲ្យជាក់​ច្បាស់នូវ​ធម៌ មិន​កំរើក (អរហត្តផល) ដល់នូវសេចក្ដី​ស្ងប់ដ៏ឧត្តម គឺ​អនុបាទិសេសនិព្វាន ជាអ្នក​មិនមាន​អាសវៈ រមែង​បរិនិព្វាន។ — យសទត្តត្ថេរ។ ខ្ញុំបានឧបសម្បទាផង បានផុតស្រឡះ ជាអ្នកមិន​មានអាសវៈ​ផង ខ្ញុំបាន​ឃើញ​ព្រះមានព្រះភាគ​អង្គនោះ​ផង ទាំងបាន​នៅជាមួយ​ក្នុងកុដិ​ផង។ ព្រះមានព្រះភាគ ទ្រង់ធ្វើ​រាត្រីជា​ច្រើន (យប់ជ្រៅ) ឲ្យកន្លងទៅ​ក្នុងទីវាល ព្រះសាស្ដា​ឈ្លាសក្នុង​ការនៅ បានស្ដេច​ចូលទៅ​កាន់កុដិ​ក្នុងពេលនោះ។ ព្រះគោតម​ទ្រង់ក្រាល​សង្ឃាដិ ហើយសម្រេច​សីហសេយ្យា ដូចជា​សត្វសីហៈ ដែលលះបង់​សេចក្ដីភ័យ​ស្ញប់ស្ញែង ដេកក្នុង​គុហាថ្មកែវ។ លំដាប់នោះ ព្រះសោណៈ ជាសាវ័កនៃ​ព្រះសម្មាសម្ពុទ្ធ អ្នកពោល​ពាក្យពីរោះ បានពោល​នូវ​ព្រះសទ្ធម្ម​ចំពោះព្រះភក្ដ្រ​ព្រះពុទ្ធ​ដ៏ប្រសើរ។ បានកំណត់ដឹង​នូវ​បញ្ចក្ខន្ធ បានចំរើន​នូវមគ្គដ៏​ប្រសើរ ហើយដល់នូវ​ទីស្ងប់ដ៏​ឧត្តម ជាបុគ្គល​មិនមាន​អាសវៈ នឹង​បរិនិព្វាន។ — សោណកុដិកណ្ណត្ថេរ។ បុគ្គលណាជាអ្នកប្រាជ្ញ អ្នកដឹងឱវាទ​របស់គ្រូ​ទាំងឡាយ គប្បីនៅ​ក្នុងឱវាទ​របស់​គ្រូនោះផង គប្បីញ៉ាំង​សេចក្ដី​ស្រឡាញ់​ឲ្យកើតផង បុគ្គលនោះ ឈ្មោះថា​ជាអ្នកមាន​ភក្ដី​ផង ឈ្មោះថា​ជាអ្នក​ប្រាជ្ញផង ទាំងបុគ្គល​នោះ មុខជានឹង​មានសេចក្ដី​វិសេស​ក្នុងធម៌ទាំង​ឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ អន្ដរាយ​ទាំងឡាយ​ដ៏ខ្លាំងក្លា កើតឡើង​ហើយ តែមិនបាន​គ្របសង្កត់​នូវបុគ្គល​ណា ជាអ្នក​ពិចារណា បុគ្គលនោះ ឈ្មោះថាជា​អ្នកមាន​កំឡាំង​ផង ឈ្មោះថា​ជាអ្នកមាន​ប្រាជ្ញាផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ បុគ្គលណា នឹងធឹង​មិនញាប់ញ័រ ជាអ្នក​មានបញ្ញា​ជ្រៅដូច​សមុទ្រ ឃើញ​នូវសេចក្ដី​ដ៏​ល្អិត បុគ្គលនោះ ឈ្មោះថា​ជាអ្នកដែល​កិលេស​ដឹកនាំមិន​បានផង ​ជាអ្នក​ប្រាជ្ញ​ផង ទាំង​ជាអ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។បុគ្គលណា ជាអ្នក​ចេះដឹង​ច្រើន ជា​អ្នកចងចាំ​នូវធម៌ ទាំងជា​អ្នកប្រព្រឹត្ត​នូវធម៌ដ៏​សមគួរ​ដល់ធម៌ បុគ្គលនោះ ឈ្មោះថា​ជាអ្នក​ប្រាកដស្មើ​ដោយគ្រូ​នោះផង ជាអ្នក​ប្រាជ្ញ​ផង ទាំង​​ជាអ្នក​វិសេសក្នុង​ធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។បុគ្គលណា ដឹងនូវ​សេចក្ដីនៃ​ភាសិតផង លុះដឹង​នូវសេចក្តី​នៃភាសិតហើយ ធ្វើតាម​ផង បុគ្គល​នោះ ឈ្មោះថា​ជាអ្នកឆ្លង​ផុតនូវ​សេចក្ដី​សង្ស័យ​ផង ជាអ្នក​ប្រាជ្ញផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ — កោសិយត្ថេរ។ ឧទ្ទាន គាថា ៦៥ ក្នុងគាថាទាំងនោះ ព្រះថេរៈ ១២ អង្គ សំដែង គឺ រាជទត្តត្ថេរ ១ សុភូតត្ថេរ ១ គិរិមានន្ទត្ថេរ ១ សុមនត្ថេរ ១ វឌ្ឍត្ថេរ ១ នទីកស្សបត្ថេរ ១ គយាកស្សបត្ថេរ ១ វក្កលិត្ថេរ ១ វិជិតសេនត្ថេរ ១ យសទត្តត្ថេរ ១ សោណកុដិកណ្ណត្ថេរ ១ កោសិយត្ថេរ ១។ ចប់ បញ្ចកនិបាត។ ដោយ៥០០០ឆ្នាំ
images/articles/3148/____________________________________.jpg
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ៣,២១៤ ដង)
ខ្ញុំឃើញបាដិហារ្យរបស់ព្រះគោតម ព្រះអង្គ​មានយស​ដល់ម្ល៉ោះ ក៏នៅ​តែមិន​ក្រាបសំពះ ព្រោះតែ​សេចក្តី​ច្រណែន និងសេចក្តី​ប្រកាន់ឲ្យ​ភាន់ច្រឡំ។ ព្រះសាស្តា ជា​សារថី​របស់​ជន ទ្រង់ជ្រាប​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ​ហើយ បានដាស់តឿន លំដាប់នោះ ខ្ញុំមាន​សេចក្តី​សង្វេគ និងសេចក្តី​ព្រឺរោម ដែលមិន​ធ្លាប់កើត ៗ ហើយ។ កាលខ្ញុំនៅ​ជាជដិល​ក្នុង​កាលមុន ការ​សម្រេច​លាភសក្ការៈ​ណាតិច​តួច គ្រានោះ ខ្ញុំលះបង់​នូវការ​សំរេច គឺ​លាភ​សក្ការៈ​នោះ​ហើយ មកបួស​ក្នុងសាសនា​ព្រះជិនស្រី។ កាលពីដើម ខ្ញុំជាអ្នក​ត្រេកអរ​ដោយ​ការបូជា ធ្វើកាមធាតុ​ជាប្រធាន កាលខាង​ក្រោយមក ខ្ញុំបាន​ដករាគៈ ទោសៈ និងមោហៈ ចោល​ហើយ។ ខ្ញុំដឹងខន្ធ​ដែលធ្លាប់​អាស្រ័យនៅ​ក្នុងកាល​ពីដើម បានជម្រះ​ទិព្វចក្ខុ​ឲ្យស្អាត ជាអ្នក​មានឫទ្ធិ ដឹងចិត្ត​អ្នកដទៃ ទំាំងបាន​សម្រេច​ទិព្វសោត។ មួយទៀត កុលបុត្រ​ចេញ​ចាកផ្ទះ មក​បួសក្នុង​ធម្មវិន័យ ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ ខ្ញុំបានដល់​ហើយ​តាម​លំដាប់ ទំាំងធ្វើ​ឲ្យអស់​សំយោជនធម៌​ទាំងពួង។ — ឧរុវេលកស្សបត្ថេរ។ (មារនិយាយថា) ស្រូវគេនំាំទៅទុកដាក់​ហើយ ស្រូវគេ​គរទុកក្នុង​លានហើយ ខ្ញុំ​នៅតែមិន​បានដុំបាយ តើខ្ញុំនឹង​ធ្វើដូចម្តេច។ (ព្រះថេរៈ​និយាយថា) អ្នកចូរជ្រះថ្លារព្ញកចំពោះ​ព្រះពុទ្ធ​មានគុណ​មិនមាន​ប្រមាណ អ្នកនឹងជា​បុគ្គលមាន​សរីរៈ​ដែលបីតិ​ពាល់ត្រូវ មានចិត្ត​រីករាយ​រឿយ ៗ មិន​ខាន។ ចំពោះ​ធម៌មាន​គុណមិន​មានប្រមាណ។បេ។ ចំពោះ​សង្ឃមាន​គុណ​មិនមាន​ប្រមាណ។បេ។ (មារនិយាយថា) លោកនៅក្នុង​ទីវាល​ល្ហល្ហេវ​ផង រាត្រីនេះ​ត្រជាក់ មានសន្សើម​ធ្លាក់ ចុះ​ផង។ លោកកុំបណ្តោយ​ឲ្យត្រជាក់​គ្របសង្កត់​ឲ្យលំបាក​ឡើយ ចូរលោកចូល​ទៅក្នុងកុដិ ដែលមាន​ទ្វារគន្លឹះ​ជាប់មាំ។ (ព្រះថេរៈតបថា) អាត្មាពាល់ត្រូវ​អប្បមញ្ញា​ទាំង ៤ ដល់នូវ​សេចក្តី​សុខដោយ​សារ​អប្បមញ្ញា​ទាំងនោះ មិនញាប់ញ័រ មិនលំបាក​ដោយត្រជាក់​ទេ។ — តេកិច្ឆកានិត្ថេរ។ បុគ្គលដែលមិនមានសេចក្តីគោរព​ក្នុងពួក​សព្រហ្មចារី រមែង​សាបសូន្យ​ចាក​ព្រះសទ្ធម្ម ដូចត្រី​ក្នុងទីមាន​ទឹកតិច។ បុគ្គល​ដែលមិនមាន​សេចក្តី​គោរព​ក្នុង​ពួកសព្រហ្មចារី រមែង​មិនលូត​លាស់ក្នុង​ព្រះសទ្ធម្ម ដូចពូជ​ស្អុយ (ដែលមិន​លូតលាស់) ក្នុងស្រែ។ បុគ្គល​ដែលមិន​មានសេចក្តី​គោរព ក្នុងពួក​សព្រហ្មចារី រមែង​ឆ្ងាយអំពី​ព្រះនិព្វាន ក្នុងសាសនានៃ​ព្រះពុទ្ធ​ជាស្តេច​ហេតុធម៌។ បុគ្គល​ដែលមាន​សេចក្តី​គោរព ក្នុងពួក​សព្រហ្មចារី រមែង​មិន​សាបសូន្យ​ចាក​ព្រះសទ្ធម្ម ដូចត្រីនៅ​ក្នុងទី​មានទឹក​ច្រើន។ បុគ្គល​ដែលមាន​សេចក្តីគោរព ក្នុង​ពួក​សព្រហ្មចារី ទើប​ដុះដាល​ក្នុង​ព្រះសទ្ធម្ម ដូចពូជដ៏ល្អ (លូតលាស់) ក្នុងស្រែ។ បុគ្គល​ដែលមាន​សេចក្តី​គោរព​ក្នុងពួក​សព្រហ្មចារី រមែងឋិតនៅ​ក្នុងទីជិត​ព្រះនិព្វាន ក្នុងសាសនា​នៃ​ព្រះពុទ្ធ​ជាស្តេច​ហេតុធម៌។ — មហានាគត្ថេរ។ កុល្លភិក្ខុ ទៅកាន់​ព្រៃខ្មោច បានឃើញ​ខ្មោចស្រី​ដែលគេ​ចោលបោះបង់​ក្នុង​ព្រៃ​ស្មសាន មានដង្កូវ​កំពុងតែ​ប្រជែង​គ្នាស៊ី​ដេរដាស។ (ព្រះសាស្តាត្រាស់ថា) ម្នាលកុល្លៈ អ្នក​ចូរមើលសរីរៈ​ដែលក្តៅ​រោលរាល​មិនស្អាត មានក្លិន​ស្អុយ មានវត្ថុ​មិនស្អាត ដែលហូរ​ឡើង ហូរចុះ ជាសរីរៈ​ដែលពួក​មនុស្សពាល តែង​ត្រេកអរ​ក្រៃពេក។ (ព្រះកុល្លត្ថេរ​ពោលថា) ខ្ញុំកាន់កពា្ចក់ គឺធម៌ ឆ្លុះមើល​កាយនេះ ជារបស់​អសារឥតការ​ទាំង​ខាងក្នុង​ខាងក្រៅ ព្រោះបាន​សម្រច​ដោយ​ញាណទស្សនៈ។ សរីរៈនៃខ្ញុំ​នេះយ៉ាងណា សរីរៈ​នៃ​ស្រីនុ៎ះ​យ៉ាងនោះដែរ សរីរៈ​ស្រីនុ៎ះ​យ៉ាងណា សរីរៈ​នៃខ្ញុំនេះ ក៏យ៉ាង​នោះដែរ សភាវៈ​ខាងក្រោម​យ៉ាងណា សភាវៈ​ខាងលើ​យ៉ាងនោះ សភាវៈ​ខាងលើ​យ៉ាងណា សភាវៈ​ខាងក្រោម​យ៉ាងនោះដែរ។ វេលាថ្ងៃយ៉ាងណា វេលាយប់​យ៉ាងនោះដែរ វេលាយប់​យ៉ាងណា វេលាថ្ងៃ​យ៉ាងនោះ​ដែរ ខាងមុខ​យ៉ាងណា ខាងក្រោយ​យ៉ាងនោះ​ដែរ ខាង​ក្រោយ​យ៉ាងណា ខាងមុខ​យ៉ាងនោះដែរ។ សេចក្តី​ត្រេកអរ​ដោយ​តុរិយតន្រ្តី​ប្រកប​ដោយអង្គ ៥ បា្រកដ​ដូច្នោះ ក៏មិនដូច​សេចក្តី​ត្រេកអរ​របស់អ្នក​មានចិត្ត​មូលតែមួយ ឃើញច្បាស់​នូវធម៌​ដោយ​ប្រពៃទេ។ — កុល្លត្ថេរ។ តណ្ហាតែងចំរើនដល់មនុស្ស អ្នកប្រព្រឹត្ត​ប្រមាទ​ជាប្រក្រតី ដូច​ពួជ្រៃ បុគ្គល​នោះ តែងស្ទុះទៅ​កាន់ភព​តូចភពធំ ដូចស្វា​កាលប្រាថ្នា​ផ្លែឈើ ស្ទុះទៅ​ក្នុងព្រៃ​ដូច្នោះ។ តណ្ហានុ៎ះ ជាទោសជាតិ​ដ៏លាមក ផ្សាយទៅក្នុង​អារម្មណ៍​ផ្សេងៗ ក្នុងលោក គ្របសង្កត់​បុគ្គល​ណា សេច​ក្តីសោក តែងចំរើន​ដល់បុគ្គល​នោះ ដូចស្បូវ​រណ្តាស​ដែល​ត្រូវភ្លៀង​ធ្លាក់​ចុះ​ជញ្ជ្រំហើយ តែងចំរើន​ឡើង​ដូច្នោះ។ ចំណែកជន​ណា គ្រប​សង្កត់​តណ្ហា​ដ៏លាមក​ក្នុងលោក ដែលឆ្លង​ដោយកម្រ​នុ៎ះបាន សេចក្តី​សោក តែងធ្លាក់​ចេញចាក​ជននោះ​ឯង ដូចដំណក់​ទឹក ធ្លាក់ចុះ​ចាកស្លឹក​ឈូក។ ហេតុនោះ បានជា​តថាគត​ប្រាប់ដល់​អ្នកទាំងឡាយ អ្នកទំាំងឡាយ មានប៉ុន្មាន​រូប ដែលមក​ប្រជុំក្នុង​ទីនេះ សេចក្តី​ចំរើន ចូរ​មានដល់​អ្នកទំាំងឡាយ​ទាំង​ប៉ុណ្ណោះ​រូប​ចុះ អ្នកទំាំងឡាយ ចូររំលើងឫស​នៃតណ្ហា​ចោល​ចេញ ដូចបុគ្គល​ដែលត្រូវ​ការដោយ​ស្បូវភ្លាំង ជីកស្បូវ​រណា្តស​ចោលចេញ មារកុំរុករាន​អ្នកទំាំងឡាយ​រឿយ ៗ ដូចខ្សែ​ទឹកកាច់​បំបាក់​ដើមបបុស​ដូច្នោះ​ឡើយ។ អ្នក​ទំាំងឡាយ ចូរ​ធ្វើតាមនូវ​ពុទ្ធវចនៈ កុំឲ្យខណៈ​កន្លង​នូវអ្នក​ទាំងឡាយ​បាន ព្រោះថា បុគ្គល​ទំាំងឡាយ ដែលខណៈ​កន្លងហើយ តែង​សោកសៅ​ពេញ​បន្ទុក​ក្នុងនរក។ សេចក្តី​ប្រមាទ​ទុកជា​ធូលី ធូលី​កើតឡើង ព្រោះសេចក្តី​ប្រមាទ (ព្រោះ​ហេតុនោះ) បុគ្គលគួរ​តែដកនូវ​សរ គឺសេចក្តី​ប្រមាទ​របស់ខ្លួន​ចេញ ដោយ​សេចក្តី​មិនប្រមាទ​ដោយ​វិជ្ជា។ — មាលុង្ឃបុត្តត្ថេរ។ ចាប់ដើមតំាងពីខ្ញុំបួសមក ២៥ ឆ្នំា មិនដែល​បានសេចក្តី​ស្ងប់ចិត្ត​អស់កាល​សូម្បី​ត្រឹមតែ ១ ផ្ទាត់ម្រាមដៃ​សោះ។ ខ្ញុំត្រូវ​កាមរាគគ្របសង្កត់ មិនបាន​នូវ​ឯកគ្គតា​ចិត្ត ផ្គង​ដៃ​កន្ទក់​កន្ទេញ ហើយចេញ​ពីលំនៅ​ទៅ។ អាត្មាអញ (នឹងទម្លាក់ខ្លួន​អំពីដើមឈើ) ឬនឹង​យក​កាំបិតមក (ចាក់​សម្លាប់) ប្រយោជន៍​អ្វី ដោយការ​រស់នៅ​របស់អញ មនុស្ស​ប្រហែល​យ៉ាងអញ មិនសមបើ​ធ្វើមរណកាល​ដោយ​ការ​លាសិក្ខាទេ។ គ្រានោះ ខ្ញុំយក​កំាបិត​កោរ ចូលទៅ​អង្គុយលើគ្រែ ផ្ទាប់កាំបិតកោរ (ត្រង់​បំពង់ក) ដើម្បីអារ​សរសៃ​បំពង់ក របស់ខ្លួន។ លំដាប់នោះ ខ្ញុំមានការ​ធ្វើទុកក្នុងចិត្ត ដោយឧបាយ​ប្រាជ្ញា ទោសកើត​ឡើងប្រាកដ សេចក្តី​នឿយណាយ ក៏តំាង​ឡើងព្រម។ តពីនោះមក ចិត្តខ្ញុំក៏​ផុតស្រឡះ អ្នកចូរ​ឃើញ​ធម៌​ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញ​បាន​សម្រេច​ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មា​អញ​បានធ្វើ​ស្រេច​ហើយ។ — សប្បទាសត្ថេរ។ (ព្រះសាស្តា ត្រាស់ថា) ម្នាល​កាតិយាន ចូរអ្នកក្រោក​អង្គុយឡើង កុំដេក​ច្រើន​ពេក ចូរភ្ញាក់​រលឹកឡើង មច្ចុរាជ​ជាមារ ចូរកុំឈ្នះ​អ្នក​ជាបុគ្គល​ខ្ជិលច្រអូស ដូចជា​នាយនេសាទ ប្រហារ​សត្វដោយ​ញញួរ។ ជាតិ និងជរា តែងប្រព្រឹត្ត​កន្លងអ្នក ដូចជា​កំឡាំង​មហាសមុទ្រ អ្នកនោះ ចូរធ្វើនូវ​ទីពឹង​ដ៏ល្អ​ដល់ខ្លួន ព្រោះថា គ្រឿងការពារ​ដទៃរបស់​អ្នក​ក្នុង​លោកនេះ មិនមាន​ទេ។ ដ្បិតព្រះសាស្តា ទ្រង់ចង្អុល​ប្រាប់​អរិយមគ្គ​នុ៎ះ ថាជាផ្លូវ​កន្លងចាក​គ្រឿងជាប់ ចាកភ័យ គឺជាតិ និង​ជរា ចូរអ្នកកុំ​ប្រមាទអស់​រាត្រី​ខាងដើម និង​ខាងចុង ចូរប្រឹង​ធ្វើព្យា​យាម​ឲ្យមាំមួន។ ខ្លួនអ្នកជា​អ្នកទ្រទ្រង់​សង្ឃាដិ កោរសក់​ដោយកំាំបិតកោរ និង​បរិភោគ​ភិក្ខាហារ ចូរលះបង់​កាមគុណ ដែលជា​ចំណង​ក្នុងកាល​មុនចេញ ម្នាល​កាតិយាន អ្នកកុំ​ប្រកប​ការត្រេកអរ​ក្នុងល្បែង​ផង កុំប្រកប​ការលក់​ផង ចូរចំរើន​ឈាន។ ម្នាល​កាតិយាន អ្នក​ចូរដុត ចូរឈ្នះ (នូវកិលេស) អ្នកជា​មនុស្ស​ឈ្លាសវៃ ក្នុងផ្លូវ​ជាទីក្សេម​ចាក​យោគៈ នឹងដល់​នូវព្រះនិព្វានដ៏​បរិសុទ្ធ​ក្រៃលែង ហើយរលត់​ដូចជា​គំនរភ្លើង​ដែល​រលត់​ដោយទឹក។ ម្នាល​ឥន្ទសគោត្រ កាលបើអ្នក​មិនប្រកាន់​យ៉ាងនេះ ចូរ​កំចាត់បង់​មារ​ឲ្យអស់ចេញ ដូច​ប្រទីប​ដែល​មានពន្លឺតិច ឬដូច​វល្លិ៍តូច ដែលខ្យល់​កំចាត់បង់​បាន​ដូច្នោះ។ អ្នកនោះ​ប្រាសចាក​តម្រេក​ក្នុងវេទនា​ទាំងឡាយ ដែលខ្លួន​ទទួលហើយ មានសេចក្ដី​ត្រជាក់ ចូររង់ចាំ​និព្វានកាល ក្នុង​ទីនេះចុះ។ — កាតិយានត្ថេរ។ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលព្រះពុទ្ធ​ជាអាទិច្ចពន្ធុ មានចក្ខុ ទ្រង់​សំដែងហើយ​ដោយប្រពៃ ជាធម៌កន្លង​ចាកសំយោជនៈ​ទាំងអស់ ញុំាងវដ្តៈ​ទាំងអស់​ឲ្យ​វិនាស​នាំសត្វ​ចេញ​ចាក​វដ្តៈ ញុំាងសត្វឲ្យ​ឆ្លងចាក​ឱឃៈ ញុំាងឫសគល់​នៃ​ទុក្ខ គឺ​តណ្ហា​ឲ្យ​រីងស្ងួត ទំលាយ​នូវ​តណ្ហា មានឫស​ជាពិស ជាគ្រឿង​បៀតបៀន ញុំាងសត្វ​អោយដល់​នូវទី​រំលត់ទុក្ខ ជា​គ្រឿងកំចាត់​បង់នូវយន្ត គឺអត្តភាព​ដែលកើត​អំពីកម្ម ព្រោះ​ទំលាយ​នូវឫស​គល់នៃ​អវិជ្ជា​បាន ជាទីធ្លាក់ចុះ​នៃញាណ​ដ៏មុត ដូចកែវ​វជីរ ក្នុងកិរិយា​កំណត់​នូវវិញ្ញាណ ញុំាង​សត្វ​ឲ្យដឹង​នូវ​វេទនា​ទំាំងឡាយ ដោះសត្វ​អោយរួច​ចេញចាក​ឧបាទាន ជាគ្រឿង​ឃើញភព​ដូចជា​រណ្តៅ​រងើកភ្លើង ដោយ​បញ្ញាញាណ ជាធម៌មាន​រសដ៏ប្រសើរ ជាធម៌​ជ្រៅ ជាធម៌​ហាមឃាត់​នូវជរា និងមច្ចុ ជាធម៌​រម្ងាប់បង់​នូវកងទុក្ខ ជាធម៌​ដ៏ក្សេម ជាទីឃើញនូវ​ពន្លឺ​តាមពិត ព្រោះដឹង​នូវកម្ម ថាជា​កម្ម នូវផល​ថាជាផល​នៃធម៌​ទំាងឡាយ អាស្រ័យ​បច្ច័យ​កើត ត ៗ គ្នា រមែងជា​ធម៌ដល់នូវ​ទីដ៏ក្សេម​ប្រសើរ ជាធម៌ស្ងប់​ចាកកិលេស ជាធម៌​ចំរើន​ក្នុងទីបំផុត។ — មិគជាលត្ថេរ។ ខ្ញុំស្រវឹងដោយសេចក្ដីស្រវឹង​ព្រោះជាតិផង ដោយភោគៈ និង​ឥស្សរិយយស​ផង ដោយ​សណ្ឋាន​វណ្ណៈ និង​រូប (ល្អ) ផង ខ្ញុំជាបុគ្គល​ប្រព្រឹត្ត​ស្រវឹង​ជ្រប់ហើយ។ ខ្ញុំត្រូវ​អតិមានះ​កំចាត់បង់​ហើយ ជាមនុស្ស​ពាល ជាអ្នក​រឹងរូស មានមានះ​ដូចជា​ទង់ជ័យ ដែល​គេលើក​ឡើងហើយ មិនបាន​សំគាល់​អ្នកណាមួយ ថាជា​បុគ្គលស្មើ​នឹងខ្លួន​ផង ថាជា​បុគ្គល​ក្រៃលែង​ជាងខ្លួន​ផង។ ខ្ញុំជាអ្នក​មានមានះ​រឹងរូស មិនអើពើ មិនក្រាប​សំពះអ្នក​ណាមួយ ទោះជា​មាតាក្ដី បិតាក្ដី ឬអ្នក​ដទៃដែល​សន្មតថា​គួរគោរព។ ខ្ញុំបាន​ឃើញ​ព្រះសាស្ដា ជា​អ្នកទូន្មាន​សត្វ​ប្រសើរ​ខ្ពង់ខ្ពស់​ជាងនាយ​សារថី​ទាំងឡាយ ព្រះអង្គ​រុងរឿង​ដូចព្រះអាទិត្យ មាន​ភិក្ខុសង្ឃ​ចោមរោម ក៏មានចិត្ត​ជ្រះថ្លា បានលះ​មានះ និង​សេចក្ដីស្រវឹង​ចេញអស់​ហើយ ទើបថ្វាយ​បង្គំព្រះសាស្ដា ព្រះអង្គ​ខ្ពង់ខ្ពស់​ជាងសព្វសត្វ​ដោយត្បូង។ ខ្ញុំបាន​លះបង់ គាស់​រំលើង​នូវសេចក្ដី​ប្រកាន់ថា វិសេស​ជាងគេផង នូវសេចក្ដី​ប្រកាន់ថា ថោកទាបជាង​គេផង បានផ្ដាច់ផ្ដិល​អស្មិមានះ​ចោលអស់​ហើយ ទាំងមានះ​ផ្សេង ៗ ទាំងអស់ ខ្ញុំក៏​បាន​កំចាត់​បង់ស្រឡះ​ហើយ។ — ជេន្តបុរោហិតបុត្តត្ថេរ។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ទើបនឹង​បួសថ្មី ៗ បាន​សង្កត់សង្កិន​នាគរាជ​មាន​ឫទ្ធិច្រើន ដោយឫទ្ធិ ហើយដង​យកទឹកពី​ស្រះធំ ឈ្មោះ​អនោតត្ត មកប្រគេន​ព្រះ​ឧបជ្ឈាយ៍​ក្នុងគ្រាណា គ្រានោះ ព្រះសាស្ដា​ទ្រង់​ទតឃើញ​ខ្ញុំហើយ បានត្រាស់​ព្រះពុទ្ធ​ដីកា​នេះថា ម្នាល​សារីបុត្ត អ្នកចូរមើល​កុមារតូចនេះ កំពុង​នាំយកនូវ​ក្អមទឹកមក មាន​ចិត្តតាំង​ខ្ជាប់ខ្ជួន​ខាងក្នុង។ សាមណេរ​របស់​ព្រះអនុរុទ្ធ មានវត្ត​គួរជ្រះថ្លា មាន​ឥរិយាបថ​បរិបូណ៌ និង​ជាអ្នក​ក្លៀវក្លា​ដោយឫទ្ធិ ជាបុរស​អាជានេយ្យ ដែល​ព្រះអនុរុទ្ធ ជាបុរស​អាជានេយ្យ ជា​សប្បុរស ឲ្យធ្វើ​តែអំពើ​ល្អ ណែនាំតែ​ខាងផ្លូវល្អ មានកិច្ច​ធ្វើរួចហើយ មាន​សិក្ខា​ឲ្យសិក្សា​ហើយ សុមនសាមណេ​រនោះ បានដល់នូវ​ព្រះនិព្វាន ជាទី​ស្ងប់រម្ងាប់​ក្រៃលែង បានធ្វើ​ឲ្យជាក់ច្បាស់​នូវ​អរហត្តផល ជាធម៌​មិនកម្រើក ប្រាថ្នាថា សូមកុំឲ្យ​ជនណាមួយ​ស្គាល់អញ​ឡើយ។ — សុមនត្ថេរ។ (ព្រះសាស្ដាត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវ​រោគខ្យល់​គ្របសង្កត់​ហើយ កាលនៅ​ក្នុងព្រៃធំ មានគោចរ​លះបង់​ហើយ ជាព្រៃ​សៅហ្មង នឹងធ្វើ​ដូចម្ដេច​កើត។ (ព្រះន្ហាតកមុនិត្ថេរទូលថា) ខ្ញុំព្រះអង្គ​មាន​បីតិ និង​សុខៈ​បរិបូណ៌​ផ្សាយទៅ​កាន់​រាងកាយ ហើយអត់​សង្កត់នូវ​អារម្មណ៍​ដ៏សៅហ្មង​ទាំងនៅ​ក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ចំរើន​ពោជ្ឈង្គ ៧ ផង ឥន្ទ្រិយផង ពលៈផង បរិបូណ៌​ដោយឈាន​ដ៏សុខុម ជាអ្នក​មិនមាន​អាសវៈ។ ខ្ញុំ​ព្រះអង្គ​បាន​ពិចារណា​ឃើញចិត្ត​ដ៏ស្អាត ផុតស្រឡះ​ចាកកិលេស ជាចិត្ត​មិនល្អក់​រឿយៗ ជាអ្នក​មិនមាន​អាសវៈ។ អាសវៈ​ទាំងឡាយ​ណា ខាងក្នុងក្ដី ខាងក្រៅក្ដី ចាក់ដោត​ហើយដល់​ខ្ញុំព្រះអង្គ អាសវៈ​ទាំងអស់​នោះ ខ្ញុំព្រះអង្គ​បានផ្ដាច់ផ្ដិល​មិនឲ្យ​សេសសល់ មិន​កើតទៅ​ទៀតបាន​ទេ។ បញ្ចក្ខន្ធ ខ្ញុំព្រះអង្គ​កំណត់ដឹង​ហើយ ខ្ញុំព្រះអង្គ​កាត់ឫសគល់​ដាច់​ហើយ ខ្ញុំព្រះអង្គ​បានដល់​នូវការអស់​ទុក្ខហើយ ឥឡូវនេះ ភពថ្មី មិនមាន​ទៀតទេ។ — ន្ហាតកមុនិត្ថេរ។ បុគ្គលមិនមានសេចក្ដីក្រោធ បានទូន្មានចិត្ត ចិញ្ចឹមជីវិតស្មើ (ត្រូវ) មាន​ចិត្តរួច​ចាក​អាសវៈ ព្រោះដឹង​ដោយប្រពៃ មានចិត្តស្ងប់​ចាកកិលេល មិនញាប់ញ័រ ដោយ​លោកធម៌ នឹង​មានសេចក្ដី​ក្រោធពីណា។ បុគ្គលណា​ខឹងតបចំពោះ​បុគ្គលដែល​ខឹង បុគ្គលនោះ នឹង​មាន​សេចក្ដីអាក្រក់ ព្រោះតែការ​ខឹងតបនោះ បុគ្គលមិន​ខឹងតបនឹង​បុគ្គល​ដែលខឹង ឈ្មោះថា ឈ្នះសង្រ្គាម​ដែលគេឈ្នះ​បានដោយ​ក្រ។ បុគ្គលណា​ដឹងថា បុគ្គលដទៃខឹងហើយ មានស្មារតី​ខំអត់សង្កត់ បុគ្គលនោះ ឈ្មោះ​ថា​ប្រព្រឹត្តនូវ​ប្រយោជន៍ ដើម្បីជន​ទាំងពីរ គឺដើម្បី​ខ្លួន ១ ដើម្បី​អ្នកដទៃ ១។ ពួកជន​មិន​ឈ្លាស​ក្នុងធម៌ រមែង​សំគាល់ជន​ទាំងពីរ គឺខ្លួន ១ អ្នកដទៃ ១ ដែលជា​អ្នកព្យាបាល​ព្យាធិ គឺ​ក្រោធបាន ថាជា​មនុស្សពាល។ បើសេចក្ដី​ក្រោធកើតឡើង​ដល់អ្នក ចូរអ្នកពិចារណា​នូវ​ឱវាទ ដែលឧបមា​ដោយ​រណារ បើចំណង់​ក្នុងរស​កើតឡើង​ដល់អ្នក ចូរអ្នក​រលឹកនូវ​ឱវាទ ដែល​ឧបមា​ដោយការបរិភោគ​សាច់កូន។ បើចិត្តរបស់​អ្នកស្ទុះទៅ​ក្នុងកាម​ទាំងឡាយក្ដី ក្នុង​ភពទាំង​ឡាយក្ដី ចូរអ្នកប្រញាប់​សង្កត់សង្កិន​ចិត្តនោះ​ដោយសតិ ដូចជា​បុរសសង្កត់​សង្កិន​គោកាច​ដែលស៊ី​សំណាប។ — ព្រហ្មទត្តត្ថេរ។ ភ្លៀង គឺអាបត្តិ តែងធ្លាក់ស្រោច​នូវបុគ្គល​អ្នកបិទបាំង​អាបត្តិទុក មិនធ្លាក់​ស្រោច​នូវបុគ្គល​អ្នកបើក​អាបត្តិ ព្រោះហេតុនោះ បុគ្គល​ត្រូវបើក​អាបត្តិ ដែលខ្លួន​បិទបាំង​ហើយ កាលបើ​ធ្វើយ៉ាងនេះ ទើបភ្លៀង គឺអាបត្តិ មិនធ្លាក់​ស្រោចនូវ​បុគ្គលនោះ។ សត្វលោក​ត្រូវមច្ចុ​កំចាត់បង់​ហើយ ត្រូវជរា​ចោមរោម​ហើយ ត្រូវសរ គឺ​តណ្ហាមុត​ហើយ ត្រូវឥច្ឆា ឲ្យក្ដៅ​ក្រហាយ​ហើយ​សព្វកាល។ សត្វលោក​ត្រូវមច្ចុ​កំចាត់បង់​ហើយ ត្រូវជរា​បិទបាំងហើយ ជាសត្វ​ឥតមាន​ទីពឹង តែងលំបាក​ជានិច្ច ដូចជាមនុស្ស​អ្នកធ្វើកំហុស​នោះ​ដែលមាន​អាជ្ញា​សំរេច​ហើយ។ មច្ចុ ព្យាធិ និង​ជរា ទាំង ៣ នេះ ដូចជា​គំនរភ្លើង​កំពុងរាល​មក កំឡាំង​ដើម្បី​ទប់ទល់​មិនមាន សន្ទុះ​សម្រាប់រត់​ចេញ ក៏មិនមាន។ បុគ្គល​គប្បីធ្វើថ្ងៃ កុំឲ្យ​ឥតអំពើ ដោយ​កិច្ចតិច​ក្ដី ច្រើនក្ដី រាត្រី​រមែងអស់​ទៅយ៉ាង​ណា ៗ ជីវិត​របស់បុគ្គល​នោះ រមែង​ថយទៅ​យ៉ាងនោះ ៗ ដែរ។ រាត្រីខាង​ក្រោយរបស់​បុគ្គលអ្នក​ដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី រមែង​កង្ខើញ​ចូលមកជិត កាលនេះ មិនមែនជា​កាលគួរអ្នក​ប្រមាទទេ។ — សិរិមណ្ឌត្ថេរ។ កាយមានជើងពីរនេះ មិនស្អាត មានក្លិនស្អុយ ពេញដោយ​សាកសពផ្សេង ៗ បង្ហូរ (នូវវត្ថុ​មិនស្អាត) ចេញតាម​ទ្វារនោះ ៗ ដែលមនុស្ស​ខំរក្សាថែទាំ (ជានិច្ច)។ រូប សំឡេង ក្លិន រស និង​ផោដ្ឋព្វៈ ជាទីត្រេកអរ​នៃចិត្ត តែងបៀតបៀន​បុថុជ្ជន ដូចអ្នក​នេសាទ​ធ្វើវត្ថុឲ្យ​កំបាំង​ហើយ (ចាប់) ម្រឹគដោយ​គ្រឿងចង [មានអន្ទាក់ និងបង្កាត់ជាដើម។] (ចាប់) ត្រីដោយ​សន្ទូច (ចាប់) ស្វា​ដោយជ័រ កាមគុណ​ទាំង ៥ នេះឯង តែងប្រាកដ​ក្នុងរូប​នៃស្រី។ ពួកបុថុជ្ជនណា មានចិត្ត​ត្រេកអរ ហើយចូលទៅ​គប់រកស្រី​ទាំងនុ៎ះ ពួកបុថុជ្ជន​នោះ ឈ្មោះថា ធ្វើ​សង្សារវដ្ដ ដែលមាន​ទុក្ខដ៏​ពន្លឹក ឲ្យចំរើនឡើង ទាំងឈ្មោះ​ថា សន្សំនូវ​ភពថ្មី។ មួយទៀត បុគ្គលណា វៀរចេញ​ចាក​ស្រីទាំង​នុ៎ះបាន ដូចគេជៀសវាង​ក្បាលពស់​ដោយជើង បុគ្គល​នោះ ឈ្មោះថា ជាអ្នកមាន​ស្មារតី ប្រព្រឹត្ត​កន្លងនូវ​តណ្ហាជា​គ្រឿងផ្សាយ​ទៅក្នុងលោក​នេះ​បាន។ ខ្ញុំឃើញ​ទោសក្នុង​កាមទាំងឡាយ ឃើញការ​ចាកចេញកាម ដោយ​ក្សេមក្សាន្ដ រលាស់​ចេញចាក​កាមទាំង​អស់ បានដល់នូវ​ការអស់​អាសវៈ​ហើយ។ — សព្វកាមត្ថេរ។ ឧទ្ទាន និយាយអំពី​ឧរុវេលកស្សបត្ថេរ ១ តិកិច្ឆកានិត្ថេរ ១ មហានាគត្ថេរ ១ កុល្លត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សប្បទាសត្ថេរ ១ កាតិយានត្ថេរ ១ មិគជាលត្ថេរ ១ ជេន្តបុរោហិតបុត្តត្ថេរ ១ សុមនត្ថេរ ១ ន្ហាតកមុនិត្ថេរ ១ ព្រហ្មទត្តត្ថេរ ១ សិរិមណ្ឌលត្ថេរ ១ សព្វកាមត្ថេរ ១ ក្នុង​ឆក្កនិបាត​នេះ ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤។ ចប់ ឆក្កនិបាត។ ដោយ៥០០០ឆ្នាំ
images/articles/615/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ២៧,២៧៨ ដង)
រឿងបញ្ចបក្ខី ( ចាក លោ. ជា. ) ( ការច្រណែន ជាពូជរបស់ពៀរក្នុងលោក ) កាល​ពី​បឋមកប្បនេះ មានសត្វបក្សី​ ៥​ គឺ៖ ហង្ស​ គ្រុឌ​ សេក​ ក្អែក​ មៀម​ ។​ សត្វ​ទាំង ​៥ នេះ​ជា​ប្រមុខ​របស់​បក្សី​ទាំង​ឡាយ​ក្នុងពេលនោះ ​ឯសត្វ​ទាំង
images/articles/619/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ៣០,៤៤៤ ដង)
រឿងយក្ខិនីមុខសេះ ( ចាក ម. អ. ) ( ទោសផឹកសុរា និយាយកុហក និងក្បត់ចិត្តស្វាមី ) ក្នុងកាលកន្លងទៅហើយ មានអគ្គមហេសីនៃព្រះរាជាមួយព្រះអង្គ​សោយរាជ​ក្នុងក្រុង​ពារាណសី ​ជាអ្នកផឹកសុរា ​និយាយកុហកនិងប្រព្រឹត្ត​ក្បត់ចិត្តស្វាមី ​។​ អគ្គមហេសី​នោះ
images/articles/620/Untitled-1.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ២៤,៣៥៤ ដង)
រឿងទិសាបាមោក្ខព្រាហ្មណ៍ ( ចាក អ. ឯ. ) ( ការមិនប្រាកដ មិនស្គាល់កាល ជាថ្នាំពិសក្នុងលោក ) កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយ​រាជសម្បត្តិ​ក្នុង​ក្រុងពារាណសី។​ ​កាលនោះ​ព្រះសម្ពុទ្ធបរមគ្រូ​របស់យើង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.89
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿