images/articles/3187/ewfew32we2___.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ២,៦៧៩ ដង)
[២៧៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរប្រការនេះ ជាចំណែកនៃវិជ្ជា។ ធម៌ពីរ ប្រការ តើដូចម្តេច។ គឺ សមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ សមថៈ ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញ៉ាំងចិត្តឲ្យចំរើន។ ចិត្តដែលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះបង់ នូវរាគៈចេញបាន។ ម្នាលភិក្ខុទាំងឡាយ វិបស្សនា ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញុំាងបញ្ញាឲ្យចំរើន។ បញ្ញាដែល ចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះនូវអវិជ្ជាចេញបាន។
[២៧៦] ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មងដោយរាគៈហើយ រមែងមិនរួចផុតស្រឡះ ឬបញ្ញាដែលសៅហ្មង ដោយអវិជ្ជាហើយ រមែងមិនចំរើនឡើយ។ ម្នាលភិក្ខុទាំងឡាយ ចេតោវិមុតិ្តកើត ព្រោះប្រាសចាករាគៈ បញ្ញាវិមុតិ្តកើត ព្រោះប្រាសចាកអវិជ្ជា ដោយប្រការ ដូច្នេះ។
ចប់ ពាលវគ្គ ទី៣។
ពាលវគ្គ ទី ៣ ឬ ធម៌ ២ ប្រការនេះ ជាចំណែកនៃវិជ្ជា - បិដកភាគ ៤០ ទំព័រ ១៣៥ ឃ្នាប ២៧៥
ដោយ៥០០០ឆ្នាំ
images/articles/3189/45wedffghjklyttt.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ២,៤៧៨ ដង)
សមចិត្តវគ្គ ទី៤
[២៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កុលបុត្តមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ។ បុគ្គលពីរពួក តើនរណាខ្លះ។ គឺមាតា ១ បិតា ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តមានអាយុ ១០០ ឆ្នាំ រស់នៅអស់រវាង ១០០ ឆ្នាំ គប្បីបញ្ជិះមាតា ដោយស្មាម្ខាង បញ្ជិះបិតា ដោយស្មាម្ខាង កុលបុត្តនោះ បម្រើមាតាបិតាទាំងពីរនោះ ដោយការដុសជម្រះបំបាត់ក្លិនអាក្រក់ រិតនួតដៃ ផ្ងូតទឹក គក់ច្របាច់ដៃជើង ឯមាតាបិតាទាំងពីរនោះ ក៏បន្ទោបង់មូត្រ ករីស លើស្មាកុលបុត្តនោះឯង ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬ ថា ធ្វើតបដល់មាតា និងបិតាឡើយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត តម្កើងមាតា និងបិតា ឲ្យតាំងនៅក្នុងរាជសម្បត្តិ មានឥស្សរភាពជាអធិបតី លើផែនដីធំ ដែលមានកែវ ទាំង ៧ ប្រការ ច្រើននេះ ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាឡើយ។ ដំណើរនោះ ព្រោះហេតុអី្វ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតា និងបិតា មានឧបការៈច្រើន ដល់បុត្រទាំងឡាយ ព្រោះជាអ្នកថែរក្សា ចិញ្ចឹម បង្ហាញនូវលោកនេះ។ ម្នាលភិក្ខុទាំងឡាយ (បើ) កុលបុត្តណាមួយ ដឹកនាំមាតា និងបិតា ដែលមិនមានសទ្ធា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសទ្ធាសម្បទា បើទ្រុស្តសីល ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសីលសម្បទា បើកំណាញ់ ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងចាគសម្បទា បើឥតបញ្ញា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងបញ្ញាសម្បទា ម្នាលភិក្ខុទាំងឡាយ ហេតុមានប្រមាណប៉ុណ្ណេះ ទើបហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាមែន។
កុលបុត្រមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ - បិដកភាគ ៤០ ទំព័រ ១៣៧ ឃ្នាប ២៧៨
ដោយ៥០០០ឆ្នាំ
images/articles/3190/rf434feee3333ee.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ៤,២២៦ ដង)
ភរិយាសូត្រ ទី១០
[៦០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅលំនៅរបស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ សម័យនោះឯង មនុស្សទាំងឡាយ មានសម្លេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអនាថបិណ្ឌិកគហបតី។ លំដាប់នោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី មនុស្សទាំងឡាយ មានសំឡេងហ៊ោកញ្ជ្រៀវ ក្នុងលំនៅនៃអ្នក ទំនងដូចជាញ្រនសន្ទូចចាប់ត្រី ដូចម្តេចហ្ន៎។ បពិត្រព្រះអង្គដ៏ចំរើន នាងសុជាតានេះ ជាឃរសុណ្ហា (កូនប្រសាស្រ្តីក្នុងផ្ទះ) ខ្ញុំព្រះអង្គបាននាំមកអំពីត្រកូលស្តុកស្តម្ភ នាងសុជាតានោះ មិនអើពើនឹងឪពុកក្មេក មិនអើពើនឹងម្តាយក្មេក មិនអើពើនឹងស្វាមី ទាំងមិនបានធ្វើសក្ការ មិនបានគោរព មិនបានរាប់អាន មិនបានបូជាព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅនាងសុជាតា ជាឃរសុណ្ហាថា ម្នាលនាងសុជាតា ចូរនាងមកនេះ។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងសុជាតា ជាឃរសុណ្ហា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនាងសុជាតា ភរិយារបស់បុរសនេះ មាន ៧ ពួក។ ភរិយា ៧ ពួក តើដូចម្តេចខ្លះ។ គឺ វធសមាភរិយា (ភរិយាស្មើដោយអ្នកសម្លាប់) ១ ចោរសមាភរិយា (ភរិយាស្មើដោយចោរ) ១ អយ្យសមាភរិយា (ភរិយាស្មើដោយម្ចាស់) ១ មាតុសមាភរិយា (ភរិយាស្មើដោយមាតា) ១ ភគិនិសមាភរិយា (ភរិយាស្មើដោយប្អូនស្រី) ១ សខីសមាភរិយា (ភរិយាស្មើដោយសំឡាញ់) ១ ទាសីសមាភរិយា (ភរិយាស្មើដោយខ្ញុំស្រី) ១។ ម្នាលនាងសុជាតា នេះជាភរិយា ៧ ពួក របស់បុរស។ បណ្តាភរិយាទាំង ៧ ពួកនោះ នាងជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសេចក្តីសង្ខេប ឲ្យពិស្តារបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គប្បីដឹងនូវអត្ថនៃភាសិតនេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយសេចក្តីសង្ខេប ឲ្យពិស្តារបាន យ៉ាងណា សូមព្រះដ៏មានព្រះភាគ សំដែងនូវធម៌ឲ្យប្រពៃ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។ ម្នាលនាងសុជាតា បើដូច្នោះ ចូរនាងចាំស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃ តថាគតនឹងសំដែង។ នាងសុជាតា ជាឃរសុណ្ហា បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា
ភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្រ្តីមានចិត្តប្រទូស្ត (នឹងស្វាមី) មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ ជាអ្នកត្រេកត្រអាលក្នុងបុរសដទៃ មើលងាយប្តី ខ្វល់ខ្វាយដើម្បីសម្លាប់ (ប្តី) ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះហៅថា វធកាភរិយា។ ស្វាមីនៃស្រ្តី បាននូវទ្រព្យណា ហើយដំកល់ទុក ដើម្បីធ្វើនូវសិល្បៈក្តី នូវជំនួញក្តី នូវកសិកម្មក្តី ស្ត្រីនោះ ប្រាថ្នាដើម្បីលួចកិបយកនូវទ្រព្យ សូម្បីបន្តិចបន្តួចអំពីទ្រព្យនោះ ស្ត្រីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា ចោរីភរិយា។ ស្ត្រីមិនមានសេចក្តីប្រាថ្នា នឹងធ្វើនូវការងារ ជាអ្នកខ្ជិលច្រអូស ស៊ីច្រើន រឹងរូស កាច ពោលនូវពាក្យអាក្រក់ ប្រព្រឹត្តគ្របសង្កត់នូវស្វាមី ដែលមានព្យាយាម ប្រឹងប្រែង ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថា អយ្យាភរិយា។ ស្ត្រីណា មានសេចក្តីអនុគ្រោះនូវប្រយោជន៍សព្វ ៗកាល ចេះរក្សាប្តី ដូចជាមាតារក្សាកូន ទាំងរក្សានូវទ្រព្យដែលស្វាមីនោះ បានមកអំពីទីនោះ ៗ ស្រ្តីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា មាតាភរិយា។ ស្រ្តីមានសេចក្តីគោរព ក្នុងស្វាមីរបស់ខ្លួន ដូចប្អូនស្រីគោរពបងប្រុស មានសេចក្តីអៀនខ្មាស ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ភគិនីភរិយា។ ស្ត្រីណា ក្នុងលោកនេះ បានឃើញនូវប្តីហើយ ក៏រីករាយ ដូចជាសំឡាញ់ បានឃើញសំឡាញ់ ដែលមកអស់កាលយូរ ស្រ្តីនោះ បរិបូណ៌ដោយត្រកូល មានសីលធម៌ ជាស្រ្តីមានវត្តប្រតិបត្តិក្នុងប្តី ស្រ្តីណា ជាភរិយានៃបុរស មានសភាពដូច្នេះ ស្រ្តីនោះ ហៅថា សខីភរិយា។ ស្រ្តីដែលស្វាមីជេរ វាយ គំរាមដោយដំបង មិនមានចិត្តប្រទូស្តវិញ ចេះអត់សង្កត់ដល់ប្តី មិនក្រោធ ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្ត្រីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ទាសីភរិយា។ ភរិយាណា ក្នុងលោកនេះ ដែលហៅថា វធកាក្តី ហៅថា ចោរីក្តី ហៅថា អយ្យាក្តី ភរិយាទាំងនោះ មានសភាពជាស្ត្រីទ្រុស្តសីល រឹងរូស មិនមានសេចក្តីគោរព លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកាន់នរក។ ភរិយាណា ក្នុងលោកនេះ ដែលហៅថាមាតាក្តី ភគិនីក្តី សខីក្តី ទាសីក្តី ភរិយាទាំងនោះ ជាស្រ្តីសង្រួមអស់កាលជាយូរអង្វែង ព្រោះតាំងនៅក្នុងសីលធម៌ លុះបែកធ្លាយរាង កាយស្លាប់ទៅ រមែងទៅកាន់សុគតិ។
ម្នាលនាងសុជាតា នេះជាភរិយារបស់បុរស ៧ ពួក បណ្តាភរិយា ទាំង ៧ ពួកនោះ នាងតើជាភរិយាដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំគាល់ទុកនូវខ្ញុំព្រះអង្គ ថាជាភរិយាស្មើដោយទាសីរបស់ស្វាមី ចាប់ដើមអំពីថ្ងៃនេះតទៅ។
ភរិយា ៧ ពួក - បិដកភាគ ៤៧ ទំព័រ ១៦៧ ឃ្នាប ៦០
ដោយ៥០០០ឆ្នាំ
images/articles/3191/4rtyurtrer333334.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ២,៤១៣ ដង)
ឧគ្គហសូត្រ ទី៣
[៣៣] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងជាតិយាវន ទៀបក្រុងភទ្ទិយៈ។ គ្រានោះ ឧគ្គហមេណ្ឌកនត្តា (ជាចៅមេណ្ឌកសេដ្ឋី) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួររួចហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ មានភិក្ខុជាគម្រប់ ៤ នឹងព្រះអង្គ ទទួលភត្តខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទទួលដោយតុណ្ហីភាព។ គ្រានោះ ឧគ្គហមេណ្ឌកនត្តាដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចេញទៅ។ ដល់វេលារាត្រីកន្លងហើយ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅឯលំនៅ របស់ឧគ្គហមេណ្ឌកនត្តា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។
លំដាប់នោះ ឧគ្គហមេណ្ឌកនត្តា អង្គាសព្រះដ៏មានព្រះភាគ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឃាត់។ លុះឧគ្គហមេណ្ឌកនត្តា (ឃើញ) ព្រះដ៏មានព្រះភាគឆាន់រួច លែងលូកព្រះហស្តក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកកុមារីរបស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅកាន់ត្រកូលប្តី បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទូន្មានពួកកុមារីទាំងនោះឲ្យទាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅពួកកុមារីទាំងនោះ ដោយឱវាទានុសាសនៈណា ដែលនាំឲ្យបានប្រយោជន៍ និងសេចក្តីសុខ អស់កាលដ៏វែង ដល់កុមារីទាំងនោះ។
លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកកុមារីទាំងនោះ យ៉ាងនេះថា ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា មាតា និងបិតា ជាអ្នកប្រាថ្នាសេចក្តីចំរើន ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះហើយ ឲ្យដល់បុរសជាស្វាមីណា យើងទាំងឡាយ ជាស្រីភ្ញាក់ឡើងមុនគេ ដេកក្រោយគេ ប្រុងខ្លួននឹងទទួលកិច្ចការអ្វីៗ ប្រព្រឹត្តផ្គាប់ផ្គុន និយាយពាក្យផ្អែមល្ហែម ដល់ស្វាមីនោះ ម្នាលកុមារីទាំងឡាយ ឲ្យនាងត្រូវសិក្សា យ៉ាងនេះចុះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា បុគ្គលណា ជាទីគោរពនៃស្វាមី ទោះជាមាតាក្តី បិតាក្តី សមណព្រាហ្មណ៍ក្តី យើងទាំងឡាយ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាដល់បុគ្គលទាំងនោះ ទាំងទទួលគួរសម រៀបចំដោយអាសនៈ និងទឹកលាងជើង ចំពោះជនទាំងឡាយ ដែលមកដល់ហើយ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ការងារទាំងឡាយណា ខាងក្នុងផ្ទះរបស់ប្តី ទោះរោមចៀមក្តី កប្បាសក្តី ពួកយើងនឹងជាស្រីឈ្លាសវៃ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស បរិបូណ៌ដោយឧបាយ និងការត្រិះរិះ ក្នុងកិច្ចការទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ជនណា ជាជនខាងក្នុងផ្ទះរបស់ស្វាមី ទោះខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី ពួកយើងដឹងការងារ ដែលជនទាំងនោះធ្វើហើយ ព្រោះការងារដែលជនទាំងនោះ ធ្វើហើយផង ដឹងការងារ ដែលជនទាំងនោះមិនបានធ្វើ ព្រោះការងារ ដែលជនទាំងនោះ មិនបានធ្វើផង ដឹងថាឈឺធ្ងន់ ឈឺស្រាលផង ហើយចែករំលែក ខាទនីយភោជនីយាហារ ជាចំណែកៗ ដល់ជនទាំងនោះផង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។
ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សារយ៉ាងនេះថា ស្វាមីនាំរបស់ណាមក ទោះទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី យើងទាំងឡាយ នឹងធ្វើរបស់នោះ ឲ្យសម្រេច ដោយការរក្សា និងការគ្រប់គ្រង មិនជាស្រីអ្នកលេង មិនជាស្រីអ្នកលួច មិនជាស្រីអ្នកផឹកសុរា មិនមែនជាស្រីអ្នកបំផ្លាញរបស់ទ្រព្យ ដែលខ្លួនគ្រប់គ្រងនោះ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។ ម្នាលនាងកុមារីទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ទាំង ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើត ក្នុងពួកទេវតា មានកាយជាគាប់ចិត្ត។
ស្វាមីណា ចិញ្ចឹមភរិយានោះសព្វកាល មានព្យាយាម ខ្វល់ខ្វាយជានិច្ច ភរិយាមិន ត្រូវមើលងាយស្វាមីអ្នកចិញ្ចឹម អ្នកបំពេញសេចក្តីប្រាថ្នាទាំងពួង (នោះ) ឡើយ ស្រ្តីល្អមិនត្រូវក្រោធខឹងនឹងស្វាមី ដោយកិរិយាប្រព្រឹត្តឫស្យាផង ស្រ្តីអ្នកចេះដឹង រមែងគួរសមនឹងពួកជនទាំងពួង អ្នកជាទីគោរព របស់ស្វាមីផង ភរិយាជាស្រ្តីមានព្យាយាម មិនខ្ជិលច្រអូស សង្រ្គោះជនជាខាងក្នុងផ្ទះស្វាមី ប្រព្រឹត្តកិច្ចការជាទីគាប់ចិត្តរបស់ស្វាមី រក្សាទុកនូវសម្បត្តិ ដែលស្វាមីបានមកហើយ ដោយប្រពៃ។ នារីណាបានប្រព្រឹត្តិយ៉ាងនេះ លុះតាមអំណាចសេចក្តីប្រាថ្នារបស់ស្វាមី នារីនោះ រមែងទៅកើតក្នុងពួកទេវតាទាំងនោះ ដែលមានកាយជាទីពេញចិត្ត។
ប្រពន្ធត្រូវគោរពប្រតិបត្តិប្ដី - បិដកភាគ ៤៤ ទំព័រ ៧១ ឃ្នាប ៣៣ ( 5000 )
ដោយ៥០០០ឆ្នាំ
images/articles/3192/45wrrtuu755666.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ៥,៣៧៩ ដង)
ចុន្ទីសូត្រ ទី២
[៣២] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រិះ។ គ្រានោះ នាងចុន្ទីរាជកុមារី មានរថ ៥០០ និងកុមារី ៥០០ ហែហម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ។ លុះនាងចុន្ទីរាជកុមារី ប្រថាប់ក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រាជកុមារឈ្មោះចុន្ទៈ ជាបងខ្ញុំព្រះអង្គនោះ និយាយយ៉ាងនេះថា តាមតែបុគ្គលណាក៏ដោយ ទោះស្រ្តីក្តី បុរសក្តី ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹងហើយ វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយ មជ្ជប្បមាទដ្ឋាន បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមសួរព្រះដ៏មានព្រះភាគថា បុគ្គលជ្រះថ្លា ក្នុងព្រះសាស្តា មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះធម៌ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះសង្ឃ មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ បំពេញក្នុងសីល មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។
ម្នាលនាងចុន្ទី រាប់តាំងពីពួកសត្វឥតជើងក្តី មានជើង២ក្តី ជើង៤ក្តី ជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មិនមែនជាមិនមានសញ្ញាក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជ្រះថ្លាក្នុងព្រះពុទ្ធ ពួកបុគ្គលនោះ ឈ្មោះថា ជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ។ ម្នាលនាងចុន្ទី ពួកសង្ខតធម៌ក្តី អសង្ខតធម៌ក្តី ទាំងប៉ុន្មាន វិរាគធម៌ គឺធម៌ញ៉ាំងសេចក្តីស្រវឹង ឲ្យទ្រុឌទ្រោម នាំបង់នូវសេចក្តីស្រេកឃ្លាន គាស់រំលើងនូវសេចក្តីអាល័យ ផ្តាច់បង់នូវវដ្ដៈ អស់តណ្ហា ប្រាសចាកតម្រេក រលត់ទុក្ខ មិនមានគ្រឿងចាក់ដោត ប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ។
ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងវិរាគធម៌ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងធម៌ដ៏ប្រសើរ។ ម្នាលនាងចុន្ទី សង្ឃក្តី គណៈក្តី ទាំងប៉ុន្មាន សង្ឃសាវករបស់តថាគត បើរាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ សង្ឃទាំងនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគួរឧទ្ទិសចំពោះ ហើយនាំមកបូជា គួរទទួលអាគន្តុកទាន គួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា គួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ប្រាកដជាប្រសើរជាងសង្ឃ ឬគណៈទាំងនោះ ម្នាលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងព្រះសង្ឃ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ។
ម្នាលនាងចុន្ទី សីលដែលព្រះអរិយៈសរសើរ ទាំងអម្បាលម៉ាន ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលអ្នកជា ដែលវិញ្ញូជនសរសើរហើយ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅ ដើម្បីសមាធិ នេះប្រាកដជាប្រសើរជាងសីលទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជាអ្នកបំពេញក្នុងពួកសីល ដែលព្រះអរិយៈសរសើរហើយ ពួកបុគ្គលទាំងនោះ ឈ្មោះថា បានបំពេញ ក្នុងសីលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកបំពេញ ក្នុងសីលដ៏ប្រសើរ។
បុណ្យ គឺអាយុដ៏ប្រសើរផង យសស័ក្តិដ៏ប្រសើរផង កេរ្តិ៍ឈ្មោះដ៏ប្រសើរផង សុខដ៏ប្រសើរផង កម្លាំងដ៏ប្រសើរផង រមែងចំរើនដល់ពួកបុគ្គលអ្នកជ្រះថ្លានឹងវត្ថុដ៏ប្រសើរ ដឹងច្បាស់នូវធម៌ដ៏ប្រសើរ ជ្រះថ្លាក្នុងព្រះពុទ្ធដ៏ប្រសើរ ជាទក្ខិណេយ្យបុគ្គល រកបុគ្គលដទៃក្រៃលែងជាងគ្មាន ជ្រះថ្លា ក្នុងព្រះធម៌ដ៏ប្រសើរ ជាធម៌ប្រាសចាករាគៈ ជាធម៌ស្ងប់រម្ងាប់ នាំមកនូវសុខ ជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ជាបុញ្ញក្ខេត្ត រកខេត្តដទៃក្រៃលែងជាងគ្មាន ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ បុគ្គលអ្នកមានប្រាជ្ញា មានចិត្តដំកល់ ក្នុងធម៌ដ៏ប្រសើរ ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ តែងបានទៅកើតជាទេវតា ឬមនុស្ស ដល់នូវសេចក្តីប្រសើរ រមែងរីករាយ។
បុគ្គលជ្រះថ្លានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃដូចម្ដេច ទើបមិនទៅកាន់ទុគ្គតិ - បិដកភាគ ៤៤ ទំព័រ ៦៧ ឃ្នាប ៣២
ដោយ៥០០០ឆ្នាំ
images/articles/1694/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១២,៦៨០ ដង)
ត្រង់ពាក្យថា បានទុក្ខ ឬសុខ ក៏ព្រោះចិត្តនោះមានអធិប្បាយថា ៖ បុគ្គលនឹងធ្វើកិច្ចការអ្វីៗ ដោយកាយក្ដី ដោយវាចាក្ដី ក៏ព្រោះចិត្តរិះគិតផ្ដើមឡើងជាមុនទើបធ្វើបាន កាលបើចិត្តគិតខុសហើយ កិច្ចការនោះ ៗ ក៏មិនល្អ ថែមទាំងមានទោសទុក្ខកើតឡើងផង បើចិត្តរិះគិតត្រូវ ទើបមានផលល្អនិងជាគុណឲ្យបានសេចក្ដីសុខ សេចក្ដីចម្រើនដល់ខ្លួន។ ម្យ៉ាងទៀត ចិត្តដែលលោភចង់បានក្ដី ចិត្តដែលត្រេកត្រអាលក្នុងកាមគុណក្ដី ចិត្តដែលក្រោធខឹងប្រទូស្ដក្ដី ចិត្តដែលវង្វេងមិនដឹងខុសត្រូវក្ដី សូម្បីតែម្យ៉ាងៗ ក៏សុទ្ធតែជាភ្លើងដុតរោលឲ្យក្ដៅក្រហាយឲ្យកើតទុក្ខព្រួយលំបាកទាំងអស់។
ចិត្តនេះបើប្រាសចាកសេចក្ដីលោភ សេចក្ដីត្រេកត្រអាល សេចក្ដីក្រោធខឹងប្រទូស្ដនិងសេចក្ដីវង្វេងហើយ ទើបអស់សេចក្ដីក្ដៅក្រហាយជាសុខសប្បាយទៅបាន ទោះបីមិនអស់ជាសមុច្ឆេទប្បហានផ្ដាច់ផ្ដិលព្រមទាំងឫសគល់ក៏ដោយ ឲ្យតែបានត្រឹមតទង្គប្បហានស្ងប់រម្ងាប់ដោយខណៈៗ ក៏គង់ជាសុខស្រួលក្នុងចន្លោះៗ ដែលព្រោះហេតុនោះបានជាព្រះដ៏មានបុណ្យជាម្ចាស់ ទ្រង់ព្រះមេត្តាប្រោសសេចក្ដីសុខសេចក្ដីចម្រើន មានទ្រង់ប្រដៅមិនឲ្យលុះអំណាចសេចក្ដីសុខសេចក្ដីចម្រើន ឲ្យសន្ដោសតាមមានតាមបាន ឲ្យលះបង់សេចក្ដីក្រោធ និងសេចក្ដីវង្វេងជាដើម។
ឯព្រះពុទ្ធដីកាដែលទ្រង់ប្រដៅឲ្យលះសេចក្ដីលោភជាដើមនេះសូម្បីតែម្យ៉ាងៗ ក៏សុទ្ធតែជាផ្លូវសុខ ផ្លូវចម្រើនទាំងអស់ ។សេចក្ដីដែលបានអធិប្បាយមកនេះ ដើម្បីបង្ហាញឲ្យឃើញថា បានទុក្ខឬសុខក៏ព្រោះតែចិត្ត។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ៥០០០ឆ្នាំ
images/articles/1695/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១៦,៣៣៣ ដង)
ខ្យល់ជំនោរដ៏ត្រជាក់នៃរាត្រីកាល ធ្លាក់មកបបោសអង្អែលកាយាមនុស្សសត្វទាំងឡាយ ឲ្យមានភាពត្រជាក់ បានគេងលង់លក់នៅក្នុងរាត្រី ដ៏សែនមនោរម្យនេះ ។ទោះជាអាកាសធាតុខំប្រឹងទម្លាក់ខ្យល់ ឲ្យសព្វសត្វបានត្រជាក់ស្រួលយ៉ាងណាក៏ដោយ ក៏មិនអាចបណ្ដាលឲ្យចិត្តអ្នកម្ដាយក្នុងពេលនេះ ឲ្យត្រជាក់ទោទន់ទៅតាមធាតុអាកាសបានដែរ ។
ម៉ែអង្គុយនៅមាត់បង្អួច សម្លឹងមើលទៅដួងចន្ទមួយចំណិត ដែលប្រឹងបញ្ចេញពន្លឺរស្មីយ៉ាងពិបាកវេទនាដោយទឹកភ្នែកហូរមកជានិច្ច ។ ពេលម៉ែនឹកឃើញកូនកាលណាម៉ែខ្លោចផ្សាកាយនោះ ម៉ែឆ្អែតក្នុងទ្រូងរហូតហាស្ដីអ្វីមិនចេញ បានត្រឹមតែសម្លឹងមើលមុខកូន ស្រែកអង្វរសូមឲ្យកូនអាណិតមេត្តា ដល់ឱរាម្ដាយផង ។
ម៉ែខឹងខ្លួនឯងដែលម៉ែទូន្មានកូនមិនបានល្អ បណ្ដាលឲ្យកូនក្លាយទៅជាមនុស្សបែបនេះ គឺមនុស្សដែលសង្គមគេមិនរាប់រក គេរើសអើងម៉ែខ្មាស់ណាស់ ខ្មាសញាតិជិតខាង ខ្មាសមនុស្សដែលនៅក្នុងសង្គមទាំងមូល ដែលម៉ែមានកូនជាក្មេងទំនើងដូច្នេះ។ ម៉ែស្រក់ទឹកភ្នែករាល់រាត្រី ទ្រូងម៉ែខ្ទេចខ្ទាំគ្រាំគ្រាអស់ហើយ ព្រោះម៉ែគិតពីកូន ។
សម្លេងបាស់តន្ត្រីរាំសប្បាយរីករាយនៅក្នុងភូមិ គឺជាសម្លេងដែលម៉ែខ្លាចជាទីបំផុត រាល់ពេលដែលម៉ែឮសូរសម្លេងបាស់តន្ត្រី ក្នុងចិត្តរបស់ម៉ែរន្ធត់ណាស់ ព្រោះម៉ែភ័យព្រួយបារម្ភពីកូន ម៉ែខ្លាចកូនមានគ្រោះថ្នាក់ ឬខ្លាចកូនបង្ករឿងនៅក្នុងវង់បាស់ ។ ពិតដូចជាម៉ែគិតណាស់ ព្រោះរាល់ពេលដែលមានការស៊ីផឹករាំច្រៀងម្ដងៗ កូនម៉ែតាំងមានបញ្ហារហូត កូនបង្កជម្លោះឈ្លោះទាស់ទែងគ្នា វាយប្រហារប្រកាប់ប្រចាក់គ្នាពេញវង់បាស់ ហើយអ្នកដែលដោះស្រាយបញ្ហាឲ្យកូនគឺគ្មាននរណាឡើយ ក្រៅអំពីពុកនិងម៉ែជាអ្នកដោះស្រាយឲ្យ ។
ដោយមិនចង់ឲ្យកូនជាប់គុក ខ្លាចកូនលំបាកវេទនា ពុកម៉ែស៊ូពុះពារប្រឹងប្រែងរត់រកប្រាក់ដោយការខ្ចីបុលបញ្ចាំចងការគេខ្លះ ដោយលក់ដីស្រែចម្ការកេរពីដូនតាខ្លះ ដើម្បីបានប្រាក់យកមកបង់ឲ្យគេ ជំនួសកូនឲ្យកូនបានរួចផុតពីការជាប់គុកច្រវាក់។ ក្នុងចិត្តម៉ែតែងសង្ឃឹមជានិច្ចថា កូននឹងកែខ្លួន ឈប់ប្រព្រឹត្តអំពើបែបនេះតទៅទៀត តែការសង្ឃឹមរបស់ម៉ែត្រូវខកយ៉ាងក្រៃលែងព្រោះកូនខុសម្ដងហើយម្ដងទៀត ឪពុកម្ដាយបង់ឲ្យគេស្ទើរតែគ្មានសល់អ្វីនឹងខ្លួនឡើយ។
ឪពុកម្ដាយខ្លះ ធ្លាក់ខ្លួនក្រីក្រ អស់ទ្រព្យសម្បត្តិ ធ្លាក់អំណាចបុណ្យស័ក្ដិ ក៏ព្រោះតែកូន កូនធ្វើឲ្យម៉ែឪបាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះនៅក្នុងសង្គម រហូតលោកមិនហ៊ាន ងើបមុខឡើងមើលសង្គមឡើយ ព្រោះលោកខ្មាសគេ ដែលមានកូនជាទំនើង។
កូនអើយឈប់ទៅ ឈប់ធ្វើអំពើបែបនេះតទៅទៀត ទៅណាកូន ឈប់ឲ្យម៉ែស្រក់ទឹកភ្នែកព្រោះកូនទៀតទៅ ទឹកភ្នែកម៉ែស្រក់ខ្សោះអស់ទៅហើយ ក្នុងទ្រូងរបស់ម៉ែស្ទះស្ទើរតែបែកចេញមកក្រៅទៅហើយ តើកូនមានដឹងទេហេតុអ្វីបានជាកូន គ្មានវិចារណញាណ ទាល់តែសោះអ៊ីចឹង ។បើកូនមិនគិតដល់ម៉ែក៏ហីចុះ សូមឲ្យតែកូនគិតខ្លួនឯងផងណាកូន ព្រោះម៉ែស្រលាញ់កូនខ្លាំងណាស់។
ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ៥០០០ឆ្នាំ
images/articles/1698/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១៦,៥៤៦ ដង)
កូនឈប់ហើយម៉ែ
ពេលវេលាចេះតែកន្លងផុតទៅជានិច្ច ថ្ងៃរះហើយ តែងតែលិចទៅជាធម្មតា នាឡិកាចេះតែធ្វើដំណើរឥតមានឈប់ឈរឡើយ ជីវិតក៏ចេះតែអស់ទៅតាមពេលវេលាដែរ។
ពេលវេលាដែលកន្លងផុតទៅហើយ ជាពេលដែលកូនមានវប្បដិសារីខ្លាំងបំផុត និងជាពេលវេលាដែលកូនធ្វើឲ្យម៉ែរងទុក្ខលំបាកដោយសារកូន រាល់ពេលដែលកូនធ្មេចភ្នែក
images/articles/1715/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១១,៩៩៦ ដង)
ពេលកូនធ្វើឲ្យម៉ែលំបាកចិត្ត កូនតែងឃើញទឹកភ្នែកម៉ែស្រក់ជានិច្ច កូនមានអារម្មណ៍ថា កូនអាណិតម៉ែខ្លាំងណាស់ កូនស្ដាយកំហុសដែលកូនធ្វើខុសចំពោះម៉ែកូនធ្វើឲ្យម៉ែយំ ធ្វើឲ្យម៉ែទទួលរងនូវទារុណកម្មផ្លូវចិត្ត យ៉ាងដុនដាបជាទីបំផុត។
ពេលដែលកូនឃើញទឹកភ្នែករបស់ម៉ែស្រក់មកម្ដងៗ ក្នុងចិត្តរបស់កូនគឺសែនតក់ស្លុតណាស់ កូនអាណិតម៉ែ ព្រោះតែកូន ទើបធ្វើឲ្យម៉ែយំព្រោះតែកូនធ្វើឲ្យម៉ែលំបាកចិត្តគ្រប់ពេលវេលាទាំងអស់ បើសិនជាកូនមិនសេពគប់ជាមួយមិត្តភ័ក្ត្រអាក្រក់ កូនក៏មិនធ្លាក់ចូលទៅក្នុងអបាយមុខ លិចលង់នៅក្នុងគ្រឿងញៀនផ្សេងៗដែរហើយក៏មិនចាំបាច់ឲ្យម៉ែកើតទុក្ខលំបាកចិត្ត រហូតមកដល់សព្វថ្ងៃនេះដែរ។
តែទោះបីជាកូនធ្វើខុសចំពោះម៉ែដល់ថ្នាក់នេះក៏ដោយ ក៏ម៉ែនៅតែមិនប្រកាន់ខឹងជាមួយនឹងកូនម៉ែនៅតែអធ្យាស្រ័យចំពោះកូនរាល់កំហុសគ្រប់យ៉ាង ទាំងអស់ ម៉ែនៅតែមានចិត្តស្មោះត្រង់ នឹកអាណិតស្រលាញ់កូនជានិច្ច។ ហេតុអ្វីក៏ម៉ែល្អនឹងកូនម្លេះ? ហើយហេតុអ្វីបានជាមុន កូនគ្មានចិត្តនឹកអាណិតម៉ែ ដូចដែលម៉ែអាណិតកូនអ៊ីចឹង។ ឲ្យកូនសូមទោសផងណាម៉ែ សូមម៉ែឈប់លំបាកចិត្តទៀតទៅ ព្រោះចាប់ពីថ្ងៃនេះទៅ កូននឹងកែខ្លួនឲ្យបានល្អ ឈប់បង្កឲ្យម៉ែមានបញ្ហានៅក្នុងចិត្តទៀតហើយ ណា៎.. ម៉ែ.. ណា៎ !. ។
ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ៥០០០ឆ្នាំ
images/articles/1714/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១២,៤៥៦ ដង)
បង្គន់ជាទីបន្ទោបង់ឧច្ចារៈបស្សាវៈ (មូត្រលាមក) លោករាប់ចូលក្នុងទិសេនាសនប្បច្ច័យដូចកុដិសាលាឬផ្ទះសំបែង និងទីសេនាសនៈឯទៀតដែរព្រោះជាទីជ្រកអាស្រ័យដើម្បីបន្ទោបង់ និងដើម្បីការពារត្រជាក់ក្ដៅដូចគ្នា ប្លែកតែកុដិ សាលា ឬផ្ទះសំបែង សម្រាប់ដេកនៅបង្គន់សម្រាប់បន្ទោបង់មូត្រលាមកប៉ុណ្ណោះ។
នរណាៗក៏ត្រូវតែបិទបាំងកេរ្តិ៍ខ្មាសក្នុងពេលបន្ទោបង់ជាការចាំបាច់ខានពុំបាន។ព្រោះហេតុនេះ កាលបើពោលដល់ផលានិសង្សសង់បង្គន់ជាទានក៏ប្រហាក់ប្រហែលទៅនឹងអានិសង្សសង់កុដិ សាលា និងទីសេនាសនៈដូចគ្នា តែបើពោលឲ្យល្អិតទៅ ការសង់បង្គន់មានផលានិសង្ស ប្លេកពីការសង់សេនាសនៈឯទៀតៗ បន្តិចចំពោះការបិទបាំងខ្មាស និងជាការចាំបាច់ត្រូវតែបិទបាំង ត្រូវតែបន្ទោបង់ឲ្យទាន់ពេលខានពុំបាន។ កាលបើបង្គន់ជាទីសំខាន់ ជាការចាំបាច់ដូចពោលមកហើយផលានិសង្ស នៃការសង់បង្គន់ក៏ត្រូវតែមានច្រើន ព្រោះជាការសង្គ្រោះដោះទុក្ខអ្នកមានធុរៈដូចមាននិទានបញ្ជាក់ថា
រឿងព្រះពាកុលត្ថេរ
ក្នុងសាសនាព្រះពុទ្ធកស្សប មុនសាសនាព្រះសមណគោរតមបរមគ្រូនៃយើងមានគហបតីម្នាក់បានឃើញព្រះអរហន្តមួយអង្គ លោកឈឺបន្ទោបង់ឧច្ចារៈខ្លាំងត្រង់ទីកន្លែងវាលដដែលមានមនុស្សច្រើនលោកដើររកបង្គន់ដើម្បីបន្ទោបង់គហបតីនោះបានឃើញបានដឹងរឿងនោះក៏ប្រញាប់ប្រញាល់យកសំពត់ធ្វើជារនាំងបិទបាំងជាបង្គន់ ប្រគេនលោកភ្លាមទាន់ពេលលោកក៏បន្ទោបង់ដោយស្រួលហើយគហបតីនោះទូលលោកថាដោយអំណាចផលដែលខ្ញុំបានធ្វើបង្គន់ប្រគេនលោកម្ចាស់ ដោយរួសរាន់ទាន់ពេលវេលាយ៉ាងនេះបើលោកម្ចាស់បានសម្រេចធម៌ណាក្នុងអត្តភាពនេះសូមឲ្យខ្ញុំព្រះករុណាបានសម្រេចធម៌នោះដូចលោកម្ចាស់ក្នុងជាតិខាងមុខកុំខាន។
លោកបានទទួលថាអ្នកប្រាថ្នាយ៉ាងណាសូមបានសម្រេចយ៉ាងនោះគហបតីនោះលុះអស់អាយុទៅ បានទៅកើតជាទេវបុត្រឋិតនៅក្នុងឋានទេវលោក អស់១ពុទ្ធន្តរ (ចន្លោះព្រះពុទ្ធ១អង្គ) លុះមកដល់ពុទ្ធកាលនៃព្រះសមណគោតមបរមគ្រូជាម្ចាស់នៃយើងនេះទេវបុត្រនោះ ច្យុតចាកឋានសួគ៌មកកើតក្នុងត្រកូលសេដ្ឋីមួយនៅក្បែរមាត់ទន្លេ នៅក្នុងពេលវេលាដែលប្រសូតម្ដាយឪពុក យកទារកនោះទៅធ្វើមង្គលនៅមាត់ទន្លេ ផ្ងូតទឹកក្នុងទន្លេទារកនោះរបូតដៃពីម្ដាយ ធ្លាក់ទៅក្នុងទឹកមានត្រីធំ១លេបទៅក្នុងពោះ ហែលតាមទន្លេទៅមានអ្នកនេសាទត្រីនោះ ចាប់ទៅលក់ឲ្យសេដ្ឋីម្នាក់នៅមាត់ទន្លេជិតនោះដែរ។
សេដ្ឋីនោះបានឲ្យគេវះពោះត្រីនោះក៏ឃើញកូននោះនៅក្នុងពោះ ក៏ត្រេកអរពន់ប្រមាណយកកូននោះជាកូនសំណព្វចិត្ត ដូចកូនបង្កើតរបស់ខ្លួន។ ឯសេដ្ឋីជាម្ដាយឪពុកបានដឹងដំណឹងនោះក៏មកសុំកូននោះទៅវិញតែសេដ្ឋីជាម្ដាយចិញ្ចឹមពុំព្រមឲ្យហើយត្រកូលសេដ្ឋីទាំងពីរបានដាក់វេនគ្នាចិញ្ចឹមកូននោះ៤ខែម្នាក់។ កូននោះក៏បានឈ្មោះថាពាកុលកុមារ (កុមារដែលមានត្រកូលពីរ) តាំងពីពេលនោះមក។ លុះពាកុលកុមារនោះមានវ័យចម្រើនឡើងបានអាយុ២០ឆ្នាំ បានបួសជាភិក្ខុមាននាមថា ពាកុលត្ថេរ បានជាព្រះអរហន្ត១អង្គ ក្នុងព្រះពុទ្ធសាសនាលោកមាន សុភាពល្អណាស់ ឥតមានរោគាអ្វីបន្តិចបន្តួចទេ តាំងពីប្រសូតរហូតដល់ចាស់លោកមានព្រះជន្ម១៦០ឆ្នាំទើបចូលនិព្វាន។
ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ
ដោយ៥០០០ឆ្នាំ
images/articles/1710/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១៣,០៩៧ ដង)
សុត្តនិបាត
គុហដ្ឋកសូត្រ
ជនជាប់ជំពាក់ក្នុងគុហាគឺរាងកាយ ស្រោបដោយ កិលេសច្រើនប្រការ ធ្លាក់ចុះក្នុងកាមគុណ ជាគ្រឿងធ្វើចិត្តឱ្យវង្វេង ជនមានសភាពដូច្នេះ ឈ្មោះថាឆ្ងាយអំពីវិវេក ព្រោះ ថាកាមទាំងឡាយក្នុងលោក បុគ្គលមិនងាយ នឹងលះបង់បានឡើយ ។
កាមគុណទាំងឡាយ មានសេចក្តីប្រាថ្នាជាហេតុជាប់ ជំពាក់ដោយសេចក្តីត្រេកអរក្នុងភព
images/articles/1704/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ៨,៧៤៩ ដង)
ឯលក្ខណៈនៃបុគ្គលដែលប្រកបដោយសតិសម្បជញ្ញៈនោះដូច្នេះគឺ៖ភិក្ខុដែលប្រកបដោយសតិសម្បជញ្ញៈនោះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ៖ ឥឡូវនេះ អាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។កាលនឹងឱនកាយទៅមុខក្ដី ផ្ងារកាយទៅក្រោយក្ដី ក្រឡេកមើលទៅមុខក្ដី ទៅឆ្វេងក្ដី ទៅស្ដាំក្ដី ក៏មានស្មារតីដឹងខ្លួនថា៖ឥឡូវនេះ អាត្មាអញកំពុងឱនកាយទៅមុខ ផ្ងារកាយទៅក្រោយ ក្រឡេកមើលទៅមុខទៅក្រោយ ឬទៅឆ្វេង ទៅស្ដាំ។
កាលដែលនឹងបត់ដៃទៅឆ្វេង-ស្ដាំចូលក្ដី បត់ជើងឆ្វេង-ស្ដាំចូលក្ដី ក៏មានស្មារតីដឹងខ្លួនថា ៖ ឥឡូវនេះ អាត្មាអញកំពុងបត់ដៃឆ្វេង-ស្ដាំចូល បត់ជើងឆ្វេង-ស្ដាំចូល។ កាលដែលនឹងលាដៃឆ្វេង-ស្ដាំចេញក្ដី លាជើងឆ្វេង-ស្ដាំចេញក្ដី ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះ អាត្មាអញកំពុងលាដៃឆ្វេង-ស្ដាំចេញ លាជើងឆ្វេង-ស្ដាំចេញ។ កាលដែលនឹងប្រើប្រាស់សង្ឃាដី ឬបាត្រ ចីវរ ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះ អាត្មាអញកំពុងប្រើសង្ឃាដី បាត្រ ចីវរ។
កាលដែលនឹងឆាន់ចង្ហាន់ឬឆាន់ទឹកនឹងទំពា ឬស្រូប ហិត លិទ្ធ ភ្លក្សរបស់អ្វីៗ ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះ អាត្មាអញកំពុងឆាន់ចង្ហាន់ ឆាន់ទឹក ទំពា ស្រូប ហិត លិទ្ធ ភ្លក្សរបស់នោះៗ។ កាលដែលបន្ទោបង់ឧច្ចារៈ បស្សាវៈ ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះអាត្មាអញកំពុងបន្ទោបង់ឧច្ចារៈ បស្សាវៈ។ កាលដឹងដើរ ឈរ ដេក អង្គុយ ភ្ញាក់ និយាយស្ដី ស្ងៀម ក៏មានស្មារតីដឹងខ្លួនថា៖ ឥឡូវនេះ អាត្មាអញកំពុងដើរ ឈរ ដេក អង្គុយ ភ្ញាក់ និយាយស្ដី ស្ងៀម ។ភិក្ខុដែលឃើញភ័យក្នុងវដ្ដសង្សារ រមែងជាអ្នកប្រកបដោយសតិសម្បជញ្ញៈ ដូចថាមកនេះ។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ៥០០០ឆ្នាំ
images/articles/1705/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ១២,៤៩៣ ដង)
អធិប្បាយ សតិ
សតិ ជាធម៌សំខាន់បំផុតខាងឯចិត្តឲ្យបរិសុទ្ធហ្មត់ចង់ល្អ, ព្រះបរមសាស្ដាជាម្ចាស់ទ្រង់ត្រាស់ទេសនាថា៖
ឯកាយនោ អយំ ភិក្ខវេ បត្តោ សត្តានំ
វិសុទ្ធិយា សោកបរិទេវានំ សមតិក្កមាយ
ទុក្ខទោមនស្សានំ អត្ថង្គមាយ ញាយស្ស
អធិគមាយ និព្វានស្ស សច្ឆិកិរិយាយ
សេចក្ដីថា៖ នែ៎ភិក្ខុទាំងឡាយ! ផ្លូវនេះជាផ្លូវទីទៅតែម្នាក់ឯង ដើម្បីសេចក្ដីបរិសុទ្ធរបស់សត្វទាំងឡាយ
images/articles/1706/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ២៤,១៥៤ ដង)
សំនួរចម្លើយ អំពីព្រះត្រៃសរណគមន៍
១- ស. ត្រៃសរណគមន៍ មានន័យដូចម្ដេច?
ចំ. ត្រៃសរណគមន៍ មានន័យថា វត្ថុជាទីពឹង ទីរលឹកបីយ៉ាង។
២- ស. តើវត្ថុបីយ៉ាងជាទីពឹងទីរឭក មានអ្វីខ្លះ?
ច. វត្ថុបីយ៉ាងជាទីពឹងទីរឭកនោះគឺ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។
៣- ស. តើអ្នកសូធ្យដូចម្ដេច ពេលដល់នូវព្រះត្រៃសរណគមន៍ជាទីពឹងទីរឭក?
ច. សូធ្យថា៖
ពុទ្ធំ សរណំ គច្ឆាមិ
ធម្មំ សរណំ គច្ឆាមិ
សង្ឃំ សរណំ គច្ឆាមិ។
images/articles/1709/Untitled-1-Recovered.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ៩,៥៤៩ ដង)
អសង្ខតា ធម្មា បានដល់ព្រះនិព្វាន ដែលមិនមានការប្រជុំតាក់តែង
គំនរភ្នក់ភ្លើងជាធម្មជាតិតែងតែក្តៅ បុគ្គលដែលេនៅ ក្នុងគំនរភ្នក់ភ្លើង ឬ នៅក្នុងផ្ទះដែលត្រូវភ្លើងឆេះ មិនគួរគប្បី អង្វរភ្លើង ឬគិតចង់ឱ្យភ្លើងត្រជាក់នោះទេ តែមធ្យោបាយ មានតែម៉្យាងគត់គឺ រត់លោតចេញអំពីភ្លើង យ៉ាងណាម៉ិញ រូបក្តី នាមធម៌ក្តី ឬក៏បានដល់ភពជាតិកំណើត
images/articles/3077/20iiook.jpg
ផ្សាយ : ០៣ កក្តដា ឆ្នាំ២០២៤ (អាន: ៧,៧៩៣ ដង)
កោសម្ពិយសូត្រ ទី៨
[១៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ ក៏សម័យនោះឯង ពួកភិក្ខុក្នុងក្រុងកោសម្ពី បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ពួកភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។
គ្រានោះ ភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុក្នុងនគរកោសម្ពីនេះ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមកនេះ អ្នកចូរហៅភិក្ខុទាំងឡាយនោះ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។
ភិក្ខុនោះ បានទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភិក្ខុទាំងនោះ ដូច្នេះថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យភិក្ខុនោះថា ករុណា អាវុសោ ដូច្នេះហើយ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីដ៏សមគួរ។
[១៨១] លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ បានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង ពិតមែនឬ។
ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច សម័យណាដែលអ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ បានតាំងកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ឬបានតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ឬបានតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ដែរឬទេ។
បពិត្រព្រះអង្គដ៏ចំរើន មិនបានតាំងយ៉ាងនោះទេ។ ម្នាលភិក្ខុទាំងឡាយ បានឮដូច្នេះថា សម័យណា ដែលអ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ មិនបានតាំងកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង មិនបានតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង មិនបានតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង ម្នាលមោឃបុរសទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយដឹងដូចម្តេច ឃើញដូចម្តេច បានជាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នា ឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង ម្នាលមោឃបុរសទាំងឡាយ ហេតុនោះ នឹងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ ដល់អ្នកទាំងឡាយ អស់កាលជាយូរអង្វែង។
[១៨២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ៦ប្រការនេះ ជាទីរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ធម៌ទាំងឡាយ៦ប្រការ គឺអ្វីខ្លះ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរតាំងកាយកម្មប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គលក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួររលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។
ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។
ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត លាភណា ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីតែវត្ថុដែលរាប់ចូលក្នុងបាត្រ ភិក្ខុជាអ្នកបរិភោគ មិនចែករំលែកលាភទាំងឡាយ មានសភាពដូច្នោះទេ គឺជាអ្នកបរិភោគសាធារណ៍ ដោយពួកសព្រហ្មចារីបុគ្គល ដែលមានសីល នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។
ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត សីលណាមិនដាច់ មិនធ្លុះធ្លាយ មិនពពាល មិនពព្រុះ ជាសីលល្អ ដែលវិញ្ញូជនតែងសរសើរ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅដើម្បីសមាធិ ភិក្ខុជាអ្នកមានសីលស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងសីលទាំងឡាយ មានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។
ម្នាលភិក្ខុទាំងឡាយ ប្រការមួយវិញទៀត ទិដ្ឋិ [អដ្ឋកថា ថា សម្មាទិដ្ឋិ ប្រកបដោយសោតាបត្តិមគ្គ។] ណា ដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងដឹកនាំសត្វ ដែលធ្វើតាម ឲ្យអស់ទៅនៃសេចក្តីទុក្ខបាន ដោយប្រពៃ ភិក្ខុប្រកបដោយទិដ្ឋិស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងទិដ្ឋិ មានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។
ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ទាំង៦ប្រការនេះឯង ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់ទៅនៃទុក្ខ ដោយប្រពៃបាន។
ម្នាលភិក្ខុទាំងឡាយ កំពូលនៃផ្ទះមានកំពូល ជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់ទុក្ខ ដោយប្រពៃបាន យ៉ាងនោះដែរ។
[១៨៣] ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិដ៏ប្រសើរ ដែលជាទីស្រោចស្រង់ ដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់សេចក្តីទុក្ខបាន ដោយប្រពៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងសុញ្ញាគារស្ថានក្តី រមែងពិចារណាដូច្នេះថា អាត្មាអញ មានចិត្តដែលបរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិនដឹងច្បាស់ មិនឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេសនោះ តាំងនៅក្នុងសន្តាន អាត្មាអញ មិនទាន់លះបង់បាន មានដែរឬទេ។
ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានកាមរាគគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានព្យាបាទគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានថីនមិទ្ធៈគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានឧទ្ធច្ចកុក្កច្ចៈគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានវិចិកិច្ឆាគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ ខ្វល់ខ្វាយដោយការគិតនូវលោកនេះហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានសេចក្តីខ្វល់ខ្វាយ ដោយការគិតនូវលោកខាងមុខហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋានកិលេសគ្របសង្កត់ពិត ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ មានចិត្តដែលបរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិនបានដឹងច្បាស់ មិនបានឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេស ដែលតាំងនៅក្នុងសន្តាននោះ ដែលថាអាត្មាអញ មិនទាន់លះបង់បាន មិនមានឡើយ ចិត្តរបស់អាត្មាអញ បានតំកល់ទុកប្រពៃហើយ ដើម្បីត្រាស់ដឹងនូវអរិយសច្ចធម៌ទាំងឡាយ។ នេះជាញាណទី១ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់ពួកបុថុជ្ជនឡើយ។
[១៨៤] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណាដូច្នេះថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិនេះឯង តើបាននូវសេចក្តីស្ងប់រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្តរបស់ខ្លួន ឬហ្ន៎។ អរិយសាវ័កនោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិនេះឯង តែងបាននូវសេចក្តីស្ងប់រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្តរបស់ខ្លួន។ នេះជាញាណទី២ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់ពួកបុថុជ្ជនឡើយ។
[១៨៥] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ករមែងពិចារណា ដូច្នេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិមានសភាពយ៉ាងនោះដែរ តើមានឬហ្ន៎។ អរិយសាវ័កនោះ ក៏ដឹងយ៉ាងនេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិ មានសភាពយ៉ាងនោះ មិនមានទេ។ នេះជាញាណទី៣ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៨៦] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងនោះដែរឬ។
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិ គឺការចេញចាកអាបត្តិ មានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិ មានសភាពយ៉ាងនោះខ្លះដែរ តែថា ភិក្ខុនោះ រមែងសំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវការសង្រួមតទៅ។
ម្នាលភិក្ខុទាំងឡាយ ដូចជាកុមារក្មេងជាកូនខ្ចីនៅដេកផ្ងារនៅឡើយ ប៉ះពាល់រងើកភ្លើងដោយដៃក្តី ដោយជើងក្តី ក៏ដកមកវិញជាប្រញាប់ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គលដែលប្រកបដោយទិដ្ឋិ គឺការចេញចាកអាបត្តិមានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិមានសភាពយ៉ាងនោះខ្លះដែរ តែថាភិក្ខុនោះ សំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវកិរិយាសង្រួមតទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៤ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៨៧] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិនេះ គង់មានសេចក្តីខ្វល់ខ្វាយធ្វើការងារអ្វីៗខ្ពស់ និងទាបរបស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថាគេមានសេចក្តីប្រាថ្នាក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា។
ម្នាលភិក្ខុទាំងឡាយ ដូចជាមេគោមានកូនខ្ចី ខំប្រឹងស៊ីស្មៅផង ថ្និតថ្នមកូនផង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិនេះ គង់មានសេចក្តីខ្វល់ខ្វាយ ធ្វើការងារអ្វីៗខ្ពស់ និងទាប របស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថា គេមានសេចក្តីប្រាថ្នាដ៏ក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៥ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៨៨] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនុ៎ះ តែងត្រូវការយកចិត្តទុកដាក់ ចំពោះអ្នកសំដែងធម៌វិន័យ ដែលតថាគត បានសំដែងទុកមក ហើយប្រមូលចិត្តមកឲ្យមូល ផ្ទៀងត្រចៀកប្រុងស្តាប់ធម៌ (នោះ)។
ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៦ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៨៩] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណា ដូច្នេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនោះ រមែងបានអត្ថវេទ បានធម្មវេទ និងបាមោជ្ជ ដែលប្រកបដោយធម៌ ចំពោះអ្នកសំដែងធម្មវិន័យ ដែលតថាគត បានសំដែងទុកមក។
ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៧ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
[១៩០] ម្នាលភិក្ខុទាំងឡាយ ធម្មតានៃអរិយសាវ័ក ដែលប្រកបដោយអង្គទាំង៧ប្រការយ៉ាងនេះ សម្រេចល្អហើយ ក្នុងការធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលប្រកបដោយអង្គទាំង៧ប្រការយ៉ាងនេះ ឈ្មោះថា ជាអ្នកប្រកបដោយសោតាបត្តិផល។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ នឹងភាសិតរបស់ព្រះមានព្រះភាគ។
ចប់ កោសម្ពិយសូត្រ ទី៨។
កោសម្ពិយសូត្រ ទី ៨ ឬ ធម៌ ៦ យ៉ាងនេះ ធ្វើឲ្យមនុស្សចេះស្រលាញ់គ្នា
បិដកភាគ ២២ ទំព័រ ៣៤៦ ឃ្នាប ១៨០
ដោយ៥០០០ឆ្នាំ