Reading Article
Public date : 30, Nov 2022 (66,482 Read)
កុរុធម្មជាតក

|
កុរុធម្មជាតក
ក្នុងអតីតកាលមុនសម័យពុទ្ធកាល កាលនោះ មានព្រះរាជាមួយអង្គទ្រង់ព្រះនាម ធនញ្ជយកោរព្យ គ្រប់គ្រងរាជសម្បត្តិ ក្នុងឥន្ទបត្តមហានគរ ដែលជាទីក្រុងមួយរបស់ដែលកុរុរដ្ឋក្សត្រអង្គនោះ ទ្រង់តាំងមាំក្នុងទសពិធរាជធម៌ និងទ្រង់រក្សាកុរុធម៌ គឺ សីល ៥ ដែលជាទំនៀមរបស់អ្នកដែនកុរុនាំគ្នាប្រព្រឹត្តបដិបត្តិរឿយៗគ្រប់ៗគ្នាមក មិនត្រឹមតែប៉ុណ្ណោះ ព្រះរាជាអង្គនោះ ទ្រង់ឲ្យសាងរោងទាន ៦ កន្លែង ទុកខាងក្នុងនគរហើយ ទ្រង់បរិច្ចាគទានជាប្រចាំរាល់ថ្ងៃ។ សេចក្ដីនេះសម្ដែងឲ្យដឹងថា ក្នុងនគរឬរដ្ឋនោះ ក្នុងកាលណោះមានការរុងរឿងរីកចម្រើន ហើយប្រជាជនរស់នៅទីនោះរមែងសុខសប្បាយរីករាយណាស់។ ចំណែកក្រុងមួយទៀត ឈ្មោះថា ទន្តបូរី ជានគរមិននៅឆ្ងាយអំពីដែនកុរុរដ្ឋនោះទេ មានព្រះរាជាព្រះនាម កាលិង្គរាជជាក្សត្រអ្នកគ្រប់គ្រង តែជានគរក្រខ្សត់ មានរោគផ្សេងៗបៀតបៀន ព្រោះមិនមានភ្លៀងធ្លាក់ រាំងហួតហែងសូម្បីស្រូវអង្ករថ្លៃៗរកបានដោយលំបាក កាលនោះ ប្រជាជននាំគ្នាទៅស្រែកទ្រហោយំត្រង់ទ្វារព្រះរាជវាំង ព្រះរាជាអង្គនោះ ទើបទ្រង់ត្រាស់សួរដល់បណ្ដាពួករាស្ត្រនោះថា កាលដែលភ្លៀងមិនធ្លាក់តាមរដូវកាលដូច្នេះ តើពួកក្សត្រពីបុរាណនឹងដោះស្រាយបញ្ហានេះដូចម្ដេច? ពួករាស្ត្រទាំងនោះ ក្រាបទូលថាក្សត្រពីបុរាណតែងបរិច្ចាគទាន និងទ្រង់រក្សាឧបោសថសីល នៅលើប្រាសាទរហូត៧ថ្ងៃ ទើបភ្លៀងធ្លាក់។ ព្រះរាជាកាលិង្គរាជក៏ទ្រង់បដិបត្តិតាមពាក្យក្រាបទូលរបស់ប្រជារាស្ត្រទាំងនោះ ភ្លៀងក៏នៅតែមិនធ្លាក់ ព្រះរាជាក៏ត្រង់ប្រឹក្សាជាមួយនឹងពួកអាមាត្រទាំងឡាយ ដើម្បីរកវិធីធ្វើឲ្យភ្លៀងធ្លាក់ ពួកអាមាត្រក្រាបទូលថា ព្រះរាជាធនញ្ជយកោរព្យជាព្រះចៅនៃឥន្ទបត្តមហានគរឯណោះ ព្រះអង្គមានដំរីមង្គលមួយ បើបានដំរីនោះ មកកាន់នគរទន្តបុរីនេះ ភ្លៀងនឹងធ្លាក់បរិបូរណ៍ពុំខាន ព្រះរាជាកាលិង្គរាជ ក៏ទ្រង់សូមដំរីមង្គលរបស់ព្រះបាទធនញ្ជយកោរព្យ តាមពាក្យរបស់អាមាត្រ ហើយភ្លៀងក៏នៅតែមិនធ្លាក់ ព្រះរាជាក៏ទ្រង់ប្រឹក្សាជាមួយពួកអាមាត្រទៀត ដើម្បីរកវិធីធ្វើឲ្យភ្លៀងធ្លាក់ ពួកអាមាត្រក្រាបទូលថា ព្រះរាជាធនញ្ជយកោរព្យ ទ្រង់រក្សាកុរុធម៌ គឺសីល៥ជានិច្ចភ្លៀងទើបធ្លាក់ជាប់តគ្នា១៥ថ្ងៃ ម្យ៉ាងទៀត សូមព្រះរាជាទ្រង់មេត្តាប្រោសឲ្យនាំដំរីទៅថ្វាយព្រះរាជាអង្គនោះវិញ ហើយសូមឲ្យចារឹកកុរុធម៌នោះ ទុកក្នុងក្រាំងមាស ហើយនាំមកថ្វាយឲ្យព្រះអង្គបដិបត្តិ កាលធ្វើយ៉ាងនេះ ភ្លៀងនឹងធ្លាក់ចុះក្នុងអាណាចក្ររបស់ព្រះអង្គ។ ព្រះរាជាទ្រង់សណ្ដាប់ហើយ ត្រង់សព្វព្រះហឫទ័យ ទើបឲ្យពួកព្រាហ្មណ៍៨នាក់ជាមួយអាមាត្រជារាជទូតនាំដំរីមង្គលទៅថ្វាយព្រះបាទធនញ្ជយកោរព្យវិញ និងទ្រង់ថ្វាយរាជបណ្ណាការព្រមទាំងឲ្យសូមកុរុធម៌ផង។ ពួកព្រាហ្មណ៍និងអាមាត្រទាំងឡាយ ទទួលព្រះរាជឱង្ការហើយក៏ថ្វាយបង្គំលាទៅបដិបត្តិតាមព្រះរាជបញ្ជា។ កាលព្រហ្មណ៍ និងអាមាត្ររបស់កាលិង្គរាជ ថ្វាយដំរីមង្គលនិងគ្រឿងរាជបណ្ណាការហើយ ទើបសូមកុរុធម៌អំពីព្រះបាទធនញ្ជយកោរព្យ តែព្រះអង្គមិនទ្រង់រាជទានឲ្យដោយទ្រង់មិនដាច់ស្រេចក្នុងព្រះទ័យព្រះអង្គឯងថា កុរុធម៌របស់ព្រះអង្គបរិសុទ្ធផូរផង់ឬទេ ព្រោះធ្លាប់បាញ់កូនសរមួយគ្រាប់ធ្លាក់ចូលទៅក្នុងស្រះទឹក ទ្រង់សង្ស័យថា កូនសរនោះនឹងធ្លាក់ត្រូវត្រីណាមួយស្លាប់មិនខាន ទើបទ្រង់ណែនាំឲ្យពួកព្រាហ្មណ៍ និងអាមាត្រទាំងឡាយ ឲ្យទៅទូលសុំកុរុធម៌អំពីព្រះរាជមាតា ដែលរក្សាបានបរិសុទ្ធ តែគណៈរាជទូតវិនិច្ឆ័យ ហើយក្រាបទូលថា សីលនឹងមិនដាច់ទេ ព្រោះព្រះអង្គមិនមានចេតនានឹងសម្លាប់ សូមព្រះអង្គព្រះរាជទានឲ្យចុះ ព្រះបាតធនញ្ជយកោរព្យ ទើបទ្រង់អនុញ្ញាតឲ្យចារឹកកុរុធម៌ចុះក្នុងក្រាំងមាសគឺ ១- កុំសម្លាប់សត្វ ២- កុំលួចទ្រព្យគេ ៣- កុំប្រព្រឹត្តខុសក្នុងកាមេ ៤- កុំនិយាយកុហក ៥- កុំផឹកទឹកស្រវឹង កាលរាជទូតចារឹកកុរុធម៌ទាំង៥ប្រការហើយ ក៏ថ្វាយបង្គំលា នាំគ្នាចូលទៅគាល់ព្រះរាជមាតារបស់ព្រះបាទធនញ្ជយកោរព្យទៀត ព្រះនាងក៏ទ្រង់សង្ស័យថា កុរុធម៌របស់ព្រះនាងមិនបរិសុទ្ធ ព្រោះធ្លាប់បែកចែកទ្រព្យឲ្យកូនប្រសារ២នាក់ មានតម្លៃមិនស្មើគ្នា កាលរាជទូតក្រាបទូលឲ្យបានជ្រាបថា មិនជាអ្វីទេ ហើយទូលសុំកុរុធម៌ចារឹកដាក់ក្នុងក្រាំងមាស ដូចព្រះរាជាដែរ បន្ទាប់មកក៏ចូលទៅគាល់ព្រះអគ្គមហេសី។ ព្រះអគ្គមហេសីក៏ត្រាស់ថា ព្រះនាងក៏នៅសង្ស័យក្នុងកុរុធម៌របស់ព្រះនាងដែរ ព្រោះធ្លាប់មានចិត្តគិតថា បើព្រះរាជាទ្រង់ចូលទីវង្គត់ហើយ ព្រះនាងនឹងរួមអភិសេកជាមួយមហាឧបរាជក៏នឹងបានតំណែងអគ្គមហេសីទៀត ពួករាជទូត ទើបក្រាបទូលថា បើគ្រាន់តែប៉ុណ្ណេះ សីលរបស់ព្រះនាងមិនដាច់ទេ ហើយក៏ទូលសូមកុរុធម៌អំពីព្រះនាង។ បន្ទាប់មក រាជទូតក៏ចូលទៅទូលសុំកកុរុធម៌អំពីមហាឧបរាជ មហាឧបរាជ ក៏សង្ស័យក្នុងកុរុធម៌របស់ព្រះអង្គថា មិនបរិសុទ្ធព្រោះធ្វើឲ្យប្រជាជនយល់ខុស។ តែគណៈរាជទូតជម្រាបថា មិនជាអ្វីទេ ហើយក៏ទូលសូមកុរុធម៌ អំពីឧបរាជនោះ កាលគណៈរាជទូតបានចារឹកកុរុធម៌ស្រេចហើយ ក៏ចូលទៅរកព្រាហ្មណ៍បុរោហិត (ទីប្រឹក្សា ឬអាចារ្យរបស់ព្រះរាជា) បុរោហិតក៏ពោលប្រាប់សង្ស័យក្នុងសីលរបស់ខ្លួនដែរ ព្រោះធ្លាប់មានចិត្តលោភគិតចង់បានរថល្អៗ ដែលពួកក្សត្រដទៃ បញ្ជូនមកថ្វាយដល់ព្រះរាជា តែពេលព្រះរាជាទ្រង់ព្រះរាជទានរថនោះ ឲ្យបុរោហិតនោះ ក៏មិនព្រមទទួល រាជទូតទាំងឡាយ យល់ថា ការគិតត្រឹមតែប៉ុណ្ណោះ មិនធ្វើឲ្យដាច់សីល ហើយក៏សុំចារឹកកុរុធម៌។ បន្ទាប់មកគណៈរាជទូតនាំគ្នាចូលទៅរកអាមាត្យអ្នកធ្វើនាទីវាស់ដីស្រែ អាមាត្រនោះ ក៏ប្រាប់ថា ខ្លួនក៏មានសេចក្ដីសង្ស័យក្នុងសិក្ខាបទបាណាតិបាត ព្រោះធ្លាប់ទៅវាស់ដីស្រែបានបោះបង្គោលចុះត្រង់រុន្ធក្ដាម តែមិនបានខើញដានជើងប្រាកដក៏គិតថា មិនមានក្ដាម កាលកោតឈើចុះទៅក៏ស្រាប់តែឮសំឡេងក្រឹក ទើបសង្ស័យថា ក្ដាមនឹងស្លាប់ គណៈរាជទូតពោលថា មិនមានចេតនាគិតនឹងសម្លាប់ ដូច្នេះសីលនឹងមិនដាច់ ហើយក៏សុំកុរុធម៌។ បន្ទាប់មកទៀត គណៈរាជទូតក៏បានទៅរកនាយសារថីនាយសារថីក៏សង្ស័យថា សីលរបស់ខ្លួនមិនបរិសុទ្ធ ព្រោះធ្លាប់វាយសេះដោយខ្សែតី គណៈរាជទូតពន្យល់ថា សីលរបស់លោកមិនដាច់ទេ ហើយក៏សុំចារឹកកុរុធម៌។ បន្តមក គណៈរាជទូតក៏ចូលទៅរកមហាសេដ្ឋី មហាសេដ្ឋីក៏សង្ស័យក្នុងអទិន្នាទាន ព្រោះនៅមិនទាន់បានថ្វាយស្រូវសាលីជាតម្លៃស្រែដល់ព្រះរាជា ពួករាជទូតក៏ពោលថាមិនជាអ្វីទេ ហើយសុំចារឹកកុរុធម៌។ លំដាប់មកទៀត គណៈរាជទូតក៏ចូលទៅរកអាមាត្រអ្នកមាននាទីវាល់ស្រូវ អាមាត្រនោះ ក៏ប្រាប់សេចក្ដីសង្ស័យក្នុងសីលអទិន្នាទានរបស់ខ្លួនថា ថ្ងៃមួយ ធ្លាប់វាល់ស្រូវ ដាក់ខ្នាច់ ច្រឡំ ពួករាជទូត ក៏វិនិច្ឆ័យថា សីលមិនដាច់ទេ ព្រោះមិនមានចិត្តគិតនឹងលួច ហើយក៏សុំកុរុធម៌។ បន្ទាប់អំពីនោះមក គណៈរាជទូត បានចូលទៅរកអ្នករក្សាទ្វារ អ្នករក្សាទ្វារ ក៏ប្រាប់នូវសេចក្ដីសង្ស័យក្នុងសីលរបស់ខ្លួន ព្រោះថ្ងៃមួយជិតវេលាបិទទ្វារនគរ ខ្លួនបានដឹងហើយក៏បានស្ដីឲ្យបុរស និងប្អូនស្រីរបស់ខ្លួនម្នាក់ ដែលត្រឡប់ចូលមកកាន់នគរយឺតពេកថា "លោកឯង នាំភរិយាទៅសប្បាយក្នុងព្រៃអីយូរម្ល៉េះ" គណៈរាជទូតក៏ពន្យល់ថា បើត្រឹមតែប៉ុណ្ណេះ មិនដាច់សីលទេ ហើយសុំចារឹកកុរុធម៌។ បន្ទាប់មកទៀត គណៈរាជទូតក៏ចូលទៅរកនាងវណ្ណទាសី (ស្រីសោភិនី) នាងក៏បានប្រាប់សេចក្ដីសង្ស័យក្នុងសីលរបស់នាងថា ថ្ងៃមួយព្រះឥន្ទ្របានធ្វើភេទជាបុរសកំលោះមករកនាងហើយក៏បានប្រគល់ទ្រព្យប្រចាំចិត្តដល់នាង និងឲ្យសញ្ញាថា នឹងមករកនាងទៀត ស្រាប់តែទៅមិនត្រឡប់រហូតដល់៣ឆ្នាំ នាងក៏នៅរង់ចាំមិនហ៊ានទទួលទ្រព្យអំពីបុរសដទៃ ដោយខ្លាចក្រែងសីលដាច់ ក្រោយមកជីវភាពរបស់នាងខ្សោយចុះ ទើបនាងចូលរកអាមាត្យ ដើម្បីដោះស្រាយឲ្យដាច់ស្រេចថា ចាប់ពីថ្ងៃនេះទៅនាងនឹងអាចទទួលទ្រព្យអំពីបុរសដទៃបាន ក្នុងថ្ងៃនោះឯង មានបុរសម្នាក់ ក៏បានប្រគល់ទ្រព្យដល់នាង ក្នុងថ្ងៃជាមួយគ្នានោះ ព្រះឥន្ទក៏សម្ដែងព្រះអង្គឲ្យប្រាកដដល់នាង នាងក៏បានស្រែកប្រគល់ទ្រព្យឲ្យបុរសព្រះឥន្ទនោះវិញ ព្រះឥន្ទបានប្រែភេទជាព្រះឥន្ទដូចដើមវិញ ហោះឡើងទៅលើអាកាសឲ្យ សាធុការដល់នាង។ គណៈរាជទូតក៏ប្រាប់ថា សីលរបស់នាងមិនដាច់ទេ ហើយសុំចារឹកកុរុធម៌។ កាលគណៈរាជទូត បានចារឹកកុរុធម៌របស់ជនទាំង១១នាក់ហើយ ទើបនាំទៅថ្វាយព្រះបាទកាលិង្គរាជ ក្រាបទូលរឿងសេចក្ដីសង្ស័យក្នុងសីល៥ របស់ជនទាំងនោះឲ្យទ្រង់ជ្រាបសព្វគ្រប់ប្រការ ព្រះរាជាទ្រង់មានព្រះទ័យសោមនស្សយ៉ាងក្រៃលែង ហើយទ្រង់សមាទានសីល៥ឲ្យបរិសុទ្ធផូរផង់ មិនយូរប៉ុន្មាន ភ្លៀងក៏ធ្លាក់ចុះក្នុងអាណាខេត្តរបស់ព្រះអង្គ ធ្វើឲ្យពូជរុក្ខជាតិនិងធញ្ញជាតិផ្សេងៗ ក៏ដុះលូតលាស់ចម្រើនឡើង ប្រជាជនរស់នៅ ប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត ចាប់តាំងពីពេលនោះមក។ កាលព្រះសម្មាសម្ពុទ្ធ ទ្រង់សម្ដែងព្រះធម៌ទេសនាព្រះជាតកនេះ ចប់ហើយ ទ្រង់ប្រជុំជាតកថា៖ នាងវណ្ណទាសីកាលណោះ គឺនាងឧប្បលវណ្ណាថេរី។ អ្នករក្សាទ្វារ គឺព្រះបុណ្ណត្ថេរ។ អាមាត្រអ្នកវាស់ស្រែ គឺព្រះកច្ចាយនៈ។ អាមាត្រអ្នកវាល់ស្រូវ គឺមហាមោក្គល្លាន។ លោកសេដ្ឋី គឺព្រះសារីបុត្ត។ នាយសារថី គឺព្រះអនុរុទ្ធ។ ព្រាហ្មណ៍បុរោហិត គឺព្រះមហាកស្សបៈ។ ឧបរាជ គឺព្រះនន្ទបណ្ឌិត។ ព្រះអគ្គមហេសី គឺព្រះនាងពិម្ពាយសោធរា។ ព្រះរាជមាតា គឺនាងសិរិមហាមាយាទេវី។ ចំណែកព្រះបាទធនញ្ជយកោរព្យ គឺព្រះតថាគត។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត ដោយ៥០០០ឆ្នាំ |