35
ថ្ងៃ ព្រហស្បតិ៍ ទី ០៤ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៧,៨៧៩
Today
ថ្ងៃម្សិលមិញ ១៨៨,៦០៣
ខែនេះ ៥៩៥,០៧២
សរុប ៤០៧,១០០,៣៨៧
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/3187/ewfew32we2___.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ២,៦៦៣ ដង)
[២៧៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរប្រការនេះ ជាចំណែកនៃវិជ្ជា។ ធម៌ពីរ ប្រការ តើដូចម្តេច។ គឺ សមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ សមថៈ ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញ៉ាំងចិត្តឲ្យចំរើន។ ចិត្តដែលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះបង់ នូវរាគៈចេញបាន។ ម្នាលភិក្ខុទាំងឡាយ វិបស្សនា ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញុំាងបញ្ញាឲ្យចំរើន។ បញ្ញាដែល ចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះនូវអវិជ្ជាចេញបាន។ [២៧៦] ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មងដោយរាគៈហើយ រមែងមិនរួចផុតស្រឡះ ឬបញ្ញាដែលសៅហ្មង ដោយអវិជ្ជាហើយ រមែងមិនចំរើនឡើយ។ ម្នាលភិក្ខុទាំងឡាយ ចេតោវិមុតិ្តកើត ព្រោះប្រាសចាករាគៈ បញ្ញាវិមុតិ្តកើត ព្រោះប្រាសចាកអវិជ្ជា ដោយប្រការ ដូច្នេះ។ ចប់ ពាលវគ្គ ទី៣។ ពាលវគ្គ ទី ៣ ឬ ធម៌ ២ ប្រការនេះ ជាចំណែកនៃវិជ្ជា - បិដកភាគ ៤០ ទំព័រ ១៣៥ ឃ្នាប ២៧៥ ដោយ៥០០០ឆ្នាំ
images/articles/3189/45wedffghjklyttt.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ២,៤៦៥ ដង)
សមចិត្តវគ្គ ទី៤ [២៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កុលបុត្តមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ។ បុគ្គលពីរពួក តើនរណាខ្លះ។ គឺមាតា ១ បិតា ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តមានអាយុ ១០០ ឆ្នាំ រស់នៅអស់រវាង ១០០ ឆ្នាំ គប្បីបញ្ជិះមាតា ដោយស្មាម្ខាង បញ្ជិះបិតា ដោយស្មាម្ខាង កុលបុត្តនោះ បម្រើមាតាបិតាទាំងពីរនោះ ដោយការដុសជម្រះបំបាត់ក្លិនអាក្រក់ រិតនួតដៃ ផ្ងូតទឹក គក់ច្របាច់ដៃជើង ឯមាតាបិតាទាំងពីរនោះ ក៏បន្ទោបង់មូត្រ ករីស លើស្មាកុលបុត្តនោះឯង ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬ ថា ធ្វើតបដល់មាតា និងបិតាឡើយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត តម្កើងមាតា និងបិតា ឲ្យតាំងនៅក្នុងរាជសម្បត្តិ មានឥស្សរភាពជាអធិបតី លើផែនដីធំ ដែលមានកែវ ទាំង ៧ ប្រការ ច្រើននេះ ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាឡើយ។ ដំណើរនោះ ព្រោះហេតុអី្វ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតា និងបិតា មានឧបការៈច្រើន ដល់បុត្រទាំងឡាយ ព្រោះជាអ្នកថែរក្សា ចិញ្ចឹម បង្ហាញនូវលោកនេះ។ ម្នាលភិក្ខុទាំងឡាយ (បើ) កុលបុត្តណាមួយ ដឹកនាំមាតា និងបិតា ដែលមិនមានសទ្ធា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសទ្ធាសម្បទា បើទ្រុស្តសីល ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសីលសម្បទា បើកំណាញ់ ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងចាគសម្បទា បើឥតបញ្ញា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងបញ្ញាសម្បទា ម្នាលភិក្ខុទាំងឡាយ ហេតុមានប្រមាណប៉ុណ្ណេះ ទើបហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាមែន។ កុលបុត្រមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ - បិដកភាគ ៤០ ទំព័រ ១៣៧ ឃ្នាប ២៧៨ ដោយ៥០០០ឆ្នាំ
images/articles/3190/rf434feee3333ee.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ៤,២១៧ ដង)
ភរិយាសូត្រ ទី១០ [៦០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅលំនៅរបស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ សម័យនោះឯង មនុស្សទាំងឡាយ មានសម្លេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអនាថបិណ្ឌិកគហបតី។ លំដាប់នោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី មនុស្សទាំងឡាយ មានសំឡេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអ្នក ទំនងដូចជាញ្រនសន្ទូចចាប់ត្រី ដូចម្តេចហ្ន៎។ បពិត្រព្រះអង្គដ៏ចំរើន នាងសុជាតានេះ ជាឃរសុណ្ហា (កូនប្រសាស្រ្តីក្នុងផ្ទះ) ខ្ញុំព្រះអង្គបាននាំមកអំពីត្រកូលស្តុកស្តម្ភ នាងសុជាតានោះ មិនអើពើនឹងឪពុកក្មេក មិនអើពើនឹងម្តាយក្មេក មិនអើពើនឹងស្វាមី ទាំងមិនបានធ្វើសក្ការ មិនបានគោរព មិនបានរាប់អាន មិនបានបូជាព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនាងសុជាតា ជាឃរសុណ្ហាថា ម្នាលនាងសុជាតា ចូរនាងមកនេះ។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងសុជាតា ជាឃរសុណ្ហា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងសុជាតា ភរិយារបស់បុរសនេះ មាន ៧ ពួក។ ភរិយា ៧ ពួក តើដូចម្តេចខ្លះ។ គឺ វធសមាភរិយា (ភរិយាស្មើដោយអ្នកសម្លាប់) ១ ចោរសមាភរិយា (ភរិយាស្មើដោយចោរ) ១ អយ្យសមាភរិយា (ភរិយាស្មើដោយម្ចាស់) ១ មាតុសមាភរិយា (ភរិយាស្មើដោយមាតា) ១ ភគិនិសមាភរិយា (ភរិយាស្មើដោយប្អូនស្រី) ១ សខីសមាភរិយា (ភរិយាស្មើដោយសំឡាញ់) ១ ទាសីសមាភរិយា (ភរិយាស្មើដោយខ្ញុំស្រី) ១។ ម្នាលនាងសុជាតា នេះជាភរិយា ៧ ពួក របស់បុរស។ បណ្តាភរិយាទាំង ៧ ពួកនោះ នាងជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេប ឲ្យពិស្តារបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គប្បីដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយសេចក្តីសង្ខេប ឲ្យពិស្តារបាន យ៉ាងណា សូមព្រះដ៏មានព្រះភាគ សំដែងនូវធម៌ឲ្យប្រពៃ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។ ម្នាលនាងសុជាតា បើដូច្នោះ ចូរនាងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃ តថាគតនឹងសំដែង។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្រ្តីមានចិត្តប្រទូស្ត (នឹងស្វាមី) មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ ជាអ្នកត្រេកត្រអាលក្នុងបុរសដទៃ មើលងាយប្តី ខ្វល់ខ្វាយដើម្បីសម្លាប់ (ប្តី) ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះហៅថា វធកាភរិយា។ ស្វាមីនៃស្រ្តី បាននូវទ្រព្យណា ហើយដំកល់ទុក ដើម្បីធ្វើនូវសិល្បៈក្តី នូវជំនួញក្តី នូវកសិកម្មក្តី ស្ត្រីនោះ ប្រាថ្នាដើម្បីលួចកិបយកនូវទ្រព្យ សូម្បីបន្តិចបន្តួចអំពីទ្រព្យនោះ ស្ត្រីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា ចោរីភរិយា។ ស្ត្រីមិនមានសេចក្តីប្រាថ្នា នឹងធ្វើនូវការងារ ជាអ្នកខ្ជិលច្រអូស ស៊ីច្រើន រឹងរូស កាច ពោលនូវពាក្យអាក្រក់ ប្រព្រឹត្តគ្របសង្កត់នូវស្វាមី ដែលមានព្យាយាម ប្រឹងប្រែង ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថា អយ្យាភរិយា។ ស្ត្រីណា មានសេចក្តីអនុគ្រោះនូវប្រយោជន៍សព្វ ៗកាល ចេះរក្សាប្តី ដូចជាមាតារក្សាកូន ទាំងរក្សានូវទ្រព្យដែលស្វាមីនោះ បានមកអំពីទីនោះ ៗ ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា មាតាភរិយា។ ស្រ្តីមានសេចក្តីគោរព ក្នុងស្វាមីរបស់ខ្លួន ដូចប្អូនស្រីគោរពបងប្រុស មានសេចក្តីអៀនខ្មាស ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ភគិនីភរិយា។ ស្ត្រីណា ក្នុងលោកនេះ បានឃើញនូវប្តីហើយ ក៏រីករាយ ដូចជាសំឡាញ់ បានឃើញសំឡាញ់ ដែលមកអស់កាលយូរ ស្រ្តីនោះ បរិបូណ៌ដោយត្រកូល មានសីលធម៌ ជាស្រ្តីមានវត្តប្រតិបត្តិក្នុងប្តី ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា សខីភរិយា។ ស្រ្តីដែលស្វាមីជេរ វាយ គំរាមដោយដំបង មិនមានចិត្តប្រទូស្តវិញ ចេះអត់សង្កត់ដល់ប្តី មិនក្រោធ ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្ត្រីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ទាសីភរិយា។ ភរិយាណា ក្នុងលោកនេះ ដែលហៅថា វធកាក្តី ហៅថា ចោរីក្តី ហៅថា អយ្យាក្តី ភរិយាទាំងនោះ មានសភាពជាស្ត្រីទ្រុស្តសីល រឹងរូស មិនមានសេចក្តីគោរព លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកាន់នរក។ ភរិយាណា ក្នុងលោកនេះ ដែលហៅថាមាតាក្តី ភគិនីក្តី សខីក្តី ទាសីក្តី ភរិយាទាំងនោះ ជាស្រ្តីសង្រួមអស់កាលជាយូរអង្វែង ព្រោះតាំងនៅក្នុងសីលធម៌ លុះបែកធ្លាយរាង កាយស្លាប់ទៅ រមែងទៅកាន់សុគតិ។ ម្នាលនាងសុជាតា នេះជាភរិយារបស់បុរស ៧ ពួក បណ្តាភរិយា ទាំង ៧ ពួកនោះ នាងតើជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំគាល់ទុកនូវខ្ញុំព្រះអង្គ ថាជាភរិយាស្មើដោយទាសីរបស់ស្វាមី ចាប់ដើមអំពីថ្ងៃនេះតទៅ។ ភរិយា ៧ ពួក - បិដកភាគ ៤៧ ទំព័រ ១៦៧ ឃ្នាប ៦០ ដោយ៥០០០ឆ្នាំ
images/articles/3191/4rtyurtrer333334.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ២,៤០០ ដង)
ឧគ្គហសូត្រ ទី៣ [៣៣] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងជាតិយាវន ទៀបក្រុងភទ្ទិយៈ។ គ្រានោះ ឧគ្គហមេណ្ឌកនត្តា (ជាចៅមេណ្ឌកសេដ្ឋី) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួររួចហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ មានភិក្ខុជាគម្រប់ ៤ នឹងព្រះអង្គ ទទួលភត្តខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទទួលដោយតុណ្ហីភាព។ គ្រានោះ ឧគ្គហមេណ្ឌកនត្តាដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចេញទៅ។ ដល់វេលារាត្រីកន្លងហើយ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅឯលំនៅ របស់ឧគ្គហមេណ្ឌកនត្តា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ ឧគ្គហមេណ្ឌកនត្តា អង្គាសព្រះដ៏មានព្រះភាគ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឃាត់។ លុះឧគ្គហមេណ្ឌកនត្តា (ឃើញ) ព្រះដ៏មានព្រះភាគឆាន់រួច លែងលូកព្រះហស្តក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកកុមារីរបស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅកាន់ត្រកូលប្តី បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទូន្មានពួកកុមារីទាំងនោះឲ្យទាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅពួកកុមារីទាំងនោះ ដោយឱវាទានុសាសនៈណា ដែលនាំឲ្យបានប្រយោជន៍ និងសេចក្តីសុខ អស់កាលដ៏វែង ដល់កុមារីទាំងនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកកុមារីទាំងនោះ យ៉ាងនេះថា ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា មាតា និងបិតា ជាអ្នកប្រាថ្នាសេចក្តីចំរើន ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះហើយ ឲ្យដល់បុរសជាស្វាមីណា យើងទាំងឡាយ ជាស្រីភ្ញាក់ឡើងមុនគេ ដេកក្រោយគេ ប្រុងខ្លួននឹងទទួលកិច្ចការអ្វីៗ ប្រព្រឹត្តផ្គាប់ផ្គុន និយាយពាក្យផ្អែមល្ហែម ដល់ស្វាមីនោះ ម្នាលកុមារីទាំងឡាយ ឲ្យនាងត្រូវសិក្សា យ៉ាងនេះចុះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា បុគ្គលណា ជាទីគោរពនៃស្វាមី ទោះជាមាតាក្តី បិតាក្តី សមណព្រាហ្មណ៍ក្តី យើងទាំងឡាយ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាដល់បុគ្គលទាំងនោះ ទាំងទទួលគួរសម រៀបចំដោយអាសនៈ និងទឹកលាងជើង ចំពោះជនទាំងឡាយ ដែលមកដល់ហើយ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ការងារទាំងឡាយណា ខាងក្នុងផ្ទះរបស់ប្តី ទោះរោមចៀមក្តី កប្បាសក្តី ពួកយើងនឹងជាស្រីឈ្លាសវៃ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស បរិបូណ៌ដោយឧបាយ និងការត្រិះរិះ ក្នុងកិច្ចការទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ជនណា ជាជនខាងក្នុងផ្ទះរបស់ស្វាមី ទោះខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី ពួកយើងដឹងការងារ ដែលជនទាំងនោះធ្វើហើយ ព្រោះការងារដែលជនទាំងនោះ ធ្វើហើយផង ដឹងការងារ ដែលជនទាំងនោះមិនបានធ្វើ ព្រោះការងារ ដែលជនទាំងនោះ មិនបានធ្វើផង ដឹងថាឈឺធ្ងន់ ឈឺស្រាលផង ហើយចែករំលែក ខាទនីយភោជនីយាហារ ជាចំណែកៗ ដល់ជនទាំងនោះផង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សារយ៉ាងនេះថា ស្វាមីនាំរបស់ណាមក ទោះទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី យើងទាំងឡាយ នឹងធ្វើរបស់នោះ ឲ្យសម្រេច ដោយការរក្សា និងការគ្រប់គ្រង មិនជាស្រីអ្នកលេង មិនជាស្រីអ្នកលួច មិនជាស្រីអ្នកផឹកសុរា មិនមែនជាស្រីអ្នកបំផ្លាញរបស់ទ្រព្យ ដែលខ្លួនគ្រប់គ្រងនោះ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។ ម្នាលនាងកុមារីទាំងឡាយ មាតុគ្រាម ប្រកប​ដោយ​ធម៌ទាំង ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើត ក្នុងពួកទេវតា មានកាយជាគាប់ចិត្ត។ ស្វាមីណា ចិញ្ចឹមភរិយានោះសព្វកាល មានព្យាយាម ខ្វល់ខ្វាយជានិច្ច ភរិយាមិន ត្រូវមើលងាយស្វាមីអ្នកចិញ្ចឹម អ្នកបំពេញសេចក្តីប្រាថ្នាទាំងពួង (នោះ) ឡើយ ស្រ្តីល្អមិនត្រូវក្រោធខឹងនឹងស្វាមី ដោយកិរិយាប្រព្រឹត្តឫស្យាផង ស្រ្តីអ្នកចេះដឹង រមែងគួរសមនឹងពួកជនទាំងពួង អ្នកជាទីគោរព របស់ស្វាមីផង ភរិយាជាស្រ្តីមានព្យាយាម មិនខ្ជិលច្រអូស សង្រ្គោះ​ជន​ជាខាងក្នុងផ្ទះស្វាមី ប្រព្រឹត្តកិច្ចការជាទីគាប់ចិត្តរបស់ស្វាមី រក្សាទុកនូវសម្បត្តិ ដែលស្វាមីបានមកហើយ ដោយប្រពៃ។ នារីណាបានប្រព្រឹត្តិយ៉ាងនេះ លុះតាមអំណាចសេចក្តីប្រាថ្នារបស់ស្វាមី នារីនោះ រមែងទៅកើតក្នុងពួកទេវតាទាំងនោះ ដែលមានកាយជាទីពេញចិត្ត។ ប្រពន្ធត្រូវគោរពប្រតិបត្តិប្ដី - បិដកភាគ ៤៤ ទំព័រ ៧១ ឃ្នាប ៣៣ ( 5000 ) ដោយ៥០០០ឆ្នាំ
images/articles/3192/45wrrtuu755666.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ៥,៣៦៤ ដង)
ចុន្ទីសូត្រ ទី២ [៣២] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រិះ។ គ្រានោះ នាងចុន្ទីរាជកុមារី មានរថ ៥០០ និងកុមារី ៥០០ ហែហម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ។ លុះនាងចុន្ទីរាជកុមារី ប្រថាប់ក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រាជកុមារឈ្មោះចុន្ទៈ ជាបងខ្ញុំព្រះអង្គនោះ និយាយយ៉ាងនេះថា តាមតែបុគ្គលណាក៏ដោយ ទោះស្រ្តីក្តី បុរសក្តី ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹងហើយ វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយ មជ្ជប្បមាទដ្ឋាន បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមសួរព្រះដ៏មានព្រះភាគថា បុគ្គលជ្រះថ្លា ក្នុងព្រះសាស្តា មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះធម៌ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះសង្ឃ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ បំពេញក្នុងសីល មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។ ម្នាលនាងចុន្ទី រាប់តាំងពីពួកសត្វឥតជើងក្តី មានជើង២ក្តី ជើង៤ក្តី ជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មិនមែនជាមិនមានសញ្ញាក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជ្រះថ្លាក្នុងព្រះពុទ្ធ ពួកបុគ្គលនោះ ឈ្មោះថា ជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ។ ម្នាលនាងចុន្ទី ពួកសង្ខតធម៌ក្តី អសង្ខតធម៌​ក្តី ​ទាំងប៉ុន្មាន វិរាគធម៌ គឺធម៌ញ៉ាំងសេចក្តីស្រវឹង ឲ្យទ្រុឌទ្រោម នាំបង់នូវសេចក្តីស្រេកឃ្លាន គាស់រំលើងនូវសេចក្តីអាល័យ ផ្តាច់បង់នូវវដ្ដៈ អស់តណ្ហា ប្រាសចាកតម្រេក រលត់ទុក្ខ មិនមានគ្រឿងចាក់ដោត ប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងវិរាគធម៌ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងធម៌ដ៏ប្រសើរ។ ម្នាលនាងចុន្ទី សង្ឃក្តី គណៈក្តី ទាំងប៉ុន្មាន សង្ឃសាវករបស់តថាគត បើរាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ សង្ឃទាំងនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគួរឧទ្ទិសចំពោះ ហើយនាំមកបូជា គួរទទួលអាគន្តុកទាន គួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ប្រាកដជាប្រសើរជាងសង្ឃ ឬគណៈទាំងនោះ ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងព្រះសង្ឃ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ។ ម្នាលនាងចុន្ទី សីលដែលព្រះអរិយៈសរសើរ ទាំងអម្បាលម៉ាន ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលអ្នកជា ដែលវិញ្ញូជនសរសើរហើយ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅ ដើម្បីសមាធិ នេះប្រាកដជាប្រសើរជាងសីលទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជាអ្នកបំពេញក្នុងពួកសីល ដែលព្រះអរិយៈសរសើរហើយ ពួកបុគ្គលទាំងនោះ ឈ្មោះថា បានបំពេញ ក្នុងសីលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកបំពេញ ក្នុងសីលដ៏ប្រសើរ។ បុណ្យ គឺអាយុដ៏ប្រសើរផង យសស័ក្តិដ៏ប្រសើរផង កេរ្តិ៍ឈ្មោះដ៏ប្រសើរផង សុខដ៏ប្រសើរផង កម្លាំងដ៏ប្រសើរផង រមែងចំរើនដល់ពួកបុគ្គលអ្នកជ្រះថ្លានឹងវត្ថុដ៏ប្រសើរ ដឹងច្បាស់នូវធម៌ដ៏ប្រសើរ ជ្រះថ្លាក្នុងព្រះពុទ្ធដ៏ប្រសើរ ជាទក្ខិណេយ្យបុគ្គល រកបុគ្គលដទៃក្រៃលែងជាងគ្មាន ជ្រះថ្លា ក្នុងព្រះធម៌ដ៏ប្រសើរ ជាធម៌ប្រាសចាករាគៈ ជាធម៌ស្ងប់រម្ងាប់ នាំមកនូវសុខ ជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ជាបុញ្ញក្ខេត្ត រកខេត្តដទៃក្រៃលែងជាងគ្មាន ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ បុគ្គលអ្នកមានប្រាជ្ញា មានចិត្តដំកល់ ក្នុងធម៌ដ៏ប្រសើរ ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ តែងបានទៅកើតជាទេវតា ឬមនុស្ស ដល់នូវសេចក្តីប្រសើរ រមែងរីករាយ។ បុគ្គលជ្រះថ្លានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃដូចម្ដេច ទើបមិនទៅកាន់ទុគ្គតិ - បិដកភាគ ៤៤ ទំព័រ ៦៧ ឃ្នាប ៣២ ដោយ៥០០០ឆ្នាំ
images/articles/1694/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១២,៦៧១ ដង)
ត្រង់​ពាក្យ​ថា បាន​ទុក្ខ ឬ​សុខ ក៏​ព្រោះ​ចិត្ត​នោះមាន​អធិប្បាយ​ថា ៖ បុគ្គល​នឹង​ធ្វើ​កិច្ចការ​អ្វីៗ ដោយ​កាយ​ក្ដី ដោយ​វាចាក្ដី ក៏ព្រោះ​ចិត្ត​រិះគិត​ផ្ដើម​ឡើង​ជា​មុនទើប​ធ្វើ​បាន កាល​បើ​ចិត្ត​គិត​ខុស​ហើយ កិច្ចការ​នោះ ៗ ក៏​មិន​ល្អ ថែម​ទាំង​មាន​ទោស​ទុក្ខ​កើត​ឡើង​ផង បើ​ចិត្តរិះ​គិត​ត្រូវ ទើប​មាន​ផល​ល្អ​និង​ជា​គុណ​ឲ្យ​បាន​សេចក្ដី​សុខ សេចក្ដី​ចម្រើន​ដល់​ខ្លួន។ ម្យ៉ាង​ទៀត ចិត្ត​ដែល​លោភ​ចង់​បាន​ក្ដី​ ចិត្ត​ដែល​ត្រេកត្រអាល​ក្នុងកាមគុណ​ក្ដី ចិត្ត​ដែល​ក្រោធ​ខឹង​ប្រទូស្ដក្ដី ចិត្ត​ដែល​វង្វេង​មិន​ដឹង​ខុស​ត្រូវ​ក្ដី សូម្បី​តែម្យ៉ាងៗ ក៏​សុទ្ធតែជាភ្លើង​ដុត​រោលឲ្យក្ដៅក្រហាយ​ឲ្យ​កើត​ទុក្ខព្រួយ​លំបាក​ទាំងអស់។ ចិត្ត​នេះ​បើ​ប្រាស​ចាក​សេចក្ដី​លោភ សេចក្ដីត្រេកត្រអាល សេចក្ដី​ក្រោធខឹង​ប្រទូស្ដ​និង​សេចក្ដី​វង្វេង​ហើយ ទើប​អស់​សេចក្ដី​ក្ដៅក្រហាយ​ជាសុខ​សប្បាយ​ទៅ​បាន ទោះ​បី​មិន​អស់​ជា​សមុច្ឆេទប្បហាន​ផ្ដាច់​ផ្ដិល​ព្រម​ទាំង​ឫសគល់​ក៏ដោយ ឲ្យ​តែ​បាន​ត្រឹម​តទង្គប្បហាន​ស្ងប់រម្ងាប់​ដោយខណៈៗ ក៏​គង់​ជាសុខ​ស្រួល​ក្នុង​ចន្លោះៗ ដែល​ព្រោះ​ហេតុ​នោះ​បាន​ជា​ព្រះដ៏មានបុណ្យ​ជាម្ចាស់ ទ្រង់​ព្រះមេត្តា​ប្រោស​សេចក្ដី​សុខ​សេចក្ដីចម្រើន មាន​ទ្រង់​ប្រដៅ​មិន​ឲ្យលុះ​អំណាច​សេចក្ដី​សុខ​សេចក្ដីចម្រើន ឲ្យសន្ដោស​តាម​មាន​តាម​បាន ឲ្យលះ​បង់សេចក្ដី​ក្រោធ និង​សេចក្ដីវង្វេង​ជាដើម។ ឯព្រះពុទ្ធដីកា​ដែល​ទ្រង់​ប្រដៅ​ឲ្យលះសេចក្ដី​លោភជាដើម​នេះ​សូម្បី​តែម្យ៉ាងៗ ក៏សុទ្ធ​តែ​ជា​ផ្លូវ​សុខ ផ្លូវ​ចម្រើន​ទាំង​អស់ ។សេចក្ដី​ដែលបាន​អធិប្បាយ​មក​នេះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា បាន​ទុក្ខឬសុខ​ក៏​ព្រោះ​តែចិត្ត។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ​
images/articles/1695/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១៦,៣២៤ ដង)
ខ្យល់​ជំនោរ​ដ៏​ត្រជាក់​នៃ​រាត្រី​កាល ធ្លាក់​មក​បបោស​អង្អែល​កាយា​មនុស្ស​សត្វ​ទាំង​ឡាយ ឲ្យ​មាន​ភាព​ត្រជាក់ បាន​គេងលង់​លក់​នៅ​ក្នុង​រាត្រី​ ដ៏​សែនមនោរម្យ​នេះ ។ទោះ​ជា​អាកាស​ធាតុខំប្រឹង​ទម្លាក់​ខ្យល់ ឲ្យ​សព្វ​សត្វ​បាន​ត្រជាក់​ស្រួល​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​បណ្ដាល​ឲ្យ​ចិត្ត​អ្នក​ម្ដាយ​ក្នុង​ពេល​នេះ ឲ្យ​ត្រជាក់​ទោទន់​ទៅតាម​ធាតុ​អាកាស​បាន​ដែរ ។ ម៉ែ​អង្គុយ​នៅ​មាត់​បង្អួច សម្លឹង​មើល​ទៅដួង​ចន្ទ​មួយចំណិត ដែល​ប្រឹង​បញ្ចេញ​ពន្លឺ​រស្មី​យ៉ាង​ពិបាក​វេទនា​ដោយ​ទឹក​ភ្នែក​ហូរ​មក​ជានិច្ច ។ ពេល​ម៉ែ​នឹក​ឃើញ​កូន​កាល​ណា​ម៉ែ​ខ្លោច​ផ្សា​កាយ​នោះ ម៉ែឆ្អែត​ក្នុង​ទ្រូង​រហូត​ហាស្ដី​អ្វី​មិន​ចេញ បាន​ត្រឹម​តែ​សម្លឹង​មើល​មុខកូន ស្រែកអង្វរ​សូម​ឲ្យ​កូន​អាណិតមេត្តា ដល់​ឱរា​ម្ដាយ​ផង ។ ម៉ែ​ខឹង​ខ្លួន​ឯង​ដែល​ម៉ែ​ទូន្មាន​កូន​មិន​បាន​ល្អ បណ្ដាល​ឲ្យ​កូន​ក្លាយ​ទៅ​ជាម​នុស្ស​បែប​នេះ គឺ​មនុស្ស​ដែល​សង្គម​គេ​មិន​រាប់​រក គេ​រើស​អើង​ម៉ែ​ខ្មាស់ណាស់ ខ្មាសញាតិជិតខាង ខ្មាស​មនុស្ស​ដែល​នៅក្នុង​សង្គម​ទាំង​មូល ដែល​ម៉ែ​មាន​កូន​ជា​ក្មេងទំនើង​ដូច្នេះ។ ម៉ែស្រក់​ទឹក​ភ្នែក​រាល់​រាត្រី ទ្រូងម៉ែ​ខ្ទេចខ្ទាំ​គ្រាំគ្រា​អស់​ហើយ ព្រោះ​ម៉ែ​គិត​ពីកូន ។ សម្លេង​បាស់​តន្ត្រី​រាំ​សប្បាយ​រីករាយ​នៅ​ក្នុងភូមិ គឺ​ជាសម្លេង​ដែល​ម៉ែ​ខ្លាច​ជាទីបំផុត រាល់​ពេល​ដែល​ម៉ែ​ឮ​សូរ​សម្លេង​បាស់​តន្ត្រី ក្នុង​ចិត្ត​របស់​ម៉ែ​រន្ធត់​ណាស់ ព្រោះម៉ែ​ភ័យ​ព្រួយបារម្ភ​ពី​កូន ម៉ែ​ខ្លាច​កូន​មាន​គ្រោះ​ថ្នាក់ ឬ​ខ្លាច​កូន​បង្ក​រឿង​នៅ​ក្នុង​វង់​បាស់ ។ ពិត​ដូច​ជា​ម៉ែ​គិត​ណាស់ ព្រោះ​រាល់​ពេល​ដែល​មាន​ការ​ស៊ី​ផឹក​រាំ​ច្រៀង​ម្ដងៗ កូន​ម៉ែ​តាំង​មាន​បញ្ហារហូត កូន​បង្កជម្លោះ​ឈ្លោះ​ទាស់​ទែង​គ្នា វាយ​ប្រហារ​ប្រកាប់​ប្រចាក់​គ្នា​ពេញ​វង់បាស់ ហើយ​អ្នក​ដែល​ដោះស្រាយ​បញ្ហា​ឲ្យ​កូន​គឺ​គ្មាន​នរណា​ឡើយ ក្រៅ​អំពី​ពុកនិងម៉ែ​ជា​អ្នក​ដោះស្រាយ​ឲ្យ ។ ដោយ​មិន​ចង់​ឲ្យ​កូន​ជាប់​គុក ខ្លាច​កូន​លំបាក​វេទនា ពុក​ម៉ែ​ស៊ូ​ពុះពារ​ប្រឹងប្រែង​រត់​រក​ប្រាក់​ដោយ​ការ​ខ្ចីបុល​បញ្ចាំ​ចងការ​គេ​ខ្លះ ដោយ​លក់​ដី​ស្រែចម្ការ​កេរ​ពីដូនតាខ្លះ ដើម្បី​បាន​ប្រាក់​យកមកបង់​ឲ្យ​គេ​ ជំនួស​កូន​ឲ្យ​កូន​បាន​រួច​ផុត​ពីការ​ជាប់​គុក​ច្រវាក់។ ក្នុង​ចិត្ត​ម៉ែ​តែង​សង្ឃឹម​ជានិច្ច​ថា កូននឹង​កែ​ខ្លួន ឈប់​ប្រព្រឹត្ត​អំពើ​បែប​នេះ​តទៅទៀត តែ​ការ​សង្ឃឹម​របស់​ម៉ែ​ត្រូវ​ខក​យ៉ាង​ក្រៃលែង​ព្រោះ​កូន​ខុស​ម្ដង​ហើយ​ម្ដងទៀត ឪពុក​ម្ដាយ​បង់​ឲ្យ​គេ​ស្ទើរតែគ្មានសល់​អ្វី​នឹង​ខ្លួន​ឡើយ។ ឪពុកម្ដាយ​ខ្លះ ធ្លាក់​ខ្លួន​ក្រីក្រ​ អស់ទ្រព្យសម្បត្តិ​ ធ្លាក់​អំណាចបុណ្យស័ក្ដិ ក៏ព្រោះ​តែ​កូន កូន​ធ្វើ​ឲ្យ​ម៉ែ​ឪ​បាត់​បង់​កិត្តិយស កេរ្តិ៍ឈ្មោះ​នៅ​ក្នុងសង្គម រហូតលោក​មិន​ហ៊ាន ងើប​មុខ​ឡើង​មើល​សង្គមឡើយ ព្រោះលោកខ្មាសគេ ដែល​មាន​កូន​ជា​ទំនើង។ កូន​អើយ​ឈប់​ទៅ ឈប់​ធ្វើ​អំពើ​បែប​នេះ​តទៅ​ទៀត ទៅណាកូន ឈប់​ឲ្យម៉ែស្រក់​ទឹក​ភ្នែក​ព្រោះកូន​ទៀត​ទៅ ទឹក​ភ្នែកម៉ែ​ស្រក់​ខ្សោះ​អស់​ទៅ​ហើយ ក្នុង​ទ្រូង​របស់​ម៉ែ​ស្ទះស្ទើរ​តែ​បែក​ចេញ​មក​ក្រៅ​ទៅ​ហើយ តើ​កូន​មាន​ដឹង​ទេ​ហេតុអ្វី​បាន​ជា​កូន គ្មានវិចារណញាណ ទាល់តែសោះអ៊ីចឹង ។បើ​កូន​មិន​គិត​ដល់​ម៉ែ​ក៏​ហី​ចុះ សូម​ឲ្យ​តែ​កូន​គិត​ខ្លួន​ឯង​ផង​ណាកូន ព្រោះ​ម៉ែ​ស្រលាញ់​កូន​ខ្លាំង​ណាស់។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ​៥០០០​ឆ្នាំ​
images/articles/1698/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១៦,៥៤១ ដង)
កូនឈប់ហើយម៉ែ ពេលវេលា​ចេះ​តែ​កន្លង​ផុត​ទៅ​ជានិច្ច ថ្ងៃរះ​ហើយ តែងតែលិច​ទៅជាធម្មតា នាឡិកា​ចេះ​តែ​ធ្វើ​ដំណើរ​ឥត​មាន​ឈប់ឈរ​ឡើយ ជីវិត​ក៏​ចេះ​តែ​អស់​ទៅ​តាម​ពេល​វេលា​ដែរ។ ពេល​វេលា​ដែល​កន្លង​ផុត​ទៅ​ហើយ ជា​ពេល​ដែល​កូន​មាន​វប្បដិសារី​ខ្លាំង​បំផុត និង​ជា​ពេល​វេលា​ដែល​កូន​ធ្វើ​ឲ្យម៉ែ​រង​ទុក្ខ​លំបាក​ដោយ​សារ​កូន រាល់​ពេល​ដែល​កូន​ធ្មេច​ភ្នែក
images/articles/1715/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១១,៩៨៩ ដង)
ពេល​កូនធ្វើ​ឲ្យ​ម៉ែ​លំបាក​ចិត្ត កូន​តែង​ឃើញ​ទឹក​ភ្នែក​ម៉ែស្រក់​ជានិច្ច កូន​មាន​អារម្មណ៍​ថា កូន​អាណិត​ម៉ែខ្លាំង​ណាស់ កូន​ស្ដាយ​កំហុស​ដែល​កូន​ធ្វើ​ខុស​ចំពោះ​ម៉ែ​កូន​ធ្វើ​ឲ្យ​ម៉ែ​យំ ធ្វើ​ឲ្យម៉ែ​ទទួល​រង​នូវ​ទារុណ​កម្ម​ផ្លូវ​ចិត្ត យ៉ាង​ដុនដាប​ជាទី​បំផុត។ ពេល​ដែល​កូន​ឃើញ​ទឹក​ភ្នែក​របស់​ម៉ែ​ស្រក់​មក​ម្ដងៗ ក្នុង​ចិត្ត​របស់​កូន​គឺ​សែន​តក់​ស្លុត​ណាស់ កូន​អាណិត​ម៉ែ ព្រោះ​តែកូន ទើប​ធ្វើ​ឲ្យ​ម៉ែ​យំព្រោះ​តែ​កូន​ធ្វើ​ឲ្យ​ម៉ែ​លំបាក​ចិត្ត​គ្រប់​ពេល​វេលា​ទាំង​អស់ បើ​សិន​ជា​កូន​មិន​សេព​គប់​ជា​មួយ​មិត្ត​ភ័ក្ត្រ​អាក្រក់ កូន​ក៏​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​អបាយ​មុខ លិចលង់​នៅ​ក្នុង​គ្រឿង​ញៀន​ផ្សេងៗ​ដែរហើយ​ក៏​មិន​ចាំ​បាច់​ឲ្យ​ម៉ែ​កើត​ទុក្ខលំបាក​ចិត្ត រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។ តែ​ទោះ​បី​ជាកូន​ធ្វើ​ខុស​ចំពោះ​ម៉ែ​ដល់​ថ្នាក់​នេះ​ក៏​ដោយ ក៏​ម៉ែ​នៅ​តែ​មិន​ប្រកាន់​ខឹង​ជា​មួយ​នឹង​កូន​ម៉ែ​នៅ​តែ​អធ្យាស្រ័យចំពោះ​កូន​រាល់​កំហុស​គ្រប់​យ៉ាង​ ទាំង​អស់ ម៉ែ​នៅ​តែ​មាន​ចិត្ត​ស្មោះ​ត្រង់ នឹក​អាណិត​ស្រលាញ់​កូន​ជានិច្ច។ ហេតុ​អ្វី​ក៏​ម៉ែ​ល្អ​នឹង​កូន​ម្លេះ? ហើយ​ហេតុ​អ្វី​បាន​ជា​មុន កូន​គ្មាន​ចិត្ត​នឹក​អាណិត​ម៉ែ ដូច​ដែល​ម៉ែ​អាណិត​កូន​អ៊ីចឹង។ ឲ្យ​កូន​សូម​ទោស​ផង​ណាម៉ែ សូម​ម៉ែឈប់​លំបាកចិត្ត​ទៀត​ទៅ ព្រោះ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ កូន​នឹង​កែ​ខ្លួន​ឲ្យ​បាន​ល្អ ឈប់​បង្ក​ឲ្យ​ម៉ែ​មាន​បញ្ហានៅ​ក្នុង​ចិត្ត​ទៀត​ហើយ​ ណា៎.. ម៉ែ.. ណា៎ !. ។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ​៥០០០​ឆ្នាំ​
images/articles/1714/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១២,៤៤៥ ដង)
បង្គន់ជាទី​បន្ទោបង់​ឧច្ចារៈ​បស្សាវៈ (​មូត្រលាមក) លោក​រាប់​ចូល​ក្នុង​ទិសេនាសនប្បច្ច័យ​ដូច​កុដិ​សាលា​ឬ​ផ្ទះសំបែង និង​ទីសេនាសនៈ​ឯទៀត​ដែរ​ព្រោះ​ជាទី​ជ្រក​អាស្រ័យ​ដើម្បី​បន្ទោបង់ និង​ដើម្បី​ការពារ​ត្រជាក់​​ក្ដៅ​ដូច​គ្នា ប្លែក​តែ​កុដិ សាលា ឬ​ផ្ទះសំបែង សម្រាប់​ដេក​នៅ​បង្គន់​សម្រាប់​បន្ទោបង់​មូត្រ​លាមក​ប៉ុណ្ណោះ។ នរណា​ៗ​ក៏​ត្រូវ​តែ​បិទ​បាំង​កេរ្តិ៍ខ្មាស​ក្នុង​ពេល​បន្ទោ​បង់​ជា​ការ​ចាំបាច់​ខាន​ពុំបាន។ព្រោះ​ហេតុ​នេះ កាល​បើ​ពោល​ដល់​ផលានិសង្ស​សង់​បង្គន់​ជា​ទាន​ក៏​ប្រហាក់​ប្រហែល​ទៅ​នឹង​អានិសង្ស​សង់​កុដិ សាលា និង​ទីសេនាសនៈ​ដូច​គ្នា តែ​បើ​ពោល​ឲ្យ​ល្អិត​ទៅ ការ​សង់​បង្គន់​មាន​ផលានិសង្ស ប្លេក​ពី​ការ​សង់​សេនា​សនៈ​​ឯទៀតៗ បន្តិច​ចំពោះ​ការ​បិទបាំង​ខ្មាស និង​ជា​ការ​ចាំ​បាច់​ត្រូវ​តែ​បិទបាំង ត្រូវ​តែ​បន្ទោបង់​ឲ្យ​ទាន់​ពេល​ខាន​ពុំ​បាន។ កាល​បើ​បង្គន់​ជាទី​សំខាន់ ជា​ការ​ចាំបាច់​ដូច​ពោល​មក​ហើយ​ផលានិសង្ស នៃ​ការ​សង់​បង្គន់​ក៏​ត្រូវ​តែ​មាន​ច្រើន ព្រោះ​ជា​ការ​សង្គ្រោះ​ដោះ​ទុក្ខ​អ្នក​មាន​ធុរៈ​ដូច​មាន​និទាន​បញ្ជាក់​ថា រឿង​ព្រះពាកុលត្ថេរ ក្នុង​សាសនា​ព្រះពុទ្ធកស្សប មុន​សាសនា​ព្រះសមណគោរតម​បរមគ្រូ​នៃ​យើង​មាន​គហបតី​ម្នាក់​បាន​ឃើញ​ព្រះ​អរហន្ត​មួយ​អង្គ លោក​ឈឺ​បន្ទោបង់​ឧច្ចារៈ​ខ្លាំង​ត្រង់​ទី​កន្លែង​វាល​ដដែល​មាន​មនុស្ស​ច្រើន​លោក​ដើរ​រក​បង្គន់​ដើម្បី​បន្ទោបង់​គហបតី​នោះ​បាន​ឃើញ​បាន​ដឹង​រឿង​នោះ​ក៏​ប្រញាប់​ប្រញាល់​យក​សំពត់​ធ្វើ​ជា​រនាំង​បិទ​បាំង​ជា​បង្គន់ ប្រគេន​លោក​ភ្លាម​ទាន់​ពេល​លោក​ក៏​បន្ទោបង់​ដោយ​ស្រួល​ហើយ​គហបតី​នោះ​ទូល​លោក​ថា​ដោយ​អំណាច​ផល​ដែល​ខ្ញុំ​បាន​ធ្វើ​បង្គន់​ប្រគេន​លោក​ម្ចាស់ ដោយ​រួសរាន់​ទាន់​ពេល​វេលា​យ៉ាង​នេះ​បើ​លោកម្ចាស់​បាន​សម្រេច​ធម៌​ណា​ក្នុង​អត្តភាព​នេះ​សូម​ឲ្យ​ខ្ញុំ​ព្រះករុណា​បាន​សម្រេច​ធម៌​នោះ​ដូច​លោកម្ចាស់​ក្នុង​ជាតិ​ខាង​មុខ​កុំ​ខាន។ លោក​បាន​ទទួល​ថា​អ្នក​ប្រាថ្នា​យ៉ាង​ណា​សូម​បាន​សម្រេច​យ៉ាង​នោះ​គហបតី​នោះ​លុះ​អស់​អាយុ​ទៅ បាន​ទៅ​កើត​ជា​ទេវបុត្រ​ឋិត​នៅ​ក្នុង​ឋាន​ទេវលោក អស់​១ពុទ្ធន្តរ (ចន្លោះ​ព្រះពុទ្ធ​១អង្គ) លុះ​មក​ដល់​ពុទ្ធកាល​នៃ​ព្រះសមណគោតម​បរមគ្រូ​ជាម្ចាស់​នៃ​យើង​នេះ​ទេវបុត្រ​នោះ ច្យុត​ចាក​ឋាន​សួគ៌​មក​កើត​ក្នុង​ត្រកូល​សេដ្ឋី​មួយ​នៅ​ក្បែរមាត់​ទន្លេ នៅ​ក្នុង​ពេល​វេលា​ដែល​ប្រសូត​ម្ដាយ​ឪពុក​ យក​ទារក​នោះ​ទៅ​ធ្វើ​មង្គល​នៅ​មាត់​ទន្លេ ផ្ងូត​ទឹក​ក្នុង​ទន្លេ​ទារក​នោះរបូត​ដៃ​ពី​ម្ដាយ ធ្លាក់​ទៅ​ក្នុង​ទឹក​មាន​ត្រី​ធំ​១​លេប​ទៅ​ក្នុង​ពោះ ហែល​តាម​ទន្លេ​ទៅ​មាន​អ្នក​នេសាទ​ត្រី​នោះ ចាប់​ទៅ​លក់​ឲ្យ​សេដ្ឋី​ម្នាក់​នៅ​មាត់​ទន្លេ​ជិតនោះ​ដែរ។ សេដ្ឋី​នោះ​បាន​ឲ្យ​គេ​វះ​ពោះ​ត្រី​នោះ​ក៏​ឃើញ​កូន​នោះ​នៅ​ក្នុង​ពោះ ក៏​ត្រេកអរ​ពន់​ប្រមាណ​យក​កូន​នោះ​ជា​កូន​សំណព្វ​ចិត្ត ដូច​កូន​បង្កើត​របស់​ខ្លួន។ ឯសេដ្ឋី​ជា​ម្ដាយឪពុក​បាន​ដឹង​ដំណឹង​នោះ​ក៏​មកសុំ​កូន​នោះ​ទៅ​វិញ​តែ​សេដ្ឋី​ជាម្ដាយ​ចិញ្ចឹម​ពុំ​ព្រម​ឲ្យ​ហើយ​ត្រកូល​សេដ្ឋី​ទាំង​ពីរ​បាន​ដាក់​វេន​គ្នា​ចិញ្ចឹម​កូន​នោះ​៤ខែ​ម្នាក់។ កូន​នោះ​ក៏​បាន​ឈ្មោះ​ថាពាកុលកុមារ​ (​កុមារ​ដែលមាន​ត្រកូលពីរ) តាំងពីពេល​នោះ​មក។ លុះ​ពាកុលកុមារ​នោះមាន​វ័យ​ចម្រើន​ឡើង​បាន​អាយុ​២០ឆ្នាំ បានបួស​ជាភិក្ខុ​មាន​នាម​ថា ពាកុលត្ថេរ បាន​ជា​ព្រះអរហន្ត​១​អង្គ ក្នុង​ព្រះពុទ្ធសាសនា​លោក​មាន សុភាព​ល្អ​ណាស់ ឥត​មាន​រោគា​អ្វី​បន្តិច​បន្តួច​ទេ តាំង​ពី​ប្រសូត​រហូត​ដល់​ចាស់​លោក​មាន​ព្រះជន្ម​១៦០​ឆ្នាំ​ទើប​ចូល​និព្វាន។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ ដោយ​៥០០០​ឆ្នាំ​
images/articles/1710/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១៣,០៨៣ ដង)
សុត្តនិបាត គុហដ្ឋកសូត្រ ជនជាប់ជំពាក់​ក្នុងគុហាគឺ​រាងកាយ ស្រោបដោយ កិលេសច្រើន​ប្រការ ធ្លាក់ចុះក្នុង​កាមគុណ ជា​គ្រឿងធ្វើចិត្ត​ឱ្យវង្វេង ជនមានសភាពដូច្នេះ ឈ្មោះថាឆ្ងាយ​អំពីវិវេក ព្រោះ ថា​កាម​ទាំង​ឡាយ​ក្នុង​លោក បុគ្គលមិនងាយ នឹងលះ​បង់បាន​ឡើយ ។ កាមគុណ​ទាំងឡាយ​ មានសេចក្តីប្រាថ្នា​ជាហេតុជាប់ ជំពាក់​ដោយ​សេចក្តី​ត្រេកអរ​ក្នុង​ភព​
images/articles/1704/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ៨,៧៤០ ដង)
ឯ​លក្ខណៈ​​នៃ​បុគ្គល​ដែល​ប្រកប​ដោយ​សតិសម្បជញ្ញៈនោះ​ដូច្នេះ​គឺ៖ភិក្ខុដែល​ប្រកប​ដោយ​សតិ​សម្បជញ្ញៈ​នោះ កាល​ដែល​នឹង​ឈាន​ទៅ​ខាង​មុខ​ខាង​ក្រោយ ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា ៖ ឥឡូវ​នេះ អាត្មាអញ​កំពុង​ឈាន​ទៅ​ខាង​មុខ​ថយ​ទៅខាង​ក្រោយ ។កាល​នឹង​ឱន​កាយ​ទៅ​មុខ​ក្ដី ផ្ងារ​កាយ​ទៅ​ក្រោយ​ក្ដី ក្រឡេក​មើល​ទៅ​មុខ​ក្ដី ទៅ​ឆ្វេង​ក្ដី ទៅ​ស្ដាំ​ក្ដី​ ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ឥឡូវ​នេះ អាត្មា​អញ​កំពុង​ឱន​កាយ​ទៅ​មុខ ផ្ងារ​កាយ​ទៅ​ក្រោយ ក្រឡេក​មើល​ទៅ​មុខ​ទៅ​ក្រោយ ឬ​ទៅ​ឆ្វេង ទៅស្ដាំ។ កាល​ដែល​នឹង​បត់​ដៃ​ទៅ​ឆ្វេង-ស្ដាំចូលក្ដី បត់​ជើងឆ្វេង-​ស្ដាំចូលក្ដី ក៏មាន​ស្មារតី​ដឹង​ខ្លួន​ថា ៖ ឥឡូវ​នេះ អាត្មា​អញ​កំពុង​បត់​ដៃឆ្វេង-ស្ដាំចូល បត់​ជើង​ឆ្វេង-ស្ដាំ​ចូល។ កាល​ដែល​នឹង​លាដៃ​ឆ្វេង-ស្ដាំ​ចេញ​ក្ដី លាជើងឆ្វេង-ស្ដាំ​ចេញ​ក្ដី ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ អាត្មាអញ​កំពុងលា​ដៃឆ្វេង​-ស្ដាំចេញ លាជើងឆ្វេង​-ស្ដាំ​ចេញ។ កាល​ដែល​នឹង​ប្រើប្រាស់​សង្ឃាដី ឬ​បាត្រ ចីវរ ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ អាត្មា​អញ​កំពុង​ប្រើ​សង្ឃាដី បាត្រ ចីវរ។ កាល​ដែល​នឹង​ឆាន់​ចង្ហាន់​ឬ​ឆាន់​ទឹក​នឹង​ទំពា ឬ​ស្រូប ហិត លិទ្ធ ភ្លក្សរបស់​អ្វីៗ ក៏​មានស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ អាត្មាអញកំពុងឆាន់​ចង្ហាន់ ឆាន់​ទឹក ទំពា ស្រូប ហិត លិទ្ធ ភ្លក្ស​របស់​នោះៗ។ កាល​ដែល​បន្ទោបង់​ឧច្ចារៈ​​ បស្សាវៈ ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ​អាត្មាអញ​កំពុង​បន្ទោបង់​ឧច្ចារៈ បស្សាវៈ។ កាល​ដឹង​ដើរ​ ឈរ ដេក អង្គុយ ភ្ញាក់ និយាយស្ដី ស្ងៀម ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ អាត្មាអញកំពុង​ដើរ ឈរ ដេក អង្គុយ ភ្ញាក់ និយាយស្ដី ស្ងៀម ។ភិក្ខុ​ដែល​ឃើញ​ភ័យ​ក្នុងវដ្ដសង្សារ រមែង​ជា​អ្នក​ប្រកប​ដោយ​សតិសម្បជញ្ញៈ ដូច​ថា​មក​នេះ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ​
images/articles/1705/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១២,៤៨៨ ដង)
អធិប្បាយ សតិ សតិ ជាធម៌សំខាន់​បំផុត​ខាង​ឯ​ចិត្ត​ឲ្យបរិសុទ្ធ​ហ្មត់ចង់​ល្អ, ព្រះបរមសាស្ដា​ជាម្ចាស់​ទ្រង់​ត្រាស់​ទេសនា​ថា៖ ឯកាយនោ អយំ ភិក្ខវេ បត្តោ សត្តានំ វិសុទ្ធិយា សោកបរិទេវានំ សមតិក្កមាយ ទុក្ខទោមនស្សានំ អត្ថង្គមាយ ញាយស្ស អធិគមាយ និព្វានស្ស សច្ឆិកិរិយាយ សេចក្ដីថា៖ នែ៎ភិក្ខុទាំងឡាយ! ផ្លូវ​នេះ​ជា​ផ្លូវ​ទី​ទៅ​តែ​ម្នាក់​ឯង ដើម្បី​សេចក្ដី​បរិសុទ្ធ​របស់​សត្វ​ទាំង​ឡាយ
images/articles/1706/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ២៤,១៤៦ ដង)
សំនួរចម្លើយ អំពី​ព្រះត្រៃសរណគមន៍ ១- ស. ត្រៃសរណគមន៍ មានន័យដូចម្ដេច? ចំ. ត្រៃសរណគមន៍ មានន័យ​ថា វត្ថុជាទីពឹង ទីរលឹក​បីយ៉ាង។ ២- ស. តើ​វត្ថុ​បី​យ៉ាង​ជាទី​ពឹង​ទីរឭក មាន​អ្វីខ្លះ? ច. វត្ថុ​បី​យ៉ាង​ជាទីពឹង​ទី​រឭក​នោះ​គឺ ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ។ ៣- ស. តើ​អ្នក​សូធ្យ​ដូចម្ដេច ពេល​ដល់​នូវ​ព្រះត្រៃសរណគមន៍​ជាទីពឹង​ទីរឭក? ច. សូធ្យ​ថា៖ ពុទ្ធំ សរណំ គច្ឆាមិ ធម្មំ សរណំ គច្ឆាមិ សង្ឃំ សរណំ គច្ឆាមិ។
images/articles/1709/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ៩,៥៤៣ ដង)
អសង្ខតា ធម្មា បានដល់ព្រះនិព្វាន ដែលមិនមាន​ការប្រជុំតាក់តែង គំនរភ្នក់ភ្លើងជាធម្មជាតិតែងតែក្តៅ បុគ្គលដែលេនៅ ក្នុងគំនរភ្នក់ភ្លើង ឬ នៅក្នុង​ផ្ទះដែល​ត្រូវ​ភ្លើងឆេះ មិនគួរគប្បី អង្វរភ្លើង ឬគិតចង់ឱ្យភ្លើងត្រជាក់នោះទេ តែ​មធ្យោបាយ មាន​តែ​​ម៉្យាង​គត់​គឺ រត់​លោត​ចេញអំពី​ភ្លើង យ៉ាងណាម៉ិញ រូបក្តី នាមធម៌ក្តី ឬក៏បានដល់​​ភពជាតិ​​កំណើត​
images/articles/3077/20iiook.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ៧,៧៨៥ ដង)
កោសម្ពិយសូត្រ ទី៨ [១៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ ក៏សម័យនោះឯង ពួកភិក្ខុក្នុងក្រុងកោសម្ពី បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ពួកភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។ គ្រានោះ ភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុក្នុងនគរកោសម្ពីនេះ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមកនេះ អ្នកចូរហៅភិក្ខុទាំងឡាយនោះ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុនោះ បានទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភិក្ខុទាំងនោះ ដូច្នេះថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យភិក្ខុនោះថា ករុណា អាវុសោ ដូច្នេះហើយ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីដ៏សមគួរ។ [១៨១] លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ បានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច សម័យណាដែលអ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ បានតាំងកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ឬបានតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ឬបានតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនបានតាំងយ៉ាងនោះទេ។ ម្នាលភិក្ខុទាំងឡាយ បានឮដូច្នេះថា សម័យណា ដែលអ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ មិនបានតាំងកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង មិនបានតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង មិនបានតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង ម្នាលមោឃបុរសទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយដឹងដូចម្តេច ឃើញដូចម្តេច បានជាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នា ឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង ម្នាលមោឃបុរសទាំងឡាយ ហេតុនោះ នឹងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ ដល់អ្នកទាំងឡាយ អស់កាលជាយូរអង្វែង។ [១៨២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ៦ប្រការនេះ ជាទីរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ធម៌ទាំងឡាយ៦ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរតាំងកាយកម្មប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គលក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួររលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត លាភណា ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីតែវត្ថុដែលរាប់ចូលក្នុងបាត្រ ភិក្ខុជាអ្នកបរិភោគ មិនចែករំលែកលាភទាំងឡាយ មានសភាពដូច្នោះទេ គឺជាអ្នកបរិភោគសាធារណ៍ ដោយពួកសព្រហ្មចារីបុគ្គល ដែលមានសីល នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត សីលណាមិនដាច់ មិនធ្លុះធ្លាយ មិនពពាល មិនពព្រុះ ជាសីលល្អ ដែលវិញ្ញូជនតែងសរសើរ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅដើម្បីសមាធិ ភិក្ខុជាអ្នកមានសីលស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងសីលទាំងឡាយ មានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយវិញទៀត ទិដ្ឋិ [អដ្ឋកថា ថា សម្មាទិដ្ឋិ ប្រកបដោយសោតាបត្តិមគ្គ។] ណា ដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងដឹកនាំសត្វ ដែលធ្វើតាម ឲ្យអស់ទៅនៃសេចក្តីទុក្ខបាន ដោយប្រពៃ ភិក្ខុប្រកបដោយទិដ្ឋិស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងទិដ្ឋិ មានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ទាំង៦ប្រការនេះឯង ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់ទៅនៃទុក្ខ ដោយប្រពៃបាន។ ម្នាលភិក្ខុទាំងឡាយ កំពូលនៃផ្ទះមានកំពូល ជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់ទុក្ខ ដោយប្រពៃបាន យ៉ាងនោះដែរ។ [១៨៣] ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិដ៏ប្រសើរ ដែលជាទីស្រោចស្រង់ ដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់សេចក្តីទុក្ខបាន ដោយប្រពៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងសុញ្ញាគារស្ថានក្តី រមែងពិចារណាដូច្នេះថា អាត្មាអញ មានចិត្តដែលបរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិនដឹងច្បាស់ មិនឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេសនោះ តាំងនៅក្នុងសន្តាន អាត្មាអញ មិនទាន់លះបង់បាន មានដែរឬទេ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានកាមរាគគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានព្យាបាទគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានថីនមិទ្ធៈគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានឧទ្ធច្ចកុក្កច្ចៈគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានវិចិកិច្ឆាគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ ខ្វល់ខ្វាយដោយការគិតនូវលោកនេះហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានសេចក្តីខ្វល់ខ្វាយ ដោយការគិតនូវលោកខាងមុខហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ មានចិត្តដែលបរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិនបានដឹងច្បាស់ មិនបានឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេស ដែលតាំងនៅក្នុងសន្តាននោះ ដែលថាអាត្មាអញ មិនទាន់លះបង់បាន មិនមានឡើយ ចិត្តរបស់អាត្មាអញ បានតំកល់ទុកប្រពៃហើយ ដើម្បីត្រាស់ដឹងនូវអរិយសច្ចធម៌ទាំងឡាយ។ នេះជាញាណទី១ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់ពួកបុថុជ្ជនឡើយ។ [១៨៤] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណាដូច្នេះថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិនេះឯង តើបាននូវសេចក្តីស្ងប់រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្តរបស់ខ្លួន ឬហ្ន៎។ អរិយសាវ័កនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិនេះឯង តែងបាននូវសេចក្តីស្ងប់រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្តរបស់ខ្លួន។ នេះជាញាណទី២ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់ពួកបុថុជ្ជនឡើយ។ [១៨៥] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ករមែងពិចារណា ដូច្នេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិមានសភាពយ៉ាងនោះដែរ តើមានឬហ្ន៎។ អរិយសាវ័កនោះ ក៏ដឹងយ៉ាងនេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិ មានសភាពយ៉ាងនោះ មិនមានទេ។ នេះជាញាណទី៣ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៨៦] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិ គឺការចេញចាកអាបត្តិ មានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិ មានសភាពយ៉ាងនោះខ្លះដែរ តែថា ភិក្ខុនោះ រមែងសំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវការសង្រួមតទៅ។ ម្នាលភិក្ខុទាំងឡាយ ដូចជាកុមារក្មេងជាកូនខ្ចីនៅដេកផ្ងារនៅឡើយ ប៉ះពាល់រងើកភ្លើងដោយដៃក្តី ដោយជើងក្តី ក៏ដកមកវិញជាប្រញាប់ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គលដែលប្រកបដោយទិដ្ឋិ គឺការចេញចាកអាបត្តិមានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិមានសភាពយ៉ាងនោះខ្លះដែរ តែថាភិក្ខុនោះ សំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវកិរិយាសង្រួមតទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៤ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៨៧] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិនេះ គង់មានសេចក្តីខ្វល់ខ្វាយធ្វើការងារអ្វីៗខ្ពស់ និងទាបរបស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថាគេមានសេចក្តីប្រាថ្នាក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេគោមានកូនខ្ចី ខំប្រឹងស៊ីស្មៅផង ថ្និតថ្នមកូនផង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិនេះ គង់មានសេចក្តីខ្វល់ខ្វាយ ធ្វើការងារអ្វីៗខ្ពស់ និងទាប របស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថា គេមានសេចក្តីប្រាថ្នាដ៏ក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៥ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៨៨] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនុ៎ះ តែងត្រូវការយកចិត្តទុកដាក់ ចំពោះអ្នកសំដែងធម៌វិន័យ ដែលតថាគត បានសំដែងទុកមក ហើយប្រមូលចិត្តមកឲ្យមូល ផ្ទៀងត្រចៀកប្រុងស្តាប់ធម៌ (នោះ)។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៦ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៨៩] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនោះ រមែងបានអត្ថវេទ បានធម្មវេទ និងបាមោជ្ជ ដែលប្រកបដោយធម៌ ចំពោះអ្នកសំដែងធម្មវិន័យ ដែលតថាគត បានសំដែងទុកមក។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៧ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។ [១៩០] ម្នាលភិក្ខុទាំងឡាយ ធម្មតានៃអរិយសាវ័ក ដែលប្រកបដោយអង្គទាំង៧ប្រការយ៉ាងនេះ សម្រេចល្អហើយ ក្នុងការធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលប្រកបដោយអង្គទាំង៧ប្រការយ៉ាងនេះ ឈ្មោះថា ជាអ្នកប្រកបដោយសោតាបត្តិផល។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ នឹងភាសិតរបស់ព្រះមានព្រះភាគ។ ចប់ កោសម្ពិយសូត្រ ទី៨។ កោសម្ពិយសូត្រ ទី ៨ ឬ ធម៌ ៦ យ៉ាងនេះ ធ្វើឲ្យមនុស្សចេះស្រលាញ់គ្នា បិដកភាគ ២២ ទំព័រ ៣៤៦ ឃ្នាប ១៨០ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.91
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿