អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ១៨,១២២ ដង)
តថាគតបានប្រព្រឹត្តក្នុងរវាង ៤អសង្ខេយ្យ កម្រៃមួយសែនកប្ប

|
ទានបារមាតា
អកិត្តិចរិយា អំពើណា ដែលតថាគតបានប្រព្រឹត្តហើយ ក្នុងរវាងនេះអស់ ៤ អសង្ខេយ្យ កម្រៃមួយសែនកប្ប អំពើទាំងអស់នោះ ជាគ្រឿងញុំាងពោធិញ្ញាណឲ្យសម្រេច ។ តថាគតលើកទុកនូវអំពើដែលតថាគតបានប្រព្រឹត្តក្នុងភពតូចនិងភពធំ ក្នុងកប្បដែលកន្លងទៅហើយ នឹងសម្តែងតែអំពើតាគត បានប្រព្រឹត្តហើយក្នុងភទ្ទ កប្បនេះ អ្នកចូរស្តាប់តថាគតចុះ ។ កាលដែលតថាគតជាតាបសឈ្មោះអកិត្តិ ចូលនៅក្នុងព្រៃធំនិងព្រៃតូច ជាព្រៃស្ងាត់សូន្យឈឹង ។ កាលនោះ ព្រះឥន្ទអ្នកគ្របសង្កត់ទេវលោក ទ្រង់ក្តៅដោយតេជៈ គឹតបៈធម៌នេះតថាគត ក៏ក្លែងភេទជាព្រាហ្មណ៍ ចូលមករកតថាគតដើម្បីសូមភិក្ខា ។ តថាគតឃើញព្រាហ្មណ៍ ឈរទៀបទ្វារបណ្ណសាលារបស់តថាគត ក៏ឲ្យស្លឹកដង្កៀបក្តាមទាំងអស់ដែលតថាគតនាំមកពីព្រៃ ជាស្លឹកមិនមានប្រេង មិនមានរសប្រៃ ព្រមទាំងភាជន៍ ។ លុះតថាគត ឲ្យស្លឹកដង្កៀបក្តាម ដល់ព្រាហ្មណ៍ហើយ ក៏ផ្កាប់ភាជន៍លះបង់នូវការស្វែងរកទៀត ហើយចូលទៅក្នុងបណ្ណសាលា ។ ក្នុងថ្ងៃទី ២ និងថ្ងៃទី ៣ ព្រាហ្មណ៍ចូលមកក្នុងសំណាក់តថាគតទៀត តែតថាគតមិនញាប់ញ័រ មិនជាប់ចំពាក់ បានឲ្យយ៉ាងនុ៎ះទៀត សរីរៈរបស់តថាគត មិនមានប្លែកភេទ ព្រោះហេតុទាំងនោះ តថាគតញុំាងកាលឲ្យប្រព្រឹត្តកន្លងទៅអស់ថ្ងៃនោះ ព្រោះសេចក្តីត្រេកអរដោយសុខដែលកើតអំពីបីតិ ។ បើតថាគតបានទក្ខិណេយ្យបុគ្គលដ៏ប្រសើរ អស់មួយខែឬពីរខែទៀត តថាគតមិនញាប់ញ័រមិនរួញរានឹងឲ្យទានដ៏ឧត្តមឡើយ ។ តថាគតកាលឲ្យទាន ដល់ឥន្ទព្រាហ្មណ៍នោះ ទាំងបានប្រព្រឹត្តនូវអំពើទាំងឡាយនោះ មិនប្រាថ្នានូវយសនិងលាភទេ តថាគតប្រាថ្នាចំពោះសព្វញ្ញុតញ្ញាណតែម៉្យាង ។ ដកស្រង់ចេញពីសៀវភៅ បារមីកថា ពុទ្ធបទាន រៀបរៀងដោយៈ មុនីកោសល្យ នៅ ហៃឡុង វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |