អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៥៥ ដង)
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)

|
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ការពោលរៀបរាប់ អំពីជីវិត ពាក្យថា ជីវិត នេះបើគេពុំបានគិតឬប្រើគំនិត ដើម្បីស្វែងយល់ឲ្យដល់ជម្រៅអំពីអត្ថន័យនៃពាក្យនេះទេ គេហាក់ដូចជាបានយល់ស្គាល់ ដឹងពាក្យនេះប្រាកដច្បាស់ទៅហើយ គឺគេគ្រាន់តែឲ្យន័យទៅលើពាក្យថា "ជីវិត" នេះគឺត្រឹមតែការរស់នៅប៉ុណ្ណេះ ឃើញជាការស្រេច ដោយមិនចាំបាច់ទៅមានចម្ងល់និងធ្វើការស្រាវជ្រាវឲ្យបានដឹងយលល់ស្គាល់អ្វីទៀតនោះទេ។ ប៉ុន្តែបើគេបានសិក្សាស្វែងយល់អំពីពាក្យថា ជីវិត នេះទៅតាមអត្ថន័យនិងជម្រៅ គេរឹងរឹតតែមានចម្ងល់ច្រើនណាស់ទៅទៀតអំពីពាក្យថា ជីវិត ព្រមទាំងបញ្ហាដែលកើតមានជុំវិញជីវិតនេះជាអនេកកប្បការទាំងផ្នែក ទស្សនៈវិជ្ជា និង បរមត្ថវិជ្ជា។ ទស្សនៈវិជ្ជា បានដល់ការសិក្សាស្វែងយល់ទៅតាមការឃើញឬការស្រាវជ្រាវខាងផ្នែកសម្ភារៈនិយមដោយផ្អែកទៅលើចំណេះដឹងនិងក្បួនវិជ្ជាសាស្រ្តផ្សេងៗ ដូចជាការសិក្សាឲ្យបានចេះដឹងយល់ស្គាល់ អំពីលក្ខណៈនិងការប្រែប្រួលផ្លាស់ប្ដូរនៃជីវិតនេះទៅតាមកាលវេលា ដូចជាការរស់នៅឬការប្រព្រឹត្តទៅព្រមនៃរូបរាងកាយរបស់សត្វទាំងឡាយ ដោយមានការដកដង្ហើមចេញ-ចូលចេះស្រេកឃ្លាន ពោកពាក្យនិយាយស្ដី សើចយំ ស្រលាញ់ ស្អប់ចេះប្រកបកិច្ចការអ្វីផ្សេងៗទៅតាមសញ្ជាតិញ្ញាណរបស់ខ្លួន ឬគេអាចសំគាល់បានដោយចលនាឥរិយាបថទាំងបួនមានការដេក ដើរឈរអង្គុយ ដែលផ្ទុយអំពីសេចក្ដីស្លាប់ ហ្នឹងហើយហៅថា ជីវិតដែលយើងហៅថាជីវិតមនុស្ស ជីវិតសត្វ មានចិត្តវិញ្ញាណ មានឥរិយាបថប្រព្រឹត្តទៅនោះឯង។ តាមទស្សនៈ ការយល់ឃើញ របស់អ្នកស្រាវជ្រាវខ្លះគេតែងសម្គាល់ថារុក្ខជាតិ តិណជាតិ វល្លិជាតិ ជលជាតិទាំងនោះសុទ្ធសឹងតែមានវិញ្ញាណ មានជីវិតទៅតាមប្រភេទតូចធំ តិចច្រើនដោយគេបានសម្គាល់ទៅតាមលក្ខណៈចលនា ការផ្លាស់ប្ដូរទៅតាមកាលវេលានៃរុក្ខាលតាជាតិនោះៗ។ ដូចជាចេះបឺត ស្រូបយកទឹកជីវជាតិធាតុអាកាសកម្ដៅថ្ងៃ មកចិញ្ចឹមបណ្ដុះដើមមែកធាង ស្លឹកត្រួយ ផ្លែផ្កា ឲ្យលូតលាស់ដុះដាល បែកមែកសាខាត្រសាយត្រសុំធំខ្ពស់ទៅបាន។ រុក្ខជាតិគ្រប់ចំពូក ហាក់បីដូចជាមានជីវិតវិញ្ញាណទទួលដឹងនូវកម្ដៅធាតុអាកាសនៅពេលណាមានកម្ដៅខ្លាំង ឬធាតុអាកាសក្ដៅខុសប្រក្រតីក៏សម្របស្លឹកស្វិតស្រពោន វេលាមានទឹកសន្សើម ឬមានភ្លៀងបង្អុរចុះមក ក៏ខំលូតលាស់បញ្ចេញសម្រស់ព្រមទាំង ស្លឹក ផ្លែ ផ្កាស្រស់បំព្រងគួរឲ្យគយគន់ពិតពិលរមិលមើល។ មានរុក្ខាលតាជាតិប្រភេទខ្លះទៀត ដូចជាបន្លាប្រខ្លបជាដើមជារុក្ខជាតិមានដើមវៀវតូចឆ្មា ស្រដៀងនឹងវល្លិមានបន្លាខ្ចីទន់ មានពណ៍ស្វាយច្រើនដុះជាគុម្ពនៅលើដីទួលឬតាមភ្លឺស្រែរុក្ខជាតិប្រភេទនេះ នៅពេលគេដើរទៅប៉ះ ឬពាល់វាក៏មានចលនាស្លឹក ក្ដោបរមូរសម្របចូលគ្នាភ្លាម ហាប់បីដូចជាមានជីវិតវិញ្ញាណទទួល ដឹងសម្ផស្សដូច្នោះដែរ។ មានរុក្ខជាតិច្រើនប្រភេទទៀត នៅពេលព្រលប់មានស្លឹកក្ដោបសម្របចូលគ្នា ហាក់បីដូចជាត្រូវការសម្រាកសម្រាន្តក្នុងរាត្រីកាលដែរ។ ឯរុក្ខាលតាជាតិខ្លះទៀតខំលូតលាស់បោះទងបញ្ចេញត្រួយថ្ពក់តោងវារឡើងទ្រើង។ តាមទស្សនីយភាពដូចពោលរៀបរាប់មកនេះ ទើបធ្វើឲ្យលោក-អ្នកស្រាវជ្រាវខ្លះ បានពោលអាងសម្ដែងបញ្ជាក់អំពីវិញ្ញាណជីវិតនិងការវិវដ្ដន៍នៃជីវិតវិញ្ញាណទៅតាមកាលវេលា។ ពួកគេបានពោលអះអាងថា រុក្ខាលតាជាតិគ្រប់ប្រភេទសុទ្ធសឹងតែមានជីវិតវិញ្ញាណ ប៉ុន្តែវិញ្ញាណ គឺការដឹងនោះជាវិញ្ញាណតុចល្អិត កើតមានតិចតួចស្ដួចស្ដើង។ បានជាគេពោលដូច្នេះព្រោះ តាមការសង្កេតឃើញមានសត្វដង្កូវប្រភេទខ្លះកើតមកពីសំបកឈើ ឬស្លឹកឈើ។ សត្វអន្ទង់ក្លាយចេញពីដើមត្រស់ពាក់កណ្ដាលមានក្បាលខ្លួនជាសត្វអន្ទង់ ពាក់កណ្ដាលមានសភាពជាដើមត្រស់។ សត្វដង្កូវទឹកកើតចេញពីទឹកហើយដូចស្លាបប្រែក្លាយទៅជាមូស។ សត្វដង្កូវដុះស្លាបប្រែរូបទៅជាមេអំបៅ។ មិនតែប៉ុណ្ណោះគេថែមទាំងហ៊ាននិយាយថា កាលពីដើមសត្វស្វាក្លាយមកជាមនុស្ស ឬថាមនុស្សបានប្រែរូបកាយក្លាយមកអំពីសត្វស្វា។ ការពោលដូច្នេះ គឺចង់បញ្ជាក់អំពីលក្ខណៈនៃការឃើញដឹងយល់ស្គាល់អំពីចលនា ការប្រែប្រួល ផ្លាស់ប្ដូរនៃរូបធាតុនិងវិញ្ញាណធាតុ តាំងតែពីតូចល្អិតដែលវិវដ្ដន៍ទៅតាមកាលវេលាមានតំណតភ្ជាប់គ្នាមិនដាច់ អំពីសភាពមួយទៅកាន់សភាពមួយ រហូតឲ្យគេមានសេចក្ដីយល់ឃើញថា រុក្ខាលតាជាតិប្រភេទទាំងអស់សុទ្ធសឹងតែមាន ជីវិតវិញ្ញាណ ទើបគេប្រើពាក្យថា ដើមឈើងាប់ ដើមឈើរស់ ដូច្នេះជាដើម។ ការពោលរៀបរាប់ អំពីអត្ថន័យខ្លះនៃជីវិតមកប៉ុណ្ណេះនេះគ្រាន់តែបញ្ជាក់ទៅតាមផ្នែកម្យ៉ាងនៃ ទស្សនវិជ្ជា គឺការស្រាវជ្រាវនិងការពោលស្ដីនិយាយទៅតាមលោកវោហារ ជាសាមញ្ញភាសារឬជាគ្រាមភាសា ហាក់បីដូចជានិយមន័យត្រឹមតែប៉ុណ្ណេះឃើញថាជាការគ្រប់គ្រាន់ណាស់ទៅហើយ។ ដកស្រង់ចេញពីសៀវភៅ ជីវិតកថា ដោយ៥០០០ឆ្នាំ |