35
ថ្ងៃ សុក្រ ទី ០៥ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦០,៩៦១
Today
ថ្ងៃម្សិលមិញ ១០៥,៤៧៥
ខែនេះ ៧៣៣,៦២៩
សរុប ៤០៧,២៣៨,៩៤៤
ប្រជុំអត្ថបទ
images/articles/3212/_________________________________.jpg
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២៤ (អាន: ៩,០០២ ដង)
តេីព្រះពុទ្ធសាសនាស្ថិតនៅត្រង់ណា? ព្រះពុទ្ធសាសនា គឺស្ថិតនៅត្រង់ ព្រះឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ។ ពុទ្ធបរិស័ទទាំងឡាយ! ការយល់ច្បាស់នូវ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ បរមគ្រូនៃយើង គឺការយល់ដឹងអំពី ចតុរារិយសច្ច ។ ការយល់ដឹងអំពី អារិយសច្ចៈ គឺការ យល់ដឹងអំពីបដិច្ចសមុប្បាទធម៌ ។ ធម៌ទាំងនេះជាធម៌ ដែលមាន គម្ភីរ ភាពជ្រាលជ្រៅណាស់ គេត្រូវតែ ធ្វើវិរិយភាពតឹងរឹង ទើបអាច បាននូវពន្លឺ នៃការត្រាស់ដឹង នឹងអាចធ្វើទីបំផុតនៃទុក្ខបាន។ សេចក្តីទុក្ខ ជាបញ្ហារបស់ មនុស្ស ជាទូទៅ បដិច្ចសមុប្បាទ១២ បង្ហាញអំពី អានុភាព នៃហេតុ និងផល ដែលបច្ច័យ ឲ្យកើតឡើង ។ អតីតអវិជ្ជា ជាហេតុ បច្ចុប្បន្ននាមរូប ជាផល បច្ចុប្បន្នតណ្ហា ជាហេតុ អនាគត ជាតិ ជរា មរណៈ ជាផល ។ កុំឲ្យមានផល ត្រូវឈប់ធ្វើហេតុ ឈប់ធ្វើហេតុ ត្រូវធ្វើ សីល សមាធិ បញ្ញា ធ្វើសីល សមាធិ បញ្ញា ត្រូវមានសទ្ធា មានសទ្ធា ត្រូវយល់ ដឹង ឃើញ នូវសេចក្តីទុក្ខ របស់បញ្ចខន្ធ ។ ព្រះត្រៃសរណគមន៍ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលសម្រេចមានក្នុងសន្តានចិត្ត នៃ ពុទ្ធបរិស័ទ ទៅបានលុះត្រាតែ ពុទ្ធបរិស័ទ មានចិត្តឈាន ចុះស៊ប់ក្នុង សទ្ធា ៤យ៉ាងគឺ ១- កម្មសទ្ធា ការជឿកម្ម, ២- វិបាកសទ្ធា ការជឿផលនៃកម្ម, ៣- កម្មស្សកតាសទ្ធា ការជឿថា សត្វមានកម្ម ជារបស់ខ្លួន, ៤- តថាគតពោធិសទ្ធា ការជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគត ។ លោកិយបដិច្ចសមុប្បាទ១២ អត្ថន័យទូទៅ ពាក្យ​ក្នុង​ភាសា​បាលី​ថា បដិច្ចសមុប្បាទឬ ​នៅ​ក្នុង​ភាសា​សំស្ក្រឹត​ថា ប្រដីដ្យសមុដ្បាទ មាន​អត្ថន័យ​ថា ​ដើម​កំណើត​​នៃ​អ្វីមួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ឬ ការ​កើត​ឡើង​នៃ​អ្វី​មួយ​ត្រូវ​ពឹង​លើ​ការ​កើត​ឡើង​នៃ​អ្វី​មួយ​ទៀត​ជាមុន ។ ន័យ​ម្យ៉ាង​ទៀត បដិច្ចសមុប្បាទ សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​ថា គ្មាន​វត្ថុ​អ្វី​មួយ (ទោះ​ជា​មាន​រូប​ក្តី ឥត​រូប​ក្តី មាន​ជីវិត​ក្តី ឥត​ជីវិត​ក្តី) មាន​វត្តមាន​ដោយ​ឯកឯង ឬ ស្ថិតស្ថេរ​ជា​និច្ច​និរន្តរ៍ បាន​ទេ ពោល​គឺ​ វត្ថុ​នោះ​​ត្រូវ​​ពឹង​ផ្អែក​លើ​វត្ថុ​កើត​មុន​វា​​ដើម្បី​ឲ្យ​វា​អាច​កើត​ឡើង​បាន ។ ចំណែក​វត្ថុ​ដែល​កើត​មុន​នោះ​ ក៏​ត្រូវ​ពឹង​លើ​វត្ថុ​ដែល​កើត​មុន​វា​មួយ​ទៀត​ដើម្បី​ឲ្យ​វត្ថុ​នោះ​កើត​ឡើង​បាន ។ ​យោង​តាម​ទ្រឹស្តី​ពុទ្ធសាសនា បដិច្ចសមុប្បាទ​ មាន​អត្ថន័យ​ពីរ​យ៉ាង​៖ ក្នុង​ន័យ​ទូទៅ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​សញ្ញាណ​​ដែល​ជា​ខ្លឹម​សំខាន់​នៅ​ក្នុង​ប្រពៃណី​ពុទ្ធសាសនា ពោល​គឺ វត្ថុ​គ្រប់​យ៉ាង​កើត​ឡើង​​ដោយ​ពឹង​ទៅ​លើ​មូលហេតុ និង លក្ខខណ្ឌ​ ដ៏​ច្រើន​សន្ធឹក។ ក្នុង​ន័យ​ជាក់​លាក់ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​ការ​អនុវត្តន៍​ជាក់ស្តែង​នៃ​គោលការណ៍​ទូទៅ​ខាង​លើ​នេះ ពោល​គឺ ភាព​ជាប់​ទាក់ទង​គ្នា (សម្ព័ន្ធ) ចំនួន ១២ តំណ នៃ​ដើម​កំណើត​នៃ​អ្វី​មួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ។ សញ្ញាណ​នៃ​បដិច្ចសមុប្បាទ (ទាំង​ន័យ​ទូទៅ និង ន័យ​ជាក់លាក) គឺ​ជា​មូលដ្ឋាន​សម្រាប់​យល់​សញ្ញាណ​គន្លឹះ​​ដទៃ​ទៀត​នៅ​ក្នុង​ពុទ្ធសាសនា ឧទាហរណ៍ ទ្រឹស្តី​អំពី​កម្ម និង ការ​បដិសន្ធិ​ជា​ថ្មី ការ​កើត​ឡើង​នៃ​ទុក្ខ និង លទ្ធភាព​នៃ​ការ​រំដោះ​ខ្លួន​​តាម​រយៈ​ការ​យល់​ដឹង​ថា​គ្មាន​ខ្លួន ឬ អនត្តា ។ គោលគំនិត​ទូទៅ​នៃ​បដិច្ចសមុប្បាទ (អ្វីៗ​គ្រប់យ៉ាង​សុទ្ធ​តែ​​ពឹង​ផ្អែក​លើ​អ្វីៗ​ដទៃ​ទៀត) គឺ​ជា​ផ្នែក​មួយ​សម្រាប់​បំពេញ​ឲ្យ​សញ្ញាណ (គំនិត) នៃ​ទ្រឹស្តី សុញ្ញតា (ភាព​ទទេ ឬ សូន្យ)។ ធម៌​សូត្រ អវិជ្ជា បច្ចយា សង្ខារា, សង្ខារា បច្ចយា វិញ្ញា សម្ភវន្តិ ។ សេចក្តី​ប្រែ៖ អវិជ្ជាជាបច្ច័យ ឲ្យកើតសង្ខារ, សង្ខារជាបច្ច័យ ឲ្យកើតវិញ្ញាណ, វិញ្ញាណជាបច្ច័យ ឲ្យកើតនាមរូប, នាមរូបជាបច្ច័យ ឲ្យកើតអាយតនៈ, អាយតនៈ​ជាបច្ច័យឲ្យកើតផស្សៈ, ផស្សៈជាបច្ច័យ ឲ្យកើតវេទនា, វេទនាជាបច្ច័យ ឲ្យកើតតណ្ហា, តណ្ហាជាបច្ច័យ ឲ្យកើតឧបាទាន, ឧបាទានជាបច្ច័យ ឲ្យកើតភព, ភពជាបច្ច័យ ឲ្យកើតជាតិ, ជាតិជាបច្ច័យ ឲ្យកើតជរា មរណៈ សោក ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាច្រើនអនេក ។ ការជាប់ប្រទាក់គ្នា ១២ កងនេះ ឈ្មោះថា បដិច្ចសមុប្បាទ ។ ចតុរារិយសច្ច ឬ​ សេចក្តីពិត​ ៤ យ៉ាង ព្រះពុទ្ធ​ទ្រង់បាន​ត្រាស់សម្តែង​ទុក​ថា៖ “ ម្នាលភិក្ខុទាំងឡាយ, ក្នុងកាលកន្លង មកហើយក្តី ក្នុងកាលជា អនាគតក្តី ឬក្នុងពេល បច្ចុប្បន្ននេះក្តី តថាគត បង្រៀនអ្នកតែអំពី សេចក្តីទុក្ខ, អំពីហេតុនៃសេចក្តីទុក្ខ, អំពីការរំលត់ទុក្ខ និង ​ផ្លូវទៅកាន់ការរំលត់ទុក្ខ ។ ធម៌ដែលតថាគត ត្រាស់ដឹង មានច្រើនជាអនេក ប៉ុន្តែតថាគត មិនបង្រៀនអ្នក នូវធម៌ដ៏ច្រើន ទាំងនោះទេ ព្រោះមិននាំមក នូវប្រយោជន៍ មិននាំមក នូវសេចក្តីស្ងប់ មិននាំមកនូវ ការត្រាស់ដឹង មិននាំមក នូវព្រះនិព្វាន “។ ព្រះពុទ្ធ​បាន​បង្រៀន អំពីសេចក្តីពិត ៤​ យ៉ាងនេះ គឺធម្មជាតិនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ១ ហៅថា ទុក្ខអរិយសច្ចៈ ។ ហេតុនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ២ ហៅថា ទុក្ខសមុទយ អរិយសច្ចៈ ។ ការរលត់ទៅនៃទុក្ខ ហៅថា ទុក្ខនិរោធ អរិយសច្ចៈ ជាសេចក្តី ពិតទី៣ ។ ផ្លូវប្រតិបត្តិ ដែលនាំឲ្យបានដល់ ការរំលត់ទុក្ខ ហៅថា ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ ជាសេចក្តីពិតទី ៤ ដែលមាននាមថា អរិយអដ្ឋង្គិកមគ្គ ប្រកបដោយអង្គ ៨ ប្រការ ។ អរិយសច្ចៈ ៤ នេះ ជាខ្លឹមសារ នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ អ្នកកាន់ ព្រះពុទ្ធសាសនា ត្រូវតែសិក្សា ហើយយល់ច្បាស់ នូវអរិយសច្ចៈ ដើម្បីប្រតិបត្តិធម៌ រំដោះខ្លួន ឲ្យរួចចាកផុត អំពីទុក្ខ ក្នុងសង្សារវដ្តនេះ។ ដើម្បីពន្យល់ អំពីសេចក្តីទុក្ខ និងហេតុនៃសេចក្តីទុក្ខ ព្រះពុទ្ធទ្រង់លើកយក បដិច្ចសមុប្បាទ​ ១២ មកពន្យល់ប្រាប់ ដូចតទៅនេះ៖ ជាតិ គឺការកើតឡើងនៃ នាម និង រូប គឺ បញ្ចក្ខន្ធ (រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ) ។​ បើ​នៅ​​មាន​ជាតិ (កំណើត) នោះ​បញ្ចក្ខន្ធ (ឬ​ខន្ធ ៥) ក៏កើតឡើង។ បើមាន បញ្ចក្ខន្ធ នោះ​ទុក្ខ ១២ កងក៏កើតឡើង (ទុក្ខព្រោះរូប​ ៤ និងទុក្ខព្រោះនាម ៨)។ទុក្ខ ​ទាំង ១២ កងនេះ មានជាតិជា បច្ច័យ ទើបកើតឡើង ។ ជាតិមានភព ជាបច្ច័យ ឲ្យកើតឡើង។ ភព គឺ បដិសន្ធិចិត្ត ដែលកម្មសង្ខារ តាក់តែងឲ្យ ទៅកើតជា នរក ប្រេត អសុរកាយ តិរច្ឆាន មនុស្ស ទេវតា ឬព្រហ្ម តាមផលកម្មរបស់ខ្លួន ។ ភពមានឧបាទាន ការជាប់ជំពាក់ដោយកម្មជា កុសលនិងអកុសល ជាបច្ច័យឲ្យកើតឡើង។ ឧបាទាន ការជាប់ជំពាក់ ដោយការធ្វើ កម្ម មានតណ្ហាជាបច្ច័យ ឲ្យកើតឡើង។ តណ្ហា គឺសេចក្តី ប្រាថ្នា៣យ៉ាង ចង់ឲ្យបាន នូវអារម្មណ៍តាមទ្វារ ៦ ដែលជាទីត្រេកអរ គឺកាមតណ្ហា ចង់ឲ្យអ្វីៗ ដែលជាទីត្រេកអរ នៅ ស្ថិតស្ថេរជានិច្ច មិនបាត់បង់ គឺភវតណ្ហា ចង់ឲ្យអ្វីៗ ដែលរលត់ទៅ មិនកើតទៀត គឺ វិភវតណ្ហា តណ្ហានេះមានផស្សៈ ការដែលអារម្មណ៍ តាមទ្វារ ៦ មកពាល់ត្រូវ ជាបច្ច័យឲ្យកើតឡើង។ ផស្សៈ មានអាយតនៈ គឺ វិញ្ញាណ ៦ និង អារម្មណ៍ ៦ ជាបច្ច័យ ឲ្យកើតឡើង។ អាយតនៈ មាននាមរូប ជាបច្ច័យឲ្យកើតឡើង ។ នាមរូបមានវិញ្ញាណ គឺបដិសន្ធិចិត្តជាបច្ច័យឲ្យកើតឡើង ។ វិញ្ញាណមានសង្ខារ គឺការប្រជុំ តាក់តែងនៃកម្ម ជាបច្ច័យ ឲ្យកើតឡើង ។ សង្ខារមានអវិជ្ជា សេចក្តីមិនដឹងមិនយល់ ជាបច្ច័យ ឲ្យកើតឡើង ។ សេចក្តីពន្យល់ខាងលើនេះ ឃើញថាអវិជ្ជាជាដើមហេតុ មានសេចក្តីទុក្ខ មួយគំនរធំ នៅខាងចុង ដូចជាខ្សែច្រវាក់មួយ ដែលមានកង ១២ ប្រទាក់ជាប់គ្នា។ ទុក្ខទាំង ១២ កង គឺទុក្ខរបស់រូប ៤ និងទុក្ខរបស់នាម ៨ កើតឡើងក៏ព្រោះ តែមានរូបនិងនាម ។ បើគ្មានរូប និងនាម ទុក្ខក៏គ្មានដែរ ។ ឧបមាដូចជា ជនដែលឈរ នៅក្បែរភ្លើង ទទួលទុក្ខព្រោះក្តៅ ហើយចង់ពន្លត់ ភ្លើងដើម្បីឲ្យបាត់ក្តៅ ដរាបណាគេ នៅតែបន្ថែមប្រេង ទៅឲ្យភ្លើងទៀត នោះភ្លើងនៅតែឆេះ គេនៅតែក្តៅដដែល ឥតស្រាកស្រាន្តឡើយ ។ យ៉ាងណាម៉ិញ គេ ចង់កំចាត់បង់ទុក្ខ ហើយបើគេ នៅតែបង្កើតអវិជ្ជា នោះគេនៅតែ មានទុក្ខដដែល ឥត ឈប់ឈរឡើយ ។ ការបំបាត់អវិជ្ជា ខាងដើម ជាកិច្ចឲ្យទុក្ខទាំងឡាយខាងចុង រលត់ទៅអស់ព្រោះមិនមាន រូបនិងនាម តទៅទៀត ។ ដូច្នេះកិច្ចដែលត្រូវធ្វើ គឺកំចាត់បង់ នូវអវិជ្ជា ជាការស្រេច ។ ប៉ុន្តែគេត្រូវសិក្សា ឲ្យយល់ច្បាស់ នូវបដិច្ចសមុប្បាទនេះ ជាមុនសិន ។ បដិច្ចសមុប្បាទនេះ ដែលមានអវិជ្ជាខាងដើម និងសេចក្តីទុក្ខខាងចុង ជារបស់ ត្រៃភព ព្រោះវាចងសត្វលោក ឲ្យជាប់ក្នុងភពទាំង៣ មានឈ្មោះថា លោកិយបដិច្ចសមុប្បាទ ។ រីឯលោកុត្តរបដិច្ចសមុប្បាទ ដែលមានសទ្ធាខាងដើម និងអាសវក្ខេយេញាណ ជាខាងចុង ជារបស់ព្រះនិព្វាន ព្រោះជាផ្លូវកំចាត់បង់ នូវអវិជ្ជា។ សត្វលោកកើតស្លាប់ ៗ ក្នុងត្រៃភព ព្រោះនៅមានអវិជ្ជា ហើយបច្ច័យក៏កើតតៗគ្នា តាមខ្សែរង្វង់ អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប សឡាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ (ទុក្ខរបស់រូប ៤ និង ទុក្ខរបស់នាម ៨) រួចត្រឡប់ទៅកាន់ អវិជ្ជាវិញ ហើយរត់តាម ខ្សែរង្វង់ដដែលនេះ ឥតឈប់ឈរ លុះត្រាតែអវិជ្ជារលត់ ។ ខ្សែរង្វង់ បដិច្ចសមុប្បាទនេះ ជារបស់កាលទាំង៣ គឺរបស់អតីតកាល២ (អវិជ្ជា និងសង្ខារ) របស់បច្ចុប្បន្នកាល៨ (វិញ្ញាណ នាមរូប អាយតន១២ ផស្សៈ វេទនា តណ្ហាឧបាទាន និងភព) របស់អនាគត២ (ជាតិ និងជរាមរណៈ)។ បច្ចុប្បន្នកាល ៨ - ដោយមានអវិជ្ជា-សង្ខារ អំពីអតីតកាល ជាបច្ច័យដល់វិញ្ញាណ គឺបដិ សន្ធិចិត្ត ឲ្យសត្វកើតជាថ្មីទៀត ក្នុងបច្ចុប្បន្នកាលនេះ ។ នាមរូបក៏កើតឡើង អាស្រ័យ ដោយវិញ្ញាណជាបច្ច័យ ។ អាយតនៈ ១២ ក៏កើតឡើង អាស្រ័យដោយនាមរូប ជាបច្ច័យ ។ ផស្សៈក៏កើតឡើង អាស្រ័យដោយ អាយតនៈ១២ ជាបច្ច័យ។ វេទនាក៏កើតឡើង អាស្រ័យដោយផស្សៈ ជាបច្ច័យ ។ តណ្ហាក៏កើតឡើង អាស្រ័យដោយ វេទនាជាបច្ច័យ ។ ឧបាទានក៏ កើតឡើង អាស្រ័យដោយ តណ្ហាជាបច្ច័យ។ ភពក៏កើតឡើង អាស្រ័យ ដោយឧបាទាន ជាបច្ច័យ ។ វិញ្ញាណ នាមរូប អាយតនៈ ១២ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព បដិច្ច​សមុ​ប្បាទ​៨នេះ ជារបស់បច្ចុប្បន្នគឺបញ្ចក្ខន្ធជាផលដែល យើងបានមក ព្រោះ អវិជ្ជាពីអតីតកាល ។ ព្រោះមានបញ្ចក្ខន្ធ ទុក្ខទាំង១២កង គឺរូបទុក្ខ៤ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈទុក្ខ ហើយនិងនាមទុក្ខ៨ គឺសោកទុក្ខ បរិទេវៈទុក្ខ ទុក្ខទុក្ខ (ទុក្ខព្រោះទុក្ខផ្ទួនគ្នា) ទោមនស្សទុក្ខ ឧបាយាសៈទុក្ខ បិយេហិវិប្បយោគទុក្ខ អប្បិយេហិសម្បយោគទុក្ខ យម្បិច្ឆំនលភតិតម្បិទុក្ខ ក៏កើតឡើង ឲ្យយើងរង សេចក្តីឈឺចាប់ឥតស្រាកស្រាន្ត ។ បើមិនមានអវិជ្ជា ជាដើមហេតុទេនោះ យើងក៏គ្មានទុក្ខ ១២កងនេះ ដែរ ។ វេទនាគឺការសោយអារម្មណ៍ គឺការដឹង៥យ៉ាង គឺដឹងសេចក្តីឈឺចាប់ ដឹងសេចក្តី សុខស្រួល ដឹងសេចក្តីទោមនស្ស ដឹងសេចក្តីសោមនស្ស ឬដឹងថាឥតសុខឥតទុក្ខ ។ បើគេដឹងសេចក្តីឈឺចាប់ ឬទោមនស្សតាមផ្លូវចិត្ត គេមិនចង់បាន អារម្មណ៍ទាំងនេះទេ ។ តណ្ហា​គឺ​សេច​ក្តី​ប្រាថ្នា កុំឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ បើគេដឹងសេចក្តីសុខស្រួល ឬសោមនស្សតាមផ្លូវចិត្ត គេចង់បានអារម្មណ៍ ទាំងនេះទៀត ហើយតណ្ហាគឺសេចក្តីប្រាថ្នា ឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ តណ្ហាដែលកើតឡើងក៏បានជាបច្ច័យ ដល់ឧបាទាន គឺការជាប់ជំពាក់ ក្នុងតណ្ហានោះៗ ហើយធ្វើប្រតិកម្ម ដោយអំពើតាម កាយវាចាចិត្ត ។ សេចក្តីស្រឡាញ់និងស្អប់ ក៏ចេះតែកើតឡើងបន្តបន្ទាប់គ្នា។ គេក៏ប្រតិកម្មដោយ លោភៈនិងទោសៈ គឺធ្វើអំពើជាកុសល និងអកុសល ដែលជាហេតុឲ្យ កម្មសង្ខារកើតឡើង ហើយតាក់តែងនូវភព សម្រាប់ អនាគតជាតិ ។ បើកម្មជាកុសល គេនឹងបានសុគតិភព មានទេវលោក និងព្រហ្មលោកបើកម្មជាអកុសលវិញ គេនឹងបានអបាយភូមិ មាននរកប្រេត តិរច្ឆានជាដើម ។ ដរាបណាគេនៅតែមានតណ្ហានិងឧបាទាន គេនឹងបាននូវភព ដែលជាបច្ច័យ ឲ្យមានជាតិនិងសេចក្តីទុក្ខយ៉ាងច្រើន ក្នុងអនាគតកាល។ កាលវេលាចេះតែរត់ ទៅមុខជានិច្ច ។ អនាគតកាល ក្លាយជាបច្ចុប្បន្ន ។ បច្ចុប្បន្នក្លាយជាអតីត ។ ជាតិជរាមរណៈ នៃអនាគត គឺជានាមរូបនិងទុក្ខ ១២ កងនៃបច្ចុប្បន្ន ។ បច្ច័យរបស់ជាតិ គឺតណ្ហាឧបាទានភព ដែលកើតក្នុងបច្ចុប្បន្ន ។ បច្ច័យរបស់ នាមរូបបច្ចុប្បន្ន គឺអវិជ្ជាសង្ខារវិញ្ញាណ ដែលកើតក្នុងអតីត ។ ជាតិមានន័យថា បញ្ចខន្ធ ជាពាក្យហៅសម្រាប់ អនាគតកាល ឯនាមរូប(គឺបញ្ចខន្ធដូចគ្នា) ជាពាក្យហៅ សម្រាប់បច្ចុប្បន្នកាល ។ កាលណាកាលវេលា រត់ពីបច្ចុប្បន្ន ទៅអតីត តណ្ហាឧបាទានភព ក៏ទៅជា អវិជ្ជាសង្ខារវិញ្ញាណ ដែលឲ្យ បញ្ចខន្ធ កើតឡើង ។ ដូច្នេះអវិជ្ជា គឺតណ្ហានេះឯង ។ ដើម្បីរំលត់នូវ បញ្ចខន្ធ ត្រូវកំចាត់បង់តណ្ហា ក្នុងបច្ចុប្បន្នជាតិនេះ កុំឲ្យមានអវិជ្ជា តទៅទៀត ។ ព្រោះតែមានតណ្ហា ទើបមានការធ្វើនូវកម្ម (ឧបាទាន) ហើយសត្វក៏ជាប់ក្នុង សង្សារវដ្ត គឺការវិលកើតវិលស្លាប់ ក្នុងភព ៣ អស់កាលរាប់កប្ប អសង្ខេយ្យមិនអស់ ។ លោកិយបដិច្ចសមុប្បាទ១២ ឃុំសត្វទុកក្នុងវដ្តសង្សារ យ៉ាងនេះឯង!។ ធម៌ ១១ យ៉ាងទៀត ដែលកើតឡើង ហើយបច្ច័យតៗគ្នា ដូចលោកិយបដិច្ចសមុប្បាទដែរ មានឈ្មោះថា លោកុត្តរបដិច្ចសមុប្បាទ១១។ លោកុត្តរបដិច្ចសមុប្បាទនេះ ជាច្រកចេញ អំពីរង្វង់សង្សារវដ្ត គឺការកើតស្លាប់ៗ ទៅកាន់ទីរំលត់ទុក្ខ គឺ និព្វាន ។ (វិគីភីឌា) ដោយ៥០០០ឆ្នាំ
images/articles/3213/____________________________________.jpg
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២៤ (អាន: ១១,២៣៥ ដង)
កាមគុណ​ ៥ប្រ​ការ​ ១. រូបា រូប ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ភ្នែក។ ២. សទ្ទា សំឡេង ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ត្រចៀក។ ៣. គន្ធា ក្លិន ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ច្រមុះ។ ៤. រសា រស ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ អណ្តាត។ ៥. ផេាដ្ឋព្វា ផ្សព្វ ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ កាយ។ ក្នុងកាមគុណទាំង៥នេះ តែងជាទីជាប់ជំពាក់នៃមនុស្សសត្វគ្រប់រូប ដែលនៅមានកិលេស, ចំណែកវត្ថុកាមដែលនាំអេាយបុរសទាំងឡាយជាប់ជំពាក់ជាងគេ ព្រះអង្គទ្រង់សម្តែងថា “ តថាគតរកមិនឃេីញនូវ រូប សម្លេង ក្លិន រស សម្ជស្ស សូម្បី តែមួយដែលគ្របសង្កត់ចិត្ត​បុរសហេីយស្ថិតនៅអេាយដូចរូបសម្លេងក្លិនរស សម្ជស្ស របស់ស្រ្តីនេះសេាះឡេីយ”។ ម្នាល​ភិក្ខុ​ទាំង​​ឡាយ​​​នេះឯង កាមគុណ​​មាន ៥ យ៉ាង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណៈ ឬ ព្រាហ្មណ៍​ ណា​​មួយ ជា​អ្នក​​មាន​ចិត្ត​​ងោក​ជ្រប់ លង់​ស៊ប់ ជា​អ្នក​មិន​​ឃើញ​ ទោស​មិនមាន​ប្រាជ្ញា​ជា​គ្រឿង​រលាស់​ខ្លួន​ចេញ << បច្ចវេក្ខណ​ញ្ញាណ >> តែង​បរិភោគ​កាម​គុណទាំង ៥ នេះ សមណៈ ឬ ព្រាហ្មណ៍​ទាំងនោះ បណ្ឌិត​គប្បី​ជ្រាប​យ៉ាង​នេះ​ថា ជាអ្នក​ដល់​នូវ​សេច​ក្តី​មិន​ចម្រើន ដល់​នូវ​សេចក្តី​វិ​នាស ជា​អ្នក​ត្រូវ មារ​មាន​ចិត្ត​បាប នឹង​ធ្វើ​តាម​សេចក្តី​ប្រាថ្នា​បាន។ (មជ្ឈិម​និកាយ បិ​ដក​លេខ ២១ ទំព័រ​ ១៦៣) ធម្មសុភាសិត ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។ សួនមច្ចុរាជ! កាមគុណជាផ្ការីកបង្អួតខ្លួន ដុះនៅក្នុងសួនមច្ចុរាជរក្សា ជានុយ ជាធ្នាក់អន្ទាក់តណ្ហា ឥតមានខ្លឹមសារទាក់ដេាយសម្រស់។ កាមគុណជាគ្រឿងបេាកបពេា្ឆាតសត្វ បិទបាំងវិបត្តិបង្អួតលាភយស សត្វលេាកលិចលង់ព្រេាះជាប់នឹងរស ស្វែងរកលាភយសព្រេាះតែកាមគុណ។ មិនគោរពច្បាប់ចរាចរ នាំឱ្យមានគ្រោះថ្នាក់ យ៉ាងណាមិញជីវិតយើង បើមិនគោរពក្នុងសីលទេ ក៏នាំឱ្យមានគ្រោះថ្នាក់ យ៉ាងនោះដែរ។ សីលរមែងរក្សាអ្នកមានសីល សីល ជាគុណភាពនៃជីវិត ជាកុសលសម្បត្តិ ដ៏ខ្ពង់ខ្ពស់ ព្រោះសូម្បីកើតក្នុងត្រកូលទាប ក៏ជាទីគោរពនៃមនុស្ស និងទេវតា សីល ជាជណ្ដើរឡើងទៅកាន់ ទេវលោក សីល ជាឧបាយឱ្យ សម្រេចសមាធិ សីល ជាផ្លូវទៅដល់អមតមហានគរ។ សីល ជាភូមិ ប្រតិស្ឋាននូវសាវកពោធិញ្ញាណ បច្ចេកពោធិញ្ញាណ និងសម្មាសម្ពោធិញ្ញាណ…៕ ដោយ៥០០០ឆ្នាំ
images/articles/3217/______________________________.jpg
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២៤ (អាន: ១១,០២៥ ដង)
សីលមយៈ. (បុណ្យកេីតអំពីការរក្សាសីល) ក្នុងអដ្ឋកថាបរមត្ថទីបនីថា ពាក្យថា សីលមយៈ បានដល់ចេតនាដែលប្រព្រឹត្តទៅហេីយដល់​បុគ្គលអ្នកសមាទានសីល ៥ សីល ៨ ឬសីល ១០ ដេាយអំណាចនៃការកំណត់ឲ្យជានិច្ច​សីល និង ឧបេាសថសីលជាដេីម ឬអ្នកគិតថា យេីងនឹងបួសដេីម្បីបំពេញសីលឲ្យបរិបូរណ៌ ហេីយទៅកាន់វិហារបួស និងញាំងមនេារថឲ្យដល់ទីបំផុតរលឹកថា យេីងបួស​ហេីយ​​ជាការល្អ ហេីយអប់រំបំពេញបាតិមេាក្ខសំវរសីលឲ្យបរិបូរណ៌ដេាយសទ្ធា ពិចារណាបច្ច័យ ៤ មានចីវរជាដេីម ដេាយបញ្ញាសង្រួមចក្ខុទ្វារជាដេីម ក្នុងរូបជាដេីមដែលមកកាន់កន្លងដេាយសតិ និងជម្រះអាជីវបារិសុទ្ធិសីលដេាយសេចក្តីព្យាយាម រមែងតាំងមាំ ព្រេាះដូច្នេាះ ចេតនានេាះ ទេីបឈ្មេាះថា បុញ្ញកិរិយាវត្ថុសម្រេចដេាយសីល។ ម្យ៉ាងទៀត កាលឲ្យទានដេាយតាំងនៅក្នុងវត្តបដិបត្តិ បុញ្ញកិរិយាវត្ថុ ជាសីលមយៈ ។ ក្នុងបរមត្ថជេាតិកថាៈ សីល សម្តែងវចនត្ថៈថា៖ សីលយតិ កាយវចីកម្មនា សម្មា ទហតីតិ=សីលំ ធម្មជាតិណារមែងធ្វេីឲ្យកាយកម្ម និងវចីកម្មតាំងទុកដេាយល្អដូច្នេាះ ធម្មជាតិនេាះឈ្មេាះថា សីល, បានដល់ កិរិយារួបរួមទុកនូវកម្មទាំងឡាយ មានកាយកម្មជាដេីម មិនរាត់រាយដេាយអំណាចភាវៈនៃបុគ្គលអ្នកមានសីល ឬកិរិយាចូលទៅទ្រទ្រង់ទូទៅដេាយអំណាចនៃកិរិយាស្ថាននៃធម៌ទាំងឡាយ ជាកុសលម្យ៉ាង ដេីម្បីឲ្យកុសលកេីត, ទានចេតនា គឺចេតនាដែលទាក់ទងនឹងការបរិច្ចាគទាន សីលចេតនាគឺចេតនាដែលទាក់ទងនឹងការរក្សាសីលទាំងនេះ កេីតឡេីងដល់ព្រះអរហន្តទាំងឡាយក៏មាន តែចេតនាទាំងនេះនៅក្នុងមហាកិរិយាចិត្តុប្បាទទាំងអស់។ សេចក្តីនេះអធិប្បាយថា ពាក្យថា សីលនេាះ ជាតួចេតនាដែលមានការជំរុញនូវកាយ វាចា ឲ្យតាំងនៅក្នុងកិរិយាមារយាទដែលល្អទាំងបិទចន្លេាះមិនឲ្យអកុសលផ្សេងៗ ដេាយអំណាចកាយទុច្ចរិត វចីទុច្ចរិតប្រាកដឡេីងបាន សេចក្តីនេះសម្តែងឲ្យដឹងបានថា សីលនេាះមាននាទីរក្សាកាយ វាចាមិនឲ្យប្រព្រឹត្តទៅក្នុងទុច្ចរិតដែលកេីតមកអំពីអកុសលផ្សេងៗប៉ុណ្ណេាះ, ចំណែកការរក្សាផ្លូវចិត្តដេីម្បីមិនឲ្យមនេាទុច្ចរិតផ្សេងៗកេីតឡេីងនេាះជានាទីរបស់ភាវនាដេាយចំពេាះ។ វចនត្ថៈមួយទៀតថា សីលយតិ កុសលធម្មេ ឧបធារេតីតិ=សីលំ ធម្មជាតិណារមែងទ្រទ្រង់ទុកនូវកុសលធម៌ មានសមាធិ បញ្ញានិងវិមុត្តិជាដេីម ដូច្នេាះ ធម្មជាតិនេាះ ឈ្មេាះថា សីល។ អធិប្បាយថា សីលចេតនា គឺការរក្សាសិក្ខាបទផ្សេងៗ មានបាណាតិបាត វិរតិជាដេីមទាំងនេះ អាចឲ្យសមាធិបញ្ញា និងមគ្គផលកេីតឡេីងបាន ឧបមាដូចជាផ្ទៃផែនដី ដែលជាទីអាស្រ័យរបស់វត្ថុផ្សេងៗ ទាំងមានជីវិត និងមិនមានជីវិត បេីខ្វះផែនដីដែលជាទីអាស្រ័យហេីយវត្ថុផ្សេងៗទាំងមានជីវិត និងមិនមានជីវិតទាំងឡាយនេាះ ក៏រមែងកេីតឡេីង និងចម្រេីនឡេីងមិនបាន សេចក្តីឧបមានេះយ៉ាងណា សមាធិ បញ្ញា មគ្គផល ទាំងនេះរមែងអាស្រ័យកេីត​ឡេីង​ បេីវៀរចាកសីលកុសលចេញ ហេីយវត្ថុ (ធម៌) ទាំងនេះ រមែងកេីតឡេីងមិនបាន។ ដូច្នេះ ព្រះមានព្រះភាគជាម្ចាស់ ទេីបវិសជ្ជនាសេចក្តីសម្គាល់របស់សីល ក្នុងការបដិបត្តិ​ដេីម្បី​ផុតចាកទុក្ខ ដែលមានសេចក្តីវិលវល់ ដេាយលំបាក ទាំងខាងក្នុងទាំងខាងក្រៅហេីយចូល​កាន់ព្រះនិព្វាននេាះថា៖ សីលេ បតិដ្ឋាយ នរេា សបញ្ញេា ចិត្តំ បញ្ញពា្ច ភាវយំ អាតាបី និបកេា ភិក្ខុ សេា ឥមំ វិជដយេ ជដំ ។ នរជនមានប្រាជ្ញា បានតាំងមាំក្នុងសីលហេីយ ចម្រេីននូវ សមាធិ ចិត្តនិងវិបស្សនា ជាអ្នកមានព្យាយាមដុតកំដៅកិលេស ប្រកប​ដេាយ​បារិហារិយប្បញ្ញា ជាអ្នកឃេីញភ័យក្នុងសង្សារ បុគ្គលនេាះ ទេីបកាប់ឆ្កានូវតណ្ហាជាគ្រឿងចាក់ស្រែះនេះបាន។ ក្នុងគាថានេះសម្តែងអំពីធម៌ ៦ យ៉ាង គឺ សីល ១ សមាធិ ១ បញ្ញា ៣ អាតបៈ គឺសេចក្តីព្យាយាម ១ ។ -បញ្ញា ៣ គឺសជាតិប្បញ្ញា បញ្ញាជាប់មកជាមួយនឹង បដិសន្ធិជាត្រៃហេតុ កេីតអំពីកម្មចាស់ដែលបានកសាងទុកមកក្នុងអតីតជាតិ ១។ -វិបស្សនាបញ្ញា បញ្ញាសម្រេចមកអំពីការពិចារណាឃេីញតាមការណ៍ពិត ក្នុងបច្ចុប្បន្ន ១, -នេបកប្បញ្ញា បញ្ញាដែលរក្សាខ្លួនទុក ចាកធម៌ដែលជាសត្រូវ ឬបារិហារិកប្បញ្ញា បញ្ញាដែលអាចកំណត់នូវកិច្ចទាំងពួងមានកិរិយាឈានចូល និងឈានថយជាដេីម ហេីយនាំទៅកាន់តែអំពេីដែលមានប្រយេាជន៍ តែងប្រកបមិនដាច់ក្នុងកិរិយារក្សាទុកនូវកម្មដ្ឋាន ១។ ក្នុងគាថានេះ នរជននេះដែលព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងថា ប្រកបដេាយបញ្ញាដូច្នេះ ដេាយបញ្ញាញាណ កិច្ចដែលនរជននេាះ គប្បីធ្វេីមិនមានក្នុងបញ្ញានេាះ។ ព្រេាះថា បញ្ញានេាះសម្រេចហេីយដល់បុគ្គលនេាះ ដេាយអានុភាពនៃកម្មដែលមានមកក្នុងកាលមុនតែម្យ៉ាង ។ ក៏នរជននេាះដែលជាអ្នកធ្វេីរឿយៗ និងជាអ្នកធ្វេីនូវការដឹងខ្លួនដេាយអំណាចនៃវិរិយៈ ដេាយអំណាចនៃបញ្ញាដែលព្រះអង្គទ្រង់សម្តែងត្រង់បទនេះថា អ្នកមានអាតបៈ គឺសេចក្តីព្យាយាម, អ្នកមាននេបកៈ គឺបញ្ញាចាស់ក្លា, ដូច្នេះគប្បីប្រតិស្ថានក្នុងសីល ហេីយចម្រេីននូវសមថៈ ដូច្នេះគប្បីប្រតិបត្តិ វិបស្សនា ដែលព្រះអង្គទ្រង់សម្តែងដេាយអំណាចនៃចិត្ត និងបញ្ញា ។ ចាកពីសៀវភៅ»សីលមយៈ ដេាយ៖ (ព្រះភិក្ខុសីលប្បញ្ញេា ឆៃ សុផល្លី) វត្តនិគ្រេាធវ័ន គល់ទទឹង ………………… ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធើ្វព្រួញតែងពត់ព្រួញ(ឱ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះឯង)។ ដោយ៥០០០ឆ្នាំ
images/articles/3247/er344err323233333.jpg
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២៤ (អាន: ៣,០៥៤ ដង)
មិនមែនដាក់បាយ១វែកហ្នឹងឲ្យដល់ព្រះនិពា្វនទេ! គឺព្រះអង្គសំដែងថាជាសម្មាបដិបទា ដេាយពិតនេាះគឺជាខ្សែបណ្តេាយនៃកុសលរបស់អ្នកដែលចម្រេីននូវ វិបស្សនា ទាំងអស់ហ្នឹងក៏រាប់បព្ចូាលថាទៅកាន់ព្រះនិពា្វនដែរ ។ ចឹងបានជានៅក្នុងសម្មាបដិបទា មិច្ឆាបដិបទា ប្រសិនបេីយេីងប្រាថ្នាទៅកាន់ព្រះនិព្វាន យេីងឲ្យទានៗហ្នឹងរាប់ទៅជាកុសលដែលយេីងធ្វេីហ្នឹង គ្រាន់តែដាក់បាតបាយ១វែង យេីងប្រាថ្នាទៅកាន់ព្រះនិព្វាន ។ ក៏ប៉ុន្តែការចម្រេីនផ្លូវទៅកាន់ព្រះនិពា្វន ដេាយសម្មាបដិបទាអត់ប្រព្រឹត្តទេ តេីបាយមួយវែងហ្នឹងត្រូវរាប់បព្ចូាលទៅក្នុងណា គឺរាប់បព្ចូាលទៅក្នុងមច្ឆាមគ្គ ដែលរាប់បព្ចូាលក្នុងសម្មាមគ្គទាល់តែយេីងមកប្រព្រឹត្តនូវបដិបទានៅក្នុងដែលសង្ខាររលត់ ព្រេាះរលត់នូវអវិជ្ជា​ដេាយ​បដិលេាម ​ជាសម្មាមគ្គ ជាសម្មាបដិបទា ក៏ប៉ុន្តែប្រសិនជាយេីងអត់ចម្រេីននូវសមថៈវិបស្សនា ឬវិបស្សនាទេ យេីងអត់ចម្រេីននូវអរិយមគ្គប្រកបដេាយអង្គ៨ប្រការទេ ការដាក់បាតរបស់យេីងហ្នឹង អនុលេាមចូលទៅក្នុងមច្ឆាមគ្គ ។ វាញាំងឲ្យជាតិជរា ព្យាធិ កេីតឡេីង អត់បានទៅកាន់ ព្រះនិព្វានទេ។ ក៏ប៉ុន្តែយេីងត្រូវស្តាប់ព្រះឱសព្រះអង្គឲ្យយល់ថា អ្នកដែលឲ្យទានបាយ១វែងប្រាថ្នាវិវដ្តជាសម្មាបដិបទា យេីងក៏ត្រូវឲ្យដឹងថា សម្មាបដិបទាគឺជាអ្វី? សម្មាបដិបទាគឺជាបដិបទា សង្ខាររលត់ព្រេាះរលត់អវិជ្ជា វិញ្ញាណរលត់ព្រេាះរលត់នូវសង្ខារ តេីយេីងបានចូលដល់ត្រង់ហ្នឹងដែរឬទេ? បេីអត់មានទេគឺចូលមច្ឆាមគ្គចឹងគ្រាន់តែជាខ្សែបណ្តេាយនៃសម្មាមគ្គ ជាខ្សែបណ្តេាយបដិបទា។ ក៏ប៉ុន្តែយេីងអត់ធ្វេីទៅមុខទេ ទៅអត់រួចទេ។ ចឹងបានជាព្រះអង្គសម្តែងមកថា តថាគត អត់សរសេីរនូវកុសលដដែលៗនៃបុគ្គលណាមួយទេ។ តេីព្រះអង្គសរសេីរអំពីកុសលអ្វី? គឺព្រះអង្គសរសេីរកុសលណាដែលចម្រេីន គឺចម្រេីនអ្វី? គឺចម្រេីន ពីទានមក សមថៈ ចម្រេីនពីទាន មកវិបស្សនា ចម្រេីនអំពីសីលមក សតិប្បដ្ឋាន ចម្រេីនពីសតិប្បដ្ឋាន ទៅសម្មប្បធាន ទៅឥទ្ធិបាទ ទៅឥន្ទ្រីយ ទៅពលៈ ពេាជ្ឈង្គ អរិយមគ្គប្រកបដេាយអង្គ៨ ទេីបព្រះអង្គទ្រង់សរសេីរ ។ ដែលយេីងបានឈ្នះពីមារហ្នឹង ដេាយសារយេីង ចេះធ្វេីបុណ្យកុសលហ្នឹងណា គឺជាជ័យជំនះរបស់យេីងដេាយពិត ចឹងព្រះអង្គឲ្យរក្សាកុំឲ្យបែរទៅជាចាញ់វិញ ក៏ប៉ុន្តែព្រះអង្គបន្ថែមកុំដំអក់នៅក្នុងធម៌នេាះឡេីយ ។ ពាក្យដែលថាកុំដំអក់គឺត្រូវចេញពីធម៌ហ្នឹង គឺត្រូវចេញពីធម៌ថ្នាក់ទានហ្នឹង ឲ្យទៅជាថ្នាក់សីល ចេញពីថ្នាក់សីលឲ្យទៅជាធម៌សមាធិ ជាអធិសមាធិ ចេញពីសមាធិឲ្យបានចេញនូវធម៌អធិបញ្ញា អត់អាចដំអក់បានទេ ។ ព្រេាះអីបានជាព្រះអង្គសម្តែងថា កុំដំអក់នៅក្នុងធម៌នេាះ ព្រេាះកុសលហ្នឹងមិនទាន់ដល់ព្រះនិព្វានទេ។ ចឹងយេីងត្រូវយល់ឲ្យបានច្បាស់លាស់សំរាប់ខ្លួនយេីង មិនបាច់ទៅស្រុកព្រះទេ មេីលតែព្រះត្រៃបិដក ក៏ឃេីញព្រះដែរ ដេាយសារយេីងយល់ព្រះឱសរបស់ព្រះអង្គច្បាស់លាស់ ។ ចឹងទិសដៅរបស់ព្រះពុទ្ធសាសនា ឃេីញមានប៉ុន្មានចំណុច នៃខ្សែជីវិតរបស់សត្វលេាក? ទិសដៅនៅក្នុងព្រះពុទ្ធសាសនាដែលបង្ហាញ់ដល់សត្វលេាក មានពីរចំណុច ទី១. គឺទិសដៅទៅកាន់ ជាតិ ជរា និងមរណៈ ។ ហេីយនិងទិសដៅ ១ ទៀត គឺព្រះនិព្វាន ។ ក៏ប៉ុន្តែទិសដៅទាំងពីហ្នឹងព្រះអង្គសំដែងថា សត្វដែលមិនផុតពីសេចក្តីទុក្ខ គឺទិសដៅទៅកាន់ ជាតិ ជរា មរណៈ ។ ទិសដៅណាដែលព្រះអង្គសំដែងថារួចពីទុក្ខ គឺទិសដៅទៅកាន់ព្រះនិពា្វន ។ ចឹងព្រះអង្គទ្រង់សរុបថា ឲ្យតែផ្លូវណាខុសអំពីព្រះនិព្វាន គឺជាផ្លូវអត់ត្រូវ គឺជាផ្លូវខុស ទេាះអ្នកឯងធ្វេីស្អីក៏ដេាយឲ្យតែអត់ទៅកាន់ព្រះនិព្វាន គឺជាផ្លូវខុស គឺជាអំពេីខុស ។ ដូចជាព្រះអង្គសម្តែងថា រថដែលប្រកបដេាយអង្គ៨្របកាគឺជារថមិនឮ ផ្លូវដែលប្រកបដេាយអង្គ៨ប្រកា គឺជាផ្លូវត្រង់ ទិសដែលអត់មានភ័យ គឺព្រះនិព្វាន ។ អ្នកមករៀននៅក្នុងព្រះពុទ្ធសាសនា ទាំងព្រះគុណម្ចាស់ ពុទ្ធបរិស័ទទាំងអស់ ។ ប្រសិនបេីយេីងមករៀននូវព្រះពុទ្ធសាសនាគ្រាន់តែមករៀនដេីម្បីឲ្យដឹង ចិត្ត ចេតសិក រូប នេាះមិនបានទេ ។ ទិសដៅដែលយេីងមករៀននៅក្នុងព្រះពុទ្ធសាសនា គឺមករៀនដេីម្បីអ្វី? យេីងថាមករៀនដេីម្បីចេញចាកទុក្ខ ឬដេីម្បីមិនមានការប្រកាន់មាំ តេីមានន័យសេចក្តីយ៉ាងណា ។ យេីងមករៀននៅក្នុងព្រះពុទ្ធសាសនាគឺដេីម្បីឲ្យឃេីញទេាសរបស់ខន្ធ បេីរៀនមិនមានទិសដៅមកសម្លឹងទេាសរបស់ខន្ធទេ អត់ឈ្នះលុយទេ លុយវាដឹកនាំទៅរហូត ទេាះអ្នកហ្នឹងចេះប៉ុណ្ណាក៏ដេាយ ដឹងប៉ុណ្ណាក៏ដេាយ ឆ្លាតប៉ុណ្ណាក៏ដេាយ កាមវាហ្នឹងកពា្ឆក់បេាកបត់ក នៅកន្លែងណាមួយជាមិនខាន ទាំងគ្រហស្ថ ទាំងបុព្វជិក ។ បេីមិនមកសិក្សាមិនដេីម្បីឲ្យឃេីញទេាសរបស់ខន្ធទេនេាះ។ ហេីយទេាសរបស់ខន្ធហ្នឹង តេីជាទេាសអ្វីទៅ? គឺភ្នែកហ្នឹង (ព្រះអង្គសម្តែងថា ភ្នែកជារបស់ខ្វក់) ព្រះអង្គសម្តែងចឹងតេីជាគុណ ឬក៏ជាទេាសរបស់ភ្នែក ហេីយយេីងដឹងដែរឬអត់ ? ។ល។ សម្តែងដេាយ៖ លេាកគ្រូ រស់ សុផាត ដោយ៥០០០ឆ្នាំ
images/articles/3250/__________________________________________.jpg
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២៤ (អាន: ៤,៥២៨ ដង)
កាយគតាសតិ ៩ យ៉ាង របស់ព្រះសារីបុត្រ មានដូចជា៖ ១. ពួកអ្នកផងដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់លាមកក្តី ដាក់មូត្រក្តី ដាក់ទឹកមាត់ក្តី ដាក់ខ្ទុះក្តី ដាក់ឈាមក្តី លើផែនដី ផែនដីមិនធុញទ្រាន់ មិននឿយណាយ មិនខ្ពើមរអើម ដោយវត្ថុនោះទេ យ៉ាងណាមិញ បពិ្រតព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយផែនដី ជាចិត្តទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ យ៉ាងនោះឯង ។ ២. ពួកអ្នកផង លាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ក្នុងទឹក ទឹករមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមដោយវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយទឹក ជាចិត្តធំទូលាយប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៣. ភ្លើងតែងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ភ្លើងរមែងមិនធុញទ្រាន់ ឬនឿយណាយ ឬខ្ពើមរអើមដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយភ្លើង ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៤. ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់លាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ខ្យល់រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើម ដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយខ្យល់ ជាចិត្តធំលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៥. បុគ្គលជូតវត្ថុស្អាតក្តី ជូតវត្ថុមិន ស្អាតក្តី ជូតលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ដោយសំពត់សម្រាប់ជូតធូលី ៗ រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមនឹងវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយសំពត់សម្រាប់ជូតធូលី ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនព្យាបាទ ក៏យ៉ាងនោះឯង ។ ៦. ចណ្ឌាលកុមារក្តី ចណ្ឌាលកុមារីក្តី មានដៃកាន់កព្ចើា ស្លៀកពាក់សំពត់រេចជាយ ចូលទៅកាន់ស្រុកក្តី និគមក្តី រមែងដាក់ចិត្តឲ្យទាប ហើយចូលទៅ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយចណ្ឌាលកុមារ ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៧. គោឧសភបាក់ស្នែងជាសត្វស្លូត ដែលគេទូន្មានហើយ បង្ហាត់ល្អហើយ ដើរទៅកាន់ច្រកតាមច្រក ដើរទៅកាន់ផ្លូវបែក តាមផ្លូវបែក មិនដែលបៀតបៀនអ្វី ៗ ដោយជើងក្តី ដោយស្នែងក្តី យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយគោឧសភបាក់ស្នែង ជាចិត្តធំ ទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៨. ស្រ្តី ឬបុរសកំលោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង គប្បីធុញទ្រាន់ នឿយណាយ ខ្ពើមរអើម នឹងសាកសពពស់ ឬសាកសពកូនសុនខ ដែលជាប់ត្រង់ក យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរមែងធុញទ្រាន់ នឿយណាយ ខ្ពើមរអើមនឹងកាយស្អុយនេះ ក៏យ៉ាងនោះឯង ។ ៩. បុរសរក្សាភាជនៈសម្រាប់ដាក់ខ្លាញ់ ដែលមានរន្ធតូច-ធំ ហូរចេញចូល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរក្សានូវកាយនេះ ដែលមានរន្ធតូច-ធំហូរចេញចូល ក៏យ៉ាងនោះឯង ។ (សុត្តន្តបិដក អង្គុត្តរនិកាយ នវកនិបាត បឋមបណ្ណាសក សីហនាទវគ្គ សីហនាទសូត្រ បិដកលេខ ៤៩ ទំព័រ ៤៦) ដោយសដវថ ដោយ៥០០០ឆ្នាំ
images/articles/3289/_________________________________.jpg
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២៤ (អាន: ៥,២៤៨ ដង)
មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត្តទៅយ៉ាងណា? ត្រូវសិក្សាឱ្យឃើញច្បាស់ដោយបញ្ញាចក្ខុ ។ មិនមែនមានតែអ្នកដទៃទេជាគ្រូនោះ ខ្លួនឯងហ្នឹងហើយដែលត្រូវបង្រៀនខ្លួនឯង អប់រំទូន្មានខ្លួន ។ ប្រារព្ធសុខសាមណេរ ព្រះសាស្រ្ដទ្រង់ត្រាស់ថា (ធម្មតាអ្នកស្រែតែងបាចទឹកបញ្ចូលទៅក្នុងស្រែ ជាងព្រួញតែងពត់ព្រួញ ជាងឈើតែងចាំឈើ ឯអ្នកមានវត្តបដិបត្តិល្អ តែងអប់រំទូន្មានខ្លួន) ។ ក្នុងបណ្ដាពួកមនុស្សទាំងឡាយ មនុស្សល្អគឺជាមនុស្សដែលចេះអប់រំទូន្មានខ្លួនឯង ។ សៀវភៅ មេរៀនជីវិត ដោយ៥០០០ឆ្នាំ
images/articles/3302/56ergre3222.jpg
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២៤ (អាន: ៦,៤៤២ ដង)
ពាក្យថាកម្មបថ មានន័យថា គន្លង ឬ ផ្លូវ នៃអំពើ ។ គន្លងនៃអំពើដែលគេធ្វើ មាន២ចំណែកគឺ ចំណែកខាងអកុសល១ និងចំណែកខាងកុសល១ ។ កម្មបថមានគន្លង៣ គឺ ផ្លូវកាយមាន៣ហៅថា កាយកម្ម៣ , ផ្លូវវាចាមាន៤ហៅថា វចីកម្ម៤, និងផ្លូវចិត្តមាន៣ ហៅថាមនោកម្ម៣ រួមត្រូវជា១០ហៅថា កម្មបថ១០ ។ អ្នករក្សាសីលត្រូវតែយល់ដឹង ។ ហើយប្រុងប្រយ័ត្នចំពោះកម្មបថ ព្រោះថាកាលបើដាច់កម្មបថត្រង់ប្រការណាមួយ សីលរបស់អ្នកនោះក៏នឹងត្រូវធ្លុះធ្លាយទៅដែរ ។ ក្នុងទីនេះ សូមលើកយកតែកុសលកម្មបថ មកបរិយាយ ឯការប្រព្រឹត្តផ្ទុយនឹងកុសលកម្មបថ គឺជា អកុសលកម្មបថហើយ ដែលត្រូវវៀរចាក ។ កុសលកម្មបថ១០យ៉ាង កាយកម្ម៣ ១- បាណាតិបាតា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។ ២- អទិន្នាទានា វេរមណីចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនឲ្យដោយកាយឬដោយវាចា ។ ៣- កាមេសុមិច្ឆាចារា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។ វចីកម្ម៤ ១- មុសាវាទា វេរមណីចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក ។ ២- បិសុណាយ វាចាយ វេរមណីចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ ។ បិសុណាវាចា មានអង្គ៤គឺៈ ១- ភិន្ទិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីញុះញង់បំបែក ។ ២- ភេទនបុរេក្ខាតោ គិតនឹងញុះញង់បំបែកបំបាក់អ្នកដទៃនោះ ។ ៣- តជ្ជោវាយាមោ ព្យាយាមបំបែកបំបាក់អ្នកដទៃនោះ ។ ៤- តស្សតទត្ថវិជ្ជាទនំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវដំណើរដែលញុះញង់នោះ។ ៣- ផរុសាយ វាចាយ វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេចអ្នកដទៃជាដើម ។ ផរុសវាចា មានអង្គ៣គឺៈ ១- អក្កោសិតព្វោបរោ អ្នកដទៃដែលមានរូប គឺខ្លួនគប្បីជេរប្រទេច ។ ២- កុប្បិតចិត្តំ ចិត្តខឹងរន្ធត់ ។ ៣- អក្កោសនា បានជេរប្រទេច ។ ៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យរាយមាយឥតប្រយោជន៍ ។ សម្ផប្បលាប មានអង្គ២គឺៈ ១- ភារតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍មានរឿងចម្បាំងនៃភារត និងរឿងរាពណ៍លួចនាងសេតាយកទៅជាដើម ។ ២- តថារូបឹកថាកថនំ បានពោលនូវពាក្យឥតប្រយោជន៍ មានសភាពដូច្នេះ ។ មនោកម្ម៣ ១- អនភិជ្ឈាមិនមានចិត្តគិតសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឲ្យបានមកជាទ្រព្យរបស់ខ្លួនឡើយ ។ អភិជ្ឈា មានអង្គ២គឺៈ ១- បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ ។ ២- អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះ ឲ្យមកជាទ្រព្យរបស់ខ្លួន ដោយកលឧបាយផ្សេង ៗ ។ ២- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួន គិតប៉ងនឹងឲ្យអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។ ព្យាបាទ មានអង្គ២គឺៈ ១- បរសត្តោ អ្នកដទៃក្រៅពីខ្លួន ។ ២- តស្សតំតំវិនាសចិន្តា គិតចងគំនុំគុំគួននឹងអ្នកនោះ ដល់នូវសេចក្តីវិនាសដោយហេតុនោះ ។ ៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ហើយប្រកាន់ឡើងថាត្រូវមែន ។ មិច្ឆាទិដ្ឋិ មានអង្គ២គឺៈ ១- វត្ថុនោចគហិតាការវិបរិតតោ ចិត្តប្រែប្រួលដោយអាការៈខុស អំពីព្រះរតនត្រ័យជាដើម ។ ២- យថាចនំគណ្ហាគិតថាភាវេនតស្សបដ្ឋានំ គំនិតដែលយល់ខុសនោះ ឃើញខុសយ៉ាងណា ក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ ។ ដោយ៥០០០ឆ្នាំ
images/articles/3313/4565yuuiyo9886654444444444.jpg
ផ្សាយ : ០១ កក្តដា ឆ្នាំ២០២៤ (អាន: ៤,០០៩ ដង)
កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨ ១. ភិក្ខុ​មានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែ​កាលបើ​អញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិន​ទាន់​ធ្វើ​ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។ ២. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែ​កាលដែល​អញ​កំពុង​ធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់​ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ធម៌ដែលខ្លួនមិនទាន់​ធ្វើ​ឲ្យ​ជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។ ៣. ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តើបើ​អាត្មាអញ​ដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ ដេក មិនប្រារព្ធ​ព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែល​ខ្លួន​មិន​ទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់​ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។ ៤. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែល​អាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។ ៥. ភិក្ខុត្រាច់ទៅកាន់​ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែល ដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជន ដ៏សៅ​ហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើ ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។ ៦. ភិក្ខុដើរទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាប​ដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាល​ដែល​ដើរទៅ​កាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារ​មិនកើត ទំនងដូចជាសណ្តែកដែល ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង​ នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិន​ទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៦។ ៧. ភិក្ខុកើតអាពាធបន្តិច​បន្តួច ភិក្ខុនោះ មាន សេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ​កើត​អាពាធបន្តិចបន្តួច​នេះហើយ អាត្មាអញ គួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌​ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌​ដែលខ្លួនមិនទាន់​បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៧។ ៨. ភិក្ខុជាសះស្បើយអំពីជម្ងឺ​ហើយ តែទើប នឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមាន​សេចក្ដីត្រិះរិះយ៉ាងនេះ​ថា អាត្មាអញសះ ស្បើយអំពីជម្ងឺហើយ តែសះស្បើយមិន​ទាន់យូរ​ប៉ុន្មាន កាយ​របស់អាត្មាអញ នោះនៅមិនទាន់មានកម្លាំង ធ្វើការងារមិន​ទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែល​ខ្លួនមិនទាន់ដល់ ដើម្បី ត្រាស់ដឹងនូវធម៌ដែល​ខ្លួនមិនទាន់​បាន​ត្រាស់ដឹង ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ (បិ.៨២, ឃ.២៤៧) ដោយ៥០០០ឆ្នាំ
images/articles/3341/2024-04-01_14_26_06-Window.jpg
ផ្សាយ : ៣០ មិថុនា ឆ្នាំ២០២៤ (អាន: ១,០១០ ដង)
ឧបោសថកម្មរបស់ឧបាសកឧបាសិកា បើពោលដោយកាលដែលជាទី រក្សានូវឧបោសថសីល នោះមាន ពីរប្រការគឺ បកតិឧបោសថ១ បដិជាគរឧបោសថ១ ឧបោសថកម្ម ដែលប្រព្រឹត្តទៅ ដោយ ប្រក្រតី គឺឧបោសថកម្មដែលអ្នកប្រាជ្ញទាំងឡាយលោកធ្វើមកហើយអំពីដើមឈ្មោះថា បកតិឧបោសថ។ឧបោសថកម្មនៃបុគ្គលភ្ញាក់រលឹករឿយៗ គឺរលឹកដល់ឧបោសថសីល ដែលជា កុសលគឺខ្លួនត្រូវសន្សំ ឈ្មោះថា បដិជាគរឧបោសថ។ ឯកាលនៃបកតិឧបោសថនោះ ក្នុង១ខែមាន៨ថៃ្ង គឺថៃ្ងចំណែកខាងសុក្កបក្ខខ្នើត ៤ ថៃ្ង និង កាឡបក្ខរនោច ៤ថៃ្ង គឺត្រង់ថ្ងៃ ៥ កើត ៨កើត ១៤កើត ១៥កើត ៥ រោច ៨រោច ១៤រោច ១៥រោច បើខែដាច់ខ្លះត្រូវត្រង់១៤រោច ឧបោសថថៃ្ង១៤រោច ថយមក១៣រោជវិញ ត្រង់ថ្ងៃ ១៥ រោចថយ មក ១៤ រោចវិញ ក្នុង ១ខែ មានកាលនៃបកតិឧបោសថ ៨ថ្ងៃដូច្នេះ។ កាលនៃបដិជាគរឧបោសថក្នុង១ខែមាន១១ថៃ្ង គឺត្រូវត្រង់ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត ១រោច ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែខ្លះត្រង់ថ្ងៃ ១៣រោច ថយមក១២ រោចវិញ ថ្ងៃ ទាំង ១១ ក្នុងខែមួយៗនេះ ជាថ្ងៃខាងដើម និង ខាងចុងនៃ បកតិឧបោសថ ឬថា ជាថ្ងៃអមនៃ បកតិឧបោសថ គឺជាកាលនៃបដិជាគរឧបោសថ។ ថៃ្ងឯទៀតក្រៅអំពីបកតិឧបោសថ និងបដិជាគរឧបោសថនោះ មាន១១ថៃ្ង គឺត្រង់ថ្ងៃ ១(១), ២, ៣,១០, ១១, ១២ កើត ១, ២, ៣, ១០, ១១, ១២ រោច បើខែខ្លះ មានតែ ១០ថ្ងៃ ព្រោះត្រង់ថ្ងៃ ១២រោច ទុកជាថ្ងៃបដិជាគរឧបោសថ ថ្ងៃទាំង ១១ ឬ ១០នេះ មិនមែនជាកាលនៃឧបោសថណាមួយឡើយ គ្រប់ៗខែទាំងអស់។ នឹងអធិប្បាយពីកិច្ចដែល នឹងធ្វើនូវឧបោសថកម្ម គឺបកតិឧបោសថ និងបដិជាគរឧបោសថ ជាសេចក្តីខ្លីៗបន្តិច គ្រាន់ជាទីចំណាំសំគាល់ របស់ឧបាសកឧបាសិកា ទាំងឡាយក្នុងព្រះពុទ្ធសា សនា ឯបកតិឧបោសថកម្មនោះ គឺឧបោសថសីលដែលឧបាសកឧបាសិកាត្រូវទទួលសមាទាន កាន់រក្សានូវសិក្ខាបទទាំង៨ ក្នុងថៃ្ងបកតិឧបោសថកាល កំណត់ត្រឹមតែ១ថៃ្ង១យប់ តាមលំដាប់ កាលនៃបកតិឧបោសថនោះឯបដិជាគរ ឧបោសថនោះ គឺឧបោសថសីល ដែលឧបាសក ឧបាសិកា ត្រូវដុសខាត់សំអាតចិត្តនឹករលឹកដល់សិក្ខាបទទាំង៨ ដែលជាអង្គនៃឧបោសថសីល តែឧបាសកឧបាសិកាមិនត្រូវសមាទានឡើយ គ្រាន់តែបណ្តោះចិត្តអោយ ឃ្លាតឆ្ងាយអំពី កាម គុណ ៥ ហើយបំរុងចាំដំណើរ នៃបកតិឧបោសថ សីល គឺគ្រាន់តែតាំងចិត្តវៀរគ្រប់សិក្ខាបទទាំង៨ មានបាណាតិបាតាជាដើម ដូចជារក្សានូវឧបោសថសីល ក្នុងថៃ្ងបកតិឧបោសថនោះដែរ បែ្លក គ្នាគ្រាន់តែមិនសមាទាន និងសមាទានប៉ុណ្ណោះ គឺថាបដិជាគរឧបោសថនោះមិន មាន សមាទាន ទេ គ្រាន់តែតាំងចិត្តវៀរគ្រប់សិក្ខាបទដែល ត្រូវវៀរអស់ថៃ្ង១ យប់១ជាកំណត់ ឯបកតិឧបោស ថសីលនោះ ត្រូវសមាទានទទួលកាន់យកនូវសិក្ខាបទទាំង ៨ រក្សាអស់ថៃ្ង១ និងយប់១ដែរ វេលា ដល់គ្រប់កំណត់កាល បកតិឧបោសថសីល ថយទៅហើយ ត្រូវតាំងចិត្តទៅជូន ដំណើរនៃ ឧបោ សថ សីលនោះអស់ថៃ្ង១ យប់១ ទៀត គឺតាំងចិត្តវៀរគ្រប់សិក្ខាបទទាំង៨ តែមិនបាច់ទទួល សមា ទានទេ គឺគ្រាន់តែ ញ៉ាំងចិត្តអោយប្រព្រឹត្តទៅតាមបកតិឧបោសថសីល ដែលខ្លួនទទួលសមាទាន អំពីថៃ្ងម្សិលប៉ុណ្ណោះឯង។ ឯបកតិឧបោសថកាលនោះកាលព្រះសម្មាសម្ពុទ្ធគង់ព្រះធរមាននៅឡើយ ព្រះអង្គសំដែង ទុកថាក្នុង១ខែមាន៦ថៃ្ងខាងខ្នើត៣ថៃ្ង ខាងរនោច៣ថៃ្ង គឺថៃ្ង៨កើត ៨រោច ហៅថាអដ្ឋមីឧបោសថ ថៃ្ង១៤កើត ១៤រោច ហៅថាចាតុទ្ធសីលឧបោសថ ថៃ្ង១៥កើត ១៥រោច ហៅថាបណ្ណរសីឧបោ សថ បើខែខ្លះត្រង់ថៃ្ង១៥រោចត្រូវថយចុះមកថៃ្ង១៤រោចវិញ លុះដល់ព្រះអង្គចូលបរិនិពា្វនទៅបាន ៣ខែ ព្រះអរហន្តទាំងឡាយ ៥០០ ព្រះអង្គ មានព្រះមហាកស្សបត្ថេរជាដើម លោកប្រជុំគ្នាធ្វើ បថម សង្គាយនាផ្ទៀងផ្ទាត់ធម៌វិន័យ លោកយល់ឃើញថា នៅរយាលថៃ្ងខាងដើមនោះពេក ណាស់ ទើបលោកលើកយកថៃ្ង៥កើត ៥ រោចមកកំណត់ទុកជាថៃ្ងបកតិឧបោសថផង រួមគ្នាជា បកតិ ឧបោសថកាល ក្នុង១ខែៗមាន ៨ ថៃ្ងព្រោះត្រង់ថៃ្ង៥កើត៥រោចជាថៃ្ងឧបោសថកាលដែរ ហៅថាបពា្ចមីឧបោសថ។ ចប់ឧបោសថកាលដោយសង្ខេប ៕ ដោយ​៥០០០​ឆ្នាំ​
images/articles/3334/2024-03-15_15_39_26-Window.jpg
ផ្សាយ : ៣០ មិថុនា ឆ្នាំ២០២៤ (អាន: ២,២២៨ ដង)
បណ្ឌិតគប្បីធ្វើក្រដាសទាំងឡាយជាដើម ឲ្យដូចជាស្រែ ធ្វើឧបករណ៍សរសេរទាំងឡាយ ឲ្យដូចជានឹម និងនង្គ័ល ធ្វើអក្ខរៈទាំងឡាយ ឲ្យដូចជាគ្រាប់ពូជ ហើយគប្បីប្រព្រឹត្តត្រាច់ទៅចុះ ។ អក្ខរៈមួយតួៗ (ដែលសរសេរហើយ) រមែងស្មើនឹងព្រះពុទ្ធរូបមួយអង្គ ព្រោះហេតុនោះ បុរសជាបណ្ឌិតគប្បីចារឹកនូវព្រះត្រៃបិដកចុះ ។ បុគ្គលអ្នកកសាងនូវព្រះត្រៃបិដក នឹងមិនគប្បីស្គាល់នូវទុគ្គតិឡើយ នឹងបានជាស្ដេចចក្រពត្តិ ដែលជាធំលើទ្វីបទាំង ៤ អស់ច្រើនដង ។ (បុគ្គលអ្នកកសាងព្រះត្រៃបិដក) នឹងបានជាស្ដេចបទេសរាជដ៏ធំ ដោយចំនួនរាប់មិនបាន នឹងបានជាទេវរាជក្នុងឆកាមាវចរសួគ៌ ជាច្រើនដង ។ (បុគ្គលអ្នកកសាងព្រះត្រៃបិដក) ឈ្មោះថាជាពុទ្ធង្កូរ កាលធ្វើបុណ្យទាំងឡាយ មានទានជាដើម លះចាកភពទៅហើយ នឹងបានជាអ្នកមានអវយវៈបរិបូណ៌ និងបានទទួលការបូជាក្នុងលោកទាំង ៣ ។ បុគ្គលអ្នកបង្រៀនព្រះត្រៃបិដក រមែងកើតត្រកូលដ៏ឧត្តម ដែលមានទ្រព្យច្រើន ចម្រើនរុងរឿងផ្សាយទៅដោយពិត ហើយនឹងបាននៅរួមជាមួយនឹងជនដ៏ប្រសើរ ។ ពិតមែនហើយ ដោយផលនៃអក្ខរៈមួយតួៗ បុគ្គលអ្នកកសាងព្រះត្រៃបិដក រមែងបានទទួលនូវសេចក្ដីសុខដ៏បវរ អស់ ៨៤,០០០ ដង ។ ធីរជនជាបណ្ឌិតណាមួយ ធ្វើខ្លួនឯង ឬឲ្យគេធ្វើ នូវគម្ពីរមានអដ្ឋកថាជាដើម, ធីរជនជាបណ្ឌិតនោះ ឈ្មោះថា ជាអ្នកបានសន្សំបុណ្យជាអនន្ត (មិនមានទីបំផុត) បានអានិសង្សនៃបុណ្យជាអនន្ត ប្រាកដស្មើដោយការកសាងព្រះចេតិយ ៨៤,០០០ ( ផង ), ដោយការកសាង ពុទ្ធរូប ៨៤,០០០ (ផង), ប្រាកដស្មើដោយការដាំព្រះពោធិព្រឹក្ស ៨៤,០០០(ផង), ប្រាកដស្មើ ដោយការកសាងវិហារ (វត្ត) ៨៤,០០០ ( ផង ) ។ អ្នកណាធ្វើខ្លួនឯង ឬឲ្យគេធ្វើ នូវទូសម្រាប់តម្កល់ពុទ្ធវចនៈក្ដី អ្នកណាធ្វើខ្លួនឯង ឬឲ្យគេធ្វើនូវគ្រឿងតាក់តែងពុទ្ធវចនៈ (ឲ្យល្អ)ក្ដី អ្នកណាចារខ្លួនឯង ឬឲ្យគេចារនូវពុទ្ធវចនៈក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវគម្ពីរពុទ្ធសាសនាក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវតម្លៃគម្ពីរពុទ្ធសាសនា (ទិញគម្ពីរពុទ្ធសាសនា)ក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវប្រេង លម្អិត ធញ្ញជាតិ ដើម្បីលាប (អប់) គម្ពីរក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវនិត្ថៈ ( វត្ថុសម្រាប់ធ្វើឲ្យជាប់) ណាមួយ ដើម្បីចងភ្ញាប់ត្រង់គម្ពីរ ដែលដាច់ក្ដី នូវអំបោះឬបន្ទះក្ដារពីរផ្ទាំងណាមួយ ដើម្បីគាបគម្ពីរក្ដី នូវសំពត់ណាមួយ ដើម្បីចង រុំគម្ពីរក្ដី នូវខ្សែណាមួយ ដើម្បីចងគម្ពីរបាច់ក្ដី នូវថង់ (ឡាំង) ណាមួយ ដើម្បីដាក់ខ្ចប់គម្ពីរក្ដី, អ្នកណាធ្វើខ្លួនឯងឬឲ្យគេធ្វើនូវគ្រឿងតាក់តែងគម្ពីរ (ឲ្យល្អ) ឬនូវគ្រឿងបន្ទះក្ដារឈើ ដោយថ្មហរិតាល មនោសិលា មាសឬប្រាក់ក្ដី អ្នកនោះ (ៗ) ឈ្មោះថា ជាអ្នកបានសន្សំបុណ្យជាអនន្ត បានអានិសង្សនៃបុណ្យជាអនន្ត ប្រាកដស្មើដោយការកសាងព្រះចេតិយ ៨៤,០០០ (ផង), ដោយការកសាងពុទ្ធរូប ៨៤,០០០ (ផង), ប្រាកដស្មើដោយការដាំព្រះពោធិព្រឹក្ស ៨៤,០០០ (ផង), ប្រាកដស្មើដោយការកសាងវិហារ (វត្ត) ៨៤,០០០ (ផង) ។ ( គម្ពីរចូឡគន្ថវំស ) ដោយ​៥០០០​ឆ្នាំ​
images/articles/2862/ythvrdfcrgd.jpg
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០២៤ (អាន: ១១,៣៤៥ ដង)
ព្រះបរមសាស្តា កាលទ្រង់គង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះលោឡុទាយិត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មាន​ពាក្យផ្តើមថា អសព្វត្ថគាមិំ វាចំ ដូច្នេះជាដើម ។បានឮថា ព្រះថេរៈនោះ កាលពោលធម៌ មិនដឹងធម៌ដែល​គួរនិងមិនគួរថា ក្នុងទីនេះ គួរពោលធម៌នេះ ក្នុងទីនេះមិនគួរពោលធម៌នេះ ក្នុងមង្គលការក៏ពោល​អវ​មង្គល ធ្វើការអនុមោទនាអវមង្គលថា តិរោកុដ្ដេសុ តិដ្ឋន្តិ, សន្ធិសិង្ឃាដកេសុ ច ពួកប្រេតទាំងឡាយនាំគ្នាមកឈរនៅខាងក្រៅជញ្ជាំង ជិតទា្វរក្រុង និងទ្វារផ្ទះជាដើម ។ លុះដល់ អវមង្គល ក៏ធ្វើការអនុមោទ​នា​ថា ពហូ ទេវា មនុស្សា ច, មង្គលានិ អចិន្តយុំ ទេវតានិងមនុស្សទាំងឡាយជាច្រើន បានគិតរកនូវមង្គលទាំងឡាយជាដើម ហើយពោលដដែល ៗ ថា សូមឲ្យអ្នកទាំងឡាយអាចធ្វើមង្គលបែបនោះ​ឲ្យបាន ១ រយដង ១ ពាន់ដងចុះ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ លើករឿងនេះឡើងសន្ទនាគ្នាក្នុងធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះលោឡុទាយិត្ថេរ មិនដឹងធម៌ដែលគួរនិងមិនគួរ ពោលវាចាដែលមិនគួរពោលទូទៅគ្រប់ទីកន្លែង ។ ព្រះបរមសាសា្ត ស្តេចយាងមកទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាអំពីរឿងអ្វី ? កាលភិក្ខុទាំងឡាយ​ក្រាប​ទូល​ឲ្យទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ មិនមែនតែពេលនេះទេ ដែលលោឡុទាយីនេះមិនឈ្លាសវៃ កាលពោលធម៌ ក៏មិនដឹងធម៌ដែលគួរនិងមិនគួរនោះ សូម្បី​ក្នុង​កាលមុនក៏ជាអ្នកនិយាយផ្តេសផ្តាសដូច្នោះដែរ ហើយទ្រង់នាំយករឿងក្នុងអតីត​មកសម្តែងដូចតទៅថាៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិ​សត្វ​បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍មហាសាល ចម្រើនវ័យ ហើយ រៀនសព្វសិល្បវិទ្យា ក្នុងនគរតក្កសិលា បាន​ជាអាចារ្យទិសាបាមោក្ខក្នុងនគរពារាណសី បង្រៀនសិល្បវិទ្យាដល់មាណព ៥០០ រូប ។ គ្រានោះ បណ្តា​មាណពទាំងនោះ មានមាណពម្នាក់មិនឈ្លាសវៃ (បញ្ញាទន់ខ្សោយ) និយាយផ្តេសផ្តាស ជាធម្មន្តេ​វា​សិក (សិស្សដែលរៀនធម៌ឬសិល្បសាស្ត្រក្នុងសម្នាក់អាចារ្យ) ប៉ុន្តែមិនអាចរៀនបាន (រៀនមិនចេះ) ព្រោះជាអ្នកអាប់ឥតប្រាជ្ញា ប៉ុន្តែជាអ្នកមានឧបការៈចំពោះព្រះបរមពោធិសត្វ ធ្វើកិច្ចគ្រប់យ៉ាងដូចជាទាសៈ ។ ​ថ្ងៃមួយ ព្រះពោធិសត្វ បរិភោគអាហារល្ងាចហើយសម្រាន្តនៅលើគ្រែ ពោលនឹងមាណពដែលមកច្របាច់ដៃ ជើង និងខ្នងថា នែអ្នកដ៏ចម្រើន អ្នកជួយកល់ជើងគ្រែឲ្យបន្តិចសិន សឹមទៅ ។ មាណព​កល់ជើងគ្រែ ម្ខាងហើយ មិនមានអ្វីកល់ជើងគ្រែម្ខាងទៀត ក៏លើកដាក់លើភ្លៅរបស់ខ្លួនរហូតមួយ​យប់ ។ ព្រះបរមពោធិសត្វក្រោកឡើងពេលព្រឹក ឃើញមាណពនោះក៏សួរថា នែអ្នកដ៏ចម្រើន អ្នកអង្គុយ​ ធ្វើអ្វី ? មាណពឆ្លើយថា បពិត្រលោកអាចារ្យ ខ្ញុំរកអ្វីកល់ជើងគ្រែមិនមាន ទើបខ្ញុំលើកដាក់លើភ្លៅរបស់ខ្ញុំ​ហើយអង្គុយ ។ ព្រះបរមពោធិសត្វសង្វេគ គិតថា មាណពនេះមានឧបការៈគុណ ចំពោះអញក្រែ​លែ​ង​ណាស់ ក្នុងក្រុមមាណពមានប្រមាណប៉ុណ្ណេះ មាណពនេះល្ងង់ជាងគេ រៀនសិល្បៈមិនចេះ ធ្វើដូចម្តេចហ្ន៎ ទើបធ្វើឲ្យមាណពនេះឈ្លាសវែបាន លុះគិតដូច្នោះហើយ ក៏មានគំនិតថា មានឧបាយមួយ អញចាំ​សួរមាណពនេះ ពេលដែលមាណពនេះទៅរកឧសរកបន្លែមកថា ថ្ងៃនេះអ្នកឃើញអ្វី ? អ្នកធ្វើអី្វ ? កាលបើដូច្នោះ មាណពនេះនឹងប្រាប់អញថា ថ្ងៃនេះខ្ញុំឃើញវត្ថុឈ្មោះនេះ ធ្វើកិច្ចនេះ ពេលនោះអញនឹងសួរថា កន្លែងដែលអ្នកឃើញ កន្លែងដែលអ្នកធ្វើនោះ ដូចអ្វី ? មាណពនេះនឹងប្រាប់អញដោយឧបមានិង​ដោ​យ​​ហេតុថា យ៉ាងនេះ ដោយវិធីនេះអញឲ្យមាណពពោលឧបមានិងដោយហេតុហើយ នឹងធ្វើឲ្យ​មាណ​ព​​នោះឈ្លាសវៃ បានដោយឧបាយនេះ (គិតដូច្នេះហើយ) ទើបហៅមាណពនោះមកប្រាប់ថា នែមាណព ចាប់ពី ពេលនេះទៅ ក្នុងទីកន្លែងដែលអ្នកទៅរកឧសនិងរកបន្លែនោះ អ្នកបានឃើញ បានបរិ​ភោគ​ បានផឹក ឬ បានទំពាវត្ថុណាក្នុងទីនោះ ពេលមកដល់កន្លែងត្រូវប្រាប់វត្ថុនោះដល់យើង ។ មាណពនោះយល់ព្រមថា ប្រពៃហើយលោកអាចារ្យ ។ ថ្ងៃមួយ មាណពទៅព្រៃដើម្បីរកឧសជាមួយនឹងមាណព​ទាំងឡាយ ឃើញពស់ក្នុងព្រៃ ពេលត្រឡប់មកវិញប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ខ្ញុំឃើញ​ពស់ ។អាចារ្យ​សួរថា នែមាណព ដែលឈ្មោះថាពស់ ដូចអ្វី ?មាណពឆ្លើយថា ដូចដងនង្គ័ល ។អាចារ្យ​ត្រេកអរថា ល្អហើយ ល្អហើយ មាណព ឧបមាដែលអ្នកនាំមកថា ពស់ដូច ដងនង្គ័ល ជាទីពេញចិត្ត​យើង​​ហើយ ។គ្រានោះ ព្រះបរមពោធិសត្វត្រិះរិះថា ឧបមាគួរពេញចិត្ត មាណពនាំមកបាន អញអាចនឹង​ធ្វើ​​ឲ្យមាណពនេះឆ្លាតបាន ។ ថ្ងៃមួយ មាណពនោះបានឃើញដំរីក្នុងព្រៃ ក៏មកប្រាប់ថា បពិត្រលោកអាចារ្យ​ ខ្ញុំឃើញដំរី ។អាចារ្យសួរថា ដំរីដូចអ្វី ?មាណពឆ្លើយថា ក៏ដូចដងនង្គ័លដែរ ។ ព្រះបរមពោធិសត្វគិតថា ប្រមោយដំរីក៏ង ដូចដងនង្គ័ល អវយវៈដទៃៗ ដូចជាភ្លុកជាដើម អាចមានរូប​រាង​ដូច្នេះបាន ប៉ុន្តែមាណពនេះ មិនអាចចែកហើយពោលព្រោះខ្លួនល្ងង់ ប្រហែលនិយាយសំដៅយកប្រមោយ​ដំរី ហើយក៏នៅស្ងៀម ។ ថ្ងៃមួយ មាណពនោះបានបរិភោគអំពៅក្នុងទីដែលគេអញ្ជើញទៅ ក៏​មក​​ប្រាប់ថា បពិត្រលោកអាចារ្យ ថ្ងៃនេះខ្ញុំបានបរិភោគអំពៅ ។ កាលអាចារ្យសួរថា អំពៅដូចអ្វី ? ក៏ពោល​ថា ដូចដងនង្គ័ល ។ ព្រះបរមពោធិសត្វគិតថា មាណពនេះពោលហេតុផលសមគួរបន្តិច ហើយក៏នៅ​​ស្ងៀម ។ ថ្ងៃមួយទៀត ក្នុងទីដែលបានទទួលអញ្ជើញ មាណពពួកខ្លះបានបរិភោគស្ករអំពៅ និងទឹក​ដោះ​ជូរ ពួកខ្លះបរិភោគស្ករអំពៅ និងទឹកដោះស្រស់ ។ មាណព​នោះមកដល់កន្លែងវិញ ប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ថ្ងៃនេះ ខ្ញុំបរិភោគទឹកដោះជូរផង ទឹក​ដោះស្រស់ផង កាលត្រូវអាចារ្យសួរថា នែមាណព ទឹកដោះជូរនិងទឹកដោះស្រស់ដូចអ្វី ? ក៏ឆ្លើយថា ដូច​ដងនង្គ័ល ។ ព្រះបរមពោធិសត្វពោលថា មាណពនេះ កាលពោលថា ពស់ដូចដងនង្គ័ល ពោលបានត្រឹម​ត្រូវ សូម្បីពោលថា ដំរីដូចដងនង្គ័ល ក៏អាចពោលបាន ដោយសំដៅយកប្រមោយ សូម្បីដែលពោល​ថា​ អំពៅដូចដងនង្គ័លក៏នៅសមគួរ ប៉ុន្តែទឹកដោះជូរ ទឹកដោះស្រស់ ពណ៌សជានិច្ច ទ្រទ្រង់ខ្លួនដោយភាជនៈ​ មិនគួរនឹងពោលឧបមាក្នុងរឿងនេះបាន ដោយប្រការទាំងពួង អញមិនអាចឲ្យមនុស្សល្ងង់ម្នាក់នេះ ​សិក្សាបាន ទើបពោលគាថានេះថា អសព្ពត្ថគាមិំ វាចំ, ពាលោ សព្ពត្ថ ភាសតិ; នាយំ ទធិំ វេទិ ន នង្គលីសំ, ទធិប្បយំ មញ្ញតិ នង្គលីសំ។ បុគ្គលពាលរមែងពោលនូវវាចា ដែលមិនគួរពោលគ្រប់យ៉ាងបាន ក្នុងទីទាំងពួង មាណពនេះមិនស្គាល់ទឹកដោះជូរ មិនស្គាល់ដងនង្គ័លឡើយ ទើបសម្គាល់នូវទឹកដោះជូរ និងទឹកដោះស្រស់ថា ដូចដងនៃនង្គ័លទៅវិញ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះថា វាចាណាដែលមិនសមគួរក្នុងទីទាំងពួងដោយអំណាចនៃឧបមា​ វាចាដែលមិនសមគួរក្នុងទីទាំងពួងនោះ បុគ្គលពាលតែងពោលបានក្នុងទីគ្រប់អន្លើ ដូចត្រូវសួរថា ទឹកដោះជូរដូចអ្វី ? ក៏ឆ្លើយភ្លាមថា ដូចដងនង្គ័ល កាលពោលយ៉ាងនេះ ព្រោះមិនស្គាល់ទឹកដោះជូរនិងទឹកដោះស្រស់ ។សួរថា ព្រោះហេតុអ្វី ?ឆ្លើយថា ព្រោះថា សូម្បីតែទឺកដោះជូរក៏គេសម្គាល់ថាជា ដង​នង្គ័ល​បាន ។ ន័យម៉្យាងទៀត ព្រោះគេសម្គាល់ទឺកដោះជូរនិងទឹកដោះស្រស់ថា ដូចដងនង្គ័ល មាណពនេះ​ល្ងង់ដល់កម្រិតនេះ ព្រះបរមពោធិសត្វគិតថា ប្រយោជន៍អ្វីដោយមាណពនេះ ទើបប្រាប់អន្តេវាសិកទាំង​ឡាយឲ្យស្បៀងហើយបញ្ជូនមាណពនេះ ឲ្យត្រឡប់ទៅផ្ទះវិញ ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា លាឡកមាណវោ លាឡុទាយី អហោសិ មាណព ល្ងង់ក្នុងកាលនោះ បានមកជាលោឡុទាយី ។ទិសាបាមោក្ខោ អាចរិយោ បន អហមេវ អហោសិំ ចំណែកអាចារ្យ ទិសាបាមោក្ខ គឺ តថាគត នេះឯង ៕ ចប់ នង្គលីសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2886/______red.jpg
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០២៤ (អាន: ៨,៥៩៩ ដង)
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ​នៅក្នុងវត្តកបោតកន្ទរា ។ សម័យនោះ ព្រះសារីបុត្តដ៏មានអាយុមានសក់ទើបកោរថ្មី ។ អង្គុយក្នុង​ទីវាល ចូលកាន់សមាធិណាមួយ ក្នុងរាត្រីខាងខ្នើត ។ សម័យនោះ មានយក្ខពីរនាក់ជាសម្លាញ់នឹងគ្នា មកអំពីទិសខាងជើង ទៅទិសខាងត្បូង ដោយកិច្ចណា​មួយ ។ យក្ខទាំងនោះ បានឃើញព្រះសារីបុត្តដ៏មានអាយុ មានសក់ទើបកោរថ្មី ៗ អង្គុយក្នុងទីវាល ក្នុង​រាត្រីខាងខ្នើត លុះយក្ខម្នាក់បានឃើញហើយ និយាយប្រាប់យក្ខម្នាក់ទៀតថា ម្នាលសម្លាញ់ ចិត្តរបស់​ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ កាលបើយក្ខម្នាក់ និយាយយ៉ាងនេះហើយ យក្ខ​នោះក៏និយាយទៅនឹងយក្ខម្នាក់ទៀតនោះថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់​ សមណៈនោះមានគុណដ៏លើសលុបមានឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ បាននិយាយនឹងយក្ខនោះជាគម្រប់ពីរដងទៀតថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ​ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះ និយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់ពីរ ដង​ទៀត​ថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់ សមណៈនោះមានគុណដ៏​លើស​លុប​ មាន​ឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ និយាយទៅនឹងយក្ខនោះ ជាគម្រប់បីដងទៀត​ថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះនិយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់បីដងទៀតថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន ។ លំដាប់នោះ យក្ខម្នាក់នោះ មិនអើពើនឹងយក្ខនោះឡើយ ហើយប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តត្ថេរដ៏មានអាយុ ។ មានសេចក្តីដំណាលថា យក្ខនោះអាចពន្លិចដំរីមានកម្ពស់ ៧ ហត្ថ ឬ ៨ ហត្ថ (ឲ្យស្រុតទៅ​ក្នុងផែនដី) ក៏បាន អាចធ្វើកំពូលភ្នំធំ ឲ្យបែកខ្ទេចខ្ទីក៏បាន ដោយការប្រហារនោះ ។ លំដាប់នោះ ស្រាប់​តែយក្ខនោះពោលថា ខ្ញុំក្តៅណាស់ដូច្នេះ ហើយធ្លាក់ទៅកាន់មហានរក ត្រង់ទីនោះឯង ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញយក្ខនោះ កំពុងប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តដ៏មានអាយុ ដោយទិព្វចក្ខុ ដ៏បរិសុទ្ធកន្លងចក្ខុរបស់មនុស្សធម្មតា លុះឃើញហើយ ក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ លោកល្មមអត់ធន់បានដែរឬ ល្មមប្រព្រឹត្តទៅ បានដែរឬ មិនមាន សេច​ក្តី​ទុ​ក្ខតិចតួចទេឬ ។ ព្រះសារីបុត្តដ៏មានអាយុ ប្រាប់ថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គ​ល្លាន​ ខ្ញុំល្មមប្រព្រឹត្តទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោសារីបុត្ត អស្ចារ្យ​ណាស់ ម្នាលអាវុសោសារីបុត្ត ចម្លែកណាស់ ព្រោះថា សារីបុត្តដ៏មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន ។ ម្នាលអាវុសោសារីបុត្ត ក្នុងទីនេះ មានយក្ខមួយប្រហារ ចំព្រះសិរ្សៈនៃលោក (ការប្រហារនោះ) ពេញជាការ​ប្រហារខ្លាំង ឯយក្ខនោះអាចពន្លិចដំរី មានកម្ពស់ ៧ ហត្ថ ឬ ៨ ហ្ថ (ឲ្យស្រុតទៅក្នុងផែនដីបាន) អាច​ធ្វើកំពូលភ្នំធំឲ្យបែកខ្ទេចខ្ទីបាន ដោយការប្រហារនោះ ។ ហេតុអ្វីក៏ព្រះសារីបុត្តដ៏មានអាយុ និយាយ​យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមប្រព្រឹត្ត​ទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោមោគ្គល្លាន អស្ចារ្យណាស់ ម្នាលអាវុសោមោគ្គល្លាន ចម្លែកណាស់ ព្រោះថា មហាមោគ្គ​ល្លាន​ដ៏ មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន មើលយក្សឃើញបាន ចំណែកខាងយើង មិនឃើញ​សូម្បី​បិសាច ដែលអាស្រ័យនឹងអាចម៍ដីសោះឡើយ ។ ព្រះមានព្រះភាគ ទ្រង់ព្រះសណ្តាប់ពាក្យចរចា មានសភាពយ៉ាងនេះ របស់ព្រះមហានាគត្ថេរទាំងពីរអង្គនោះ ដោយទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងសោតធាតុ របស់ មនុស្សធម្មតា ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺឧទាននេះ ក្នុងវេលានោះថា យស្ស សេលូបមំ ចិត្តំ ឋិតំ នានុបកម្បតិ វិរត្តំ រជនីយេសុ កោបនេយ្យេ ន កុប្បតិ យស្សេវំ ភាវិតំ ចិត្តំ កុតោ តំ ទុក្ខមេស្សតិ។ ចិត្តរបស់បុគ្គលណា មានឧបមាដោយថ្មតាន់ នៅនឹង មិនញាប់ញ័រ ប្រាស់ចាកតម្រេក ក្នុងហេតុគួររីករាយទាំងឡាយ មិនក្រោធក្នុងវត្ថុគួរក្រោធ ចិត្តដែលបុគ្គលណា បានចម្រើនយ៉ាងនេះហើយ សេចក្តីទុក្ខនឹងមានមកដល់បុគ្គលនោះ អំពីណាបាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ បិដកលេខ ៥២ ទំព័រ ២០៥) ព្រះសារីបុត្រដ៏មានអាយុមានសម្បុរដូចមាស ព្រះមហាមោគ្គល្លានដ៏មានអាយុមានសម្បុរដូចផ្កាឧប្បល​ខៀវ ។ ព្រះថេរៈទាំងអង្គនោះឯង មានជាតិជាព្រាហ្មណ៍ ដល់ព្រមដោយអភិនីហារអស់ ១ អសង្ខេយ្យ និង ១ សែនកប្ប ជាអ្នកបាន សម្រេចអភិញ្ញា៦ និង បដិសម្ភិទា ជាព្រះមហាខីស្រព បាន​សមា​បត្តិគ្រប់យ៉ាង ដល់ទីបំផុត សាវកបារមីញាណ ៦៧ ប្រការ ធ្វើកបោតកន្ទរវិហារនោះឲ្យស្វាង​ស្វៃ​​ជាមួយគ្នា ដូចសីហៈពីរនៅល្អាងមាសតែមួយជាមួយគ្នា ដូចខ្លាធំពីរទម្រេតខ្លួនលើផែនដីតែមួយជា​មួយ​គ្នា ដូចស្ដេចដំរីឆទ្ទន្តពីរចូលព្រៃសាលវ័ន ដែលមានផ្ការីកស្គុះស្គាយ តែមួយជាមួយគ្នា ដូចស្ដេចគ្រុឌពីរ​នៅព្រៃសិម្ពលី តែមួយជាមួយគ្នា ដូចស្ដេចវេស្សវ័ណពីរអង្គឡើងយាន ដែលនាំ ដោយមនុស្សតែមួយ​ជាមួយគ្នា ដូចស្ដេចសក្កៈពីរអង្គ ប្រថាប់អង្គុយលើបណ្ឌុកម្ពល សិលាសនៈតែមួយជាមួយគ្នា ដូចស្ដេច​មហាព្រហ្មពីរអង្គនៅក្នុងវិមានតែមួយ ជាមួយគ្នា ដូចដួងចន្ទពីរដួង និង ព្រះអាទិត្យពីរដួងនៅក្នុងផ្ទៃអាកាសតែមួយជាមួយគ្នា ដូច្នេះ ។ បណ្ដាព្រះថេរៈទាំងអង្គនោះ ព្រះមហាមោគ្គល្លានដ៏អាយុបានគង់នៅស្ងៀម ចំណែកព្រះសារីបុត្រដ៏មានអាយុចូលសមាបត្ដិ ។ ពាក្យថា ចូលកាន់សមាធិណាមួយ បានដល់ ឧបេក្ខាព្រហ្មវិហារសមាបត្តិ ។ កេចិអាចារ្យទាំងឡាយពោលថាជា សញ្ញាវេទយិតនិរោធសមាបត្តិ ។’ ចំណែកអាចារ្យមួយពួកទៀតពោលថាជា ផលសមាបត្តិ ។ ពិតមែន សមាបត្តិទាំងឡាយ ៣ នេះ អាចដើម្បីនឹងរក្សានូវកាយបាន ។ (បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ យក្ខបហារសុត្ត) ដោយ៥០០០ឆ្នាំ
images/articles/2902/4tpssic.jpg
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០២៤ (អាន: ៧,៩៣៥ ដង)
កណវេរជាតក (រឿងស្រណោះស្នេហ៍ក្បែរគុម្ពផ្កាច្បារ) ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវការប្រលោមលួងលោមរបស់បុរាណទុតិយិកា (ស្រ្តីដែលមានបុរសជាពីរនាក់ក្នុងកាលពីមុន គឺប្រពន្ធពីដើម ឬប្រពន្ធពីមុន) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យំ តំ វសន្តសមយេ ដូច្នេះជាដើម ។ រឿងរ៉ាវនៃជាតកនេះ នឹងប្រាកដជាក់ច្បាស់ ក្នុងឥន្ទ្រិយជាតក (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១២៦) ឯណោះ ។ ព្រះសាស្ដាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ ក្នុងកាលមុន អ្នកអាស្រ័យនូវស្ត្រីនោះហើយ ត្រូវទទួលការកាត់ក្បាលដោយដាវ ដូច្នេះហើយ ដែលភិក្ខុនោះទូលអង្វរអារាធនា ទើបទ្រង់នាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើត (ក្នុងពេលដែលប្រកប) ដោយផ្កាយចោរក្នុងផ្ទះរបស់គហបតីមួយ ក្នុង កាសិគ្រាម កាលចម្រើនវ័យធំហើយ ធ្វើចោរកម្ម ចិញ្ចឹមជីវិត បានប្រាកដក្នុងលោក ជាអ្នកក្លាហាន មានកម្លាំងដូចដំរី គ្មាអ្នកណាអាចនឹងចាប់ព្រះពោធសិត្វបានឡើយ ។ ក្នុងថ្ងៃមួយ ចោរនោះកាត់នូវគ្រឿងចំណងក្នុងផ្ទះរបស់សេដ្ឋីមួយ ហើយលួចទ្រព្យដ៏ច្រើន ។ អ្នកនគរទាំងឡាយ ចូលគាល់ព្រះរាជា ទូលថា បពិត្រព្រះសម្មតិទេព មានមហាចោរមួយ តែងប្លន់នគរ សូមទ្រង់ញ៉ាំងគេឲ្យចាប់នូវមហាចោរនោះ ។ ព្រះរាជាបានបញ្ជាឲ្យអ្នករក្សានគរចាប់នូវចោរនោះ ។ ក្នុងចំណែកនៃរាត្រី អ្នករក្សានគរចាត់ចែងដាក់មនុស្សទាំងឡាយ ដោយចំណងជាពួក ក្នុងទីនោះៗ ឲ្យចាប់មហាចោរព្រមទាំងរបស់ ហើយទូលដល់ព្រះរាជា ។ ព្រះរាជាបញ្ជាឲ្យអ្នករក្សានគរនោះឯងថា អ្នកចូរកាត់ក្បាលរបស់វាចុះ ។ អ្នករក្សានគរឲ្យគេចងមហាចោរនោះ ដោយក្រពាត់ដៃមកក្រោយ (ចងស្លាបសេក) ដោយចំណងដ៏មាំ ហើយពាក់កម្រងផ្កាច្បារពណ៌ក្រហមត្រង់ករបស់មហាចោរនោះ រោយលម្អិតឥដ្ឋកៈលើក្បាល វាយដោយខ្សែតី ៤ ដង ទើបនាំទៅកាន់កន្លែងសម្លាប់ដោយសំឡេងស្គរដ៏ខ្លាំង ។ នគរទាំងមូលកម្រើករំពើកហើយដោយសំឡេងថា បានឮថា ចោរដែលឆក់ប្លន់ក្នុងនគរនេះ ត្រូវគេចាប់បានហើយ ។ គ្រានោះ ក្នុងនគរពារាណសី មានស្រីគណិកា (ស្រីផ្កាមាស) ឈ្មោះ សាមា ដែលមានតម្លៃខ្លួនមួយពាន់ ជាអ្នកប្រោសប្រទានរបស់ព្រះរាជា មាននាងវណ្ណទាសី ៥០០ ជាបរិវារ ។ នាងសាមានោះ បើក វាតបាន (បង្អួច) ក្នុងប្រាសាទ ឈរមើល បានឃើញមហាចោរ ដែលគេកំពុងនាំទៅនោះ ។ មហាចោរនោះជាមនុស្សមានរូបស្អាត គួរជាទីស្នេហា ដល់ភាពជាអ្នកមានសេចក្ដីស្អាតដ៏លើស មានសម្បុរដូចជាទេវតា ប្រាកដច្បាស់ដោយក្បាលនៃក្បាលមនុស្សទាំងឡាយ ។ នាងសាមាបានឃើញមហាចោរហើយមានចិត្តប្រតិព័ទ្ធគិតថា យើងគប្បីធ្វើបុរសនេះឲ្យជាស្វាមីរបស់ខ្លួន ដោយឧបាយដូចម្ដេចហ៎្ន ? គិតឃើញថា មានឧបាយមួយ ទើបប្រគល់ទ្រព្យមួយពាន់ក្នុងដៃស្រីបម្រើរបស់ខ្លួន ឲ្យយកទៅជូនអ្នករក្សានគរ ហើយប្រាប់ថា ចោរនេះជាបងប្រុសរបស់នាងសាមា វៀរនាងសាមាហើយ អ្នកដទៃនឹងជាទីអាស្រ័យរបស់ចោរនេះមិនមានឡើយ បានឮមកថា លោកកាន់យកទ្រព្យមួយពាន់នេះ ហើយ ចូរដោះលែងចោរនេះ ។ ស្រីបម្រើនោះទៅហើយនិងបានធ្វើយ៉ាងនោះ ។ អ្នករក្សានគរពោលថា ចោរនេះប្រាកដ (ដូចដងទង់) មិនអាចនឹងដោះលែងបានទេ បើបានមនុស្សដទៃ (មកជំនួស) យើងនឹងឲ្យចោរនេះទៅអង្គុយលើយានដែលបិទបាំង អាចនឹងបញ្ជូនចេញបាន ។ ស្រីបម្រើនោះមកហើយប្រាប់ដល់នាងសាមា ។ គ្រានោះ មានសេដ្ឋីបុត្រម្នាក់ ដែលមានចិត្តប្រតិព័ទ្ធនឹងនាងសាមា តែងឲ្យទ្រព្យមួយពាន់រាល់ៗថ្ងៃ ។ សូម្បីថ្ងៃនោះ សេដ្ឋីបុត្រនោះ ក៏កាន់យកទ្រព្យមួយពាន់ បានមកកាន់ផ្ទះនោះ ក្នុងវេលាដែលព្រះអាទិត្យអស្ដង្គត ។ សូម្បីនាងសាមាកាន់យកភណ្ឌៈដែលមានតម្លៃមួយពាន់ហើយ មកដាក់លើភ្លៅ ហើយអង្គុយយំ ។ សេដ្ឋីបុត្រពោលថា អូនមានរឿងអ្វី ? នាងសាមាពោលថា បពិត្របងជាម្ចាស់ ចោរនេះជាបងប្រុសរបស់អូន គាត់មិនមកសម្នាក់អូនដោយគិតថា យើងធ្វើកម្មអាក្រក់ កាលអូនបញ្ជូនដំណឹងទៅឲ្យអ្នករក្សានគរ អ្នករក្សានគរនោះបញ្ជូនដំណឹងមកវិញថា កាលយើងបានទ្រព្យមួយពាន់ យើងនឹងដោះលែងចោរនេះ ឥឡូវនេះ អូនបានទ្រព្យមួយពាន់ហើយ តែមិនបានទៅកាន់សម្នាក់របស់អ្នករក្សានគរ ។ ព្រោះភាពជាអ្នកមានចិត្តប្រតិព័ទ្ធ (ខ្លាំង) នឹងនាងសាមា សេដ្ឋីបុត្រនោះពោលថា ចាំបងនឹងទៅ ។ នាងសាមាពោលថា បើយ៉ាងនោះ បងចូរកាន់យកទ្រព្យដែលបងនាំមកនោះទៅចុះ ។ សេដ្ឋីបុត្រកាន់យកទ្រព្យនោះ ហើយទៅកាន់ផ្ទះរបស់អ្នករក្សានគរ ។ អ្នករក្សានគរបានឲ្យគេចាប់សេដ្ឋីបុត្រដាក់ក្នុងកន្លែងដែលបិទបាំង ហើយឲ្យចោរអង្គុយលើយាន ដែលបិទបាំង បញ្ជូនទៅឲ្យនាងសាមា ហើយធ្វើការអះអាងថា ចោរនេះប្រាកដក្នុងដែន ត្រូវចាំដល់ពេលងងឹតសិន យើងនឹងឲ្យគេសម្លាប់ក្នុងវេលាដែលមនុស្សទាំងឡាយចេញចាកហើយ ។ កន្លងទៅបានមួយភ្លេត កាលមនុស្សទាំងឡាយចេញទៅហើយ ទើបនាំសេដ្ឋីបុត្រទៅកាន់កន្លែងពិឃាត ដោយការរក្សាដ៏ធំ ហើយកាត់ក្បាល់ដោយដាវ យកលំពែងចាក់សរីរៈលើកឡើង រួចទើបចូលកាន់នគរ ។ ចាប់តាំងអំពីពេលនោះមក នាងសាមាមិនទទួលទ្រព្យយ៉ាងណាមួយ អំពីដៃរបស់បុរសដទៃ ប្រព្រឹត្តត្រេកអរតែជាមួយនឹងមហាចោរនោះឯង ។ មហាចោរនោះគិតថា ប្រសិនបើ ស្រីនេះមានចិត្តប្រតិព័ទ្ធក្នុងបុរសដទៃ នាងនឹងឲ្យគេសម្លាប់សូម្បីយើង ហើយនឹងអភិរម្យជាបុរសនោះ ស្រីនេះជាមនុស្សទ្រុស្តមិត្រក្រៃពេក យើងមិនគួរនៅក្នុងទីនេះ គួរប្រញាប់រត់គេច តែយើងមិនគួរទៅដោយដៃទទេ ត្រូវកាន់យកអាភរណភណ្ឌរបស់នាង ហើយចាំយើងទៅ ដូច្នេះហើយ ក្នុងថ្ងៃមួយ ក៏ពោលនឹងនាងសាមាថា ហៃអូនដ៏ចម្រើនអើយយើងនៅតែក្នុងផ្ទះអស់កាលជានិច្ចដូច្នេះ ហាក់បីដូចជាមាន់ដែលគេដាក់ក្នុងទ្រុង យើងនឹងធ្វើនូវការលេងក្នុងឧទ្យានមួយថ្ងៃ ។ នាងសាមានោះ ទទួលថា ល្អ ហើយចាត់ចែងខាទនីយភីោជនីយៈជាដើមទាំងពួង ប្រដាប់តាក់តែងដោយគ្រឿងអាភរណៈទាំងពួង អង្គុយលើយានដែលបិទបាំងជាមួយនឹងមហាចោរ ទៅកាន់ឧទ្យាន ។ មហាចោរកាលលេងជាមួយនាង សាមាក្នុងឧទ្យាននោះ ទើបគិតថា ឥឡូវនេះ យើងគួរគេចទៅ ដូច្នេះហើយ ក៏ធ្វើហាក់ដូចជា ប្រាថ្នានឹងអភិរម្យដោយសេចក្ដីត្រេកអរនៃកិលេសនឹងនាងសាមា ទើបនាំចូលទៅចន្លោះគុម្ពផ្កាច្បារមួយ ធ្វើដូចជាឱបនាង ហើយធ្វើឲ្យនាងសន្លប់ ផ្ដួលចុះ រួចដោះគ្រឿងអាភរណៈទាំងពួង យកសំពត់ដណ្ដប់របស់នាងចង ដាក់បង្វេចភណ្ឌៈនឹងក លោតផ្លោះរបងឧទ្យានចេញទៅ ។ ចំណែកនាងសាមា កាលភ្ញាក់ខ្លួនហើយ ក្រោកឡើង ទៅកាន់សម្នាក់ស្រីបម្រើហើយសួរថា អយ្យបុត្រ នៅឯណា ? ស្រីបម្រើពោលថា បពិត្រអ្នកនាង ពួកខ្ញុំមិនដឹងទេ ។ នាងសាមាគិតថា ស្វាមីសម្គាល់ថា យើងស្លាប់ហើយ ទើបគេចទៅ ។ នាងសាមាលំបាកចិត្ត ទើបចេញពីឧទ្យាន ទៅកាន់ផ្ទះ ហើយនាងគិតទៀតថា ចាប់តាំងតែវេលាដែលយើងនៅមិនបានជួបស្វាមីជាទីស្រឡាញ់របស់យើង យើងនឹងមិនដេកលើទីដេកដែលប្រដាប់តាក់តែង ដូច្នេះហើយ ទើបដេកលើផែនដី ។ តាំងពីពេលនោះមក នាងសាមាមិនស្លៀកនូវសំពត់ដែលជាទីស្រឡាញ់ទៀតឡើយ មិនបរិភោគភត្ត ២ មិនសេពនូវរបស់ក្រអូប និងកម្រងផ្កាជាដើម គិតថា យើងនឹងស្វែករកអយ្យបុត្រដោយឧបាយយ៉ាងណាមួយ ហើយហៅឲ្យមកវិញ ទើបហៅអ្នករបាំឲ្យមក រួចឲ្យប្រាក់មួយពាន់ ។ កាលអ្នករបាំពោលថា អ្នកនាងឲ្យពួកខ្ញុំធ្វើអ្វី ? នាងប្រាប់ថា ឈ្មោះថា ស្ថានទីដែលពួកលោកមិនបានទៅ រមែងមិនមាន ពួកលោកកាលទៅកាន់ស្រុក និគម រាជធានីទាំងឡាយ ហើយធ្វើមហោស្រព គប្បីច្រៀងចម្រៀងនេះជាដំបូង ក្នុងមណ្ឌលមហោស្រព ដូច្នេះហើយ កាលឲ្យអ្នករបាំសិក្សាទើបពោលគាថាទីមួយ ហើយបញ្ជូនទៅថា កាលពួកលោកច្រៀងនូវចម្រៀងនេះ បើអយ្យបុត្រនៅក្នុងចន្លោះបរិស័ទនោះ គាត់នឹងពោលជាមួយនឹងពួកលោក លំដាប់នោះ ពួកលោកចូរពោលនូវការមិនមានរោគរបស់យើងដល់គាត់ ហើយចាប់គាត់ រួចត្រឡប់មក បើគាត់មិនមក ពួកលោកចូរបញ្ជូនដំណឹងមកចុះ ដូច្នេះហើយ ក៏បានឲ្យស្បៀង ហើយបញ្ជូនអ្នករបាំទៅ ។ ពួកអ្នករបាំនោះ បានចេញចាកក្រុងពារាណសី កាលធ្វើនូវមហោស្រពក្នុងទីនោះៗ ហើយទៅកាន់បច្ចន្តគ្រាមមួយ ។ ចំណែកមហាចោរនោះ រត់ទៅហើយ បាននៅក្នុងបច្ចន្តគ្រាមនោះ ។ អ្នករបាំកាលធ្វើមហោស្រព ទើបបានច្រៀងចម្រៀងជាគាថាទី ១ ថា យំ តំ វសន្តសមយេ, កណវេរេសុ ភាណុសុ; សាមំ ពាហាយ បីឡេសិ, សា តំ អារោគ្យមព្រវិ។ អ្នកឱបរឹតនាងសាមាណា ដោយដើមដៃក្បែរគុម្ពច្បារទាំងឡាយ មានផ្កាក្រហម ដូចពន្លឺព្រះអាទិត្យក្នុងវសន្តសម័យ (ហើយរត់ទៅ ឥឡូវនេះ) នាងសាមានោះប្រាប់មកអ្នក (ថានាង) មិនមានរោគទេ ។ បណ្ដាបទទាំងនោះ បទថា កណវេរេសុ បានដល់ ករវីរេសុ គឺក្បែរគុម្ពផ្កាច្បារ ។ បទថា ភាណុសុ សេចក្ដីថា ដល់ព្រមដោយពណ៌ក្រហមនៃផ្កាពណ៌ក្រហម ។ បទថា សាមំ សេចក្ដីថា អ្នកមានឈ្មោះយ៉ាងនោះ ។ បទថា បីឡេសិ សេចក្ដីថា អ្នកណាឱបរឹត ដូចប្រាថ្នានឹងអភិរម្យដោយសេចក្ដីត្រេកអរនៃកិលេស ។ បទថា សា តំ សេចក្ដីថា នាងសាមានោះ មិនមានរោគ តែលោកសម្គាល់ថា នាងស្លាប់ហើយ ទើបរត់ទៅ នាងនោះបានប្រាប់ គឺពោលដល់ការមិនមានរោគរបស់ខ្លួន ។ ចោរស្ដាប់ពាក្យនោះហើយ ចូលទៅរកអ្នករបាំ ពោលថា អ្នកនិយាយថា នាងសាមា នៅមានជីវិត ចំណែកខ្ញុំមិនជឿទេ កាលនឹងចរចាជាមួយអ្នករបាំនោះ ទើបពោលគាថាទី ២ ថា អម្ភោ ន កិរ សទ្ធេយ្យំ, យំ វាតោ បព្ពតំ វហេ; បព្ពតញ្ចេ វហេ វាតោ, សព្ពម្បិ បថវិំ វហេ; យត្ថ សាមា កាលកតា, សា មំ អារោគ្យមព្រវិ។ នែអ្នកដ៏ចម្រើន បានឮថា ខ្យល់បក់ផាត់ភ្នំ ដោយហេតុណា ខ្ញុំមិនគប្បីជឿនូវហេតុនោះទេ បើខ្យល់បក់ផាត់ភ្នំបាន បក់ផាត់ផែនដីទាំងមូល ក៏បានដែរ នាងសាមាណាស្លាប់បាត់ទៅហើយ អ្នកពោលថា នាងសាមានោះ មិនមានរោគ (ខ្ញុំមិនគប្បីជឿទេ) ។ គាថានោះមានសេចក្ដីថា អម្ភោ នដ នៃអ្នករបាំដ៏ចម្រើន បានឮថា ខ្យល់បក់ផាត់ភ្នំ មិនគប្បីជឿឡើយ ។ ខ្យល់ណាបក់ផាត់ភ្នំដូចជាស្មៅ និងស្លឹកឈើ ប្រសិនបើខ្យល់នោះបក់ភ្នំ នឹងគប្បីបក់សូម្បីទាំងផែនដី ពាក្យនេះ មិនគួរជឿយ៉ាងណា ពាក្យរបស់អ្នកក៏មិនគួរជឿយ៉ាងនោះ ។ បទថា យត្ថ សាមា កាលកតា សេចក្ដីថា នាងសាមានោះធ្វើកាលកិរិយាហើយ នឹងសួរការមិនមានរោគដល់យើងបានខ្លួនឯង ។ សួរថាព្រោះហេតុអ្វី ទើបមិនជឿ ឆ្លើយថា ព្រោះធម្មតាមនុស្សស្លាប់ហើយ នឹងបញ្ជូនដំណឹងដល់អ្នកណាៗ មិនបាន ។ អ្នករបាំស្ដាប់ពាក្យរបស់ចោរនោះហើយ ទើបពោលគាថាទី ៣ ថា ន ចេវ សា កាលកតា, ន ច សា អញ្ញមិច្ឆតិ; ឯកភត្តិកិនី សាមា, តមេវ អភិកង្ខតិ។ នាងសាមានោះ មិនស្លាប់ផង នាងមិនចង់បានបុរសដទៃផង បានឮថា នាងសាមា មានប្ដីតែមួយ នាងចង់បានតែប្ដីនោះឯង ។ បណ្ដាបទទាំងនោះ បទថា តមេវ អភិកង្ខតិ សេចក្ដីថា នាងមិនប្រាថ្នាបុរសដទៃ នៅតែប្រាថ្នា គឺត្រូវការ ចង់បានចំពោះតែអ្នកប៉ុណ្ណោះ ។ចោរស្ដាប់ពាក្យនោះហើយ ទើបពោលថា នាងមានជីវិត ឬមិនមានក៏ដោយ យើងមិនត្រូវការនាង ហើយពោលគាថាទី ៤ ថា អសន្ថុតំ មំ ចិរសន្ថុតេន, និមីនិ សាមា អធុវំ ធុវេន; មយាបិ សាមា និមិនេយ្យ អញ្ញំ, ឥតោ អហំ ទូរតរំ គមិស្សំ។ នាងសាមា ប្ដូរយកខ្ញុំដែលមិនធ្លាប់ស្និទ្ធស្នាល ដោយប្ដីដែលស្និតស្នាល អស់កាលយូរ, ប្ដូរយកខ្ញុំ ជាប្ដីមិនពិតប្រាកដ ដោយប្ដីពិតប្រាកដ, នាងសាមា មុខតែប្ដូរយកបុរសដទៃ ដោយខ្ញុំ, ខ្ញុំនឹងទៅកាន់ទីឆ្ងាយ លើសពីនេះ ទៅទៀត ។ បណ្ដាបទទាំងនោះ បទថា អសន្ថុតំ សេចក្ដីថា អ្នកមិនបានធ្វើការស្និទ្ធស្នាល ។ បទថា ចិរសន្ថុតេន សេចក្ដីថា អ្នកធ្វើការស្និទ្ធស្នាលអស់កាលយូរ ។ បទថា និមីនិ សេចក្ដីថា ប្ដូរ ។ បទថា អធុវំ ធុវេន សេចក្ដីថា នាងសាមាបានឲ្យទ្រព្យមួយពាន់ដល់អ្នករក្សានគរ ដើម្បីប្ដូរយកយើងដែលមិនមែនជាស្វាមីពិតប្រាកដ ដោយស្វាមីពិតប្រាកដនោះ ។ បទថាមយាបិ សាមា និមិនេយ្យ អញ្ញំ សេចក្ដីថា នាងសាមានឹងប្ដូរហើយកាន់យកស្វាមីដទៃ សូម្បីដោយយើង ។ បទថា ឥតោ អហំ ទូរតរំ គមិស្សំ សេចក្ដីថា ចោរពោលថា យើងនឹងទៅកាន់ទីឆ្ងាយសែនឆ្ងាយ គឺទីដែលយើងមិនអាចនឹងឮដំណឹង ឬរឿងរបស់នាង ព្រោះហេតុនោះ អ្នកទាំងឡាយចូរប្រាប់សេចក្ដីដែលយើងចេញអំពីទីនេះ ទៅកាន់ទីដទៃដល់នាង ចោរពោលដូច្នេះហើយ កាលអ្នករបាំទាំងនោះកំពុងមើលនោះឯង បានស្លៀកសំពត់ឲ្យមាំក្រៃលែង ហើយរត់ទៅយ៉ាងរហ័ស ។ អ្នករបាំទាំងឡាយទៅហើយ បានប្រាប់អាការៈ ដែលចោរនោះបានធ្វើហើយ ដល់នាងសាមានោះ ។ នាងសាមា មានវិប្បដិសារី លំបាកចិត្ត ញ៉ាំងកាលឲ្យប្រព្រឹត្តទៅដោយភាពប្រក្រតីរបស់ខ្លួននោះឯង ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ រួចប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុ (ភិក្ខុអផ្សុក) បានតាំងនៅក្នុងសោតាបត្តិផល ។ តទា សេដ្ឋិបុត្តោ អយំ ភិក្ខុ អហោសិ សេដ្ឋីបុត្រក្នុងកាលនោះបានមកជាភិក្ខុនេះ ។ សាមា បុរាណទុតិយិកា នាងសាមា បានមកជា បុរាណទុតិយិកា ។ ចោរោ បន អហមេវ អហោសិំ ចំណែកចោរ គឺតថាគតនេះឯង ។ ចប់ កណវេរជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាកត ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៩ ទំព័រ ២០៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2899/texewe3tpic.jpg
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០២៤ (អាន: ៧,០៨៥ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវសិរិចោរព្រាហ្មណ៍ម្នាក់ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យំ ឧស្សុកា សង្ឃរន្តិ ដូច្នេះជាដើម ។ បច្ចុប្បន្នវត្ថុក្នុងជាតកនេះ មានពិស្ដារហើយក្នុងខទិរង្គារជាតក (សុត្តន្តបិដក ខុទ្ទក-និកាយ ជាតក ឯកកនិបាត កុលាវកវគ្គ បិដកលេខ ៥៨ ទំព័រ១៨) នោះឯង ។ ចំណែកក្នុងក្នុងជាតកនេះ មិច្ឆាទិដ្ឋិទេវតាដែលនៅនឹងខ្លោងទ្វារទីបួន ក្នុងផ្ទះរបស់អនាថបិណ្ឌិកសេដ្ឋីនោះ កាលធ្វើនូវទណ្ឌកម្ម បាននាំទ្រព្យ ៥៤ កោដិ មកបំពេញក្នុងឃ្លាំង ហើយបានក្លាយជាសម្លាញ់នឹងអនាថបិណ្ឌិកសេដ្ឋី ។ លំដាប់នោះ អនាថបិណ្ឌិកសេដ្ឋីបាននាំនូវទេវតានោះទៅកាន់សម្នាក់របស់ព្រះសាស្ដា ។ ព្រះសាស្ដាសម្ដែងធម៌ដល់ទេវតានោះ ទេវតានោះបានស្ដាប់ធម៌ហើយ ក៏បានជាព្រះសោតាបន្ន ។ ចាប់តាំងពីពេលនោះមក យសដូចដើមក៏កើតមានដល់លោកសេដ្ឋីវិញ ។ គ្រានោះ មានព្រាហ្មណ៍អ្នកដឹងនូវសិរីលក្ខណៈដែលរស់នៅក្នុងក្រុងសាវត្ថីមួយរូប គិតថា អនាថបិណ្ឌិកសេដ្ឋីធ្លាក់ខ្លួនក្រ ហើយមានឥស្សរៈវិញទៀត បើដូច្នោះ យើងនឹងទៅធ្វើអាការៈដូចជាប្រាថ្នានឹងឃើញនូវគាត់ ហើយលួចនូវសិរីអំពីផ្ទះរបស់គាត់ រួចនឹងត្រឡប់មក ។ ព្រាហ្មណ៍នោះទៅកាន់ផ្ទះរបស់លោកសេដ្ឋី កាលលោកសេដ្ឋីធ្វើសក្ការៈនិងសម្មានៈហើយពោលពាក្យជាទីរលឹកថា លោកមកដើម្បីប្រយោជន៍អ្វី ? ព្រាហ្មណ៍ក៏ ពិនិត្យមើលថា សិរីឋិតនៅទីណាហ៎្ន ។ សេដ្ឋីមានមាន់ពណ៌សសុទ្ធប្រៀបដូចស័ង្ខដែលគេខាត់ហើយ ដាក់ក្នុងទ្រុងមាស សិរីតាំងនៅលើជុកមាន់នោះ ។ ព្រាហ្មណ៍កាលក្រឡេកមើល បានដឹងភាពនៃសិរីដែលតាំងនៅក្នុងទីនោះ ទើបពោលថា បពិត្រមហាសេដ្ឋី ខ្ញុំញ៉ាំងនូវមាណព ៥០០ ឲ្យពោលនូវមន្ត, ព្រោះអាស្រ័យមាន់មួយដែលរងាវខុសកាល មាណពនិងខ្ញុំទើបលំបាក, បានឮថា មាន់នេះរងាវត្រូវកាល ខ្ញុំដើម្បីត្រូវការមាន់នេះ លោកមេត្តាឲ្យមាន់នេះដល់ខ្ញុំផង ។ សេដ្ឋីពោលថា នែព្រាហ្មណ៍ លោកចូរចាប់យកចុះ យើងឲ្យមាន់នេះដល់លោក ។ ក្នុងខណៈដែលលោកសេដ្ឋីពោលថា ឲ្យ ប៉ុណ្ណោះ សិរីក៏ឃ្លាតចាកជុកមាន់ មកឋិតនៅលើដួងកែវមណី ដែលនៅលើក្បាលដំណេក ។ ព្រាហ្មណ៍បានដឹងនូវភាពនៃសិរីដែលតាំងនៅក្នុងកែវមណី ទើបសូមកែវមណីនោះ។ក្នុងខណៈដែលលោកសេដ្ឋីពោលថា យើងឲ្យសូម្បីនូវកែវមណី ដូច្នេះ សិរីក៏ផ្លាស់ចេញអំពីកែវមណី ទៅតាំងនៅលើឈើច្រត់ដែលរក្សាទុកលើក្បាលដំណេក ។ ព្រាហ្មណ៍បានដឹងនូវភាពនៃសិរីដែលតាំងនៅនឹងឈើច្រត់នោះ ទើបសូម្បីនូវឈើច្រត់នោះទៀត ។ លោកសេដ្ឋីពោលថា លោកចូរកាប់យកចុះ ដូច្នេះ ក្នុងខណៈដែលលោកសេដ្ឋីពោលនោះឯង សិរីក៏គេចចេញអំពីឈើច្រត់ ទៅប្រតិស្ឋាននៅលើក្បាលភរិយារបស់សេដ្ឋីដែលឈ្មោះថា បុញ្ញលក្ខណទេវី ។ សិរិចោរព្រាហ្មណ៍ដឹងភាពនៃសិរីដែលតាំងនៅក្នុងទីនោះ គិតថា នោះជាភណ្ឌៈដែលសេដ្ឋីលះមិនបាន ទើបមិនអាចនឹងសូមនូវរបស់នោះ ដូច្នេះហើយ ក៏ប្រាប់នូវការមកដល់សេដ្ឋីថា បពិត្រមហាសេដ្ឋី ខ្ញុំមកដើម្បីនឹងលួចសិរីក្នុងផ្ទះរបស់លោក ប៉ុន្តែសិរីដែលតាំងនៅនឹងជុកមាន់របស់លោក បានប្រាសចេញអំពីទីនោះ ក្នុងពេលដែលលោកឲ្យដល់ខ្ញុំ មកតាំងនៅនឹងកែវមណី, ពេលលោកឲ្យកែវមណី ក៏មកតាំងនៅនឹងឈើច្រត់, ពេលលោកឲ្យឈើច្រត់ សិរីក៏ប្រាសចេញអំពីនោះ មកតាំងនៅលើក្បាលរបស់បុញ្ញលក្ខណទេវី ខ្ញុំគិតថា នេះជាភណ្ឌៈដែលលោកលះឲ្យមិនបាន ភណ្ឌៈនេះក៏ខ្ញុំមិនគួរកាន់យក ខ្ញុំមិនអាចនឹងលួចសិរីរបស់លោកបាន, សិរីរបស់លោកចូរនៅក្នុងសម្នាក់លោកចុះ ថាហើយ ទើបក្រោកឡើយ ចៀសចេញទៅ ។ អនាថបិណ្ឌិកសេដ្ឋីគិតថា នឹងក្រាបទូលហេតុការណ៍នេះដល់ព្រះមានព្រះភាគ ទើបទៅកាន់ព្រះវិហារ (វត្តអារាម) បូជាព្រះសាស្ដា និងថ្វាយបង្គំហើយអង្គុយក្នុងទីដ៏សមគួរមួយ បានក្រាបទូលរឿងរ៉ាវទាំងអស់ដល់ព្រះតថាគត ។ ព្រះសាស្ដាស្ដាប់រឿងនោះហើយ ត្រាស់ថា ម្នាលគហបតី មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលសិរីរបស់មនុស្សដទៃ ទៅក្នុងទីដទៃសូម្បីក្នុងកាលមុន សិរីដែលកើតឡើងដល់មនុស្សអ្នកឥតបុណ្យ ហើយបានទៅកាន់បាទមូលរបស់មនុស្សអ្នកមានបុណ្យ ដូច្នេះហើយ ទ្រង់ដែលអនាថបិណ្ឌិកសេដ្ឋីទូលអង្វរអារាធនា ទើបនាំយកអតីតនិទានមកសម្ដែងថាៈ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរនគរពារាណសី ។ ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ កាលមានវ័យចម្រើនឡើងហើយ បានសិក្សានូវសិល្បៈក្នុងនគរតក្កសិលា រួចក៏នៅគ្របគ្រងផ្ទះ កាលមាតាបិតាធ្វើកាលកិរិយាហើយ ជាអ្នកមានសេចក្ដីសង្វេគ បានចេញចាកផ្ទះ បួសជាឥសីក្នុងហិមវន្តប្រទេស បានញ៉ាំងអភិញ្ញា និងសមាបត្តិឲ្យកើតឡើង ។ ដោយកាលកន្លងទៅអស់កាលយូរ ព្រះពោធិសត្វក៏ទៅកាន់ជនបទដើម្បីប្រយោជន៍ដល់ការសេពនូវរសជូរនិងប្រៃ ហើយបាននៅក្នុងឧទ្យាន របស់ព្រះរាជា ពារាណសី ក្នុងថ្ងៃស្អែកឡើង កាលត្រាច់ភិក្ខា ព្រះពោធិសត្វក៏បានទៅកាន់ទ្វារផ្ទះរបស់ហត្ថាចារ្យ ។ នាយហត្ថាចារ្យនោះជ្រះថ្លាក្នុងអាចារៈ និងវិហារធម៌របស់តាបសនោះ ក៏ថ្វាយនូវភិក្ខា ហើយឲ្យតាបសគង់នៅក្នុងឧទ្យាន និងទំនុកបម្រុងអស់កាលជានិច្ច ។ គ្រានោះ មានមនុស្សអ្នករកឧសចិញ្ចឹមជីវិតមួយរូប នាំឈើទាំងឡាយមកអំពីព្រៃ មិនអាចនឹងទៅដល់ទ្វារនគរ ។ ក្នុងវេលាល្ងាប ទើបធ្វើនូវគំនរឈើជាក្បាលដំណេក ដេកក្នុងខ្ទមទេវតាមួយ ។ (នៅទីនោះ) មានមាន់ជាច្រើនដែលអ្នកស្រុកលែងទុកក្នុងខ្ទមទេវតា នាំគ្នាដេកលើដើមឈើមួយដែលនៅមិនឆ្ងាយពីទីនោះ ។ បណ្ដាមាន់ទាំងនោះ ក្នុងវេលាជិតភ្លឺ មាន់ដែលដេកខាងលើគេ បានញ៉ាំងអាចម៍ឲ្យធ្លាក់ចុះលើសរីរៈរបស់មាន់ដែលដេកខាងក្រោម ។ មាន់ខាងក្រោមសួរថា អ្នកណាជុះអាចម៍ដាក់សរីរៈរបស់យើង ? មាន់ខាងលើឆ្លើយថា គឺ យើង ។ មាន់ខាងក្រោមពោលថា ព្រោះហេតុអ្វី ? មាន់ខាងលើពោលថា ព្រោះមិនបានពិចារណា (បានបន្តិច) ក៏ជុះអាចម៍ម្ដង ។ បន្ទាប់មក មាន់សូម្បីទាំងពីរក៏ក្រោធដាក់គ្នានឹងគ្នា ហើយធ្វើនូវជម្លោះថា កម្លាំងរបស់អ្នកប៉ុណ្ណា កម្លាំងរបស់អ្នកប៉ុណ្ណា ។ លំដាប់នោះ មាន់ដែលដេកខាងក្រោមថា ក្នុងព្រឹកនេះ អ្នកបានសម្លាប់យើង ហើយស៊ីសាច់ដែលចម្អិនដោយរងើកភ្លើង នឹងបានទ្រព្យមួយពាន់ ។ មាន់ដែលដេកខាងលើពោលថា អម្ភោ នែអ្នកដ៏ចម្រើន អ្នកកុំនិយាយដោយអាងអានុភាពមានប្រមាណប៉ុណ្ណេះឡើយ ព្រោះថា អ្នកណាបានស៊ីសាច់ដ៏ធាត់របស់យើងនឹងបានជាព្រះរាជា, អ្នកស៊ីសាច់ខាងក្រៅ បើបុរសនឹងបានតំណែងជាសេនាបតី, បើស្ត្រីនឹងបានតំណែងជាអគ្គមហេសី ។ ចំណែកអ្នកដែលបានស៊ីសាច់និងឆ្អឹងរបស់យើង បើជាគ្រហស្ថនឹងបានជានាយឃ្លាំង, បើជាបព្វជិតនឹងបានជាជីតុនរបស់រាជត្រកូល ។ បុរសអ្នករកឧសបានស្ដាប់ពាក្យរបស់មាន់ទាំងនោះហើយ គិតថា កាលយើងបានរាជសម្បត្តិហើយ កិច្ចដោយទ្រព្យមួយពាន់រមែងមិនមាន ដូច្នេះហើយ ទើបឡើងសន្សឹមៗទៅចាប់មាន់ដែលដេកខាងលើ យកមកសម្លាប់ ធ្វើនូវថ្នក់ ដោយគិតថា យើងនឹងជាព្រះរាជា ដូច្នេះហើយ ទើបដើរទៅ ចូលកាន់ព្រះនគរក្នុងវេលាទ្វារបើកនោះឯង ធ្វើនូវមាន់ឲ្យមិនមានស្បែក លាងទឹកឲ្យស្អាត បានឲ្យមាន់បជាបតី (ប្រពន្ធ) ដោយពោលថា សាច់មាន់នេះ អូនចូរតាក់តែង (ចម្អិន) ឲ្យល្អ ។ ភរិយានោះតាក់តែងសាច់មាន់ និងភត្តរួចក៏បង្អោនជូនដល់បុរសជាប្ដីនោះថា បពិត្រសាមិ បងចូរបរិភោគចុះ ។ ស្វាមីនាងពោលថា ហៃអូនសម្លាញ់ដ៏ចម្រើនអើយ សាច់នេះមានអានុភាពធំណាស់ បងបរិភោគសាច់នេះ បងនឹងជាព្រះរាជា អូននឹងបានជាអគ្គមហេសី យើងកាន់យកភត្ត និងសាច់នោះ ទៅកាន់ច្រាំងទន្លេគង្គា មុជហើយ យើងនឹងបរិភោគ ដូច្នេះហើយ ទើបដាក់ភាជនៈដែលដាក់ភត្តនៅនឹងច្រាំង រួចក៏ចុះទៅមុជទឹក ។ ក្នុងខណៈនោះ រលកទឹកត្រូវខ្យល់បក់មក ក៏កៀរយកភាជនៈភត្តហូរទៅ ។ ភាជនៈភត្តត្រូវក្រសែទឹកបន្សាត់នាំទៅ ពេលនោះ មហាមាត្យដែលជាហត្ថាចារ្យមួយរូប កំពុងញ៉ាំងដំរីឲ្យមុជទឹក ក្នុងទន្លេដែលនៅខាងក្រោមក្រសែទឹក បានឃើញហើយឲ្យគេរើសឡើងមក បើកមើល ហើយសួរថា អ្វីហ្នឹង ? ពួកបរិវារឆ្លើយថា បពិត្រលោកម្ចាស់ គឺភត្ត និងសាច់មាន់ ។ មហាមាត្យនោះទើបឲ្យគេបិទភាជនៈភត្តនោះ ហើយឲ្យបោះត្រា រួចបញ្ជូនទៅឲ្យភរិយាដោយពោលថា នាងកុំបើកភត្តនេះ ដរាបដល់យើងមក ។ ចំណែកបុរសអ្នករកឧសនោះ មានផ្ទៃពោះហើមប៉ោង ព្រោះត្រូវទឹកនិងខ្សាច់ដែលចូលតាមមាត់ ទើបគេចទៅ ។ លំដាប់នោះ ទិព្វចក្ខុកតាបសដែលជាកុលូបកៈរបស់នាយហត្ថាចារ្យនោះ កាលពិចារណា (មើល) ដោយទិព្វចក្ខុបានឃើញថា ឧបដ្ឋាករបស់យើង មិនផុតពីតំណែង ហត្ថាចារ្យ កាលណាហ៎្ន នឹងបាននូវសម្បត្តិ ដូច្នេះហើយ បានឃើញនូវបុរសនោះ និងដឹងនូវហេតុនោះ ទើបប្រញាប់ទៅកាន់ផ្ទះ ហើយអង្គុយលើអាសនៈរបស់នាយហត្ថាចារ្យ ។ នាយហត្ថាចារ្យមកហើយ ថ្វាយបង្គំតាបស រួចអង្គុយក្នុងទីសមគួរមួយ ទើបឲ្យគេនាំភាជនៈភត្តនោះមកហើយពោលថា អ្នកទាំងឡាយចូរអង្គាសព្រះតាបសដោយសាច់និងបាយ ។ តាបសកាន់យកនូវតែភត្ត មិនកាន់យកសាច់ដែលគេថ្វាយ ដោយពោលថា យើងនឹងចាត់ចែងនូវសាច់នេះ ។ កាលនាយហត្ថាចារ្យពោលថា ចូរចាត់ចែងចុះ លោកម្ចាស់ ។ តាបសក៏ឲ្យគេធ្វើជាចំណែកមួយ ៗ មានសាច់ធាត់ជាដើម ហើយឲ្យសាច់ធាត់ដល់នាយហត្ថាចារ្យ, សាច់ខាងក្រៅឲ្យដល់ភរិយារបស់គាត់, ឆ្អឹងនិងសាច់ តាបសឆាន់ដោយខ្លួនឯង ។ តាបសនោះ កាលទៅក្នុងវេលាដែលបញ្ចប់នូវភត្តកិច្ចហើយ ទើបពោលថា អ្នកនឹងបានជាព្រះរាជាក្នុងថ្ងៃទីបីអំពីថ្ងៃនេះ ចូរអ្នកកុំប្រមាទ ដូច្នេះហើយ ក៏ចៀសចេញទៅ ។ ក្នុងថ្ងៃទីបី ព្រះរាជាក្នុងសាមន្តរដ្ឋមួយព្រះអង្គ (លើកទ័ព) មកឡោមព័ទ្ធនគរ ពារាពណី ។ ស្ដេចពារាណសីឲ្យនាយហត្ថាចារ្យកាន់យកភេទជាព្រះរាជា ហើយបញ្ជាឲ្យឡើងលើដំរីដើម្បីប្រយុទ្ធ ។ ព្រះរាជាអង្គឯង ក្លែងភេទដែលមិនមានអ្នកណាស្គាល់ ត្រាច់ទៅក្នុងពួកសេនា ទ្រង់បានត្រូវដោយកូនសរដែលមានកម្លាំងខ្លាំងមួយ ស្ដេចក៏ចូលទិវង្គតក្នុងពេលនោះឯង ។ នាយហត្ថាចារ្យបានដឹងនូវភាពដែលព្រះរាជាចូលទិវង្គតហើយ ទើបឲ្យគេនាំយកកហាបណៈដ៏ច្រើន ឲ្យត្រាស់វាយស្គរប្រកាសថា អ្នកណាត្រូវការទ្រព្យចូលច្បាំងនៅខាងមុខ ។ ពលកាយបានញ៉ាំងនូវជីវិតរបស់ព្រះរាជាសាមន្តរដ្ឋ ឲ្យអស់ទៅក្នុងពេលមួយរំពេចនោះឯង ។ អាមាត្យទាំងឡាយធ្វើនូវសរីរកិច្ចរបស់ព្រះរាជាហើយ កាលប្រជុំប្រឹក្សាគ្នាថា យើងនឹងធ្វើអ្នកណាឲ្យជាព្រះរាជា ក៏ពោលថា ព្រះរាជារបស់យើង កាលមានព្រះជន្ម បានប្រទាននូវភេទរបស់ខ្លួនឲ្យដល់នាយហត្ថាចារ្យ នាយហត្ថាចារ្យនេះធ្វើនូវចម្បាំង បានរក្សានូវរាជសម្បត្តិនេះ ពួកយើងនឹងឲ្យរាជសម្បត្តិនេះដល់គាត់ ដូច្នេះហើយ បានអភិសេកនាយហត្ថាចារ្យនោះដោយរាជសម្បត្តិ និងធ្វើនូវភរិយារបស់គាត់ឲ្យជាអគ្គមហេសី ។ ព្រះពោធិសត្វបានជារាជកុលូបកៈ ។ ព្រះសាស្ដាបាននាំអតីតនិទាននេះមកហើយ កាលទ្រង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ទើបព្រះអង្គត្រាស់ព្រះគាថាទាំងឡាយ ២ ថា យំ ឧស្សុកា សង្ឃរន្តិ, អលក្ខិកា ពហុំ ធនំ; សិប្បវន្តោ អសិប្បា ច, លក្ខិវា តានិ ភុញ្ជតិ។ ពួកបុគ្គលឥតបុណ្យ ខ្វល់ខ្វាយ ប្រមូលទ្រព្យណាដ៏ច្រើន ចំណែកខាងបុគ្គល អ្នកមានបុណ្យ ទោះមានសិល្បៈក្ដី មិនមានសិល្បៈក្ដី ក៏រមែងបានបរិភោគនូវទ្រព្យទាំងនោះ ។ សព្ពត្ថ កតបុញ្ញស្ស, អតិច្ចញ្ញេវ បាណិនោ; ឧប្បជ្ជន្តិ ពហូ ភោគា, អប្បនាយតនេសុបិ។ ភោគៈទាំងឡាយច្រើន រមែងកន្លងនូវពួកបុគ្គលឥតបុណ្យ កើតឡើងសម្រាប់បុគ្គល អ្នកមានបុណ្យធ្វើហើយ ក្នុងទីទាំងពួងសូម្បីក្នុងទីមិនមែនជាកន្លែងសម្រាប់កើត ។ បណ្ដាបទទាំងនោះ បទថា យំ ឧស្សុកា សេចក្ដីថា បុគ្គលដែលមិនមានបុណ្យ ដល់សេចក្ដីខ្វល់ខ្វាយក្នុងកាប្រមូលទ្រព្យ គឺកើតឆន្ទៈប្រមូលទ្រព្យដ៏ច្រើនដោយការងារ ។ បាលីថា យេ ឧស្សុកា ដូច្នេះក៏មាន អធិប្បាយថា បុរសទាំងឡាយណា ព្យាយាមប្រមូលទ្រព្យ នឹងមានសិប្បៈ ដោយអំណាចនៃសិល្បៈដំរីជាដើម ឬមិនមានសិល្បៈក៏ដោយ ដោយហោចទៅ គ្រាន់តែធ្វើការដោយតម្លៃឈ្លួលក៏រមែងប្រមូលទ្រព្យដ៏ច្រើនទុកបាន ។ បទថា លក្ខិវា តានិ ភុញ្ជតិ សេចក្ដីថា បុរសដែលមានបុណ្យកាលនឹងបរិភោគនូវផលនៃបុណ្យរបស់ខ្លួន សូម្បីនឹងមិនធ្វើនូវការងារអ្វី ក៏រមែងបានប្រើប្រាស់ទ្រព្យ ដែលពោលថា ទ្រព្យច្រើន ។ បទថា អតិច្ចញ្ញេវ បាណិនោ សេចក្ដីថា កន្លងនូវសត្វទាំងឡាយដទៃនោះឯង ។ ឯវអក្សរគប្បីប្រកបដោយបទខាងដើមនោះ មានសេចក្ដីថា បុគ្គលដែលបានធ្វើបុណ្យ រមែងកន្លងពួកសត្វដែលមិនបានធ្វើបណ្យដទៃ ក្នុងទីទាំងពួង ។ បទថា អប្បនាយតនេសុបិ សេចក្ដីថា ពិតមែនហើយ ភោគៈទាំងឡាយដ៏ច្រើន ទាំងជាសវិញ្ញាណកៈនិងអវិញ្ញាណកៈរមែងកើតឡើង សូម្បីក្នុងទីដែលមិនមែនជាកន្លែងកើត គឺ រតនៈទាំងឡាយរមែងកើតឡើងក្នុងទីដែលមិនមែនជាកន្លែងធ្វើរតនៈ, មាសទាំងឡាយរមែងកើត ក្នុងទីមិនមែនកន្លែងកើតមាស, ដំរីទាំងឡាយរមែងកើតក្នុងទីមិនមែនកន្លែងកើតដំរីជាដើម ។ ក្នុងបណ្ដាទ្រព្យទាំងនោះ កែវមុក្ដានិងកែវមណីជាដើមរមែងកើតក្នុងទីមិនមែនកន្លែងកើត គប្បីសម្ដែងរឿងរបស់ព្រះបាទទុដ្ឋគាមណិមហារាជ ។ ចំណែកព្រះសាស្ដាកាលត្រាស់ព្រះគាថា ២ នេះហើយ ទើបត្រាស់តទៅថា ម្នាលគហបតី ឈ្មោះថា ទីកើតដទៃដែលស្មើដោយបុណ្យរបស់សត្វទាំងឡាយនេះ រមែងមិនមាន, ព្រោះរតនៈទាំងឡាយ រមែងកើតឡើងសូម្បីក្នុងទីមិនមែនកន្លែងកើត ដល់អ្នកមានបុណ្យទាំងឡាយប៉ុណ្ណោះ ដូច្នេះហើយ ព្រះអង្គទើបសម្ដែងព្រះធម៌ថា ឯស ទេវមនុស្សានំ, សព្ពកាមទទោ និធិ; យំ យទេវាភិបត្ថេន្តិ, សព្ពមេតេន លព្ភតិ។ កំណប់ទ្រព្យ គឺបុណ្យណា ជាប់តាមខ្លួនទៅបាន អ្នកប្រាជ្ញ ធ្វើនូវកំណប់ទ្រព្យគឹបុណ្យនោះ កំណប់ទ្រព្យ គឺបុណ្យនុ៎ះ ឲ្យនូវសេចក្តីប្រាថ្នា គ្រប់យ៉ាងដល់ទេវតា និងមនុស្សទាំងឡាយ ពួកទេវតា និងមនុស្សទាំងឡាយប្រាថ្នានូវផលណា ៗ ផលទាំងពួងនោះៗ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។ សុវណ្ណតា សុសរតា, សុសណ្ឋានា សុរូបតា; អាធិបច្ចបរិវារោ, សព្ពមេតេន លព្ភតិ។ ភាពជាអ្នកមានសម្បុរផូរផង់ មានសំឡេងពីរោះ ទ្រង់ទ្រាយល្អ រូបល្អ ជាអធិបតី មានយស បរិវារ ផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ បទេសរជ្ជំ ឥស្សរិយំ, ចក្កវត្តិសុខំ បិយំ; ទេវរជ្ជម្បិ ទិព្ពេសុ, សព្ពមេតេន លព្ភតិ។ ភាពជាស្តេចប្រទេសរាជ ឥស្សរិយយស សេចក្តីសុខរបស់ស្តេចចក្រពត្តិជាទីស្រឡាញ់ ភាពជាស្តេចនៃទេវតាក្នុងទេពនិកាយទាំងឡាយ ផលទាំងអស់រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ។ មានុស្សិកា ច សម្បត្តិ, ទេវលោកេ ច យា រតិ; យា ច និព្ពានសម្បត្តិ, សព្ពមេតេន លព្ភតិ។ សម្បត្តិជារបស់មនុស្សណាផង សេចក្តីត្រេកអរ ក្នុងទេវលោកណាផង សម្បត្តិគឺព្រះនិព្វានណាផង សម្បត្តិទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ មិត្តសម្បទមាគម្ម, យោនិសោវ បយុញ្ជតោ; វិជ្ជាវិមុត្តិវសីភាវោ, សព្ពមេតេន លព្ភតិ។ ភាពនៃបុគ្គលកាលអាស្រ័យមិត្តសម្បទា បើប្រកបសេចក្តីព្យាយាម ដោយឧបាយ ដែលត្រូវ ជាអ្នកស្ទាត់ក្នុងវិជ្ជានិងវិមុត្តិ ឥដ្ឋផលទាំងអស់ បានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ បដិសម្ភិទា វិមោក្ខា ច, យា ច សាវកបារមី; បច្ចេកពោធិ ពុទ្ធភូមិ, សព្ពមេតេន លព្ភតិ។ បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកពោធិញាណ និងភូមិណាៗ ឥដ្ឋផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ ឯវំ មហត្ថិកា ឯសា, យទិទំ បុញ្ញសម្បទា; តស្មា ធីរា បសំសន្តិ, បណ្ឌិតា កតបុញ្ញតំ។ បុញ្ញសម្បទានេះ ឲ្យសម្រេចប្រយោជន៍ដ៏ធំ ដោយប្រការដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងនោះ ជាធីរជន ទើបសរសើរនូវភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ខុទ្ទកបាឋ និធិកណ្ឌសូត្រ បិដកលេខ ៥២ ទំព័រ ១៥) ឥឡូវនេះ កាលនឹងទ្រង់សម្ដែងរតនៈទាំងឡាយនោះ ដែលជាទីតាំងនៅនៃសិរីរបស់អនាថបិណ្ឌិកសេដ្ឋី ព្រះមានព្រះភាគទើបត្រាស់ថា កុក្កុដោ ដូច្នេះជាដើម ។ (ពាក្យថាពេញថា ) កុក្កុដោ មណយោ ទណ្ឌោ, ថិយោ ច បុញ្ញលក្ខណា; ឧប្បជ្ជន្តិ អបាបស្ស, កតបុញ្ញស្ស ជន្តុនោ។ មាន់ឈ្មោលក្ដី កែវមណីក្ដី ឈើច្រត់ក្ដី នាងបុញ្ញលក្ខណាទេវី ជាប្រពន្ធ (របស់សេដ្ឋី) ក្ដី រមែងកើតឡើងដល់អនាថបណ្ឌិកសេដ្ឋី អ្នកមិនមានបាប ជាអ្នកមានបុណ្យធ្វើហើយ ។ បណ្ដាបទទាំងនោះ បទថា ទណ្ឌោ លោកពោលសំដៅយក ឈើច្រត់, បទថា ថិយោ បានដល់ បុញ្ញលក្ខណទេវីដែលជាភរិយារបស់លោកសេដ្ឋី ។ ពាក្យដ៏សេស ងាយស្រួលហើយ ។ព្រះសាស្ដាបានត្រាស់គាថានេះហើយ ទ្រង់ប្រជុំជាតកថាតទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជា អានន្ទ ។ កុលូបកតាបសោ បន អហមេវ សម្មាសម្ពុទ្ធោ អហោសិំ ចំណែក កុលូបកតាបស គឺ តថាគតជាព្រះសម្មាសម្ពុទ្ធ នេះឯង ។ ចប់ សិរីជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត អព្ភន្តរវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៩) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2900/_________pic.jpg
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០២៤ (អាន: ៦,៥៧២ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុទាំងឡាយដែលបូជាដោយកម្រងផ្កាដល់អានន្ទពោធិ៍ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យថា កេសា ច មស្សូ ច ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ជាតកនេះ នឹងមានក្នុងកាលិង្គពោធិជាតក ។ ពោធិព្រឹក្សនោះ បានឈ្មោះថា អានន្ទពោធិ៍ ព្រោះជាដើមពោធិ៍ដែលព្រះអានន្ទដាំ ។ ពិតមែនហើយ សេចក្ដីដែលព្រះថេរៈដាំដើមពោធិ៍ ត្រង់ខ្លោង​ទ្វារវត្តជេតពន បានផ្សព្វផ្សាយទៅទូទាំងសកលជម្ពូទ្វីប ។ គ្រានោះ ភិក្ខុទាំងឡាយដែលរស់នៅជន​បទ គិតថា ពួកយើងធ្វើការបូជាកម្រងផ្កាដល់ អានន្ទពោធិ៍ ដូច្នេះហើយ នាំគ្នាមកកាន់វត្តជេតពន ថ្វាយ​បង្គំព្រះសាស្ដា ក្នុងថ្ងៃស្អែក បានចូលទៅកាន់ក្រុងសាវត្ថី ទៅកាន់ផ្លូវដែលមាន (គេលក់) ផ្កាឧប្បល មិនបានផ្កា ទើបប្រាប់ព្រះអានន្ទត្ថេរថា ម្នាលអាវុសោ ពួកខ្ញុំគិតថា នឹងធ្វើការបូជាកម្រងផ្កាដល់ដើមពោធិ៍ ទើបទៅកាន់ផ្លូវដែលមានផ្កាឧប្បល តែពួកខ្ញុំមិនបានផ្កាសូម្បីមួយកម្រងឡើយ ។ ព្រះថេរៈពោលថា ម្នាលអ្នកមានអាយុទាំងឡាយ ខ្ញុំនឹងនាំមក ដូច្នេះហើយ ទើបទៅកាន់ឧប្បលវិថី ហើយឲ្យលើកឡើងនូវបាច់ផ្កាឧប្បលខៀវដ៏ច្រើន មកហើយ បានឲ្យដល់ភិក្ខុទាំងនោះ ។ ភិក្ខុទាំងនោះ កាន់យកផ្កាឧប្បលខៀវទាំងនោះហើយ នាំគ្នាធ្វើការបូជាដល់ដើមពោធិ៍ ។ ភិក្ខុទាំងឡាយស្ដាប់រឿងនោះហើយ បានមកប្រជុំគ្នាក្នុងធម្មសភា ញ៉ាំងគុណកថារបស់ព្រះថេរៈឲ្យកើតឡើងថា ម្នាលអាវុសោ ភិក្ខុជនបទទាំងឡាយជាអ្នកមិនមានបុណ្យ ទៅកាន់ឧប្បលវិថី មិនបាននូវកម្រងផ្កា ចំណែកព្រះថេរៈគ្រាន់តែទៅប៉ុណ្ណោះ បានឲ្យគេនាំមក ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយប្រជុំគ្នាដោយកថាអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលអ្នកឈ្លាសក្នុងការពោល ឈ្លាសក្នុងកថា ហើយបានកម្រងផ្កានោះ សូម្បីក្នុងកាលមុន មានអ្នកឈ្លាសហើយបានកម្រងផ្កាដូចគ្នា ទើបទ្រង់នាំអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបានជាសេដ្ឋីបុត្រ ។ មានផ្កាបទុមទាំងឡាយរីកស្រស់ ក្នុងស្រះមួយដែលនៅខាងក្នុងនគរនេះ ។ បុរសដែលដាច់ច្រមុះម្នាក់រក្សាស្រះនោះ ។ លំដាប់នោះ ថ្ងៃមួយ កាលគេវាយស្គរប្រកាសការសម្ដែងមហោស្រពក្នុងនគរពារាណសី សេដ្ឋីបុត្រ ៣ នាក់ ប្រាថ្នានឹងប្រដាប់តាក់តែងនូវកម្រងផ្កា ដើម្បីលេងនូវមហោស្រព ទើបគិតថា យើងនឹងពណ៌នាគុណដែលមិនមានពិតរបស់បុរសដាច់ច្រមុះ ហើយនឹងសូមនូវកម្រងផ្កា ដូច្នេះហើយ ក្នុងវេលាដែលបុរសដាច់ច្រមុះកាច់ផ្កាបទុម បានទៅជិតស្រះ ហើយឈរនៅនឹងកន្លែងមួយ ។ បណ្ដាសេដ្ឋីបុត្រទាំង ៣ នោះ សេដ្ឋីបុត្រម្នាក់ កាលនឹងហៅបុរសនោះ ទើបពោលគាថាទី ១ ថា យថា កេសា ច មស្សូ ច, ឆិន្នំ ឆិន្នំ វិរូហតិ; ឯវំ រុហតុ តេ នាសា, បទុមំ ទេហិ យាចិតោ។ សក់ក្ដី ពុកមាត់ក្ដី ដែលគេកោរ កាត់ចោលហើយ រមែងដុះឡើងវិញ យ៉ាងណា សូមឲ្យច្រមុះ របស់អ្នកដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូកហើយ អ្នកចូរឲ្យ ។ បុរសក្រហតច្រមុះនោះក្រោធខឹងហើយ ទើបមិនឲ្យផ្កាបទុម ។ លំដាប់នោះ សេដ្ឋីបុត្រទី ២ ក៏ពោលគាថាទី ២ ថា យថា សារទិកំ ពីជំ, ខេត្តេ វុត្តំ វិរូហតិ; ឯវំ រុហតុ តេ នាសា, បទុមំ ទេហិ យាចិតោ។ ពូជក្នុងសរទកាល (រដូវរងាហើយ) ដែលគេព្រោះក្នុងស្រែ រមែងលូតលាស់ យ៉ាងណាមិញ សូមឲ្យច្រមុះរបស់អ្នកដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូកហើយ អ្នកចូរឲ្យ ។ បណ្ដាបទទាំងនោះ បទថា សារទិកំ សេចក្ដីថា ពូជដែលបរិបូណ៌ដោយសាច់ ដែលបុគ្គលកាន់យកក្នុងសរទសម័យ ហើយរក្សាទុក ។ បុរសដាច់ច្រមុះនោះក្រោធខឹងហើយ ទើបមិនឲ្យផ្កាបទុម សូម្បីដល់សេដ្ឋីបុត្រនោះ ។ លំដាប់នោះ សេដ្ឋីបុត្រទី ៣ បានពោលគាថាទី ៣ ថា ឧភោបិ បលបន្តេតេ, អបិ បទ្មានិ ទស្សតិ; វជ្ជុំ វា តេ ន វា វជ្ជុំ, នត្ថិ នាសាយ រូហនា; ទេហិ សម្ម បទុមានិ, អហំ យាចាមិ យាចិតោ។ ជនទាំងពីរនាក់នេះ និយាយកុហក ដោយគិតថា ធ្វើដូចម្ដេចហ្ន៎ (បុរសនេះ) នឹងឲ្យផ្កាឈូកទាំងឡាយខ្លះ ទោះជនទាំងពីរនាក់នោះ ពោលក្ដី មិនពោលក្ដី ការដុះឡើងនៃច្រមុះគ្មានទេ ម្នាលសម្លាញ់ សូមអ្នកឲ្យផ្កាឈូកទាំងឡាយ យើងសូមហើយ សូមអ្នកឲ្យផ្កាឈូកទាំងឡាយ ។ បណ្ដាបទទាំងនោះ បទថា ឧភោបិ បលបន្តេតេ សេចក្ដីថា សូម្បីបុរសទាំង ២ នេះ ពោលមុសា ។ បទថា អបិ បទ្មានិ សេចក្ដីថា បុរសទាំង ២ នោះគិតថា បុរសដាច់ច្រមុះនឹងឲ្យផ្កាបទុមដល់យើង ទើបពោលយ៉ាងនោះ ។ បទថា វជ្ជុំ វា តេ ន វា វជ្ជុំ សេចក្ដីថា បុរសទាំងនោះ នឹងគប្បីពោល ឬមិនពោលយ៉ាងនេះថា ច្រមុះរបស់អ្នកនឹងដុះឡើង ឈ្មោះថា ពាក្យរបស់បុរសទាំងនោះ មិនជាប្រមាណ ច្រមុះមិនមានការដុះ សូម្បីដោយប្រការទាំងពួង ចំណែកយើងនឹងមិនពោលដោយអាស្រ័យច្រមុះរបស់អ្នក យើងនឹងសូមតែម្យ៉ាង ម្នាលសម្លាញ់ អ្នកដែលយើងសូមហើយ ចូរឲ្យផ្កាបទុមដល់យើង ។ បុរសដែលរក្សាស្រះបទុមនោះស្ដាប់ពាក្យនោះហើយ ទើបពោលថា សេដ្ឋីបុត្រទាំង ២ នេះ ពោលមុសាវាទ ចំណែកលោកពោលតាមសភាពពិត ផ្កាបទុមទាំងឡាយនេះសមគួរដល់លោក ដូច្នេះហើយកាន់យកបាច់ផ្កាបទុមដ៏ធំឲ្យដល់សេដ្ឋីបុត្រទី ៣ នោះ រួចទើបទៅកាន់ស្រះបទុមរបស់ខ្លួនវិញ ។ ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា បទុមលាភី សេដ្ឋិបុត្តោ អហមេវ អហោសិំ សេដ្ឋីបុត្រដែលបានផ្កាបទុមក្នុងកាលនោះ បានមកជា តថាគត នេះឯង ។ ចប់ បទុមជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៤៨) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2906/eepic.jpg
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០២៤ (អាន: ១៣,៥០០ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះឧបនន្ទត្ថេរ បានត្រាស់ព្រះ ធម្មទេសនានេះ មានពាក្យថា កោ នាយំ ដូច្នេះជាដើម ។ ពិតមែនហើយ ព្រះឧបនន្ទត្ថេរនោះជាអ្នកប្រាថ្នាច្រើន ជាអ្នកល្មោភច្រើន មិនអាចនឹងគ្រប់គ្រាន់ សូម្បីដោយបច្ច័យទាំងឡាយដែលពេញរទេះ ។ ក្នុងវេលាដែលជិតចូលព្រះវស្សា បានចូលវស្សា ក្នុងវត្តទាំងឡាយពីរបី ដោយដាក់ស្បែកជើងក្នុងវត្តមួយ, ដាក់ឈើច្រត់ ក្នុងវត្តមួយ, ដាក់កំសៀវទឹកក្នុងវត្តមួយ ។ ចំណែកលោកនៅដោយខ្លួនឯងក្នុងវត្តមួយ និងបានទៅកាន់វត្តក្នុងជនបទ ឃើញភិក្ខុទាំងឡាយទាំង​ឡាយដែលមានបរិក្ខារប្រណីត ទើបសម្ដែងអរិយវំសកថា ឲ្យភិក្ខុទាំងឡាយនោះកាន់យកសំពស់បង្សុ​កូលទាំងឡាយ ហើយ លោកទទួលចីវររបស់ភិក្ខុទាំងនោះ, ឲ្យភិក្ខុទាំងឡាយកាន់យកបាត្រដី លោកខ្លួន​ឯងកាន់ យកបាត្រដែលជាទីពេញចិត្តៗ និងភាជនៈដែលថ្លាស្អាត ហើយញ៉ាំងយានឲ្យពេញដោយ គ្រឿង​បរិក្ខារទាំងនោះ ដំណើរទៅកាន់វត្តជេតពន ។ លំដាប់នោះ ថ្ងៃមួយ ភិក្ខុទាំងឡាយ ញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះឧបនន្ទសក្យបុត្ត ជាអ្នកប្រាថ្នា ច្រើន សម្ដែងនូវការបដិបត្តិដល់ភិក្ខុដទៃ ហើយញ៉ាំងយានឲ្យពេញដោយ​សមណ​​បរិក្ខារ រួចដើរមក ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វី ? កាលភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះ នេះ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អំពើដែលឧបនន្ទធ្វើនេះ មិនសមគួរឡើយ អរិយវំសកថា ដែលឧបនន្ទសម្ដែងដល់ភិក្ខុទាំងឡាយដទៃ យ៉ាងនេះ ឧបនន្ទគួរតែជាអ្នក ប្រាថ្នាតិចដោយខ្លួនឯងជាដំបូងសិន ហើយទើបនឹងសម្ដែងអរិយវង្ស ដល់ភិក្ខុដទៃ ដូច្នេះហើយ ទ្រង់ក៏សម្ដែងធម្មបទគាថានេះថា អត្តានមេវ បឋមំ, បតិរូបេ និវេសយេ; អថញ្ញមនុសាសេយ្យ, ន កិលិស្សេយ្យ បណ្ឌិតោ។ បណ្ឌិតគួរតម្កល់ខ្លួនទុក ក្នុងគុណដ៏សមគួរជាមុនសិន ហើយសឹមប្រៀនប្រដៅអ្នកដទៃជាខាងក្រោយ (ធ្វើយ៉ាងនេះ) នឹងមិនលំបាកឡើយ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ អត្តវគ្គ បិដកលេខ ៥២ ទំព័រ ៥៥) ដូច្នេះហើយ កាលទ្រង់តិះដៀលព្រះឧបនន្ទរួចហើយ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧបនន្ទជាអ្នកប្រាថ្នាច្រើន មិនមែនតែក្នុងកាលឥឡូវនេះទេ ក្នុងកាលមុន ឧបនន្ទបានសម្គាល់នូវភាពជាអ្នករក្សាទឹក សូម្បីក្នុងមហាសមុទ្រ ដូចនេះហើយ ទ្រង់នាំអតីតនិទានមកថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី គ្រានោះ ព្រះពោធិសត្វកើតជាសមុទ្ទទេវតា ។ លំដាប់នោះ មានក្អែកមួយ បានត្រាច់ទៅខាងលើសមុទ្រ កាលហាមពួកត្រី និង ពួកបក្សីទាំងឡាយថា អ្នកទាំងឡាយកុំផឹកទឹកក្នុងសមុទ្រឲ្យលើសប្រមាណឡើយ កាលត្រាច់ទៅ ចូរផឹកតិចៗ ដូច្នេះហើយ ទើបត្រាច់ទៅ ។សមុទ្រទេវតាឃើញក្អែកនោះហើយ ក៏ពោលគាថាទី ១ ថា កោ នាយំ លោណតោយស្មិំ, សមន្តា បរិធាវតិ; មច្ឆេ មករេ ច វារេតិ, ឩមីសុ ច វិហញ្ញតិ។ អ្នកណានេះហ្ន៎ ស្ទុះទៅមក ដោយជុំវិញ ក្នុងសមុទ្រមានទឹកប្រៃ ហាមឃាត់នូវពួកត្រី នឹងពួកមករ លំបាកក្នុងរលកទឹក ។ បណ្ដាបទទាំងនោះ បទថា កោ នាយំ សេចក្ដីថា អ្នកនេះជានរណាហ្ន៎ ។ ក្អែកបានស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ២ ថា អនន្តបាយី សកុណោ, អតិត្តោតិ ទិសាសុតោ; សមុទ្ទំ បាតុមិច្ឆាមិ, សាគរំ សរិតំបតិំ។ ខ្ញុំជាសត្វស្លាប ជាសត្វផឹកទឹកមិនមានទីបំផុត ល្បីល្បាញទៅគ្រប់ទិស ថាជាសត្វមិនចេះឆ្អែត ប្រាថ្នាដើម្បីផឹកនូវទឹកសមុទ្រ គឺសាគរ ដែលជាម្ចាស់នៃទន្លេ ។ គាថានោះមានសេចក្ដីថា យើងប្រាថ្នានឹងផឹកទឹកសមុទ្រដែលមិនមានទីបំផុត ព្រោះហេតុនោះ យើងទើបជាបក្សីដែលមានឈ្មោះថា អនន្តបាយី ព្រោះភាពជាអ្នកដល់ព្រមដោយតណ្ហាដែលមិនអាចឲ្យពេញ សូម្បីដោយវត្ថុដ៏ធំ ។ សូម្បីបទថា អតិត្តោតិ សេចក្ដីថា ខ្ញុំប្រាកដ គឺល្បីល្បាញក្នុងទិសទាំងឡាយ ។ យើងប្រាថ្នាផឹកទឹកសមុទ្រនេះទាំងអស់ ដែលឈ្មោះថា សាគរ ព្រោះជាអណ្ដូងនៃរតនៈដ៏ល្អ និងព្រោះភាពដែលត្រូវជីកហើយ ។ ឈ្មោះថា ជាម្ចាស់នៃទន្លែ ព្រោះជាធំលើទន្លេទាំងឡាយ ។ សមុទ្រទេវតាស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៣ ថា សោ អយំ ហាយតិ ចេវ, បូរតេ ច មហោទធិ; នាស្ស នាយតិ បីតន្តោ, អបេយ្យោ កិរ សាគរោ។ សមុទ្រធំនោះ ជួនកាលក៏នាចទៅ ជួនកាលក៏ជោរឡើង ទីបំផុតនៃទឹកសមុទ្រនោះដែលសកលលោកផឹកហើយ មិនប្រាកដទេ ឮថាសាគរ អ្នកណាមួយក៏មិនអាចផឹកទឹក ឲ្យអស់បានឡើយ ។ បណ្ដាបទទាំងនោះ បទថា សោ អយំ ហាយតិ ចេវ សេចក្ដីថា សមុទ្ររមែងនាចក្នុងវេលាថយមក, រមែងពេញក្នុងវេលាចេញទៅ ។ បទថា នាស្ស នាយតិ សេចក្ដីថា បើសត្វក្នុងសកលលោកគប្បីផឹកទឹកមហាសមុទ្រនោះ រមែងមិនមានការកំណត់ថា ទឹកដែលសត្វទាំងនោះផឹកហើយមានប្រមាណប៉ុណ្ណេះអំពីមហាសមុទ្រនោះ ។ បទថា អបេយ្យោ កិរ សេចក្ដីថា បានឮមកថា សាគរនោះ គឺអ្នកណាមួយ មិនអាចផឹកទឹកឲ្យអស់ទៅ ។ សមុទ្រទេវតាពោលយ៉ាងនេះហើយ បានសម្ដែងរូបារម្មណ៍ដែលគួរខ្លាច ញ៉ាំងក្អែកសមុទ្រឲ្យរត់ទៅ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សមុទ្ទកាកោ ឧបនន្ទោ អហោសិ ក្អែកសមុទ្រក្នុងកាលនោះ បានមកជា ឧបនន្ទ ។ ទេវតា បន អហមេវ អហោសិំ ចំណែកទេវតា គឺ តថាគត នេះឯង។ ចប់ សមុទ្ទជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត កុម្ភវគ្គ បិដកលេខ ៥៨ ទំព័រ ១៧៦) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿