អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,២៤៧ ដង)
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?

|
ការអប់រំចិត្ត ការទូន្មានចិត្ត ជាការងារសំខាន់ជាង គេទាំងអស់ ព្រោះសេចក្តីស្រឡាញ់ ឬ ស្អប់ គាប់ចិត្ត ឬទាស់ចិត្ត ការត្រេកអររំជើបរំជួល ឬការភ័យព្រួយ ៘ ទាំងអស់នេះ ព្រោះតែមានចិត្ត ។ នៅក្នុងពេលណា ក៏មាន ចិត្តដែរ ហើយនៅក្នុងពេលណាក៏អាចអប់រំចិត្តបានដែរ ទាំង ដែលជាចិត្តរបស់ខ្លួនឯង ដោយមិនចាំបាច់ ខ្ចី ឬ សុំចិត្តអ្នកដទៃ ដើម្បីយកមកអប់រំទូន្មានឡើយ ។
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច? ការធ្វើទានជាការប្រដៅអប់រំទូន្មានចិត្ត ព្រោះថា ចិត្តខូច ចិត្តអាក្រក់ គឺចិត្តជាបាបអកុសល ដូច្នេះត្រូវធ្វើទានឱ្យ បានរឿយៗ ជាឧបនិស្ស័យនៃការលះបង់កិលេសឱ្យបានទៅជា ទម្លាប់ក្នុងការឱ្យ ជានិច្ចជាកាល ទោះវត្ថុនោះ តិចឬច្រើនក៏ ដោយ រហូតដល់លះបង់បាននូវគំនិតដែលគិតថា មិនគួរឱ្យ នូវរបស់ដែលគួរឱ្យ ។ ការឱ្យនូវទេយ្យវត្ថុសូម្បីបន្តិចបន្តួច ក៏អាចឱ្យអ្នក ដទៃរស់រានមានជីវិតបានដែរ គួររីករាយនៅក្នុងកុសលធម៌ គួរហ្វឹកហាត់ចិត្ត ឱ្យចេះមានមេត្តា ឱ្យចេះមានសេចក្តីថ្លៃថ្នូរ ហ្វឹកហាត់យ៉ាងណាឱ្យចិត្តទៅជាទន់ភ្លន់ ចេះរីករាយក្នុងការឱ្យ សេចក្តីសុខទៅអ្នកដទៃ ។ ត្រូវដាស់តឿនចិត្តជារឿយៗថា សម្បត្តិអ្វីនៅក្នុង លោកនេះ មិនមែនជារបស់ចិត្តឯងទេ ចិត្តឯងកើតមកក៏មិន បានយកមក ចិត្តឯងរលត់ទៅវិញក៏មិនមែនយកទៅជាមួយ ឡើយ ។ ចិត្តកើតឡើងអាស្រ័យអារម្មណ៍ណា ចិត្តត្រូវព្រាត់ ប្រាស់ចោលនូវអារម្មណ៍នោះទៅវិញជានិច្ច ដូច្នេះចិត្តឯងមិន ត្រូវកំណាញ់ មិនត្រូវហួងហែង មិនត្រូវវង្វេងឆ្កួតដោយសារ អារម្មណ៍ក្នុងលោកឡើយ ។ មនុស្សដែលល្អប្រសើរ តើមនុស្សដូចម្តេច? គឺមនុស្សដែល ចេះទូន្មានខ្លួនឯង ប្រដៅខ្លួនឯង ។ ក្នុងលោកមនុស្ស លោកទេវតា មារព្រហ្ម តើបុគ្គលប្រភេទណា ដែលទូន្មានបានដោយកម្រ? គឺខ្លួនឯងហ្នឹងឯងដែលប្រដៅ ទូន្មានបានដោយកម្រ ។ តើអ្វីទៅជាខ្លួនដែលត្រូវប្រដៅអប់រំទូន្មាន? គឺចិត្តហ្នឹងឯង ។ ការចែកបុណ្យកុសលឱ្យដល់អ្នកដទៃ គឺជាការ ប្រដៅចិត្តមួយផ្នែក ដើម្បីកុំឱ្យចិត្តគិតបានអ្វីៗតែខ្លួនឯង ត្រូវ ចេះបែងចែក របស់ប្រសើរឱ្យអ្នកដទៃ ទូន្មានចិត្តឱ្យចេះអើពើ ក្នុងអំពើល្អដោយយកចិត្តទុកដាក់ ការជូនបុណ្យគឺជូនដោយ ចិត្តមេត្តា ដោយចិត្តទន់ភ្លន់ ជូនដើម្បីឱ្យអ្នកដទៃបានបុណ្យ ពិតៗ ព្រោះអនុមោទនា ។ ការអនុមោទនាបុណ្យកុសលដែលអ្នកដទៃបាន ធ្វើ ឬ បានជូន ក៏ជាការប្រដៅចិត្តមួយផ្នែកទៀត កុំឱ្យ ចិត្តរឹងរូស ប្រកាន់ទិដ្ឋិមានៈលើកកំពស់ខ្លួន តែធ្វើឱ្យចិត្ត ទន់ភ្លន់ស្ងប់ស្ងាត់ កំចាត់ការប្រកាន់ខ្លួន ឃើញបុណ្យកុសលជាធំជាងទ្រព្យ សម្បត្តិមាសប្រាក់ក្នុងលោក ប្រដៅទូន្មានចិត្តឱ្យស្គាល់គុណ តំលៃនៃសេចក្តីល្អ ចេះជ្រះថ្លាក្នុងបុណ្យ កុសលរបស់អ្នកដទៃ ឃើញអ្នកដទៃដែលមានសេចក្តីល្អផ្សេងៗ ថាជាអ្នកមានគុណ គឺមានគុណចំពោះខ្លួនយើងផង ចំពោះអ្នកដទៃច្រើនផង ចំពោះសាសនាផង កាលដែលអ្នកដទៃនោះជាអ្នកមានសទ្ធា មានសីល មានចាគៈជាដើម ត្រូវទូន្មានចិត្តឱ្យចេះដឹងគុណ អ្នកដទៃ កុំបំភ្លេច កុំលុប បំបាត់ចោលនូវគុណ គឺសេចក្តីល្អ របស់អ្នកដទៃ ព្រោះហេតុនេះ ចិត្តត្រូវតែយល់ដល់អំពើល្អ គ្រប់យ៉ាង ដោយមិនប្រកាន់ឫកពា ចើងម៉ើងឆ្មើងឆ្មៃ មើលងាយ ឬ ខឹងក្រោធ ជាមួយអ្នកដទៃឡើយ មនុស្សល្អ ម្នាក់អាចឱ្យការរស់នៅ និង សេចក្តីសុខដល់អ្នកដទៃច្រើន អ្នកណាស់ក្នុងមួយថ្ងៃៗ ដូច្នេះគួរប្រមូលមនុស្សល្អទាំងនោះ ឱ្យមកជាខ្លួនយើងតែម្នាក់ ដោយការអនុមោទនាជ្រះថ្លា ត្រេកអរនូវអំពើល្អ ដែលអ្នកដទៃមាន ជួនកាលអំពើល្អនោះ យើងមិនអាចធ្វើបានផង តើគួររឹងរូសខឹងប្រកែកឈ្លោះ ឬក៏ ត្រូវប្រដៅចិត្តឱ្យស្លូត ហើយជ្រះថ្លាទទួលយកនូវបុណ្យដោយ ការអនុមោទនាវិញ ? ម៉្យាងវិញទៀត បើយើងសំឡឹងមើល គុណគឺសេចក្តីល្អរបស់អ្នកដទៃហើយ ឱ្យតម្លៃយ៉ាងថ្លៃពិតៗ រមែងកំចាត់នូវចិត្តអាក្រក់របស់យើង មានការមើលងាយអ្នក ដទៃ ដោយអាងទ្រព្យសម្បត្តិ វង្សត្រកូល ជាដើមទៀតផង ។ ការមានសីល ៥ជាដើម សុទ្ធតែជាការប្រដៅអប់រំចិត្ត ជាម្លប់ត្រជាក់របស់ចិត្ត ជាគ្រឿងអលង្ការរបស់ចិត្ត ចិត្ត មានសេចក្តីសុខច្រើនព្រោះមានសីល ។ អ្នកមានសីល បានឱ្យសេចក្តីសុខដល់អ្នកដទៃច្រើន ណាស់ ព្រោះតែខ្លួនឯងជាអ្នកសម្បូរសេចក្តីសុខ ។ អ្នកមានសីល បានឱ្យជិវិតគឺការរស់នៅដល់ មនុស្ស សត្វទាំងឡាយពេញពិភពលោក ព្រោះចេតនាវៀរចាកការសំលាប់ជិវិតសត្វ ។ ស្រង់ចាក សៀវភៅ ជំនួយសតិភាគទី៣ ដោយ៥០០០ឆ្នាំ |