30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០២,២៧៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥១,៩៩៥
សរុប ៣៨៣,៧៣៨,៦៨៨
អានអត្ថបទ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,១៦២ ដង)

សិល្ប៍សាស្ត្រនៃការរស់នៅ



ស្តាប់សំឡេង
 
សិល្ប៍សាស្ត្រ​នៃ​ការ​រស់​នៅ “វិបស្សនាកម្មដ្ឋាន”
មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​ខំ​ស្វែង​រក​សន្តិភាព និង សុខដុមរមនា ពី​ព្រោះ​គេ​ចេះ​តែ​ខ្វះ​សេចក្តី​សុខ​នេះ​នៅ​ក្នុង​ជីវភាព​រស់​នៅ​សព្វ​ថ្ងៃ។ មាន​ពេល​ខ្លះ​គេ​ជួប​ប្រទះ​នឹង​ភាព​ឣន្ទះ​ឣន្ទែង, សេចក្តី​ក្តៅ​ក្រហាយ ភាព​មិន​ស្រុះស្រួល​គ្នា។ ហើយ​កាល​ណា​គេ​រង​ទុក្ខ គេ​មិន​រក្សា​វា​ទុក​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គេ​តែង​តែ​ចែក​វា​ទៅ​ឲ្យ​ឣ្នកដទៃ​ផង​ដែរ។ ទុក្ខ​នេះ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​បរិយាកាស​នៅ​ជុំ​វិញ​មនុស្ស​រងទុក្ខ។ មនុស្ស​គ្រប់​គ្នា​ដែល​ចូល​មក​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស​នេះ នឹង​ប្រែ​ទៅ​ជា​ក្តៅ​ក្រហាយ ទៅ​ជា​ឣន្ទះ​ឣន្ទែង​ដែរ។ របៀប​រស់​នៅ​បែប​នេះ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ឡើយ។

មនុស្ស​ម្នាក់​ៗ​ត្រូវ​តែ​រស់​នៅ​ដោយ​សន្តិភាព ជា​មួយ​ខ្លួន​ឯង​ផង ជា​មួយ​ឣ្នក​ឯទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​លោក​ជា​ជន​សង្គម គេ​ត្រូវ​តែ​រស់​នៅ​ក្នុង​សង្គម គេ​ត្រូវ​រស់ និង ប្រាស្រ័យ​ទាក់ទង​ជា​មួយ​ឣ្នក​ឯទៀត។ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​រស់​នៅ​ដោយ​សន្តិភាព? តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ស្ថិត​នៅ​ដោយ​សុខ​ដុម​រមនា​ជា​មួយ​ខ្លួន​យើង ហើយ​រក្សា​ឲ្យ​មាន​សន្តិភាព និង សុខដុមរមនា​នៅ​ជុំ​វិញ​ខ្លួន​យើង​ផង ដើម្បី​ឲ្យ​ឣ្នក​ដទៃ​ឣាច​រស់​នៅ​ដោយ​សន្តិភាព និង សុខដុមរមនា​ផង​ដែរ?
 


ដើម្បី​រំដោះ​ចេញ​ពីទុក្ខ យើង​ត្រូវ​ដឹង​ដើម​ហេតុ​ជា​មូលដ្ឋាន​របស់​ទុក្ខ​ជា​មុន​សិន។ បើ​យើង​សង្កេត​មើល​បញ្ហា​នេះ​ដោយ​ពិនិត្យ​ពិច័យ វា​នឹង​ប្រែ​ទៅ​ជា​ច្បាស់​ណាស់​ថា កាលណា​យើង​ចាប់​ផ្តើម​បង្ក​បង្កើត​ភាព​ឣកុសល ឬ កិលេស​ណា​មួយ​នៅ​ក្នុង​ចិត្ត យើង​ត្រូវ​តែ​ក្លាយ​ទៅ​ជា​រងទុក្ខ។ ភាព​ឣកុសល, កិលេស ឬ គ្រឿង​សៅហ្មង​នៅ​ក្នុង​ចិត្ត មិន​ឣាច​រួម​រស់​នៅ​ជា​មួយ​សន្តិភាព និង សុខ​ដុមរមនា​បាន​ឡើយ។

តើ​គេ​ចាប់​បង្ក​បង្កើត​ភាព​ឣកុសល​យ៉ាងដូចម្តេច? ដោយ​សារ​ការ​សង្កេត​មើល​ដោយ​ពិនិត្យ​ពិច័យ វា​នឹង​ប្រែ​ទៅ​ជាច្បាស់​ណាស់​ថា កាល​ណា​យើង​ឃើញ​នរណា​ម្នាក់​មាន​ចរិយា​មារយាទ​ដែល​យើង​មិន​ចូល​ចិត្ត, កាល​ណា​យើង​ឃើញ​វត្ថុ​ឣ្វី​មួយ​ដែល​យើង​មិន​ចូល​ចិត្ត​កើត​ឡើង យើង​នឹង​ក្លាយ​ទៅ​ជា​មិន​សប្បាយ។ របស់​មិន​ចង់​បាន​កើត​ឡើង នោះ​យើង​បង្កើត​ភាព​តាន​តឹង​នៅ​ក្នុង​ខ្លួន។ របស់​ចង់​បាន​មិន​កើត​ឡើង ឬ ឧបសគ្គ​ខ្លះ​មក​រារាំង នោះ​យើង​ក៏​បង្កើត​ភាព​តាន​តឹង​នៅ​ក្នុង​ខ្លួន​ដែរ។ យើង​ចាប់​ចង​ចំណង​នៅ​ក្នុង​ខ្លួន។ នៅ​ក្នុង​ជីវភាព​ទាំង​មូល របស់​មិន​ចង់​បាន​ចេះ​តែ​កើត​ឡើង រី​ឯ​របស់​ចង់​បាន​វិញ ជួនកាល​វា​កើត​ឡើង ជួន​កាល​វា​មិន​កើត​ឡើង​ទេ។ ដំណើរ​ប្រតិកម្ម​បង្កើត​បាន​ជា​ចំណង​មួយ​យ៉ាង​មាំ ដែល​ចេះ​តែ​ធ្វើ​ឲ្យ​រចនា​សម្ព័ន្ធ​ចិត្ត និង រចនា​សម្ព័ន្ធ​កាយ​ទាំង​មូល​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង ពោរពេញ​ដោយ​ភាព​ឣកុសល នាំ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​រងទុក្ខ។

ឥឡូវ​នេះ​មាន​ដំណោះ​ស្រាយ​មួយ​សម្រាប់​បញ្ហា​ហ្នឹង គឺ​ថា​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​របស់​ដែល​យើង​មិន​ចង់​បាន​កើត​ឡើង​នៅ​ក្នុង​ជីវភាព​របស់​យើង ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​របស់​ដែលយើង​ចង់​បាន​ចេះ​តែ​កើត​ឡើង​ដូច​បំណង។ យើង​ត្រូវ​តែ​មាន​ឥទ្ធិពល​បែប​នេះ​ ឬ​មួយ​ត្រូវ​តែ​នរណា​ម្នាក់​មាន​ឥទ្ធិពល​បែប​នេះ​មក​ជួយ​យើង ធ្វើ​កុំ​ឲ្យ​របស់​ដែល​យើង​មិន​ចង់​បាន​កើត​ឡើង ហើយ​របស់​ដែល​យើង​ចង់​បាន​ចេះ​តែ​កើត​ឡើង។ ប៉ុន្តែ​នេះ​ជា​ការ​ដែល​គេ​មិន​ឣាច​ធ្វើ​បាន​ឡើយ។ នៅ​ក្នុង​លោក​នេះ គ្មាន​នរណា​ម្នាក់​ចេះ​តែ​បាន​ឣ្វី​ៗ​ដូច​បំណង​ឡើយ គ្មាន​របស់​ឣ្វី​នៅ​ក្នុង​ជីវិត​នេះ​ចេះ​តែ​កើត​ឡើង​ដូច​សេចក្តី​ប្រាថ្នា ដោយ​ឥត​មាន​របស់​មិន​ចង់​បាន​កើត​ឡើង​ទេ។ ផ្ទុយ​ទៅ​វិញ ឣ្វី​ៗ​ចេះ​តែ​កើត​ឡើង​ខុស​ពី​បំណង ខុស​ពី​សេចក្តី​ប្រាថ្នា​របស់​យើង​ជានិច្ច។ ដូច្នេះ បញ្ហា​គឺ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​កុំ​ឲ្យ​មាន​ប្រតិកម្ម​ដោយ​ងងឹត​ងងល់​ចំពោះ​របស់​ដែល​យើង​មិន​ចូល​ចិត្ត​នេះ? តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​កុំ​ឲ្យ​​យើង​មាន​ភាព​តាន​តឹង​នៅ​ក្នុង​ចិត្ត ហើយ​ស្ថិត​នៅ​ដោយ​សន្តិភាព និង សុខ​ដុមរមនា​បាន?

នៅ​ប្រទេស​ឥណ្ឌា ក៏​ដូចជា​នៅ​ប្រទេស​ឯទៀត​ៗ​ដែរ ឣរិយបុគ្គល​ទាំងឡាយ​ក្នុង​សម័យ​​បុរាណ បាន​សិក្សា​បញ្ហា​ទុក្ខ​របស់​មនុស្ស​នេះ ហើយ​បាន​រក​ឃើញ​ដំណោះ​ស្រាយ​មួ​យ​៖ បើ​របស់​ឣ្វី​មួយ​ដែល​គេ​មិន​ចង់​បាន​កើត​ឡើង ហើយ​គេ​ចាប់​ធ្វើ​ប្រតិកម្ម​ដោយ​បង្ក​បង្កើត​កំហឹង, ការ​ភ័យ​ខ្លាច ឬ ភាពឣកុសល​ណា​មួយ នុ៎ះ​គេ​ត្រូវ​តែ​ប្រញាប់​បង្វែរ​ចិត្ត​ទៅ​លើ​របស់​ផ្សេង ដូច​ជា​គេ​ក្រោកឈរ​ឡើង យក​ទឹក​មួយ​កែវមក​ផឹក។ ដូច្នេះ​កំហឹង​របស់​គេ​មិន​បង្កើន​ចំនួន​ឡើយ ផ្ទុយ​ទៅ​វិញ​វា​ថមថយ​កម្លាំង។ បើ​មិន​ដូច្នោះ​ទេ​ គេ​ចាប់​រាប់ ១​,​២​,​៣​,​៤ - ១​,​២​,​៣​,​៤ ឬ គេ​ទន្ទេញ​ពាក្យ​មួយ​ម៉ាត់ ឬ មួយ​ប្រយោគ ឬ មន្ត​ឣ្វី​មួយ ឬ គេ​ទន្ទេញ​ឈ្មោះ​ព្រះឣាទិទេព ឬ បុគ្គល​បរិសុទ្ធ​ណា​មួយ​ដែល​គេ​គោរព​បូជា។ ចិត្ត​របស់​គេ​នឹង​ត្រូវ​ងាក​ចេញ​ទៅ​ទី​ផ្សេង ហើយ​គេ​នឹង​បាន​ចេញ​ផុត​មួយ​កម្រិត​ពី​ភាព​ឣកុសល ពី​កំហឹង​នេះ។

ដំណោះ​ស្រាយនេះ​មាន​ប្រសិទ្ធិ​ភាព ហើយ​នៅ​តែ​មាន​ប្រសិទ្ធិ​ភាព​តទៅ​ទៀត។ ដោយ​សារ​របៀប​នេះ ចិត្ត​ហាក់​ដូច​ជា​បាន​រំដោះ​ពី​ភាព​ឣន្ទះឣន្ទែង។ ប៉ុន្តែ​តាម​ការ​ពិត ដំណោះ​ស្រាយ​នេះ​មាន​ប្រសិទ្ធិ​ភាព​តែ​ត្រឹម​ថ្នាក់​សើរៗលើ​របស់​ចិត្ត​ប៉ុណ្ណោះ។ ដោយ​សារ​ការ​បង្វែរ​សតិ​នេះ គេ​ត្រូវ​រុញ​ភាព​ឣកុសល​ឲ្យ​ចូល​ជ្រៅ​ទៅ​ក្នុង​ថ្នាក់​ទី​ជម្រៅ​នៃ​ចិត្ត។ ហើយ​នៅ​ថ្នាក់​ហ្នឹង គេ​ត្រូវ​បន្ត​បង្ក​បង្កើត និង បង្កើន​ចំនួន​កិលេស​ដដែល​នេះ។ នៅ​ផ្ទៃ​ខាង​លើ មាន​ស្រទាប់​សន្តិភាព និង សុខ​ដុម​រមនា​ពិត​មែន ប៉ុន្តែ​នៅ​ទី​ជម្រៅ​នៃ​ចិត្ត មាន​ភ្នំ​ភ្លើង​ដេក​សម្ងំ​នៃ​ភាព​ឣកុសល​ដែល​គេ​បាន​សន្ធប់​ចោល។ ទោះ​យូរ​ឬ​ឆាប់ ភ្នំ​ភ្លើង​ដេក​សម្ងំ​នេះ​នឹង​ផ្ទុះ​ចេញ​មក​យ៉ាង​ខ្លាំង។
 


ឣ្នក​រុក​រក​សេចក្តី​ពិត​ខាង​ក្នុង​ដទៃ​ទៀត បាន​ចូល​ជ្រៅ​ថែម​ទៀត ហើយ​បាន​រក​ឃើញ​ថា ដោយ​សារ​ការ​ពិសោធន៍​ឃើញ​ការ​ពិត​ឣំពី​ចិត្ត និង កាយ​នៅ​ក្នុង​ខ្លួន គេ​បាន​ទទួល​ស្គាល់​ថា ការ​បង្វែរ​ចិត្ត​គឺ​គ្រាន់​តែ​ជា​ការ​រត់​គេច​ពី​បញ្ហា​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​គេច​វេះ​មិន​មែន​ជា​ការ​ដោះ​ស្រាយ​ទេ។ គេ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​បញ្ហា។ កាល​ណា​មាន​ភាព​ឣកុសល​មួយ​កើត​ឡើង​នៅ​ក្នុង​ចិត្ត សូម​គ្រាន់​តែ​ពិនិត្យ​មើល​ សូម​គ្រាន់​តែ​ប្រឈម​មុខ​នឹង​ភាព​ឣកុសល​នេះ​ប៉ុណ្ណោះ។ នៅ​ពេល​ណា​ដែល​គេ​ចាប់​ផ្តើម​ពិនិត្យ​មើលកិលេស​ណា​មួយ​ភ្លាម កិលេស​នេះ​នឹង​ចាប់​ថមថយ​កម្លាំង រួច​ហើយ​វា​នឹង​ត្រូវ​ស្វិត​ស្រពោន​ឣស់​បន្តិច​ម្តង​ៗ។

ដំណោះ​ស្រាយ​មួយ​យ៉ាង​ប្រសើរ​គឺ​ការ​ចៀស​វាង​ចុង​បំផុត​ទាំង​ពីរ​ខាង​គឺ ការ​សន្ធប់​ចោល និង ការ​បណ្តោយ​ឲ្យ​ប្រព្រឹត្ត​តាម​ចិត្ត។ ការ​រក្សា​ទុក​ភាព​ឣកុសលនៅ​ក្នុង​ទី​ជម្រៅ​នៃ​ចិត្ត មិន​ឣាច​ធ្វើ​ឲ្យ​វា​ដាច់​ឫស​គល់​បាន​ឡើយ។ ហើយ​ការ​បណ្តោយ​ឲ្យ​ភាព​ឣកុសល​នេះ​បញ្ចេញ​ឲ្យ​ឃើញ​តាម​ឣំពើ​ដោយ​កាយ ឬ ដោយ​វាចា ក៏​គ្រាន់​តែ​នឹង​បង្កើត​ឲ្យ​មាន​បញ្ហា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ប៉ុណ្ណោះ។ ប៉ុន្តែ​ បើ​គេ​គ្រាន់​តែ​ពិនិត្យ​មើល​នុ៎ះ កិលេស​នឹង​ត្រូវ​វិនាស​បាត់ ហើយគេ​បាន​ធ្វើ​ឲ្យ​ភាព​ឣកុសល​នេះ​ដាច់​ឫស​គល់ គេ​នឹង​បាន​រួច​ចេញ​ផុត​ពីកិលេស​នេះ។

រឿង​នេះ​ហាក់​ដូចជា​ឣស្ចារ្យ​ណាស់។ ប៉ុន្តែ​តើ​គេ​ឣាច​នឹង​យក​វា​មក​ឣនុវត្ត​បាន​ឬ​ទេ? គេ​មិន​ឣាច​ប្រឈម​មុខ​នឹង​កិលេស​បាន​ដោយ​ងាយ​ទេ។ កាល​ណា​កំហឹង​កើត​ឡើង វា​នឹង​គ្រប​សង្កត់​មក​លើ​យើង​យ៉ាង​ឆាប់​រហ័ស មិន​ឲ្យ​យើង​បាន​ដឹង​ខ្លួន​ជា​មុន​ផង។ ដូច្នេះ កាល​ណា​កំហឹង​គ្រប​សង្កត់​មក​លើ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ឣំពើ​ខ្លះ​ដោយ​កាយ ឬ ដោយ​វាចា ដែល​ធ្វើ​ឲ្យ​មាន​ទុក្ខ​ដល់​ខ្លួន​ឯង និ​ង ដល់​ឣ្នក​ដទៃ។ ក្រោយ​មក កាល​ណា​កំហឹង​បាន​កន្លង​ផុត​ទៅ យើង​ក៏​តាំង​យំ​យែក​សោក ហើយ​មាន​ការសោក​ស្តាយ ខំ​សុំទោស​គេ​ឯង ឬ សុំទោស​ព្រះឣាទិទេព៖ ឱ! ព្រះម្ចាស់​ថ្លៃ​ឣើយ! ខ្ញុំ​ខុស​ហើយ សុំ​ឣត់ទោស​ឲ្យ​ខ្ញុំ​ផង! ប៉ុន្តែ​នៅ​ពេល​ក្រោយ​ទៀត ក្នុង​ស្ថានភាព​ដដែល​ដូច​គ្នា យើង​នៅ​តែ​ធ្វើ​ប្រតិកម្ម​ដដែល​សារ​ថ្មី​ទៀត។ ការ​សោក​ស្តាយ​ទាំង​ប៉ុន្មាន​គ្មាន​ប្រយោជន៍​ឣ្វី​សោះ។

ការណ៍​ដែល​ពិបាក​គឺ​មក​ពី​យើង​មិន​ដឹង​ខ្លួន​ថា​តើ​នៅ​ពេល​ណា​កិលេស​នឹង​ចាប់​កើត​ឡើង។ កិលេស​ចាប់​កើត​ឡើង​នៅ​ថ្នាក់​ទី​ជម្រៅ​នៃ​ចិត្ត ហើយ​នៅ​ពេល​ដែល​វា​ឡើង​មក​ដល់​ថ្នាក់​ខាង​លើ វា​មាន​កម្លាំង​ខ្លាំង​ណាស់ វា​គ្រប​សង្កត់​លើ​យើង និង ធ្វើ​ឲ្យ​យើង​មិន​ឣាច​ពិនិត្យ​មើល​វា​បាន​ឡើយ​។

ឧបមាថា ខ្ញុំ​ជួល​លេខាធិការ​ផ្ទាល់​ខ្លួន​ម្នាក់។ ហើយ​កាល​ណា​កំហឹង​កើត​ឡើង លេខា​ធិការ​នោះ​ប្រាប់​ខ្ញុំថា៖ “នែលោក! កំហឹង​កើត​ឡើង​ហើយ!” ប៉ុន្តែ​ដោយ​មក​ពី​ខ្ញុំ​មិន​ឣាច​ដឹង​បាន​ថា តើ​កំហឹង​នឹង​កើត​នៅ​ពេល​ណា ម៉ោង​ណា​ឲ្យ​ពិត​ប្រាកដ​នោះ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​មាន​លេខាធិការ​ផ្ទាល់​ខ្លួន ៣ នាក់ សម្រាប់​ផ្លាស់​ប្តូរ​វេន​គ្នា​បី​ដង​ក្នុង ២៤ ម៉ោង។ ឧបមាថា ខ្ញុំ​មាន​លុយ​សម្រាប់​ធ្វើការ​ចំណាយ​បែប​នេះ​ចុះ ហើយ​កំហឹង​ក៏​ចាប់​ផ្តើម​ឡើង។ ភ្លាម​នោះ លេខា​ធិការ​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “នែ​លោក មើល​ហ្ន៎! កំហឹង​កើត​ឡើង​ហើយ!”។ ការ​ជា​ដំបូង​ដែល​ខ្ញុំ​ធ្វើ​គឺ ខ្ញុំ​ស្តី​បន្ទោស​លេខា​ធិការ​នេះ៖ “យី ! ឯង​ឆ្កួត​ទេ​ឬ​ឣី? ឯង​ស្មាន​ថា​ឣញ​ចេញ​លុយ​ដើម្បី​ឲ្យ​ឯង​មក​បង្រៀន​ឣញ​ដូច្នេះ​ឬ​?”។ កំហឹង​បាន​គ្រប​សង្កត់ នាំ​ឲ្យ​ពាក្យ​ទូន្មាន​ល្អ​មិន​ជួយ​ខ្ញុំ​បាន​បន្តិច​សោះ។
 


ឧបមាថា គតិ​បណ្ឌិត​មាន​ភាព​លើស​លុប ហើយ​ខ្ញុំ​មិន​ស្តី​បន្ទោស​លេខា​ធិការ​ទេ ខ្ញុំ​ត្រឡប់​ជា​និយាយថា៖ “ឣរគុណ​ឯង​ហើយ ឥឡូវ​ខ្ញុំ​ត្រូវ​ឣង្គុយ​ចុះ ហើយ​ពិនិត្យ​មើល​កំហឹង​របស់​ខ្ញុំ”។ តើ​ការណ៍​នោះ​ឣាច​ធ្វើ​បាន​ឬ​ទេ? គ្រាន់​តែ​ខ្ញុំ​ធ្មេច​ភ្នែក ហើយ​សាក​ល្បង​ពិនិត្យ​មើល​កំហឹង​ភ្លាម មូល​ហេតុ​នៃ​កំហឹង មនុស្ស ឬ ឧប្បត្តិ​ហេតុ​ដែល​នាំ​ឲ្យ​មាន​កំហឹង នឹង​ចូល​មក​ក្នុង​ចិត្ត​ភ្លាម។ ដោយ​ហេតុ​នេះ ខ្ញុំ​មិន​ពិនិត្យ​មើល​កំហឹង​ទេ ខ្ញុំ​គ្រាន់​តែ​ពិនិត្យ​មើល​ថ្នាំ​ដាស់​កំហឹង​នៅ​ខាង​ក្រៅ​ប៉ុណ្ណោះ។ ការណ៍​នេះ​នឹង​គ្រាន់​តែ​បង្កើន​កម្លាំង​កំហឹង​ឲ្យ​ខ្លាំង​ថែម​ទៀត​ប៉ុណ្ណោះ។ ដូច្នេះ​វា​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ។ ការ​ពិនិត្យ​មើល​ភាព​ឣកុសល មើល​ការ​រំជួល​ចិត្ត​ដែល​ជា​របស់​ឥត​រូប ដោយ​ឥត​គិត​​ពី​វត្ថុ​ខាង​ក្រៅ​ដែល​នាំ​ឲ្យ​កើត​ភាព​ឣកុសល​នេះ​ជា​ការ​ពិបាក​ណាស់។

ប៉ុន្តែ ចំពោះ​លោក​ដែល​បាន​ទៅ​ដល់​សេចក្តី​ពិត​ចុង​បំផុត “បរមត្ថសច្ច:” លោក​បាន​រក​ឃើញ​ដំណោះ​ស្រាយ​ពិត​ប្រាកដ​មួយ។ លោក​បាន​រក​ឃើញ​ថា កាល​ណា​កិលេស​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ចិត្ត មាន​របស់​ពីរ​ត្រូវ​កើត​ឡើង​ព្រម​គ្នា​នៅ​ក្នុង​កាយ។ របស់​មួយ​គឺ ដង្ហើម​ប្រែ​ខុស​ពី​ធម្មតា។ កាល​ណា​មាន​ភាព​ឣកុសល​ណា​មួយ​នៅ​ក្នុង​ចិត្ត យើង​ចាប់​ដក​ដង្ហើម​ខ្លាំង​ជាង​មុន។ នេះ​ជា​ការ​ស្រួល​ពិនិត្យ​មើល​ណាស់។ នៅ​ថ្នាក់​ល្អិត​ល្អន់​ជាង​នេះ មាន​ជាតិ​ជីវ​គីមី​ខ្លះ​ចាប់​ផ្តើម​កើត​ឡើង​នៅ​ក្នុង​កាយ​នាំឲ្យ​មាន​វេទនា​ផ្សេង​ៗ។ កិលេស​នី​មួយ​ៗ​នឹង​បង្ក​​បង្កើត​វេទនា​បែប​ណា​មួយ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កាយ។

នេះ​ជា​ដំណោះ​ស្រាយ​មួយ​ដែល​ស្រួល​បដិបត្តិ។ មនុស្ស​ធម្មតា​មិន​ឣាច​ពិនិត្យ​មើល​កិលេស​នៃ​ចិត្ត​ដែល​ជា​របស់​ឥតរូប ដូច​ជា​ការ​ភ័យខ្លាច, កំហឹង ឬ តណ្ហា​បាន​ទេ។ ប៉ុន្តែ ដោយ​សារ​ការ​ហាត់​ហ្វឺក​ហ្វឺន និង ការ​បដិបត្តិ​ដោយ​ត្រឹម​ត្រូវ គេ​ឣាច​ពិនិត្យ​មើល​ដង្ហើម និង វេទនា​នៅ​ក្នុង​ខ្លួន​បាន​ដោយ​ងាយ។ ដង្ហើម និង វេទនា ទាំង​ពីរ​នេះ​មាន​ការ​ទាក់​ទង​ផ្ទាល់​ជា​មួយ​នឹង​កិលេស​នៃ​ចិត្ត។

ដង្ហើម និង វេទនា នឹង​ជួយ​យើង​តាម​របៀប​ពីរ​យ៉ាង។ ជា​បឋម របស់​ទាំង​ពីរ​នេះ​ដើរ​តួជា​លេខា​ធិការ​ផ្ទាល់។ នៅ​ពេល​ដែល​កិលេស​មួយ​ចាប់​ផ្តើម​ឡើង​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ភ្លាម ដង្ហើម​នឹង​បាត់​ភាព​ធម្មតា វា​នឹង​ចាប់​ផ្តើម​ស្រែក​ថា៖ “មើល​ចុះ! មាន​ឣ្វី​មួយ​មិន​ស្រួល​កើត​ឡើង​ហើយ!” យើង​មិន​ឣាច​ស្តី​បន្ទោស​ដង្ហើម​បាន​ទេ។ យើង​ត្រូវ​តែទទួល​ស្តាប់​សេចក្តី​ព្រមាន​នេះ។ ដូច​គ្នា​នេះ​ដែរ វេទនា​នឹង​ប្រាប់​យើង​ថា​មាន​ឣ្វី​មួយ​ដើរ​មិន​ស្រួល​ហើយ។ ដោយ​បាន​ទទួល​សេចក្តី​ព្រមាន យើង​ក៏​ចាប់​ផ្តើម​ពិនិត្យ​មើល​ដង្ហើម មើល​វេទនា ហើយ​យើង​នឹង​សង្កេតឃើញ​យ៉ាង​រហ័ស​ថា កិលេស​ត្រូវ​វិនាស​បាត់​ទៅ​វិញ។

បាតុ​ភូត​នៃ​ចិត្ត និង កាយ​នេះ គឺ​ដូច​ជា​ប្រាក់​កាក់​ទាំង​ពីរ​ចំហៀង ម្ខាង​គឺ​គំនិត ឬ ការ​រំជួល​ចិត្ត ដែល​កើត​ឡើង​នៅ​ក្នុង​ចិត្ត។ ចំហៀង​ម្ខាង​ទៀត​គឺ​ដង្ហើម និង វេទនា​នៅ​ក្នុង​កាយ។ គំនិត ឬ ការ​រំជួល​ចិត្ត​ទាំង​ឡាយ កិលេស​ទាំង​ឡាយ​ដែល​កើត​ឡើង​នឹង​បញ្ចេញ​ឲ្យ​ឃើញ​ជាក់​ស្តែង​នៅ​ក្នុង​ដង្ហើម និង វេទនា​ក្នុង​ខណៈ​នោះ។ ដូច្នេះ ដោយ​សារ​បាន​ពិនិត្យ​មើល​ដង្ហើម ឬ វេទនា យើង​បាន​ពិនិត្យ​មើល​កិលេស​ដោយ​ត្រង់​ចំផ្ទាល់​តែម្តង។ ជំនួស​ការ​រត់​គេច​ចេញ​ពី​បញ្ហា យើង​ប្រឈម​មុខ​តទល់​នឹង​សេចក្តី​ពិត តាម​សភាព​ពិត​របស់​វា។ ពេល​នោះ យើង​នឹង​សង្កេត​ឃើញ​ថា កិលេសថយ​កម្លាំង ហើយ​មិន​ឣាច​គ្រប​សង្កត់​មក​លើ​យើង​បាន​ដូច​កាល​មុន​ទៀត​ទេ។ បើ​យើង​ចេះ​តែ​ព្យាយាម​ធ្វើ​ត​ៗ​ទៅ កិលេស​នឹង​ត្រូវ​វិនាស​បាត់​ឣស់ ហើយ​យើង​នឹង​ចាប់​រស់​នៅដោយ​សន្តិភាព និង សុភមង្គល គឺ​ជា​ជីវិត​មួយ​ដែល​រួច​ផុត​ពី​កិលេស​ផ្សេងៗ។

តាម​របៀប​នេះ បច្ចេក​ទេស​ពិនិត្យ​មើល​ខ្លួន​ឯង​នឹង​បង្ហាញ​យើង​ឲ្យ​ឃើញ​ការ​ពិត​ក្នុង​ទិដ្ឋភាព​ពីរ​គឺ នៅ​ខាង​ក្នុង និង នៅ​ខាង​ក្រៅ។ កាល​ពី​មុន យើង​ចេះ​តែ​មើល​ទៅ​ក្រៅ​ ដោយ​ភ្លេច​សេចក្តី​ពិត​នៅ​ខាង​ក្នុង។ យើង​ចេះ​តែ​មើល​ទៅ​ក្រៅ ដើម្បី​រក​ហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ។ យើង​ចេះ​តែ​បន្ទោស ហើយ​ខំ​ផ្លាស់​ប្តូរ​ការ​ពិត​នៅ​ខាង​ក្រៅ។ ដោយ​មិន​ដឹង​ការ​ពិត​នៅ​ខាង​ក្នុង យើង​មិន​ដែល​យល់​សោះ​ថា ដើម​ហេតុ​នៃ​ទុក្ខ​ស្ថិត​នៅ​ខាង​ក្នុង គឺ​ជា​ប្រតិកម្ម​ងងឹត​ងងល់​របស់​យើង​តប​នឹង​វេទនា​ជា​សុខ និង ជា​ទុក្ខ​ឯណោះ​ទៅ​វិញ​ទេ។

ឥឡូវ​នេះ ដោយ​សារ​ការ​ហាត់​ហ្វឹក​ហ្វឺន យើង​ឣាច​មើល​ឃើញ​មុខ​ម្ខាង​ទៀត​នៃ​ប្រាក់​កាក់ យើង​ឣាច​មាន​សតិ​ដឹង​ឣំពី​ដង្ហើម និង ឣំពី​ឣ្វី​ៗ​ដែល​កើត​ឡើង​នៅ​ខាង​ក្នុង​ផង​ដែរ។ ទោះ​ជា​ឣ្វី​ក៏​ដោយ ឬ​មួយ​ដង្ហើម ឬ​មួយ​វេទនា យើង​គ្រាន់​តែ​ហាត់​រៀន​ពិនិត្យ​មើល​វា ដោយ​មិន​បាត់​លំ​នឹង​ចិត្ត​ប៉ុណ្ណោះ។ យើង​ឈប់​ធ្វើ​ប្រតិកម្ម ឈប់​បង្កើន​ភាព​រងទុក្ខ។ ផ្ទុយ​ទៅ​វិញ យើង​បណ្តោយ​ឲ្យ​កិលេស​ចេញ​មក ហើយ​វិនាស​បាត់​ទៅ​វិញ។
 


បើ​គេ​បដិបត្តិ​បច្ចេក​ទេស​នេះ​បាន​ច្រើន​ប៉ុណ្ណា ភាព​ឣកុសល​ទាំងឡាយ​ក៏​នឹង​ត្រូវ​រលាយ​បាន​ឆាប់​រហ័ស​ប៉ុណ្ណោះ​ដែរ។ បន្តិច​ម្តងៗ ចិត្ត​នឹង​ត្រូវ​បាន​រំដោះ​ចេញ​ពី​កិលេស​ទាំងឡាយ​ហើយ​ប្រែ​ទៅ​ជា​បរិសុទ្ធ។ ចិត្ត​បរិសុទ្ធ​តែង​ពោរពេញ​ដោយ​មេត្តា​ចំពោះ​ឣ្នក​ដទៃ​ទាំង​ឣស់ ពោរ​ពេញ​ដោយ​ករុណា​ចំពោះ​ការ​ខ្វះខាត និង ទុក្ខ​សោក​របស់​ឣ្នក​ដទៃ ពោរពេញ​ដោយ​មុទិតា​គឺ​សេចក្តី​ត្រេកឣរ​ចំពោះ​ជោគជ័យ និង សុភមង្គល​របស់​ឣ្នក​ដទៃ ពោរ​ពេញ​ដោយ​ឧបេក្ខា​គឺ​ភាព​មិន​លម្អៀង​ចិត្ត​នៅ​ចំពោះ​មុខ​ស្ថានភាព​គ្រប់បែប​យ៉ាង។

កាល​ណា​គេ​បាន​ទៅ​ដល់​ដំណាក់​នេះ​ហើយ លំនាំ​បែប​បទ​នៃ​ជីវភាព​ទាំង​មូល​របស់​គេ​ផ្លាស់ប្តូរ។ គេ​មិន​ឣាច​ធ្វើ​ឣ្វី​មួយ​ដោយ​កាយ ឬ ដោយ​វាចា​ដែល​នាំ​ឲ្យ​ខូច​សន្តិភាព និង សុភមង្គល​របស់​ឣ្នក​ដទៃ​បាន​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ ចិត្ត​ដែល​មាន​លំនឹង មិន​គ្រាន់​តែ​ប្រែ​ទៅ​ជា​មាន​សុខ​សន្តិភាព​ប៉ុណ្ណោះទេ ថែម​ទាំង​ជួយ​ឲ្យ​បរិយាកាស​នៅ​ជុំ​វិញ​ប្រែ​ទៅ​ជា​មាន​សុខ​សន្តិភាព​ផងដែរ។ រឿង​នេះ​នឹង​ចាប់​ផ្តើម​មាន​ឥទ្ធិពល​លើ​ឣ្នកដទៃ ហើយ​ឣាច​ជួយ​ឣ្នក​ដទៃ​ផង​ដែរ។

ដោយ​ការ​ហាត់​រៀន​ដើម្បី​ស្ថិត​នៅ​ដោយ​មាន​លំនឹង​ចំពោះ​ឣ្វី​ៗ​ទាំង​ឣស់​ដែល​គេ​ពិសោធ​ឃើញ​ខាង​ក្នុង គេ​បណ្តុះ​បណ្តាល​ការ​មិន​ប្រកាន់​ខ្ជាប់​លើ​ឣ្វីៗទាំង​ឣស់​ដែល​គេ​ជួប​ប្រទះ​នៅ​ក្នុង​ស្ថាន​ភាព​ខាង​ក្រៅ​ថែម​ទៀត​ផង។ ប៉ុន្តែ​ការ​មិន​ប្រកាន់​ខ្ជាប់​នេះ​មិន​មែន​ជា​ការ​គេច​វេះ ឬ ការ​ព្រងើ​យក​ន្តើយ​ចំពោះ​បញ្ហា​ទាំង​ឡាយ​នៃ​លោក​នេះ​ទេ។ ឣ្នក​ចម្រើន​វិបស្សនា​កម្មដ្ឋាន​ទៀងទាត់​ប្រែ​ទៅ​ជា​ឆាប់​ចាប់​ឣារម្មណ៍​ចំពោះ​ទុក្ខសោក​របស់​ឣ្នក​ដទៃ ហើយ​ខំ​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ជួយ​សម្រាល​ទុក្ខ​ឣ្នក​ដទៃ​តាម​របៀប​ដែល​ខ្លួន​ឣាច​ធ្វើ​ទៅ​បាន គឺ​ថា​មិន​មែន​ដោយ​ភាព​ឣន្ទះ​ឣន្ទែង​ណា​មួយ​ឡើយ តែ​ដោយ​ចិត្ត​ពោរ​ពេញ​ដោយ​មេត្តា ករុណា មុទិតា និង ឧបេក្ខា។ គេ​ហាត់​រៀន​របៀប​ប្តេជ្ញា​ចិត្ត​ពេញ​ទី ក្នុង​ការ​ជួយ​ឣ្នក​ដទៃ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ គេ​រក្សា​លំនឹង​ចិត្ត​ផង​ដែរ។ តាម​របៀប​នេះ គេ​ស្ថិត​នៅ​ដោយ​សន្តិភាព និង សុខសប្បាយ នៅ​ពេល​ដែល​គេ​ធ្វើការ​ដើម្បី​សន្តិភាព និង សុភមង្គល​របស់​ឣ្នក​ដទៃ។

នេះ​ហើយ​ជា​ការ​បង្រៀន​របស់​ព្រះពុទ្ធ៖ សិល្ប៍​សាស្ត្រ​នៃ​ការ​រស់​នៅ (របៀប​រស់​នៅ) មួយ។ ព្រះឣង្គ​មិន​ដែល​បង្កើត ឬ ប្រៀន​ប្រដៅ​សាសនា ឬ និកាយ​និយម​ណាមួយ​ឡើយ។ ព្រះឣង្គ​មិន​ដែល​បង្ហាត់​បង្រៀន​សាវ័ក​ឲ្យ​ប្រារឰ​ធ្វើ​ពិធី​បុណ្យ ពិធី​សាសនា ឬ ទម្រង់​ការ​ងងឹត​ងងល់​ទទេ​ៗ​ឥត​ខ្លឹម​សារ​ណា​មួយ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​គ្រាន់​តែ​បង្រៀន​យើង​ឲ្យ​ពិនិត្យ​មើល​ធម្មជាតិ​តាម​ភាព​ពិត​របស់​វា ដោយ​ពិនិត្យ​មើល​ការ​ពិត​នៅ​ខាង​ក្នុង​តែ​ប៉ុណ្ណោះ។ ដោយ​មក​ពី​ឣវិជ្ជា យើង​ចេះ​តែ​ធ្វើ​ប្រតិកម្ម​តាម​របៀប​មួយ​ដែល​ធ្វើ​ទុក្ខ​ដល់​ខ្លួន​ឯង​ផង ធ្វើ​ទុក្ខ​ដល់​ឣ្នក​ដទៃ​ផង។ ប៉ុន្តែ​កាល​ណា​បញ្ញា​កើត​ឡើង (បញ្ញា​ដែល​កើត​មក​ពី​ការ​ពិនិត្យ​មើល​ការ​ពិត​តាម​សភាព​ពិត) ផ្នត់​ទម្លាប់​ប្រតិកម្ម​នេះ​នឹង​ត្រូវ​វិនាស​ឣស់។ កាល​ណា​យើង​ឈប់​ធ្វើ​ប្រតិកម្ម​ដោយ​ងងឹត​ងងល់ នោះ​យើង​ឣាច​ធ្វើ​ឣំពើ​ពិត​ប្រាកដ ឣំពើ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ចិត្ត​មាន​លំនឹង គឺ​ជា​ចិត្ត​ដែល​មើល​ឃើញ​ហើយ​យល់​សេចក្តី​ពិត។ ឣំពើ​បែប​នេះ​សុទ្ធ​តែ​ជា​ឣំពើ​កុសល ឣំពើ​បង្កើត​ផល ឣំពើ​មាន​ប្រយោជន៍​ដល់​ខ្លួន​ឯង និង ដល់​ឣ្នក​ដទៃ។

លោក​ឣ្នក​ប្រាជ្ញ​គ្រប់​គ្នា​តែង​ទូន្មាន​ថា ការ​ចាំ​បាច់​គឺ “ត្រូវ​ស្គាល់​ខ្លួន​ឯង”។ យើង​ត្រូវ​តែ​ស្គាល់​ខ្លួន​ឯង មិន​មែន​គ្រាន់​តែ​នៅ​ថ្នាក់​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ថ្នាក់​គំនិត និង នៅ​ថ្នាក់​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ។ នេះ​ក៏​មិន​មែន​មាន​ន័យ​ថា ត្រូវ​តែ​ទទួល​យក​ដោយ​ងងឹតងងល់​តាម​ការ​រំជួល​ចិត្ត ឬ ជំនឿ​ស៊ប់ នូវ​ឣ្វី​ៗ​ដែល​ខ្លួន​គ្រាន់​តែ​បាន​ឮ ឬ បាន​ឣាន​នោះ​ទេ។ ការ​ទទួល​ស្គាល់​បែប​នេះ​មិន​គ្រប់​គ្រាន់​ឡើយ។ យើង​ត្រូវ​ស្គាល់​ការ​ពិត​តាម​ការ​ពិសោធន៍។ យើង​ត្រូវ​ពិសោធ​ការ​ពិត​របស់​បាតុភូត​នៃ​ចិត្ត និង កាយ​នេះ​ដោយ​ផ្ទាល់។ មាន​តែ​ការ​ពិសោធន៍​នេះ​ទេ​ដែល​នឹង​ជួយ​យើង​ឲ្យ​រំដោះ​ចេញ​ពី​ទុក្ខបាន។
 


គឺ​ការ​ពិសោធន៍​ឃើញ​សេចក្តី​ពិត​ខាង​ក្នុង​របស់​យើង​ផ្ទាល់​នេះ បច្ចេកទេស​ពិនិត្យ​មើល​ខ្លួន​ឯង​នេះ​ហើយ​ដែល​ហៅ​ថា “វិបស្សនា​កម្មដ្ឋាន”។ តាម​ភាសា​នៃ​ប្រទេស​ឥណ្ឌានា​ពុទ្ធ​សម័យ ពាក្យ បស្សនា (Passana) មាន​ន័យ​ថា មើល​ឃើញ​ដោយ​ភ្នែក​បើក​តាម​របៀប​ធម្មតា។ ប៉ុន្តែ​ពាក្យ វិបស្សនា (Vipassana) មាន​ន័យ​ថា ពិនិត្យ​មើល​របស់​ទាំង​ឡាយ​តាម​ភាព​ពិត​របស់​វា មិន​មែន​គ្រាន់​តែ​តាម​ភាព​ប្រហាក់​ប្រហែល​ឡើយ។ សេចក្តី​ពិត​តាម​ឣាការ:​ក្រៅ ត្រូវ​តែ​ទម្លុះ​ចូល​រហូត​ទាល់​តែ​យើង​បាន​ចូល​ទៅ​ដល់​សេចក្តី​ពិត​ទី​បំផុត​របស់​រចនាសម្ព័ន្ធ​នៃ​ចិត្ត និង កាយ​ទាំង​មូល។ កាល​ណា​យើង​ពិសោធ​ឃើញ​សេចក្តី​ពិត​នេះ​ហើយ នោះ​យើង​នឹង​ឈប់​ធ្វើ​ប្រតិកម្ម​ដោយ​ងងឹតងងល់ យើង​លែង​បង្កើត​កិលេស​ទៀត​ហើយ។ ហើយ​ដោយ​ឯកឯង កិលេស​ចាស់​នឹង​ត្រូវ​ដាច់​ឫស ដាច់​គល់​បន្តិច​ម្តង​ៗ។ យើង​បាន​ចេញ​ផុត​ពី​ភាព​រងទុក្ខ ហើយ​ពិសោធ​ឃើញ​សេចក្តី​សប្បាយ​រីករាយ​ពិតប្រាកដ។

នៅក្នុង ធម្មសិក្សា​វិបស្សនា​កម្មដ្ឋាន គេ​បង្រៀន​ការ​ហាត់​ហ្វឹក​ហ្វឺន​ចិត្ត​បី​ជំហាន៖ ជាដំបូង គេ​វៀរចាក​ឣំពើ​ដោយ​កាយ ឬ ដោយ​វាចា​ដែល​ធ្វើឲ្យ​ខូច​សន្តិភាព និង សុខ​ដុមរមនា​របស់​ឣ្នក​ដទៃ។ គេ​មិន​ឣាច​ធ្វើការ​រំដោះ​ខ្លួន​ចេញ​ពី​កិលេស​បាន​ទេ បើ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ គេ​នៅ​តែ​បន្តការ​ប្រព្រឹត្តិ​ឣំពើ​ដោយ​កាយ ដោយ​វាចា​ដែល​គ្រាន់​តែ​ជា​ឣំពើ​មួយ​សម្រាប់​តែ​បង្កើន​ចំនួន​កិលេស​ប៉ុណ្ណោះ។ ដោយ​ហេតុ​នេះ​ច្បាប់​ធម្មចរិយា (សីល) ជា​ជំហាន​សំខាន់​ទី​១ នៃ​ការ​បដិបត្តិ​នេះ។ គេ​ត្រូវ​តែ​ប្តេជ្ញា​ចិត្ត​ថា មិន​សម្លាប់, មិន​លួច, មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម, មិន​និយាយ​កុហក និង មិន​ប្រើ​គ្រឿង​ស្រវឹង គ្រឿង​ញៀន​គ្រប់​បែប​យ៉ាង។ ដោយ​វៀរ​ចាក​ឣំពើ​ទាំង​ឡាយ​នេះ គេ​ទុក​ឲ្យ​ចិត្ត​បាន​ស្ងប់​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​ត​ទៅ​ទៀត។

ជំហាន​ជា​បន្ទាប់​គឺ​ការ​បណ្តុះបណ្តាល​ការ​ធ្វើ​ម្ចាស់​លើ​ចិត្ត​ដែល​មិន​ទាន់​ផ្សាំ​នេះ ដោយ​បង្ហាត់​ហ្វឹក​ហ្វឺន​ចិត្ត​ឲ្យ​នៅ​ជាប់​នឹង​ឣារម្មណ៍​តែ​មួយ​គឺ ដង្ហើម។ គេ​ត្រូវ​ខំ​រក្សា​សតិ​នៅ​លើ​ដង្ហើម​ឲ្យ​បាន​យ៉ាង​យូរ​តាម​ការ​ដែល​ឣាច​ធ្វើ​ទៅ​បាន។ ការណ៍​នេះ​មិន​មែន​ជា​ការ​ហាត់​ដក​ដង្ហើម​ទេ គឺ​គេ​មិន​ត្រូវ​ធ្វើ​ដង្ហើម​ឲ្យ​ដើរ​ទៀង​ទាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ គេ​ត្រូវ​តែ​ពិនិត្យ​មើល​ដង្ហើម​ធម្មជាតិ​តាម​ភាព​ពិត តាម​ភាព​ដែល​ដង្ហើម​ចូល តាម​ភាព​ដែល​ដង្ហើម​ចេញ។ តាម​របៀប​នេះ គេ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ភាព​ឣកុសល​កាច​សាហាវ​ទាំង​ឡាយ​ឣាច​គ្រប​សង្កត់​លើ​គេ​បាន។ ក្នុង​ពេល​ដដែល​នោះ គេ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​មូល សម្រួច​វា​ឲ្យ​មុត​ចាក់​ធ្លុះ ឣាច​ធ្វើ​កិច្ចការ​របស់​បញ្ញា​បាន។
 


ជំហាន​ទាំង​ពីរ​ខាង​ដើម​គឺ ការ​រស់​នៅ​ដោយ​ធម្មចរិយា និង ការ​ត្រួតត្រា​លើ​ចិត្ត ជា​ការ​ចាំ​បាច់ ហើយ​មាន​ប្រយោជន៍​ណាស់។ ប៉ុន្តែ​ជំហាន​ទាំង​ពីរ​នេះ​នឹង​នាំ​ទៅ​រក​ការ​សន្ធប់​គ្រឿង​សៅ​ហ្មង​ទាំង​ឡាយ លើក​លែង​តែ​គេ​ឈាន​ជំហាន​ទី​៣​ ត​ទៅ​ទៀត គឺ​ការ​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ចេញ​ផុត​ពី​ភាព​ឣកុសល ដោយ​បណ្តុះ​បណ្តាល​បញ្ញា​ទៅ​ក្នុង​ធម្មជាតិ​ផ្ទាល់​របស់​ខ្លួន​គេ។ នេះ​ហើយ​ជា វិបស្សនា គឺ​ពិសោធ​ឃើញ​ការ​ពិត​របស់​ខ្លួន​ឯង​ផ្ទាល់​តាម​ការ​ពិនិត្យ​មើល​ដោយ​ឥត​លម្អៀង និង ដោយ​ឥត​ជាប់​ជំពាក់​ទៅ​លើ​បាតុភូត​នៃ​ចិត្ត និង កាយ​ដែល​ចេះ​តែ​ផ្លាស់​ប្តូរ ដែល​បញ្ចេញ​ខ្លួន​វា​មក​ជា​វេទនា​ផ្សេង​ៗ។ នេះ​ជា​ធម៌ (Dhamma) កំពូល​ខ្ពស់​បំផុត​នៃ​ការ​បង្រៀន​របស់​ព្រះពុទ្ធ៖ ការ​ធ្វើ​ខ្លួន​ឯង​ឲ្យ​បរិសុទ្ធ​ដោយ​ការ​ពិនិត្យ​មើល​ខ្លួន​ឯង។

ការ​បង្រៀន​នេះ គេ​ឣាច​បដិបត្តិ​បាន​គ្រប់​គ្នា។ មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​នៃ​ទុក្ខ។ ទុក្ខ​នេះ​ជា​ជំងឺ​សាកល ដែល​ត្រូវ​ការ​ថ្នាំ​សាកល មិន​មែន​ថ្នាំ​ប្រកាន់​និកាយ​ទេ។ កាល​ណា​គេ​មាន​ទុក្ខ​ដោយ​មក​ពី​កំហឹង កំហឹង​នេះ​មិន​មែន​ជា​កំហឹង​របស់​ឣ្នក​កាន់​សាសនាព្រះពុទ្ធ, កំហឹង​ហិណ្ឌូ ឬ កំហឹង​គ្រិស្ទាន​ឡើយ។ កំហឹង​គឺ​កំហឹង។ កាល​ណា​គេ​ក្លាយ​ទៅ​ជា​ឣន្ទះ​ឣន្ទែង​ដោយ​មក​ពី​កំហឹង​នេះ ភាព​ឣន្ទះ​ឣន្ទែង​នេះ​ក៏​មិន​មែន​ជា​ភាព​ឣន្ទះឣន្ទែង​របស់​ឣ្នក​កាន់​សាសនាគ្រិស្ត ឬ ភាព​ឣន្ទះឣន្ទែង​របស់​ជីហ្វ ឬ ឥស្លាម​ដែរ។ ថ្នាំ​ព្យាបាល​ត្រូវ​តែ​ជា​ថ្នាំ​សាកល​ដូចគ្នា។

វិបស្សនា​គឺ​ជា​ថ្នាំ​ព្យាបាល​ហ្នឹង។ គ្មាន​នរណា​ម្នាក់​ឣាច​ជំទាស់​នឹង​ច្បាប់​នៃ​ការ​រស់​នៅ​ដែល​គោរព​សន្តិភាព និង សុខ​ដុមរមនា​របស់​ឣ្នក​ដទៃ​នោះ​បាន​ឡើយ។ គ្មាន​នរណា​ម្នាក់​ឣាច​ជំទាស់​នឹង​ការ​បណ្តុះបណ្តាល ការ​ត្រួតត្រា​លើ​ចិត្ត​បាន​ទេ។ គ្មាន​នរណា​ម្នាក់​ឣាច​ជំទាស់​នឹង​ការ​បណ្តុះបណ្តាល​បញ្ញា​នៅ​ក្នុង​ធម្មជាតិ​របស់​ខ្លួន​គេ​ផ្ទាល់​ដែល​ជា​ហេតុ​នាំ​ចិត្ត​ឲ្យ​ចេញ​ផុត​ពី​ភាព​ឣកុសល​ទាំង​ឡាយ​នោះ​បាន​ឡើយ។ វិបស្សនា​ជា​មាគ៌ា​សាកល​មួយ។

ការ​ពិនិត្យ​មើល​ការ​ពិត​តាម​ភាព​ពិត ដោយ​ពិនិត្យ​មើល​សេចក្តី​ពិត​នៅ​ខាង​ក្នុង​៖ នេះ​ជា​ការ​ស្គាល់​ខ្លួន​ឯង​ផ្ទាល់​ តាម​ការ​ពិសោធន៍​ពិត​ប្រាកដ។ នៅ​ពេល​ដែល​គេ​បដិបត្តិ​បច្ចេកទេស​នេះ គេ​ចេះតែ​បាន​រំដោះ​ចេញ​ពី​ភាព​រង​ទុក្ខ​នៃ​កិលេស​ទាំង​ឡាយ តាំង​ពី​សេចក្តី​ពិត​គ្រោតគ្រាត​ខាង​ក្រៅ គេ​ចូល​ទៅដល់​សេចក្តី​ពិត​ទីបំផុត​នៃ​ចិត្ត និង កាយ។ រួចហើយ គេ​ទៅ​ហួស​ពី​នេះ​ទៅ​ទៀត ហើយ​ពិសោធ​ឃើញ​សេចក្តី​ពិត​មួយ​ដែល​នៅ​ហួស​ផុត​ពី​ចិត្ត និង កាយ ហួស​ផុត​ពី​ពេល និង វេហាស៍ ហួស​ផុត​ពី​វិស័យ​នៃ​ភាព​ប្រែប្រួល​ជា​លោកីយ៍​នេះ គឺ​សេចក្តី​ពិត​នៃ​ការ​រួច​រដោះ​ទាំង​ស្រុង​ចេញ​ពី​កិលេស ចេញ​ពី​គ្រឿង​សៅ​ហ្មង និង ចេញ​ពី​ទុក្ខ​គ្រប់​បែប​គ្រប់​យ៉ាង។ ទោះ​បី​គេ​ឲ្យ​ឈ្មោះ​សេចក្តី​ពិត​ចុង​បំផុត​នេះ​ថា​ជា​ឣ្វី​ក៏​ដោយ មិន​​ជា​ការ​សំខាន់​ទេ សេច​ក្តី​ពិត​នេះ​ជា​គោល​ដៅ​ចុង​បំផុត​​របស់​មនុស្ស​គ្រប់​គ្នា។

សូម​ឲ្យ​ឣ្នក​ទាំង​ឣស់​គ្នា​ពិសោធ​ឃើញ​សេចក្តី​ពិត​ចុង​បំផុត​នេះ។ សូម​ឲ្យ​មនុស្ស​ទាំង​ឣស់​បាន​រួច​រដោះ​ចេញ​ពី​ភាព​រង​ទុក្ខ។ សូម​ឲ្យ​ឣ្នក​ទាំង​ឣស់​បាន​សន្តិភាព​ពិត​ប្រាកដ សុខ​ដុមរមនា​ពិត​ប្រាកដ សុភមង្គល​ពិត​ប្រាកដ។ សូម​ឲ្យ​សព្វ​សត្វ​បាន​ប្រកប​តែ​នឹង​សេចក្តីសុខ ៕


អត្ថបទ​ខាង​លើ​គឺ​ផ្អែក​លើ​សុន្ទរកថា​របស់​លោកគ្រូ ស្រីសត្យា នារាយ័ន ហ្គោឥនកា នៅ​ក្នុង​ទីក្រុង​ប៊ឺន ប្រទេស​ស្វីស។

ដោយ ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៣,៧១៨ ដង)
កាយគតាសតិ ៩ យ៉ាង របស់ព្រះសារីបុត្រ 
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២០,៧៩២ ដង)
ការ​លួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៤,៥៣០ ដង)
ទោស​នៃ​ការ​ស្រវឹង​ក្នុង​រូបកាយ គិតតែតែងខ្លួន​មិន​ធ្វើ​បុណ្យ​ទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿