អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,២៣០ ដង)
សម្ផប្បលាបវាទ(អំពី ព្យាបាទ)

|
សម្ផប្បលាបវាទ
(អំពី ព្យាបាទ) ឯសម្ផប្បលាបវាទនោះ បានខាងពាក្យដែលនិយាយឡេះឡោះ ឬពាក្យដែលរោយរាយ ឥតប្រយោជន៍ខ្លួននិងអ្នកដទៃ ដូចនិយាយរឿងចំពូកខ្លះ លោកលើករឿងនាងនាងសិតាជាដើម ថាជារឿងរោយរាយមិនមានប្រយោជន៍។ ក្នុងន័យខ្លះលោកឃាត់អ្នកប្រតិបត្តិធម៌មិនឲ្យនិយាយពាក្យតិរច្ឆានកថា ៣២ យ៉ាង មានរាជកថា និងមហាមត្តថាជាដើម ឲ្យនិយាយតែពាក្យជាវត្ថុកថា ១០ យ៉ាង មានអប្បិច្ឆកថា និងសន្តុដ្ឋីកថា ជាដើម។
សម្ផប្បលាបវាទនេះ ជាសម្ដែរោយរាយធ្វើទាំងអ្នកនិយាយទាំងអ្នកស្ដាប់ឲ្យរាយមាយចិត្តមិនស្ងប់រម្ងាប់ អ្នកណានិយាយសម្ដីឡេះឡោះ អ្នកនោះក៏សម្ដែងអាការៈឲ្យអ្នកដទៃឃើញថាជាមនុស្សឡេះឡោះដែរ សម្ដីរបស់មនុស្សដែលនិយាយឡេះឡោះនោះ ជាសម្ដីមិនស័ក្កិសិទ្ធ ឥតប្រយោជន៍។ ព្រោះហេតុដូច្នោះបានជា ឈ្មោះថា បាប ជាអំពើអាក្រក់មិនគួរនិយាយឡើយ។ បណ្ឌិតទាំងឡាយ លោកឃើញទោសនៃសម្ផប្បលាបវាទ ដូចសម្ដែងមកហើយនេះ បានជាលោកនិយាយតែពាក្យសុភាសិត ដែលជាពាក្យមានប្រយោជន៍ដល់ខ្លួននិងអ្នកដទៃ។ សម្ដែងមកនេះជាចំណែកវចីកម្ម។ ពណ៌នាសេចក្ដីក្នុងមនោកម្ម ឯមនោកម្មនោះ បានខាងអំពើដែលសម្រេចដោយចិត្តមាន ៣ យ៉ាង គឺ ក- អភិជ្ឈា ខ- ព្យាបាទៈ គ- មិច្ឆាទិដ្ឋិ ព្យាបាទ
ព្យាបាទនោះ បានខាងចិត្តដែលគិតបំផ្លាញអ្នកដទៃ ឲ្យវិនាសយសស័ក្ដិទ្រព្យសម្បត្តិ ដោយសេចក្ដីក្រោធខឹងស្អប់ថា អ្នកនោះបានធ្វើអំពើយ៉ាងនេះៗ ឲ្យអញទាស់ចិត្ត។ ព្យាបាទចិត្តនេះ ជាចិត្តក្ដៅ ដូចទឹកក្ដៅដែលកំពុងពុះកញ្ជ្រោល ធ្វើខ្លួនឯងឲ្យក្ដៅក្រហាយជាមុន ហើយទើបធ្វើអ្នកដទៃឲ្យក្ដៅជាក្រោយ។ ព្យាបាទនេះឯង តែងកឲ្យកើតជាកម្មពៀរតគ្នាទៅខាងមុខអស់កាលជាអង្វែង ដូចទេវទត្តដែលព្យាបាទចងពៀរនឹងព្រះដ៏មានព្រះភាគជាម្ចាស់ តាំងអំពីអនេកជាតិមកដោយលំដាប់ តែទេវទត្តចាញ់ព្រះអង្គរាល់ៗ គ្រា ព្រោះព្រះអង្គមិនចងពៀរតបវិញឡើយ។ ពុំនោះសោត ដូចរឿងស្ត្រីពីរនាក់ ម្នាក់ជាប្រពន្ធដើម ម្នាក់ជាប្រពន្ធចុង រួមស្វាមីជាមួយគ្នាដែលចងពៀរនឹងគ្នាជាច្រើនជាតិ សូមនាំរឿងនោះមកសម្ដែងជាឧទាហរណ៍ដូចតទៅនេះ រឿង ស្ត្រីពីរនាក់រួមប្ដីចងពៀរនឹងគ្នា
មានស្ត្រីម្នាក់ជាស្ត្រីអារឥតកូន ខ្លាចក្រែងប្ដីយកប្រពន្ធមួយទៀតនឹងត្រួតត្រាលើខ្លួន ក៏ទៅដណ្ដឹងស្ត្រីម្នាក់មកឲ្យធ្វើជាប្រពន្ធរបស់ប្ដីដោយខ្លួនឯង ដើម្បីឲ្យប្រពន្ធក្រោយនៅក្រោមអំណាចខ្លួនលុះគេមានគភ៌ក៏ផ្សំថ្នាំឲ្យគេស៊ី រលូតគភ៌ដល់ពីរដង ម្ដាយក្រោយមកជាគម្រប់បី ប្រពន្ធចុងក៏ស្លាប់ទាំងកូនក្នុងពោះ។ វេលាទៀបនឹងស្លាប់នោះ បានចងពៀរនឹងគ្នាថា បើអញទៅកើតជាអ្វីៗ សូមឲ្យបានស៊ីកូនវាវិញកុំខាន។ លុះប្រពន្ធចុងស្លាប់ហើយ ប្ដីបានដឹងហេតុនោះ ក៏វាយប្រពន្ធដើមជាដំណំ មិនយូរប៉ុន្មានក៏ស្លាប់ទៅ ទៀបនឹងស្លាប់បានចងពៀរដូចគ្នា។ ឯកិរិយាដែលជាប់ជាពៀរនឹងគ្នាតទៅមុខទៀតនោះ យ៉ាងនេះគឺ ជាតិទី ១ ប្រពន្ធចុងជាមេឆ្មា ប្រពន្ធដើមជាមេមាន់។ ជាតិទី ២ ប្រពន្ធចុងជាមេម្រិក ប្រពន្ធដើមជាមេខ្លាដំបង ជាតិទី ៣ ប្រពន្ធចុងជាមេយក្ខិនី ប្រពន្ធដើមជានាងកុលធីតា។ ស៊ីតែកូនគ្នាទៅវិញទៅមករាល់ៗ ជាតិ។ ក្នុងជាតិទី ៣ ប្រពន្ធចុងដែលកើតជាយក្ខិនីស៊ីកូនប្រពន្ធដើម ដែលកើតជានាងកុលធីតាដល់ពីរដង វេលាដែលប្រារព្ធនឹងស៊ីជាគម្រប់បី នាងកុលធីតាក៏នាំកូនខ្ចីរត់ចូលទៅឯវត្តជេតពន ក្នុងវេលាដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ កំពុងសម្ដែងធម៌កណ្ដាលប្រជុំពុទ្ធបរិស័ទនាងកុលធីតា ក៏យកកូនទៅដាក់ក្បែរព្រះបាទថ្វាយព្រះអង្គ។ ក្នុងខណៈនោះ នាងយក្ខិនីរត់តាមមកទាន់។ ព្រះអង្គមានព្រះពុទ្ធដីកាថា នែនាងទាំងឡាយ! ត្រូវឈប់ចងពៀរនឹងគ្នាទៅ ដ្បិតអំពើដែលនាងឯងចងពៀរនឹងគ្នានេះ បើសិនណាជាមិនបានជួននឹងតថាគតទេ ពៀរនេះមុខជានឹងចេះតែចងគ្នាដរាបដល់អស់ ១ ក័ល្បនេះមិនខាន ប៉ុន្តែឥឡូវនេះ នាងទាំងពីរនាងបានមកជួបនឹងតថាគតហើយឈប់ចងពៀរនឹងគ្នាតទៅ ពៀរនេះនឹងរលត់អស់ត្រឹមនេះហើយ។ ស្ត្រីទាំងពីរនាក់នោះ ក៏លែងចងពៀរនឹងគ្នាតាំងតែអំពីថ្ងៃនោះមក ត្រឡប់ជាមានចិត្តស្នេហាស្រឡាញ់គ្នាតទៅ។ នាំរឿងនោះមក ដើម្បីបញ្ជាក់សេចក្ដីឲ្យឃើញច្បាស់ថា សេចក្ដីព្យាបាទបំផ្លាញគ្នាឲ្យវិនាសនេះឯង តែងកឲ្យកើតជាពៀរនឹងគ្នា កម្រនឹងលុបលាងឲ្យជាសះស្បើយទៅបាន ដូចនិទានស្ត្រីទាំងពីរនាក់ដែលសម្ដែងមកនេះ។ អំពើដែលព្យាបាទបំផ្លាញអ្នកដទៃឲ្យវិនាសនេះឯង អំពើលាមកអាក្រក់ពេកណាស់។ ព្រោះហេតុដូច្នោះបានជាលោកឲ្យឈ្មោះថា បាប ជាអំពើអាក្រក់មិនគួរធ្វើទេ។ បណ្ឌិតទាំងឡាយលោកពិចារណាឃើញទោសនៃព្យាបាទដូចពោលមកហើយនេះ ទើបលោកលះបង់ចេញ ហើយមានចិត្តមេត្តាប្រណីសព្វសត្វឥតរើសមុខឡើយ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |