អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣,៧៧៥ ដង)
សាងមនុស្ស

|
សាងមនុស្ស
បណ្ដាការសាងទាំងឡាយ មិនមានការសាងណាឲ្យលំបាកជាងការសាងមនុស្សឡើយ ព្រោះថាការសាងវត្ថុសម្ភារៈផ្ទះសម្បែងជាដើម ពេលដែលចុះដៃសាងទៅហើយ ក៏ឃើញផលសម្រេចជាលំដាប់ៗ មិនយូប៉ុន្មានក៏បានរួចស្រេចបាច់តាមគម្រោងការ ទោះជាមានភ្លាំងភ្លាត់ខ្លះក៏មានតិចដែរ។ ការសាងមនុស្ស លំបាកតាំងតែពីពេលចាប់ផ្ដើមលំបាកទាំងវិធីក្នុងការកសាង លំបាកទាំងត្រូវប្រើពេលវេលាច្រើន និងដែលសំខាន់បំផុតគឺលទ្ធផលដែលបានមកនោះ ស្ថិតនៅក្នុងសភាពមិនប្រាកដថា តើបានល្អតាមដែលត្រូវការឬអត់។ អ្នកដែលតាំងចិត្តសាងមនុស្ស មានការចុះទុកចុះកម្លាំងយ៉ាងច្រើន រួចហើយត្រឡប់ជាខកចិត្តអស់សង្ឃឹមទៅវិញ គឺមានមិនតិចនាក់ឡើយ។ កាលបើសាងមនុស្សបានសម្រេច សូម្បីតែម្នាក់រមែងមានតម្លសដ៏ក្រៃលែង គ្រប់គ្រាន់ដល់ការចុះទុនចុះកម្លាំងស្រេចតែម្ដង។ ជាការពិតណាស់ ក្នុងភូមិស្រុកណាមានមនុស្សល្អម្នាក់ មនុស្សល្អម្នាក់នោះ អាចធ្វើឲ្យភូមិស្រុកនោះចម្រើនបាន គ្រួសារណាមានកូនល្អម្នាក់ ឪពុកម្ដាយអាចពឹងពាក់អាស្រ័យបាន វត្តណាមានបព្វជិតល្អសូម្បីតែមួយអង្គ វត្តនោះរមែងចម្រើន អាចជាទីពឹងដល់មនុស្សទាំងឡាយច្រើន។ ក្នុងសេចក្ដីនេះ ប្រសិនបើមានមនុស្សល្អច្រើននាក់និងច្រើនអង្គ គឺជាការប្រសើរដ៏ក្រៃលែង ភូមិស្រុកនោះ គ្រួសារនោះ វត្តនោះ រមែងមានតែការចម្រើនទៅមុខ គ្មានថយក្រោយឡើយ។ ការថែរក្សាគ្រប់គ្រង ព្រមជាមួយនឹងការចិញ្ចឹមមនុស្ស ដើម្បីសាងឲ្យបានទៅជាមនុស្សល្អមាននូវគុណភាពនោះ គឺពិតជាងាយដូចសាងវត្ថុឡើយ អ្នកសាងត្រូវចេះអត់អន់ ចេះលះបង់ ទាំងត្រូវចេះត្រៀមចិត្តក្នុងការទទួលផលមិនល្អ ដើម្បីកុំឲ្យខូចចិត្ត ជាពិសេសគឺមាតាបិតាដែលប្រាថ្នាតែកូនល្អនោះឯង។ ទោះជាយ៉ាងណាក៏ដោយ ការសាងមនុស្សពិតជាការងារសំខាន់បំផុត។ ក្នុងរវាងការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធ ព្រះអង្គបំពេញពុទ្ធកិច្ចក្នុងការសាងមនុស្ស។ ធម្មទានរបស់ព្រះអង្គឈ្នះអស់ទានទាំងពួង ព្រោះជាទានក្នុងការសាងចិត្ត សាងវិញ្ញាណរបស់មនុស្សនិងទេវតាឲ្យបានប្រសើរខ្ពង់ខ្ពស់ ធ្វើឲ្យគ្រប់គ្នាមានការយល់ត្រូវ ជាក់ច្បាស់ចំពោះការពិត ឈ្នះនូវទុក្ខទាំងពួងបាន។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា លាភសក្ការៈតែងតែសម្លាប់នូវបុគ្គលល្ងង់ខ្លៅ។ ដូច្នេះក្នុងរយៈពេលដែលកំពុងស្ថិតនៅក្នុងការសាងមនុស្ស ត្រូវប្រយ័ត្នរឿងលាភសក្ការៈមាសប្រាក់និងសម្ភារៈផ្សេងៗ។ កាលណាបើមាតាបិតាជាដើម ចេះតែផ្ដល់ប្រគល់ឲ្យតាមចិត្តកូនចង់ ពុំនោះសោតទេ គឺបង្រៀនកូនឲ្យចេះចាយធំ ឲ្យចេះហ៊ឺហាដោយអលង្ការ ដោយសំពត់ខោអាវ និងដោយសម្ភារៈផ្សេងៗ ដែលលើសហួសពីការចាំបាច់នោះឱកាសដែលនឹងធ្វើឲ្យខូចកូនគឺមានច្រើន។ មិនមែនថា បើអ៊ីចឹងកូនអ្នកក្រ សុទ្ធតែបានល្អទៅនោះឡើយ ចំណុចចាំបាច់សំខាន់បំផុតក្នុងការសាងមនុស្ស គឺសាងគុណធម៌ជួយអប់រំ ជួយបណ្ដុះបណ្ដាលនូវអំណត់អត់អន់ សេចក្ដីព្យាយាម សេចក្ដីបន្ទោស មេត្តាករុណាជាដើម ឲ្យមានក្នុងមនុស្សនោះៗ មានកូនចៅជាដើមហ្នឹងឯង។ គំនិតជាសភាវៈសំខាន់ណាស់ មានឥទ្ធិពលក្នុងការផ្លាស់ប្ដូរដំណើរនៃជីវិតរបស់ខ្លួន ផ្លាស់ប្ដូរសង្គមឲ្យទៅតាមគំនិតបាន។ ដូចជាគំនិតរបស់មនុស្សសព្វថ្ងៃ សម្លឹងឆ្ពោះទៅរកការចម្រើនផ្នែកវត្ថុ ឲ្យជាទិសដៅនៃជីវិត មានការស្វែងវត្ថុជាចំណុចសំខាន់ យកវត្ថុមកជាគ្រឿងវាសសេចក្ដីសម្រេចនៃជីវិត ម្ល៉ោះហើយ សង្គមលោកទាំងមូលក៏ផ្លាស់ប្ដូរ ដោយផ្អៀងទៅរកខាងវត្ថុ ខ្វាយខ្វល់ទៅនឹងវត្ថុសម្ភារៈ ទំនងដូចជាដើមចេកដែលចេញត្រយូងមានផ្លែ។ ប្រសិនបើការគិតរបស់មនុស្ស ប្រព្រឹត្តទៅរកសេចក្ដីចម្រើនខាងផ្នែកចិត្តវិញ្ញាណវិញ មនុស្សរមែងមានគុណធម៌ជាទិសដៅ ស្វែងរកការចម្រើនផ្លូវចិត្តជាការសំខាន់ លើកតម្កើងនិងរាប់អានចំពោះអ្នកដែលមានចិត្តប្រសើរខ្ពស់ សង្គមលោកនឹងចម្រើនទៅដោយអរិយធម៌ឯការខ្វាយខ្វល់ ក្រហល់ក្រហាយក្នុងចិត្តរបស់មនុស្ស ក៏នឹងថយចុះដែរ។ ដូច្នេះ អ្នកដែលសាងមនុស្សទាំងឡាយ គប្បីសាងនូវសម្មាទិដ្ឋិគំនិតយល់ត្រូវ និងគុណធម៌ផ្សេងទៀត ឲ្យចម្រើនក្នុងមនុស្ស ទើបឈ្មោះថាជាអ្នកសាងលោកពិតប្រាកដ។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |