30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៣,១៥៩
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៦២,៨៧៩
សរុប ៣៨៣,៧៤៩,៥៧២
អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៣ (អាន: ១៣,៥៦១ ដង)

សាធិនជាតក



ស្តាប់សំឡេង

 

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបាសកទាំងឡាយ ដែលសមាទានឧបោសថ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អព្ភុតោ វត លោកស្មិំ ដូច្នេះជាដើម ។ គ្រានោះ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសកទាំងឡាយ បោរាណបណ្ឌិតបានអាស្រ័យឧបោសថកម្មរបស់ខ្លួន ហើយទៅកាន់ទេវលោកដោយសរីរៈជារបស់មនុស្ស និងនៅអស់កាលយូរ ដូច្នេះហើយ ទ្រង់ដែលឧបាសកទាំងឡាយនោះសូមអង្វរហើយ ទើបនាំអតីតនិទានមកថាៈ

ក្នុងអតីតកាល ព្រះរាជាព្រះនាម សាធិនៈ សោយរាជសម្បត្តិ ប្រកបដោយធម៌ ក្នុងនគរមិថិលា ។ ព្រះរាជានោះឲ្យគេកសាងសាលា ៦ កន្លែង គឺ ត្រង់ទ្វារនគរ ៤ កន្លែង ត្រង់កណ្ដាលនគរ ១ កន្លែង និង ទ្រង់ទ្វារនិវេសន៍ ១ កន្លែង ទ្រង់ធ្វើជម្ពូទ្វីបទាំងមូលឲ្យលើកនង្គលឡើង (រក្សានង្គ័លលែងភ្ជួររាស់) ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដោយចំណាយព្រះរាជទ្រព្យ ៦០០០០០ រាល់ៗថ្ងៃ ទ្រង់រក្សាសីល ៥ និង ឧបោសថ ។ សូម្បីអ្នកដែនក៏ឋិតនៅក្នុងឱវាទរបស់ព្រះរាជានោះ ធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម កាលធ្វើកាលកិរិយាហើយបានកើតក្នុងទេវនគរ ។

ទេវតាទាំងឡាយដែលអង្គុយត្រៀបត្រាក្នុងសុធម្មទេវសភា នាំគ្នាពណ៌នាសីលគុណជាដើម របស់ព្រះរាជាសាធិនៈ ។ សូម្បីទេវតាដ៏សេសស្ដាប់ពាក្យនោះហើយជាអ្នកប្រាថ្នានឹងឃើញព្រះរាជានោះ ។ សក្កទេវរាជបានដឹងចិត្តរបស់ទេវតាទាំងនោះ ហើយពោលថា អ្នកទាំងឡាយប្រាថ្នានឹងឃើញនូវសាធិនរាជ ឬ ? ពួកទេវតាពោលថា ព្រះករុណា ទេវរាជ ។ ស្ដេចសក្កៈបញ្ជាមាតលីថា អ្នកចូរទៅ ដោយប្រកបវេជយន្តរថ ហើយនាំសាធិនរាជ មក ។ ព្រះមាតលីទទួលថា សាធុ ហើយប្រកបនូវរថទៅកាន់វិទេហរដ្ឋ ពេលនោះជាថ្ងៃពេញបូណ៌មី ។ ព្រះមាតលីបររថ ឲ្យទៅជាមួយនឹងមណ្ឌលព្រះចន្ទ ក្នុងកាលដែលមនុស្សទាំងឡាយបរិភោគអាហារពេលល្ងាចរួច អង្គុយប្រជុំគ្នាពោលកថា ដែលជាសុខត្រង់ទ្វារផ្ទះ ។

មនុស្សទាំងឡាយពោលថា ព្រះចន្ទ ២ ដួងតាំងឡើង ពេលឃើញរថដែលកំពុងមក ដោយការលះបង់មណ្ឌលព្រះចន្ទហើយ ទើបពោលម្ដងទៀតថា នេះមិនមែនព្រះចន្ទទេ នោះគឺជារថ ប្រាកដជាទេវបុត្រនាំរថជាទិព្វ ដែលប្រកបដោយសិន្ធពមនោម័យមក ដើម្បីអ្នកណា មិនដើម្បីអ្នកដទៃឡើយ ដើម្បីព្រះរាជារបស់យើង ព្រោះថា ព្រះរាជារបស់យើងជា ធម្មិករាជ ជាធម្មរាជា ដូច្នេះហើយ មានសេចក្ដីសោមនស្ស ផ្គងអញ្ជលី ពោលគាថាទី ១ ថា  
                
អព្ភុតោ វត លោកស្មិំ,         ឧប្បជ្ជិ លោមហំសនោ;
ទិព្ពោ រថោ បាតុរហុ,         វេទេហស្ស យសស្សិនោ។

ចម្លែកណាស់តើ គួរ្យឲ្យព្រឺរោម កើតឡើងក្នុងលោក រថជាទិព្យបានកើតប្រាកដដល់ស្តេចវិទេហៈ ព្រះអង្គមានយស ។

គាថានោះមានសេចក្ដីថា ឱហ្ន៎អស្ចារ្យណាស់ ព្រះរាជារបស់យើង ការព្រឺរោមកើតឡើងក្នុងលោក រថជាទិព្វរមែងប្រាកដដល់ព្រះបាទវិទេហៈដ៏ទ្រង់យស ។ ចំណែកព្រះមាតលីនាំរថនោះមកហើយ កាលមនុស្សទាំងឡាយបូជា ដោយគ្រឿងក្រអូបនិងកម្រងផ្កាជាដើម ក៏ធ្វើប្រទក្សិណនគរ ៣ ជុំ រួចទៅកាន់ទ្វាររាជនិវេសន៍របស់ព្រះរាជា ញ៉ាំងរថឲ្យបែរត្រឡប់ ទើបឋិតនៅត្រង់ធរណីទ្វារសីហបញ្ជរ ដោយចំណែកខាងក្រោយ ធ្វើការត្រៀមជណ្ដើរ ។
 
ថ្ងៃនោះ សូម្បីព្រះ​រាជា កាលទ្រង់សម្លឹងសាលាទានជាដើម បានបញ្ជាថា អ្នកទាំងឡាយចូរឲ្យទានដោយនិយាមនេះ ហើយទ្រង់សមាទានឧបោសថ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ទ្រង់ឡោមព័ទ្ធដោយពួកអាមាត្យ ប្រថាប់ដោយ​បែរ​ព្រះភក្ត្រឆ្ពោះទៅសីហបញ្ជរទិសខាងកើត សម្ដែងកថាប្រកបដោយធម៌ ក្នុងសាលាដែលគេប្រដាប់តាក់តែងហើយ ។ លំដាប់នោះ ព្រះមាតលីទូលអញ្ជើញព្រះអង្គឲ្យឡើងលើរថ ហើយនាំទៅ ។ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ បានត្រាស់ព្រះគាថាទាំងឡាយថា     

ទេវបុត្តោ មហិទ្ធិកោ,         មាតលិ ទេវសារថិ;
និមន្តយិត្ថ រាជានំ,         វេទេហំ មិថិលគ្គហំ។

ទេវបុត្រឈ្មោះមាតលី ជាទេវសារថី មានប្ញទ្ធិច្រើនបានអញ្ជើញព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលាថា 

ឯហិមំ រថមារុយ្ហ,         រាជសេដ្ឋ ទិសម្បតិ;
ទេវា ទស្សនកាមា តេ,         តាវតិំសា សឥន្ទកា;
សរមានា ហិ តេ ទេវា,         សុធម្មាយំ សមច្ឆរេ។

បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គយាងឡើងកាន់រថនេះ ទេវតាទាំងឡាយជាន់តាវត្តិង្សព្រមទាំងព្រះឥន្ទ ចង់ឃើញព្រះអង្គ ព្រោះទេវតាទាំងឡាយរលឹកព្រះអង្គ នៅរងចាំក្នុរោងឈ្មោះសុធម្មា ។ 

តតោ ច រាជា សាធិនោ,        វេទេហោ មិថិលគ្គហោ;
សហស្សយុត្តមារុយ្ហ,         អគា ទេវាន សន្តិកេ;
តំ ទេវា បដិនន្ទិំសុ,        ទិស្វា រាជានមាគតំ។

លំដាប់នោះឯង ព្រះបាទវិទេហៈ ព្រះនាមសាធិន ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ទ្រង់យាងឡើងកាន់រថ ទឹមដោយសេះច្រើន ហើយបានយាងទៅក្នុងសំណាក់នៃទេវតាទាំងឡាយ (ព្រះរាជាជាធំ ទ្រង់ប្រថាប់លើទិព្វយានឈ្មោះហយវាហី ដែលទឹមដោយសេះច្រើន កំពុងយាងទៅក៏បានទតឃើញទេវសភានេះ) ពួកទេវតាបានឃើញព្រះរាជានោះមកដល់ហើយ ក៏ត្រេកអរស្មោះចំពោះថា

ស្វាគតំ តេ មហារាជ,         អថោ តេ អទុរាគតំ;
និសីទ ទានិ រាជីសិ,         ទេវរាជស្ស សន្តិកេ។

បពិត្រមហារាជ ព្រះអង្គយាងមកស្រួលហើយ មិនមែនយាងមកដោយមិនស្រួលទេ បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ ឥឡូវនេះ សូម្បីព្រះអង្គទ្រង់គង់ក្នុងសំណាក់នៃទេវរាជចុះ ។

សក្កោបិ បដិនន្ទិត្ថ,         វេទេហំ មិថិលគ្គហំ;
និមន្តយិត្ថ កាមេហិ,         អាសនេន ច វាសវោ។

ឯព្រះឥន្ទក៏ទទួលរាក់ទាក់ចំពោះព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ព្រះឥន្ទបានអញ្ជើញដោយកាមទាំងឡាយផង ដោយអាសនៈផងថា 

សាធុ ខោសិ អនុប្បត្តោ,     អាវាសំ វសវត្តិនំ;
វស ទេវេសុ រាជីសិ,         សព្ពកាមសមិទ្ធិសុ;
តាវតិំសេសុ ទេវេសុ,         ភុញ្ជ កាមេ អមានុសេ។

ប្រពៃណាស់ហើយ ព្រះអង្គបានដល់អាវាសរបស់ទេវតាទាំងឡាយ ដែលញ៉ាំងគេឲ្យប្រព្រឹត្តក្នុងអំណាចខ្លួន បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ សូមព្រះអង្គគង់នៅក្នុងពួកទេវតាដែលសម្រេចនូវកាមគ្រប់យ៉ាងបាន សូមព្រះអង្គសោយនូវកាមទាំងឡាយ ដែលមិនមែនជារបស់មនុស្ស ក្នុងពួកទេវតាជាន់តាវត្តិង្សចុះ ។

បណ្ដាបទទាំងនោះ បទថា សមច្ឆរេ សេចក្ដីថា នៅរងចាំ ។ បទថា អគា ទេវាន សន្តិកេ សេចក្ដីថា ទៅកាន់សម្នាក់ទេវតា ។ ក្នុងពេលនោះ កាលព្រះរាជាឡើងកាន់រថហើយឋិតនៅ រថបានស្ទុះទៅកាន់អាកាស ព្រះរាជានោះ ដែលមហាជនកំពុងមើល ក៏បានបាត់ទៅ ។ ព្រះមាតលីនាំព្រះរាជាទៅកាន់ទេវលោក ។ ទេវតា និងស្ដេចសក្កៈបានឃើញព្រះរាជាហើយ មានចិត្តត្រេកអរ នាំគ្នាក្រោកទទួល និងធ្វើបដិសណ្ឋារៈ ។ ដើម្បីសម្ដែងសេចក្ដីនោះ លោកទើបពោលថា តំ ទេវ  ដូច្នេះជាដើម ។ បទថា បដិនន្ទិំសុ សេចក្ដីថា ត្រេកអររឿយៗ ។ បទថា អាសនេន ច សេចក្ដីថា ព្រះឥន្ទឱបព្រះរាជា ហើយអញ្ជើញដោយបណ្ឌុកម្ពលសិលាសនៈ និងដោយកាមទាំងឡាយរបស់ខ្លួនថា សូមអង្គុយទីនេះ រួចហើយក៏បែងចែករាជសម្បត្តិពាក់កណ្ដាល ឲ្យព្រះរាជាអង្គុយលើអាសនៈជាមួយគ្នា ។ 

កាលព្រះបាទសាធិនៈសោយរាជសម្បត្តិ ដែលសក្កទេវរាជបែងចែកទេវនគរ ដែលមានទំហំ ១០០០០ យោជន៍ ស្រីទេពអប្សរ ២ កោដិកន្លះ និងវេជយន្តប្រាសាទ ពាក់កណ្ដាល ប្រទានឲ្យ អស់កាល ៧០០ ឆ្នាំដោយការរាប់ឆ្នាំមនុស្ស ឲ្យកន្លងទៅ ។ ព្រះអង្គនៅក្នុង ទេវលោកដោយអត្តភាពនោះ កាលអស់បុណ្យហើយ ក៏កើតសេចក្ដីមិនត្រេកអរ ព្រោះហេតុនោះ កាលចរចាជាមួយនឹងស្ដេចសក្កៈ ទើបពោលគាថា ថា      

អហំ បុរេ សគ្គគតោ រមាមិ,         នច្ចេហិ គីតេហិ ច វាទិតេហិ;
សោ ទានិ អជ្ជ ន រមាមិ សគ្គេ,     អាយុំ នុ ខីណោ មរណំ នុ សន្តិកេ;
ឧទាហុ មូឡ្ហោស្មិ ជនិន្ទសេដ្ឋ។

កាលពីដើម ខ្ញុំមកនៅក្នុងឋានសួគ៌ រីករាយដោយរបាំ ចម្រៀង និងប្រគុំទាំងឡាយ ឥឡូវនេះ ក្នុងថ្ងៃនេះ ខ្ញុំមិនត្រេកអរក្នុងឋានសួគ៌ទេ បពិត្រព្រះជនិន្ទដ៏ប្រសើរ អាយុ (របស់ខ្ញុំ) នឹងអស់ឬ ឬសេចក្តីស្លាប់ (ឋិតនៅ) ក្នុងទីជិត ឬក៏ខ្ញុំជាបុគ្គលវង្វេង ។

បណ្ដាបទទាំងនោះ បទថា អាយុំ នុ ខីណោ សេចក្ដីថា ព្រះបាទសាធិនៈសួរថា ជីវិតិន្ទ្រិយ៍ក្នុងសរីរៈរបស់ខ្ញុំអស់ហើយឬ ឬថា ជីវិតិន្ទ្រិយ៍នឹងកើតក្នុងទីជិតនៃមរណៈដោយអំណាចនៃឧបច្ឆេទកកម្ម ។ បទថា ជនិន្ទសេដ្ឋ សេចក្ដីថា បពិត្រព្រះអង្គដែលប្រសើរជាងជន និងទេវតាទាំងឡាយ ។

លំដាប់នោះ ស្ដេចសក្កៈពោលថា 
ន តាយុ ខីណំ មរណញ្ច ទូរេ,     ន ចាបិ មូឡ្ហោ នរវីរសេដ្ឋ;
តុយ្ហញ្ច បុញ្ញានិ បរិត្តកានិ,         យេសំ វិបាកំ ឥធ វេទយិត្ថោ។

បពិត្រព្រះអង្គដ៏ប្រសើរ មានព្យាយាមជាងជន អាយុរបស់ព្រះអង្គមិនទាន់អស់ទេ ទាំងសេចក្តីស្លាប់របស់ព្រះអង្គ (ក៏ឋិតនៅ) ក្នុងទីឆ្ងាយ មួយវិញទៀត ព្រះអង្គ មិនមែនជាមនុស្សវង្វេងទេ តែថា ព្រះអង្គសោយនូវផលនៃបុណ្យណា ក្នុងទេវលោកនេះ បុណ្យរបស់ព្រះអង្គតិច ។ 

វស ទេវានុភាវេន,             រាជសេដ្ឋ ទិសម្បតិ;
តាវតិំសេសុ ទេវេសុ,             ភុញ្ជ កាមេ អមានុសេ។

បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គគង់នៅដោយទេវានុភាពចុះ សូមព្រះអង្គសោយនូវកាមទាំងឡាយ មិនមែនជារបស់មនុស្ស ក្នុងទេវលោកជាន់តាវត្តិង្សចុះ ។

បណ្ដាបទទាំងនោះ បទថា បរិត្តកានិ សេចក្ដីថា សក្កទេវរាជពោលសំដៅយកបុណ្យទាំងឡាយដែលឲ្យវិបាក ក្នុងទេវលោកដោយអត្តភាពនោះ តែថាបុណ្យដទៃទៀតរបស់ព្រះបាទសាធិនៈច្រើនប្រមាណមិនបាន បីដូចជាធូលីក្នុងផែនដី ។ បទថា វស ទេវានុភាវេន សេចក្ដីថា សក្កទេវរាជលួងលោមព្រះពោធិសត្វដោយពោលថា ខ្ញុំចែកបុណ្យទាំងឡាយពាក់កណ្ដាលរបស់ខ្ញុំដល់ព្រះអង្គ សូមព្រះអង្គនៅដោយទេវានុភាពរបស់ខ្ញុំចុះ ។

លំដាប់នោះ ព្រះមហាសត្វកាលហាមឃាត់ ទើបពោលថា 
យថា យាចិតកំ យានំ,         យថា យាចិតកំ ធនំ;
ឯវំសម្បទមេវេតំ,             យំ បរតោ ទានបច្ចយា។

យានដែលខ្ចីគេ និងទ្រព្យដែលខ្ចីគេ មានឧបមាយ៉ាងណាមិញ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ទ្រព្យនុ៎ះឯង ក៏មានឧបមេយ្យយ៉ាងនោះដែរ ។

ន ចាហមេតមិច្ឆាមិ,             យំ បរតោ ទានបច្ចយា;
សយំកតានិ បុញ្ញានិ,             តំ មេ អាវេណិកំ ធនំ។

ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ខ្ញុំមិនចង់បានទ្រព្យនុ៎ះឡើយ បុណ្យទាំងឡាយ ដែលខ្ញុំបានធ្វើហើយដោយខ្លួនឯង បុណ្យនោះទុកជាទ្រព្យ របស់ខ្ញុំជាប់តាមខ្លួន ។

សោហំ គន្ត្វា មនុស្សេសុ,         កាហាមិ កុសលំ ពហុំ;
ទានេន សមចរិយាយ,         សំយមេន ទមេន ច;
យំ កត្វា សុខិតោ ហោតិ,         ន ច បច្ឆានុតប្បតិ។

ខ្ញុំនោះនឹងទៅធ្វើកុសលច្រើនក្នុងពួកមនុស្ស ដោយឲ្យទានផង កិរិយាប្រព្រឹត្តធម៌ស្មើផង កិរិយាសង្រួមដោយសីលផង កិរិយាទូន្មាននូវឥទ្រ្ទិយផង ព្រោះថា បុគ្គលធ្វើកុសលហើយ រមែងដល់នូវសេចក្តីសុខ ទាំងមិនក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ ។

លំដាប់នោះ សក្កទេវរាជបានស្ដាប់ពាក្យរបស់ព្រះរាជានោះហើយ ទើបបញ្ជាមាតលីថា ម្នាលអ្នក ចូរទៅ ហើយនាំសាធិនរាជទៅកាន់ក្រុងមិថិលា ឲ្យស្ដេចចុះក្នុងឧទ្យាន ។ ព្រះមាតលីក៏បានធ្វើយ៉ាងនោះ ។ ព្រះរាជាយាងចង្ក្រមក្នុងឧទ្យាន ។ គ្រានោះ នាយឧទ្យានបាល ឃើញព្រះរាជាហើយ ទូលសួរ រួចហើយក៏ទៅប្រាប់ដល់ព្រះបាទនារទៈ។ ព្រះបាទនារទៈនោះ ស្ដាប់នូវការមក របស់ព្រះរាជាហើយ ទ្រង់បញ្ជូនឧទ្យានបាលថា អ្នកចូរទៅមុនចុះ ចូររៀបចំឧទ្យាន និងចាត់ចែងអាសនៈ ២ សម្រាប់យើង និងព្រះរាជាសាធិនៈ ។

នាយឧទ្យានបាលបានធ្វើយ៉ាងនោះ ។ លំដាប់នោះ ព្រះរាជាសាធិនៈសួរឧទ្យានបាលថា អ្នករៀបចំអាសនៈ ២ ដើម្បីអ្នកណា ? ឧទ្យានបាលពោលថា ដើម្បីព្រះអង្គ ១ ដើម្បីព្រះរាជារបស់ខ្ញុំ ១ ។ ព្រះរាជាពោលថា សត្វដទៃណា នឹងអង្គុយលើអាសនៈក្នុងសម្នាក់យើង ដូច្នេះហើយ ទើបទ្រង់អង្គុយលើអាសនៈមួយ ហើយដាក់ព្រះបាទលើអាសនៈមួយ ។ ព្រះបាទនារទៈយាងមកហើយ ថ្វាយបង្គំព្រះបាទរបស់ព្រះបាទសាធិនៈ រួចក៏អង្គុយនៅកន្លែងមួយ ។ បានឮមកថា ព្រះបាទនារទៈនោះត្រូវជាចៅ (ជំនាន់) ទី ៧ របស់ព្រះបាទសាធិនៈ បានឮមកទៀតថា ក្នុងសម័យនោះ ជាកាលនៃមនុស្សដែលមានអាយុ ១០០ ឆ្នាំ ។

ចំណែកព្រះមហាសត្វបានញ៉ាំងកាលដែលមានប្រមាណប៉ុណ្ណេះ ឲ្យកន្លងទៅ ដោយកម្លាំងបុណ្យរបស់ខ្លួន ។ ព្រះពោធិសត្វកាន់ដៃព្រះបាទនារទៈ ហើយត្រាច់ទៅក្នុងឧទ្យាន រួចក៏ពោល ៣ គាថា ថា  
       
ឥមានិ តានិ ខេត្តានិ,         ឥមំ និក្ខំ សុកុណ្ឌលំ;
ឥមា តា ហរិតានូបា,         ឥមា នជ្ជោ សវន្តិយោ។

ស្រែទាំងឡាយនេះផង ទទឹកប្រកបដោយកុណ្ឌលដ៏ល្អនេះផង ផែនដីដ៏ដេរដាស ដោយស្មៅពណ៌ខៀវនេះផង ស្ទឹងទាំងឡាយដែលកំពុងហូរនេះផង ។ 

ឥមា តា បោក្ខរណី រម្មា,     ចក្កវាកបកូជិតា;
មន្ទាលកេហិ សញ្ឆន្នា,         បទុមុប្បលកេហិ ច;
យស្សិមានិ មមាយិំសុ,         កិំ នុ តេ ទិសតំ គតា។

ស្រះបោក្ខរណីទាំងឡាយ ជាទីរីករាយ មានសត្វចាក្រពាក (សត្វប្រវឹក, ព្រវែក : សត្វចាក្រពាក [ច្រើនប្រើតែក្នុងកាព្យ] ) យំហើយ ដ៏ដេរដាសដោយចង្កុលណី (ឈ្មោះវារិជជាតិមួយប្រភេទ ពួកឈូក, មានកេសរផ្កាច្រើនស្រទាប់, ផ្កាបែកជាខ្នែងតពីគ្នាជាបី ឬជាបួនទៅទៀតក៏មាន) ដោយផ្កាឈូក និងផ្កាឧប្បលនេះផង ពួកជនណា រាប់អាននូវទីទាំងឡាយនេះថាជារបស់អញ អស់ផងទាំងនោះ ទៅកាន់ទិសណាហ្ន៎ ។

តានីធ ខេត្តានិ សោ ភូមិភាគោ,     តេយេវ អារាមវនូបចារា;
តមេវ មយ្ហំ ជនតំ អបស្សតោ,     សុញ្ញំវ មេ នារទ ខាយតេ ទិសា។

ម្នាលនារទៈ ស្រែទាំងឡាយ នៅជាស្រែទាំងនោះដដែល ភូមិភាគនៅជាភូមិភាគដដែល ឧបចារៈនៃសួនច្បារទាំងឡាយ ក៏នៅជាឧបចារៈនោះដដែល តែថាកាលយើងមិនឃើញនូវជនទាំងនោះ ទិសប្រាកដដល់យើង ហាក់ដូចជាសូន្យឈឹង ។

លំដាប់នោះ ព្រះបាទនារទៈពោលថា បពិត្រព្រះសម្មតិទេព ឥឡូវនេះ ជា ៧០០ ឆ្នាំ នៃកាលដែលព្រះអង្គយាងទៅកាន់ទេវលោក ខ្ញុំត្រូវជាចៅជំនាន់ទី ៧ របស់ព្រះអង្គ ឧបដ្ឋាក និងអ្នករស់នៅក្នុងវាំងទាំងឡាយរបស់ព្រះអង្គ បានដល់មាត់នៃសេចក្ដីស្លាប់ នេះជារាជសម្បត្តិក្នុងសម្នាក់របស់ខ្លួនព្រះអង្គ សូមទ្រង់យាងសោយរាជ្យចុះ ។ ព្រះរាជាសាធិនៈ ពោលថា ម្នាលចៅនារទៈ យើងកាលមកក្នុងទីនេះ មិនមែនមកដើម្បីប្រយោជន៍ដល់រាជសម្បត្តិទេ យើងមកក្នុងទីនេះដើម្បីធ្វើបុណ្យ យើងនឹងធ្វើបុណ្យប៉ុណ្ណោះ ដូច្នេះហើយ ទ្រង់ទើបពោលគាថាថា    

ទិដ្ឋា មយា វិមានានិ,         ឱភាសេន្តា ចតុទ្ទិសា;
សម្មុខា ទេវរាជស្ស,         តិទសានញ្ច សម្មុខា។

វិមានទាំងឡាយ ញ៉ាំងទិសទាំង ៤ ឲ្យភ្លឺចិញ្ចែងចំពោះមុខទេវរាជផង ចំពោះមុខ
ទេវតាជាន់ត្រៃត្រិង្សផង យើងបានឃើញហើយ ។ 

វុត្ថំ មេ ភវនំ ទិព្យំ,             ភុត្តា កាមា អមានុសា;
តាវតិំសេសុ ទេវេសុ,         សព្ពកាមសមិទ្ធិសុ។

ភពជាទិព្យយើងបាននៅរួចហើយ កាមទាំងឡាយមិនមែនជារបស់មនុស្ស យើងបានបរិភោគរួចហើយក្នុងពួកទេវតាជាន់តាវត្តិង្ស អាចសម្រេចនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងបាន ។ 

សោហំ ឯតាទិសំ ហិត្វា,     បុញ្ញាយម្ហិ ឥធាគតោ;
ធម្មមេវ ចរិស្សាមិ,         នាហំ រជ្ជេន អត្ថិកោ។

យើងនោះបានលះបង់សម្បត្តិទិព្យប្រាកដដូច្នោះហើយ មកក្នុងទីនេះ ដើម្បីធ្វើបុណ្យ យើងនឹងប្រព្រឹត្តធម៌តែម្យ៉ាង យើងមិនមានសេចក្តីត្រូវការដោយរាជសម្បត្តិទេ ។ 

អទណ្ឌាវចរំ មគ្គំ,             សម្មាសម្ពុទ្ធទេសិតំ;
តំ មគ្គំ បដិបជ្ជិស្សំ,         យេន គច្ឆន្តិ សុព្ពតា។

ព្រះពុទ្ធទាំងឡាយដែលមានវត្តល្អ ស្តេចយាងទៅតាមផ្លូវណា យើងនឹងដើរទៅតាមផ្លូវនោះ ដែលព្រះសម្មាសម្ពុទ្ធសំដែងហើយ ជាផ្លូវដែលបុគ្គលមិនមានអាជ្ញាគប្បីត្រាច់ទៅ ។

ព្រះពោធិសត្វពោលគាថាទាំងឡាយនេះ ដាក់ចុះក្នុងសព្វញ្ញុតញ្ញាណ ដោយប្រការយ៉ាងនេះ ។ ព្រះបាទនារទៈពោលទៀតថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គគ្រងរាជសម្បត្តិ ។ ព្រះពោធិសត្វត្រាស់ថា នែចៅ យើងមិនត្រូវការដោយរាជសម្បត្តិ យើងទៅអស់កាល ៧០០ ឆ្នាំ ដូច្នេះយើងប្រាថ្នានឹងឲ្យទានដោយ ៧ ថ្ងៃ ។ ព្រះបាទនារទៈ ទទួលពាក្យរបស់ព្រះរាជានោះថា សាធុ ហើយ ឲ្យគេចាត់ចែងមហាទាន ។ ព្រះរាជាសាធិនៈឲ្យទានអស់ ៧ ថ្ងៃ ក្នុងទី ៧ ទ្រង់ក៏ធ្វើកាលកិរិយា ហើយកើតក្នុងភពត្រៃត្រិង្សនោះឯង ។  

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់សម្ដែងថា ឈ្មោះថា ឧបោសថកម្ម គឺអ្នកទាំងឡាយគប្បីប្រកបយ៉ាងនេះ ដូច្នេះហើយ ទើបព្រះអង្គប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ បណ្ដាឧបាសកទាំងឡាយដែលប្រកបដោយឧបោសថនោះ ពួកខ្លះតាំងនៅក្នុងសោតាបត្តិផល ពួកខ្លះបានតាំងនៅក្នុងសកទាគាមិផល ពួកខ្លះបានតាំងនៅក្នុងអនាគាមិផល ។ តទា នារទរាជា សារិបុត្តោ អហោសិ ព្រះបាទនារទៈក្នុងកាលនោះបានមកជា សារីបុត្រ ។ មាតលិ អានន្ទោ ព្រះមាតលីបានមកជាអានន្ទ ។ សក្កោ អនុរុទ្ធោ ស្ដេចសក្កៈបានមកជាអនុរុទ្ធ ។ សាធិនរាជា បន អហមេវ អហោសិំ ចំណែកសាធិនរាជ គឺ តថាគត នេះឯង ។ ចប់ សាធិនរាជជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាកត បកិណ្ណកនិបាត បិដកលេខ ៦០ ទំព័រ ៤៤)
ដោយខេមរ អភិធម្មាវតារ
ព.ស. ២៥៦១

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៣ កក្តដា ឆ្នាំ២០២១ (អាន: ១៣,៧០៩ ដង)
អានិ​សង្ស​ធ្វើផ្លូវ​ថ្នល់​ ដោយ​សេច​ក្តី​ជ្រះ​ថ្លា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.17
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿