អានអត្ថបទ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២០,៨៤៦ ដង)
អានិសង្សនៃការរម្ងាប់សេចក្ដីក្រោធ

|
អានិសង្សនៃការរម្ងាប់សេចក្ដីក្រោធ
ព្រះសាស្ដា កាលដែលព្រះអង្គគង់ប្រថាប់នៅអគ្គាឡវចេតិយ ទ្រង់បានប្រារព្វទេវតាមួយអង្គដែលមានបញ្ហាជាមួយភិក្ខុមួយរូប ព្រះអង្គទ្រង់ត្រាស់នូវព្រះធម៌ទេសនានេះថា <<យោ វេ ឧប្បតិតំ កោធំ>> ជាដើម។ ភិក្ខុកាប់ដើមឈើដែលទេវតាអាស្រ័យនៅ សេចក្ដីពិស្ដារថា កាលព្រះសាស្ដាទ្រង់អនុញ្ញាតនូវសេនាសនៈដល់ភិក្ខុសង្ឃហើយ និងកាលសេនាសនៈទាំងឡាយ ដែលគ្រហស្ថទាំងឡាយ មានសេដ្ឋីក្នុងក្រុងរាជគ្រឹះជាដើម កំពុងចាត់ចែងឲ្យគេធ្វើ ក្នុងកាលនោះមានភិក្ខុអ្នកស្រុកអាឡវីមួយអង្គ បានសាងនូវសេនាសនៈរបស់ខ្លួន។ ភិក្ខុមួយអង្គនោះ បានឃើញដើមឈើមួយដើមដែលធ្វើឲ្យលោកពេញចិត្ត។ នៅពេលដែលលោករៀបចំនឹងកាប់ដើមឈើនោះ ស្រាប់តែទេវតាមានកូនតូចមួយអង្គ ដែលអាស្រ័យនៅនឹងដើមឈើនោះឯង ជាកន្លែងដែលទេវរាជក្នុងឋានចាតុម្មហារាជិកា អនុញ្ញាតឲ្យនៅបានពកូននឹងចង្កេះមកឈរអង្វរភិក្ខុអង្គនោះថា <<បពិត្រព្រះគុណម្ចាស់ សូមព្រះគុណម្ចាស់កុំកាប់វិមានរបស់ខ្ញុំម្ចាស់ឡើយ ព្រោះខ្ញុំម្ចាស់មិនអាចពកូនរសាត់អណ្ដែតដោយមិនមានទីកន្លែងនៅនោះទេ>>។ ភិក្ខុគិតថា <<យើងមិនអាចនឹងរកនូវដើមឈើផ្សេង ឲ្យល្អដូចដើមឈើនេះឡើយ>> ទើបលោកមិនអើពើនឹងពាក្យអង្វររបស់ទេវតា។ ទេវតាគិតថា <<ភិក្ខុនេះឃើញទារកហើយ នឹងឈប់កាប់ជាពិតប្រាកដ>> ទើបយកកូនទៅដាក់នៅនឹងមែកឈើត្រង់កន្លែងដែលភិក្ខុត្រូវកាប់ ទាំងដែលលោកកំពុងតែយារពូថៅដើម្បីនឹងកាប់ទៅហើយនោះ។ ចំណែកភក្ខុកាលដែលលោកបានយារពូថៅ ដើម្បីនឹងកាប់ទៅហើយ លោកមិនអាចបញ្ឈប់នូវពូថៅនោះបានឡើយ ឲ្យធ្វើឲ្យដាច់ដៃកូនទេវតា នោះទៅ។ ទេវតាកើតសេចក្ដីក្រោធយ៉ាងខ្លាំង បានលើកដៃទាំងពីរឡើងដោយចេតនាថា <<អញនឹងទះភិក្ខុនេះឲ្យស្លាប់>> តែភ្លាមនោះ ក៏បានគិតយ៉ាងនេះថា <<ភិក្ខុនេះជាអ្នកមានសីល បើយើងសម្លាប់លោកទៅ យើងត្រូវធ្លាក់នរក ឯទេវតាដទៃទៀត កាលបានជួបភិក្ខុទាំងឡាយណាកាប់ដើមឈើរបស់ខ្លួនហើយ នឹងយកយើងជាគំរូ រួចនឹងសម្លាប់ភិក្ខុទាំងឡាយនោះ>>។ បានស្ដាប់មកថា នៅព្រៃហិមពាន្ត មានការប្រជុំទេវតា រាល់ៗថ្ងៃបក្ស។ ក្នុងព្រៃហិមពាន្តនោះ ពួកទេវតារមែងសួរនូវរុក្ខធម៌ថា អ្នកតាំងនៅ ឬមិនតាំងនៅក្នុងរុក្ខធម៌។ ឈ្មោះថា <<រុក្ខធម៌>> បានដល់ ការដែលរុក្ខទេវតាមិនប្រទូសរ៉ាយតាមផ្លូវចិត្ត នៅពេលដែលដើមឈើជាលំនៅរបស់ខ្លួនត្រូវកាប់។ បណ្ដាទេវតាទាំងនោះ ទេវតាអង្គណាមិនតាំងនៅក្នុងរុក្ខធម៌ទេ ទេវតាអង្គនោះត្រូវគេបណ្ដេញមិនឲ្យចូលរួមក្នុងអង្គប្រជុំឡើយ។ ទេវតាអង្គនេះឯង បានពិចារណាឃើញទោសក្នុងការមិនតាំងនៅក្នុងរុក្ខធម៌ ហើយបានរលឹកដល់បុព្វចរិយា ក្នុងកាលដែលព្រះតថាគតសោយព្រះជាតិជាដំរីឆទ្ទន្តជាដើម ដោយក្រសែនៃព្រះធម៌ទេសនា តាមដែលខ្លួនបានស្ដាប់មកអំពីព្រះភ័ក្ត្រនៃព្រះភាគ។ ទេវតាអង្គនេះបានគិតជាបន្តទៀតថា <<ភិក្ខុនេះមានបិតា យើងនឹងក្រាបទូលនូវរឿងដេះដល់បិតារបស់លោក>> បានដាក់ដៃចុះហើយ រួចស្រែកយំទៅកាន់សំណាក់ព្រះសាស្ដា ថ្វាយបង្គំព្រះសាស្ដាហើយ បានឈរនៅក្នុងទីមួយដ៏សមគួរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដឹងទេវតាអង្គនេះថា <<តើយ៉ាងដូចម្ដេចហ្នឹង ទេវតា?>> ទេវតាក៏បានក្រាបទូលថា <<បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុអង្គនោះបានធ្វើកម្មដូចនេះ ខ្ញុំព្រះអង្គម្ចាស់ ប្រាថ្នានឹងសម្លាប់លោក ប៉ុន្តែខ្ញុំព្រះអង្គម្ចាស់បានគិតនូវសេចក្ដីដូចនេះ ទើបមិនសម្លាប់លោកទៅវិញ ហើយក៏ប្រញាប់មកកាន់ទីនេះ>> ទេវតាបានក្រាបទូលរឿងនោះទាំងអស់ដោយពិស្ដារចំពោះព្រះដ៏មានព្រះភាគ។ ព្រះសាស្ដាទ្រង់ព្រះសណ្ដាប់រឿងនោះហើយព្រះអង្គត្រាស់ថា <<សាធុ! សាធុ! ប្រពៃហើយទេវតាត្រង់ដែលអ្នកគ្របសង្កត់នូវសេចក្ដីក្រោធ ដែលកើតឡើងយ៉ាងនោះបាន ប្រៀបដូចគេបញ្ឈប់នូវរថ ដែលកំពុងតែលឿន ទៅមុខដូច្នោះឯង>>។ ព្រះអង្គបានត្រាស់ដូច្នេះហើយ ទើបទ្រង់សម្ដែងនូវព្រះគាថាបន្ត ៖ យោ វេ ឧប្បតិតំ កោធំ រថំ ភន្តំវ ធារយេ តមហំ សារថឹ ព្រូមិ រស្មិគ្គាហោ ឥតរោ ជនោ។ រនជនណា ហាមនូវសេចក្ដីក្រោធ ដែលកើតឡើងហើយបាន ដូចជានាយសារថីបញ្ឈប់រថដែលកំពុងតែឆ្ពោះទៅមុខបានយ៉ាងនោះឯង តថាគតហៅនរជននោះថាជា សារថី ជនក្រៅពីនេះគ្រាន់តែជាអ្នកកាន់នូវខ្សែបង្ហៀរប៉ុណ្ណោះឯង។ ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ ដោយ៥០០០ឆ្នាំ |