អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៩,៦៥៦ ដង)
អំពើអាក្រក់ឆក់ចិត្តឲ្យងាយធ្វើ

|
សុករានិ អសាធូនិ អត្តនោ អហិតានិ ច
យំវេ ហិតញ្ច សាធុញ្ចា តំ វេ បរមទុក្ករំ។ អសាធុកម្ម គឺអំពើរបស់អសប្បុរសទាំងឡាយ ជាអំពើឥតផលប្រយោជន៍ដល់ខ្លួន គេងាយធ្វើទេ, ឯអំពើណាជាសាធុកម្មរបស់សប្បុរសដែលជាអំពើផ្ដល់ផលប្រយោជន៍ (ដល់ខ្លួន) អំពើនោះឯងគេពិបាកធ្វើណាស់ គឺមិនងាយនឹងធ្វើកើតទេ។ ![]() ពាក្យកាព្យងាយចាំ (ពាក្យ៩) កម្មអាក្រក់ តែងទាញឆក់ ចិត្តជនផង, ឲ្យកន្លង ផុតប្រយោជន៍ របស់ខ្លួន, គេពុំខ្លាច គេអាចហ៊ាន ធ្វើផ្ទួនៗ, ទោះបីខ្លួន បានវិនាស ក៏ពុំរាង។ រីកម្មណា ជាសាធុ ល្អប្រពៃ, មានកម្រៃ អាចនាំខ្លួន ឲ្យចៀសវាង, ផុតចាកទោស ឥតរឱស ក៏អ្នកនាង, ខ្លះច្រើនឃ្វាង កម្របាន ធ្វើកម្មនោះ៕៚ ព្រះបរមពុទ្ធោវាទមួយយ៉ាងថា សុករំ សាធុនា សាធុ សាធុ បាបេន ទុក្ករំ បាបំ បាបេន សុករំ បាបមរិយេហិ ទុក្ករំ។ សាធុកម្ម គឺជាអំពើកុសល ជនជាសប្បុរសងាយធ្វើកើតសាធុកម្ម ជនចិត្តបាបពិបាកធ្វើណាស់ គឺមិនងាយនឹងធ្វើកើតទេ អំពើបាប ជនចិត្តបាបងាយធ្វើកើត អំពើបាប អរិយជន គឺជនអ្នកប្រសើរដោយសីលធម៌ ពិបាកធ្វើណាស់ គឺមិនងាយនឹងហ៊ានប្រថុយធ្វើឡើយ។ ពាក្យកាព្យឲ្យងាយចាំ (ពាក្យ៩) សាធុជន ស្រឡាញ់បុណ្យ ងាយធ្វើបុណ្យ, ឯទុជ៌ន ចិត្តទំរន់ ធ្វើពុំកើត, បើបាបវិញ គេងាយធ្វើ ពុំញញើត, អ្នកប្រាជ្ញឆើត ធ្វើពុំកើត ព្រោះខ្ពើមបាប៕៚ វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃពុធ ទី២៤ កក្កដា ២៥១២ (១៩៦៨) សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ ប.អ.ស. – អ.ម.រ. ស្រង់ពីសៀវភៅស្នាព្រះហស្តក្រោយបង្អស់នៃសម្ដេច ព្រះមហាសុមេធាធិបតី ជួន ណាត ដោយ៥០០០ឆ្នាំ |