អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៣,២៣៥ ដង)
យើងត្រូវស៊ីពេលវេលា

|
យើងត្រូវស៊ីពេលវេលា
ជីវិតជាអ្វី? ជីវិតគឺការស៊ី-ការផឹក ដោយឆ្លងកាត់វិញ្ញាណទ្វារទាំងអស់របស់យើង ។ ជីវិតត្រូវតែថែរក្សាការពារឲ្យផុតពីការស៊ី ។ អ្វីស៊ីយើង? ពេលវេលា! ។ អ្វីជា ពេលវេលា? ពេលវេលាគឺការរស់នៅក្នុងអតីត និងអនាគត ដោយការឲ្យចំណី ទៅលើមនោសញ្ចេតនារម្មណ៍ ។ ជីវិតសព្វសត្វក្នុងពិភពលោកនេះ អាចនិយាយបានថា តាំងនៅក្នុង សេចក្តីសុខ សូម្បីតែមួយនាទីក៏កម្រមាន ។ សត្វលោកច្រើនណាស់ដែលកំពុងតែកើតទុក្ខ ដោយឧបាទាន ទៅលើ សុខវេទនា ទុក្ខវេទនា ឧបេក្ខាវេទនា និងពីការស្រេកឃ្លាន ។ សព្វសត្វទាំងអស់ត្រូវការស៊ីរាល់វិនាទីតាមភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត ។ យើងស៊ីម្ភៃបួនម៉ោង មួយយប់ មួយថ្ងៃ គ្មានឈប់សម្រាក ។ យើងទទួលទាននូវ កវឡិង្គារាហារ ផស្សាហារ មនោសញ្ចោតនាហារ និងវិញ្ញាណាហារ ។ យើងជារបស់អ្វី យើងស៊ីរបស់នោះ ។ យើងជាពិភពលោក យើងស៊ីពិភពលោក ។ ព្រះពុទ្ធបរមគ្រូទ្រង់បានស្រែកយំនៅពេលដែល ព្រះអង្គបានទតឃើញ សេចក្តីទុក្ខដែលប្រព្រឹត្តទៅគ្មានទីបញ្ចប់ ។ សត្វរុយស៊ីផ្កា កង្កែបស៊ីរុយ សត្វពស់ស៊ីកង្កែប សត្វបក្សីស៊ីពស់ សត្វខ្លាស៊ីបក្សី ព្រានព្រៃសម្លាប់ខ្លា ។ រាងកាយសត្វខ្លាហើម រុយមករោមស៊ីសាកសពខ្លា ហើយពងដាក់ ពងរុយញាស់ចេញជារុយយ៉ាងច្រើន ។ រុយស៊ីផ្កា កង្កែបស៊ីរុយទៀត... អាស្រ័យហេតុនេះ ទើបព្រះអង្គទ្រង់មានបន្ទូលថា " តថាគត បង្រៀនតែរឿងពីរប៉ុណ្ណោះ គឺទុក្ខ និងទីបញ្ចប់ នៃទុក្ខ " ។ សេចក្តីទុក្ខ ការស៊ី វេទនា ជាសភាវៈដូចគ្នា ។ វេទនាតែងស៊ីអ្វីៗ ទាំងអស់គ្មានរើស ។ វេទនាមានមាត់ប្រាំមួយ គឺភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត ។ មាត់ទីមួយគឺភ្នែក តែងស៊ីរូបារម្មណ៍ មាត់ទីពីរគឺ ត្រចៀកតែងស៊ីសទ្ទារម្មណ៍ មាត់ទីបីគឺច្រមុះ តែងស៊ីគន្ធារម្មណ៍ មាត់ទីបួនគឺអណ្តាត តែងស៊ីរសារម្មណ៍ មាត់ទីប្រាំគឺកាយ តែងស៊ីផោដ្ឋព្វារម្មណ៍ មាត់ទីប្រាំមួយគឺចិត្ត តែស៊ីធម្មារម្មណ៍ ។ ការស៊ីគឺវេទនា ។ ពេលវេលា ជាអ្នកស៊ី ។ នៅក្នុងរឿងព្រេងខ្មែរ និទានថា មានយក្សមួយមានមាត់ច្រើន ។ យក្សនោះតែងស៊ីនូវវិញ្ញាណសត្វនិងអវិញ្ញាណវត្ថុទាំងអស់ ។ យក្សនោះគឺអ្វី? យក្សនោះគឺពេលវេលា ។ ប្រសិនបើ អ្នកស៊ីពេលវេលាបានអ្នកនឹងបានសម្រេចព្រះនិព្វាន ។ អ្នកអាចស៊ីពេលវេលាបាន ដរាប អ្នកចេះរស់នៅក្នុងខណៈបច្ចុប្បន្ន ។ ពេលណាអ្នកចេះរស់នៅក្នុងខណៈបច្ចុប្បន្ន ពេលវេលា មិនអាចស៊ីអ្នកបានទេ ។ អ្វីៗទាំងអស់ មានហេតុបច្ច័យ ។ អ្វីៗទាំងអស់មិនមែន " អ្នក " ទេមានតែត្រឹមហេតុ និងបច្ច័យ ប៉ុណ្ណោះឯង ។ ការឮ ការឃើញ មិនមែនជា " អ្នក " ទេ ការពិតភ្នែក និងរូបបានជួបគ្នាបង្កើតជាគំហើញ ។ ត្រចៀក និងសម្លេង បានជួបគ្នាបង្កើតការឮ ត្រង់ណាទៅដែលហៅថា " អ្នក " ? នៅពេលភ្នែក រូប និង ចក្ខុវិញ្ញាណ បានជួបគ្នា បណ្តាលឲ្យកើតចក្ខុសម្ផស្ស ។ ចក្ខុសម្ផស្សជាហេតុបច្ច័យ ឲ្យកើតវេទនា វេទនាជាហេតុបច្ច័យឲ្យកើតសញ្ញា សញ្ញាជាហេតុបច្ច័យឲ្យកើតមនោ " ការគិត " ។ មនោ " ការគិត " នោះហើយដែលបណ្តាលឲ្យប្រកាន់ថា " អញ របស់អញ ខ្លួនអញ " ។ ការចងចិត្តខុសនោះហើយ ដែលបណ្តាលឲ្យភ័ន្តច្រឡំថា អញឃើញ អញឮ អញហិតក្លិន អញទទួលទាន រសជាតិ អញបាន អោបក្រសោប ឬប៉ះពាល់ អញបានគិត ។ វេទនាប្រើភ្នែកឲ្យស៊ីរូប ។ ប្រសិនបើរូបនោះជាឥដ្ឋារម្មណ៍ កើតសុខវេទនា ក្នុងចក្ខុបសាទ បើរូបជាអនិដ្ឋារម្មណ៍ កើតទុក្ខវេទនា ហើយរូបនោះធម្មតា ដោយមិនបានយកចិត្ត ទុកដាក់កើតឧបក្ខាវេទនា ។ ត្រចៀកក៏ដូចគ្នាដែរ បើសម្លេងពីរោះកើតសុខវេទនា បើសម្លេងមិនពីរោះកើតទុក្ខវេទនា ហើយបើសម្លេងធម្មតា ដោយមិនបានយកចិត្តទុកដាក់ កើតឧបេក្ខាវេទនា ។ តទៅទៀតនៅពេលអ្នកគិតថា " អ្នកកំពុងឃើញ កំពុងឮ កំពុងនឹកគិត " នោះវាមិនមែនជា " អ្នក " ទេ វាគ្រាន់តែជាសម្ផស្សប៉ុណ្ណោះ ។ ការប្រមូលនៅចក្ខុ រូប និង ចក្ខុវិញ្ញាណ គឺជាធម្មៈ ។ គ្រានោះមានបុរសម្នាក់ បានចូលទៅក្រាបទូលសួរព្រះថា " នរណាជាអ្នកគិត " ព្រះសម្ពុទ្ធបរមគ្រូទ្រង់មានតម្រាស់តបថា " នេះមិនមែនជាសំនួរ ត្រឹមត្រូវទេ! " គ្មាននរណា ជាអ្នកគិតទេ តែវេទនាអ្នកសោយ អារម្មណ៍ ។ មិនមាន " អញ មិនមានរបស់អញ មិនមានខ្លួនអញ " មានតែធម្មៈ ប៉ុណ្ណោះឯង ។ វេទនាទាំងអស់ជាទុក្ខ ហើយពោរពេញទៅដោយតុច្ឆភាព គឺភាពឥតប្រយោជន៍ សរសើរតែខ្លួនឯង និងពោរពេញដោយគំនិត យល់ថា " អញជានេះ អញជានោះ " ប្រសិនបើយើង បានឃើញច្បាស់នូវកំណើតវេទនារម្មណ៍ នោះយើងពិតជាឃើញច្បាស់ នូវសេចក្តីសុខក្នុងព្រះនិពា្វនដែរ ។ វេទនា និងវេទនារម្មណ៍ ជាហេតុបច្ច័យនាំឲ្យកើតសេចក្តីទុក្ខដោយមកពីយើងបានឃើញ អនិច្ចំ ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់សួរថា " តើវេទនាឈ្មោះថា និច្ចំបានទេ " ប្រសិនបើវាកើតឡើងពីរាងកាយដែលជាអនិច្ចំយ៉ាងនេះ ? ។ បើយើងមិនបានត្រួតត្រាវេទនាទេ វេទនានឹងត្រួតត្រាយើងវិញ ។ បើយើងរស់នៅក្នុងខណៈជាបច្ចុប្បន្ន យើងនឹងអាចឃើញនូវអ្វីដែលគ្រាន់តែជាវេទនា ធ្វើយ៉ាងនេះ យើងដាក់ទីបញ្ចប់នៃកាមទាំងអស់បាន និងផ្តាច់ចោលនូវសេវភាព ហើយបានយល់ច្បាស់នុវសេចក្តីស្ងប់ ។ ដើម្បីយល់ច្បាស់នូវ សុខវេទនា ទុក្ខវេទនា ឧបេក្ខាវេទនា យើងត្រូវប្រើសតិប្បដ្ឋាន ទាំងបួន ជាគ្រឹះក្នុងការប្រតិបត្តិ។ សតិអាចផ្លាស់ប្តូរ សុខវេទនា ទុក្ខវេទនា ឧបេក្ខាវេទនា ទៅជាបញ្ញា ។ ពិភពលោកនេះ បានបង្កើតឡើងដោយចិត្ត ។ ប្រសិនបើយើងគ្រប់គ្រងវេទនាបានហើយ យើងក៏អាចគ្រប់គ្រងចិត្តបាន ។ ប្រសិនបើយើងគ្រប់គ្រងចិត្តបានហើយ យើងក៏អាចគ្រប់គ្រងចិត្តបាន ។ ប្រសិនបើយើងគ្រប់គ្រងចិត្តបានហើយ យើងក៏អាចគ្រប់គ្រងពិភពលោកបានដែរ ។ ធ្វើសមាធិ យើងត្រូវសម្រាកកាយពីការងារ ហើយអង្គុយមួយកន្លែងធ្វើដងខ្លួនឲ្យត្រង់ '' តាមរបៀបសមាធិ " រួចយកចិត្តមកចងភ្ជាប់និងអស្សាបស្សាសៈ គឺដង្ហើមចេញ-ដង្ហើមចូលរបស់យើង ឬក៏ធ្វើសមាធិតាមរបៀបអារម្មណ៍ផ្សេងទៀតក៍បាន ។ យើងបញ្ឈប់ទាំងអស់នូវការគិតរបស់យើង ។ យើងបញ្ឈប់មិនឲ្យវេទនាមកគ្រប់គ្រងយើងបាន និងបញ្ឈប់អារម្មណ៍ទាំងអស់ដែលស្ថិតនៅជុំវិញ មិនឲ្យចូលមកក្នុងខ្លួនយើងតាមរយៈវេទនា ។ ការគិតបង្កើតវេទនា ហើយវេទនា បង្កើតការគិត ។ ការរួចស្រឡះចាកឧបាទាន ចំពោះការគិត និងវេទនាឈ្មោះថា និព្វាន ។ ព្រះនិព្វាន ជាឯកន្តបរមសុខ ។ រស់នៅប្រាស ចាកទុក្ខ មានន័យថា កំពុងរស់នៅក្នុងបច្ចុប្បន្នជានិច្ច ។ សេចក្តីសុខ ដ៏ប្រសើរបំផុតគឺទីនេះឥឡូវនេះ ។ ដើម្បីស៊ីពេលវេលា លុះត្រាតែយើងចេះតោងចាប់ពេលវេលា ឲ្យជាប់ ។ ដកស្រង់ពីសៀវភៅ " មួយជំហានម្តង " រៀបរៀងដោយ សម្តេច ព្រះមហាឃោសានន្ទ ដោយ៥០០០ឆ្នាំ |