អានអត្ថបទ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣ (អាន: ១,៩៦០ ដង)
ហេតុនៃបុគ្គលខ្ជិល ៨

|
កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨
១. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែកាលបើអញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។
២. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែកាលដែលអញកំពុងធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។ ៣. ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តើបើអាត្មាអញដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។ ៤. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែលអាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។ ៥. ភិក្ខុត្រាច់ទៅកាន់ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែល ដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជន ដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើ ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។ ៦. ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារមិនកើត ទំនងដូចជាសណ្តែកដែល ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៦។ ៧. ភិក្ខុកើតអាពាធបន្តិចបន្តួច ភិក្ខុនោះ មាន សេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញកើតអាពាធបន្តិចបន្តួចនេះហើយ អាត្មាអញ គួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៧។ ៨. ភិក្ខុជាសះស្បើយអំពីជម្ងឺហើយ តែទើប នឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញសះ ស្បើយអំពីជម្ងឺហើយ តែសះស្បើយមិនទាន់យូរប៉ុន្មាន កាយរបស់អាត្មាអញ នោះនៅមិនទាន់មានកម្លាំង ធ្វើការងារមិនទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី ត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ (បិ.៨២, ឃ.២៤៧) ដោយ៥០០០ឆ្នាំ
|