អានអត្ថបទ
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣ (អាន: ១៥,៩២៩ ដង)
រឿងអម្ពដ្ឋមាណព

|
រឿងអម្ពដ្ឋមាណព
(ចាក អ.ទី.)
(ខត្តិយត្រកូល ជាត្រកូលខ្ពស់បំផុតក្នុងលោកតាមវណ្ណះ)
សម័យមួយព្រះមានព្រះភាគ គង់ក្នុងព្រៃឥច្ឆានង្គលជាមួយភក្ខុសង្ឃចំនួន៥០០ អង្គ ។ កាលនោះមានមាណពម្នាក់ឈ្មោះអម្ពដ្ឋ ជាបញ្ញវ័ន្តបានចេះដឹងនូវត្រៃវេទ និងវេយ្យាករណ៍ស្ទាត់ជំនាញ ជាសិស្សរបស់ព្រាហ្មណ៍ឈ្មោះបោក្ខសោតិ ។ ព្រាហ្មណ៍នេះកាលបើដឹងថាព្រះមានព្រះភាគយាងមកគង់ក្នុងព្រៃឥច្ឆានង្គល ហើយ ក៏ប្រើអម្ពដ្ឋមាណពជាសិស្សឲ្យចូលទៅពិនិត្យមើលលក្ខណះរបស់ព្រះសម្ពុទ្ធ ។ មាណពនេះ ពុំមានសេចក្តីគោរពចំពោះសម្ពុទ្ធឡើយ ហ៊ាននិយាយសំណេះសំណាលជាមួយព្រះអង្គ ដែលកំពុងគង់ដោយឥរិយាបថដើរឈររបស់ខ្លួន ។ ព្រះសម្ពុទ្ធទ្រង់ជ្រាបអាការះ របស់មាណពដូច្នេះហើយទើបត្រាស់សួរថា ម្នាលមាណព អ្នកធ្លាប់តែចរចាជាមួយនឹងព្រាហ្មណ៍ចាស់ៗ ជាអាចារ្យរបស់អ្នកដែលកំពុងអង្គុយដោយឥរិយាបថដើរឈរដូច្នេះឬ? មាណពឆ្លើយថា បពិត្រព្រះគោតម ព្រាហ្មណ៍កំពុងដើរគួរនិយាយជាមួយព្រាហ្មណ៍កំពុងដើរ ព្រាហ្មណ៍កំពុងឈរ គួរនិយាយជាមួយព្រាហ្មណ៍កំពុងឈរ ព្រាហ្មណ៍កំពុងអង្គុយ គួរនិយាយជាមួយព្រាហ្ម៍កំពុងអង្គុយ ព្រាហ្មណ៍កំពុងដេក គួរនិយាយជាមួយព្រាហ្មណ៍កំពុងដេក ។ បពិត្រព្រះគោតម ការដែលខ្ញុំនិយាយចរចាជាមួយព្រះអង្គដូចជាខ្ញុំនិយាយជាមួយសមណះត្រងោល ជាគោត្រកូលគហបតី ជាកណ្ហគោត្រកូល ដែលកើតអំពីព្រះបាទមហាព្រហ្មដូច្នោះដែរ ។ ព្រះសម្ពុទ្ធត្រាស់តបវិញថា ម្នាលមាណព អ្នកមកក្នុងទីនេះត្រូវការដោយប្រយោជន៍ណា គួរធ្វើទុកក្នុងចិត្តដោយប្រយោជន៍នោះឲ្យបានសំរេចចុះ ។ មាណពស្តាប់មិនបាន ស្មានថាព្រះសម្ពុទ្ធថាខ្លួនគ្មានការសិក្សាក៏ខឹងអាក់អន់ចិត្តនិយាយទ្រគោះចំពោះព្រះអង្គថាជាតិសាក្យៈកាចណាស់ អាក្រក់ណាស់មានចិត្តស្រាល ណាស់ ជាតិសាក្យៈជាពូជគហបតីគោរពពួកព្រាហ្មណ៍ឡើយ ។
ព្រះសម្ពុទ្ធសួរថា ម្នាលមាណព ចុះពួកសាក្យៈបានប្រទូស្តនឹងអ្នកដូម្តេចខ្លះ? មាណពឆ្លើយថា កាលខ្ញុំទៅនគរកបិលព័ស្តុ បានចូលទៅក្នុងសាលាសម្រាប់បង្រៀនចំណេះវិជ្ជា របស់ពួកសាក្យៈឥតមានសាក្យៈណាគួរសមហៅខ្ញុំឲ្យអង្គុយសោះគិតតែនិយាយសើចលេងធ្វើព្រងើយ ។ មាណពឆ្លើយដូច្នេះហើយក៏បន្តុះបង្អាប់ពួកសាក្យៈទៀត ដរាបគ្រប់បីដង ។ ព្រះម្ពុទ្ធមានព្រះតម្រិះថា មាណពនេះខ្លាំងណាស់តើ ហ៊ានញាំញីពួកសាក្យៈ ដោយដៀលពូជអម្បូរ ទើបព្រះអង្គត្រាស់សួរមាណពថា ម្នាលអម្ពដ្ឋ អ្នកជាគោត្រអ្វីដែរ?
មាណពឆ្លើយថា ខ្ញុំកណ្ហានគោត្រ ។ ព្រះសម្ពុទ្ធត្រាស់ថា ម្នាលមាណព បើនិយាយទៅតាមគោត្ររបស់មាតាបិតាតាំងពីបុរាណមក នឹងបានដឹងថាមានព្រះអង្គម្ចាស់មួយអង្គជាពួកសាក្យៈ ឯខ្លួនមាណពជាកូននៃទាសីរបស់ព្រះអង្គម្ចាស់នោះ ។ ម្នាលមាណព ពួកសាក្យៈមានព្រះរាជាព្រះនាម ឧក្កាកៈ ជាបុព្វបុរស ព្រះអង្គបានប្រទានពរចំពោះមហេសីទី២ ដែលសុំរាជសម្បត្តិឲ្យបុត្ររបស់ខ្លួន ទើបបង្វេះព្រះរាជបុត្រ ព្រះរាជធីតារបស់មហេសីទី១ ទាំង៩ ព្រះអង្គឲ្យទៅនៅក្នុងព្រៃ ។ ព្រះរាជបុត្រព្រះរាជធីតាទាំងនោះបានសំរេចការនៅរួមជាមួយគ្នា ជាស្វាមីភរិយាដោយខ្លាចខូចជាតិ នៅសល់ព្រះរាជធីតា ច្បងមួយព្រះអង្គទុកជាមាតា ពួកសាក្យៈវង្សក៏កើតមានប្រាកដឡើង ។ ព្រះបាទឧក្កាករាជនោះហើយ ជាបុព្វបុរសរបស់សាក្យៈ។ ព្រះបាទឧក្កាករាជនោះ មានទាសីម្នាក់ឈ្មោះនាងទិសា បានបង្កើតកូនប្រុសម្នាក់ឈ្មោះកណ្ហៈ ។ លុះកណ្ហៈប្រសូត្រមក ក៏ស្រែកយំថា ម៉ែចូរលាងខ្ញុំ ម៉ែចូរផ្ងូតទឹកខ្ញុំម៉ែចូរនាំខ្ញុំអំពីទីស្មោកគ្រោកនេះ ចេញខ្លួនខ្ញុំនឹងមានប្រយោជន៍ដល់ម៉ែ ។ មនុស្សទាំងឡាយ នាំគ្នាសម្គាល់កណ្ហកុមារដូចជាបិសាច ។ ចាប់ពីពេលនោះមកកណ្ហាយនគោត្រក៏កើតប្រាកដឡើង ។ កណ្ហកុមារនេះឯងហើយ ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ ។ កាលព្រះសម្ពុទ្ធត្រាស់យ៉ាងនេះចប់ហើយ ពួកមាណពជាបរិវារបស់អម្ពដ្ឋមាណពតវ៉ាថា ព្រះអង្គកុំញាំញីអម្ពដ្ឋមាណពថាជាកូនទាសីអម្ពដ្ឋ ជាអ្នកមានកំណើតល្អមានត្រកូលល្អ ជាអ្នកចេះដឹងសមនឹងប្រឹក្សាឆ្លើយឆ្លងជាមួយព្រះអង្គ ។
ព្រះសម្ពុទ្ធត្រាស់ថា បើអ្នកទាំងឡាយយល់ថា អម្ពដ្ឋ មាណពមានកំណើតមិនល្អ មិនសមប្រឹក្សាឆ្លើយឆ្លងជាមួយតថាគតទេ ឲ្យអម្ពដ្ឋឈប់ចុះ ចូរអ្នកទាំងឡាយឆ្លងឆ្លើយជាមួយតថាគតវិញ បើអ្នកទាំងឡាយយល់ថាអម្ពដ្ឋ មានកំណើតល្អ ជាកូនអ្នកមានត្រកូលល្អ គួរឆ្លងឆ្លើយគ្នាជាមួយតថាគត អ្នកទាំងឡាយចូរឈប់ចុះឲ្យអម្ពដ្ឋឆ្លងឆ្លើយគ្នាជាមួយតថាគត ។ មាណពទាំងឡាយឆ្លើយថាអម្ពដ្ឋ ជាអ្នកមានកំណើតល្អ មានត្រកូលខ្ពស់គួរឆ្លងឆ្លើយជាមួយព្រះអង្គហើយ ។ លំដាប់មានត្រកូលខ្ពស់គួរឆ្លងឆ្លើយជាមួយព្រះអង្គហើយ ។ លំដាប់នោះព្រះមានព្រះភាគ ទ្រង់ត្រាស់ ចំពោះអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ តថាគតសួរអ្នកត្រូវតែឆ្លើយទោះបីអ្នកប្រាថ្នា និងមិនឆ្លើយក៏ត្រូវតែឆ្លើយ បើអ្នកមិនឆ្លើយក្តី និយាយវាសវាងរកហេតុដទៃក្តី នៅស្ងៀមក្តីដើរចេញទៅក្តី ក្បាលអ្នកនឹងបែកជា៧ ភាគក្នុងទីនេះមិនខាន ។ តថាគតសួរថា អ្នកធ្លាប់ឮព្រាហ្មណ៍ចាស់ៗ និយាយថា ពួកកណ្ហាយគោត្រកើតពីណា ? អ្នកណាជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ? កាលព្រះសាស្តាត្រាស់សួរយ៉ាងនេះហើយ អម្ពដ្ឋមាណពនៅស្ងៀម ព្រះអង្គសួរជាគំរប់ពីរដង់នៅស្ងៀមទៀតព្រះសាស្តាត្រាស់ថា ម្នាលមាណព ឥឡូវនេះអ្នកត្រូវឆ្លើយ ហើយមិនត្រូវនៅស្ងៀមទេ បុគ្គលណាដែលតថាគតសួរប្រស្នាប្រកបដោយហេតុផល អស់វារះបីដងហើយមិនឆ្លើយក្បាលបុគ្គលនោះនឹងបែកជា៧ ភាគក្នុងទីនេះមិនខាន ។ សម័យនោះមានយក្សមួយឈ្មោះវជិរបាណិ កាន់ដំបងដែកយ៉ាងធំ ដែលភ្លើងកំពុងឆេះសន្ធោរសន្ធៅ មកឈរឯអាកាសខាងលើអម្ពដ្ឋមាណពបម្រុងចាំវាយក្បាលមាណពនោះ ។ មាណពឃើញហើយ ភយតក់ស្លុតស្ទុះទៅរកព្រះមានព្រះភាគ សុំជាទីពឹងទីរឮកហើយអង្គុយក្នុងទីជិត ទើបក្រាបទូលថាសូមព្រះអង្គត្រាស់ម្តងទៀត ខ្ញុំព្រះអង្គនឹងឆ្លើយ ។ ព្រះមានព្រះភាគត្រាស់សួរដូចមុន អម្ពដ្ឋមាណពឆ្លើយថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលខ្ញុំធ្លាប់ឮមកថាកណ្ហកុមារនោះហើយជាបុព្វបុរស របស់ពួកកណ្ហាយនគោត្រ ។ កាលបើអម្ពដ្ឋមាណពឆ្លើយដូច្នេះហើយ ពួកមាណព ទាំងឡាយជា បរិវារ ក៏បន្លឺសម្លេងគឺកកងថា ម្នាលគ្នាយើង អម្ពដ្ឋមាណពជាមនុស្សមានជាតិត្រកូលថោកទាបណាស់ ។ ព្រះមានព្រះភាគទ្រង់ជ្រាបថា អម្ពដ្ឋមាណពត្រូវគេមើលងាយដូច្នេះ គួរតថាគតជួយដោះស្រាយចេញ ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ត្រាស់ចំពោះពួកមាណពទាំងឡាយថា អ្នកទាំងឡាយកុំមើលងាយអម្ពដ្ឋមាណពខ្លាំងពេក កាលបីភវីកណ្ហកុមារនោះ បានបួសជាឥសីជាអ្នកថ្កើតថ្កានណាស់ គាត់ទៅកាន់ទក្ខិណជនបទបានរៀនចេះស្ទាត់ជំនាញនូវព្រហ្មមន្តទាំងឡាយ ហើយចូលទៅគាល់ព្រះបាទឧក្ការាជ សូមព្រះរាជធីតានាមមទ្ទរូបី ។ ព្រះបាទឧក្កាករាជក្រោធពិរោធថា អាមនុស្សចង្រៃ ជាកូននៃទាសីមិនគួរមកសូមនាងមទ្ទរូបីជាធីតាអញសោះ ទើបផ្គងសរឡើងបាញ់ឥសីនោះ ។ ប៉ុន្តែ ដោយអានុភាពមន្តរបស់ឥសី ព្រះបាទឧក្កាករាជគាំងរឹងព្រះហស្ថព្រះបាទ មិនអាចថ្លែងសរ មិនអាចដាក់ចុះនូវកូនសរបាន ។ ពេលនោះពួកសេវកាមាត្យ បានអង្វរឥសីថា សូមសួស្តីកើតមានដល់ព្រះរាជា ។ កណ្ហឥសីតបថាសួស្តីមានដល់ព្រះរាជមិនខានប៉ុន្តែបើព្រះរាជាថ្លែងសរទៅទិសខាងក្រោមផែនដីនឹងស្រុត បើថ្លែងសរទៅទិសខាងលើ នឹងរាំងភ្លៀងអស់៧ឆ្នាំ ប៉ុន្តែបើព្រះរាជាប្រគល់សរទុកលើព្រះរាជកុមារច្បងព្រះរាជកុមារនឹងជាអ្នកមានសួស្តី មិនមានភិតភ័យឡើយ ។ លំដាប់នោះពួករាជអាមាត្យ និងព្រះបាទឧក្កករាជទ្រង់ប្រគល់សរទៅថ្វាយព្រះរាជកុមារច្បងហើយ ព្រះបាទឧក្កករាជ បានថ្វាយព្រះរាជធីតា ព្រះនាមមទ្ទរូបីដល់កណ្ហាឥសីនោះដោយរីករាយ ។ ព្រះមានព្រះភាគ ត្រាស់បញ្ចាក់ចំពោះអម្ពដ្ឋមាណពដូច្នេះហើយ ទើបសម្តែងសួរឲ្យមាណពឆ្លើយ ដើម្បីឲ្យឃើញច្បាស់ថា បើមាតាជាក្សត្រ បិតាជាព្រាហ្មណ៍ កូនរបស់គ្រួសារបែបនេះឲ្យសោយរាជ្យមិនបាន បើមាតាជាព្រាហ្មណ៍ បិតាជាក្សត្រ កូនរបស់គ្រួសារបែបនេះ គួរឲ្យសោយរាជ្យបាន ។ ទីបំផុតព្រះអង្គត្រាស់សំដែងថាៈ
ខន្តិយោ សេដ្ឋោ ជនេតស្មី យេ គោត្តប្បដិសារិនោ វិជ្ជាចរណសម្បន្មោ សោ សេដ្ឋោ ទេវហនុសេតិ ប្រែថា ក្សត្រយ៍ជាមនុស្សប្រសើរបំផុត ក្នុងប្រជុំជនដែលពោលអាងគោត្រ បុគ្គលដែលបរិបូណ៍ដោយវិជ្ជា និងចរណះ ជាមនុស្សប្រសើរបំផុតក្នុងពួកទេវតា និងមនុស្ស ។ បន្ទាប់មកអម្ពដ្ឋមាណព មានសេចក្តីជ្រះថ្លាបានសួរអំពីវិជ្ជា និងចរណៈចំពោះព្រះមានព្រះភាគ លុះបានស្តាប់ចប់និងបានឃើញមហាបុរិសលក្ខណះទាំង៣២ របស់ព្រះអង្គហើយ ក៏លាព្រះសម្ពុទ្ធទៅកាន់សំណាក់អាចារ្យបោក្ខសោតិវិញ ។ លោកអាចារ្យបានដំណឹងថាព្រះសម្ពុទ្ធប្រកបដោយលក្ខណះ៣២ ហើយ ក៏មកពិនិត្យដោយខ្លួនឯង មានសេចក្តីជ្រះថ្លា បាននិមន្តព្រះសម្ពុទ្ធមួយអន្លើដោយភិក្ខុសង្ឃទទួលភត្តក្នុងលំនៅរបស់ខ្លួន បានស្តាប់អនុបុព្វកថា របស់ព្រះសម្ពុទ្ធហើយ បានសម្រេចមគ្គផលថ្នាក់សោតាបត្តិមគ្គ ។ អត្ថបទដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |