Reading Article
Public date : 24, Jul 2019 (10,040 Read)
សេចក្តីប្រកាន់

|
សេចក្តីប្រកាន់
កូនជាទីស្រឡាញ់ ជីវិតនៃមនុស្សម្នាក់ៗនោះ រមែងជួបប្រទះនូវសេចក្តីក្រហាយ ខ្វាយខ្វល់ រចល់ក្នុងចិត្ត សន្ធឹកសន្ធាប់រាប់ដងមិនអស់ ច្រើនបែបច្រើនយ៉ាង។ ក្នុងបណ្តាសេចក្តីក្តៅក្រហាយនោះ មានសេចក្តីក្តៅក្រហាយព្រោះសេចក្តីប្រកាន់នៃខ្លួនឯងរួមជាមួយផង ។ សេចក្តីប្រកាន់ដែលពោលមកនេះ គឺការដែលមនុស្សយើងទៅចាប់យកមកហួងហែងនូវអ្វីណាមួយ រហូតទាល់តែខ្លាំងហួសដូចជាចាប់យកនូវមនុស្សទាំងឡាយណា របស់ទាំងឡាយណា ការងារទាំងឡាយណា ឋានះទាំងឡាយណាទាំងការចេះដឹង រហូតដល់គំនិតរបស់ខ្លួនជាដើមទាំងអស់នេះ មកហួងហែងប្រកាន់មាំខ្លាំងពេកទៅ គឺនៅក្នុងសេចក្តីប្រកាន់ថាជារបស់យើង ។ សេចក្តីប្រកាន់ដូចនេះឯងជាហេតុ ជាដើមចមនៃសេក្តីក្តៅក្រហាយ និងទុក្ខសោកក្រៀមក្រំ ដែលតែងតែមានក្នុងមនុស្សម្នាក់ៗ ។ ប្រកាន់ក្នុងអ្វីណា ក៏នឹងទុក្ខសោកក្តុកក្តួលក្នុងអ្វីនោះ ។ បើមិនប្រកាន់ក្នុងអ្វីណាទេ ក៏នឹងមិនទុក្ខសោក មិនក្តុកក្តួល និងមិនក្តៅក្រហាយក្នុងអ្វីនោះឡើយ ។ បើកូនត្រូវការឲ្យមានជីវិតរស់នៅជាសុខពិតៗ កូនត្រូវព្យាយាមលះលែងក្នុងចិត្តនូវអ្វីៗនោះ ឲ្យថយចុះនូវសេចក្តីប្រកាន់ កូនត្រូវចាំទុកនូវពាក្យនេះគឺ (កុំចង់បានរបស់ដែលអត់ កុំជាប់ចិត្តនឹងរបស់ដែលមាន អ្វីៗសុទ្ធតែកើតពីហេតុ អ្វីៗ ដែលកើតឡើងហើយ សុទ្ធតែត្រូវប្រែប្រួលទាំងអស់) ។ កូនកុំទៅទូលដុំថ្ម កុំទទួលនូវការៈអ្វីឲ្យធ្ងនហួស ។ ជាធម្មតានៃភារៈដែលរែកទូល វារមែងធ្ងន់និងអស់ការនឿយហត់តទៅទៀតដែរ ។ ភារៈដែលចិត្តទទួលរែកពុន ឬប្រកាន់ទុកនេះវាមិនងាយនឹងដាក់ចុះបានដោយងាយឡើយ ដូច្នេះហើយទើបវាធ្វើឲ្យធ្ងន់នៅក្នុងចិត្ត និងក្តៅក្រហាយជានិច្ចកាល ។ បើទោះបីថាមានភារះ ឬ ទូលរែកនូវអ្វីទៅនោះដោយមិនប្រកាន់ចំពោះភារះនោះខ្លាំងពេកទេ ពេលណាគួរដាក់ក៏ដាក់ ពេលណាគួរទូលរែកក៏ទូលរែកទៅ ធ្វើបានដូចនេះវាគ្រាន់ធូរទ្រូងខ្លះ អាចមានជីវិតជាសុខតាមសមគួរដែរល្អជាងរែកទូលគ្រប់គ្រាគ្រប់ពេលវេលា ។ ចំពោះសេចក្តីប្រកាន់ក្នុងចិត្ត ដែលជាភារះធ្ងន់ដូចពោលហើយនេះ បើដាក់ចុះបានខ្លះ ក៏នឹងមានសេចក្តីសុខខ្លះ បើដាក់ចុះបានទាំងអស់ក៏នឹងមានសេចក្តីសុខទាំងអស់នេះជាសច្ចធម៌កូនណ៎ា ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |