អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២៦,៥៤៦ ដង)
ទស្សនគតិរបស់ពុទ្ធសាសនិកបុគ្គល

|
ក្នុងចំណោមសាស្ដានៃសាសនាទាំងឡាយ ព្រះពុទ្ធជាម្ចាស់ (ប្រសិនបើព្រមឲ្យយើងហៅព្រះអង្គថាជាសាស្ដា អ្នកបង្កើតសាសនានៅតាមអត្ថន័យរបស់ស័ព្ទ ដែលយើងនិយមនាំគ្នាយល់ឃើញនោះ) ទ្រង់ជាសាស្ដាមួយព្រះអង្គគត់ប៉ុណ្ណោះ ដែលមិនបានអាងព្រះអង្គថាជាអ្វីផ្សេងក្រៅតែពីមនុស្សធម្មតាហើយបរិសុទ្ធ។
សាស្ដាទាំងឡាយដទៃ បើមិនមែនជាព្រះជាម្ចាស់ដោយខ្លួនឯង ក៏ជាអវតារបស់ព្រះជាម្ចាស់តាមរូបភាពផ្សេងៗ ឬមិនដូច្នោះទេក៏ជាអ្នកដែលព្រះជាម្ចាស់បញ្ជូនមក។ ដោយឡែកព្រះពុទ្ធជាម្ចាស់ មិនត្រឹមតែជាមនុស្សធម្មតាប៉ុណ្ណោះទេ តែទ្រង់ថែមទាំងមិនអាងទៅដល់ការដែលព្រះអង្គបានទទួល នូវការជំរុញពីអាទិទេពអង្គណាមួយ ឬពីអំណាចវិសេសខាងក្រៅណាមួយនោះឡើយ។
ព្រះអង្គទ្រង់ចាត់ទុកថា ការត្រាស់ដឹងក៏ដូចជាការសម្រេចបានគ្រប់បែបយ៉ាងរបស់ព្រះអង្គ ជាការព្យាយាមរបស់មនុស្ស ជាសតិបញ្ញារបស់មនុស្ស ហើយជាពិសេសមនុស្សប៉ុណ្ណោះ ដែលអាចក្លាយទៅជាព្រះពុទ្ធបាន។ មនុស្សគ្រប់គ្នាមានសក្ដានុភាព (អំណាចផ្ទាល់ខ្លួន) ដែលអាចធ្វើឲ្យខ្លួនគេក្លាយទៅជាព្រះពុទ្ធបានដោយខ្លួនឯង បើសិនណាជាគេប្រាថ្នាយ៉ាងដូច្នោះ ហើយធ្វើនូវសេចក្ដីព្យាយាម។ ហេតុដូច្នេះយើងអាចនឹងហៅព្រះពុទ្ធជាម្ចាស់ថាជាកំពូលមនុស្សក៏បាន ដ្បិតថាព្រះអង្គទ្រង់មានភាពជាមនុស្សយ៉ាងពេញលេញនៅក្នុងវរកាយរបស់ទ្រង់ រហូតដល់ទៅថាក្នុងសម័យក្រោយៗមក ព្រះអង្គបានទទួលនូវភាពគោរពយ៉ាងខ្លាំងក្លាពីសំណាក់មនុស្សទូទៅ ប្រដូចទៅនឹងមនុស្សវិសេស។
តាមគោលការណ៍នៃព្រះពុទ្ធសាសនា ឋានៈរបស់មនុស្សជាឋានះខ្ពង់ខ្ពស់បំផុត។ មនុស្សជាម្ចាស់របស់ខ្លួនឯង ហើយមិនមានព្រះជាម្ចាស់ឬអាទិទេពឯណានិមួយ ដែលនឹងមកសម្រេចជោគវាសនារបស់មនុស្សបានឡើយ។ ព្រះពុទ្ធបរមគ្រូទ្រង់ត្រាស់ថា ខ្លួនជាទីពឹងរបស់ខ្លួនពុំមានអ្នកដទៃណា ជាទីពឹងរបស់ខ្លួនបានឡើយ។ ព្រះអង្គជានិច្ចជាកាល ទ្រង់ដាស់តឿនដល់សាវ័កទាំងឡាយរបស់ព្រះអង្គ ឲ្យចេះពឹងខ្លួនឯង និងមិនឲ្យស្វែងរកទីពឹងឬផ្ដេកផ្ដួលទៅលើបុគ្គលណាមួយផ្សេងទៀតឡើយ។ ព្រះអង្គទ្រង់ត្រាស់ទូន្មានផ្ចុងផ្ដើមនិងជំរុញ ក៏ដូចជាលើកទឹកចិត្តឲ្យបុគ្គលម្នាក់ៗ ធ្វើនូវសេចក្ដីចម្រើន (អភិវឌ្ឍ) ឲ្យដល់ខ្លួន និងការរួចចាកផុតពីសេចក្ដីទុក្ខរបស់ពួកគេឲ្យបានសម្រេច ត្បិតថាមនុស្សមានថាមពល ដែលអាចរំដោះខ្លួនគេផ្ទាល់ពីសំយោជន៍ទាំងឡាយបាន។ព្រះអង្គទ្រង់ត្រាស់ថា អ្នកទាំងឡាយគួរធ្វើនូវកិច្ចរបស់ខ្លួន ព្រោះថាតថាគតទាំងឡាយគ្រាន់តែជាអ្នកចង្អុលបង្ហាញផ្លូវប៉ុណ្ណោះ។
ប្រសិនបើព្រះពុទ្ធជាម្ចាស់ទ្រង់បានទទួលនូវការតាំងព្រះនាមថាជា ព្រះជួយលាងបាប មែននោះ ក៏ប្រហែលជានៅក្នុងន័យដែលថា ព្រះអង្គបានទ្រង់ស្វែងរកឃើញនូវព្រះធម៌ និងទ្រង់ចង្អុលមាគ៌ាឆ្ពោះទៅកាន់ការរំលត់ទុក្ខគឺព្រះនិព្វានប៉ុណ្ណោះ ប៉ុន្តែយើងចាំបាច់ត្រូវតែបដិបត្តិតាមមាគ៌ានោះដោយខ្លួនយើងផ្ទាល់។ ផ្អែកលើគោលការណ៍នៃការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗនេះឯងហើយ ដែលព្រះពុទ្ធជាម្ចាស់បានអនុញ្ញាតឲ្យសាវ័ករបស់ព្រះអង្គមានឥស្សរភាព ដូចមានសម្ដែងទុកនៅក្នុងមហាបរិនិព្វានសូត្រដែលព្រះអង្គទ្រង់ត្រាស់ថា ព្រះអង្គមិនធ្លាប់ទ្រង់ព្រះតម្រិះដែលនឹងគ្រប់គ្រងគណៈសង្ឃឡើយ ទាំងមិនទ្រង់ប្រាថ្នាឲ្យគណៈសង្ឃពឹងពាក់អាស្រ័យ (ផ្ដេកផ្ដួលលើ) ព្រះអង្គផងដែរ។
ព្រះអង្គទ្រង់ត្រាស់ថា មិនមានគោលធម៌ខាងក្នុង នៅក្នុងពាក្យទូន្មានរបស់ព្រះអង្គឡើយ គឺថាមិនមានអ្វីលាក់ទុកនៅក្នុងដៃរបស់គ្រូ (អាចរិយមុដ្ឋិ) ឬនិយាយម្យ៉ាងទៀតថា មិនមានអ្វីលាក់ទុកនៅក្នុងដៃអាវ (គ្មានអ្វីបិទបាំង)។ សេរីភាពខាងការគិត ដែលព្រះពុទ្ធបរមគ្រូទ្រង់បានអនុញ្ញាតមកនេះ ពុំមាននរណាធ្លាប់បានឮមកអំពីមុនឡើយ ក្នុងប្រវត្តិសាស្ត្រនៃសាសនាទាំងឡាយ។ សេរីភាពនេះគឺជាតម្រូវការដ៏ចាំបាច់ ព្រោះព្រះពុទ្ធបរមគ្រូបានត្រាស់ទូន្មានទុកថា សេចក្ដីបរិសុទ្ធរបស់មនុស្ស ត្រូវអាស្រ័យការធ្វើឲ្យជាក់ច្បាស់នូវសច្ចធម៌ដោយខ្លួនឯង មិនមែនអាស្រ័យទៅលើការអាណិតអាសូរពីព្រោះជាម្ចាស់អង្គណា ដើម្បីជារង្វាន់សម្រាប់ការប្រព្រឹត្តដ៏ល្អ និងមានសេចក្ដីស្មោះត្រង់ចំពោះព្រះអង្គ ឬពីអំណាចខាងក្រៅណាមួយនោះក៏ទេដែរ។
ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធទ្រង់បង្រៀនអ្វី? ដោយ៥០០០ឆ្នាំ |