images/articles/2496/IMG_30201792709.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ១០៣,០៨៣ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិតសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ ព្រះមាលុង្ក្យបុត្តដ៏មានអាយុ បានចូលគាល់ព្រះដ៏មានព្រះភាគ ក្រាបទូលសូមឲ្យព្រះអង្គទ្រង់ប្រកាសសម្ដែងនូវមិច្ឆាទិដ្ឋិ គំនិត យល់ឃើញខុសផ្សេងៗ ១០ យ៉ាង ដែលពួកមនុស្សក្រៅព្រះពុទ្ធ សាសនាកាន់យកទីបំផុតរៀងៗខ្លួន ឈ្លោះប្រកែកគ្នាថាខ្លួនឯង យល់ត្រូវ អ្នកដទៃយល់ខុស ដូច្នេះតើព្រះដ៏មានព្រះភាគទ្រង់ ជ្រាបទិដ្ឋិមួយណាក្នុងទិដ្ឋិទាំង ១០ នោះ សូមព្រះអង្គទ្រង់ត្រាស់ សម្ដែងឲ្យទាន។
មិច្ឆាទិដ្ឋិ ១០ យ៉ាង
១ លោកទៀង (សស្សតោ លោកោ)
២ លោកមិនទៀង (អស្សស្សតោ លោកោ)
៣ លោកមានទីបំផុត (អន្តវា លោកោ)
៤ លោកមិនមានទីបំផុត (អនន្តវា លោកោ)
៥ ជីវៈនោះគឺសរីរៈនោះ (តំ ជីវំ សរីរំ)
៦ ជីវៈដទៃ សរីរៈដទៃ (អញ្ញំ ជីវំ អញ្ញំ សរីរំ)
៧ សត្វស្លាប់ហើយកើតទៀត
៨ សត្វស្លាប់ហើយមិនកើតទៀត
៩ សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន
១០ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏ មិនមែន។
ព្រះដ៏មានព្រះភាគ ទ្រង់មិនត្រាស់ព្យាករនូវចំណុចមួយក្នុង មិច្ឆាទិដ្ឋិទាំង ១០ នេះឡើយ ព្រះអង្គទ្រង់ត្រាស់ថា កាលបើ មានការយល់ឃើញទៅតាមមិច្ឆាទិដ្ឋិទាំង ១០ នេះ ណាមួយ ការអប់រំព្រហ្មចរិយធម៌មិនមានឡើយ ប៉ុន្តែគឺជាការប្រព្រឹត្តទៅ នាំឲ្យមានជាតិ ជរា មរណៈ សោកខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្ដីចង្អៀតចង្អល់ចិត្តដោយពិត ព្រះតថាគត ទ្រង់បញ្ញត្តការកម្ចាត់បង់នូវកងទុក្ខទាំងអស់នេះ ដែលត្រូវបាន ឃើញច្បាស់ក្នុងបច្ចុប្បន្ន គឺថាព្រះអរិយសាវ័កទាំងឡាយ នឿយ ណាយក្នុងជរានិងមរណៈ ជាដើមហើយ ទើបសម្រេចនូវ ព្រះនិព្វានក្នុងព្រះសាសនានេះឯង។
ព្រោះហេតុទិដ្ឋិទាំង ១០ យ៉ាងនេះ មិនប្រកបដោយប្រយោជន៍ មិនមែនជាខាងដើមនៃព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅដើម្បីរួច ផុតចាកទុក្ខ ទើបព្រះអង្គទ្រង់មិនព្យាករ ប៉ុន្តែអ្វីដែលព្រះអង្គ ទ្រង់ត្រាស់ព្យាករសម្ដែងគឺអរិយសច្ចធម៌ ព្រោះការព្យាករសម្ដែង នូវអរិយសច្ចធម៌ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ជាខាងដើមនៃ ព្រហ្មចរិយធម៌ ប្រព្រឹត្តទៅដើម្បីជាក់ច្បាស់នូវព្រះនិព្វានជា អសង្ខតធាតុ។
ស្រង់ពីសៀវភៅ ជំនួយសតិភាគ ២១
ដោយ៥០០០ឆ្នាំ
images/articles/2497/IMG_30201791541.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៩,៥០៨ ដង)
អនវជ្ជសុខ ចេះសប្បាយជាមួយនឹងនឹងការងារដែលប្រាសចាកទោស គឺជា សេចក្ដីសុខ។ត្រូវធ្វើការងារឲ្យសមនឹងសមត្ថភាព សមនឹងឋានៈ របស់ខ្លួន ធ្វើដោយពេញចិត្ត អត់ធន់ព្យាយាម...។ កុំមានការ លោភលន់ចង់ឲ្យដូចអ្នកដទៃដែលមានអ្វីច្រើនៗនោះឡើយ កុំ ឲ្យដូចក្អែកគោកធ្វើត្រាប់តាមក្អែកទឹក ឃើញក្អែកទឹករកចំណី បានស្រួលងាយ ខ្លួនឯងគ្មានជំនាញត្រូវទាក់កនឹងសារាយក្នុងទឹក ស្លាប់បាត់បង់ជីវិតទៅ។ កន្លែងសុខនៅនឹងចិត្តរបស់យើង មិនចាំបាច់ឈរកន្លែងល្អដូចអ្នកដទៃនោះទេ ត្រឹមតែមានសេចក្ដី សុខនៅត្រង់កន្លែងដែលយើងឈរហ្នឹងទៅបានហើយ។
ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១
ដោយ៥០០០ឆ្នាំ
images/articles/2499/643r.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៨៩,៧៩៧ ដង)
សូម្បីតែគំនិតយល់ខុស (គឺយល់ខុសពីការពិត) ក៏ជាសភាវ ធម៌កើតពីបច្ច័យដែរ ជារបស់មិនទៀង ជាទុក្ខ ពួកអ្នកយល់ ខុសទាំងនោះមានការប្រកាន់ក្នុងទិដ្ឋិរបស់ខ្លួន ឈ្មោះថាលិច ចុះក្នុងទុក្ខ។ មិនលិចចុះក្នុងទុក្ខ សភាវធម៌ទាំងអស់ កើតពីបច្ច័យ មានបច្ច័យតាក់តែងឲ្យ កើតឡើងហើយ សុទ្ធតែមិនទៀង មានការអស់ទៅ សូន្យទៅ។
របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាមិនទៀងជាទុក្ខ មានការប្រែប្រួល វិបស្សនាឃើញថា របស់នោះមិនមែនជា របស់យើង មិនមែនជាយើង មិនមែនជាខ្លួនរបស់យើងទេ។ ព្រះអរិយបុគ្គលទាំងឡាយ មិនប្រកាន់ក្នុងបញ្ចក្ខន្ធ ដឹងពីការ រលាស់ចោលនូវបញ្ចក្ខន្ធ រមែងមិនលិចចុះក្នុងទុក្ខឡើយ។
ដូចក្មេងមិនចូលសាលារៀន ពិតមែនតែអ្វីៗនោះមិនគាប់ចិត្តយើង ប៉ុន្តែយើងត្រូវឆាប់មាន ស្មារតីរលឹកដឹងថា អ្វីៗនោះសុទ្ធតែជាសភាវៈយ៉ាងត្រឹមត្រូវ ក្នុងការកើតឡើង គឺត្រឹមត្រូវតាមបច្ច័យ មិនថាកុសល អកុសល ឬអព្យាក្រឹតឡើយ។
ការដែលចេះតែចង់ឲ្យអ្វីៗផ្គាប់ចិត្តយើង វាជារឿងក្មេងៗទេ ពោលគឺក្មេងខ្ចីបញ្ញា កាលបើអ្វីៗជាបរមត្ថ សុទ្ធតែត្រឹមត្រូវ ម៉េចក៏មិនព្យាយាមសិក្សាចូលទៅដឹងថការពិត អប់រំបញ្ញាទទួលយករសនៃសច្ចធម៌ ស្ងប់ចិត្តរលត់តណ្ហា ការ ដែលចង់ឲ្យអ្វីៗត្រូវតាមចំណង់ គឺចង់ផ្គាប់កិលេសខ្លួនឯងតែ ប៉ុណ្ណោះ ដូចក្មេងដែលមិនចូលសាលារៀនអ៊ីចឹងឯង។
បៀតបៀនចិត្តខ្លួនឯង ដឹងថាខ្លួនឯងកើតទុក្ខសោកសៅមកពីអ្វីទេ? មកពីហួងហែង របស់មិនទៀងថាជារបស់ខ្លួនឯង។ តាមពិត ការមិនទៀងនៃ សង្ខារធម៌ជាអារម្មណ៍នៃវិបស្សនាល្អណាស់ ប៉ុន្តែព្រោះហេតុ តែការមិនយល់ ទើបបៀតបៀនចិត្តខ្លួន។
មានសេចក្ដីស្ងប់ជាទីពឹង នៅពេលណា ដែលយើងសម្រេចបាននូវសេចក្ដីសុខស្ងប់ ខាងក្នុងខ្លួនយើង នៅពេលនោះ គឺយើងមិនបានឲ្យសេចក្ដី សំខាន់ចំពោះកាមសុខ ដោយការខំប្រឹងប្រែងស្វែងរកយក មកសេពសោយនោះឡើយ ទាំងសេចក្ដីទុក្ខដែលកើតមក ពីការពឹងពាក់អ្នកដទៃ របស់ដទៃ ហើយមិនបានដូចចិត្ត នោះ ក៏ថយចុះទៅដែរ នេះចូលក្នុងបទថា មានខ្លួនឯងជា ទីពឹង។
មានទ្រព្យហើយមិនឲ្យទានព្រោះមោហៈ មានទ្រព្យសម្បត្តិជាទីពេញចិត្តហើយ មិនឲ្យទាន ព្រោះហេតុ មិនដឹងថា សត្វលោកប្រព្រឹត្តទៅតាមកម្ម។ បានទ្រព្យហើយ ធ្វើនូវការសន្សំទ្រព្យនោះៗដោយការជាប់ជំពាក់ រឹងតែប្រាថ្នា នូវវត្ថុកាមគុណឡើងទៀត។
មិនមានអ្នកណាអស់កិលេស ព្រោះមានមាសប្រាក់ច្រើននោះឡើយ ហើយក៏មិនមានអ្នក ណាអស់ទុក្ខព្រោះនៅមានកិលេសនោះដែរ។ បានជួបព្រះធម៌ហើយ ទៅជាថាអត់ពេល បានជួបព្រះពុទ្ធដីកាហើយ មិនស្ដាប់ មិនរៀនឲ្យបានចេះដឹង ត្រូវចំណាយពេលវេលាដើម្បីនេះ ដើម្បីនោះ តើនេះនោះហ្នឹង ក្រណាស់ទៅឬក្នុងវដ្ដសង្សារ កាលបានមកហើយឲ្យយើងអស់ កិលេសដែរទេ សំខាន់ជាងព្រះពុទ្ធដីកាទៅទៀតឬ? គ្រាន់តែមិនសូវកើតទុក្ខ ប៉ុណ្ណឹងល្អហើយ មនុស្សយើង តែកាលណាខ្លាចទុក្ខទាំងដែលមិនស្គាល់ទុក្ខ (ទុក្ខេ អញ្ញាណំ) រមែងប្រាថ្នាសេចក្ដីសុខដោយតណ្ហា ពោលគឺ ខ្លាចទុក្ខ ប្រាថ្នាសុខ ប៉ុន្តែសាងហេតុនៃសេចក្ដីទុក្ខឲ្យខ្លួនឯង ព្រោះអវិជ្ជាមិនដឹងក្នុងអរិយសច្ច។
តាមពិត មនុស្សយើងសព្វ ថ្ងៃនេះគ្រាន់តែមិនសូវកើតទុក្ខប៉ុណ្ណឹងប្រសើរណាស់ហើយ មិនចាំបាច់បានសុខអ្វីពីរបស់ក្នុងលោកនេះច្រើនពេកទៅនោះ ទេ ព្រោះថា សូម្បីតែព្រះនិព្វានដែលបរមសុខ ក៏ព្រោះទុក្ខមិន កើតឡើងហ្នឹងឯង។
ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១
ដោយ៥០០០ឆ្នាំ
images/articles/2500/Un______titled-1.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៣,៨៤៧ ដង)
ជីវិតមានតម្លៃជាង អ្វី ៗ ដែលយើងស្ដាយ ត្រូវយកជីវិតមកបូជាព្រះរតនត្រ័យ បានសម ណា៎ កូនសំឡាញ់ព្រះពុទ្ធ ទាំងអស់គ្នា ! កុំលះបង់ជីវិតមួយថ្ងៃ ៗ កើតទុក្ខយំសោក ដើម្បីអ្នកមានកិលេសណាម្នាក់ឲ្យសោះ ធ្វើបែបហ្នឹងវាមិនមានតម្លៃអ្វីទេ ហើយក៏កុំចាំបាច់ខឹងស្អប់អី ត្រូវឲ្យអភ័យ កុំចំណាយជីវិតក្នុងរឿងឥតប្រយោជន៍ ត្រូវយកជីវិតមកសងគុណម៉ែឪយើង ធ្វើអ្វី ៗ ឲ្យមានប្រយោជន៍ ដល់ខ្លួនឯង ដល់សង្គមជាតិ ព្រះសាសនា កុំបន្ថោកជីវិតខ្លួនឯងឲ្យសោះ យើងកើតទាន់ព្រះពុទ្ធសាសនា ត្រូវដឹងថា ជីវិតមានតម្លៃណាស់ ស្មើនឹង អរិយមគ្គអង្គ ៨ ផ្លូវទៅកាន់ព្រះនិព្វាន ឯណោះណា៎ ! សូមកុំកាត់ផ្ដាច់ឧបនិស្ស័យរបស់ខ្លួន ត្រូវខិតខំបន្តឧបនិស្ស័យឲ្យបានសម្រេច កុំចាញ់ឧបសគ្គក្នុងជីវិតនេះឡើយ ឧបសគ្គមិនឈ្នះសេចក្ដីព្យាយាមទេ នេះជាដំណើរផ្លូវរបស់យើង ក្រោកឡើងដើរតទៅទៀត ម្នាក់ឯងក៏ត្រូវតែដើរដែរ ទុកចិត្តលើព្រះធម៌ចុះ ព្រះពុទ្ធបិតានៅចាំកូនខាងមុខឯណោះ ស្រូតរូតរះឡើង ៕ សាធុ ! សាធុ !៚
ដោយ៥០០០ឆ្នាំ
images/articles/2501/Unt65itled-1.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៣,៧៦៧ ដង)
មច្ចុរាជនឹងមិនមករកយើងនោះមិនមានឡើយ ត្រូវរៀនគិតឲ្យបានថា អ្នកណា ៗ ធ្វើអ្វី និយាយអ្វី ដាក់យើង ឬគ្រាន់តែអធ្យាស្រ័យរបស់គេយ៉ាងណា ៗ បើគេមិនបានមកសម្លាប់យើងទេនោះ គឺគេល្អចំពោះយើងហើយ ចំណែកយើងបានរស់នៅក្នុងថ្ងៃនេះ ត្រូវខំប្រឹងប្រែងយកជីវិតមកធ្វើល្អឲ្យខ្លួនឯងទៅ វាគួរឲ្យយើងគ្រប់គ្រាន់ហើយ ត្រូវចាំថា សេចក្ដីស្លាប់នឹងមិនមករកយើងពេលណានោះ គឺមិនមានឡើយ ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2510/image.jpeg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៣៨,៥៨០ ដង)
៙. អារម្មណ៍របស់ចិត្ត គឺជាលោកនៃការរស់នៅ ឯចំណែកចិត្តដឹងអារម្មណ៍គឺជាការរស់នៅក្នុងលោក ។ បើចិត្តមានសភាពយ៉ាងណាៗ លោកនៃការរស់នៅក៏ទៅជាយ៉ាងនោះៗឯង គឺថា បើចិត្តជាលោភៈ លោកនៃការរស់នៅរមែងខ្វះខាត រហេមរហាម ដូចឋានប្រេត បើចិត្តជាទោសៈ លោកនៃការរស់នៅមានការក្ដៅក្រហាយ ដូចឋាននរក បើចិត្តជាមោហៈ លោកនៃការរស់នៅមានសភាពមមិងមមាំង ដូចភូមិតិរច្ឆាន តែបើចិត្តមានទានសីល លោកនៃការរស់នៅទៅជាមានសភាពរីករាយស្រស់ស្រាយ ដូចជាឋានសួគ៌ា បើចិត្តមានភាវនា លោកនៃការរស់នៅរមែងស្ងប់ត្រជាក់ ដូចរស់នៅក្នុងព្រហ្មលោក បើចិត្តមានវិបស្សនាពិតប្រាកដនោះ លោកនៃការរស់នៅមានសភាពជាឥស្សរៈ មិនមានកង្វល់ មិនមានការហួងហែង ជាការរស់នៅក្នុងលោកនៃព្រះអរិយៈ រហូតដល់មានផលសមាបត្តិ បានរស់នៅពិតៗ ក្នុងអារម្មណ៍ព្រះនិព្វាន ដូច្នេះ លោកនៃការរស់នៅ គឺយើងសាងដោយខ្លួនឯង មិនអាចនាំអ្នកដទៃ ឲ្យមករស់នៅជាមួយបានឡើយ គឺថា បើយើងប្រាថ្នា ចង់រស់នៅក្នុងលោកណា យើងគប្បីសាងលោកនោះ រស់នៅដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដោយប្រការដូច្នេះ សូមទានជ្រាប ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2518/U54ntitled-1.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៥២,៧៨៨ ដង)
បាននៅរស់ហើយគួរចេះស្កប់
បាននៅរស់ហើយគួរចេះស្កប់
ជីវិតជាទ្រព្យជាដើមទុន
ខំប្រឹងព្យាយាមសន្សំបុណ្យ
ត្រៃរត្នមានគុណគួរបូជា ។
រឿងក្នុងជីវិតពិតយ៉ាងហ្នឹង
សិក្សាឲ្យដឹងធម៌ធម្មា
អត់ធន់ឱវាទព្រះភគវា
ផុតកម្មវេរាដោយមេត្តា ។
រៀនយកគំនិតព្រះបុណ្ណៈ
សុនាបរន្តៈមនុស្សយ៉ាងណា
ទោះជាកាចកាប់វាយប្រហារ
បុណ្ណៈគិតថាគួរគប្បី ។
គេគ្រាន់តែពោលពាក្យស្ដីថា
អត់មានប្រហារដោយអ្វី ៗ
ឬគេវាយគប់ដោយដុំដី
ប៉ុណ្ណឹងមានស្អីគេល្អហើយ ។
ខន្តីមេត្តាគូគុណគាប់
បញ្ញាជាទ្រព្យទៅរកត្រើយ
បាននៅជីវិតប៉ុណ្ណឹងហើយ
កុំនៅកន្តើយប្រឹងសិក្សា ។
ជីវិតមានកម្មចាំឲ្យផល
បាបអកុសលឬកុសលា
មិនលុះអំណាចនៃអ្នកណា
មិនឲ្យសុខាបានយូរឡើយ ។
សាមិសសុខជាអន្ទាក់
យើងត្រូវតែភ្ញាក់រត់រកត្រើយ
ភពបីមិនមែនស្រុកយើងឡើយ
សត្វកើតមកហើយតែងតែស្លាប់ ។
សត្វកើតមកហើយតែងមានទុក្ខ
ដូចនៅក្នុងគុកគេចងចាប់
ត្រូវតែរត់ចេញជាប្រញាប់
ខំប្រឹងរកស្ដាប់ធម៌ទេសនា ។
ព្រះពុទ្ធទ្រង់ត្រាស់សច្ចធម៌
មគ្គសច្ចបវរលះតណ្ហា
ទុក្ខនិរោធផុតទុក្ខា
ស្ដាប់ធម៌ទេសនាទៅនិព្វាន ៕
ប. ស. វ.
ដោយ៥០០០ឆ្នាំ
images/articles/2631/textpic-Re______covered.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ២៦,៧៤៦ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅក្នុងដែនកុរុ ថុល្លកោដ្ឋិតនិគម មួយអន្លើដោយភិក្ខុសង្ឃច្រើនអង្គ ។ ក្នុងសម័យនោះឯងដែលព្រះរដ្ឋបាលត្ថេរ បានចូលកាន់ផ្នួស ក្រោយមកព្រះពុទ្ធអង្គទ្រង់តែងតាំងក្នុងតំណែងឯតទគ្គៈ ខាងមានសទ្ធាចេញចាកផ្ទះចូលកាន់ផ្នួសបួសជាបព្វជិត ។
ក្នុងកាលដែលព្រះថេរៈបួសហើយ បានកន្លះខែ ព្រះដ៏មានព្រះភាគ បាននាំព្រះរដ្ឋបាលត្ថេរទៅកាន់ក្រុងសាវត្ថី ព្រះរដ្ឋបាលត្ថេរជានេយ្យបុគ្គល បំពេញព្យាយាមអស់ ១២ ឆ្នាំ ទើបបានសម្រេចព្រះអរហត្ត ។ បានជាព្រះអរហន្តហើយ ព្រះរដ្ឋបាលត្ថេរ បានក្រាបថ្វាយ បង្គំព្រះដ៏មានព្រះភាគ និមន្តមកកាន់ស្រុកកំណើតរបស់លោក ទទួលចង្ហាន់នៅផ្ទះញោម ហើយសម្តែងព្រះធម៌ រួចហើយបាននិមន្តគង់សម្រាកនៅក្នុងព្រះរាជឧទ្យានឈ្មោះមិគាចីរៈ របស់ព្រះបាទកោរព្យរាជ ។
ព្រះរាជាបានយាងមកជួបហើយ បានសន្ទនាជាមួយនឹងព្រះថេរៈអំពីធម្មុទ្ទេស ៤ យ៉ាង ។ ធម្មុទ្ទេស ៤ យ៉ាង គឺ
១- ឧបនីយតិ លោកោ អទ្ធុវោ សត្វលោកមិនទៀង ត្រូវជរានាំចូលទៅរកសេចក្តីស្លាប់ ។
២- អតាណោ លោកោ អនភិស្សរោ សត្វលោកមិនមានគ្រឿងការពារ មិនមានទីពឹងឡើយ ។
៣- អស្សកោ លោកោ សព្វំ បហាយ គមនីយំ សត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួន ត្រូវលះបង់នូវរបស់គ្រប់-យ៉ាងហើយទៅ ។
៤- ឩនោ លោកោ អតិត្តោ តណ្ហាទាសោ សត្វលោកមានតែការខ្វះខាត មិនចេះឆ្អែតសុទ្ធតែជាខ្ញុំរបស់តណ្ហា ។
ព្រះរដ្ឋបាលដ៏មានអាយុ បានសម្តែងធម្មុទ្ទេសរួចហើយ ទើប បានសម្តែងគាថាពន្ធ តទៅទៀតដូច្នេះថា៖
បស្សាមិ លោកេ សធនេ មនុស្សេ
លទ្ធាន វិត្តំ ន ទទន្តិ មោហា
លុទ្ធា ធនំ សន្និចយំ ករោន្តិ
ភិយ្យោ ច កាមេ អភិបត្ថយន្តិ ។
អាត្មាភាព ឃើញពួកមនុស្សអ្នកមានទ្រព្យក្នុងលោក បានទ្រព្យគាប់ចិត្តហើយ មិនឲ្យទានព្រោះតែសេចក្តីវង្វេង រមែងធ្វើនូវការសន្សំ ព្រោះជាប់ជំពាក់នឹងទ្រព្យ រឹងរឹតតែប្រាថ្នានូវកាមទាំងឡាយ ឲ្យក្រៃលែងទៅទៀត ។
រាជា បសយ្ហ បឋវឹ វិជិត្វា
សសាគរន្តំ មហិមាវសន្តោ
ឱរំ សមុទ្ទស្ស អតិត្តរូបោ
បារំ សមុទ្ទស្សបិ បត្ថយេថ ។
ព្រះរាជាប្រាបប្រាម ឈ្នះមនុស្សលើផែនដី ហើយគ្រប់គ្រងសម្បត្តិលើផែនដី មានសមុទ្រជាទីបំផុត តែនៅមិនស្កប់នឹងប្រទេសខាងអាយនៃសមុទ្រ តែងប្រាថ្នានូវប្រទេសខាងនាយនៃសមុទ្រទៀត ។
រាជា ច អញ្ញេ ច ពហូ មនុស្សា
អវីតតណ្ហា មរណំ ឧបេន្តិ
ឩនាវ ហុត្វាន ជហន្តិ ទេហំ
កាមេហិ លោកម្ហិ ន ហត្ថិ តិត្តិ ។
ព្រះរាជាក្តី មនុស្សទាំងឡាយដទៃច្រើនក្តី នៅមិនទាន់អស់តណ្ហាផង ក៏រមែងចូលដល់សេចក្តីស្លាប់ មានសភាពជាអ្នកខ្វះខាត ហើយលះបង់នូវរាងកាយ ឈ្មោះថាសេចក្តីឆ្អែតឆ្អន់ដោយកាមទាំងឡាយ រមែងមិនមានក្នុងលោកឡើយ ។
កន្ទន្តិ នំ ញាតិ បកីរិយំ កេសេ
អហោ វតានោ អមរាតិ ចាហុ
វត្ថេន នំ បារុតំ នីហរិត្វា
ចិតំ សមាទាយ តតោ ឌហន្តិ ។
ពួកញាតិរំសាយសក់ទាំងឡាយ ហើយកន្ទក់កន្ទេញ នឹងអ្នកស្លាប់នោះថា ឱហ្ន៎ ! ញាតិយើងស្លាប់ហើយ រួចក៏យកបុគ្គលដែលស្លាប់នោះ រុំដោយសំពត់ នាំទៅដល់ជើងថ្ករហើយដុតក្នុងទីនោះ ។
សោ ឌយ្ហតិ សូលេហិ តុជ្ជមានោ
ឯកេន វត្ថេន បហាយ ភោគេ
ន មិយ្យមានស្ស ភវន្តិ តាណា
ញាតី ច មិត្តា អថវា សហាយា
ទាយាទកា តស្ស ធនំ ហរន្តិ
សត្តោ បន គច្ឆតិ យេន កម្មំ ។
បុគ្គលដែលស្លាប់ទៅនោះ លះបង់នូវភោគៈទាំងឡាយ នៅតែសំពត់មួយ ត្រូវគេដុតចាក់ដោយឈើសូល៍ ពួកញាតិមិត្ត ឬ សម្លាញ់ទាំងឡាយមកជាគ្រឿងការពារឲ្យដល់អ្នកស្លាប់នោះ មិនមានឡើយ មានតែពួកទាយាទនាំយកទ្រព្យរបស់បុគ្គលដែលស្លាប់នោះឯងទៅ ចំណែកសត្វក៏ទៅតាមយថាកម្ម ។
ន មិយ្យមានំ ធនមន្វេតិ កិញ្ចិ
បុត្តា ច ទារា ច ធនញ្ច រដ្ឋំ ។
ទ្រព្យបន្តិចបន្តួច រមែងមិនទៅតាមបុគ្គលស្លាប់ឡើយ ពួកកូនប្រពន្ធ ទ្រព្យនិងដែនក៏មិនជាប់តាមទៅដែរ ។
ន ទីឃមាយុំ លភតេ ធនេន
ន ចាបិ វិត្តេន ជរំ វិហន្តិ
អប្បកញ្ចិទំ ជីវិតមាហុ ធីរា
អស្សសតំ វិប្បរិណាមធម្មំ ។
បុគ្គលមិនមែនបានអាយុវែងព្រោះទ្រព្យទេ ទាំងមិនមែនលះបង់ជរាបាន ព្រោះទ្រព្យដែរ អ្នកប្រាជ្ញទាំងឡាយ ពោលថា ជីវិតនេះតិចពេកណាស់ មិនទៀងទាត់ មានសភាពប្រែប្រួលជាធម្មតា ។
អឌ្ឍា ទលិទ្ទា ច ផុសន្តិ ផស្សំ
ពាលោ ច ធីរោ ច តថេវ ផុដ្ឋោ
ពាលោ ហិ ពាល្យា វធិតោ វ សេតិ
ធីរោ ច ន វេធតិ ផស្សផុដ្ឋោ ។
ពួកអ្នកស្តុកស្តម្ភក្តី អ្នកកំសត់ក្តី តែងពាល់ត្រូវនូវសម្ផស្សស្លាប់ ទាំងពាលទាំងប្រាជ្ញ ក៏ពាល់ត្រូវដូច្នោះដែរ តែថាមនុស្សពាលរមែងដេកទាំងតក់ស្លុត ព្រោះសេចក្តីល្ងង់ ចំណែកអ្នកប្រាជ្ញដែលបានពាល់ត្រូវសម្ផស្សស្លាប់ហើយ ក៏មិនញាប់ញ័រឡើយ ។
តស្មា ហិ បញ្ញា ច ធនេន សេយ្យោ
យាយ វោសានំ ឥធាធិគច្ឆតិ
អព្យាសិតត្តា ហិ ភវាភវេសុ
បាបានិ កម្មានិ ករោន្តិ មោហា ។
ព្រោះហេតុនោះ បុគ្គលបានដល់អរហត្តផលជាទីបំផុតកិច្ច ក្នុងលោកនេះដោយបញ្ញាណា បញ្ញានោះប្រសើរវិសេសជាងទ្រព្យ ( ផ្ទុយមកវិញ ) ព្រោះតែខ្លួនមិនទាន់ដល់កិច្ចជាទីបំផុត និងព្រោះតែសេចក្តីវង្វេង ពួកជនរមែងធ្វើអំពើអាក្រក់ ក្នុងភពតូចនិងភពធំទាំងឡាយ ។
ឧបេតិ គព្ភញ្ច បរញ្ច លោកំ
សំសារមាបជ្ជ បរម្បរាយ
តស្សប្បបញ្ញោ អភិសទ្ទហន្តោ
ឧបេតិ គព្ភញ្ច បរញ្ច លោកំ ។
បុគ្គលរមែងចូលទៅកាន់គភ៌ផង កាន់លោកខាងមុខផង ព្រោះដល់នូវការអន្ទោលទៅតៗគ្នា បុគ្គលអប្បប្រាជ្ញាជឿបុគ្គលនោះ ក៏ចូលទៅកាន់គភ៌ផង កាន់លោកខាងមុខដូចគ្នាដែរ ។
ចោរោ យថា សន្ធិមុខេ គហីតោ
សកម្មុនា ហញ្ញតិ បាបធម្មោ
ឯវំ បជា បេច្ច បរម្ហិ លោកេ
សកម្មុនា ហញ្ញតិ បាបធម្មា ។
ចោរកាន់ធម៌អាក្រក់ ដែលគេចាប់បាន ត្រង់កន្លែងនោះៗ ហើយត្រូវគេបៀតបៀន ( ដាក់ទារុណកម្ម ) ព្រោះកម្មរបស់ខ្លួន យ៉ាងណា ពួកសត្វកាន់ធម៌អាក្រក់ លុះលះលោកនេះទៅ រមែងក្តៅក្រហាយ ព្រោះកម្មរបស់ខ្លួន ក្នុងលោកខាងមុខ យ៉ាងនោះដែរ ។
កាមា ហិ ចិត្រា មធុរា មនោរមា
វិរូបរូបេន មថេន្តិ ចិត្តំ
អាទីនវំ កាមគុណេសុ ទិស្វា
តស្មាហំ បព្វជិតោម្ហិ រាជ ។
ព្រោះតែកាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ និងជាទីរីករាយនៃចិត្ត ទើបបានញាំញីនូវចិត្ត ដោយសភាពផ្សេងៗ បពិត្រមហារាជ ព្រោះហេតុនោះ អាត្មាភាពឃើញទោសក្នុងកាមគុណទាំងឡាយហើយ បានជាអាត្មាភាពបួស ។
ទុមប្ផលានេវ បតន្តិ មាណវា
ទហរា ច វុឌ្ឍា ច សរីរភេទា
ឯតំ វិទិត្វា បព្វជិតោម្ហិ រាជ
អបណ្ណកំ សាមញ្ញមេវ សេយ្យោតិ ។
មនុស្សទាំងឡាយ ទាំងក្មេង ទាំងចាស់ រមែងបែកធ្លាយសរីរៈ ដូចជាផ្លែឈើទាំងឡាយដែលតែងតែជ្រុះចុះ ដូច្នោះឯង បពិត្រមហារាជ អាត្មាភាព បានយល់ច្បាស់នូវហេតុនេះថា សមណភាព ជាការប្រតិបត្តិមិនខុស ប្រសើរជាទីបំផុត ដូច្នេះបានជាអាត្មាភាពបួស ។ សូមអនុមោទនា !
ដកស្រងពី សៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ
images/articles/2632/433covered.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៣៧,៦០១ ដង)
សុខណាស់ សប្បាយណាស់ កាមគុណ ! តែនេះ វាគឺជាការវង្វេងរបស់ចិត្ត បើយើងកំពុងឈឺដោយជំងឺធ្ងន់ដុនដាប ហើយមានគេមករាំឲ្យមើល លេងភ្លេងឲ្យស្តាប់ ល្អមើលប៉ុនណា ពីរោះប៉ុនណា ក៏យើងមិនបានភ្លើតភ្លើនទៅដែរ យ៉ាងណា បើនឹងយកមាសប្រាក់កែវកងមកចាក់គរឲ្យដូចភ្នំក៏ដោយ ក៏មិនមានសេចក្តីសុខផ្លូវចិត្តដែរ ព្រោះចិត្តមានជំងឺ មានសេចក្តីទុក្ខសោក អាស្រ័យការហួងហែងផ្សេងៗក្នុងជីវិត ។
អ្នកដែលមិនមានការអប់រំចិត្ត ចម្រើនបញ្ញា មិនមានសេចក្តីស្ងប់សុខផ្លូវចិត្ត ទោះជានៅទីណា ទៅកន្លែងណា ឮសូរតែរអ៊ូរទាំ រៀបរាប់ពីទុក្ខលំបាកយ៉ាងនេះ យ៉ាងនោះ ទាំងដែលសម្បូណ៌គ្រប់យ៉ាង ផ្ទះប៉ុនភ្នំ មាសប្រាក់ចាក់គរ ប៉ុន្តែឮសូរតែរៀបរាប់ខ្វះខាត កើតទុក្ខមិនសុខចិត្ត មុខក្រៀមក្រំ និងបន្លំបោកប្រាស់ខ្លួនឯង ស្វែងរកការសប្បាយក្នុងផ្លូវខុស ផ្លូវមារ ផ្លូវបិសាច នេះឯងដែលហៅថា ការវង្វេងរបស់ចិត្ត ។ ៚ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2345/e5yg45ygey54.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៦៧,៤៩៤ ដង)
មិត្តាមិត្តជាតក
ព្រះសាស្ដា កាលស្ដេចទ្រង់គង់នៅក្នុងវត្តជេតវ័នមហាវិហារ ទ្រង់ប្រារព្ធអមាត្យ អ្នកប្រព្រឹត្តប្រយោជន៍ របស់ព្រះបាទកោសល ត្រាស់ព្រះធម៌ទេសនានេះ មានពាក្យចាប់ផ្ដើមថា កានិ កម្មានិ កុព្វានំ ដូច្នេះ។
បានឮថា អមាត្យនោះ បានមានឧបការៈចំពោះព្រះរាជាជាច្រើន ព្រះរាជាក៏បានប្រទានសក្ការរាប់រកគេយ៉ាងក្រៃលែង ពួកអមាត្យដ៏សេសអត់ទ្រាំ
images/articles/2387/325grvwefrcw4erb4wvefrfsd5gr4vesdf.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ១០,៧៩០ ដង)
ចូរអ្នកក្រោកពីដេកឲ្យបានព្រឹកព្រហាម ហើយចេញទៅក្រៅផ្ទះឬទីធ្លា ឬរានហាលមុខផ្ទះជាបន្ទាន់ ចូរអ្នកស្រូបយកខ្យល់អាកាសឲ្យបានពេញសួត ហើយបញ្ចេញមកវិញយ៉ាងយឺត ៗ អ្នកសម្លឹងមើលទៅទិសនានា អ្នកនឹងបានឃើញសត្វរាប់លានជីវិតដែលកំពុងចេញមកទទួលយកនូវពន្លឺថ្មី នៃព្រះអាទិត្យ ចូរអ្នកតាំងសេចក្តីប្រាថ្នាល្អចំពោះគេថា៖
សូមឲ្យលោកឪពុក និងអ្នកម្តាយ តាយាយ មីងមា អ៊ុំទាំងឡាយ សូមឲ្យសប្បាយចម្រើនសុខចុះ លោកគ្រូ អ្នកគ្រូ បងប្អូន មិត្តភ័ក្តិផងចុះកុំបីទុក្ខព្រួយ ។
បន្ទាប់មកអ្នកត្រូវតាំងចិត្តថា៖
តាំងតែពីពេលនេះតទៅ អាត្មាអញនឹងគិតតែរឿងណាដែលល្អ និយាយតែពាក្យល្អ ធ្វើតែការងារណាដែលល្អ ។ ដើម្បីឲ្យចិត្តរបស់អាត្មាអញបានស្ងប់សុខ អាត្មាអញនឹងមិនធ្វើឲ្យនរណាម្នាក់បានទទួលទោសឡើយ ។
នរណាក៏ដោយ ដែលកំពុងមានទុក្ខ សូមឲ្យអ្នករួចចាកទុក្ខចុះ ហើយនរណាក៏ដោយដែលកំពុងបានសុខ ក៏សូមឲ្យបានសុខ រឹងរិតតែប្រសើរឡើង សូមកុំឲ្យជួបប្រទះនូវក្តីទុក្ខព្រួយដូចអ្នកឯទៀតឡើយ ។
គួរតែពិចារណាក្នុងចិត្តទៀតថា៖
ក្នុងថ្ងៃនេះ ប្រសិនបើនរណាម្នាក់ ឬសត្វណាមួយដែលពុំបានទទួលនូវកម្លាំងមេត្តាចិត្តអំពីអាត្មាអញក៏មិនថ្វីទេ គង់មានថ្ងៃណាមួយ ពួកគេនឹងបានទទួលសេចក្តីសុខដូចអ្នកដទៃពុំខានឡើយ ។
ក្រោយពេលដែលអ្នកបានហ្វឹកហាត់ចិត្តផ្សាយមេត្តាឲ្យបានទូលំទូលាយយ៉ាងញឹកញាប់មក ចិត្តរបស់អ្នកនឹងកើតបីតិសោមនស្សរីករាយ ចិត្តសប្បាយ . . . ចិត្តត្រជាក់ពេលនោះអ្នកគួររក្សាចិត្តដ៏ល្អនោះឲ្យបានគង់វង់ កុំឲ្យក្លាយទៅជាប្រការដទៃឡើយ ។
ដកស្រង់ចេញពីសៀវភៅៈ សមាធិសម្រាប់កុមារា កុមារី យុវជន យុវតី
រៀបរៀងដោយៈ ព្រះបាឡាក់ សម្បត្តិចន្ទសុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ )
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2385/56g4ferht5gvyerscrtdhygefdrg.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ២០,៣៣៤ ដង)
រឿងជីវិតដែលយើងបានដឹងក្នុងការរស់នៅបច្ចុប្បន្ននេះ វារមែងកើតឡើងហើយមានការសម្ដែងនូវរឿងជីវិត ឆ្លុះបញ្ចាំងឲ្យយើងដឹងរឿងពិតដែលមានការលំបាកលំបិន ធ្វើឲ្យមនុស្សយើងមានសេចក្ដីតស៊ូ ពុះពារ ធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីតម្រូវការរបស់ខ្លួនឯង ទាំងនេះហើយបានជាលើកយកមកជាប្រធានបទក្នុងការពិចារណា។
ពេលវេលាចេះតែកន្លងទៅមិនងាយនឹងបុគ្គលណា អាចដឹងអំពីជីវិតដែលមានសព្វថ្ងៃនេះ មិនងាយនរណាម្នាក់អាចដឹងបានទេពេលណាដែលយើងបានពិចារណារឿងរ៉ាវអំពីជីវិត ធ្វើឲ្យចិត្តបានសុខស្ងប់។
ពេលនោះងាយស្រួល សម្រាប់ជីវិតដែលត្រូវដើរតួសម្ដែងក្នុងឆាកជីវិតនេះ។
ឆាកល្ខោនជីវិត
រឿងភាគសម្ដែងបង្ហាញឈុតឆាក សប្បាយលំបាកជួបព្រាត់រីងរៃ
ស្រេចលើអ្នកតែងលៃលកបំភ្លៃ រៀបចំអត្ថន័យហាក់ដូចរឿងពិត។
រឿងខ្លះសម្ដែងកម្សត់អន់ក្រ រស់ទាំងត្រដរព្រាត់ប្រាសស្នេហ៍ស្និទ្ធ
ខ្លះជាសេដ្ឋីជាស្ដេចយ៉ាងពិត ខ្លះក៏ជាមិត្តបម្រើគេ។
ក្នុងរឿងមួយៗតែងមានវែងខ្លី មានប្រុសមានស្រីច្រើនកាំភ្លេ
ខ្លះដើរតួរកាចត្រូវបានគេជេរ តួស្លូតទំនេរតែងគេអាណិត។
ឯអ្នកខ្លះទៀតឆ្លៀតដើរតួក្បត់ ខ្លះធ្វើកម្សត់ខំច្នៃប្រឌិត
ធ្វើក្លែងក្លាយសោះហាក់ដូចជាពិត អ្នកមើលខ្លោចចិត្តអ្នកខ្លះសោកា។
តួអ្នកសម្ដែងគេដឹងទាំងអស់ មិនមានចន្លោះយល់សព្វកិច្ចការ
ព្រោះមានអ្នកប្រាប់អ្នកតែងស្ដីថា សាកសមអស្ចារ្យដូចរឿងពិតៗ។
នេះគឺរឿងល្ខោនដែលគេតាក់តែង ហើយរៀបសម្ដែងប្រាប់ពីជីវិត
ត្រៀមហើយដើរតួមើលទៅជិតស្និទ្ធ ខ្លះគេឱបរឹតយ៉ាងសមសោភា។
យ៉ាងណាជីវិតទាំងអស់ប្រុសស្រី កើតក្នុងលោកិយក៏មានដូចគ្នា
មានជួបមានព្រាត់ខ្លះក៏កំព្រា លំបាកវេទនាគ្មានដែលលោះថ្ងៃ។
រឿងរ៉ាវឧបសគ្គមានគ្រប់កន្លែង វិលវល់ដូចផ្សែងទុក្ខសោកពេកក្រៃ
ទឹកភ្នែកស្រក់ហូរគ្មានដែលសំចៃ ឧបទ្រព្យចង្រៃគ្មានស្រាកម្ដងណា។
នេះគឺបញ្ចក្ខន្ធនៃយើងគ្រប់ប្រាណ មិនយូរប៉ុន្មានត្រូវចោលឥតការ
រស់នៅសុខៗត្រូវស្លាប់មរណា ចោលស្រែចម្ការផ្ទះប្រពន្ធប្ដី។
ជីវិតប្រៀបដូចជាការសម្ដែង រៀបចំចាត់ចែងនៅក្នុងភពបី
អ្នកតែងគឺកម្មគ្មានត្រាប្រណី អ្នកក្រសេដ្ឋីចាត់មិនរើសមុខ។
ពេលខ្លះឲ្យធំមានបុណ្យសក្ដិយស ឋានៈខ្ពង់ខ្ពស់ខ្លះដូចជាប់គុក
ពេលខ្លះឲ្យសុខខ្លះក៏ឲ្យទុក្ខ ខ្លះជួបឪពុកព្រាត់ប្រាសពីម៉ែ។
ខ្លះស្លាប់ពីក្មេងខ្លះរស់ដល់ចាស់ ខ្លះមានប្រាក់កាសចាយជាហូរហែ
ខ្លះនៅទីក្រុងអ្នកខ្លះនៅស្រែ ខ្លះទុក្ខឥតល្ហែអ្នកខ្លះសុខសាន្ត។
តាមពិតជីវិតបីដូចឆាកល្ខោន ប្រសើរអាប់ឱនមានគ្រប់សព្វប្រាណ
បើខ្លួនខ្ពង់ខ្ពស់សាងគុណកុំខាន រឿងចប់ថ្មើរម៉ានបានបុណ្យជាគ្នា។
បើខ្លួននៅក្រឲ្យក្រទៅចុះ ឲ្យតែចិត្តស្មោះព្រមស្ដាប់ធម្មា
គង់មានថ្ងៃមួយអាចរួចចាកពៀរ ឡើងជិះនាវាផុតទុក្ខវិបរិត។
អស់លោកសប្បុរសជាទីស្នេហា ស្ដាប់គិតចុះណាឆាកល្ខោនជីវិត
កុំលង់ចាញ់បោកកិលេសនែបនិត្យ ចូរស្ដាប់ធម៌ពិតនៃព្រះជិនស្រី។
ដោយសាមណេរ សា ចាន់រ៉ាត់
ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា
ដោយ៥០០០ឆ្នាំ
images/articles/2498/Unti____________tled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៩៨,១០០ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនា ព្រះមហាវិហារវេឡុវ័ន ជិតក្រុងរាជគ្រឹះ ក្នុងវេលាសាយណ្ហ សម័យព្រះអង្គទ្រង់ចេញពីផលសមាបត្តិ ស្ដេចយាងចូលទៅ កាន់អម្ពលដ្ឋិកាវ័ន នៅពីខាងក្រោយវត្តវេឡុវ័ននោះឯង ដើម្បីប្រោសព្រះរាហុល។ បន្លារមែងស្រួចតាំងពីកើត យ៉ាង ណា ព្រះរាហុលក៏យ៉ាងនោះ គង់ចម្រើនទៅដោយវិវេកគឺ សេចក្ដីស្ងប់ស្ងាត់ក្នុងទីនោះតាំងពីព្រះជន្ម ៧ វស្សា។
អាយស្មន្តំ អាហុលំ អាមន្តេសិ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហៅព្រះរាហុល គឺត្រាស់ហៅដើម្បីប្រទានឱវាទ។ ពិតណាស់ ព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងព្រះធម៌ទេសនា យ៉ាងច្រើនដល់ព្រះរាហុល ព្រះអង្គទ្រង់ត្រាស់សាមណេរប្បញ្ហា រាហុលសំយុត្តមហារាហុលោវាទសូត្រ ចូឡរាហុលោវាទ សូត្រ រួមទាំងអម្ពលដ្ឋិករាហុលោវាទសូត្រនេះផង (ដោយ ចូឡរាហុលោវាទសូត្រមានពីរសូត្រ មួយនៅក្នុងបិដកលេខ២៨ ដែលព្រះរាហុលស្ដាប់ហើយសម្រេចព្រះអរហត្ត ដូច្នេះទើប ព្រះសូត្រនេះ ព្រះអដ្ឋកថាហៅថា អម្ពលដ្ឋិករាហុលោវាទសូត្រ)។
ព្រះរាហុលមានព្រះជន្ម ៧ វាស្សា ព្រះដ៏មានព្រះភាគទ្រង់ ប្រគល់ឲ្យព្រះសារីបុត្តបំបួសជាសាមណេរ ក្នុងវស្សានោះឯង ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងនូវព្រះសូត្រនេះ ដោយ ព្រះដ៏មានព្រះភាគទ្រង់ព្រះតម្រិះថា ព្រះរាហុលនៅកុមារ ជាធម្មតាក្មេងតូចរមែងនិយាយនូវពាក្យដែលគួរនិងមិនគួរ ដូច្នេះយើងនឹងឲ្យឱវាទដល់រាហុល។
ព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងឧបមាដោយផ្ដិលទឹក ៤ លើកឧបមាដោយដំរី ២ លើក និងឧបមាដោយកញ្ចក់ ឆ្លុះមុខ ១លើក។ សេចក្ដីនៅក្នុងព្រះសូត្រនេះ គឺមាន ប្រយោជន៍ដើម្បីកុំឲ្យព្រះរាហុលពោលនូវសម្បជានមុសាវាទ (ពោលកុហកទាំងដឹងខ្លួនច្បាស់)។
ឧបមាដោយផ្ដិលទឹក ៤ លើក
១- ព្រះអង្គទ្រង់ទុកទឹកឲ្យសល់បន្តិចក្នុងផ្តិល ហើយត្រាស់សួរ...។
២- ព្រះអង្គទ្រង់ចាក់ទឹកដែលសល់បន្តិចនោះចោល ហើយត្រាស់ សួរ...។
៣- ព្រះអង្គទ្រង់ផ្កាប់ផ្តិលទឹកនោះ ហើយត្រាស់សួរ...។
៤- ព្រះអង្គទ្រង់ត្រាស់សួរព្រះរាហុលបញ្ជាក់អំពីផ្តិលទឹកនោះៗ ដោយការប្រៀបធៀបហើយ ទើបព្រះអង្គត្រាស់ថា ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុ ដែលមិនមានសេចក្ដីអៀនខ្មាសក្នុង សម្បជានមុសាវាទ ដូចជាទឹកដែលមានប្រមាណតិច ដូចជាទឹក ដែលតថាគតចាក់ចោល ដូចជាផ្តិលទឹកដែលតថាគតផ្កាប់ និង ដូចជាផ្តិលទឹកដែលទទេរលីងធេង ដូច្នេះឯង។
ឧបមាដោយដំរី ២ លើក
១- ដំរីកាលបើចូលកាន់សង្រ្គាម រមែងប្រើអវយវៈទាំងពួងធ្វើការ សព្វគ្រប់ រក្សាទុកតែប្រមោយប៉ុណ្ណោះ ឈ្មោះថា មិនទាន់ហ៊ាន លះបង់ជីវិតនៅឡើយ។
២- ដំរីកាលបើចូលកាន់សង្រ្គាម រមែងប្រើអវយវៈទាំងអស់ធ្វើ ការសព្វគ្រប់ មិនរក្សាទុកសូម្បីតែប្រមោយ ឈ្មោះថា ជាដំរី ហ៊ានលះបង់ជីវិត។ ម្នាលរាហុល មានឧបមេយ្យដូចភិក្ខុណាមួយ ដែលមិនមាន សេចក្ដីអៀនខ្មាសក្នុងសម្បជានមុសាវាទ តថាគត មិនពោលថា ភិក្ខុនោះមិនធ្វើបាបកម្មតិចតួចដូច្នេះទេ។
ម្នាលរាហុល ព្រោះ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគួរសិក្សាថា អាត្មាអញនឹង មិនពោលពាក្យកុហក សូម្បីគ្រាន់តែដើម្បីសើចលេងនោះ ឡើយ ម្នាលរាហុលអ្នកត្រូវសិក្សា យ៉ាងនេះចុះ។ បទថា នាហំ តស្ស កិញ្ចិ បាបំ គឺបុគ្គលណា ដែលមិនមាន សេចក្ដីអៀនខ្មាស ក្នុងការពោលកុហកទាំងដែលដឹងខ្លួន ច្បាស់ ថាបុគ្គលនោះឯង មិនធ្វើនូវបាបកម្មអ្វីតិចតួចនោះ មិនមានឡើយ (បានសេចក្ដីថា មិនមាននូវសម្បជាន មុសាវាទណា ដែលមិនមែនជាបាបសូម្បីត្រឹមតែបន្តិចបន្តួច នោះទេ គឺថា បើមិនបានធំក៏បាបតូចដែរ ដូចជាដំរីក្នុង ចំណុចទីពីរ ដែលថាមិនធ្វើកម្មដោយអវយវៈណាមួយនោះ មិនមានហ្នឹងឯង)។
ឧបមាអំពីកញ្ចក់ កញ្ចក់មានប្រយោជន៍ដូចម្ដេច? កញ្ចក់មានប្រយោជន៍ក្នុង ការឆ្លុះមើលមុខ។ ម្នាលរាហុល យ៉ាងនោះមែនហើយ អ្នកគប្បីពិចារណាត្រិះរិះ មើលរួចហើយ សឹមធ្វើកម្មដោយកាយ ពិចារណាត្រិះរិះមើល រួចហើយ សឹមធ្វើកម្មដោយវាចា ពិចារណាត្រិះរិះមើលរួចហើយ សឹមធ្វើកម្មដោយចិត្ត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពីការពិចារណានូវ កម្មទាំងបី ទាំងដែលនឹងធ្វើ កំពុងធ្វើ ទាំងដែលធ្វើរួចហើយ ដោយពិស្ដារ ដែលព្រះធម៌ទេសនានេះប្រព្រឹត្តទៅសមគួរ ដល់វេនេយ្យសត្វគឺបុគ្គលដែលគួរដល់ការណែនាំ។
ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១
ដោយ៥០០០ឆ្នាំ
images/articles/2519/Un6543titled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៣៨,៥៤២ ដង)
ការកើតប្រាកដនៃរតនៈ ៥ ប្រការ រកបានដោយកម្រក្នុងលោក គឺអ្វីខ្លះ?
១-ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ រកបានដោយកម្រក្នុងលោក ។
២-បុគ្គលអ្នកសម្ដែងនូវធម៌វិន័យ ដែលព្រះតថាគតទ្រង់ប្រកាសហើយ រកបានដោយកម្រក្នុងលោក។
៣-បុគ្គលអ្នកដឹងនូវធម៌វិន័យ ដែលព្រះតថាគតប្រកាសហើយ រកបានដោយកម្រក្នុងលោក។
៤-បុគ្គលអ្នកដឹងនូវធម៌វិន័យ ដែលព្រះតថាគតប្រកាសហើយៗ ប្រតិបត្តិធម៌គួរតាមធម៌ រកបានដោយកម្រក្នុងលោក ។
៥-បុគ្គលអ្នកដឹងឧបការៈគុណ ដែលអ្នកដ៏ទៃធ្វើហើយ ធ្វើតបវិញ រកបានដោយកម្រក្នុងលោក។
បិដក៖៤៥ ទំព័រ៨១-៨២
ដោយ៥០០០ឆ្នាំ
images/articles/2708/____________pic.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៧,២៥៧ ដង)
ធម្មកថិក ( ន. ) [ធ័ម-មៈកៈ ថិក] ( បា., សំ. ) (ធម៌កថិក) អ្នកសំដែងធម៌ ។ខ្មែរប្រើពាក្យនេះជាងារនៃភិក្ខុអ្នកចេះសំដែងធម៌ ថ្នាក់ជាឋានានុក្រម ជាសហការីនៃព្រះរាជាគណៈជាចៅអធិការវត្តធំៗ ក្នុងព្រះរាជធានី ឬជាសហការីនៃមេគណ កាលបើត្រូវការឲ្យមាន : ព្រះធម្មកថិក សហការីនៃ...(ម. ព. ធម្មធរ និង វិន័យធរ ទៀតផង) ។
(វចនានុក្រមសម្ដេចជួន ណាត)
ធម្មកថិក (បុំ.) [ធម្ម + កថ៑ + ឥក] វិគ្គហៈថា ធម្មំ កថេតីតិ > ធម្មកថិកោ អ្នកណាពោលនូវធម៌ ព្រោះហេតុនោះ អ្នកនោះ ឈ្មោះថា ធម្មកថិក (អ្នកសំដែងនូវធម៌)។
(សទ្ទានុក្រមបាលី)
ភិក្ខុអ្នកទ្រទ្រង់ព្រះអភិធម្មឈ្មោះថាព្រះធម្មកថិក អាភិធម្មិកភិក្ខូយេវ កិរ ធម្មកថិកា នាម បានឮថាភិក្ខុអ្នកទ្រទ្រង់ ព្រះអភិធម្មប៉ុណ្ណោះ ឈ្មោះថា ព្រះធម្មកថិក ក្រៅពីនេះ សូម្បីពោលធម៌ ក៏មិនមែនធម្មកថិក ។ ព្រោះហេតុអ្វី ? ព្រោះថា ភិក្ខុអ្នកមិនទ្រទ្រង់ព្រះអភិធម្មទាំងនោះ កាលពោលធម៌ តែង ពោលតាមលំដាប់កម្ម លំដាប់វិបាក ការកំណត់រូបនិងអរូប ធ្វើលំដាប់ធម៌ឲ្យច្រឡូកច្រឡំ ។ ចំណែកភិក្ខុអ្នកទ្រទ្រង់ព្រះអភិធម្ម មិនឲ្យលំដាប់ធម៌ច្រឡូកច្រឡំ ។ ព្រោះដូច្នោះ ភិក្ខុអ្នក ទ្រទ្រង់ព្រះអភិធម្មនឹងពោលធម៌ ឬ មិនបានពោលក៏ដោយ តែក្នុងកាលដែលគេសួរបញ្ហា ហើយក៏នឹងពោលដោះស្រាយបញ្ហានោះបាន ព្រះសាស្តាទ្រង់សំដៅដល់ពាក្យនេះថា : ភិក្ខុទ្រទ្រង់ព្រះអភិធម្មប៉ុណ្ណោះ ឈ្មោះថា ធម្មកថិកដោយចំណែកមួយ ដូច្នេះ ទើបទ្រង់ ប្រទានសាធុការហើយ ត្រាស់ថា មោគ្គល្លានពោលល្អហើយ ។ (អដ្ឋសាលិនី អដ្ឋកថា អភិធម្មបិដក ធម្មសង្គណិ និទានកថា)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៥ យ៉ាង ៖
១. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។
២. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់វេទនា ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។
៣. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់សញ្ញា ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។
៤. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់សង្ខារ ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។
៥. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។(សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវគ្គ ខន្ធសំយុត្ត ធម្មកថិកវគ្គ ធម្មកថិកសូត្រ បិដកលេខ ៣៤ ទំព័រ ១៤ និង ទុតិយធម្មកថិកសូត្រ បិដកលេខ ៣៤ ទំព័រ ១៦)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង
១. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចក្ខុ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
២. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវសោតៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៣. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវឃានៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៤. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវជិវ្ហា ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវកាយ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចិត្ត ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
(សុត្តន្តបិដក សំយុត្តនិកាយ សឡាយតនវគ្គ តតិយបណ្ណាសកៈ នវបុរាណវគ្គ ធម្មកថិកបុច្ឆសូត្រ បិដកលេខ ៣៥ ទំព័រ ៣២៤)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជាតិ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៣. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃភព ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៤. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃឧបាទាន ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៥. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃតណ្ហា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៦. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវេទនា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៧. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃផស្សៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៨. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃ សឡាយតនៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៩. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃនាមរូប ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១០. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃសង្ខារ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុធម្មកថិក ។
(សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ និទានសំយុត្ត អាហារវគ្គ ធម្មកថិកសូត្រ បិដកលេខ ៣១ ទំព័រ ៣៧)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/892/Untitled-1.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២២ (អាន: ១៦,១០០ ដង)
ពុទ្ធភាសិតសរសើរអំពីបុញ្ញឫទិ្ធ (និធិកណ្ឌសូត្រ)
បុរសរមែងកប់កំណប់ទ្រព្យទុក ក្នុងទីដ៏ជ្រៅមានទឹកជាទីបំផុត ដោយគិតថា កាលកិច្ចគឺសេចក្តីត្រូវការកើតឡើងហើយទ្រព្យនេះ នឹងជាប្រយោជន៍ដល់អាត្មាអញ ដើម្បីដោះខ្លួនអំពីរាជភ័យខ្លះ ដើម្បីដោះខ្លួនឲ្យរួចអំពីចោរភ័យខ្លះ ដើម្បីដោះបំណុលខ្លះក្នុងពេលទុរភិក្ខភ័យខ្លះ ក្នុងកាលមានអន្តរាយទាំងឡាយខ្លះ ធម្មតាកំណប់ ដែលគេកប់ទុកក្នុងលោក ដើម្បីប្រយោជន៍យ៉ាងនេះឯង ។
កំណប់ទ្រព្យទាំងអស់នោះ មិនមែនសម្រេចដល់បុគ្គលនោះសព្វកាលទេ ព្រោះថា កំណប់ទ្រព្យរមែងឃ្លាតទៅចាកទីខ្លះ សេចក្តីចំណាំរបស់បុគ្គលនោះ រមែងវង្វេងទៅខ្លះ នាគទាំងឡាយរមែងនាំជញ្ជូនទៅខ្លះ ពុំនោះសោត ពួកយក្សនាំយកទ្រព្យនោះទៅខ្លះ អ្នកទទួលមរតកដែលមិនជាស្រឡាញ់នាំយកនូវទ្រព្យនោះ ក្នុងកាលខ្លួនមិនបានឃើញខ្លះ ខ្លួនអស់បុណ្យទៅក្នុងវេលាណា កំណប់ទ្រព្យទាំងអស់នោះ រមែងវិនាសបាត់បង់ទៅក្នុងវេលានោះ ។
កំណប់ទ្រព្យដែលស្រ្តីឬបុរសណា បានកប់ទុកល្អហើយ ដោយទាន សីល ដោយការសង្រួម និងដោយការទូន្មានខ្លួន ក្នុងចេតិយឬក្នុងសង្ឃ ឬក្នុងបុគ្គល ឬក្នុងពួកភ្ញៀវ ឬក្នុងមាតា ឬក្នុងបិតា ឬថាក្នុងបងប្រុស-ស្រី ជាច្បង កំណប់ទ្រព្យនោះ ចាត់ជាកំណប់ទ្រព្យ ដែលកប់ទុកប្រពៃហើយ នរណា មិនគប្បីបំផ្លាញបាន ជាកំណប់ទ្រព្យដែលជាប់តាមខ្លួនទៅ កាលភោគៈទាំងឡាយ ដែលខ្លួនត្រូវលះបង់ហើយទៅ ខ្លួនរមែងកាន់យកនូវកំណប់ទ្រព្យ គឺបុណ្យនោះទៅ ។
កំណប់ទ្រព្យ គឺបុណ្យ មិនទូទៅដល់ពួកជនដទៃ ជារបស់ដែលចោរលួចទៅមិនបាន ។ កំណប់គឺបុណ្យណា ជាប់តាមខ្លួនទៅបាន អ្នកប្រាជ្ញគួរសន្សំនូវកំណប់ទ្រព្យ គឺបុណ្យនោះ ។ កំណប់ទ្រព្យ គឺបុណ្យនោះ ឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាង ដល់ទេវតា និងមនុស្សទាំងឡាយ ពួកទេវតានិងមនុស្សទាំងឡាយប្រាថ្នានូវផលណាៗ ផលទាំងពួងនោះ រមែងសម្រេចដោយកំណប់ទ្រព្យ គឺបុណ្យនោះ ។
ភាពជាអ្នកមានសម្បុរផូរផង់ មានសំឡេងពីរោះ ទ្រង់ទ្រាយល្អ រូបល្អ ជាអធិបតិ មានយសបរិវារ ផលទាំងអស់រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនោះ ។ សម្បត្តិជារបស់មនុស្សណាផង សេចក្តីត្រេកអរក្នុងទេវលោកណាផង សម្បត្តិគឺព្រះនិព្វានណាផង សម្បត្តិទាំងអស់នេះ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនោះ ។
ភាពនៃបុគ្គលកាលអាស្រ័យមិត្តសម្បទា បើប្រកបសេចក្តីព្យាយាមដោយឧបាយដែលត្រូវ ជាអ្នកស្ទាត់ក្នុងវិជ្ជានិងវិមុត្ត ឥដ្ឋផលទាំងអស់នេះ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនោះ ។ បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកសម្ពោធិញាណ និងពុទ្ធភូមិណាៗ ឥដ្ឋផលទាំងអស់នេះ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនោះ ។ បុញ្ញសម្បទានេះ ឲ្យសម្រេចប្រយោជន៍ដ៏ធំ ដោយប្រការដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ជាធីរជន ទើបសរសើរនូវភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយ ។
ចប់និធិកណ្ឌសូត្រ ។
កំណប់ទ្រព្យរបស់បុរសស្រ្តីមាន ៤ យ៉ាង (តាមការស្រង់ចេញពីអដ្ឋកថានៃព្រះសូត្រនេះ)
១. ថាវរៈនិធិ កំណប់ទ្រព្យមាំមួនកម្រើកមិនបានដោយខ្លួនឯង ដូច មាស ប្រាក់ ស្រែ ចំការ ទីដីសង់ផ្ទះ ជាដើម ។
២. ជង្គមនិធិ គឺកំណប់ទ្រព្យដែលកម្រើកខ្លួនឯងបាន ដូច ទាសា ទាសី គោ ក្របី ដំរី សេះ ជ្រូក មាន់ ទា ជាដើម ។
៣. អង្គសមនិធិ គឺកំណប់ទ្រព្យស្មើដោយអាវយវៈ តូចធំ បានដល់ភាពជាពហុសូត្រ ជាអ្នកចេះដឹងច្រើន ទាំងចំណេះផ្លូវលោកផ្លូវធម៌ និងជាអ្នកជំនាញក្នុងកិច្ចការនោះៗ ។
៤. អនុគាមិកៈនិធិ កំណប់ទ្រព្យដែលជាប់តាមខ្លួនជានិច្ច បានដល់បុណ្យដែលសម្រេចដោយទាន សីល ភាវនា ស្តាប់ធម៌ សម្តែងធម៌ ជាដើម ។
បណ្តាកំណប់ទ្រព្យទាំង ៤ នេះ ព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សរសើរនូវអនុគាមិកៈនិធិ ថាជាកំណប់ទ្រព្យមានឫទ្ធិដ៏ធំក្រៃលែង ។
ស្រង់ចាកសៀវភៅ " សង្ឃទានមានផលច្រើន "
រៀបរៀងដោយ មេត្តាបាលោ ទឹម-សឿត
ដោយ៥០០០ឆ្នាំ