18
Wednesday, 22 Mar B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 28,511
Today
Yesterday 173,969
This Month 4,026,348
Total ៣០៩,០១៩,៩៤០
Flag Counter
Online
ADVISE
images/articles/447/hqqqdefault.jpg
សីលធម៌ចំពោះស្វាមីភរិយា
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
ពុទ្ធសាសនា​និង​តម្លៃ​សីលធម៌​ចំពោះ​ស្វាមី​ភរិយា សុភមង្គល​នៃ​ជីវិត​គូស្វាមី​ភរិយា តាម​ទស្សនៈ​ពុទ្ធសាសនា គឺ​ស្ថិត​នៅ​លើ​សេចក្តី សុខ​នៅ​ក្នុង​គ្រួសារ​របស់ ខ្លួន ដែល​ហៅ​ថា​ សុខ​កាយ សប្បាយ​ចិត្ត ។ សុខ​កាយ គឺ ការ​ដែល​មិន​មាន​ជម្ងឺតម្កាត់​ផ្សេងៗ រាងកាយ​រឹងមាំ អវៈយវៈ ទាំង​អស់​មាន​សុខភាពមាំមួន ធើ្វ​ការងារ​បាន​គ្រប់​យ៉ាង​ទាំង​អស់។ សុខកាយ​ម្យ៉ាង​ទៀត​គឺ​ការ​ដែល​មាន បច្ច័យ ៤ គ្រប់​គ្រាន់ គឺ​មាន​ម្ហូប​អាហារ​ត្រឹមត្រូវ​តាម​ក្បួន​អនាម័យ មាន​សំលៀក បំពាក់ មាន​ផ្ទះ​សំបែង​និង មាន​ថ្នាំ​សំរាប់ ព្យាបាល​ជម្ងឺ។ សេចក្តី​សុខ​ខាង​កាយ​នេះ ជា​សេចក្តី​សុខ​ដែល​គេ ស្គាល់​គ្រប់​គ្នាហើយ​ដែល​គ្រួសារ​នីមួយ​ៗ​តែង​ប្រាថ្នា​។​ តែ សេចក្តី​សុខ​ប្រភេទ​នេះ មិន​ទាន់​គ្រប់​គ្រាន់​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​សុភមង្គល ទេ។ ហេតុ​បាន​ជា​ដូចេ្នះ ព្រោះ​ថា​បើ គ្រួសារ​(ស្វាមីភរិយា)នោះ​មាន​បច្ច័យ​៤​គ្រប់​គ្រាន់ មែន​តែ​អ្នក​ជា​មនុស្ស​ដែល ខ្វះ​សីល​ធម៌ ខ្វះ​ការ​កក់ក្តៅ​ក្នុង​ក្រុម​គ្រួសារ ប្តី​ប្រពន្ធ កូន​ប្រព្រឹត្ត​តែ​អំពើ​អបាយ​មុខ​ដែល​លោក ហៅ ថា ឆ្កួត​ស្រា ឆ្កួត​ស្រី ឆ្កួត​ល្បែងពាលា នោះ​ជីវិត​ស្វាមី​ភរិយា នឹង​មិន មាន​សេចក្តី​សុខ​ឡើយ។ អ្នក​មាន​ទ្រព្យ​ច្រើន តែ​ជួន​កាល​អ្នក​មិន​មាន​សេចក្តី​សុខ ដេក​លក់​ស្រួល​ស្មើ​នឹង ជីវិត​គូស្វាមីភរិយា​ខ្លះ​ដែល​ក្រទ្រព្យ សម្បត្តិ តែ​ចេះ​ស្រលាញ់​គ្នា​ល្អូកល្អឺន រស់​នៅ​ជា មួយគ្នា ក្នុង​សុខ​ដុមភាពឡើយ​។​ ដូច្នេះ សេចក្តី​សុខ​ខាង ផ្លូវ​ចិត្ត​ទើប​ជា​​សេចក្តី​សុខ ដែល​សំរាប់​បន្ថែមទៅ​លើ​សេចក្តី​សុខខាង​ផ្លូវកាយ ដើម្បី​ឲ្យសុភមង្គល​ខាង​ជីវិត​គូ ស្វាមី ភរិយា​មាន​តុល្យ​ភាព។ អត្ថបទ​ត​ទៅនេះ គឺ​ជា​កម្រងទស្សនៈ​ពុទ្ធសាសនា ដែល​បាន​ដកស្រង់​យក​អន្លើ ខ្លះ ពី​គម្ពីរទីឃនិកាយ សុត្តន្តបិដក អន្លើ​ខ្លះ​ទៀត​​ពី​សៀវភៅ «ជីវិត​អពាហ៌ពិពាហ៌» របស់​លោក​ធម្មបណ្ឌិត​ហេង មណី​ចិន្តា​និង​ពី​ច្បាប់​ផ្សេង​ៗ មក រៀប​រៀង និង​ពន្យល់ សេចក្តី​​ទុក​ជា​គតិណើរលើ​វិថី​ជីវិត​ដែល​សែន​លំបាក។ តម្លៃ​សីល​ធម៌​ចំពោះ ស្វាមី ភរិយា មាន​អ្វី​ខ្លះ​ដែល គួរ​សិក្សា និង​អនុវត្ត? I. នាទី និង​សីល​ធម៌​ស្វាមី ចំពោះ​ភរិយា ភរិយា, តាម​អត្ថន័យ, គឺស្ត្រីដែល​ស្វាមី​ត្រូវ​ចិញ្ចឹម, ត្រូវ​អនុគ្រោះ។ ការអ​នុគ្រោះ របស់​ស្វាមី​ចំពោះ​ភរិយា លោក បាន​ចែក​ធម្មៈ ៥ប្រការ សំរាប់​អនុវត្តគឺៈ ១‍. ស្រលាញ់​ភរិយា​ដ៏​ស្មោះ ដោយ​ប្រើ​​សំដី​ទន់ភ្លន់ ផ្អែមល្ហែម ទៅ​កាន់ ភរិយា, មិន​ប្រើ​ពាក្យ​សំដី​គ្រោតគ្រាត ទៅ កាន់​ភរិយា។ ២. មិន​បៀតបៀន, មិន​មើល​ងាយ​​មើល​ថោក​ភរិយា ។ ៣. មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ភរិយា (មិន​ក្បត់​ភរិយា) ។ ៤. ប្រគល់​កិច្ចការ​សព្វ​យ៉ាង​នៅ​ក្នុង​ផ្ទះ អោយ​ទៅ​ភរិយា​កាន់​កាប់។ ៥. ផ្គត់ផ្គង់​សំលៀក​បំពាក់ គ្រឿង​អលង្ការ​សម​គួរ​ដល់​ភរិយា។ ស្វាមី​ក៏​ត្រូវ​យល់ដឹង និង​ជួយ​រំលែក​សេចក្តី​ទុក្ខ​លំបាក​របស់ភរិយា ក្នុង​ឋានៈ​ជា ស្រី និង ជាភេទ​ទន់​ខ្សោយ គឺៈ​ ទុក្ខ​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត នៅ​ពេលមាន​គភ៌ មិន អាច​ប្រើ​ឥរិយាបទ​ទាំង៤ (ដេក ដើរ ឈរ អង្គុយ) និង​ប្រកបកិច្ច ការ​បាន​ស្រួល, ទុក្ខ​នៅ​ពេល ឆ្លង​ទន្លេ​ប្រសូត​បុត្រ...។ II. នាទី និង​សីលធម៌​ភរិយា ចំពោះ​ស្វាមី ក) ក្នុង​​ឋានៈ​ជា​ភរិយា គប្បី​យល់​ដឹង​សីល​ធម៌ ៥ ប្រការ សំរាប់​អនុវត្ត​ចំពោះ​ស្វាមី​ខ្លួន គឺៈ ១. ចាត់​ចែង​ការងារ​ក្នុង​ផ្ទះ មាន​បាយទឹក​ជា​ដើម​ដោយ​ផ្ចិតផ្ចង់, មើល រៀប​ចំ​ឥវ៉ាន់ ទ្រព្យសម្បត្តិ រៀបចំផ្ទះ សំបែង ឲ្យ​មានសណ្តាប់​ធ្នាប់​រៀប​រយ​ស្អាត​បាត មានអនាម័យ ដូច​សុភាសិត​ថា «ដំណេក​ដេក​ជា​ខ្នាត អោយ សំអាត​សំអាង​ជា ទើប ទេវតា​រក្សា ចំរើន​សុខ​ស្រីសួស្តី» ។ ២. សង្គ្រោះ​ញាតិ​ខាងស្វាមី និង​ញាតិ​ខាង​ខ្លួន ឲ្យ​បាន​ស្មើ​មុខ​គ្នា រួម​ទាំង​បដិសណ្ឋារ កិច្ច ចំពោះ​បុគ្គល​ដែល​ស្វាមីរាប់​អាន ពេល​ដែល​ជន​នោះ​មក​ដល់ផ្ទះ។ ៣. ថែទាំ​ទុក​ដាក់​ទ្រព្យសម្បត្តិ​ដែល​ស្វាមី​រក​បាន​មក, របស់​បាត់​ត្រូវ​តាម​រក, របស់ ចាស់​ត្រូវ​ជួស​ជុល ប្រើ, និង​ត្រូវ​ចេះ​ប្រមាណ ក្នុង​ការ​ប្រើទ្រព្យសម្បត្តិ ។ ត្រង់នាទី ទី៣ នេះ នារី​ជា​ភរិយា​ត្រូវចង​ចាំ​ពាក្យ​បុរាណ​ថាៈ «ប្តី​ជា​អ្នក​រក ទ្រព្យធន​បាន​មក ប្រពន្ធ​ទុក​ដាក់​ចាស់​ទុំ​បូរាណ បាន​ពោល​បញ្ជាក់ អោយ​នាង​អោយ​អ្នក ចង​ចាំ​គ្រប់​ប្រាណ។ សំណាប​យោង​ដី រី​ឯ​ស្រី​ៗ យោង​ប្រុស សាមាន្យ (សាមញ្ញ) ទោះ​មារយាទ​ខ្សោយ ក៏​ដោយ​បើ​បាន ស្រី​មាន​សន្តាន ខ្ជាប់​ខ្ជួន​មួន​មាំ ។ តែង​បាន​ចំរើន ទ្រព្យា​កើត​កើន ព្រោះ​ស្រី​ថែ​ទាំ ចាត់​ចែង​ទុក​ដាក់ ចេះ​លាក់​សន្សំ សង្វាត​ខិត​ខំ រក្សា​ឲ្យ​គង់ » ។ « ខ្លែង​ហើរ​ដ្បិត​ខ្យល់ នាយ​ថ្កើង​ដ្បិត​ពល រក្សា​ឲ្យ​សុខ ទ្រព្យ​គង់​ដ្បិត​ស្រី ចេះ​សំចៃ​ទុក ផ្ទះ​ធំ​ស្រណុក ដ្បិត​ភរិយា​ជា » ។ ៤. មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ស្វាមី ( មិន​ក្បត់​ចិត្ត​ស្វាមី ) ។ ៥. ឈ្លាសវៃ ប៉ិនប្រសប់ និង​ប្រឹង​ប្រែង​ជានិច្ច​ក្នុង​កិច្ចការ​គ្រប់​យ៉ាង ព្រោះ​ខ្លួន​មាន នាទី​ជា « មេផ្ទះ, មេ​កិច្ចការ​ជា​ធំ​​ក្នុង​គ្រួសារ» ។​ ខ) របៀប​រស់​នៅ​របស់​ស្ត្រី (១) នារី​ពេល​មាន​ស្វាមី​គប្បី​ចង​ចាំ​គឺៈ ១) ភ្លើង​ក្នុង​កុំ​នាំ​ចេញ​ក្រៅ, ២) ភ្លើង​ក្រៅ​កុំ​នាំ​ចូល​ក្នុង, ៣) ត្រូវ​អោយ​បុគ្គល​ដែល​អោយ, ៤) មិន​ត្រូវ​អោយ​ដល់​បុគ្គល​ដែល​មិន​អោយ, ៥) ត្រូវ​អោយ​ដល់​បុគ្គល​ដែល​អោយ​ក្តី​មិន​អោយក្តី, ៦) ត្រូវ​អង្គុយ​ដោយ​ស្រួលបួល, ៧) ត្រូវ​បរិភោគ​ដោយ​ស្រួល​បួល, ៨) ត្រូវ​ដេក​ដោយ​ស្រួល​បួល, ៩) ត្រូវ​បូជា​ភ្លើង ឬ​បំរើ​ភ្លើង, ១០) ត្រូវ​ថ្វាយបង្គំ​ទេវតា​ក្នុង​ផ្ទះ ។ សេចក្តី​ពន្យល់ៈ ១) ភ្លើង​ក្នុង​កុំនាំ​ចេញ​ក្រៅ ។ មានន័យថា រឿង​រ៉ាវ​ណា​ដែល​សៅ​ហ្មង​ក្តៅ​ក្រហាយ មិនល្អ អាក្រក់ ដែល​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ក្រុម​គ្រួសារ​ខ្លួន, មាតាបិតាខ្លួន មិន ត្រូវ​នាំ​ចេញ​ទៅ​ផ្សាយ ដើរប្រាប់​គេ​ប្រាប់​ឯង ដោយ​ហោច​ទៅ​សូម្បី តែ​សាច់​ញាតិ​ខ្លួន ឡើយ។ ២) ភ្លើង​ក្រៅ​កុំនាំ​ចូល​ក្នុង ។ មាន​ន័យ​ថា រឿង​ណា​ដែល​មិនល្អ មិនមាន ប្រយោជន៌ ជា​រឿង​ក្តៅក្រហាយ ហើយ មិន​ទាក់​ទង​នឹង​សាច់​រឿង​របស់​ខ្លួនទេ មិន គប្បី​នាំ​ចូល​​មក​ក្នុង​ផ្ទះ អោយ​ក្រុម​គ្រួសារ​បាន​ទទួល​ការ​ក្តៅក្រហាយ​ផងដែរ​នោះ ទេ។​ ទោះ​ជា​រឿង ក្តៅ​ក្រហាយ​នោះ​ទាក់​ទង​ទៅ​នឹង​កេរ្តិ៎ឈ្មោះ និង​ផល​ប្រយោជន៍ របស់​គ្រួសារ ឬ​ស្វាមី​ខ្លួន​ក្តី ក៏​ត្រូវ​រក​ឱកាស​និយាយ​ដែរ​ដើម្បី​កុំ​ឲ្យ​ក្តៅ​ទាំង​រឿង ក្តៅ ទាំង​មនុស្ស​ទៀត ។ មាន​ភរិយា​ខ្លះ ឃើញ​ស្វាមី​មក​ពី​ធើ្វការ​ហត់នឿយ ឬ​មាន​រឿង មុខ​មិន​ស្រួល​មក​ដល់​ផ្ទះ​មិន​ទាន់​ទាំង​ដាក់​គូថ​អង្គុយ​ផង ក៏​ស្រាប់​តែ​នាំ​យក​រឿង អាក្រក់​រឿង​ក្តៅ​ក្រហាយ​ទៅ​ពិត​ទូល​បញ្ឆេះ​ធ្វើឲ្យ​ស្វាមី​ដែល​កំពុង​ស្រួល​ៗ​នោះ ក្តៅ​ក្រហាយ ឆេះ​ភ្លាម​មួយ​រំពេច ។ ប្រការ​នេះនាង​ជាភរិយា​គួរ​យល់​ដឹង ។ ៣) ត្រូវ​អោយ​បុគ្គល​ដែល​អោយ ។ មាន​អ្នក​មក​ខ្ចី​ទ្រព្យ​បើ​ជឿ​ទុក​ចិត្ត​ថា​នឹង​សង​វិញ សឹម​អោយ​ខ្ចី ។ ៤) មិន​ត្រូវ​អោយ​ដល់​បុគ្គល​ដែល​មិន​អោយ ។ បើ​មាន​អ្នក​មក​ខ្ចីទ្រព្យ​នោះ មិន​គួរ​ទុក​ចិត្ត​ថា​សងវិញ​ទេ មិន​ត្រូវ អោយ​ខ្ចី​ទេ ។ បើ​អោយ​ខ្ចី​ត្រូវ​គិត​ថា របស់​នោះ ទុក​ដូច​ជា​បោះ​ចោល​ទៅ​ក្នុង​ទឹក​ទន្លេ ។ ៥) ត្រូវ​អោយ​ដល់​បុគ្គល​ដែល​អោយ​ក្តី មិន​អោយ​ក្តី ។ ត្រូវ​តែ​អោយ​ដោយ​សង្ឃឹម ថា​សង​វិញ ឬ​មិន​សង​វិញ ដូច ជា​បងប្អូន​​ដែល​យើង​ត្រូវ​តែ​ជួយ​ដោះ​ទុក្ខ​ធុរៈ មួយ ទៀត​បាន​ដល់​ការ​ដាក់​ទាន​ដល់​ស្មូម​យាចក​រួម​ទាំងការ​ធ្វើ​បុណ្យទាន ដែល​ត្រូវ​ធ្វើជា ប្រពៃណី​របស់​យើង ។ ៦) ត្រូវ​អង្គុយដោយ​ស្រួល​បួល ។ ត្រូវ​អង្គុយ​ដឹង​ខ្ពស់​ដឹង​ទាប,​ អង្គុយ​ប្រយ័ត្ន ប្រយែង មិន​ច្រងេង​ច្រងាង យះ​ដៃ​យះ​ជើង... ។ ៧) ត្រូវ​បរិភោគ​ដោយ​ស្រួល​បួល ។ ត្រូវ​មាន​សុជីវធម៌​ក្នុង​ការ​បរិភោគ​អាហារ គឺ បរិភោគ​អោយ​ដឹង​មុន​ក្រោយ បរិភោគ​ជា​មួយ អ្នក​ណា ពេល​ណា​គួរ​បរិភោគ...។ ៨)ត្រូវ​ដេក​ដោយ​ស្រួល​បួល។ គឺ​ការ​រៀប​ចំ​ដំណេក​អោយ​បាន​សមរម្យ​ស្រួល​បួល​រួម​ទាំង​ការ​ត្រៀម​វត្ថុ​ចាំ​បាច់​ ខ្លះ ពេល​ចូល​ដេក​កុំ​ឲ្យ​ពិបាក​ងើប​ដើរ​ឆ្ងាយទៅ​យក ។ ទំនៀមខ្មែរ​ពី​ដើម មុន​ដេក​ភរិយា ត្រូវ​មូរ​បារី អប់​ទឹក​ផ្តិល​ដាក់​ចុង​ជើង។ ក្នុង​រឿង​សិរី ៣ប្រការ​របស់ធម្មបាលមាណព ដែល​ដោះ​ប្រស្នាជា​មួយ​កបិល​មហាព្រហ្ម បាន អធិប្បាយថាៈ ពេល​ព្រឹក​សិរី​នៅ​មុខ ដូច្នេះ​ត្រូវ​លុប​មុខ, ពេល​ថ្ងៃ​សិរី​នៅ​ទ្រូង ត្រូវ​លាប​ស្រឡាប​ដើម​ទ្រូង, ពេល​ល្ងាច សិរី​នៅ​ជើង ត្រូវ​លាង​ជើង​មុន​ពេល​ចូលដេក​ ។ ម្យ៉ាង​ទៀតៈ = មិន​ត្រូវ​កន្លង​ជើង​ប្តី​ឬ​ខ្លួន​ប្តី ព្រោះ​ខ្មែរ​ប្រកាន់​ថា​ប្រុស​ៗ​មានគ្រូបាធ្យាយ កំណើត កាន់ ឬ​បើ​ប្តីជា​អ្នក​រៀន មន្តអាគម ក៏​នឹង​សាប​អស់។ = ត្រូវដេក​នៅ​ខាង​ឆ្វេង​ស្វាមី ឯ​ក្បាលដំណេក គួរដាក់​នៅ​ទិស​ខាង​ត្បូង ព្រោះ « ត្បូង » ប្រែ​ថា​ក្បាល ។ = គួរ​មើល​ឲ្យ​បាន​ច្បាស់​ពេល​ដេក មិន​ត្រូវ​បែរ​ជើង​ទៅ​រកស្វាមី មាតាបិតា ឬ ព្រះពុទ្ធរូប​ទេ ព្រោះ​ដូច​ជា​យើង​យក​ជើង​ទៅ​ធាក់​លោក​អញ្ចឹង ។ = ត្រូវ​ដេកប្រយ័ត្ន​ប្រយែង ក្រែង​លេច​កេរ្តិ៍ខ្មាស់ ឬ​ពេល​ងើប​ពី​ដេក​របូត​សំពត់ ជាដើម ។ ខ្មែរ​មាន​ទំនៀម​ថា « ប្រពន្ធ​ត្រូវ ដេក​ក្រោយ​ប្តី និង​ភ្ញាក់ មុន​ប្តី​ » ព្រោះ លោក​យល់​ថា ប្តី​ធ្វើ​ការ​នឿយហត់​ពី​ថ្ងៃ ហើយ​ឯ​ប្រពន្ធ​នៅ​ផ្ទះ ដូច្នេះ​ត្រូវ​មើល ខុស ត្រូវ​រៀប​ចំទុក​ដាក់​ចានក្បាន​ឲ្យ​ហើយ, មើល​ទ្វារ​បង្អួច​ក្រែង​បិទ​មិន​ជិត, មើល​ភ្លើង ក្រែង​រាល​ឆេះ ។ល។ លុះ​ភ្ញាក់​ត្រូវ​ភ្ញាក់​មុន ព្រោះ​ម្យ៉ាង ដើម្បី​កុំ​ឲ្យ​ឃើញ​សភាព​មិន រៀបរយ​របស់​សំពត់​ខោ​អាវ​ពេល​ដេក និង​រៀប​ចំអាហា រពេល​ព្រឹក​សំរាប់​ស្វាមី​ផង​​ព្រម​ទាំង​បោសច្រាស​ផ្ទះ​សំបែង​​ឲ្យ​បាន​ស្អាត​បាត​ស្រេច​បាច់​ហើយ ម្យ៉ាង​ទៀត ក៏​មិន​គប្បី​ដេក​កណ្តាល​វាល​ដែរ ត្រូវ​មាន​អ្វី​បិទ​បាំង ឬ​ជាទី​កំបាំង​ភ្នែក​អ្នក​ផង ។ ៩) ត្រូវ​បូជា​ភ្លើង ឬ​បំរើ​ភ្លើង ។ ក្នុង​ទីនេះ​បាន​ដល់​ស្វាមី​ដែល​ភរិយា​ត្រូវគោរព​បំរើ ប្រណិប័តន៌ ថ្នាក់​ថ្នម​រួម​ទាំង​ការ បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​ភេទ​ផង​ដែរ ។ ភ្លើង​នេះ​បើ​យើង​បូជា ឬ​បំ់រើ​មិន​ល្អ វា​នឹង​អាច​រលាក ឬ​ឆេះ​ដល់​នាង​ជា ភរិយាពិត ប្រាកដ ។ ១០) ត្រូវ​ថ្វាយ​បង្គំ​ទេវតា​ក្នុង​ផ្ទះ។ ទេវតា​ក្នុង​ផ្ទះ​នេះ បាន​ដល់​មាតាបិតា​របស់​ខ្លួន​ក្តី របស់​ស្វាមី​ក្តី ដែល​យើង​នៅ​ជា​មួយ, និង​មួយ​ទៀត បាន​ដល់​គ្រឿង​សក្ការ​បូជា​ក្នុង​ផ្ទះ ដែល​យើង​ជឿ​គោរព​បូជា ។ ការ​បំរើ​មាតា​បិតា ការ​គោរព ប្រណិប័តន៍​លោក ថ្វាយ បង្គំ​លោក រមែង​បាន​នូវ​អានិសង្ស​និង​សេចក្តី​សុខ​ជាពន់​ប្រមាណ ព្រោះ​ព្រះសម្មា សម្ពុទ្ធ ​លោក​បាន​មាន​ពុទ្ធ​ដី​កា​ថាៈ មាតា​បិតា​ជា​ព្រះព្រហ្ម​របស់​កូន​ផង ជា​ទេវតា ដើម​ផង ជា​គ្រូ​ផង និង​ជា​អហុនេយ្យ​បុគ្គល របស់​កូន​ផង កូន​ណា​គោរព​បូជា បុណ្យ រមែង​កើត​ដល់​កូន​ប្រុស​ស្រី​នោះ​មិនដាច់ ។ ក្រៅ​ពី​ឱវាទ​ទាំង ១០ នេះ នៅ​មាន​ឱវាទផ្សេង​ៗ​ទៀត​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជា ពាក្យ​ទូន្មាន​ចំពោះ​ស្ត្រី​ដែល​នឹង ត្រូវ​មាន​ស្វាមី ។ ជា​ពិសេស នៅ​ក្នុង​រឿង​វិធូរបណ្ឌិត ជាតក នៅ​ពេល​ដែល​នាង​វិមលា ដែល​ជា​មហេសី​ស្តេច​នាគ​ផ្តាំដល់​បុត្រី គឺ​នាង ឥរន្ទវតី មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ស្វាមី​​គឺ​បុណ្ណកយក្ស។អ្នក​ប្រាជ្ញបណ្ឌិត​យើង បាន​រៀបរៀង​តែង​ពាក្យ​កាព្យ​ឡើង​ឈ្មោះ​ថា « ច្បាប់ស្រី » មាន​លំនាំ​ជាបទ ភុជង្គ លីលា ដែល​ខ្មែរ​យើង​និយម​អោយ​កូន​ស្រី ទន្ទេញ​ណាស់ ។​ ដំណើរ​រួម​រស់​នៃ​ស្វាមី​ភរិយា មិន​មែន​សំរាប់​តែ​សេចក្តី​សុខ​ស្រួល​ទាំង​ផ្លួវកាយ​ទាំង ផ្លូវចិត្ត​នៅ​ក្នុង​ផ្ទះ​មួយ​ជា​មួយ គ្នា​ប៉ុណ្ណោះ​ទេ ។ គូ​ស្វាមី​ភរិយា ត្រូវ​ចេះ​ឆ្លៀត​ទាញ យក​ប្រយោជន៍​អំពី​ភាព​ស្និទ្ធស្នាល​នៃ​ការ​រួមរស់​ជាមួយ​គ្នា​នេះ ជួយ​ណែនាំ រំលឹក ដាស់​តឿន​គ្នា​ឲ្យ​បណ្តុះ​ចិត្ត​គំនិត​មាន​ជំនឿ​ក្នុង​ព្រះសាសនា, ឲ្យ​ចេះ​ប្រយ័ត្ន មិន បណ្តោយ​ឲ្យ​ធ្លាក់​លង់​ទៅ​ក្នុង​អបាយ​មុខ​ណា​មួយ មាន ស្រី ស្រា ល្បែងភ្នាល់ ការ សេពគប់​រក​មនុស្ស​អាក្រក់​ជា​មិត្ត ជា​ដើម​ដែល ជា​ហេតុ នាំ​ឲ្យវិនាស​ទាំង​ទ្រព្យ ទាំង ខ្លួនប្រាណ ។ មាន​ស្វាមី​ភរិយា​ចំណាស់​មួយ​គូ ដែល​ជាប់​ឈ្មោះ​ថា​ជា​ស្វាមីភរិយា​ឧត្តម​បាន​ទៅ ថ្វាយ​បង្គំ​ព្រះពុទ្ធ ហើយ​​ទូល​សួរ ថាៈ បពិត្រពះ​អង្គ​ដ៏​ចំរើន យើង​ខ្ញុំព្រះករុណា​បាន គ្នា​ជា​ប្តីប្រពន្ធ ក្រោយ​ពេល​ដែល​បាន​ស្គាល់​គ្នា​តាំង​ពី​នៅ​ក្មេងៗ ដូចគ្នា ហើយយើង ខ្ញុំ​ស្គាល់​តែ​សេចក្តី​សុខ​ពុំ​ដែល​មាន​រឿង​ហេតុ​មោះ​ហ្មង​អ្វី​នឹង​គ្នា​ម្តង​ណា​ទេ។ សូម​ព្រះ អង្គ​មេត្តា​ពន្យល់​ប្រាប់​យើង​ខ្ញុំ​ផង ថា​តើ​យើង​ខ្ញុំត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​អាច​នឹង​បាន ជួប​គ្នាទៀត​នៅ​ជាតិក្រោយ ។ ព្រះពុទ្ធទ្រង់​ត្រាស់​តប​ប្រកប​ដោយ​គតិ​បណ្ឌិត​ថាៈ បើ​អ្នក​ទាំង​ពីរ​មាន​ជំនឿសាសនា​ដូច​គ្នាបេះបិទ (សមសទ្ធា),​ បើ​អ្នក​ទាំង​ពីរ​ទទួល យក​សេចក្តី​ទូន្មាន​ព្រះសាសនា​តាម​របៀបដូច​គ្នា​បេះបិទ (សម​សីលា), បើ​អ្នក​ទាំង ពីរ​សាងកុសល​ទាន​ដូចគ្នា (សមចាគា), បើ​អ្នក​ទាំងពីរ​មាន​ការសិក្សា​អប់រំ និង​វៃឆ្លាត ប្រហាក់ប្រហែល​គ្នា (សមបញ្ញា)... ទៅ​ជាតិ​ក្រោយទៀត អ្នក​ទាំង​ពីរ​នឹង​បានប្រកប ដោយ​ចិត្ត​ដូច​គ្នាទៀត ពោល​គឺ នឹង​អាច​ជួបគ្នា​គ្រប់​ៗ​ជាតិ​ជា​មិន ខាន។ ដក​ស្រង់​រៀបរៀង​និង​និពន្ធ​ដោយ​លោក ឱម ខែម​ (១) ឱវាទ ១០ យ៉ាង​របស់​ធនញ្ជ័យ​សេដ្ឋី ដែល​ផ្តាំ​ចំពោះ​នាងវិសាខា នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​នៅ​ខាង ស្វាមីនាង, ជាឱវាទ ទាក់​ទង​ទៅ​នឹង​ចរិយារ​បស់​ភរិយា, សូម​នាំ​មក​ចុះ​ជា​គតិ​ជូន​ព្រោះជា​របស់​មាន​សារៈ សំខាន់ ហើយ​ក៏​ជាទីនិយម​បំផុត​នៃ​វប្បធម៌ និង​អរិយធម៌ខ្មែរ។ ដោយ៥០០០ឆ្នាំ
images/articles/523/Untitled-1.jpg
អនិសង្សសីល ៥
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
បញ្ចសីលសមាទានិយត្ថេរាបទាន ក្នុងបិដកលេខ ៧២ ទំព័រ១៧៣។ គ្រានោះ ខ្ញុំកើតជាបុរសអ្នកស៊ីឈ្នួល ក្នុងក្រុងចន្ទវតី ខ្ញុំរវល់តែ​នឹងការងារ​របស់​ជន​ដទៃ ​មិនបាននូវបព្វជា្ជ។ ខ្ញុំគិតថា បុគ្គលទាំងឡាយ ដែលត្រូវងងឹតធំបិទបាំងហើយ​រមែង​ឆេះដោយភ្លើង ៣ យ៉ាង អញ​គប្បី​គេច​ចេញ​ដោយឧបាយណាហ្ន៍។ អញជា​មនុស្សកំព្រា​ ធ្វើនូវការ​ឈ្នួល​ ទាំងទេយ្យធម៌ក៏មិនមាន បើដូច្នោះ​គួរតែ​អញ​​រក្សា​សីល ៥ ឲ្យពេញ​លេញ​។ មានព្រះថេរៈមួយ អង្គឈ្មោះ និសភៈ ជាសាវ័ករបស់​ព្រះ​មុនី​ ព្រះនាម អនោមទស្សី ខ្ញុំក៏ចូលទៅរក ព្រះថេរៈ​អង្គ​នោះ ហើយទទួលនូវ​សិក្ខា​បទ​​​ទាំង ៥ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំ​រក្សា​សីល​ ៥ ឲ្យបរិបូណ៍ អស់​កាល​ប៉ុណ្ណោះ​ដែរ។ លុះមរណកាលមកដល់ព្រមហើយ ទេវតា​ទាំងឡាយ​លួងលោមខ្ញុំថា នែ អ្នកនិទុ៍ក្ខ រថដែលទឹមដោយសេះ ១ ពាន់នេះ មក​ប្រាកដដល់អ្នកហើយ។ កាលបើចិត្តជា​ខាង​ក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំ​បាន​រំលឹក​នូវសីល​របស់​ខ្ញុំ ខ្ញុំបានទៅកាន់​ឋានតាវត្តឹង្ស ដោយ​​សារអំពើដែល​ខ្ញុំធ្វើល្អ​ហើយ​នោះ។ ខ្ញុំបានជាធំជាងទេវតាសោយរាជ្យ មាន​ពួកស្រីអប្សរចោមរោម សោយ​សេចក្តី​សុខដ៏ជាទិព្វអស់ ៣០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង បាន​សោយ​​រាជ្យ​ប្រទេស​ដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។ ខ្ញុំចុត្យ​ចាក​ទេវ​លោក​ ត្រូវ​កុសល​មួយដាស់តឿន ក៏មកកើត​ក្នុងត្រកូល​មហាសាល​ដ៏​ស្តុកស្តម្ភ ​ក្នុង​ក្រុង​​សាវត្ថី ​។​ កាលសាសនារបស់ព្រះជិនស្រី កំពុងរុងរឿង មាតានិង​បិតា​របស់​ខ្ញុំ​បាន​ ទទួល​នូវ​សិក្ខាបទ​ទាំង ៥ ក្នុងកាលជិតចូលវស្សា។ ខ្ញុំបានទទួល​សីល​ជាមួយ (និង​មាតា) ហើយ​បាន​ដល់នូវអរហត្ត។ ខ្ញុំមានអាយុ ៥ ឆ្នាំអំពីកំណើត បានដល់​នូវ​អរហត្ត ​ព្រះពុទ្ធ​មានចក្ខុ ទ្រង់ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយទ្រង់ឲ្យ​ឧប​សម្បទា​​ជា​​ភិក្ខុដល់ខ្ញុំ។ ខ្ញុំរក្សានូវសិក្ខាបទទាំង ៥ ពេញលេញ ខ្ញុំមិនដែលទៅកាន់កំណើត អសុរកាយ​អស់​​កប្ប ​នឹង​ប្រមាណ​មិនបាន​អំពីភទ្ទកប្បនេះ។ ខ្ញុំនោះបានទទួលនូវ​យស ​ព្រោះហេតុ​នៃសីលទាំងនោះ ខ្ញុំកាល​សម្តែងនូវ​កោដិនៃ​កប្ប គប្បីសម្តែង​ជា​ឯកទេស (មួយ​ចំណែកៗ)។ ខ្ញុំរក្សាសីលទាំង ៥ ហើយបាននូវត្រៃហេតុ គឺខ្ញុំ​ជាអ្នក​​មាន អាយុវែង ១ មាន​ទ្រព្យច្រើន ១ មានប្រាជ្ញាមោះមុត ១ ។ មួយទៀត ខ្ញុំសម្តែង​នូវ​ភាព​ជាខ្លួនជាបុរសដ៏ក្រៃលែងជាងជនទាំងពួង អន្ទោល​ទៅ​ក្នុង​ភពតូច និងភពធំ ហើយ​តែងបាននូវឋានៈទាំងនុះ។ សាវ័កទាំងឡាយ របស់​ព្រះជិន​ស្រីកាលប្រព្រឹត្ត ក្នុងសីល​នឹងប្រមាណ​មិន​បាន បើលោកនៅត្រេកអរ ក្នុង​ភព តើនឹងបានផល​ដូច​ម្តេច​ទៅ។ សីល ៥ ដែលខ្ញុំជាអ្នកស៊ីឈ្នួលគេ មាន​ព្យាយាម​ប្រព្រឹត្តល្អហើយ ខ្ញុំបាន​រួច​ចាក​ចំណង​​ទាំងពួង ក្នុងថ្ងៃ​នេះដោយសារសីលនោះ។ ក្នុងកប្បប្រមាណមិនបាន អំពី​កប្ប​នេះ ព្រោះហេតុដែលខ្ញុំរក្សាសីល ៥ ខ្ញុំមិន​ដែល​ស្គាល់ទុគ្គតិ នេះជាផល​នៃ​សីល​​ ៥ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបាន​ធ្វើឲ្យ​ជាក់​ច្បាស់​​ហើយ​ទាំង​សាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បាន​ឮថា ព្រះបញ្ចសីលសមាទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។ ដកស្រង់ចេញពីសៀវភៅ “ឃរាវាសធម៌”រៀបរៀងដោយ មុនីកោសល្យ នៅ-ហៃ​ឡុន​ ៕ ដោយ៥០០០ឆ្នាំ
images/articles/1283/Untitled-1-Recovered.jpg
សីល​
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
កូន​ជា​ទី​ស្រឡាញ់!កូន​ត្រូវ​សិក្សា​នូវ​ចំណុច​នៃ​សីល​ទាំង​៩នេះ​គឺ​ ១. សីល​ធម៌​មិន​វិនាស​ទេ មនុស្ស​ទេ​តើ​ដែល​និរាស​ពី​សីល​ធម៌​ ។ ២. កំហុស​ចាត់​ជា​គ្រូ​ក៏​ពិត តែ​សូម​កុំ​ឲ្យ​ខុស​ដដែលៗ ។ ៣. សេចក្តី​ល្អ​មាន​តម្លៃ​ជាង​បរិញ្ញាបត្រ ។ ៤. គុណ​ធម៌​មិន​នៅ​នឹង​អណ្តាត​ទេ គឺ​ឋិត​នៅ​តែ​ក្នុង​ចិត្ត ។ ៥. កុំ​ខ្ជិល​សាង​គុណ​ធម៌ព្រោះ​គ្មាន​អ្នក​ណា​ល្អ​ជំនួស​គ្នា​ទេ ។
images/articles/1642/Untitled-1-Recovered.jpg
អ្នក​ឆ្លាត​បើ​ចង់​បាន​សេចក្ដី​សុខ​បីយ៉ាង​ត្រូវ​តែ​រក្សា​សីល
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
ពាក្យ​ថា សីល មាន​ន័យ​ថា ការ​កាន់​ចរិយា​,ល្អ,សង្រួម,ចរិយា,នេះ​គឺ​ជា​ពាក្យ​ថា សីល។ពាក្យ​ថា សុខ បើជា​គុណ​នាម​គឺ​មាន​ន័យ​ថា ដែល​សប្បាយ​ ងាយ ស្រួល ស្រណុក សម្រាន្ត តែ​បើ​ជា​នាម​វិញ​មាន​ន័យ​ថា សេចក្ដី​សប្បាយ ដំណើរ​ងាយ ដំណើរ​ស្រួល ដំណើរ​ស្រណុក ជាដដើម។ មនុស្ស​ដែល​រស់​នៅ​លើ​ភព​ផែន​ដី​នេះគឺ​សុទ្ធ​តែ​ជា​អ្នក​មាន​សេចក្ដី​ប្រាថ្នា​ចង់​បាន​សុខ​គ្រប់ៗ​គ្នា ទាំង​គ្រហស្ថ​ទាំង​បព្វជិត ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ​ជា​ដើមគឺ​ប្រាថ្នា​នូវ​សេចក្ដី​សុខ​ដូច​ៗ​គ្នា។សូម្បី​តែ​ចោរ ដែល​ខំ​លួច​កេង​ប្រវ័ញ្ច(​បញ្ឆោត​) គេ​ទាំង​យប់​ទាំង​ថ្ងៃ​គឺ​ដើម្បី​តែ​សេចក្ដី​សុខ​នោះ​ឯង។ មនុស្ស​ល្ងង់​ ចិត្ត​ដែល​ចង់​បាន​នូវ​សេចក្ដី​សុខ​គឺ​ច្រើន​តែ​ធ្វើ​អ្វី​ដែល​ខុស​ពី​ច្បាប់​នៃ​ការ​ពិត ឬ​ ខុស​ពីច្បាប់​នៃ​ធ្មជាតិ។មនុស្ស​ឆ្លាត​ ស្វែង​រក​នូវ​សេចក្ដី​សុខ គឺ​ ស្វែង​រក​ដោយ​ឧត្ដមបញ្ញា មិន​ដើរ​ផ្លូវ​កាត់​ព្រោះ​ហេតុ​តែ​ចង់​បាន​នូវ​សេចក្ដី​សុខ​នោះ​ឡើយ។អ្នក​ប្រាជ្ញ មិន​ដែល​ចម្រើន​នូវ​សេចក្ដី​សុខ​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ណា​ម្នាក់​ឡើយ។ សេចក្ដី​សុខ​ដែល​កើត​ឡើង ព្រោះ​តែ​ការ​បៀតបៀន​មនុស្ស​សត្វ​ទាំង​ឡាយ សេចក្ដី​សុខ​នោះ​គឺ​ជា​សេចក្ដី​សុខ​ក្លែង​ក្លាយ សេចក្ដី​សុខ​មិន​ពិត​ប្រាកដ​សូម្បី​តែ​សេចក្ដី​សុខ​មួយ​ចំណិត​បញ្ជាក់​ថា ត្រឹម​ត្រូវ​នោះ​គឺ​គ្មាន​សោះ​ឡើយ។ វិថី​ដួង​ចិត្ត​នៃ​អ្នក​ប្រាជ្ញ បាន​មើល​ឃើញ​យ៉ាង​ច្បាស់ពិត​ប្រាកដ​ថា សេចក្ដី​សុខ​ដែល​កើត​ឡើង​ព្រោះ​តែ​ការ​វៀរ​ចាក​នូវ​បាប​ធម៌​ទាំង​ឡាយ អសីលធម៌​ជា​ដើម។អ្វី​ទៅ​ជា​អសីលធម៌​នោះ គឺ ចិត្ត​ដែល​មិន​មាន​នូវ​សីល​នោះ​ឯង។សេចក្ដី​សុខ​៣​ប្រការ ដែល​ត្រូវ​បាន​សម្រាប់​ជន​ដែល​ឆ្លាត​ឈ្លាស​គឺ​មក​ពី​ការ​រក្សា​សីល​នោះ​ឯង។ សេចក្ដី​សុខ ៣ យ៉ាង​នោះ​គឺ ១- សុខ​ព្រោះ​ការ​សរសើរ ២- សុខ​ព្រោះ​មាន​ភោគៈ ៣- សុខ​ព្រោះ​បាន​នូវ​សម្បត្តិ​សុគតិ នេះ​គឺ​ជា​សេចក្ដី​សុខ ៣ យ៉ាង ដែល​កើត​ឡើង​ព្រោះ​តែ​ការ​រក្សា​សីល ហើយ​មិន​មែន​មាន​តែ​៣នឹង​នោះ​ទេ នៅ​មាន​ច្រើន​ទៀត​ដែល​មិន​អាច​នឹងយក​មក​ពណ៌នា​ឲ្យ​អស់​បាន។ ដូច្នេះ​ពុទ្ធបរិស័ទ​ទាំង​ឡាយ បើ​សិន​ជា​ចង់​បាន​នូវ​សេចក្ដី​សុខ​ពិត​មែន​នោះ គឺ ត្រូវ​តែ​នាំ​គ្នា​រក្សា​សីល​ឲ្យ​បាន​ល្អ កុំ​ឲ្យ​សីល​មាន​សេចក្ដី​សៅហ្មង មាន​មន្ទិល​ និង កុំ​ឲ្យ​សីល​ប្រឡាក់​ប្រឡូក​ដោយ​ភាព​មិន​បរិសុទ្ធ​ឲ្យ​សោះ ធ្វើ​បែប​នេះបាន​មែន នោះ​យើង​នឹង​បាន​នូវ​សេចក្ដី​សុខ​ពិត​ប្រាកដ​មិន​ខាន​ឡើយ។ ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ​៥០០០​ឆ្នាំ​
images/articles/2270/Untitled-1-Recovered.jpg
វិនិច្ឆ័យ​ក្នុងសីល​បាណាតិបាត
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
សិក្ខាបទទី១​ថា បាណាតិបាតា វេរមណី គឺ​ចេតនាវៀរចាក ការសម្លាប់​ជីវិតសត្វ។សត្វ​មាន​ជីវិត​សំដៅ​យក​ពួក​សត្វ​ទាំងអស់ ទោះ​តូច​ល្អិតក្ដី ធំក្ដី មានវិញ្ញាណ ឬមិនមានវិញ្ញាណ កាល​បើ​មាន​ចេតនា​ក្លែងសម្លាប់​ឲ្យ​ស្លាប់ហើយ ក៏ឈ្មោះ​ថា បែកធ្លាយ​ឬដាច់សីល​បាណាតិបាត។ ពួករុក្ខជាតិ តិណជាតិ ដូចជាដើមឈើ ស្មៅជាដើម ដែលវានៅ​ស្រស់​មិន​ទាន់ងាប់ ដែល​យើង​តែងហៅ​ថា"ដើមឈើ​រស់​នៅមានជីវិត" វត្ថុ​ទាំង​នេះ​មិន​រាប់​ចូល​ថាជាសត្វ​មាន​ជីវិត​ដែល​ជាវត្ថុ​នៃបាណាតិបាត​ទេ ព្រោះ​ជីវិត​ក្នុងទី​នេះសំដៅ​យកជីវិត​របស់​សព្វសត្វ​ដែល​កើតអំពី​កម្មជាបច្ច័យ​តែម្យ៉ាង ដូច្នេះ​អ្នករក្សាសីល​ក៏អាច​កាប់ដក ស្មៅឬដើមឈើ​បាន លើកលែង​តែភិក្ខុ​ជាបព្វជិត​ចេញ ដែល​លោកមានសិក្ខាបទ គឺព្រះពុទ្ធជាម្ចាស់​ទ្រង់​ហាម។ - ការទម្លាយ​មេកំណើត​បដិសន្ធិរបស់បុរស ការដែលគ្រូពេទ្យ​ទម្លាយ​មេកំណើត បដិសន្ធិ​របស់​បុរស​ដើម្បី​មិន​ឲ្យ​កើត​បដិសន្ធិ​ឡើង មិនឈ្មោះ​ថា បាណាតិបាត​ទេ ព្រោះមេពូជ​កំណើត​បដិសន្ធិ​របស់​បុរស​ដែល​ហៅ​ថា ស្ពែម៉ាតូសូអេ នេះ សូម្បី​ផ្លូវ​ពេទ្យ​ពោល​ថា​កម្រើក​បាន​ក៏​ពិត​មែន តែពូជ​នោះ​មិនមាន​វិញ្ញាណ​បដិសន្ធិ។ នៅក្នុងកាមភូមិត​នេះ សត្វ​ដែល​កើត​ឡើង​ប្រាសចាក​វិញ្ញាណ​រមែង​មិន​មាន ដូច្នេះក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា​ទើប​មិន​រាប់​ថា​ជាសត្វ។ ពូជ​បដិសន្ធិបុរស​ឬស្ត្រី ត្រឹម​តែ​ជាឧតុជ្ជរូបកលាបៈ (សំណុំនៃ រូបកើត​អំពី​ឧតុ) ដែល​កើត​អំពី​លោភរបស់ បុរស ឬស្ត្រី ប៉ុណ្ណោះ ក្នុងការ​ដែល​ញ័រ​បាន​នោះ ក៏​ព្រោះរូបកលាបៈ​នោះ​មាន​វាយោធាតុ​ដែល​មាន​លក្ខណៈ​កម្រើក​ញ័រ​ទើប​ធ្វើ​ឲ្យ​ញ័រ​បាន ដូច​ជាកន្ទុយ​ជីងចក់​ដែល​ដាច់​ចេញអំពី​ខ្លួន ហើយ​អាច​នៅ​កម្រើក​បាន​ដូច្នោះ។បើ​ការ​ទម្លាយ​នោះ ជាការ​ទម្លាយ​ក្នុងកាល​ដែល​ពូជ​បដិសន្ធិ​របស់​បុរស​និង​ស្ត្រី​ដែល​បាន​ផ្សំ​គ្នា ហើយ​មាន​សត្វ​មក​ចាប់​កំណើត ហើយ​ការ​ធ្វើ​នោះ ចាត់​ជាបាណាតិបាត។ (ដកស្រង់ពីមតិរបស់អាចារ្យ​សទ្ធម្មជោតិកៈ) - អំពីការចាក់ថ្នាំបំបាត់រោគ លោកគ្រូ​ពេទ្យ​ចាក់ថ្នាំ​សម្លាប់​មេរោគផ្សេងៗ​នោះ មិនចាត់​ជាបាណាតិបាត​ទេ ព្រោះមេរោគ​ទាំង​នោះ​មិនមាន​វិញ្ញាណ​និង​ជីវិត​ដែល​កើត​ពីកម្ម គ្រាន់​តែ​ជា​ឧតុជ្ជរូបកលាបៈ​ជាប់ទាក់​ទង​ជាមួយ​អកុសលកម្ម​ខ្លះ កើត​អំពី​ឧតុខាង​ក្នុង​ខ្លះ ខាងក្រៅ​ខ្លះ និង​កើត​អំពី​អាហារ​ខ្លះ ក្នុងការ​ដែល​មេរោគ​នោះ​អាច​កម្រើក​បាន​ដូច​សត្វ​ខាង​ក្រៅ​ដែរ ក៏​ព្រោះ​អំណាច​នៃ​វាយោធាតុ​ដែល​មាន​នៅ​រូប​កលាបៈ​នោះៗ​ធ្វើ​ឲ្យ​រូបកលាបៈ​នោះ​កើត​ជាប់​គ្នា​មាន​ចំនួនច្រើន​ឡើង ប្រៀប​ដូច​ដើមឈើ​ដែល​បានទទួល​ធាតុត្រជាក់ និង​ក្ដៅអំពី​ដីជាដើម រមែង​ចម្រើន​លូតលាស់​បែកមែកសាខា​ចេញ​ទៅបានដូច្នោះ ម្យ៉ាង​ទៀត ត្រង់​ដែល​មេរោគ​ទាំង​នោះ​មិន​ចេះ​ស្លាប់​ដោយ​ខ្លួន​ឯង ក៏សម្ដែង​ឲ្យ​ឃើញ​ថា មេរោគនោះ​មិនមែន​សត្វ ព្រោះបើ​ជាសត្វ​ហើយ​ត្រូវ​តែស្លាប់​តាម​កំណត់​វេលា​ដូច្នេះ​មេរោគ​ទាំង​នោះ មានសភាព​ដូច​ច្រែះដែក​ស្នឹម​ដែក ឬស្លែទឹកតោងខឿន​ជញ្ជាំង​ដូច្នោះ។ - ​ការបរិភោគពងមាន់ឬពងទា​ដែល​មិនមាន​ពូជ​ឈ្មោល​ផ្សំ អ្នក​ដែល​បរិភោគ​នូវ​ពងមាន់​ឬពងទា ដែល​មិន​មានពូជឈ្មោល​ផ្សំ​នោះ រមែង​ឈ្មោះ​ថា ជាអ្នកបរិភោគ​នូវ​សត្វ​មានជីវិតគឺជា បាណាតិបាតកម្ម ព្រោះថា សូម្បីពង​នោះ​មិនមាន​ពូជ​ឈ្មោះ​ផ្សំ​ក៏ដោយ តែមាន​សត្វ​បដិសន្ធិ​ឡើង​ហើយ ទើប​កើត​ជាពង​ឡើង​បាន ព្រោះ​ហេតុ​ដែល​នាំឲ្យ​តាំងគគ៌​មាន ៨ យ៉ាង គឺ ១- ដោយការសេពមេថុនធម្ម ២- ដោយការ​យក​ទឹកអសុចិរបស់បុរស​មកដាក់​ត្រង់ទ្វារមគ្គ។ ៣- ដោយ​បុរសចាប់​ពាល់រាងកាយ ៤- ដោយបុរសស្ទាប​ផ្ចិត ៥- ដោយ​ស៊ីទឹកអសុចិរបស់បុរស ៦- ដោយឃើញ​រូបរាងរបស់បុរស ៧- ដោយឮសម្លេងរបស់​បុរស ៨- ដោយធំក្លិន​បុរស (ដកស្រង់អំពី​សមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យ) សេចក្ដី​នេះ​សម្ដែង​ឲ្យ​ឃើញ​ថា ការ​កើត​ឡើង​នៃ​សត្វក្នុងគគ៌ សូម្បី​មិនបាន​ផ្សំ​ដោយ​ពូជបុរស ក៏​អាច​មានហេតុដទៃៗ​ធ្វើឲ្យសត្វ​កើតឡើង​បាន​ដែរ ឧទាហរណ៍​ដូច​ជា​សត្វ​កុក ជាធម្មតា​មិនដែលមាន​សត្វ​កុកឈ្មោល តែ​កាល​មេកុក​ដល់​រដូវកាល​ហើយ គ្រាន់​តែឮសម្លេង​ផ្គរលាន់ មេសត្វ​កុក​ក៏តាំង​គគ៌ឡើង ឧទាហរណ៍​មួយ​ទៀត អំពី​មនុស្ស ដូចមាតារបស់​សុវណ្ណសាមពោធិសត្វ គ្រាន់​តែ​តាបស​ជាស្វាមី​យក​ដៃ​ស្ទាប​អង្អែល​ផ្ចិត​ប៉ុណ្ណោះ ក៏តាំងគគ៌ គឺសុវណ្ណសាម​ឡើង។តែបញ្ហា​នេះ តាមមតិវិទ្យាសាស្ត្របច្ចុប្បន្ន​ដោយ​ច្រើន​គេ​យល់​ថា មិនមាន​សត្វ តែសូមលោកអ្នករក្សាសីល​ទាំង​ឡាយ គួរពិចារណាឲ្យ​បាន​ល្អិតល្អន់​តទៅទៀតចុះ។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត ដោយ​៥០០០​ឆ្នាំ
images/articles/2334/facebook-Recovered.jpg
បែប​អ្នក​រក្សា​សីល ១០
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
បែប​អ្នក​រក្សា​សីល ១០ ឧបាសក ឧបាសិកា អ្នករក្សា​សីល ១០ ត្រូវកោរសក់ បើមានពុកមាត់ ពុងចង្កា ក៏ត្រូវកោរ​ផងដែរ ត្រូវ​កាត់ក្រចកដៃ-ជើង​ឲ្យស្មើនឹងសាច់​ត្រូវស្លៀកពាក់ស ឬពានា​សំពត់​ស​ផង​ក៏​បាន​តាម​គួរ​ដល់​ការ​លៃលក​ឲ្យ​សមរម្យ​តាមសុភាព​បុរស និងស្ត្រី។ សីល​កើត​មានឡើងដោយ​សារវិរតិចេតនា ពុំ​មែន​ដោយសារកោរសក់ ស្លៀកពាក់​ស​ទេ​ក៏ពិត​មែន​ហើយ
images/articles/2388/45g4ft4e6th4wgtf4ef5ythegszsfrztf.jpg
តម្កល់​ជី​វិត​ឲ្យ​ស្ថិត​នៅ​ក្នុង​សីល ៥
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
មនុស្ស​យើង​គ្រប់​គ្នា តែង​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ជីវិត​រស់​នៅ​យូរ​អង្វែង ចង់​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ មិន​ចង់​ឲ្យ​មាន​រោគ​ផ្សេង ៗ ចង់​រស់​នៅ​ជួប​ជុំ​ភរិ​យា​ស្វា​មី កូន​ចៅ​ប្រុស​ស្រី ចង់​ឲ្យ​គេ​មាន​ភក្តី​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង មិន​ចង់​ឲ្យ​គេ​និយាយ​ភូត​ភរ​កុ​ហក​ បោក​ប្រាស់ ចង់​ឲ្យ​និយាយ​តែ​ពាក្យ​សច្ចៈ ពិត​ទៀង​ត្រង់ ចង់​​ឲ្យ​ខ្លួន​ឯង​បរិបូរ​ទៅ​ដោយ​បញ្ញា មិន​ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ឆ្គួត​ វិ​កល់​ចរិក​ មាន​សតិ​វិប្ប​លាស បាត់​បង់​បញ្ញា​ស្មា​រតី ចង់​ឲ្យ​ខ្លួន​ឯង​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​សុខ​គ្រប់​យ៉ាង . . . ។ បេ ។ យើង​ដែល​និយាយ​ថា​ចង់​បាន​ ៗ ៗ គ្រប់​គ្នា​នេះ ចុះ​ហេតុ​អ្វី​បាន​ជា​យើង​មិ​នព្រម​នាំ​គ្នា​ធ្វើ​នូវ​ប្រ​យោជន៍ ដែល​នាំ​ឲ្យ​បាន​នូវ​របស់​ទាំង​អស់​នោះ ចេះ​តែ​ស្រែង​ក្តែង ៗ ថា ចង់​បាន​នេះ ចង់​បាន​នោះ ចង់​ឲ្យ​ខ្លួន​ឯង​មាន​សេចក្តី​សុខ​ណាស់ តែ​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ហេតុ​ដែល​នាំ​ឲ្យ​មាន​នូវ​សេចក្តី​សុខ តើ​នឹង​មាន​សេចក្តី​សុខ​ពី​ណា​មក ? ដោយ​ហេតុ​តែ​ចង់​ឲ្យ​ជី​វិត​របស់​ខ្លួន​រស់​នៅ​យើន​យូរ តែ​បែរ​ជា​ទៅ​បៀត​បៀន​ជី​វិត​អ្នក​ដទៃ តើ​នេះ​ឈ្មោះ​ថា យើង​កំពុង​តែ​សាង​នូវ​ភាព​ជា​អ្នក​មាន​អាយុ​វែង​ឬ ? ចង់​មាន​ទ្រព្យ​សម្បត្តិ​តែ​បែរ​ជា​ទៅ​លួច​ទ្រព្យ​អ្នក​ដទៃ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន ចង់​មាន​សេចក្តី​សុខ តែ​បែរ​ទៅ​ប្រព្រឹត្តិ​បំ​ពាន​លើ​សេចក្តី​សុខ​របស់​អ្នក​ដទៃ សួរ​ថា​តើ​អំពើ​ទាំង​អស់​នេះ​វា​សម​គួរ​ដែរ​ឬ ? ព្រះ​បរម​សា​ស្តា​ចារ្យ​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់​បាន​ទ្រព្យ​ស្តុក​ស្តម្ភ ចង់​ឲ្យ​ឯង​មាន​សេចក្តី​សុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង និង​ចង់​មាន​បញ្ញា គឺ​ត្រូវ​វៀក​ចាក​បញ្ច​វេ​រា​ទាំង ៥ គឺ​សីល​ ៥ នឹង​ឯង ពីព្រោះ​អ្នកមាន​សីល​ ៥ រមែង​បាន​ទទួល​នូវ​គុណ​ធម៌​ដូច្នេះ​គឺ -សីល​ទី ១ មិន​បៀត​បៀន​ជី​វិត​អ្នក​ដទៃ​គឺ​មិន​សម្លាប់​សត្វ​នាំ​ឲ្យ​មាន​ធម៌ មេត្តា ។ -សីល​ទី ២ មិន​លួច​ទ្រព្យ​គេ នាំ​ឲ្យ​មាន​ធម៌ សម្មា​អាជីវៈ ។ -សីល​ទី ៣ មិន​ប្រ​ព្រឹត្ត​ខុស​ក្នុង​កាម នាំ​ឲ្យ​យើង​មាន​នូវ​ធម៌ សទារន្តោសៈ ។ -សីល​ទី ៤ មិន​និយាយ​កុហក នាំ​ឲ្យ​មាន​ធម៌ សច្ចៈ ។ -សីល​ទី ៥ មិន​ផឹក​នូវ​ទឹក​ស្រ​វឹង នាំ​ឲ្យ​មាន​ធម៌ សតិ​សម្បជញ្ជៈ ។ សីល​ទាំង ៥ នេះ​ដែល​មនុស្ស​គួរ​តែ​ខំ​ប្រឹង​ប្រែង​រក្សា​ឲ្យ​ដូច​ជា​យើង​រក្សា​នូវ​ជី​វិត​របស់​​ដូច្នោះ​ដែរ ដើម្បី​បាន​ជា​មាគ៌ា​សម្រាប់​ជីវិត​របស់​យើង ដែល​ធ្វើ​ដំ​ណើរ​ទៅ​លោក​ខាង​មុខ​នឹង​បាន​ជា​គ្រឿង​ប្រដាប់​ សម្រាប់​តម្រែ​ តម្រង់ និង​កែ​តម្រូវ​ផ្លូវ​នៃ​ជី​វិត​របស់​ខ្លួន​ឲ្យ​ប្រ​កាន់​តែ​​ប្រ​សើរ​ ។ ដកស្រង់ចេញពីសៀវភៅៈ សមាធិ​សម្រាប់​កុមារា កុ​មារី យុវជន យុវតី រៀបរៀងដោយៈ ព្រះ​បាឡាក់ សម្បត្តិ​ចន្ទ​សុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ ) វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/3058/ima_______________ge.jpg
ឧបោសថសីល ៣យ៉ាង
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
ឧបោសថសីល មាន​៣យ៉ាង​គឺៈ ១. បកតិឧបោសថ ឧបោសថ​តាមធម្មតា។ កាលនៃ​បកតិឧបោសថ​នេះ ​មាន​៨ថ្ងៃ​​ក្នុង​មួយ​ខែគឺ ជុណ្ហបក្ខ (បក្សខ្នើត) ៤ថ្ងៃ កាលបក្ខ (បក្សរនោច) មាន​៤ថ្ងៃ បក្សខ្នើត ៤ថ្ងៃគឺ ៥កើត ៨កើត ១៤កើត ១៥កើត។ បក្សរនោច ៤ថ្ងៃគឺ ៥រោច ៨រោច ១៤រោច ១៥រោច។ ថ្ងៃ​នៃ​បកតិឧបោសថ​នេះ ក្នុងសម័យ​ពុទ្ធកាល មានតែ​៦ថ្ងៃ។ ​ថ្ងៃ​៥កើត និង​៥រោច ជាកាល​នៃ​ការស្តាប់​ធម៌ទេសនា​ក្នុង​ពេលនោះ ក្រោយមក​ព្រះសង្គាហកត្ថេរ​ទាំងឡាយ លោក​លើក​ឡើង​រាប់​បញ្ចូល​ជា​ថ្ងៃ​ឧបោសថ ទើប​បកតិឧបោសថ​មាន ៨ថ្ងៃក្នុង​មួយខែ។ ២. បដិជាគរុបោសថ ឧបោសថរបស់បុគ្គល​អ្នក​ភ្ញាក់រលឹក ជន​ទាំងឡាយ​កាល​រក្សា​នូវ​ឧបោសថនេះ រមែង​រក្សា​ដោយ​អំណាច​នៃ​កិរិយា​ក្រោក​ឡើង​ទទួល និង​ជូន​តាម​នៃ​ថ្ងៃ​ឧបោសថ​នីមួយៗ (ឧបោសថ ៤ថ្ងៃ) ក្នុង​កន្លះខែ។ កាលនៃបដិជាគរុបោសថ មាន​ចំនួន ១១ថ្ងៃក្នុង​មួយខែ។ ជុណ្ហបក្ខ (បក្សខ្នើត) មាន ៥ថ្ងៃ​គឺ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត។ កាលបក្ខ (បក្សរនោច) បើខែ​ពេញ មាន​ ៦ថ្ងៃ គឺ​បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែ​មិន​ពេញ មាន​៦ថ្ងៃ​គឺ បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១២រោច។ រួមឧបោសថទាំងជុណ្ហបក្ខ និងកាលបក្ខ គឺមួយខែមានថ្ងៃឧបោសថ ១៩ថ្ងៃ។ ៣.បាដិហារិយុបោសថ ឧបោសថដែលបុគ្គលគប្បីរក្សា។ ខែ​ប្រកប​ដោយ​រដូវ​ភ្លៀង ៤ខែ គឺ អាសាធ ១ ស្រាពណ៌ ១ ភទ្របទ ១ អស្សុជ ១ កត្តិក ១ ជា​កាល​នៃ​បាដិហារិយបក្ខ។ ក្នុងរាជសុត្តវណ្ណនា មាន​សេចក្តីថា និពទ្ធុបោសថ គឺឧបោសថ​ដែលគេ​រក្សា​ជាប់​ជានិច្ច មិន​ដាច់​អស់​កាល ៣ខែ ក្នុង​ខាង​ក្នុង​វស្សា​ក្តី ឧបោសថ​​ដែល​បុគ្គល​រក្សា​ជាប់​ជានិច្ច មិន​ដាច់​អស់​កាល ១ខែ ត្រង់​ចន្លោះ​បវារណា​ទាំង​ពីរ​ក្តី ឧបោសថ​​ដែល​គេ​រក្សា​ជាប់​ជានិច្ច មិន​ដាច់​ត្រឹម​កន្លះខែ ចាប់​ពី​ថ្ងៃ​បវារណា​ទី១ ទៅក្តី ហៅថា បាដិហារិយបក្ខ។ ក្នុងតដ្តិកា បាន​បញ្ជាក់ថា និពទ្ធុបោសថ ឈ្មោះថា បាដិហារិយបក្ខ​នោះ ព្រោះ​ជា​ឧបោសថ​ គឺ​បុគ្គល​គប្បីរក្សា គឺថា​ប្រព្រឹត្ត​ជាប់​រៀង​រាល់​ឆ្នាំ។ បាដិហារិយបក្ខ មានន័យថា បក្សនៃ​បាដិហារិយុបោសថ បាន​ដល់​បក្ស​ទាំងពីរ​យ៉ាង​គឺ ឧបនីហរណកបក្ខ ១ បាដិជគ្គនកបក្ខ ១។ ឧបនីហរណកបក្ខ បានដល់បក្សនៃការរក្សាបកតិឧបោសថ​ ជុណ្ហកបក្ស មាន​៤ថ្ងៃ កាលបក្ស មាន ៤ថ្ងៃ។ បដិជគ្គនកបក្ខ បានដល់បក្សនៃការរក្សានូវបាដិជាគរុបោសថ ជុណ្ហកបក្ស មាន ៥ថ្ងៃ កាលបក្ស មាន ៦ថ្ងៃ។ អាចារ្យដទៃពោលថា ខែ៣ គឺ អាសាធ ១ កត្តិក ១ ផល្គុណ ១ ជាបាដិហារិយបក្ខ។ អាចារ្យដទៃទៀតពោលថា ថ្ងៃ ៤ៗ ពោលគឺ ១៣កើត ១រោច ៧រោច ៩រោច រៀង​រាល់​បក្ស ដោយ​អំណាច​នៃ​ថ្ងៃ​ខាង​ដើម និង​ខាងចុង​នៃ​ថ្ងៃ​បក្ខុបោសថ ជា​បាដិហារិយបក្ខ។ ពាក្យ​ណា​គាប់ចិត្ត បុគ្គល​អ្នក​មាន​សេចក្តីប្រាថ្នា​នូវ​បុណ្យ គប្បី​កាន់​យក​ពាក្យ​នោះ​តាម​សេចក្តី​គាប់​ចិត្ត​ចុះ។ សេចក្តីសម្រេចក្នុងគម្ពីរ មង្គលត្ថទីបនី បានបញ្ជាក់អំពី​ឧបោសថ ដែល​មាន​ក្នុង​សម័យ​ពុទ្ធកាល​ថា កាលនៃ​បកតិឧបោសថ​ ក្នុងមួយខែ​មាន ៨ថ្ងៃ។ កាលនៃ​បដិជាគរុបោសថ ក្នុង​មួយខែ​មាន ១១ថ្ងៃ។ ខែប្រកប​ដោយ​រដូវ​ភ្លៀង​ទាំងអស់ ជាកាល​នៃ​បាដិហារិយុបោសថ។ ថ្ងៃដែលត្រូវរក្សាឧបោសថ​សីល ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​កំណត់ហើយ​នោះ ពិត​ជា​មាន​ប្រយោជន៍ ហេតុដូច្នេះ ពុទ្ធបរិស័ទ​ដែល​ជា​អ្នក​ស្រឡាញ់​ព្រះពុទ្ធ​សាសនា ដើម្បី​កុំ​ឲ្យ​ធម៌​វិន័យ​នៃ​ព្រះពុទ្ធ​បរមគ្រូ​ជាម្ចាស់​សាបសូន្យ គួរតែ​គោរព​ប្រតិបត្តិ​តាម​កាល​កំណត់​នៃ​ថ្ងៃ​ឧបោសថ ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​សំដែង​ហើយ។ បុគ្គលកាលរក្សានូវបដិជាគរុបោសថ ១ខែមាន ១១ថ្ងៃ។ ឯបុគ្គលរក្សានូវ​បាដិហារិយុបោសថ ត្រូវ​រក្សា​ឧបោសថសីល​គ្រប់​ថ្ងៃនៃ​ឧបោសថ​ទាំងអស់ តាម​បាដិហារបក្ស មិនបាន​លះបង់​នូវ​ថ្ងៃ​ឧបោសថ សូម្បី​តែ​មួយថ្ងៃ​ឡើយ ហើយ​ត្រូវ​ប្រកប​ដោយ​ខែ​ជារដូវ​ភ្លៀង​ ៤ខែផង។ ដោយ៥០០០ឆ្នាំ (ប្រភពដកស្រង់)
images/articles/3059/2book.jpg
អត្ថន័យសីល និងអានិសង្ស
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
សីល​មាន​ន័យថា ទំលាប់ ឬប្រក្រតី ដោយ​សេចក្តីពីរយ៉ាងគឺ សមាធាន កិរិយាដម្កល់ដោយប្រពៃ គឺ​ភាព​មិន​រាត់រាយ​នៃកាយកម្ម វចីកម្ម មនោកម្ម ដោយ​អំណាច​នៃ​ខ្លួន​ជាអ្នក​មាន​សីល​ល្អ​បរិសុទ្ធ។ ឧបធារណៈ កិរិយាចូលទៅទ្រទ្រង់ គឺភាព​ទ្រទ្រង់​ដោយ​អំណាច​នៃ​ការ​ដម្កល់​នៃ​ធម៌​ជា​កុសល​ទាំងឡាយ កុសល​ទាំងនោះ ទុកជា​រូបាវចរកុសល​ក្តី អរូបាវចរ​កុសល​ក្តី ដែលតាំង​នៅ​​ស្ថិត​ស្ថេរ​បាន អាស្រ័យ​មាន​សីល​ជា​ឫសគល់ បើគ្មាន​សីល​ជា​ឫសគល់​ទេ កុសល​ទាំងនោះ ក៏​រលត់​រលាយ​បាត់ទៅ ព្រោះហេតុ​នោះ សាធុជន អ្នក​ចង់បាន​សេចក្តី​សុខ ដែល​ត្រូវ​ញុំាង​កុសល​ជា​រូបាវចរ ឬ​លោកុត្តរ ឲ្យ​កើតឡើង​ក្នុង​សន្តាន​នៃ​ខ្លួន ក៏គប្បី​ជម្រះ​សីល​ដែល​ខ្លួន​បាន​សមាទាន​ហើយ​ ឲ្យស្អាត​បរិសុទ្ធ​ផូរផង់ កុំគប្បី​ឲ្យ​មាន​សេចក្តី​សៅហ្មង​ឡើយ។​ ន័យម្យ៉ាងទៀត សីល​មាន​ន័យ​ ៤​ផ្សេង​ទៀតគឺសិរដ្ឋោ មាន​អត្ថ​ថា​ កំពូល។ សីល​ជាគុណជាតិមួយ ជាគ្រឿង​ប្រក់​រក្សា​ទុកនូវ​កុសល​ដទៃ​ មានកុសល​ថ្នាក់​សមាធិ ឬកុសល​ថ្នាក់​វិបស្សនា​ជាដើម ព្រោះ​ហេតុថា កុសល​ទាំង​អស់នោះ កាលបើ​គ្មាន​សេចក្តី​សង្រួម គឺសីល​ជា​ខាង​ដើម​ទេ នោះក៏​មិន​កើត​ឡើង​បាន។ ប្រសិន​ណាបើ​កុសល​ទាំង​អស់នោះ​បាន​កើតឡើង​ហើយ ដោយ​មាន​សីល​ជាហេតុ​ខាង​ដើម តែ​ដល់​ពេលក្រោយ សីល​នោះ​រលត់​បាត់​ទៅ កុសល​ទាំងអស់​នោះ ក៏ត្រូវ​សាប​សូន្យ​ទៅវិញ​ដែរ។ សីសដ្ឋោ មាន​អត្ថថា ក្បាល។ សត្វទាំងឡាយ បើគ្មានក្បាល​ទេ ក៏ត្រូវ​ស្លាប់​អស់​ជីវិត​ទៅ មាន​ឧបមា​យ៉ាងណា កុសល​ទាំងឡាយ មាន​កុសល​ថ្នាក់​សមាធិ បញ្ញា និង​លោកុត្តរ ដែល​កើតឡើង និង​មាន​ការ​ប្រព្រឹត្ត​រីកចំរើន​ទៅបាន ក៏ព្រោះ​តែសីល កាលបើ​គ្មាន​សីល​ហើយ កុសល​ទាំងនោះ​ក៏​ត្រូវ​រលត់​សាប​សូន្យទៅ ក៏មាន​សេចក្តី​ឧបមេយ្យ​យ៉ាង​នោះ​ដែរ។ សីតលដ្ឋោ សីលមានអត្ថថា ត្រជាក់។ សីល​ជាគុណជាតិ​មួយ បដិបក្ខ​នឹង​ទោសៈ កាល​បើ​សីល​កើតឡើង​ក្នុង​សន្តាន​ចិត្ត​ហើយ ទោសៈ (ធម្មជាតិ​ប្រទូស្ត​ក្នុង​អារម្មណ៍) ក៏​រលត់​ទៅ កិលេស គឺទោសៈ​នេះហើយ ដែលជា​តួ​ភ្លើងមួយ តែង​ដុត​កំដៅ​នូវ​ចិត្ត​សត្វ​ឲ្យ​ក្តៅ​ក្រហល់​ក្រហាយ​ឆេះឡើង​បណ្តាល​ឲ្យសត្វ​​ទាំងឡាយ សាង​នូវ​អំពើ​បាប​ប្រកប​ដោយ​កាយ វាចា ចិត្ត មាន​ការ​សម្លាប់​សត្វ​ ជេរប្រទេច​ជាដើម ដែល​ឲ្យ​ផល​ជាទុក្ខ​ក្នុង​សំសារវដ្ត។ សត្វ​ទាំងអស់ កាលបើ​បាន​ធ្វើ​នូវ​សេចក្តី​សង្រួម​កាយ វាចា ចិត្ត​ឲ្យ​ផុត​ចាក​បាបកម្ម​ ជាង្នក​មិនមាន​ទោសៈ មាន​ចិត្ត​ស្ងប់​ស្រួល កាយកម្ម​ក៏​ស្ងប់ វចីកម្ម ក៏ស្ងប់ មនោកម្ម​ក៏ស្ងប់ ម្ល៉ោះ​ហើយ​សត្វ​ទាំងនោះ ក៏ដល់​នូវ​ការ​ត្រជាក់​សុខស្រួល ផុត​ចាក​ពៀរ​វេរា​គ្រប់​យ៉ាង​ដែល​កើត​អំពី​បាបកម្ម រស់នៅ​ជាសុខ​ក្នុង​បច្ចុប្បន្ន​ជាតិនេះ នឹង​បាន​សុខ​តទៅ​ក្នុង​លោក​ខាងមុខ​ថែមទៀត។ សិវដ្ឋោ មានអត្ថថា ក្សេមក្សាន្ត។ មាន​ព្រះពុទ្ធដីកា​ថា សីលេន និព្វុតឹ យន្តិ សត្វ​ទាំង​ឡាយ​ទៅដល់​ព្រះនិព្វាន​ជាទី​រលត់​បង់នូវ​សេចក្តី​ទុក្ខ​គ្រប់​យ៉ាង ក៏ព្រោះ​សីល។ ព្រះ​និព្វាន ជាទី​សុខ​ក្សេមក្សាន្ត ចាក​សេចក្តី​ទុក្ខ​​គ្រប់យ៉ាង ព្រះយោគាវចរ ដែល​បាន​ដល់​ទី​នោះ មិនមែន​បាន​ដោយ​ហេតុ​ដទៃឡើយ គឺដល់​ព្រះនិព្វាន​ដោយ​អាស្រ័យ​សេចក្តី​ប្រតិបត្តិ​ក្នុង​សមថវិបស្សនា​កម្មដ្ឋាន ដែល​មាន​ការ​រក្សាសីល​ជាហេតុ។ ម្យ៉ាងទៀត សូម្បី​សត្វ​ទាំងឡាយ ដែល​នៅ​អន្ទោល​ទៅ​មកក្នុង​ភពបី ដែល​បាន​ទទួល​សោយ​នូវ​សេចក្តី សុខ​ដ៏ច្រើន ក៏ព្រោះ​​ការ​រក្សាសីល​ជាហេតុ ដូច​ពុទ្ធដីកា​ថា សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សត្វទាំងឡាយទៅកាន់​សុគតិ ក៏ព្រោះ​សីល ការ​បរិបូណ៌​ដោយ​ភោគ​សម្បត្តិ ក៏ព្រោះ​សីល។ សត្វ​ទាំងឡាយ ដែល​មិនបាន​សេចក្តី​សុខ តែង​ជួប​នូវ​សេចក្តី​ទុក្ខ​លំបាក និង​មហន្តរាយ មាន​ការ​កើត​ក្នុង​មហានរក ប្រេត​ អសុរកាយ តិរច្ឆាន ព្រោះ​តែ​គ្មាន​សីល។ សត្វ​ទាំងឡាយ​ដែល​កើត​ក្នុង​ភពបី បាន​សោយ​នូវ​ទោស ៥យ៉ាង គឺ អាយុ​ខ្លី ១ វិនាសទ្រព្យ ១ ខ្ទើយ ឬច្រើន​ដោយ​ការ​ជាប់ចោទ​អំពី​សំណាក់​នៃ​ជន​ដទៃ ១ ការ​ពោល​បង្កាច់​បង្ខូច​ចំពោះ​ពាក្យដែល​ខ្លួន​ពោល​ពិតហើយ ១ ការ​ឆ្កួត​លីលា​វង្វេង ១ ព្រោះ​ទោស​ គឺការមិន​រក្សា​សីល​ហ្នឹងឯង។ សីល មានធម៌ពីរយ៉ាង ជាហេតុពិត។ ហិរិ សេចក្តីខ្មាសបាប។ មាន​ឧបមា ដូចជាបុរសខ្ពើមលាមក មិនចង់​ចាប់ពាល់​ដោយ​ដៃ​យ៉ាងណា បាបធម៌ បុគ្គលគួរ​ខ្ពើម មិនប្រព្រឹត្ត​អំពើបាប​នោះ ក៏យ៉ាងនោះដែរ។ ឱត្តប្ប សេចក្តីតក់ស្លុតនឹងអំពើបាប។ មានឧបមា ដូចជា​បុគ្គល​មិន​ចាប់​ពាល់​នូវ​ភ្លើង​ដែល​កំពុង​​ឆេះ ព្រោះ​ខ្លាច​រលាក​យ៉ាងណា បុគ្គល​មិន​គួរ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្លាច​ទោស​នៃ​អំពើ​បាប​នោះ​ឲ្យផល​ ក៏យ៉ាង​នោះ​ដែរ។ សេចក្តីពិតថា កាលដែលហិរិ និង​ឱត្តប្បមាន សីល​រមែង​កើតឡើងផង ស្ថិតនៅផង តែបើ​ហិរិ និង​ឱត្តប្ប​មិនមាន​ទេនោះ សីល​កើតឡើង តែ​មិនស្ថិតនៅ។ អានិសង្សរបស់សីលក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យ​កើត​ឡើង​អវិប្បដិសារៈ (សេចក្តី​មិន​ក្តៅក្រហាយ​ស្តាយ​ក្រោយ)។ អវិប្បដិសារៈ​កើតឡើង ជាបច្ច័យ​ឲ្យកើត​បាមោជ្ជៈ (សេចក្តី​រីករាយ​​ទន់)។ បាមោជ្ជៈ​កើតឡើង ជាបច្ច័យ​ឲ្យ​កើត​បីតិ (សេចក្តី​ឆ្អែត​ចិត្ត)។ បីតិកើត​ឡើង​ហើយ ជាបច្ច័យ​ឲ្យ​កើត​បស្សទ្ធិ (សេចក្តី​ស្ងប់​កាយ​ស្ងប់​ចិត្ត)។ បស្សទ្ធិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យ​កើត​សុខ (សេចក្តី​ស្រួល​កាយ ស្រួលចិត្ត)។ សុខ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​សមាធិ (ការ​តម្កល់​ចិត្ត​នឹង)។ សមាធិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​យថាភូតញ្ញាណទស្សន (ប្រាជ្ញាដែល​ដឹង​ច្បាស់ ឃើញ​ច្បាស់​នូវ​ធម៌​តាមពិត)។ យថាភូតញ្ញាណទស្សន​កើតឡើងហើយ ជាបច្ច័យ​ឲ្យកើត​និព្វិទា (សេចក្តី​នឿយណា)។ និព្វិទា​កើត​ឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិរាគ (ការ​ប្រាសចាក​តម្រេក)។ វិរាគ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិមុត្តិ (ការរួច​ផុត​ស្រឡះ​ចាក​កិលេស)។ វិមុត្តិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិមុត្តិញ្ញាណទស្សន (ប្រាជ្ញា​ដឹងច្បាស់ ឃើញ​ច្បាស់​ថា រួច​ផុត​ស្រឡះ​ចាក​កិលេស)។ អានិសង្ស​សីល ៥ទៀតគឺ ១. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែង​បាន​នូវ​គំនរ​ភោគសម្បត្តិ​ដ៏​ច្រើន ដែល​មាន​សេចក្តី​មិន​ប្រមាទ​ជាហេតុ។ ២. កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីល​ពេញ​លេញ រមែង​ផុសផុល​ឡើយ។ ៣. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែង​ចូលទៅ​កាន់​បរិស័ទ​ណាមួយ ទុក​ជា​ខត្តិយ​បរិស័ទក្តី ព្រាហ្មណ​បរិស័ទ​ក្តី គហបតិ​បរិស័ទ​ក្តី សមណ​បរិស័ទ​ក្តី ជាអ្នក​ក្លៀវ​ក្លា មិន​អៀន​អន់​ចូល​ទៅរក។ ៤. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ ជាអ្នក​មិនវង្វេង ធ្វើ​កាលកិរិយា (ស្លាប់)។ ៥. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ បន្ទាប់​អំពី​បែកធ្លាយ​កាយ​ទៅ រមែង​ចូល​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក។ (បិ. ៥៧, ឃ.២៤២) សិក្ខាបទ ៥ បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ កាមេសុមិច្ឆាចារា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្តខុស​ក្នុង​កាម​ទាំង​ឡាយ។ មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។ សិក្ខាបទ ១០ បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ គឺ​សេព​នូវ​មេថុនធម្ម។ មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។ វិកាលភោជនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស។ នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌។ មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង និង​ស្អិតស្អាង (រាងកាយ) ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ។ ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​សេនាសនៈ​ដ៏​ប្រសើរ។ ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទទួល​កាន់​យក​​នូវ​មាស និង​ប្រាក់ ដោយ​ខ្លួន​ឯង ឬប្រើ​អ្នកដទៃ​ឲ្យ​ទទួល​កាន់យក​ហើយ​ត្រេកអរ​ចំពោះ​មាស និង​ប្រាក់​នោះ។ សិក្ខាបទ ៨ បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ គឺ​សេព​នូវ​មេថុនធម្ម។ មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។ វិកាលភោជនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស។ នច្ចគីតវាទិតវិសូកទស្សនា មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌ និង​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង និង​ស្អិតស្អាង (រាងកាយ) ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ។ ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​សេនាសនៈ​ដ៏​ប្រសើរ។ ដោយ៥០០០ឆ្នាំ
images/articles/3177/______________________________.jpg
ផ្កាសីល
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
ផ្កាសីល ក្រអូបបានទាំងបណ្តេាយខ្យល់ និងបព្ច្រាសខ្យល់ ល្អវិសេសជាងក្លិនផ្កាទាំងឡាយ មានផ្កាម្លិះលា ម្លិះរួតជាដេីម ដូច្នេះត្រូវខិតខំស្វែងរកផ្កាសីលនេះមកប្រដាប់ តាក់តែងរាងកាយទៅ ព្រេាះផ្កានេះមាននៅក្នុងសន្តានចិត្តនៃបុគ្គលណាហេីយ ធ្វេីឲ្យបុគ្គលនេាះជួបប្រសព្វតែសេចក្តីសុខរហូត សមដូច គាថាថា៖ សុខំ យាវ ជរា សីលំ សីលនាំសេចក្តីសុខមកឲ្យដរាបដល់ចាស់ជរា។ . សីលាលង្ការសទិសេា អលង្ការេា នត្ថិ ។ អលង្ការប្រាកដដូចជាគ្រឿងអលង្ការ គឺសីលមិនមាន។ . សីលបុប្ផសទិសំ បុប្ផំ នត្ថិ ។ ផ្កាឈេីប្រាកដដូចជាផ្កា គឺសីលមិនមាន។ . សីលគន្ធសទិសេា គន្ធេា នត្ថិ ។ ក្លិនប្រាកដដូចជាក្លិន គឺសីលមិនមាន។ . ហេាតិ សីលវតំ អត្ថេា ។ សេចក្តីចម្រេីនតែងមានដល់ពួកជនអ្នកមានសីល។ . សីលំ សមាធានន្តិ ។ សីលរមែងបិទបាំងនូវសេចក្តីប្រមាទ។ . សីលំ ឧបធារេន្តិ ។ សីលចូលទៅទ្រទ្រង់ទុកនូវកុសលធម៌ទាំងពួងឲ្យនៅបាន។ . សីលំ សីតន្តិ ។ សីលជារបស់ត្រជាក់ស្ងប់រម្ងាប់នូវពៀរ។ . សីលំ វឌ្ឍន្តិ ។ សីលជាទីញាុំងកុសលទាំងពួងឲ្យចម្រេីន។ . សីលំ អបាយ សពា្ឆនំ ។ សីលជាគ្រឿងបិទបាំងនូវអបាយភូមិ។ . ចន្ទនំ តគរំ វាបិ ឧប្បលំ អថ វស្សិកី ឯតេសំ គន្ធជាតានំ សីលគន្ធេា អនុត្តរេា ។ ក្លិននៃសីលជាគុណជាតិប្រសេីរបំផុត ជាងគន្ធជាតទាំងនេះ គឺខ្លឹមចន្ទន៌ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា ។ . តេសំ សម្បន្នសីលានំ អប្បមាទវិហារិនំ សម្មទញ្ញា វិមុត្តានំ មារេា មគ្គំ ន វិន្ទតិ ។ មារាធិរាជ (ទុកជាស្វែងរក) ក៏មិនជួបនូវផ្លូវរបស់លេាកអ្នកមានសីលបរិបូណ៌ អ្នកនៅដេាយសេចក្តីមិនប្រមាទ អ្នករួចស្រឡះ (ចាកធម៌ជាគ្រឿងស្មៅហ្មង) ព្រេាះដឹងច្បាស់តាមហេតុ។ ++ សេចក្តីទុក្ខរបស់បដាចារា បដាចារាមានសេចក្តីទុក្ខខ្លាំងណាស់ ព្រេាះត្រូវបាត់បង់ នូវបិយជន គឺជនជាទីស្រឡាញ់ មានប្តី ត្រូវពស់ចឹក, កូនពីរនាក់ កូនមួយត្រូវខ្លែងឆាបយកទៅ កូនម្នាក់ទៀតត្រូវទឹកកួចយកទៅ, ឪពុកម្តាយ និងបងប្រុស ត្រូវផ្ទះរលំសង្កត់លេីស្លាប់ ដុតនៅហ្នឹងជេីងថ្កល់តែមួយទៀត ហេតុទាំងនុ៎ះហេីយ ធ្វេីឲ្យនាងក្លាយទៅជាមនុស្សបាត់បង់នូវសតិស្មារតី ឆ្កួតវង្វេង រហូតដល់ថ្នាក់ដេីរអត់មានសម្លៀកបំពាក់ជាប់ខ្លួន មនុស្សទាំងឡាយឃេីញហេីយ ក៏យកដុំដីគ្រវែងនាង ដេញនាងដូចជាគេា ក្របី តែដេាយសារនាងបានធ្វេីបុណ្យទុកមក រួមផ្សំដេាយនាងមានឧបនិស្ស័យត្រូវបានសម្រេចធម៌ ធ្វេីឲ្យនាងឈានជេីងដេីរចូលទៅក្នុងវត្តជេតពន គ្រានេាះព្រះមានព្រភាគ ទ្រង់កំពុងសម្តែងធម៌ឲ្យពុទ្ធបរិស័ទស្តាប់ ហេីយព្រះអង្គក៏បានត្រាស់នឹងនាងថា ចូរនាងមានសតិ ស្មារតីឡេីងវិញ ត្រឹមតែពុទ្ធដីកាប៉ុណ្ណេាះ ធ្វេីឲ្យបដាចារាមានស្មារតីឡេីងវិញ ពុទ្ធបរិស័ទដែលអង្គុយស្តាប់ព្រះអង្គនេាះ ក៏បានបេាះសម្ពត់ឲ្យនាងស្លៀកទៅ ។ កាលបេីនាងមានសតិស្មារតី ឡេីងវិញហេីយ នាងក៏បានរៀបរាប់អំពីសេចក្តីទុក្ខដែលមានការព្រាត់ប្រាសនូវបុគ្គលដែលជាទីស្រឡាញ់ ឲ្យព្រះអង្គជ្រាបខណៈនេាះព្រះអង្គក៏បានត្រាស់តទៅនាងវិញថា ម្នាលបដាចារាទឹកភ្នែកដែលយំសេាក ស្តាយស្រណេាះ អាឡេាះអាល័យនូវបុគ្គលជាទីស្រឡាញ់នេះ ច្រេីនជាងទឹកនៅក្នុងមហាសមុទ្រទៅទៀត រួចក៏ព្រះអង្គត្រាស់គាថានេះថា៖ ន សន្តិ បុត្តា តាណាយ ន បិតា នបិ ពន្ធវា អន្តកេនាធិបន្នស្ស នត្ថិ ញាតីសុ តាណតា ឯតមត្ថវសំ ញត្វា បណ្ឌិតេា សីលសំវុតេា និព្វានតមនំ មត្តំ ខិប្បមេវ វិសេាធយេ ។ បុគ្គលដែលមរណសង្គ្រាម គឺសេចក្តីស្លាប់គ្របសង្កត់ហេីយ កូនទាំងឡាយនឹងមកជួយខាខាំងរាំងរាពុំបាន មាតានិង បិតាទាំងឡាយនឹងមកជួយខាខាំងរាំងរាពុំបាន ផៅពង្សទាំងឡាយនឹងមកជួយខាខាំងរាំងរាពុំបាន គ្រឿងខាខាំងរាំងរាក្នុងញាតិទាំងឡាយ មិនមានសេាះឡេីយ (ព្រេាះហេតុនេាះ) បណ្ឌិតដែលមានប្រាជ្ញា កាលបេីបានដឹងនូវអំណាចនៃប្រយេាជន៍ គឺសីលនុ៎ះហេីយ ក៏គួរតែសង្រួមប្រយ័ត្នក្នុងសីល ខំជម្រះនូវផ្លូវសម្រាប់ដេីរទៅកាន់ព្រះនិព្វានឲ្យឆាប់រួសរាន់ កុំបង្អែង់ឡេីយ ។ គ្រាចុងក្រេាយនៃជីវិតរបស់ព្រះនាងបដាចារា ក៏បានបួសជាភិក្ខុនី ហេីយក៏បានសម្រេចជាព្រះអរហន្តី អស់នូវអាសវៈកិលេស ផុតចាកអំពីសេចក្តីទុក្ខ និងបានជាកំពូលលេីភិក្ខុនី ទាំងឡាយខាងផ្នែកទ្រទ្រង់ព្រះវិន័យ នៅក្នុងសាសនាព្រះសមណគេាតមបរមគ្រូនៃយេីង ។ តេីយេីង និងព្រះនាងបដាចារា មួយណាមានសេចក្តីទុក្ខច្រេីនជាង? សៀវភៅ»សីលមយៈ ដោយ៥០០០ឆ្នាំ
images/articles/3181/trghdyui867u6yer.jpg
កិរិយាតម្កល់ចិត្តក្នុងសីល
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣
កិច្ចប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលជាគោលសំខាន់បំផុត មាន៣យ៉ាងគឺ៖ សីល១, សមាធិ១, បញ្ញា១ ។ គុណជាតិទាំង៣នេះ គឺសីលជាគុណជាតិដែល យោគាវចរត្រូវរក្សាមុន ជាងគុណជាតិដទៃទាំងអស់ ក្នុងកិច្ចប្រតិបត្តិ ដើម្បីប្រព្រឹត្តទៅធ្វើ ឲ្យជាក់ច្បាស់នូវផ្លូវ ព្រះនិព្វាន ដែលជាទីរលត់បង់នូវ សេចក្តីទុក្ខ ទាំងពួង។ -ព្រោះហេតុអ្វី? -ព្រោះថា កាលបើសីលមិនមានក្នុងសន្តានចិត្តនៃយោគាវចរហើយ សមាធិ ការ តម្កល់ចិត្តនឹង ក៏មិនមាន និងមិនអាចញ៉ាំង វិបស្សនាបញ្ញា ឲ្យកើតឡើង បានដោយពិត ។ មានសេចក្តីនៅក្នុងគុម្ពីរ វិសុទ្ធិមគ្គ ភាគ១ថាៈ បុរសឈរស៊ប់នៅលើផែនដី លើក នូវកាំបិតដែលបានសំលៀងយ៉ាងមុត ហើយកាប់នូវ គុម្ពឬស្សីយ៉ាងធំបាន មាន សេចក្តីឧបមាយ៉ាងណា យោគាវចរដែលស្ថិត នៅលើផែនដី គឺសីល លើកឡើងនូវកាំបិត គឺវិបស្សនាបញ្ញា ដែលបានសំលៀងយ៉ាងមុតល្អ ដោយថ្មសំលៀងគឺសមាធិ ដោយដៃគឺ បរិហារិកប្បញ្ញា ដែលផ្គងឡេីងដោយកម្លាំង នៃសេចក្តីព្យាយាម កាត់ ផ្តាច់នូវបណ្តាញគឺ តណ្ហា ដែលធ្លាក់ចុះក្នុងសន្តាន នៃខ្លួននោះទាំងអស់បាន ក៏មានសេចក្តីឧបមេយ្យ យ៉ាងនេះដែរ ។ ព្រះពុទ្ធដីកា៖ សីលេ បតិដ្នាយ នរោ សបញ្ញោ ចិត្តំ បញ្ញញ្ច ភាវយំ អាតាបី និបកោ ភិក្ខុ សោ ឥមំ វិជជយេ ជដំ នរ:ប្រកបដោយបញ្ញា ស្ថិតនៅស៊ប់ក្នុងសីល កាលចំរើននូវចិត្តផង បញ្ញាផង ជាអ្នកមានសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេសជាប្រក្រតី មានប្រាជ្ញាជា គ្រឿងរក្សាខ្លួន ឃើញភ័យក្នុងសង្សារ នរ:នោះគប្បីកាត់ផ្តាច់ នូវបណ្តាញនេះបាន ។ បណ្តាធម៌ទាំង៣នេះ សូមលើកយកត្រង់ពាក្យថា សីលដែលជាកិច្ចប្រតិបត្តិ ដំបូងរបស់ពុទ្ធបរិស័ទ ក្នុងសាសនានេះ មកបកស្រាយមុន ដូចតទៅ៖ អ្វីជាតួសីល? ធម៌៤យ៉ាងគឺ ចេតនា១, ចេតសិក១, សំវរ:១, អវិតិក្កម:១ របស់បុគ្គលវៀរចាកអំពើ មានបាណាតិបាតជាដើម ឬថារបស់បុគ្គល កាលបំពេញ នូវវត្តិប្រតិបត្តិ ហៅថា សីល ន័យក្នុងបដិសម្ភិទា មានពោលថា៖ ចេតនា សីលំ ចេតសិកំ សីលំ សំវរោ សីលំ អវិតិក្កមោ សីលំ ប្រែថា៖ ចេតនាជាតួសីល ចេតសិកជាតួសីល សេចក្តីសង្រួមជាតួសីល ការមិនប្រព្រឹត្តកន្លងជាតួសីល ។ ១- ចេតនា សីលំ ចេតនាជាតួសីល ព្រះពុទ្ធដីកា៖ ចេតនាហំ ភិក្ខវេ សីលំ វទាមិ ម្នាលភិក្ខុទាំង ឡាយ តថាគតហៅថា ចេតនាជាតួសីល ។ ចេតនាមានន័យថា ធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ វិគ្គហថាៈ អភិសន្ទហតីតិចេតនា ធម្មជាតិចាត់ចែងហៅថា ចេតនា បានសេចក្តីថា ធម្មជាតិដែលញ៉ាំង សម្បយុត្តធម៌ គឺចិត្តនិងចេតសិក ដែលប្រកបជាមួយ ឲ្យហូរចុះទៅក្នុងសីល ។ ការគិត គំនិត ការចាត់ចែង របស់បុគ្គល វៀរចាកបញ្ចវេរា គឺសម្លាប់សត្វ១, ការកាន់យកទ្រព្យសម្បត្តិ ដែលគេមិនបានឲ្យ១, ការប្រព្រឹត្តខុសក្នុងកាម១, ការពោល ពាក្យកុហក១, ការផឹកទឹកស្រវឹង មានសុរានិងមេរ័យ១ តាមផ្លូវកាយ ឬផ្លូវវាចា ហៅ ថាសីល ។ ម៉្យាងទៀត ចេតនាក្នុង កម្មបថ ៧យ៉ាង គឺ កាយកម្ម៣ និង វចីកម្ម៤ របស់បុគ្គល កាលលះបង់ នូវអំពើមានកិរិយា ញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ជាដើម ក៏ហៅថាសីល ។ ២- ចេតសិកំ សីលំ ចេតសិកជាតួសីល ចេតសិកមានន័យថា ធម្មជាតិមានសេចក្តីកើត សេចក្តី រលត់ អារម្មណ៍និងវត្ថុ ជាមួយគ្នាដោយចិត្ត ហៅថាចេតសិក តែនៅក្នុងទីនេះបានដល់ធម៌៣យ៉ាងគឺ៖ ១- អនភិជ្ឈា ការមិនសម្លឹងរំពៃចង់បានទ្រព្យរបស់គេ មកធ្វើជាទ្រព្យរបស់ខ្លួន ដែលជាអលោភចេតសិក ។ ២- អព្យាបាទោ ការមិនចងគំនុំចង់ឲ្យសត្វដទៃវិនាស ដែលជាអទោសចេតសិក។ ៣- សម្មាទិដ្និ ការយល់ឃើញត្រូវ ដែលជាអមោហចេតសិកហៅថាសីល ។ ដូចមានព្រះពុទ្ធដីកាជាដើមថាៈ ចេតសិក សីលំ នាម អភិជ្ឈំ បហាយ វិគតាភិជ្ឈេន ចេតសោ វិហរតិ បុគ្គលលះបង់នូវអភិជ្ឈា មានចេតនាដែលមាន អភិជ្ឈាទៅប្រោសហើយ គង់នៅ ឈ្មោះថា ចេតសិកសីល ។ ៣- សំវរោ សីលំ សេចក្តីសង្រួមជាតួសីល សេចក្តីសង្រួម៥យ៉ាងគឺ៖ ១- បាតិមោក្ខសំវរោ សេចក្តីសង្រួមនូវកាយ វាចា ទៅតាមសិក្ខាបទដែលមាន នៅក្នុង បាដិមោក្ខ បានដល់បរាជិក៤, សង្ឈាទិសេស១៣, អនិយត២, និស្សត្តិយបាចិត្តយ៣០, សុទ្ធិកបាចិត្តយ៩២, បាដិទេសនិយ៤, សេក្ខិយវត្ត៧៥, អធិករណ សមថ៧ រួមជា២២៧ (សិក្ខាបទសម្រាប់ភិក្ខុសង្ឃ) និងសេចក្តីសង្រួមកាយ វាចាមិន ប្រព្រឹត្តកន្លងនូវសិក្ខាបទ ដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ខាងក្រៅបាតិមោក្ខបានដល់ពួកសិក្ខាបទ ដែលជាពួកថុល្លច្ចយាបត្តិ, ទុក្កដាបត្តិ, ទុព្ភាសិតាបត្តិ សីលនេះជាបាតិមោក្ខសំវរសីល ។ ២- សតិសំវរោ សេចក្តីសង្រួមសតិ បានដល់ការសង្រួមឥន្រ្ទិយទាំង៦ គឺ៖ ចក្ខុន្រ្ទិយ១, សោតិន្រ្ទិយ១, ឃានិន្រ្ទិយ១, ជីវ្ហិន្រ្ទិយ១, កាយិន្រ្ទិយ១, មនិន្រ្ទិយ១ គឺ ជាការសង្រួមស្មារតី តាមផ្លូវភ្នែក-ត្រចៀក -ច្រមុះ-អណ្តាត -កាយ-និងចិត្ត ហាមឃាត់ មិនឲ្យអកុសលធម៌ គឺអភិជ្ឈានិង ទោមនស្ស និងបាបធម៌ កើតឡើង គ្របសង្កត់ចិត្តបាន ក្នុងខណ:ដែលមានអារម្មណ៍ មានរូបារម្មណ៍ជាដើម មកប៉ះខ្ទប់នឹងទ្វារ មាន ចក្ខុទ្វារជាដើម ។ សីលនេះជា ឥន្រ្ទិយសំវរសីល។ ៣- ញាណសំវរោ សេចក្តីសង្រួមញាណ (ការដឹង) បានដល់ប្រាជ្ញាដែលតម្កល់ ដោយប្រពៃ ពិចារណាក្នុងការប្រើប្រាស់នូវបច្ច័យ៤ គឺ ចីវរប្បច្ច័យ១, បិណ្ឌបាតបច្ច័យ១, សេនាសនបច្ច័យ១, គិលានភេសជ្ជបច្ច័យ១ តាមសមគួរដល់ធម៌នៃការ ប្រើប្រាស់បច្ច័យ របស់អ្នកបួសមានធាតុបច្ចវេក្ខណ:ជាដើម ។ សីលនេះ ជាបច្ចយ សន្និស្សិតសីល ។ ៤- ខន្តិសំវរោ សេចក្តីសង្រួមក្នុងការអត់ទ្រាំគ្រប់យ៉ាង ចំពោះត្រជាក់និងក្តៅ លោកធម៌៨គឺ៖ លាភ១, អលាភ១, យស១, អយស១, និន្ទា១, សរសើរ១, សុខ១, ទុក្ខ១ ជាដើម ដែលកើតឡើងដល់ខ្លួន ។ ៥- វិរិយសំវរោ សេចក្តីសង្រួមនូវការព្យាយាម បានដល់នូវការព្យាយាមអត់ សង្កត់ កម្ចាត់បង់នូវ អកុសលវិតក្ក:៣គឺ៖ កាមវិតក្ក: សេចក្តីត្រិះរិះពីកាម១, ព្យាបាទ វិតក្ក: សេចក្តីត្រិះរិះពីព្យាបាទ១, វិហិង្សាវិតក្ក: សេចក្តីត្រិះរិះបៀតបៀនសត្វ១ ដែលកើតឡើងគ្របសង្កត់ចិត្ត ។ សេចក្តីសង្រួម៥យ៉ាង និងចេតនាវៀរចាក ចំពោះវត្ថុដែលដល់ព្រម របស់កុលបុត្ត ដែលជាអ្នក ភ័យខ្លាចក្នុងបាប ក៏ហៅថា សំវរសីលទាំងអស់ ។ ៤- អវិតិក្កមោសីលំ ការមិនប្រព្រឹត្តកន្លងជាតួសីល បានដល់ការមិនប្រព្រឹត្តកន្លង ដែលប្រកបដោយ កាយ វាចា របស់បុគ្គលដែល បានសមាទានសីល មានសីល៥ជាដើម ។ ឧបាសក ឧបាសិកា ដែលបានសមាទានសីល ពីបុគ្គល ឬព្រះសង្ឃហើយ ក៏ប្រឹងសង្រួមកាយវាចា ដោយប្រពៃតាមសិក្ខាបទ ដែលខ្លួនបាន សមាទានហើយ គឺមិនប្រព្រឹត្តកន្លងនូវ សិក្ខាបទណាមួយឡើយ ។ សីលរបស់ ឧបាសក-ឧបាសិកា ដែលកើតឡើងនេះឯង ហៅថា អវិតិក្កមសីល ។ ………………ព្រះពុទ្ធដីកាៈ បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៍មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ ។ ដោយ៥០០០ឆ្នាំ
images/articles/3089/TERR43.jpg
ព្រះបាទសង្ខចក្រពត្រាធិរាជ និងព្រះពុទ្ធមេត្តយ្យ (ព្រះសិអាមេត្រី) 
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ពួកនាងកុមារិកា មានអាយុ ៥០០ ឆ្នាំ ទើបល្មមឲ្យមានប្តី ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានអាពាធតែ ៣ យ៉ាង គឺចំណង់ក្នុងអាហារ ១ បរិភោគអាហារមិនបាន ១ សេចក្តីគ្រាំគ្រារាងកាយ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលដែលពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះ នឹងជាទ្វីបស្តុកស្តម្ភធំទូលាយ មានស្រុក និគម រាជធានី (តៗគ្នា) មួយរយៈមាន់ហើរធ្លាក់ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះនឹងពេញដោយមនុស្ស (រកចន្លោះគ្មាន) ដូចអវីចិនរក ពុំនោះសោត ដូចព្រៃបបុរ ឬព្រៃរាំងភ្នំ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ក្រុងពារាណសីនេះ នឹងប្រែឈ្មោះ ជាកេតុមតីរាជធានីវិញ ជារាជធានីស្តុកស្តម្ភ ធំទូលាយ មានជនក៏ច្រើន មានមនុស្សកុះករ និងមានភិក្ខាហារ ដ៏សម្បូណ៍ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ក្នុងជម្ពូទ្វីបនេះ នឹងមាននគរ ៨ ម៉ឺន ៤ ពាន់ មានកេតុមតីរាជធានីឯង ជាប្រធាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានព្រះរាជា (១ព្រះអង្គ) ព្រះនាម សង្ខៈ ទ្រង់កើតឡើង ក្នុងកេតុមតីរាធានី ជាស្តេចចក្រពត្តិ ទ្រង់ជា ធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត ជាស្តេចឈ្នះសង្រ្គាម ទ្រង់មានជនបទដល់នូវថិរភាព ទ្រង់បរិបូណ៌ ដោយរ័តន៍ ៧ ប្រការ ។ ឯរ័តន៍ទាំង ៧ ប្រការរបស់ព្រះបាទសង្ខៈនោះ គឺ ចក្ករ័តន៍ ១ ហត្ថិរ័តន៍ ១ អស្សរ័តន៍ ១ មណិរ័តន៍ ១ ឥត្ថីរ័តន៍ ១ គហបតិរ័តន៍ ១ រាប់បរិនាយករ័តន៍ ១ ផង ជាគម្រប់ ៧ ។ ឯព្រះបាទសង្ខៈនោះ នឹងមានព្រះរាជបុត្រ ច្រើនជាងពាន់ សុទ្ធសឹងក្លៀវក្លា អង់អាច សង្កត់សង្កិននូវពួកសេនារបស់ស្តេចដទៃបាន ។ ព្រះបាទសង្ខៈនោះ ទ្រង់ត្រួតត្រា គ្រប់គ្រង នូវផែនដី ដែលមានសាគរជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តាវុធទេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ព្រះមានព្រះភាគ ទ្រង់ព្រះនាមមេត្តេយ្យៈ នឹងកើតឡើងក្នុងលោក ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជានិងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ ដូចជាតថាគត ដែលឆ្ងាយចាកកិសេស ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះខ្លួនឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយ សីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាននូវបុរសដែលគួរទូន្មាន ជាសាស្តានៃ ទេវតា និងមនុស្សទាំងឡាយ ជ្រាបច្បាស់នូវចតុរារិយសច្ច មានដំណើរទៅ កាន់ត្រៃភព ខ្ជាក់ចោលហើយ ដែលកើតឡើងក្នុងលោក ក្នុងកាលឥឡូវ នេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ ទ្រង់បានត្រាស់ដឹង បាន ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វនចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រម ទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ដូចតថាគត ដែលបានត្រាស់ដឹងហើយ ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វន ចំពោះខ្លួនឯង ហើយញុំាងលោកនេះព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេសឲ្យត្រាស់ដឹងផង ក្នុងកាលឥឡូវនេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងទ្រង់សម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ទាំងទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំង អត្ថ និងព្យព្ជានៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ដូចតថាគតដែលសម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថនិងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក្នុងកាលឥឡូវ នេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងគ្រប់គ្រងនូវភិក្ខុសង្ឃ ច្រើនពាន់ ដូចតថាគតដែលគ្រប់គ្រងនូវភិក្ខុសង្ឃច្រើនរយ ក្នុងកាលឥឡូវ នេះដែរ ។ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទសង្ខៈ ទ្រង់ត្រាស់ បង្គាប់ឲ្យលើកប្រាសាទ ដែលព្រះបាទមហាបនាទៈឲ្យកសាង ហើយទ្រង់ ប្រថាប់នៅ (ក្នុងប្រាសាទនោះ) ទ្រង់លះបង់ (ប្រាសាទនោះ) ឲ្យជាទាន ដល់ពួកសមណព្រាហ្មណ៍ កបណៈ (មនុស្សកំព្រា) អទ្ធិកៈ (អ្នកដំណើរ) វណិព្វកៈ (អ្នកនិយាយសរសើរហើយសូម) និងពួកយាចក (ស្មូម) រួចទ្រង់ ដាក់ព្រះកេសានិងព្រះមស្សុ ទ្រង់ស្លៀកដណ្តប់កាសាវព័ស្រ្ត ចេញចាក រាជាគារស្ថាន ចូលទៅកាន់ផ្នួស ក្នុងសម្នាក់នៃព្រះមេត្តេយ្យៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ។ កាលព្រះបាទសង្ខៈនោះ ទ្រង់ព្រះផ្នួសយ៉ាងនេះ ហើយ ទ្រង់គេចចេញទៅតែមួយព្រះអង្គឯង ឥតមានសេចក្តីប្រមាទឡើយ មានសេចក្តីព្យាយាម ជាគ្រឿងដុតនូវកិលេស មានព្រះហឫទ័យបែរ ឆ្ពោះ ទៅរកព្រះនិញ្វន ពួកកុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងភាពជា បុគ្គលមិនមានផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ពុំយូរ ប៉ន្មាន ក៏ព្រះសង្ខត្ថេរ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចារ្យ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ក៏សម្រាក សម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ ចក្កវត្តិសូត្រ បិដកលេខ ១៨ ទំព័រ ១៥២-១៥៦) ដោយ​៥០០០​ឆ្នាំ​
images/articles/3112/_______________.jpg
ចូឡសុញ្ញតសូត្រ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី ។ ក្នុងសម័យនោះ ព្រះអានន្ទដ៏មានអាយុ បានធ្វើវត្តចំពោះព្រះដ៏មានព្រះភាគហើយ ចូលទៅកាន់ទីសម្នាក់របស់លោកពេលថ្ងៃ កំណត់ពេលវេលា គង់អង្គុយចម្រើនសុញ្ញតា ចូលកាន់ផលសមាបត្តិ មានព្រះនិព្វានជាអារម្មណ៍ រួចហើយចេញចាកតាមពេលវេលាដែលបានកំណត់ ។ លំដាប់នោះ សង្ខាររបស់លោកប្រាកដដោយភាពជារបស់សូន្យទទេ លោកប្រាថ្នាស្ដាប់សុញ្ញតាកថា បានចូលគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ក្រាបទូលព្រះអង្គដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សម័យមួយ ព្រះដ៏មាន-ព្រះភាគ គង់ប្រថាប់នៅក្នុងនគរតូចមួយ ជានិគមរបស់ពួកសក្យ ក្នុងសក្កជនបទ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ក្នុងទីចំពោះព្រះភក្ត្រ បានរៀនក្នុងទីចំពោះព្រះភក្ត្រ នៃព្រះដ៏មានព្រះភាគក្នុងទីនោះថា ម្នាលអានន្ទ ឥឡូវនេះ តថាគតនៅច្រើនទៅដោយ សេចក្ដីស្ងប់ស្ងាត់ជាវិហារធម៌ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនោះ ឈ្មោះថាខ្ញុំព្រះអង្គបានស្ដាប់ដោយប្រពៃ បានរៀនដោយប្រពៃ បានធ្វើទុកក្នុងចិត្តដោយប្រពៃ បានចងចាំដោយប្រពៃហើយឬ ។ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបថា ព្រះអានន្ទមានបំណងនឹងស្ដាប់នូវសុញ្ញតាកថា ក្នុងសេចក្ដីនេះ បុគ្គលខ្លះអាចនឹងស្ដាប់ តែមិនអាចនឹងរៀនបាន បុគ្គលខ្លះទៀត អាចនឹងស្ដាប់ទាំងអាចនឹងរៀនបាន តែមិនអាចនឹងសម្ដែងបានឡើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវសុញ្ញតាកថានេះ ដល់ព្រះអានន្ទដ៏មានអាយុ ដោយចាប់ផ្ដើមថា អើអានន្ទ ពាក្យនោះ ឈ្មោះថា អ្នកបានស្ដាប់ដោយប្រពៃ រៀនដោយប្រពៃ ធ្វើទុកក្នុងចិត្តដោយប្រពៃ ចងចាំដោយប្រពៃហើយ ។ ម្នាលអានន្ទ កាលពីដើមក្ដី ឥឡូវនេះក្ដី តថាគតធ្លាប់នៅច្រើន ទៅដោយសេចក្ដីស្ងប់ស្ងាត់ជាវិហារធម៌ ។ ជាបន្ត ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងព្រះសូត្រដែលមានអត្ថជាសុញ្ញតៈនេះ ឱ្យព្រះអានន្ទដ៏មានអាយុមានសេចក្ដីត្រេកអររីករាយ ។ ជំនួយសតិ២៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3113/___________________________.jpg
មហាសុញ្ញតសូត្រ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនានិគ្រោធារាម ជិតក្រុងកបិលវត្ថុ ។ ក្នុងសម័យនោះ ភិក្ខុទាំងឡាយ មានព្រះអានន្ទ-ដ៏មានអាយុជាដើម កំពុងតែធ្វើនូវចីវរ ក្នុងវិហាររបស់ឃដាយសក្កៈ ជិតនិគ្រោធារាមនោះឯង ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ភិក្ខុដែលត្រេកអរនឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗក្នុងសេចក្ដីត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងមានគ្នីគ្នា រីករាយនឹងគ្នីគ្នា មិនល្អឡើយ ។ ចំពោះភិក្ខុដែលត្រេកអរនឹងពួក នឹងគ្នីគ្នាយ៉ាងនេះ ព្រះអង្គទ្រង់ត្រាស់ថា បានមិនបាច់ប្រាថ្នា បានមិនលំបាក បានដោយស្រួល នូវនេក្ខម្មសុខ វិវេកសុខ ឧបសមសុខ សម្ពោធិសុខ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ ។ ម្យ៉ាងទៀត ការដែលត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នាដូច្នេះ ហើយបានដោយមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយស្រួលនូវចេតោវិមុត្តិ តាមកាល តាមសម័យ គឺរូបជ្ឈាន៤ អរូបជ្ឈាន៤ ជាទីត្រេកអរក្ដី បានដោយស្រួលនូវ ចេតោវិមុត្តិ មិនតាមកាល មិនតាមសម័យ គឺលោកុត្តរមគ្គផល ដែលមិនកម្រើកក្ដី ពាក្យនេះក៏មិនសមហេតុដែរ ។ ជាបន្ត ព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីរូបដែលបុគ្គលត្រេកអរក្រៃលែងហើយ មិននាំឱ្យកើតទុក្ខសោក នៅពេលរូបនោះប្រែប្រួលទៅជាប្រការដទៃ គឺមិនមានឡើយ សូម្បីតែរូបមួយ ។ ព្រះអង្គត្រាស់សម្ដែង អំពីសុញ្ញតផលសមាបត្តិរបស់ព្រះអង្គ ទាំងដាស់តឿនឱ្យភិក្ខុទាំងឡាយ ធ្វើទុកក្នុងចិត្តនូវសុញ្ញតផល-សមាបត្តិក្នុងខ្លួនផងដែរ ។ ព្រះអង្គសម្ដែងអំពីកាមគុណ៥ សម្ដែងអំពីឧបាទានក្ខន្ធ៥ កថាវត្ថុ១០ ឧបទ្រពអាចារ្យ ឧបទ្រពកូនសិស្ស និងឧបទ្រពព្រហ្មចារ្យ ។ ជាចុងក្រោយនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកទាំងឡាយ គួររាប់អានតថាគត ដោយសេចក្ដីប្រតិបត្តិជាមិត្ត កុំរាប់អានតថាគតដោយសេចក្ដីប្រតិបត្តិជាសត្រូវឡើយ ការប្រតិបត្តិជាមិត្តនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់អ្នកទាំងឡាយ អស់កាលជាអង្វែង។...ម្នាលអានន្ទ តថាគតបន្សាត់បង់ បំផ្លាញបង់នូវទោសចេញហើយ ប្រៀនប្រដៅថែមទៀត ដោយគិតថា នឹងឱ្យអ្នកទាំងឡាយ មានសារៈគឺមគ្គផលតាំងនៅក្នុងសន្ដាន ។ ជំនួយសតិ២៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3115/20______ook.jpg
សេចក្តីពិតរបស់ធម្មជាតិ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
អរិយសច្ចៈគឺៈ ១- សេចក្តីទុក្ខ មានពិត ២- សេចក្តីទុក្ខ កើតមកពីតណ្ហា ៣- សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់ ៤- ការរួចអំពីទុក្ខ អាចធ្វើបាន ដោយការប្រតិបត្តិអដ្ឋង្គិកមគ្គ ។ ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច៤នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។ តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤ មានដូចតទៅៈ ១- អរិយសច្ចៈនៃទុក្ខ គឺដូច្នេះ ២- អរិយសច្ចៈនៃប្រភពនៃទុក្ខ គឺដូច្នេះ ៣- អរិយសច្ចៈនៃការរំលត់ទុក្ខ គឺដូច្នេះ ៤- អរិយសច្ចៈនៃផ្លូវ ដែលនាំឲ្យដល់ការរំលត់ទុក្ខ គឺដូច្នេះ ។ ១- ធម្មជាតិនៃសេចក្តីទុក្ខ (ទុក្ខអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃធម្មជាតិរបស់ទុក្ខ ជាតិជាទុក្ខ ជរាជាទុក្ខ ព្យាធិជាទុក្ខ មរណៈជាទុក្ខ សេចក្តី ស្តាយស្រណោះ សេចក្តីយំខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីទោមនស្ស សេចក្តីអស់សង្ឃឹម គឺជាទុក្ខ ការជួបប្រសព្វជាមួយ របស់មិនជាទីពេញចិត្ត គឺជាទុក្ខ ការឃ្លាតចេញអំពីអ្វី ដែលជាទីពេញចិត្ត គឺជាទុក្ខ មិនបានអ្វីដែលចង់បាន គឺជាទុក្ខ ដោយសង្ខេប បញ្ចក្ខន្ធប្រកបដោយឧបាទាន (ការជាប់ជំពាក់ចិត្ត) គឺជាទុក្ខ ។ ២- ប្រភពនៃសេចក្តីទុក្ខ (ទុក្ខសមុទយអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃប្រភពនៃសេចក្តីទុក្ខ តណ្ហាដែលនាំឲ្យកើតភពថ្មី ប្រកប ដោយសេចក្តីត្រេកត្រអាល និងរាគៈ ស្វែងរកសេចក្តីត្រេកត្រអាល ជិតនិងឆ្ងាយ គឺកាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា ។ ៣- ការរលត់ទៅនៃទុក្ខ (ទុក្ខនិរោធអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃការរលត់ទៅនៃទុក្ខ ការរលត់អស់ ឥតមានសេសសល់ និងការឈប់នៃតណ្ហានោះ ការបោះបង់ចោល ការរលាស់ចោលវា ការបាននូវសេរីភាព អំពីវា មិនអាស្រ័យដោយសាវា ។ ៤- ផ្លូវទៅកាន់ការរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃផ្លូវទៅកាន់ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការ): សម្មាទិដ្ឋិ សម្មាសំកប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។ វិសុទ្ធិមគ្គ ដោយ​៥០០០​ឆ្នាំ​
images/articles/3137/202____________ook.jpg
វីរិយាធិដ្ឋាន (ការតាំងចិត្តអធិដ្ឋាននូវសេចក្ដីព្យាយាម)
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
ម្នាលភិក្ខុទាំងឡាយ តថាគតផ្គងទុកនូវសេចកី្តព្យាយាម មិនរួញរាថា ១,២,៣-‘កាមំ តចោ ច ន្ហារុ ច អដ្ឋិ ច អវសិស្សតុ, ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ ៤-សរីរេ ឧបសុស្សតុ មំសលោហិតំ, សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ -យំ តំ បុរិសថាមេន បុរិសវីរិយេន បុរិសបរក្កមេន បត្តព្ពំ ន តំ អបាបុណិត្វា វីរិយស្ស សណ្ឋានំ ភវិស្សតី’តិ គុណវិសេសណាដែលបុគ្គលគួរបានដល់ ដោយកម្លាំងរបស់បុរស, ដោយព្យាយាមរបស់បុរស, ដោយសេចកី្តប្រឹងប្រែង របស់បុរស, (បើ) មិនទាន់បានដល់ នូវគុណវិសេសនោះទេ នឹងមិនបញ្ឈប់នូវសេចកី្តព្យាយាមទៅវិញឡើយ។ តស្ស មយ្ហំ, ភិក្ខវេ, អប្បមាទាធិគតា សម្ពោធិ, អប្បមាទាធិគតោ អនុត្តរោ យោគក្ខេមោ ម្នាលភិក្ខុទាំងឡាយ ពោធិញ្ញាណនៃតថាគត បានសម្រេចហើយដោយសេចកី្តមិនប្រមាទ ធម៌ជាគ្រឿងក្សេមចាកយោគៈដ៏ប្រសើរ ក៏តថាគតបានសម្រេច ដោយសេចកី្តមិនប្រមាទដែរ ។ (សុត្តន្តបិដក » អង្គុត្តរនិកាយ » ទុកនិបាតបាឡិ » កម្មករណវគ្គ ឧបញ្ញាតសូត្រ) «ក្នុងពេលនេះ រាងកាយរបស់យើងមានសេចក្ដីឈឺចាប់ ព្រោះមានរបួសស្លាកស្នាម ក៏ពិតមែនហើយ តែយើងមិនបណ្ដែតបណ្ដោយឲ្យចិត្តកម្រើកញាប់ញ័រទេ ព្រោះយើងដឹងថា អ្នកដែលទន់ខ្សោយ គ្មានខន្តី មិនចេះអត់ធន់ មុខជានឹងធ្លាក់ទៅរងទុក្ខក្នុងនរកពុំខាន, តើអ្នកណានឹងចង់ធ្លាក់ចុះទៅរងទុក្ខវេទនាក្នុងនរកដែលឥតមានទីបំផុតនុ៎ះ? មួយវិញទៀត បើយើងបានបំពេញមេត្តាចិត្តចំពោះសត្វលោកបរិបូណ៌ហើយ, យើងត្រូវរួសរាន់ ឲ្យឆាប់បានដល់សម្មាសម្ពោធិញ្ញាណកុំបង្អង់, យើងនឹងបានស្រោចស្រង់ចម្លងសត្វ ដែលប្រកបដោយទុក្ខលំបាកយ៉ាងនេះ យកទៅដាក់ដល់ឋានបរមសុខគឺព្រះនិព្វានដូចបំណង» ។ «នែចិត្ត ! ហេតុអ្វីក៏ឯងញាប់ញ័ររន្ធត់ ? ចូរឯងមានខន្តីប្រឹងអត់សង្កត់ចំពោះការឈឺចាប់យ៉ាងតិចតួចស្ដួចស្ដើងនេះឲ្យបាន ! សត្វលោកទាំងអស់សុទ្ធសឹងតែជាអ្នកព្យាធិទុក្ខ មានចំនួនរាប់រយពាន់និន្ទាយាយីជានិច្ច, ចូរឯងសម្លឹងមើលចុះ ! សត្វទាំងនោះមិនមានទីពឹង ពំនាក់ពាក់អាស្រ័យទេ សុទ្ធសឹងតែរស់នៅក្នុងអំណាចនៃតណ្ហាទាំងអស់ ។ ឱអាត្មាអញអើយ ! មានតែឯងនេះហើយតើ ដែលត្រូវជួយស្រោចស្រង់ចម្លងសត្វទាំងអស់នោះ, បើឯងបណ្ដែតបណ្ដោយខ្លួនឲ្យលុះក្នុងអំណាចនៃការឈឺចាប់បន្តិចបន្តួចយ៉ាងនេះ, តើឯងមិនអៀនខ្មាសទេឬ?» (សិពិរាជវចន) « បណ្ដាពពួកត្រីតូច ៗ ច្រើនមីរដេដាស, ត្រីដែលអាចធាត់ធំឡើងបាននោះ, មានតិចពេកណាស់ យ៉ាងណាមិញ, មួយវិញទៀត, បណ្ដាផ្លែស្វាយទាំងឡាយ ផ្លែដែលជាប់នៅមិនជ្រុះ លុះដល់ពេញចំណាស់បាននោះ កម្រមានណាស់ យ៉ាងណាមិញ ចំណែកខាងការបានសម្រេចរបស់ព្រះពោធិសត្វទាំងឡាយក៏យ៉ាងនោះដែរ ។ អ្នកដែលតាំងផ្ដើមសេចក្ដីប្រាថ្នាជាពោធិសត្វនោះ មានចំនួនច្រើនពិតមែនហើយ ប៉ុន្តែកម្រមានអ្នកណាបានដល់ទីបំផុតណាស់, ត្រាតែអ្នកដែលមានព្យាយាមមិនដាក់ធុរៈចុះ ខំប្រឹងប្រព្រឹត្តទុក្ករចរិយាយ៉ាងម៉ឺងម៉ាត់ ឥតរួញរាថយក្រោយវិញនោះ ទើបសន្មតថាជាព្រះពោធិសត្វក្នុងអនាគតកាលបាន ។ ហេតុនោះ អ្នកដែលត្រូវការចង់ឲ្យបានដល់ភាពជាព្រះពោធិសត្វពិត ៗ ត្រូវបញ្ចេញទឹកចិត្តខ្ជាប់ខ្ជួនមាំមួនឥតរួញរារំភើបញាប់ញ័រឃ្លេងឃ្លោង បង្ហាញដល់អ្នកដទៃឲ្យឃើញផង » ។ (ឥន្ទ្រាវចន) ដោយសន្តិទេវ ដោយ​៥០០០​ឆ្នាំ​
images/articles/3118/20______ok.jpg
ឆវិសោធនសូត្រ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាមហាវិហារ-ព្រះជេតពន ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយ អំពីភិក្ខុក្នុងសាសនានេះព្យាករព្រះអរហត្តផល ដោយពាក្យថា ខីណា ជាតិ ( ខ្ញុំដឹងច្បាស់ថា ) ជាតិអស់ហើយ វុសិតំ ព្រហ្មចរិយំ ព្រហ្មចរិយ ខ្ញុំបានប្រព្រឹត្តហើយ ដូច្នេះជាដើម ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវត្រេកអរ មិនត្រូវហាមឃាត់នូវភាសិតរបស់ភិក្ខុនោះឡើយ ។ នៅក្នុងព្រះសូត្រ ព្រះអង្គទ្រង់លើកយកពួកធម៌ ៦ មកជាបញ្ហាសាកសួរ ដើម្បីរកភាពបរិសុទ្ធហ្មត់ចត់ប្រាកដប្រជា ទើបព្រះសូត្រមានឈ្មោះថា ឆវិសោធនសូត្រ ។ ពួកធម៌ ៦ ១-វោហារ ៤ គឺ ទិដ្ឋេ សុតេ មុតេ វិញ្ញាតេ ។ ២-ឧបាទានក្ខន្ធ ៥ មានរូបូបាទានក្ខន្ធជាដើម ។ ៣-ធាតុ ៦ មានបឋវីធាតុជាដើម ។ ៤-អាយតនៈខាងក្នុង និងខាងក្រៅ ៦ ។ ចំពោះពួកធម៌ ៤ ពួកនេះ គប្បីសួរថា ចុះអ្នកដ៏មានអាយុដឹងដូចម្ដេច ឃើញដូចម្ដេច ទើបចិត្តផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំក្នុងពួកធម៌នេះ ។ ៥-កាយដែលប្រកបដោយវិញ្ញាណ ។ ៦-និមិត្តទាំងអស់ជាខាងក្រៅ ។ ចំពោះពួកធម៌ពីរពួកខាងក្រោយនេះ គប្បីសួរថា ចុះអ្នកដ៏មានអាយុ ដឹងដូចម្ដេច ឃើញដូចម្ដេច បានជាដកនូវអហង្ការមមង្ការមានានុស័យក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ជាខាងក្រៅនេះផង ។ នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នឹងភាសិតរបស់ភិក្ខុនោះថា សាធុ ។ លុះភិក្ខុត្រេកអរ អនុមោទនានឹងភាសិតរបស់ភិក្ខុនោះថា សាធុ ហើយ ត្រូវនិយាយថា ម្នាលអាវុសោ យើងពេញជាមានលាភ ម្នាលអាវុសោ អត្តភាពជាមនុស្សយើងបានល្អហើយ ដោយយើងបានឃើញលោកដ៏មានអាយុ ជាអ្នកប្រព្រឹត្តធម៌ល្អប្រាកដដូច្នោះ ។ សូមអនុមោទនា ! សិក្សាព្រះសូត្រភាគ១៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3147/m-original-art-for-sale.jpg
គាថានៃព្រះថេរៈ ១២ អង្គ
ផ្សាយ : ១២ មករា ឆ្នាំ២០២៣
ភិក្ខុទៅកាន់ទីស្មសាន បានឃើញ​សាកសពស្ត្រី​ដែលគេលះ​បង់ចោល​ក្នុងព្រៃ​ស្មសាន ត្រូវពួកដង្កូវ​រុកជញ្ជែង​ស៊ីធ្លុះធ្លាយ។ ពួកជនខ្លះ​ដែលឃើញ​សាកសព​ស្លាប់ដ៏លាមក​ក៏ខ្ពើម​រអើម តែកាមរាគៈ​កើតឡើង​ប្រាកដ (ក្នុង​សាកសព​នោះ) ដូចជា​បុគ្គលខ្វាក់ អសុចិ​ហូរហៀរ (តាមទ្វារទាំង៩)។ តែអាត្មាអញ​ចៀសចេញ​អំពីទីនោះ ថយជាង​មួយចំអិនបាយ ជាអ្នកមាន​ស្មារតី​ដឹងខ្លួន ចូលទៅកាន់​ទីសមគួរ។ លំដាប់នោះ ការធ្វើទុក​ក្នុងចិត្តដោយ​ឧបាយ​ប្រាជ្ញា ក៏កើតឡើង​ដល់អាត្មាអញ ទោស​ក៏កើតប្រាកដ (ដល់​អាត្មាអញ) សេចក្ដី​នឿយណាយ ក៏តាំង​នៅព្រម (ក្នុងហ្ឫទ័យ​នៃអាត្មាអញ) លំដាប់នោះ ចិត្តរបស់​អាត្មាអញ​ក៏រួច​ស្រឡះ (ចាកកិលេស) អ្នកចូរ​មើលនូវភាព​នៃធម៌ ជាធម៌ល្អ វិជ្ជាទាំង ៣ អាត្មាអញ​បាន​ដល់​ដោយលំដាប់​ហើយ សាសនានៃ​ព្រះពុទ្ធ អាត្មាអញ ក៏បានធ្វើ​ហើយ។ — រាជទត្តត្ថេរ។ បុរសអ្នកប្រាថ្នានូវកិច្ច ប្រកបខ្លួនក្នុង​អំពើដែល​មិនគួរប្រកប ប្រសិនបើ​ត្រាច់​ទៅ មិន​គប្បីបាន (នូវប្រយោជន៍​នោះទេ) នោះឯង ជាលក្ខណៈ​នៃចំណែក​ខាងអាក្រក់។ការដែល​រស់នៅ​ដោយលំបាក អាត្មាអញបានដកចោល​ហើយ បើបុគ្គលណា លះបង់​ធម៌​យ៉ាងឯក គឺ​អប្បមាទ បុគ្គលនោះ ទុកដូចជា​មនុស្សចង្រៃ ម្យ៉ាងទៀត បើបុគ្គលណា លះ​បង់​នូវឥន្ទ្រិយ​ទាំង​អស់ (សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា) បុគ្គលនោះ ទុកដូច​ជា​មនុស្សខ្វាក់ ព្រោះ​មិន​ឃើញ​នូវ​របស់ដែល​ស្មើគ្នា និងមិនស្មើគ្នា។ពិតណាស់ បុគ្គលធ្វើអំពើណា ត្រូវនិយាយ​ចំពោះ​តែអំពើនោះ មិន​ធ្វើនូវ​អំពើណា មិនត្រូវ​និយាយ​ចំពោះ​អំពើនោះទេ បណ្ឌិត​ទាំងឡាយ តែងកំណត់​ដឹងនូវ​បុគ្គល​អ្នកមិនធ្វើ បានតែ​និយាយ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ តែមិនមាន​ក្លិនក្រអូប​យ៉ាងណា​វាចាជា​សុភាសិត រមែងឥតផល ដល់បុគ្គល​អ្នកមិនធ្វើ​តាម ក៏យ៉ាងនោះដែរ។ ផ្កាដ៏​រុងរឿង មាន​ពណ៌ល្អ ប្រកប​ដោយក្លិន​ក្រអូប យ៉ាងណា វាចា​ជាសុភាសិត រមែង​មានផល​ដល់បុគ្គល​អ្នក​ធ្វើតាម ក៏យ៉ាង​នោះដែរ។ — សុភូតត្ថេរ។ ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃ​ដ៏ពីរោះ កុដិ​អាត្មា​ប្រក់​ស្រួល​ហើយ ឥតមានខ្យល់​ចេញចូល​បានទេ អាត្មា​មានចិត្ត​ស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាល​មេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹម​នៃមេឃ​ដ៏ពីរោះ កុដិអាត្មា​ប្រក់ស្រួល​ហើយ ឥតមាន​ខ្យល់ចេញ​ចូល​បានទេ អាត្មាមាន​ចិត្តស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។បេ។ អាត្មាជាអ្នក​ប្រាសចាក​រាគៈ នៅក្នុង​កុដិនោះ។បេ។ អាត្មា​ជាអ្នកប្រាស​ចាកទោសៈ នៅក្នុង​កុដិនោះ។បេ។ អាត្មាជា​អ្នកប្រាស​ចាកមោហៈ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។ — គិរិមានន្ទត្ថេរ។ បណ្ដាធម៌ទាំងឡាយ ព្រះឧបជ្ឈាយ៍​ប្រាថ្នាចំពោះ​ធម៌ណា អនុគ្រោះខ្ញុំ អ្នក​ប្រាថ្នា​ព្រះនិព្វាន​ឈ្មោះ​អមតៈ សោឡសកិច្ច​ដែលគួរធ្វើ ខ្ញុំក៏បាន​ធ្វើហើយ។ មគ្គធម៌ ជាធម៌​មិនមាន​អន្ដរាយ ខ្ញុំបាន​ដល់ដោយ​លំដាប់ហើយ បានធ្វើឲ្យ​ជាក់ច្បាស់​ហើយដោយ​ខ្លួនឯង ខ្ញុំ​មានញាណ​ដ៏បរិសុទ្ធ​ឥតសង្ស័យ បានធ្វើឲ្យ​ជាក់ច្បាស់​ក្នុងសំណាក់​នៃលោក។ ខ្ញុំដឹង​នូវ​បុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជំរះស្អាតហើយ ប្រយោជន៍​របស់ខ្លួន គឺព្រះអរហត្ដ ខ្ញុំបាន​ដល់​ដោយ​លំដាប់​ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ធ្វើហើយ។ ខ្ញុំជាអ្នក​មិនប្រមាទ បានស្ដាប់ បាន​រៀន​ល្អ​នូវសិក្ខា​ក្នុងពាក្យ​ប្រៀនប្រដៅ​របស់លោក អាសវៈ​ទាំងពួង​របស់ខ្ញុំ​អស់ហើយ ឥឡូវ​ភពថ្មី​មិនមានទេ។ លោកប្រៀន​ប្រដៅខ្ញុំដោយ​វ័តដ៏ប្រសើរ ជា​អ្នក​អនុគ្រោះ ទំនុក​បម្រុង (នូវខ្ញុំ) ឱវាទ​របស់លោក​មិនឥត​អំពើឡើយ ខ្ញុំជាសិស្ស​បានរៀន​សូត្រហើយ។ — សុមនត្ថេរ។ មានសេចក្ដីដំណាលថា ឱហ្ន៎ មាតាបានបង្ហាញ​នូវជន្លួន (ឱវាទ) ដល់​អាត្មាអញ​អាត្មាអញ​ដែលមាតា​ប្រៀនប្រដៅ​បានស្ដាប់​ពាក្យរបស់​លោកហើយ ជាអ្នក​មាន​ព្យាយាម​មុតមាំហើយ មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន បានដល់​នូវសម្ពោធិ​ដ៏ឧត្ដម។ អាត្មាអញ​ជា​អរហន្ដ ទក្ខិណេយ្យបុគ្គល មានត្រៃវិជ្ជា ឃើញ​ព្រះនិព្វាន​ឈ្មោះ​អមតៈ ​អាត្មាអញ​ឈ្នះ​សេនានៃមារ ជាអ្នក​មិនមាន​អាសវៈ។ អាសវៈ​ទាំងឡាយ​ណា​របស់អាត្មាអញ ខាង​ក្នុងក្ដី ខាងក្រៅក្ដី អាសវៈ​ទាំងអស់​នោះ អាត្មាអញ​កាត់ផ្ដាច់​ហើយ ឥតមាន​សេសសល់ ទាំង​មិន​កើតទៀត​ទេ។ បងស្រី​មានសេចក្ដី​ក្លៀវក្លា បានពោល​នូវសេចក្ដី​នេះ នាងទំនង​ជា​មិនមាន​​សេចក្ដី​ស្រឡាញ់​ចំពោះ​អាត្មាដោយ​ពិត ព្រៃ (មាន​អវិជ្ជា​ជាដើម) មិនមាន (ក្នុង​សន្ដាន​​របស់នាង) ទេ។ សេចក្ដី​ទុក្ខ មានទីបំផុត​ជុំវិញ អាត្មាបាន​ធ្វើហើយ រាងកាយ​នេះ ជាទីបំផុត (របស់អាត្មា) សង្សារ គឺជាតិ និងមរណៈ​មិនមាន ឥឡូវនេះ ភពថ្មី​មិនមានទេ។ — វឌ្ឍត្ថេរ។ អាត្មាអញបានស្ដាប់ធម៌របស់​ព្រះពុទ្ធណា ហើយវៀរបង់​មិច្ឆាទិដ្ឋិ ព្រះពុទ្ធ​នោះ យាងមកហើយ​កាន់ស្ទឹង​នេរញ្ជរា ដើម្បី​ប្រយោជន៍​ដល់អញ​មែនពិត។ អាត្មាអញ បាន​បូជាយ័ញ្ញ​ទាំងឡាយ​ខ្ពស់ និងទាប បានបូជាភ្លើង កាលនៅ​ជាបុថុជ្ជន ងងឹត​ងងល់ សំគាល់​ថា ការបូជា​នេះឯង​ជាសេចក្ដី​បរិសុទ្ធិ។ អាត្មាអញ ស្ទុះទៅកាន់​ព្រៃស្បាត គឺទិដ្ឋិ ត្រូវសេចក្ដី​ស្ទាប​អង្អែល (ខុស) ឲ្យដល់នូវ​សេចក្ដី​វង្វេង ងងឹត​មិនដឹង សំគាល់​ផ្លូវមិនបរិសុទ្ធ ថាជាផ្លូវ​បរិសុទ្ធ។ មិច្ឆាទិដ្ឋិ អាត្មាអញ​បានលះបង់​ហើយ ភពទាំង​ពួង អាត្មាអញ​បានទំលុះ​ទំលាយ​ហើយ អាត្មាអញ​បូជា​ភ្លើង គឺ​ព្រះសម្មាសម្ពុទ្ធ ជា​ទក្ខិណេយ្យបុគ្គល ថ្វាយបង្គំ​នូវ​ព្រះតថាគត។ មោហៈ​ទាំងពួង អាត្មាអញ​បានលះបង់​ហើយ ភវតណ្ហា អាត្មាអញ​បាន​ទំលុះទំលាយ​ចេញ​ហើយ ជាតិសង្សារ​អស់រលីង​ហើយ ឥឡូវនេះ ភពថ្មីទៀត​នៃអាត្មាអញ​មិនមាន​ទេ។ — នទីកស្សបត្ថេរ។ អាត្មាអញចុះទឹកក្នុងកំពង់ឈ្មោះគយា ក្នុងមួយថ្ងៃ ៣ ដង គឺពេលព្រឹក ថ្ងៃត្រង់ ល្ងាច ក្នុងកាល​មហោស្រពឈ្មោះ​គយផគ្គុ បាបណា ដែលអាត្មាអញ​ធ្វើហើយ ក្នុង​ជាតិ​ទាំងឡាយ​ដទៃ អំពីកាលមុន ឥឡូវនេះ អាត្មាអញ​បណ្ដែត​ចោលនូវ​បាបនោះ ​ក្នុងកំពង់​ឈ្មោះ​គយានេះ ទិដ្ឋិយ៉ាងនេះ មានហើយ​ក្នុងកាលមុន។ អាត្មាអញ ស្ដាប់វាចា​ជា​សុភាសិត ជាបទ​ប្រកបដោយ​ធម៌ និងអត្ថ ហើយពិចារណា​នូវសេចក្ដី​តាមគួរ​ដល់ការពិត ដោយ​ឧបាយ​នៃប្រាជ្ញា។ អាត្មាអញ មានបាប​ទាំងពួង​លាងចេញ​ហើយ មិនមាន​មន្ទិល មាន​កិលេស​លាងចេញ​ហើយ ជាអ្នកស្អាត​បរិសុទ្ធ ជា​ពុទ្ធទាយាទ (អ្នកគួរ​ទទួលនូវ​មត៌ក​នៃ​ព្រះពុទ្ធ) ជា​កូនកើតអំពី​ព្រះឧរៈ​នៃព្រះពុទ្ធ។ អាត្មាអញ ចុះកាន់ខ្សែ​នៃមគ្គ ប្រកប​ដោយអង្គ ៨ ហើយ បណ្ដែត​ចោលនូវ​បាបទាំងពួង ដល់នូវ​វិជ្ជា ៣ ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មាអញ បានធ្វើ​ហើយ។ — គយាកស្សបត្ថេរ។ (ព្រះមានព្រះភាគ ត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគ​ដែលកើត​អំពីខ្យល់​គ្របសង្កត់​ហើយ នៅក្នុងព្រៃធំ មានគោចរ​លះបង់​ហើយ (ក្រចតុប្បច្ច័យ) ជាទី​សៅហ្មង​តើនឹងធ្វើ​ដូចម្ដេច។(ព្រះវក្កលិត្ថេរ ក្រាបបង្គំទូលថា) ខ្ញុំព្រះអង្គ ផ្សាយចិត្តទៅ​កាន់កាយ​ទាំង​មូល ដោយ​សុខៈ ដែលកើត​អំពីបីតិ​ដ៏លើសលុប អត់ទ្រាំនូវ​បច្ច័យ​ដ៏សៅហ្មង​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ចំរើន​សតិប្បដ្ឋាន​ទាំងឡាយ​ផង សម្មប្បធានផង ឥទ្ធិបាទផង ឥន្ទ្រិយផង ពលៈផង ចំរើន​ពោជ្ឈង្គផង អដ្ឋង្គិកមគ្គ​ផង នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ឃើញ (នូវសព្រហ្មចារី​បុគ្គល​ទាំងឡាយ) អ្នកមានព្យាយាម​តឹងតែងហើយ មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន មាន​ព្យាយាម​​ប្រឹងប្រែង​ដ៏មាំអស់​កាលជានិច្ច មានសេចក្ដី​ព្រមព្រៀង​គ្នា ប្រកប​ដោយភាព​ជាសមណៈ​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​នឹករឿយ ៗ នូវ​ព្រះសម្ពុទ្ធ ព្រះអង្គ​មានខ្លួន​ទូន្មាន​បាន​ហើយ មានព្រះ​ទ័យតាំង​មាំហើយ មិនខ្ជិល​ច្រអូស​អស់យប់ និងថ្ងៃ នៅក្នុង​ព្រៃធំ។ — វក្កលិត្ថេរ។ ម្នាលចិត្ត អញនឹងហាមឃាត់​ឯង ដូចជា​គេបង្ខាំង​ដំរីទុក​ក្នុងក្រោល មានទ្វារ​ប្រកប​ដោយ​រនុក ទាំងមិន​បណ្ដោយ​ឯង ដែលជា​បណ្ដាញ​នៃកាម​ដែលកើត​អំពី​សរីរៈ​ឲ្យទៅក្នុង​បាបធម៌​ទេ។ ឯង អញហាមឃាត់​ហើយ នឹងទៅណា​មិនបានទេ ដូចជា​ដំរីដែល​មិនបាន​នូវ​ចន្លោះទ្វារ (ដើម្បីចេញ) ម្នាលចិត្ត​ខិលខូច ឯងនឹង​ប្រព្រឹត្ត​ឈ្លានពាន ត្រេកអរ​ក្នុងបាបធម៌​រឿយ ៗ ទៀត​មិនបានទេ។ ហ្មដំរី អ្នកមានកំឡាំង ធ្វើដំរី​ដែលមិនទាន់​ពង្រាប​ទើបចាប់​បានថ្មី ជាសត្វមិន​ប្រាថ្នាឲ្យ​ត្រឡប់វិល​បាន​យ៉ាងណា អញនឹង​ឲ្យឯងវិល​ត្រឡប់​យ៉ាងនោះ​ដែរ។ នាយសារថី​ដ៏ប្រសើរ ជាអ្នកឈ្លាស​ក្នុងការ​បង្ហាត់សេះ​ដ៏ប្រសើរ បង្ហាត់សេះ​អាជានេយ្យ​យ៉ាងណា អញនឹងតាំង​នៅក្នុង​ពលធម៌ ៥ ហើយទូន្មានឯង​យ៉ាងនោះដែរ។ អញ​នឹងចងឯង​ដោយសតិ អញមាន​ខ្លួនប្រុង​ប្រយ័ត្នហើយ នឹង​ទូន្មានឯង ម្នាលចិត្ត ឯង អញ​សង្កត់សង្កិន​ក្នុង​ធុរៈ គឺព្យាយាម​កុំទៅឆ្ងាយ​អំពីទី​នេះឡើយ។ — វិជិតសេនត្ថេរ។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅ​របស់​ព្រះជិនស្រី គង់ជាអ្នក​ឆ្ងាយអំពី​ព្រះសទ្ធម្ម ដូចផែនដី​ឆ្ងាយអំពី​មេឃ។ បុគ្គលអ័ប្បឥត​ប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់សាប​សូន្យចាក​ព្រះសទ្ធម្ម ដូចព្រះចន្ទ្រ​ក្នុង​កាឡប័ក្ខ (រនោច)។ បុគ្គល​អ័ប្បឥតប្រាជ្ញា មានចិត្ត​ប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់រីង​ស្ងួតក្នុង​ព្រះសទ្ធម្ម ដូចជា​ត្រីរីងស្ងួត​ក្នុងទី​មានទឹក​តិច។ បុគ្គលអ័ប្ប​ឥតប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជា​ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់ព្រះជិនស្រី គង់មិន​លូតលាស់​ក្នុង​ព្រះសទ្ធម្ម ដូចជា​ពូជស្អុយ​មិនដុះ​ក្នុងស្រែ។ លុះតែ​បុគ្គលណា មានចិត្ត​គ្រប់គ្រងហើយ ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះជិនស្រី បុគ្គលនោះ ទើបញ៉ាំង​អាសវៈ​ទាំងពួង​ឲ្យអស់ទៅ ធ្វើឲ្យជាក់​ច្បាស់នូវ​ធម៌ មិន​កំរើក (អរហត្តផល) ដល់នូវសេចក្ដី​ស្ងប់ដ៏ឧត្តម គឺ​អនុបាទិសេសនិព្វាន ជាអ្នក​មិនមាន​អាសវៈ រមែង​បរិនិព្វាន។ — យសទត្តត្ថេរ។ ខ្ញុំបានឧបសម្បទាផង បានផុតស្រឡះ ជាអ្នកមិន​មានអាសវៈ​ផង ខ្ញុំបាន​ឃើញ​ព្រះមានព្រះភាគ​អង្គនោះ​ផង ទាំងបាន​នៅជាមួយ​ក្នុងកុដិ​ផង។ ព្រះមានព្រះភាគ ទ្រង់ធ្វើ​រាត្រីជា​ច្រើន (យប់ជ្រៅ) ឲ្យកន្លងទៅ​ក្នុងទីវាល ព្រះសាស្ដា​ឈ្លាសក្នុង​ការនៅ បានស្ដេច​ចូលទៅ​កាន់កុដិ​ក្នុងពេលនោះ។ ព្រះគោតម​ទ្រង់ក្រាល​សង្ឃាដិ ហើយសម្រេច​សីហសេយ្យា ដូចជា​សត្វសីហៈ ដែលលះបង់​សេចក្ដីភ័យ​ស្ញប់ស្ញែង ដេកក្នុង​គុហាថ្មកែវ។ លំដាប់នោះ ព្រះសោណៈ ជាសាវ័កនៃ​ព្រះសម្មាសម្ពុទ្ធ អ្នកពោល​ពាក្យពីរោះ បានពោល​នូវ​ព្រះសទ្ធម្ម​ចំពោះព្រះភក្ដ្រ​ព្រះពុទ្ធ​ដ៏ប្រសើរ។ បានកំណត់ដឹង​នូវ​បញ្ចក្ខន្ធ បានចំរើន​នូវមគ្គដ៏​ប្រសើរ ហើយដល់នូវ​ទីស្ងប់ដ៏​ឧត្តម ជាបុគ្គល​មិនមាន​អាសវៈ នឹង​បរិនិព្វាន។ — សោណកុដិកណ្ណត្ថេរ។ បុគ្គលណាជាអ្នកប្រាជ្ញ អ្នកដឹងឱវាទ​របស់គ្រូ​ទាំងឡាយ គប្បីនៅ​ក្នុងឱវាទ​របស់​គ្រូនោះផង គប្បីញ៉ាំង​សេចក្ដី​ស្រឡាញ់​ឲ្យកើតផង បុគ្គលនោះ ឈ្មោះថា​ជាអ្នកមាន​ភក្ដី​ផង ឈ្មោះថា​ជាអ្នក​ប្រាជ្ញផង ទាំងបុគ្គល​នោះ មុខជានឹង​មានសេចក្ដី​វិសេស​ក្នុងធម៌ទាំង​ឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ អន្ដរាយ​ទាំងឡាយ​ដ៏ខ្លាំងក្លា កើតឡើង​ហើយ តែមិនបាន​គ្របសង្កត់​នូវបុគ្គល​ណា ជាអ្នក​ពិចារណា បុគ្គលនោះ ឈ្មោះថាជា​អ្នកមាន​កំឡាំង​ផង ឈ្មោះថា​ជាអ្នកមាន​ប្រាជ្ញាផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ បុគ្គលណា នឹងធឹង​មិនញាប់ញ័រ ជាអ្នក​មានបញ្ញា​ជ្រៅដូច​សមុទ្រ ឃើញ​នូវសេចក្ដី​ដ៏​ល្អិត បុគ្គលនោះ ឈ្មោះថា​ជាអ្នកដែល​កិលេស​ដឹកនាំមិន​បានផង ​ជាអ្នក​ប្រាជ្ញ​ផង ទាំង​ជាអ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។បុគ្គលណា ជាអ្នក​ចេះដឹង​ច្រើន ជា​អ្នកចងចាំ​នូវធម៌ ទាំងជា​អ្នកប្រព្រឹត្ត​នូវធម៌ដ៏​សមគួរ​ដល់ធម៌ បុគ្គលនោះ ឈ្មោះថា​ជាអ្នក​ប្រាកដស្មើ​ដោយគ្រូ​នោះផង ជាអ្នក​ប្រាជ្ញ​ផង ទាំង​​ជាអ្នក​វិសេសក្នុង​ធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។បុគ្គលណា ដឹងនូវ​សេចក្ដីនៃ​ភាសិតផង លុះដឹង​នូវសេចក្តី​នៃភាសិតហើយ ធ្វើតាម​ផង បុគ្គល​នោះ ឈ្មោះថា​ជាអ្នកឆ្លង​ផុតនូវ​សេចក្ដី​សង្ស័យ​ផង ជាអ្នក​ប្រាជ្ញផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ — កោសិយត្ថេរ។ ឧទ្ទាន គាថា ៦៥ ក្នុងគាថាទាំងនោះ ព្រះថេរៈ ១២ អង្គ សំដែង គឺ រាជទត្តត្ថេរ ១ សុភូតត្ថេរ ១ គិរិមានន្ទត្ថេរ ១ សុមនត្ថេរ ១ វឌ្ឍត្ថេរ ១ នទីកស្សបត្ថេរ ១ គយាកស្សបត្ថេរ ១ វក្កលិត្ថេរ ១ វិជិតសេនត្ថេរ ១ យសទត្តត្ថេរ ១ សោណកុដិកណ្ណត្ថេរ ១ កោសិយត្ថេរ ១។ ចប់ បញ្ចកនិបាត។ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿