អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១០,៣៣៤ ដង)
ជីវិត និង ពេលវេលា

|
គេតែងនិយាយថា " ពេលវេលា គឺជាមាសប្រាក់ " តាមពិត ពាក្យនិយាយនេះ មិនទាន់ត្រឹមត្រូវទាំងស្រុងទេ ព្រោះថាមាសប្រាក់ដែលបាត់បង់ទៅ ជួនកាលអាចរកមកវិញបាន តែពេលវេលាដែលកន្លងទៅ មិនអាចត្រឡប់មកវិញបានទេ ។ ដូច្នេះ តម្លៃនៃពេលវេលា មិនអាចរករបស់ខាងក្រៅខ្លួនណាមួយមកវាស់វែងបានឡើយ។ បើពិចារណាឲ្យដិតដល់ទៅ មានតែជីវិតប៉ុណ្ណោះ ដែលអាចវាស់វែងទៅនឹងពេលវេលាបាន ព្រោះថា ជីវិតក៏ជារបស់ដែលបាត់បង់ហើយ មិនអាចត្រឡប់មកវិញបានដូចជាពេលវេលាដែរ។
តាមន័យនៃបរមត្ថធម៌ ពេលវេលាជារបស់ដែលមិនមានដោយសភាវៈ ត្រឹមត្រូវជាការបញ្ញត្តិ និងកំណត់ចំណាំឲ្យដឹងគ្នាតែប៉ុណ្ណោះ ឯរបស់ដែលមានពិត គឺការកើតនិងការរលត់ទៅនៃតួជីវិតនេះឯង បើមិនមានការកើតឡើង និងការរលត់ទៅនៃតួជីវិតនេះទេ ក៏មិនមានការបញ្ញត្តិឬកំណត់ចំណាំពេលវេលាសម្រាប់ហៅដែរ ។ ពេលវេលាកន្លងទៅមួយថ្ងៃ ជីវិតក៏ត្រូវបាត់បង់អស់មួយថ្ងៃ ពេលវេលាកន្លងទៅមួយខែ ជីវិតក៏ត្រូវបាត់បង់អស់មួយខែ ពេលវេលាកន្លងទៅមួយឆ្នាំ ជីវិតក៏ត្រូវបាត់បង់អស់មួយឆ្នាំ ពេលវេលាកន្លងទៅច្រើនប៉ុណ្ណា ជីវិតក៏ត្រូវបាត់បង់ទៅច្រើនប៉ុណ្ណោះ ព្រោះហេតុដូច្នោះ មិនគួរទុកដាក់ពេលវេលាស្មើត្រឹមតែមាសប្រាក់ឡើយ ។ យើងអាចនិយាយបានថា ពេលវេលា គឺជាអាយុជីវិត, ដូច្នេះទើបពេលវេលាមានតម្លៃសម្រាប់បំពេញកិច្ចការផ្សេងៗទៀត ក្រៅពីការរកមាសប្រាក់ ព្រោះជីវិតនេះមិនមែនអស់នូវទុក្ខកង្វល់ ដោយគ្រាន់តែមានមាសប្រាក់សោះឡើយ ប្រសិនបើមាសប្រាក់ ពិតជាអាចដោះស្រាយសេចក្ដីទុក្ខគ្រប់យ៉ាងបានមែន ម្ល៉េះសមពួកអ្នកមានទ្រព្យច្រើនលែងចេះឈ្លោះទាល់ទែងគ្នា សម្លាប់គ្នា និងការធ្វើអត្តឃាតទៅហើយ ។ ក្នុងសង្គម ធ្លាប់បានឮថា មនុស្សជាច្រើន ពេលដែលគេបបួលឲ្យស្ដាប់ធម៌ ឬសិក្សាព្រះធម៌ តែងតែឆ្លើយថា " ចង់ដែរ តែមិនមានពេល ព្រោះជាប់ការងារ " នេះគ្រាន់តែជាពាក្យដោះសាប៉ុណ្ណោះ។ សួរថា បើពិតជារវល់មែន ហេតុអ្វីក៏មានពេលកម្សាន្តច្រើនម្លេះ? ដូចជា ពេលដើរលេង ពេលជប់លៀង ពេលស្ដាប់ចម្រៀង ពេលនិយាយដើមគេ ពេលមើលទូរទស្សន៍ជាដើម ។ ដូច្នេះ ការឆ្លើយថា " ដែលខ្ញុំស្ដាប់ ឬសិក្សាធម៌ មិនបានព្រោះតែខំរវល់ពេល " នេះ គឺជាចម្លើយមិនសមហេតុផលទេ ចម្លើយដែលត្រូវគួរឆ្លើយថា " ការដែលខ្ញុំស្ដាប់ ឬ សិក្សាធម៌មិនបាន ព្រោះតែខ្ញុំមិនមានសទ្ធា " នេះទើបសមហេតុផល ព្រោះថាកាលមានសទ្ធាហើយ ពិតជាអាចឆ្លៀតពេលបានគ្រប់ៗគ្នាទាំងអស់ បើទុកជាមិនអាចទៅស្ដាប់ ឬសិក្សាផ្ទាល់អំពីព្រះធម្មកថិក ក៏អាចឆ្លៀតស្ដាប់តាមវិទ្យុ ឬកាសែត ឬក៏អាចសៀវភៅធម៌នៅតាមផ្តះបានខ្លះមិនខាន ។ អ្នកខ្លះទៀត មិនមែនថាគេមិនចង់ស្ដាប់ មិនចង់សិក្សាទេ តែគេមានគំនិតជាទុទិដ្ឋិនិយមថា ពេលដែលនៅវ័យក្មេង គេមិនទាន់ត្រូវការធម៌ទេ ព្រោះត្រូវប្រកបមុខរបរចិញ្ចឹមជីវិត ដល់ពេលចាស់ គេមុខជានឹងចូលទៅរកធម៌មិនខាន ការនិយាយបែបនេះហាក់ដូចជាច្បាស់ក្នុងចិត្តថា គេមិនស្លាប់ពីក្មេងឡើយ ។
សូមផ្ដាំមនុស្សគ្រប់ជំនាន់ថា យើងអាចដាក់កាលវិភាគសម្រាប់ធ្វើការងារផ្សេងៗបាន តែមិនអាចដាក់កាលវិភាគសម្រាប់ស្លាប់បានទេ បើទុកជាចង់ដាក់ ក៏ដាក់មិនត្រូវដែរ វៀរលែងតែមនុស្សធ្វើអត្តឃាត ដោយសេចក្ដីថា ទោះបីជាយើងរវល់រហូតគ្មានពេលចូលបង្គន់ក៏ដោយ តែមិនអាចរវល់រហូតដល់គ្មានថ្ងៃស្លាប់នោះទេ ។ អ្នកណាទុកពេលវេលាស្មើនឹងមាសប្រាក់ អ្នកនោះឈ្មោះថា ទុកជីវិតខ្លួនឯងស្មើនឹងមាសប្រាក់ ហើយស្ម័គ្រចិត្តធ្វើជាទាសកររបស់មាសប្រាក់រហូត ។ តាមពិត ជីវិតនេះថ្លៃណាស់ មិនមែនមានតម្លៃស្មើតែនឹងមាសប្រាក់ឡើយ ព្រោះថា បើទុកជាមាននរណាម្នាក់យកលុយច្រើនប៉ុណ្ណាក៏មកទិញជីវិតយើង ៗ ពិតជាមិនព្រមលក់ជាដាច់ខាត។ ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត ដោយ៥០០០ឆ្នាំ |